Thứ Tư, tháng 11 27, 2019

សត្វ និងរុក្ខជាតិទាំង ៧នេះ ជានិមិត្តរូបនៃប្រទេសកម្ពុជា


តិចអត់ដឹង!! សត្វ និងរុក្ខជាតិទាំង ៧នេះ ជានិមិត្តរូបនៃប្រទេសកម្ពុជា
ថ្ងៃពុធ ១កើតមិគ្គសិរ ប.ស.២៥៦៣ ទី២៧ វិច្ឆិកា គ.ស.២០១៩
cambofox | July 21, 2019 | Uncategorized | No Comments
            តាមប្រទេសនីមួយៗ យើងអាចសម្គាល់អត្តសញ្ញាណជាតិរបស់គេបានតាមរយៈការសង្កេតមើលវត្ថុដែលជារបស់តំណាងជាតិ។ តួយ៉ាងក្នុងប្រទេសកម្ពុជា ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិអាចឲ្យជាតិដទៃកំណត់បានថាជាជាតិខ្មែរ។ ក្រៅពីនេះ គេអាចកំណត់អត្តសញ្ញាណជាតិខ្មែរបានយ៉ាងច្បាស់តាមរយៈសត្វ និងរុក្ខជាតិមួយចំនួនមានដូចជា គោព្រៃ សត្វត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងចេកពងមាន់។
            ១.គោព្រៃ (Bos sauveli)




           *សត្វចតុប្បាទដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។
*ឈ្មោះជាភាសាជាតិ៖ គោព្រៃ
*ឈ្មោះជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង៖ Kouprey
*ឈ្មោះវិទ្យាសាស្រ្ដ៖ Bos sauveli
លក្ខណៈទូទៅ៖ ប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ ម៉ែត្រ កម្ពស់ពី ១,៧ ទៅ ១,៩ ម៉ែត្រ និងមានទម្ងន់ពី ៧០០ ទៅ ៩០០គីឡូក្រាម។ គោព្រៃមានរូបរាងស្រដៀងនឹងទន្សោង មានបួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរតែដល់ដីចំពោះគោឈ្មោល។ ស្នែងគោព្រៃឈ្មោល និងញី មានលក្ខណៈប្លែកគ្នា ដោយស្នែងឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយកួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬ ប្រផេះ និងប្រផេះចាស់ នៅពេលមានអាយុច្រើន។
ការយកគោព្រៃមកធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។ វាត្រូវបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ១៩៣៧។ គោព្រៃភាគច្រើនរស់នៅតាមវាល និងព្រៃភ្នំនៃភាគខាងជើងនៃប្រទេសកម្ពុជា។ គោព្រៃជាថនិកសត្វស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង ឬ ប្រើស។ វាជាសត្វវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស មានកម្លាំងខ្លាំងពូកែ ធន់នឹងកម្ដៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។ កាលពីសម័យមុនសង្គ្រាម គោព្រៃត្រូវហាមបរបាញ់តាមរយៈប្រកាសលេខ១៩១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦០។ ក្រោយរបបប៉ុលពត គោព្រៃក៏ត្រូវហាមបរបាញ់ម្តងទៀត តាមរយៈប្រកាសលេខ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោព្រៃត្រូវហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES និងអនុសញ្ញា Convention on Migratory Species។ ពិភពលោកបានចាត់ទុកគោព្រៃជាប្រភេទសត្វជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN
           ២. សត្វត្រយ៉ង (Pseudibis gigantean) 





     *បក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក
*ឈ្មោះភាសាអង់គ្លេស៖ Giant Ibis
*ឈ្មោះវិទ្យាសាស្រ្ដ៖ Pseudibis gigantean
លក្ខណៈទូទៅ ៖ សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន ១០៦ សង់ទីម៉ែត្រ។ សត្វត្រយ៉ង ត្រូវបានការពារដោយប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិភពលោកក៏បានចាត់ទុកត្រយ៉ងជាប្រភេទជិតផុតពូជបំផុត (Critical Endangerd) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ សត្វត្រយ៉ងដើមឡើយមានរាយប៉ាយនៅតាមទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណីរបស់សត្វនេះគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ជន្លេន ខ្យង ក្ដាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ទន្លេ បឹង ត្រពាំង)។ វារកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ។ សត្វនេះត្រូវបានរកឃើញថ្មីៗនៅខេត្តព្រះវិហារមិនតិចជាង ១០០ ក្បាលឡើយ ដែលជារបាយច្រើនជាងគេ បន្ទាប់ពីពិភពលោកអះអាងថាបានផុតពូជ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងពិភពលោក ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះ ហើយត្រូវបានទស្សនាវដ្ដី National Geographic Magazine នៃសហរដ្ឋអាមេរិក ផ្សព្វផ្សាយទូទាំងពិភពលោក។ អនុក្រឹត្យបានចែងឲ្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក្នុងគោលបំណងអភិរក្សសត្វត្រយ៉ងនេះជាចម្បង។ សត្វនេះជាប្រភេទជិតផុតពូជបំផុត ដែលត្រូវបានអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ផ្ដល់ជំនួយការពារ។
       ៣. អណ្ដើកហ្លូង (Batagur baska)



*ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង
*ឈ្មោះជាភាសាអង់គ្លេស៖ Royal Turtle
*ឈ្មោះវិទ្យាសាស្រ្ដ៖ Batagur baska
លក្ខណៈទូទៅ ៖ ភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់ ៦០ សង្ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬ ខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំ៤ ខុសពីអណ្ដើតធម្មតាមានក្រញាំ៥។
អណ្ដើកហ្លួងត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្ដរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ អណ្ដើកនេះត្រូវបានចាត់ទុកជាប្រភេទសត្វទទួលការគំរាមកំហែងជាសកល (Globally Threaten) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហមរបស់ IUCN។ អណ្ដើកនេះត្រូវបានចាត់ទុកជាសម្បត្តិរាជវង្ស និងមានប្រវត្តិការពារដោយរាជក្រឹត្យកាលពីបុរាណ។ គេហៅអណ្ដើកនេះថា អណ្ដើកហ្លួង មកដល់សព្វថ្ងៃ ដោយសារតែពេលប្រមូលបានពងអណ្ដើកនេះ គេយកទៅថ្វាយតែចំពោះរាជរង្សសោយតែប៉ុណ្ណោះ។ ក្រោយមក ពេលប្រជារាស្រ្ដចាប់បានអណ្ដើកនេះ គេតែងយកមកតុបតែង លាបម្សៅ និមន្ដព្រះសង្ឃមកសូត្រធម៌បួងសួងសុំសេចក្ដីសុខ រួចដោះលែងទៅវិញ។ វាចូលចិត្តរស់នៅតាមពាមសមុទ្រ មានព្រែកតូចៗ ឬ មានព្រៃកោងកាង និងស៊ីអាហារគ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត។ អណ្ដើកនេះត្រូវបានគេជឿថាផុតពូជពីកម្ពុជាទៅហើយក្នុងអំឡុងសតវត្ស៍ទី ៨០ និង ៩០ តែត្រូវបានរកឃើញវិញក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ ១៩៩៥ ហើយនៅឆ្នាំ ២០០២ នាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន ៣២ ក្បាល ហើយលែងទៅក្នុងធម្មជាតិវិញ។
           ៤. ត្រីគល់រាំង (Catlocarpio Siamensis)








*មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្រីកាហោ ឬ ត្រីក្បាលឡាន ឬ ត្រីគល់រាំង
*ឈ្មោះជាភាសាអង់គ្លេស៖ Giant Mekong Barb
*ឈ្មោះវិទ្យាសាស្រ្ដ៖ Catlocarpio Siamensis
លក្ខណៈទូទៅ ៖ ប្រភេទត្រីធំជាងគេក្នុងប្រទេសកម្ពុជា មានស្រកាធំៗគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយ។ សម្បុរលើដងខ្លួនមានពណ៌ ២ ដាប់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ស្រកានៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។
ប្រភេទត្រីគល់រាំងនេះជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងរស់នៅតាមដងទន្លេមេគង្គ ពិសេសសម្បូរជាងគេនៅបឹងទន្លេសាប ហើយត្រូវបានការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្ដីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក២ មាត្រា១៨។ ចាប់ពីឆ្នាំ ២០០០ មក នាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា ធ្វើការលែងត្រីគល់រាំងដែលនេសាទបាន ដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍ និងការលូតលាស់របស់វា។ ត្រីគល់រាំងត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ កាលពីបុរាណ ស្រការបស់វាត្រូវបានគេយកមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរ។
           ៥. ដើមត្នោត (Borassu flabellier)





*រុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្នោត
*ឈ្មោះជាភាសាអង់គ្លេស៖ Sugar Palm
*ឈ្មោះវិទ្យាសាស្រ្ដ៖ Borassu flabellier
លក្ខណៈទូទៅ ៖ ប្រភេទរុក្ខជាតិស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទាល គល់ធំ ដុះត្រង់ឡើងទៅលើ កម្ពស់ពី ១០-២៥ម៉ែត្រ ឫសវាមានលក្ខណៈជាឫសយោង និងគ្មានឫសកែវ។ តួដើមមានភាពគគ្រើមពណ៌ក្រម៉ៅ អង្កត់ផ្ចិតពី ២០-៦០ សង្ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្ដុំគ្នានៅផ្នែកចុងកំពូលនៃដើម។ ធាងត្នោតរលោងក្រាស់ មានពណ៌លឿងបៃតងពេលនៅខ្ចី និងលឿងត្នោតពេលមានអាយុចាស់ ព្រមទាំងមានបន្លានៅគែមសងខាង សណ្ឋានដូចជាធ្មេញរណារ។ ត្នោតញី និងឈ្មោលមានលក្ខណៈខុសប្លែកគ្នា តាមការសម្គាល់លើផ្ការបស់វា។ ផ្កាត្នោតឈ្មោលមានរាងមូលទ្រវែង ទំហំពី ២-៤សង្ទីម៉ែត្រ ប្រវែងពី ៣០-៥០សង្ទីម៉ែត្រ។ រីឯផ្កាត្នោតញីមានសណ្ឋានជាពកមូលៗប្រវែងពី ៥០-៧០សង្ទីម៉ែត្រ ដែលអាចផ្តល់ផ្លែចំនួនពី ២០-៥០គ្រាប់។ ផ្លែត្នោតមានរាងមូលពណ៌ត្នោតក្រមៅ នៅភាគខាងក្រោម និងពណ៌បែតងនៅភាគខាងលើនៃផ្លែ ហើយប្រែពណ៌ទៅជាលឿងទុំក្រមៅពេលវាចាស់ទុំ។ ផ្លែត្នោតមានអង្កត់ផ្ចិតប្រមាន ១៣-២០សង្ទីម៉ែត្រ ដែលប្រែប្រួលទៅតាមគុណភាពដី ការកៀបយកទឹក និងអាយុកាលរបស់ដើម។
ត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរ និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណមកដល់បច្ចុប្បន្នស្របតាមពាក្យស្លោកថា ដើមត្នោតជាជម្រកផ្ទះខ្មែរ”។ កាលពីឆ្នាំ២០០៣កន្លងទៅនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានវិធានការទប់ស្កាត់កុំមានការបំផ្លាញទ្រព្យសម្បត្តិធម្មជាតិដែលមានដើមត្នោតជាដើម បន្ទាប់មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញនូវសារាចរណែនាំលេខ៤៨១ សរណន. កសក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការដឹកជញ្ជូន និងធ្វើអាជីវកម្មដើមត្នោត។ ដើមត្នោតមានសារសំខាន់ច្រើនយ៉ាងណាស់ដូចជា ឫសត្នោត និងផ្កាត្នោតឈ្មោលជាឱសថបុរាណសម្រាប់កែរោគ។ ដើមត្នោតអាចយកមកប្រើប្រាស់នៅក្នុងសំណង់។ ស្លឹកសម្រាប់ប្រក់ និងធ្វើជញ្ជាំងផ្ទះ ត្បាញកន្ទេល មួក ស្មុគ និងពេលខ្លះអាចប្រើប្រាស់ស្លឹកត្នោតសម្រាប់ចារ ឬ សរសេរជំនួសស្លឹកទ្រាំងបានទៀតផង។ ផ្លែត្នោត និងទឹកត្នោត មានឱជារសឈ្ងុយឆ្ងាញ់ពិសា។ ការផលិតស្ករត្នោតដោយរំងាស់ពីទឹកត្នោត គឺជាប្រពៃណីរបស់ប្រជារាស្ដ្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ។
                ៦. ផ្ការំដួល (Mitrella mesnyi)


