Hiển thị các bài đăng có nhãn រឿងព្រេងខែ្មរ ភាគ៧. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn រឿងព្រេងខែ្មរ ភាគ៧. Hiển thị tất cả bài đăng

Chủ Nhật, tháng 1 10, 2010

រឿង ដើមចេកជ្វា និង ដើមបាយម៉ាត

ចាស់ បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាប់កូនចៅ មិនអោយដាំដើមចេកជ្វា នៅជិតសំយាប
ផ្ទះព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ៖
ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបរកស៊ីជាកសិករ ។ ក្នុងពេល
មួយដែលជារដូវរាំងឬស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេ នៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកក៏កើតជំងឺអហិវាតរោគរាតត្បាត ពាសពេញបណ្ដាលអោយ
អ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសំបើម។ មិនដំបូង ជំងឺនោះបណ្ដាលឡើងពីសត្វតូចតាចលុះ
យូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំ ៗ រហូតដល់ជីវិតមនុស្សនៅក្នុងភូមិផង គ្មាននរណាអាច
ជួយនរណាបានឡើយ ។ ផ្ទះនិមួយៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និង ពន្លឺភ្លើងប្រទីប ផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរអោយព្រឺក្បាលពន់ពេក។នៅភូមិខ្លះ ដែលរោគនេះមិនទាន់
រាលដាលទៅដល់ អ្នកនិគមជនបទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូត ដូច
ប្រក្រតីឡើយមនុស្សទាំងនោះ មានកាលស្ងប់ស្ងៀម មានទឹកមុនក្រៀមក្រំ ស្រពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវ មិនហ៊ាននិយាយគ្នាកោកកាក ឬ នឹកឈ្មោះទៅកន្លែង ដែល កើតជំងឺចង្រៃទាំងនោះផងទេ។មានថ្ងៃមួយ នៅពេលដែលជំងឺ កំពុងតែបង្កើតឥទ្ធិពលយ៉ាង
ខ្លាំងស្រាប់តែមានទាយកម្នាក់និមន្ត ព្រះសង្ឃ ៤ អង្គ ទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន ។ លុះដល់
ពេលកំណត់ ទាយកនោះក៏មកទទួល ព្រះថេរៈចៅអាវាស ព្រមទាំងភិក្ខុ ៣ រូបទៀត និមន្តទៅដល់
ផ្ទះឧបាសកនោះ ឃើញមានភ្ញៀវយ៉ាងច្រើន។ គេក៏និមន្តព្រះសង្ឃទាំង៤ អង្គឡើងលើផ្ទះ គង់លើ
អាសនៈយ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែ ស្ករ បារី តាមទំនៀម។ បន្ទាប់មក គេនាំគ្នានមស្ការ
ព្រះរតនត្រ័យ រួចអារាធនាព្រះសង្ឃចម្រើន ព្រះបរិត្ត ប៉ុន្តែគេទូលលោកថា ៖ ” សូមលោកម្ចាស់កុំ
សូត្រ ធម៌ករណីយ៍ សូមនិមន្តសូត្ររំលងទៅ វិរូបក្ខេ តែម្ដងទៅ ដើម្បីកុំអោយយូរពេល ។ ព្រះសង្ឃ
ចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងអំពីដើមរៀងទៅលុះដល់ ធម៌រមណីយលោកក៏រំលងចោលទៅសូត្រ
វិរូបក្ខេ តាមពាក្យទាយកបវារណាសុំតែម្ដង។ ក្នុងពេលនោះ លោកសង្កេតឃើញទាយកទាយិកា សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់ ៗ គ្នា ។ ព្រះថេរៈដើរអាសននឹកឆ្ងល់
ថា៖ គេសុំកុំអោយសូត្រ ” ធម៌ករណីយ៍ ” សុំអោយទៅផ្លោះទៅសូត្រ ” វិរូបក្ខេ “តែម្ដង ៖ ឥឡូវសូត្រ
វិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយ បែបដូចជាប្លែក ។ ព្រះថេរៈ នឹកអៀនក្នុងទ័យណាស់ ខ្លាចក្រែង
គេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីយ៍ វិញ ។ លោកទើបតែនឹងចាប់សូត្រ
បាន ៣-៤ ព្រះឱស្ឋ ស្រាប់តែទាយកទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ភ្លើងក៏រលត់ភ្លឹប ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សី យ៉ាង
ញាតស្បាត បារី តែ ស្ករ ទៅជាដុំធ្យូង ដីខ្សាច់ និង កំណាត់ឈើអស់ ។ ទើបព្រះសង្ឃភ្ញាក់ ថាជាបី
សាចក្លែងខ្លួនធ្វើជាមនុស្ស ។ ទំរាំតែព្រះភិក្ខុផងគ្នានៅវត្តដឹងថា៖ លោកគ្រូជាប់ចុងឫស្សី លោកគ្រូ និងព្រះសង្ឃ ៣ អង្គទៀត ត្រូវអត់ចង្ហាន់ ២-៣ថ្ងៃ។ ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោក
