កំនាព្យគឺ ជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនពិរោះរណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គជាកំណត់... កើតចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។
ឧទាហរណ៍ ៖
កាច់ធ្មុងច្រកស្មុក | ដើរចូលក្នុងស្រុក | ធ្វើឫកអាចារ្យ |
ភូតភរប្រជា | បានច្រើនកាលណា | ពាក់ធ្មុងសង្ហារ |
សាហាវលើសដើម។ | ||
ខ្មែរអឺយរឿងពិត | ខ្មែរតោងពិនិត្យ | គិតគ្រប់ដង្ហើម |
ខ្មែរបីលានប្លាយ | ស្លាប់ឈាមសើមៗ | កុំភ្លេចរឿងដើម |
ស្នាដៃប៉ុលពត។ |
កំណាព្យកាព្យឃ្លោង ដូនតាយើងប្រើសំគាល់ឬចង្អុលបង្ហាញពីលក្ខណៈដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កវី គឺថាកំណាព្យនោះទាំងរូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និង សោភ័ណ រណ្តំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀង មិនត្រង់ស្តូក ប៉ុន្តែមានន័យគ្រប់គ្រាន់។
ឧទាហរណ៍៖
សូរិយាល្ងាចថ្ងៃ | សូរិយាល្ងាចថ្ងៃ | ទន្សោងគោព្រៃ | រកស៊ីជើងភ្នំ។ |
ស៊ីតូចដោយតូច | ស៊ីធំដោយធំ | រកស៊ីជើងភ្នំ | ផឹកទឹកដងអូរ។ |
ស៊ីផឹករួចហើយ | ប្រជល់គ្នាវរ | សុទ្ធតែឡើងក | អួតអាងកម្លាំង។ |
តួយ៉ាងដូចអត្ថបទកំណាព្យជាឧទាហរណ៍ខាងលើនេះមានន័យពីរ៖
- ១ - ន័យត្រង់ ៖ និយាយពីសកម្មភាពប្រចាំថ្ងៃរបស់ទន្សោងគោព្រៃ
- ២ - ន័យបញ្ឆិតបញ្ឆៀង ៖ រៀបរាប់ពីការប្រកាប់ប្រចាក់គ្នា របស់ពួកពុករលួយពាលាអាវ៉ាសែ ស៊ីសំណូក សូកប៉ាន់ ក្នុងគ្រប់ជំនាន់។
ហេតុហ្នឹងហើយ ទើបដូនតាយើងនិយមប្រើពាក្យថា កំណាព្យ កាព្យឃ្លោងយ៉ាងដូចនេះ។តើកំណាព្យនិងកម្រងកែវខុសគ្នាបែបណា? កម្រងកែវគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួន ទាក់ទងពិរោះរណ្តំណែងណងដែរ ប៉ុន្តែមិនមានកម្រិតឃ្លា ឬល្បះ ឬក៏ចំនួនព្យាង្គជាកំណត់ទេ។
ឧទាហរណ៍៖
មេឃប្រែស្រឡះ ពពកដេរដាសប្រែជាស ស្លឹកឈើប្រែពណ៌ខៀវស្រស់ល្អ ត្រូវជំនោរកំដរបក់រវិចៗ ចាំងរំលេចពន្លឺសុរិយាភ្លឺភ្លេកៗដូចសុវណ្ណ បក្សីទាំងគូៗស្រែកច្រៀងឆ្លើយឆ្លងយ៉ាងរញៀវខ្ញៀវខ្ញា ហោះហើរឆ្វាត់ឆ្លែងប្រឡែងលើវេហា លើព្រឹក្សា ហាក់អបអរជូនពរខ្ញុំនិងនាងកំពុងធ្វើ ដំណើរតាមផ្លូវយ៉ាងសុខមនោរម្យ។
(ដកស្រង់ពីរឿង “មិនទាន់អស់ចង់”)
ប្រវត្តិកំនាព្យខ្មែរ
អត្ថបទពេញលេញនៅ ប្រវត្តិកំនាព្យខ្មែរ
ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀត
បើយើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកដល់យើងសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថាភាគច្រើនសុទ្ធតែជាកំណាព្យកាព្យឃ្លោង ដូចជារឿងរាមកេរ្តិ៍ រឿងទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុចនិងត្រី (។ល។និង។ល។) នេះជាសក្ខីភាពបញ្ជាក់អំពីវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ “ពិរោះត្រចៀក” ជាមធ្យោបាយ ដើម្បីងាយស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បាន ឲ្យទៅដក់ជាប់ចាំជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រកុលធីតារបស់ ខ្លួន។នៅក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅនិងបំពេញតួនាទីដោយឯកឯង(ស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងទម្រង់សិល្បៈដទៃ ទៀតរបស់ខ្មែរយើង ដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី”ភ្លេងការ” របាំប្រពៃណី របាំបុរាណ ល្ខោនស្រមោល(ស្បែកធំ-ស្បែកតូច) ល្ខោនខោល(ល្ខោនពាក់មុខ) យីកេ អាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី(។ល។ និង។ល។)។ ទម្រង់សិល្បៈទាំងអស់នេះត្រូវការកំណាព្យជាចាំបាច់ សម្រាប់ជួយកម្រិតទម្រង់ជួយលើកសម្ផស្សនិងសោភ័ណរបស់ខ្លួន។
ចំពោះ អ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តាច្រើនទៀត ដែលជួយបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនីមួយៗ។ ផ្ទុយទៅវិញទម្រង់សិល្បៈដទៃទៀតក៏បានជះឥទ្ធិពលធំធេងដែរ សម្រាប់បញ្ជាក់អំពីចំណាស់នៃកំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់សិល្បៈខ្មែរដទៃទៀតផង ហើយបើចង់សិក្សាពីទម្រង់សិល្បៈដទៃទៀត ក៏មិនអាចបោះបង់ចោលកំណាព្យបានដែរ។