 *ផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ រំដួល

*ឈ្មោះជាភាសាអង់គ្លេស៖ Rumdul
*ឈ្មោះវិទ្យាសាស្រ្ដ៖ Mitrella mesnyi
លក្ខណៈទូទៅ ៖ មានកម្ពស់ពី ៨-១៣ម៉ែត្រ និងមានអង្កត់ផ្ចិតពី ២០-៣០សង្ទីម៉ែត្រ។ ដើមមានសម្បកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទស្លឹកទោលដុះឆ្លាស់គ្មានខ្នាយស្ទប ទម្រង់បន្ទះស្លឹករាងទ្រវែង មានទំហំ២-៤ x ៦-១០សង្ទីម៉ែត្រ។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបសាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅអាចបិរភោគបាន។
រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជននិយមយកមកដាំលម្អតាមគេហដ្ឋាន និងសួនសាធារណៈ។ ដោយមានក្លិនប្រអូប ខ្មែរពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី។ ដើមរំដួលក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងប្រើជាអុសសម្រាប់ដុត។ នៅរដូវផ្លែរំដួលទុំ ប្រជាជនតែងតែបេះផ្លែរំដួលយកមកលក់។ ដោយសារផ្ការំដួលមានក្លិនដ៏ក្រអូប ជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះបានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួល រហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជាៈ រំដួលក្រចេះ និងរំដួលពោធិ៍សាត់ជាដើម។
          ៧. ចេកពងមាន់ (Musa aromatica)


     *ផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ចេកពងមាន់
*ឈ្មោះជាភាសាអង់គ្លេស៖ Chicken Egg Banana
*ឈ្មោះវិទ្យាសាស្រ្ដ៖ Musa aromatica
លក្ខណៈទូទៅ៖ ចេកត្រូវគេនិយមបរិភោគ និងប្រើប្រាស់ជាទូទៅដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ។ គេអាចបរិភោគផ្លែចេកទុំ ឬ កែច្នៃជាតំណាប់ ចេកបន្ទះ ចេកឆាបជាដើម។ ក្រៅពីនេះ អាចយកប្រើប្រាស់ជាសំណែន ឬ ជំនូនគ្រប់ពិធីផ្សេងៗ ដែលសូម្បីតែសម្រាប់ថ្វាយគោរពបូជាទេវតារាល់ថ្ងៃសីលផងដែរ។ ចេកពងមាន់ភាគច្រើនត្រូវគេដាំនៅតាមដីសណ្ដទន្លេមេគង្គ ជាពិសេសនៅតំបន់កោះដុះថ្មី។ ចេកគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយ ថ្វីដ្បិតតែជាដំណាំដែលមានប្រភពមកពីប្រទេសឥណ្ឌាក៏ដោយ ។ ដំណាំចេកជាដំណាំប្រើបានច្រើនមុខទៀតដូចជា គល់របស់វាជាប្រភពជាតិម្សៅអាមីដុង ដើមវាអាចហាន់ជាចំណីជ្រូក គោ ក្របី។ល។ ធ្វើជាបាយសីក្នុងពិធីសែនព្រេននានា ស្លឹកប្រើជាសម្ភារៈវេចខ្ចប់នំចំណី និងត្រយូងប្រើជាបន្លែស្រស់ ឬ យកមកស្ល៕
ដកស្រង់ដោយ៖ Cambofox
ប្រភព៖ ahladang


Thứ Bảy, tháng 11 23, 2019


 ​           ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ

            

            

រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​

ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​

ព្រះនាមថា មហានាម បាន​គ្រងរាជសម្បត្តិ ប្រកប​ដោយ​

ទសពិធរាជធម៌​ក្នុង​លង្កាទ្វីប ។ បាន​ឮថា ក្នុង​សម័យ​នោះ​ឯង 

មាន​ព្រាហ្មណ៍​មាណព​ម្នាក់ កើត​នៅ​ក្នុង​ត្រកូលព្រាហ្មណ៍​

មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតា​ឈ្មោះ 

កេសីនី មាន​លំនៅ​ស្ថិត​នៅ​ក្នុង​ទី​ជិត​នៃ​ពោធិមណ្ឌល 

(កន្លែង​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ) ក្នុង​មជ្ឈិម​ប្រទេស