ថា៖ “ធម៌ករណីយ៍ ” នេះធ្វើអោយខ្មោចខ្លាចណាស់ ។ ឯធម៌វិរូបក្ខេ ធ្វើអោយខ្មោចសប្បាយទៅវិញ ។ កាលណាស្រុកមិនសូវស្រួល ដោយមានកើតជំងឺដង្កាត់ផ្សេង ៗ មានអាសន្នរោគ អុតជាដើមនោះ គេតែងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ហើយសុំឲ្យលោកសូត្រធម៌ករណីយ៍នេះ ឲ្យបាន ៧-៨ ចប់
ហើយហាមផ្ដាច់ មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូចបានរៀបរាប់
មកខាងលើនេះ ។ ម៉្យាងទៀត បុរាណមានជំនឿថាបើយើងដើរទៅណាមកណាយប់ ហើយបើមាន
ព្រឺរោម ព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីយ៍នេះដែរ ដោយសំអាងថាខ្មោចមិនលង ។និយាយពីបុរស
ដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ។ មកដល់កណ្ដាលផ្លូវគេប្រាប់ថា ៖ អ្នកឯងទៅមិនទាន់បានទេ ព្រោះភូមិអ្នកឯងនោះ កើតជំងឺអាសន្នរោគច្រើនណាស់ មនុស្សអ្នកភូមិស្លាប់គ្មាននរណា កប់នរណា
ទេ ឯប្រពន្ធកូនរបស់អ្នកឯង ក៏ប្រហែលជាស្លាប់ទៅហើយ ឬយ៉ាងណា ក៏មិនដឹង ព្រោះអ្នកភូមិដទៃ ឥតមាននរណាម្នាក់ហ៊ានចូលទៅទេ ។ បុរសនោះដោយសេចក្ដីនឹកប្រពន្ធ-កូនខ្លាំងពេក ក៏ចេះតែ
ចចេសចូលទៅ គាត់ខំធ្វើដំណើរទៅទាំងយប់ ហើងទាំងសស្លើតសស្លក់ផង ។ លុះទៅជិតដល់លំ
នៅខ្លួន មើលទៅឃើញភ្លើងថ្លុក ៗ គ្រប់ផ្ទះដូចប្រក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នក
ស្រុកដែលប្រាប់ពីកណ្ដាលផ្លូវថា ៖ គេនិយាយកុហកខ្លួន ។ប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់ គាត់មាន
សេចក្ដីសង្ស័យដែរ ចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតា ដែលគាត់សន្និដ្ឋានថា ប្រហែលជាស្រុក
មិនសូវស្រួលមែន ទើបស្ងាត់យ៉ាងនេះ ។ លុះទៅដល់ទ្វាររបងផ្ទះ ក៏ស្រែកហៅប្រពន្ធ ពេលនោះ
គាត់ឃើញស្ត្រីម្នាក់ដែលគាត់ស្គាល់ច្បាស់ ថាជាប្រពន្ធរបស់គាត់ រត់មកទទួលយ៉ាងរាក់ទាក់នឹង
គាត់ដូចធម្មតា គ្មានអ្វីគួរអោយសង្ស័យសោះ ។នាងនោះខំប្រញឹកញាប់ ទៅបង្កាត់ភ្លើងដាំបាយ
អោយប្ដីបរិភោគ ប៉ុន្តែនាងហាមប្ដីនាងមិនអោយចូលទៅក្នុងបន្ទប់នាងដេកទេ ឲ្យគាត់សំរាកនៅ
ខាងក្រៅសិនហើយ ។ ប្ដីនឹកឆ្ងល់នឹងឥរិយាបថ ដ៏ចំឡែករបស់ភរិយាណាស់ ដោយគាត់សង្កេត
ឃើញភ្នែកនាងធំ ៗ លៀន ៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធុំក្លិនគំរង់
សាកសព បក់ចេញពីបន្ទប់ដេកមកម្ដង ៗ ផង គាត់ក៏ចង់ដឹង ថាតើមានអ្វីនៅក្នុងបន្ទប់ដេកនោះបាន
ជានាងឃាត់មិនអោយចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធ បន្តិចមក
ឃើញលៀនអណ្ដាតយ៉ាងវែង កេវយកវែក ដែលរបូតពីដៃធ្លាក់ទៅដីមកវិញ ។ ប្ដីដែលចេះតែសម្លឹង
អាកប្បកិរិយាប្រពន្ធកាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួក
បីសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថាមានពួកបី
សាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយនោះភ្លាម ក៏លបចូលទៅវែកមុងក្នុងបន្ទប់ដេកប្រពន្ធ
ខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួន ស្លាប់ស្អុយរលួយ ដង្កូវរុកជ្រិច ។គាត់ថយចេញមកវិញ ហើយ
គិតរកមធ្យោបាយ ដើម្បីរំដោះខ្លួនអំពីកណ្ដាប់ដៃមេបីសាចនេះ ទើបគាត់និយាយទៅកាន់នាងនោះ
ថា ” ឯងដាំបាយអោយឆ្អិនឆាប់ទៅវ៉ី គ្នាអស់កម្លាំងណាស់ គ្នាទៅនោមនៅចុងរានក្រៅផ្ទះឯណោះ មួយភ្លែត ។ ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះ បង្ហូរទៅដី ឮដូចមនុស្សនោម
មែន ។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូ១ អង្គ ចេះមន្តអាគមគាថា ពូកែខាងការពារខ្មោចបិសាច និងអាប់ធ្មប់។ចំណែកនាងបិសាច ឮ សូរប្ដីនោម
យូរពេក នឹកឆ្ងល់ ក៏តាមទៅមើលមិនឃើញប្ដី ក៏មឹករត់តាមក្រោយយ៉ាងលឿន ដល់ពាក់់កណ្ដាលផ្លូវ ឃើញប្ដី។ ចំណែកឯប្ដី រត់មិនទាន់បានប៉ុន្មាន ងាកក្រោយឃើញខ្មោចដេញតាមដឹងខ្លួនថា មើល
ទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត១ដើម ដែលនៅក្បែរនោះ ។ នាងបិ
សាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹង ៗ ក្បែរ ៗ ហើយស្រែកហៅប្ដីអោយចុះមក។
បុរសនោះដឹងថា នាងបិសាចនេះ ពិតជាខ្លាចដើមម៉ាតនេះហើយបានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត១មែក លីដើរសំដៅទៅវត្តទៅ ឯនាងបិសាចពិតមែនតែមិនហ៊ានទៅបុរសប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមពីក្រោយរហូត ។ បុរសទៅដល់វត្តស្ទុះចូលទៅ
កណ្ដាលជំនុំសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះ សង្ឃតាម
ដំណើរ ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថា ក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថា ព័ទ្ធសីមាយ៉ាងស្វាហាប់ ។ ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃ
នោះទេ។ ពិតមែនតែនាងចូលក្នុងកុដិលោក តាមប្ដីរបស់នាងមិនបាន ដោយរបាំងនៃមន្តអាគមគាថា ប៉ុន្តែ នាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលទៅតាមប្ដី។នៅក្បែរកុដិព្រះថេរៈអង្គ
នោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ ។ ទោះបីមន្តអាគមរបស់លោក ក៏ពូកែយ៉ាងណាក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរ ។ លោកព័ទ្ធសីមាបានតែត្រង់កន្លែងណា ដែលធាងចេកជ្វា មិនទៅប៉ះនឹងសំយាបកុដិប៉ុណ្ណោះ ចំពោះ១ ឪកាសក៏ប្រសើរដល់នាងបិសាច នាង
បិសាច ក៏ឡើងតាមដើមចេកជ្វាហើយសួតាធាងចេកនោះ ឆ្លងទៅចូលក្នុងកុដិរបស់លោក កាច់កប្ដី
របស់ខ្លួនសំលាប់ក្នុងពេលនោះទៅ។ព្រោះហេតុដូចមានរឿងនិទានមកនេះហើយទើបបុរាណខ្មែរ
យើងនិយមជំនឿនេះ ហាមប្រាមកូនចៅ មិនអោយដាំដើមចេកជ្វានៅជាប់នឹងសំយាបផ្ទះ គេថាវាដាក់
ខ្លួន ។ ឯដើមបាយម៉ាត ក៏បានជាឱសថសំរាប់ការពារមួយមុខយ៉ាងពូកែ ចំពោះខ្មោចព្រាយបិសាច និងអាប់ធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ ៕

Thứ Bảy, tháng 1 09, 2010

រឿង ដើមកោងកាងនិងឈើទាល

តាម បុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាង ជាឈើមួយពួកនៅតែលើភ្នំ
និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹង មានមាត់អូរ ម្ល៉ោះ
ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះទឹករលើងរលំដើមឈើទាលនោះៗ ស្លាប់អន្តរាយ
អស់។ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងជារាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំ
គ្នាថា៖ ពួកយើងនឹងទ្រាំដុះលើដីទំនាបយ៉ាងនេះ ត ទៅទៀតពុំបាន បើដូច្នេះ យើងត្រូវនាំគ្នាទៅ
និយាយនិងដើមកោងកាង អោយមកដុះនៅលើដីមានសភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមាន
ឬសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន។ លុះជំនុំគ្នាព្រមព្រៀង ហើយ ពពួកដើមឈើ
ទាលទាំងឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក ។ មុនដដំបូងដើមកោង
កាងប្រកែកតែដើមឈើទាលអង្វរថា ៖ បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង យើងរាល់គ្នា នឹងតប
ឧបការគុណអ្នករាលឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរចុះមកនៅតាមមាត់ព្រែក
មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ឯដើមឈើទាល ក៏នាំគ្នាឡើងទៅដុះនៅលើ
កំពូលភ្នំ និងជើងភ្នំវិញ។ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញ
មានច្រើនតែដើមឈើទាលដុះទៅវិញ។ចំណែកឯដើមកោងកាង គេឃើញដុះតែនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ និងមាត់សមុទ្រជាដរាបមក។ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើម
ឈើទាល ជំរុះស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួសជូនដើមកោងកាងនោះឯង។ចំណែកដើមកោង
កាង កាលបើបានទៅដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រ កាលណា តែងទៅ
លបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យកឈើទៅបោះចម្រូង
