កំណើតបុណ្យ៧ថ្ងៃ
ពរទាំងឡាយ៤ប្រការគឺ
អាយុ សូមឲ្យមានជន្មវស្សាយឺនយូរ
វណ្ណៈ សូមឲ្យមានសម្បុរកាយរូបឆោមល្អ
សុខៈ សូមឲ្យបានសុខកាយសប្បាយចិត្ត
ពលៈ សូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង)
ខ្ញុំព្រះករុណា សូមនមស្ការចំពោះគុណកែវព្រះរតនត្រ័យទាំងបី ដោយសេចក្ដីគោរពជ្រះថ្លាយ៉ាងក្រៃលែង។
ពិធីបុណ្យ៧ថ្ងៃនេះ ជាតិខ្មែរយើងតែងតែប្រារព្ធធ្វើមិនសូវខានពិសេសពេលក្រុមគ្រួសារណាមួយមានសមាជិតណាម្នាក់ស្លាប់ គឺមិនសូវចៀសរួចពីការប្រារព្ធធ្វើបុណ្យ៧ថ្ងៃនេះឡើយ។ យើងដឹងថា ព្រះពុទ្ធសាសនាមាននិយាយពីកម្មផលដែលបុគ្គលអ្នកស្លាប់ តែងស្ពាយទៅដោយអំពើជាកុសលនិងអកុសលជាប់ជាមួយប្រៀបនឹងប្រមោលអន្ទោលតាមប្រាណអ៊ីចឹង។
ដូច្នេះតើបុគ្គលអ្នកប្រព្រឹត្តនោះទីបំផុតនឹងបានទទួលទុក្ខឬសុខយ៉ាងណា? ព្រោះហេតុនេះទើបយើងឃើញថា ពិធីបុណ្យ៧ថ្ងៃ ញាតិមិត្តតែងធ្វើសឹងគ្រប់កន្លែង ដោយយោងតាមការបញ្ជាក់ទាក់ទងនឹងរឿងមានដូចតទៅ
រឿងភិក្ខុតិស្សត្ថេរ
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់ក្នុងវត្តជេតពនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីថ្វាយព្រះអង្គ ក្នុងគ្រានោះ មានភិក្ខុសង្ឃជាច្រើនដែលបានបួសក្នុងសាសនាតាមមាគ៌ាព្រះអង្គ។ ក្នុងនោះគឺមានត្រកូលជាច្រើនមកបួស មានទាំងត្រកូលអ្នកក្រ អ្នកមាន សេដ្ឋី គហបតី គ្រប់ស្រទាប់វណ្ណះទាំងអស់ ដែលលះបង់ផ្ទះចូលមកសាងផ្នួស បួសជាបព្វជិតក្នុងវត្តជេតពន ពោលគឺពួកគេទម្លាក់វណ្ណៈទាំងនោះចោល ក្នុងនោះមានភិក្ខុមួយអង្គព្រះនាម តិស្សត្ថេរ ចេញពីត្រកូលក្រីក្រលំបាកតែមានសទ្ធាបួសក្នុងព្រះពុទ្ធសាសនាដោយស្មោះពីចិត្ត។ លោកតែងតែតូចចិត្តខ្លួនឯងដែលកើតមកក្នុងត្រកូលក្រីក្រហើយមិនមានស្បង់ចីវរថ្មីដូចសង្ឃដទៃនោះ។ ក្នុងសម័យថ្ងៃមួយ មានញាតិញោមអ្នកមានសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ ឃើញព្រះអង្គតិស្សត្ថេរ ប្រើចីវរចាស់គាត់ក៏បានជាវចីវរថ្មីមួយសម្រាប់ ប្រគេនដល់ព្រះអង្គ។ និយាយពីភិក្ខុតិស្សត្ថេរក្រោយពីបានទទួលស្បង់ចីវរថ្មីហើយលោកមានចិត្តត្រេកអររីករាយសប្បាយដោយគិតថារបស់ថ្មីដូចនេះកុំអាលស្លៀកពាក់ប្រើប្រាស់អីចាំពេលមានពិធីបុណ្យធំៗម្ដងទើបប្រើ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា សត្វលោកមិនអាចកំណត់អាយុខ្លួនឯងថា ត្រូវស្លាប់អាយុប៉ុណ្ណេះប៉ុណ្ណោះបាននោះទេ វាមិនទៀងទាត់ទេ ដែលលោកសម្ដែងថាអនិច្ចំនេះឯង ភិក្ខុតិស្សត្ថេរក៏ដូចគ្នាក្រោយពីព្រះអង្គបានទទួលចីវរថ្មី មិនទាន់បានប៉ុន្មានផងស្រាប់តែសុគតបាត់ទៅ បណ្ដាលឲ្យចិត្តភ្នកបានកើតជាសត្វចៃធំមួយលើចីវរនោះទៅ។ និយាយពីពួកភិក្ខុទាំងឡាយដែលគង់ក្នុងវត្តបាត់មិនឃើញអង្គតិស្សត្ថេរនោះយូរថ្ងៃ មានការឆ្ងល់បានទៅមើលកន្លែងសិង ទើបដឹងថា ភិក្ខុតិស្សត្ថេរនោះបានសុគតបាត់ទៅហើយខណៈនោះ ភិក្ខុទាំងអស់ឃើញចីវរនៅក្បែរនោះបម្រុងយកមកចែកគ្នាប្រើប្រាស់ស្រាប់តែឃើញសត្វចៃមួយធំកំពុងវារចុះវារឡើងហាក់ដូចជាការពារ មិនចង់ឲ្យអ្នកណាយកចីវរនោះទេ ភិក្ខុទាំងឡាយមើលឃើញហេតុគួរឆ្ងល់យ៉ាងនោះ ទើបនាំគ្នាទៅចូលគាល់ព្រះដ៏មានព្រះភាគ ដែលគត់ក្នុងវត្តជេតពន ពេលនោះព្រះអង្គបានត្រាស់សម្ដែងព្រះធម៌ទេសនាប្រារព្ធពីរឿងភិក្ខុតិស្សត្ថេរនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអ្នកទាំងឡាយ សត្វលោកទាំងអស់នៅពេលជិតស្លាប់ កាលបើជននោះរឭកយកអ្វីជាអារម្មណ៍ហើយអាចធ្វើឲ្យវិញ្ញាណជននោះទៅជាប់នឹងរបស់នោះបាន ដូចយ៉ាងភិក្ខុតិស្សត្ថេរអង្គនេះដែរ ដោយហេតុតែ ស្រលាញ់ពេញចិត្តនឹងចីវររបស់ខ្លួនដែលមិនទាន់បានប្រើប្រាស់ផងស្រាប់តែសុគតទៅទើបបានកើតជាសត្វចៃមួយ ដូចដែលភិក្ខុទាំងឡាយបានឃើញនោះឯង។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
អានលម្អិត | read more >>> http://5000-years.org/kh/read/1669#ixzz6Qkeck1SD
អារម្មណ៍របស់មនុស្សជិតស្លាប់
(
ដកស្រង់ចេញពីសៀវភៅ កើត-ស្លាប់ រៀបរៀងដោយ ភិក្ខុ ងិន ភេន )
មនុស្សយើង ក្នុងពេលជិតស្លាប់
ចិត្តចុងក្រោយបំផុតហៅថា ចុតិចិត្ត ឬ ចុតិវិញ្ញាណ តែងតែឃើញនូវអារម្មណ៍ ៣ យ៉ាងគឺ ៖
កម្មារម្មណ៍ ១ ( អារម្មណ៍នៃកម្ម ), កម្មនិមិត្តារម្មណ៍
១ ( អារម្មណ៍នៃកម្មនិមិត្ត ), គតិនិមិត្តារម្មណ៍ ១ (
អារម្មណ៍នៃគតិនិមិត្ត ), ឬហៅខ្លីថា កម្ម កម្មនិមិត្ត
គតិនិមិត្ត ឯណានីមួយ គឺ ឃើញតែមួយទេ ។
កម្មារម្មណ៍ខាងកុសល (
អារម្មណ៍នៃកម្មជាកុសល ) គឺឃើញខ្លួនឯងកំពុងធ្វើទាន រក្សាសីល. . . ខាងអកុសល
គឺឃើញខ្លួនឯងកំពុងស្លាប់សត្វ លួចទ្រព្យគេជាដើម . . .
កម្មនិមិត្តារម្មណ៍ខាងកុសល គឺ
ឃើញគ្រឿងប្រដាប់ធ្វើបុណ្យ កុលស ដូចជាត្រៃចីវរ កុដិ សាលា ព្រះវិហារៈជាដើម . . .
ខាងអកុលស គឺឃើញគ្រឿងប្រដាប់ធ្វើបាប ដូចជា ដាវ លំពែង ធ្នូ ស្នា ជាដើម ។
គតិនិមិត្តារម្មណ៍ខាងកុសល គឺ
ឃើញ វិមាន ប្រាសាទ រាជវាំង. . . ខាងអកុសល គឺឃើញកន្លែងឃុំឃាំង
ឃើញយប់ងងឹតគួរឲ្យភ័យខ្លាច . . . ( . . . ) លុះឃើញអារម្មណ៍នេះឯណានីមួយហើយ
ក៏ចាប់អារម្មណ៍នេះជាប់, មុននឹង ចុតិចិត្ត នេះរលត់ វាបានប្រគល់អារម្មណ៍នេះ
ព្រមទាំងសំណុំរឿងនៃកម្មចាស់ទាំងអស់ឲ្យទៅ បដិសន្ធិចិត្ត, បដិសន្ធិចិត្តទទួលយកហើយ
ក៏បំពេញតួនាទីទៅចាប់ភពថ្មីទៀត ក្នុងកន្លែងដ៏សមគួរដល់កម្រិតនៃវិញ្ញាណនោះ ។
ដកស្រង់ចេញពីសៀវភៅ
វត្តប្រតិបត្តិពុទ្ធសាសនិកជន