ជម្ពូទ្វីប ។ក៏​ព្រោះ​ក្នុង​វេលា​ដែល​មាណព​នោះ ប្រសូត្រ​មក​

ពួក​បរិវារ​របស់ព្រាហ្មណ៍ មាន​ទាសៈ​និង​កម្មករ​ជាដើម 

បញ្ចេញ​សំឡេង សម្តែង​ភាព​ត្រេកអរ​រីករាយ​យ៉ាង​គឹកកង 

ដូច្នោះ ទើប​គេ​ដាក់​ឈ្មោះ​ឲ្យ​កុមារ​នោះ​ថា ឃោសៈ ។ ទី​ខ្លះ​ក៏​

ពោល​ថា មាណព​នោះ កើត​នៅ​ក្នុង​ឃោសគ្រាម ទើប​ដាក់​

ឈ្មោះ​ឲ្យ​ថា ឃោសៈ ។ ឃោសៈ​មាណព​នោះ ជា​អ្នក​ដឹង​វិជ្ជា 

និង​ក្បួនសិល្បៈ​ទាំង​ពួង​យ៉ាង​ជំនាញ ចេះ​ចប់​ត្រៃវេទ​យ៉ាង​

ប្រាកដ​ក្នុង​លទ្ធិ បាន​ត្រាច់​ទៅ​ដើម្បី​សាក​សួរ​និង​ដោះស្រាយ​

បញ្ហា​វិជ្ជា​សិល្បៈ​ ក្នុង​ស្រុក​និគម ជន​បទ រាជធានី​ទាំង​ឡាយ​

ក្នុង​ជម្ពូទ្វីប។ ដឹង​ថា មាន​សមណ​ព្រាហ្មណ៍ ដែល​ជា​បណ្ឌិត​

នៅ​ក្នុង​ទី​ណា​ៗ ក៏​ចូល​ទៅ​ធ្វើការ​សាកច្ឆា​ក្នុង​ទី​នោះ​ៗ 

បណ្ឌិត​ដទៃ​(នោះៗ) មិន​អាច​ឆ្លើយ​នៅ​បញ្ហា ដែល​មាណព​

នោះ សួរ​បាន​ឡើយ តែ​មាណព​នោះ អាច​ឆ្លើយ​នូវ​បញ្ហា​

របស់​បណ្ឌិត​ទាំង​នោះៗ​ដែល​សួរ​ហើយ​បាន ។

ឃោសមាណព​ជួប​នឹង​ព្រះរេវតត្ថេរ។

មាណព​នោះ គ្រប​សង្កត់​ពេញ ទូទាំង​ជម្ពូ​ទ្វីប​ដោយ​អាការ​

យ៉ាង​នេះ រហូត​មក​ដល់​វត្តមួយ (ក៏​បាន​ស្នាក់​នៅ​ក្នុង​

បរិវេណ​វត្ត​នោះ) ។ក៏​ក្នុង​វត្ត​នោះ មាន​ភិក្ខុ​នៅច្រើន​រូប ព្រះ​

រេវតៈ (ឬធម្មឃោសៈ) ជា​សង្ឃត្ថេរ​របស់​ភិក្ខុ​ទាំង​នោះ ជា​

ព្រះមហា​ខីណាស្រព បាន​សម្រេច​បដិសម្ភិទា អាច​ញាំញី​

បរប្បវាទ​បាន ។ គ្រា​នោះ កាល​វេលា​អាធ្រាត្រ ព្រាហ្មណ៍​

មាណព បាន​បរិវត្ត​បាតញ្ជលី (ស្វាធ្យាយ) នូវ​មន្ត​ឲ្យ​មាន​បទ

បរិបូណ៌ និង​ឲ្យ​ជា​បរិមណ្ឌល ព្រះថេរៈ​ស្តាប់​នូវ​សំឡេង​

ព្រាហ្មណ៍ ស្វាធ្យា​មន្ត​ក៏​ជ្រាប​ថា “ព្រាហ្មណ៍​នេះ ជា​អ្នក​មាន​

បញ្ញា​ច្រើន” (រួចទើប) គិត​ថា ​”បើ​យើង​ទូន្មាន​ឲ្យ​មក​រាប់​

អាន​ព្រះពុទ្ធ​សាសនា​បាន នឹង​ជា​ការ​ល្អ” ទើប​ហៅ 

ព្រាហ្មណ៍​នោះ​មក រួច​សួរ​ថា “ម្នាល់​ព្រាហ្មណ៍​អ្នក​ណា​ហ៎្ន

ស្រែក​ជា​សំឡេង​ដូច​លា” ។ ឃោសៈ​ព្រាហ្មណ៍​នោះ​សួរ​ថា 

“នែ​បព្វជិត​ដ៏​ចម្រើន​លោក​ដឹង​នូវ​សំឡេង​របស់ ពួក​លា​ឬ

ព្រះថេរៈ​តប​ថា “យើងដឹង” ។ ព្រាហ្មណ៍​នោះ ទើប​សួរ​ព្រះ

ថេរៈ​ក្នុង​គណ្ឋិដ្ឋាន (​គឺ​មន្ត​ដែល​យល់​បាន​លំបាក​) ទាំង​

ឡាយ​ក្នុង​គម្ពីរត្រៃវេទ ទាំង​គម្ពីរឥតិហាស​ជា​គម្ពីរ​ទី ៥ ដែល​

ខ្លួន​ឯង​សម្លឹង​មិន​ឃើញ​ន័យ​ឡើយ ទាំង​អាចារ្យ​របស់​ខ្លួន ​ក៏​

មិន​ឃើញ​មក​ហើយ​ផង ដែល​ព្រះថេរៈ​នោះ ដោយ​ប្រក្រតី​ក៏​

ជា​អ្នក ចេះ​ចប់​ត្រៃវេទ​ហើយ មក​ដល់​ឥឡូវ​នេះ ជា​អ្នក​បាន​

សម្រេច​នូវ​បដិសម្ភិទា​ទៀត ព្រោះ​ហេតុ​នោះ សេចក្តី​លំបាក​

ក្នុង​ការ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ ទើប​មិន​មាន​ដល់​លោក 

ព្រោះ​ដូច្នោះ ទើប​ព្រះថេរៈ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ​បាន​ភ្លាម


។ហើយ​ពោល​នឹង​ព្រាហ្មណ៍​នោះ​ថា​ “នែ​ព្រាហ្មណ៍​ដ៏​ចម្រើន 


អ្នក​សាក​សួរ​យើង​មក​ច្រើន​ហើយ ឥឡូវ​នេះ យើង​នឹង​សាក​

សួរ​នូវ បញ្ហា​កម្ម​នឹង​អ្នក​មួយ អ្នក​នឹង​ឆ្លើយ​បញ្ហា​យើង​បាន​ឬ​

ទេ ? ” ព្រាហ្មណ៍​តប​ថា “ខ្ញុំ​នឹង​ឆ្លើយ​មន្តនោះ​ប្រគេន​បាន 

លោក​ម្ចាស់​ចូរ​សួរ​មក​ចុះ ” ទើប​ព្រះថេរៈ​សួរ​នូវ​បញ្ហា​ក្នុង​

គម្ពីរ​អភិធម្ម ចិត្ត​យមកៈ១ នេះថា “យស្ស ចិត្តំ ឧប្បជ្ជតិ ន​ 

និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន 

ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន 

និរុជ្ឈតិ, ចិត្ត​របស់​បុគ្គល​ណា រមែង​កើត​ឡើង រមែង​មិន​

រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់ នឹងមិន​កើត​ឡើង ឬ​ក៏​

ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិន​កើត​ឡើង ចិត្ត​របស់​

បុគ្គល​នោះ រមែង​កើត​ឡើង រមែង​មិនរលត់” ២ ។


ព្រាហ្មណ៍​មាណព​នោះ មិន​អាច​នឹង​ឆ្លើយ​បាន មិន​ថា​លើ ឬ​

ក្រោម ទើប​សួរ​ថា “បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន មន្ត​នេះ​

ឈ្មោះ​មន្ត​អ្វី? “ព្រះថេរៈតប​ថា “ម្នាល់​ព្រាហ្មណ៍ មន្ត​នេះ​

ឈ្មោះ​ថា ពុទ្ធមន្ត”។ ព្រាហ្មណ៍​សួរ​ថា “លោកម្ចាស់​ដ៏​

ចម្រើន ឲ្យ​មន្ត​នេះ​ដល់​ខ្ញុំ​ព្រះករុណា បាន​ដែរ​ឬ​ទេ? ” ព្រះ

ថេរៈ​តប​ថា “ម្នាល់​ព្រាហ្មណ៍ យើង​ឲ្យ (មន្តនេះ) ដល់​អ្នក​

បាន លុះត្រា​តែ​អ្នក​បួស​ជាបព្វជិត​ដូច​យើង” ។

១. អភិ. យម. យមកវគ្គ. ៩១. ១/១ ។

២. ពាក្យថា រមែង​កើត​ឡើង គឺ​នៅ​ក្នុង​ឧប្បាទខណៈ, ពាក្យ​

ថា រមែង​មិន​រលត់ គឺ មិន​ទាន់​ដល់​និរោធ​ឬ​ភង្គខណៈ ។ ចិត្ត​

ក្នុង​ទី​នេះ សំដៅ​ដល់​បច្ឆិម​ចិត្ត គឺ​ចុតិ​ចិត្ត របស់​ព្រះ​អរហន្ត 

ខណៈ​ចិត្ត​របស់​ព្រះអរហន្ត​កំពុង​ប្រព្រឹត្ត​ទៅ ឈ្មោះ​ថា រមែង​

កើត​ឡើង រមែង​មិន​រលត់ កាល​ដល់​ភង្គ​ខណៈ​ហើយ ចុតិ​ចិត្ត​

នោះ ក៏​នឹង​រលត់ និង​មិន​មាន​ចិត្ត​ដទៃ​កើត​ឡើង​ត​ទៅ​ទៀត 


មាណ​ពបួស ប្រាកដ​ឈ្មោះ ព្រះពុទ្ធ​ឃោសៈ។

ឃោសៈ​ព្រាហ្មណ៍​ដែល​បុព្វ​ហេតុ (​គឺ​កុសល​ក្នុង​កាល​មុន) 

ទាំង​ឡាយ​ដាស់​តឿន​ហើយ ទើប​សូម​បព្វជ្ជា ដើម្បី​ត្រូវ​ការ​​

មន្ត ព្រះថេរៈ​ទើប​ឲ្យព្រាហ្មណ៍​បព្វជ្ជា​ឧបសម្បទា​ហើយ ឲ្យ​

រៀន​ព្រះត្រៃ​បិដកវចនៈ ភិក្ខុ​នោះ ក៏​យល់​ដឹង​អត្ថធម៌ របស់​

ព្រះត្រៃ​បិដក​ថា “នេះ​ជា​ឯកាយមគ្គ (ដំណើរ​ផ្លូវ​ដ៏​ឯក 

ប្រសើរ​ជាង​លទ្ធិចាស់​របស់​ខ្លួន)” (តមក) ក៏​បាន​ជា​អ្នក​

ប្រាកដ​ច្បាស់​ក្នុង​លោក ដូច​ពន្លឺ​ភ្លើង ដូច​ពន្លឺ​ព្រះចន្ទ ដូច​

ពន្លឺ​ព្រះអាទិត្យ ដោយ​ការ​ដែល​លោក​បាន​ព្យាករណ៍, ភិក្ខុ

ឃោសៈ ទើប​បាន​ប្រាកដ​នាម​ថា ព្រះពុទ្ធឃោសៈ ព្រោះ​ល្បី​

ផ្សាយ​ទៅ​ក្នុង​ផ្ទៃ​ផែនដី​ដូច​ព្រះពុទ្ធ​អង្គ ។

ព្រះថេរៈ​បញ្ជូន​ឲ្យ​ទៅ​ប្រែ​គម្ពីរ​អដ្ឋកថា

ព្រះពុទ្ធ​ឃោសៈ​នោះ ជា​អ្នក​នៅ​ក្នុង​វិហារ​នោះ បាន​តែង​

បករណ៍​ឈ្មោះ ញាណោទ័យ ទុក​ក្នុង​វិហារ​ហើយ ផ្តើម​តែង​

អដ្ឋកថា ព្រះអភិធម្មសង្គណី និង​អដ្ឋកថា​ច្បាប់​ឈ្មោះ 

អដ្ឋសាលនី ព្រះថេរៈ​ឃើញ​ដូច្នោះ​ទើប​ប្រាប់​ថា “ម្នាល់​

អាវុសោពុទ្ធឃោសៈ ក្នុង​ជម្ពូទ្វីប​​នេះ មាន​តែ​គម្ពីរ​ព្រះត្រៃ

បិដក​បាលី​ប៉ុណ្ណោះ អដ្ឋកថា​របស់​ព្រះត្រៃបិដក​នោះ និង​

ថេរវាទ (គឺ​ពាក្យ​ដែល​ព្រះថេរៈ​ក្នុង​សម័យ​សង្គីតិ ពោល​ទុក​

ជា​ច្បាប់)  មិន​មាន តែ​អដ្ឋក​ថា​ព្រះត្រៃ​បិដក​ដែល ឡើង​កាន់​

សង្គីតិទាំង ៣ លើក ជា​ពាក្យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់

សម្តែង​ទុក និង​ព្រះថេរៈ​ទាំង​ឡាយ មាន​ព្រះសារីបុត្រ​ជា​ដើម​

ចង​ក្រង​ទុក​ហើយ ឯព្រះមហិន្ទត្ថេរ ត្រួត​មើល​កថាមគ្គ 

(សម្តែង​ផ្លូវ​នៃ​ពាក្យ​ដែល​ពោល​ទុក) ហើយ (រួបរួមមក) តែង​

ទុក​ដោយ​ភាសា​សីហឡៈ កំពុង​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​សីហឡ

ទ្វីប ចូរ​លោក​ទៅ​កាន់​សីហឡ​ទ្វីប​នោះ ត្រួត​មើល​ឲ្យ​សព្វ​

អន្លើ​ហើយ បក​ប្រែ​មក​ជា ភាសាមគធបាន អដ្ឋក​ថា​នោះ 

នឹង​នាំ​មក​នូវ​ប្រយោជន៍​សុខ​ដល់​មនុស្ស​លោក​ទាំង​ពួង” ។

កាល​ព្រះថេរៈ​ណែ​នាំ​យ៉ាង​នោះ ព្រះពុទ្ធឃោសៈ ជា​អ្នក​មាន​

បញ្ញាច្រើន ក៏​កើត​បីតិសោមនស្ស ក្រាប​ទូល​លា​ព្រះ

ឧបជ្ឈាយ៍ និង​ភិក្ខុ​សង្ឃ បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ទឹក​

ដោយ​លំដាប់ ឡើង​ទូក​ទៅ​ជួប​ព្រះពុទ្ធទត្តត្ថេរ​តាម​ផ្លូវ​ដែល​

មក​ដល់​កណ្តាល​សមុទ្រ ក៏​បាន​និយាយ​ប្រាស្រ័យ​គ្នា ហើយ​

ធ្វើ​ដំណើរ​បន្ត​ទៅ​ដរាប​ដល់​កំពុង ក្រុង​លង្កា ក្នុង​កាល​នោះ 

ព្រះបាទ​មហានាម គ្រប់​គ្រង​រាជ្យ​ក្នុង​លង្កាទ្វីប ។

តែង​បករណ៍ ឈ្មោះ​វិសុទ្ធិមគ្គ

ព្រះពុទ្ធ​ឃោសៈ និមន្ត​ទៅ​​ជួបព្រះសង្ឃ​ក្នុង​វិហារ ក្រុង​អនុរាធ

បុរី ហើយ​ទើប​ទៅ កាន់​សំណាក់​ព្រះសង្ឃបាលត្ថេរ ដែល​គង់​

នៅ​ក្នុង​មហាបធានឃរៈ បាន​ស្តាប់​(ជ្រាប​សេចក្តី) អដ្ឋកថា​

ភាសា​សីហឡៈ និង​ថេរវាទ​ទាំង​ពួង​ហើយ ជឿ​ទុក​ចិត្ត​ថា 

“នេះ​ឯង ជា​ព្រះពុទ្ធា​ធិប្បាយ​របស់ ព្រះ​ធម្មសាមិត្រ​ពិត” ។ 

ទើប​ទៅ​កាន់ទី​ប្រជុំ​សង្ឃ ក្នុង​វិហារ​នោះ ដើម្បី​សូម​គម្ពីរ​ធ្វើ​

អដ្ឋកថា​ព្រះត្រៃបិដក ក៏​បាន​ពោល​សូម​ថា “សូម​លោក​

ម្ចាស់ទាំង​ឡាយ មេត្តា​ឲ្យសៀវភៅ​គម្ពីរ​ទាំង​ឡាយ ដល់​ខ្ញុំ​ព្រះ​

ករុណា ដើម្បី​ធ្វើអដ្ឋកថា” ។ ដើម្បី​សាកល្បង​សមត្ថភាព​

របស់​លោក ទើប​ភិក្ខុសង្ឃ​ឲ្យ​គាថា ២ បទ ហើយ​ពោល​ថា 

“លោកចូរ​សម្តែង​សមត្ថភាព​ក្នុងគាថា ២ បទនេះ យើង​ទាំង​

ឡាយ បាន​ឃើញ​សមត្ថភាព​របស់​លោក​ហើយ នឹង​ប្រគល់ 

ច្បាប់គម្ពីរ​ឲ្យ​ទាំង​អស់” ព្រះពុទ្ធ​ឃោសៈ​មើល​បាលី​ព្រះ

ត្រៃបដិក និង​អដ្ឋកថា របស់​ព្រះត្រៃបិដក​នោះហើយ ទើប​

ព្រះថេរៈ​រួបរួម​ព្រះត្រៃបិដក​ព្រម​ទាំង​អដ្ឋកថា​ដោយ​សង្ខេប 

តែងបករណ៍ ឈ្មោះ វិសុទ្ធិមគ្គ​ឡើង ក្នុង​មហាវិហារ​នេះ​ឯង ។


គ្រា​នោះ ទេវតា​១​មាន​បំណង ដើម្បី​នឹង​ប្រកាស​ថ្វី​ដៃ​របស់​

លោក​ឲ្យ​ប្រាកដ ក្នុង​មហាជន ទើប​បណ្តាល​ឲ្យ សៀវភៅ​

គម្ពីរ​ច្បាប់ (ដែល​លោក​សរសេរ​រួច​ហើយ) ឲ្យ​អន្តរធាន​បាត់​

ទៅ ទើប​លោកសរសេរ​ឡើង​ថ្មី​មួយ​ច្បាស់​ទៀត ទេវតា​ក៏​

បណ្តាលឲ្យ អន្តរធាន​បាត់​ទៅ​ទៀត ទើប​លោកសរសេរ​

ឡើង​ថ្មី លើកទី ៣ ទៀត ក៏​បាន​ចប់សព្វ​គ្រប់​ទៀត ក្នុង​គ្រា​

នោះ​ ព្រះពុទ្ធ​ឃោសៈនិមន្ត​ព្រះសង្ឃ ដែល​ជា​អ្នក​ឈ្លាស​ក្នុង​

ធម៌ របស់​ព្រះសម្ពុទ្ធ​ឲ្យ​មក​ប្រជុំ​គ្នា ក្នុង​ទី​ជិត​មហាពោធិ

ព្រឹក្ស (ប្រទេសលង្កា) ប្រារព្ធ​នឹង​អាន​បករណ៍វិសុទ្ធិមគ្គ នោះ 

(ឲ្យ​សង្ឃ​ស្តាប់) ស្រាប់​តែ​ទេវតាដែល​បំបាំង​សៀវភៅនោះ 

នាំ​សៀវភៅ​ទាំង​ពីរ​ចប់នោះ មក​ប្រគេនសង​វិញ​ព្រម​ក្នុង​

ខណៈ​នោះ ទើប​បាន​ជា​សៀវភៅ វិសុទ្ធមគ្គ​បី​ចប់​ឡើង ក៏​

បាន​ប្រគល់​សៀវភៅ​ទាំង​បី​ចប់ ទៅ​ព្រះ​ភិក្ខុ​​សង្ឃ, ភិក្ខុ​សង្ឃ​

ឲ្យ​អាន​សៀវភៅ​ទាំង​បី​ចប់ ព្រមគ្នា ការ​ខុស​ភ្លាំងភ្លាត់​បី​ចប់​

នោះ ដោយ​គណ្ឋៈក្តី ដោយ​អក្ខរៈ​ក្តី ដោយ​បទ​ក្តី ដោយ​

ព្យញ្ជនៈ​ក្តី ដោយ​អត្ថ​ក្តី ដោយ​ការ​សរសេរ​មុន ក្រោយ​ក្តី 

ដោយ​វាទៈទាំង​ឡាយ​មាន​ថេរវាទ​ជាដើម​ក្តី ដោយ​ព្រះ​បាលី​

ទាំងឡាយ​ក្តី មិន​មាន​ឡើយ បាន​ឮ​ថា កាល​គម្ពីរវិសុទ្ធិមគ្គ​

ទាំង ៣ ដែល​ព្រះពុទ្ធឃោសៈ ធ្វើ​រួច​ស្រេច​ហើយ​យ៉ាង​នោះ 

ទេវតា​ទាំង​ឡាយ បាន​នាំគ្នា​ធ្វើ​សាធុការ សម័យ​នោះ​ភិក្ខុ

ច្រើន​ពាន់ប្រជុំ​គ្នា​នៅ​ក្នុង​វិហារឃើញ​ការ​អស្ចារ្យ​នោះ​ហើយ 

ក៏​នាំ​គ្នា​សរសើរ​ឲ្យ​សាធុការ ប្រកាស​ប្រាប់​គ្នា​សុសសាយ​ទៅ​

ថា “នេះ​ព្រះពោធិសត្វ មេត្រី​មក​កើត ដោយ​ឥត​សង្ស័យ”២ ។

១.ខ្លះថា ព្រះសង្ឃ។

២.នេះ​ជា​ការ​ឃើញអស្ចារ្យ​របស់​ភិក្ខុ​ទាំង​ឡាយ​ទេ មិន​
ប្រាកដ​ជា​ព្រះមេត្រី​ឡើយ។

បក​ប្រែអដ្ឋកថា​ព្រះត្រៃបិដក មក​ជា​ភាសា​មគធៈ

ចំណែក​ស្តេច​ផែន​ដី ទ្រង់​បាន​ស្តាប់​ដំណឹង​នោះ ក៏​ស្តេច

ចេញ​ពី​ព្រះនគរ​ព្រម​ទាំង​រាជបរិវារ ទៅ​កាន់​មហាវិហារ 

ទ្រង់​នមស្ការ​ព្រះសង្ឃ​ហើយ ទ្រង់​នមស្ការ​ព្រះពុទ្ធឃោសៈ 

និមន្ត​ឲ្យ​ទទួល​នូវចង្ហាន់​នៅក្នុង​រាជវាំង​ជា​ប្រចាំ រហូត​ដល់​

ការ​តែង​គម្ពីរ​ចប់ ព្រះថេរៈ​ទទួល​និមន្ត​ដោយ​តណ្ហីភាព ។

ព្រះភិក្ខុ​សង្ឃ​ឃើញ​សមត្ថភាព​របស់​ព្រះថេរៈ​ហើយ ទើប​
ប្រគល់​សៀវភៅ ព្រះត្រៃបិដក​បាលី ព្រម​ទាំង សៀវភៅ​
អដ្ឋកថា​សីហឡៈ​ឲ្យ​ដល់​ព្រះថេរៈ ព្រះថេរៈ​ទទួល​សៀវភៅ​
គម្ពីរ​ទាំង​អស់ ទៅ​ទុក​ក្នុង​ប្រាសាទ ឈ្មោះថា បធានឃរៈ ដែល​តាំង​នៅ​ខាង​ត្បូង​នៃ​មហា​វិហារ បក​ប្រែព្រះអដ្ឋកថា​ទាំង​អស់ ធ្វើ​ជា​អដ្ឋកថា​ព្រះត្រៃបិដក ក្នុង​ភាសាមគធ​ដែល​ជា​មូល​ភាសា (​គឺភាសា​ដើម) ។

ក៏​អដ្ឋកថា​សីហឡៈ​នោះ​មាន ៣ ភាគ គឺ មហាអដ្ឋកថា ១ បច្ចរិយអដ្ឋកថា

១ កុរុន្ទីអដ្ឋកថា ១ ។

អដ្ឋកថា​ដែល​ឡើង​កាន់​មហាសង្គីតិ ព្រះមហិន្ទត្ថេរ​នាំ​មក​

តែង​ទុក​ក្នុង​ភាសាសិហឡៈ ឈ្មោះថា មហាអដ្ឋកថា ។

មាន​ផ្ទះ​ផែ​​មួយ​ខ្នង មាន​ឈ្មោះ​ហៅ​នៅ​ក្នុង​ភាសា​សីហឡៈ​ថា បច្ចរិយៈ ។ អដ្ឋក​ថា ដែល​ភិក្ខុទាំង​នោះ ប្រជុំ​គ្នា​ធ្វើ​ក្នុង​ផ្ទះ​ផែ​នោះ ឈ្មោះ​ថា​ បច្ចរិយអដ្ឋកថា ។

មាន​វិហារ​មួយ​កន្លែង ឈ្មោះ​កុរុន្ទីវិហារ ។ អដ្ឋកថា​ដែល​ភិក្ខុ​

ទាំង​នោះ​ប្រជុំ​គ្នា​ធ្វើ​ក្នុង​វិហារ​នោះ ឈ្មោះ​ថា កុរុន្ទី​អដ្ឋកថា ។

វាទ​ដែល​ព្រះថេរៈ​ជំនាន់​មុន​មាន​ព្រះថេរិកាចារ្យ (អាចារ្យ

ធំ) ជា​ដើម​កាន់​យក​ន័យ​ព្រះបាលី​តែង​ទុក ឈ្មោះថា 

ថេរវាទ ។



ព្រះពុទ្ធ​ឃោសៈប្រែកុរុន្ទីអដ្ឋកថា​ភាសា​សីហឡៈ ធ្វើ​អដ្ឋកថា 

ព្រះវិន័យបិដក ឈ្មោះ​សមន្តប្បាសាទិកា ក្នុង​ភាសា​មគធៈ​

ហើយ ត​ពី​នោះ​ក្នុង​សុត្តន្តបិដក បក​ប្រែ​មហាអដ្ឋកថា​អំពី​

ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាទីឃនិកាយ ឈ្មោះ​សុមង្គល

វិលាសិនី, ជា​អដ្ឋកថាមជ្ឈិមនិកាយ ឈ្មោះ​បបញ្ចសូទនី, ជា​អដ្ឋកថា សំយុត្តនិកាយ ឈ្មោះ សារត្ថបកាសិនី, និង​ជាអដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះ​មនោរថបូរណី, ត​ពី​នោះ ក្នុង​

អភិធម្មបិដក បក​ប្រែ​បច្ចរិយ​អដ្ឋកថា​អំពី​ភាសា​សីហឡៈ 

តាំង​ជា​អដ្ឋកថាបករណ៍ ធម្មសង្គណី ឈ្មោះ​អដ្ឋសាលនី​ក្នុង​

ភាសាមគធៈ ជា​អដ្ឋកថាបករណ៍វិភង្គ ឈ្មោះ​

សម្មោហវិនោទនី និង​ជាអដ្ឋកថា ៥ បករណ៍ ឈ្មោះ

បរមត្ថទីបនី ។

ព្រះពុទ្ធ​ឃោសៈ ធ្វើ​អដ្ឋកថា​សីហឡៈ ទាំង​អស់​ឲ្យ​ជាអដ្ឋកថា 

ព្រះត្រៃបិដក ក្នុង​ភាសាមគធៈ ដែល​ជា​មូល​ភាសា ដូច​

ពោល​មក​ហើយ​ដូច្នោះ អដ្ឋកថា​នោះឯង បាន​នាំ​មក​នូវ

ប្រយោជន៍​សុខ​ដល់​ពពួក​ជន​ក្នុង​ប្រទេស​ដទៃៗ ទាំងពួង 

យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រស់​នៅ​រហូត​ដល់​អស់​អាយុ 

ទើប​ទៅ​កាន់​ទេវ​លោក​នោះ​ឯង ។

កាល​ដែល​បាន​បក​ប្រែអដ្ឋកថាព្រះត្រៃបិដក ចប់​សព្វ​គ្រប់​

ហើយ ផែនដី​កក្រើកញ័រ (ជាអស្ចារ្យ) អដ្ឋកថា​ព្រះត្រៃបិដក 

ដែល​ព្រះថេរៈ​ធ្វើ​ដូច​ពោល​មក​នេះ គឺ​បក​ប្រែចប់​សព្វ​គ្រប់ 

តែ​ក្នុង​រយៈ​កាល ១ ឆ្នាំ​ប៉ុណ្ណោះ ។


លុះ​បក​ប្រែ​រួច​ហើយ ព្រះពុទ្ធ​ឃោសៈ ប្រាថ្នា​ដើម្បី​នឹង​បាន​

មក​ថ្វាយ​បង្គំ​ព្រះមហាពោធិព្រឹក្ស ទើប​ក្រាប​ថ្វាយ​បង្គំ​ព្រះ

ភិក្ខុសង្ឃ ត្រឡប់​មក​ជម្ពូទ្វីប​វិញ ។


ព្រះរាជាមហានាម ទ្រង់​គង់​ផែនដី​អស់ ១២ ឆ្នាំ ទ្រង់​ធ្វើបុណ្យ​

ច្រើន​យ៉ាង ដោយ​ប្រការ​ផ្សេង​ៗ​ហើយ ស្តេច​ក៏​ទៅ​កាន់​

បរលោក​តាម​យថាកម្ម ។ ចំណែក​ព្រះពុទ្ធ​ឃោសត្ថេរ​នោះ 

បាន​រចនា​អដ្ឋកថា នៃ​ព្រះត្រៃបិដក​ទុក បាន​សាង​

ប្រយោជន៍​ដ៏​សម​គួរ​ដល់​សត្វ​លោក​ជា​ច្រើន តាំង​នៅ​រហូត​

គ្រប់​អាយុ​ខ័យ ក៏​បាន​ទៅ​កាន់​ឋាន​តាវត្តិង្ស​ហើយ ដូច្នេះ​ឯង ។

សេចក្តី​ប្រាថ្នា​ព្រះពុទ្ធឃោសត្ថេរ

យំ សិទ្ធំ ឥមិនា បុញ្ញ  យំ ចញ្ញំ បសុតំ មយា ឯតេន បុញ្ញ

កម្មេន    ទុតិយេ អត្តសម្ភវេ

តាវតឹសេ បមោទេន្តោ         សីលាចារគុណេ រតោ អលគ្គោ​   
បញ្ចកាមេសុ        បត្វា បឋមំ ផលំ

អន្តិមេ អត្តភាវម្ហិ       មេត្តេយ្យំ មុនិបុង្គវំ លោកគ្គបុគ្គលំ 

នាថំ      សព្វសត្តហិតេ រតំ

ទិស្វាន តស្ស ធីរស្ស សុត្វា សទ្ធម្មទេសនំ អធិគនា ផលំ 

អគ្គំ       សោភេយ្យំ ជិនសាសនន្តិ ។

បុណ្យ​ណា ដែល​សម្រេច​ហើយ​ដោយ​ការ​ធ្វើ​នេះ និង​បុណ្យ​

ដទៃ​ណា ដែល​ខ្ញុំ​បាន​ខ្វល់ខ្វាយ​ទុក ដោយ​អំណាច​នៃ​បុណ្យ​

នោះ ក្នុង​អត្តភាពទី ២ សូម​ឲ្យ​ខ្ញុំ​រីករាយ​ក្នុង​ឋាន​តាវត្តិង្ស 

ត្រេកអរ​ក្នុង​គុណ​គឺ​សីល និង​អាចារៈ មិន​ជាប់ជំពាក់​ក្នុង​

កាម​គុណ​ទាំង ៥ បាន​សម្រេច​អរិយផល​ទី ១ (សោតា

បត្តិផល) ក្នុង​អត្ថភាព​ចុង​បំផុត សូម​ឲ្យ​ខ្ញុំ​បាន​ជួប​ព្រះអារ្យ​

មេត្រី ព្រះមុនី​ដ៏​ប្រសើរ ជា​បុគ្គល​ចម្បង​ក្នុង​លោក ជា​ព្រះ​

លោកនាថ ទ្រង់​ពេញ ព្រះទ័យ​ក្នុង​ការ​ជួយ​សត្វ​លោក​ទាំង​

ពួង សូម​ឲ្យ​ខ្ញុំ​បាន​ស្តាប់​ព្រះសទ្ធម្ម​របស់​ព្រះមុនី​អង្គនោះ 

ដែល​ទ្រង់​ជា​អ្នក​ប្រាជ្ញ ហើយ​បាន​សម្រេចអរិយផល​ជាន់​ខ្ពស់ 

(អរហត្តផល) ញុំាង​ព្រះសាសនា​របស់​ព្រះ​ជិន​ស្រី​ឲ្យ​ល្អ​ស្អាត 

ដោយ​ប្រការ​ដូច្នេះ​ហោង ។

ប្រវត្តិ​របស់​ព្រះពុទ្ធ​ឃោសាចារ្យ ចប់

(សមន្តប្បាសាទិកា ភាគ ១)

ដកស្រង់ចេញពី

http://tevicheth.wordpress.com


ដោយ៥០០០ឆ្នាំ

អានលម្អិត | read more >>> http://5000-years.org/kh/read/463#ixzz661plRXDk

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