ពាសពេញ គឺដើមក្លាំពូននេះឯង ដើម្បីមិនអោយដើមកោងកាងចូលទៅលបលួចចែចង់កូនក្រមុំ
ខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនអោយចូលចុះដូច្នោះ ក៏
តាំងបោះស្ពានឆ្លងកាត់ ចម្រូងនោះទៅទៀត ។ ព្រោះហេតុនេះឯង បានជាសព្វថ្ងៃ មានដើមកោង
កាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់ និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូ ដែលដុះឡើងនោះ បើក្រឡេកមើលទៅឃើញវិស័យដូចជាចំរូងមែន ៗ ដោយហេតុដើមនោះ មូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ចំណែកដើមកោងកាងសោតទៀត ក៏មានឬស
វែង ៗ ធំ ៗ ចាក់ស្រេះទៅក្នុងដី-ក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរ មើល
ទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក ឬទឹកជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ៕

រឿង ឆ្កែមើលឃើញខ្មោច

ជាហេតុភេទស្រុក ខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំ គាត់និទានប្រាប់ខ្ញុំថា៖បើឮឆ្កែលូ ឬព្រុសនៅ
ពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករ
ក្នុងពេល យប់ស្រុកភូមិនោះៗច្រើនកើតជំងឺ ពុំសូវមានសេចក្ដីសុខទេត្បិតខ្មោចបីសាចវាដើររាតត្បាត ធ្វើមនុស្ស អោយឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ដំណើរចាស់ៗថាឆ្កែមើល
ឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា៖យូរយារណាស់មួយហើយ មានបុរសម្នាក់ ដើរទៅមើល
គេលៀងមេមត់ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរទីទួលមួយដែលមានព្រៃស៊ុមទ្រុមគេ
កប់ខ្មោចក្នុងព្រៃនោះជាច្រើន។លុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថា”ពូៗផ្ដាំទៅប្រាប់
ប្រពន្ធខ្ញុំអោយមកផង។បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើ
ព្រងើយ ហើយឆ្លើយទៅវិញថា៖
• ប្រពន្ធឯងនៅឯណា ?ខ្មោចឆ្លើយមកវិញថា៖
• ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !បុរសឮហើយ សួរទៅវិញថា៖
• ចុះឯងឲ្យអញប្រាប់ម៉េចបាន?បើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏អោយ
ប្រទាល ប្រហោង គឺថ្នាំសំរាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឲ្យប្រទាលនោះទៅហើយ ប្រាប់ទាំង
ឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហោងនោះហើយ មើលឃើញខ្មោចនៅពេញ
តែព្រៃ គាត់ចេះតែដើរទៅ ៗ គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរទៅតម្រង់ទៅរកផ្ទះដែលគេលៀង
អារក្ស លុះដល់ផ្ទះនោះហើយ គាត់ឃើញខ្មោចស្រី ៗ កំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញ ជាច្រើនគ្នាណាស់។បុរសនោះ ស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមកហើយបោយដៃហៅចំពីមុខ និយាយថា៖
• ប្ដីហងអោយទៅអោយឆាប់ ព្រោះកូនយំខ្លាំងណាស់!ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនេះមើលអញ
ឃើញទើបដើរសំដៅទៅហើយឆ្លើយថា៖
• ចុះអ្នកឯងមើលយើងឃើញ ?បុរសនោះ ក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា៖
• នេះប្រទាលដែលប្ដីហងអោយអញ បានជាអញឃើញ។ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយកប្រទាលប្រហោងនោះ បុរសចេះតែស្រែកអោយគេឯងជួយប៉ុន្តែអ្នកទាំងអស់
មើលទៅពុំឃើញ ជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម៉្លោះហើយគេនាំគ្នាទៅ
ជាស្រឡាំងកាំង រកជួយមិនកើត ។លុះប្រវាយប្រតប់គ្នាមួយសន្ទុះធំ បុរសក៏ចង់រសាយដៃ ក៏របូត
ប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះ ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់
លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយ បានជាឆ្កែមើលខ្មោចឃើញ។ដោយសារមានរឿង
និទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវា
ឃើញខ្មោចដើរ មួយវិញទៀត មានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាល
ប្រហោងដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេងៗ ៕

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ

រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីកុដុម្ពិកម្នាក់មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយ
មានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ព្យាយាម មិន
មានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនកាន់តែធំ ចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុក-ម្ដាយ
ប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ុ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុក
ម្ដាយពុំបានដឹងសោះ។តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួន លុះជ្រូកនេះមានវ័យ
កាន់តែចម្រើនធំឡើង ៗឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូក
ប៉ុណ្ណោះ។ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឲ្យគិតគូរកប្រពន្ធអោយ
ខ្លួន។ ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ កូនអើយ! ឲ្យម្ដាយ
ឮ-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ។
សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើង
មានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក-ម្ដាយទៅរកស្ដីដណ្ដឹងកូនគេនោះ ឪពុក-ម្ដាយទាល់
ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាម៉េចអោយមកវិញ ឯងគ្មាន
ផ្លូវដោះការនេះឪពុក-ម្ដាយខ្មាសគេណាស់ ។ បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ។ជ្រូកឆ្លើយថា
ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯង
ហើយ!មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកប្ដីប្រពន្ធ
ស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​ ចំណែកជ្រូកនោះវិញ មុននឹងធ្វើ
ដំណើរចេញទៅ ក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថា ៈ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតា
ជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជា
ច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូល
ទៅជិតសួរថា ៈ-លោកយាយ ដើររកអ្វី ?បានឬទេ?យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអា
ណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៈ-យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!ជ្រូកសួរទៀតថា
-យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូនប៉ុន្មាននាក់?យាយឆ្លើយប្រាប់ជ្រូក
ថាៈ-ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូន
ស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។ជ្រូកឮយាយប្រាប់ថាមានកូន
ក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំ
ទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វ ចេះភាសាមនុស្សពីរោះ
ល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវា
ព្រម អញគួរតែផ្សំផ្គុំវាហើយ។ទើបគាត់ប្រាប់ជ្រូកវិញថាៈ ចៅឯងជួយរកដំឡូងបន្តិចទៅ។ជ្រូកចូល
ព្រៃភ្លាម ស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មុសដី បានមើមដំឡូងគរជាច្រើនគំនរ យាយចេះ
តែតាមរើសដាក់កញ្ជើ រ មានទាំងដំឡូងខ្មុង អខ្យា ត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់
មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ។ជ្រូក
បង្គាប់ យាយ អោយលើកកញ្ជើរដំឡូង ដាក់ខ្នង ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ។
ឯកូនក្រមុំទាំងពីរនាក់ បានឃើញម្ដាយមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញអោយ
ជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងជ្រូក ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរ
ថាៈ ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ?។ ម្ដាយក៏ប្រាប់សព្វគ្រប់។ លុះនៅបន្តិចទៅនោះ កូនស្រី
យាយនេះ និងចៅជ្រូក ក៏ដឹងចិត្តគ្នា ស្និទ្ធស្នាលពេលទៅរកដំឡូង ក៏ទៅជាមួយគ្នា ។ យាយម្ដាយ
ដឹងថាកូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាងបងនាងប្រ
កែក លុះសួរទៅនាងប្អូន នាងឆ្លើយថាៈ-ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅនរណា ខ្ញុំចេះតែតាម។យាយ
បានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏អោយដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់
ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូរជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។ យាយក៏
ចាត់ចែងអោយបានជាលំនៅឋាន ឲ្យកូននៅដោយខ្លួនជាដរាបទៅ ។ បានប្រមាណជាកន្លះខែ នៅ​
ស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាង ទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរ
ឆរ។នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែចៅជ្រូកថា
” ឲ្យប្អូនឯងមើលចុះ បងចាំនៅផ្ទះ”។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅ
ជ្រូកនេះវិញ ដឹងថា នាងភរិយាចេញ ទៅឆ្ងាយហើយ ក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូត
រូតអោយលឿន ទៅដល់ទីនោះមុននាងពៅ ។ ដល់ហើយ ក៏ចូលទៅលេងភ្លេង ជាមួយគេ ចេះបទ
បែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លងនោះដែរ។លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង នាងពៅត្រ
ឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរ ទៅអោយដល់ផ្ទះមុនប្រពន្ធហើយចូល
ទៅស្រោមវិញដូចដើម។លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា ” អូនទៅ
មើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ?” ។ នាងពៅក៏រាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាង
ប្រាប់ថា ” មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាត់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នា”។ជ្រូកសួរបញ្ជាក់ថា” អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវ
ក្រហមមែនឬទេ? ” ប្រពន្ធឆ្លើយថា ” ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនឹងគេដែរ
ឬ ?ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។តាមពិត ចៅជ្រូក និង នាងពៅ​ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែ
សំដីនឹងសំដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀត អ្នកស្រុក
ផ្អើលអ៊ូអរ ទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាត
ឥតថាអ្វីឡើយ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាល
ពីយប់មុនទៀត ។ កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ អោយទាន់ប្រពន្ធ
មកដល់ផ្ទះ។ លុះប្រពន្ធមកដល់ ក៏សួរប្រពន្ធទៀតថា ៈ-ម៉េច អូនទៅមើលល្ងាចនេះ ល្អមើលទៀត
ទេ?-ថ្ងៃនេះ ល្អប្លែកពីថ្ងៃមុនទៅទៀត។ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅវិញថា ៈ-អ្នកដែល
លេងល្អជាងគេនោះ គឺបុរសស្លៀកពាក់សំពត់ខៀវ ពាក់អាវសមែនទេ?នាងនោះឆ្ងល់ណាស់ ក៏សួរទៅ
ប្ដីថាៈ-ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏
អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម
ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។ ចំណែកនាងភរិយានាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះ
ប្ដីនេះណាស់ នាងបានទៅតែបន្តិច ក៏វិលមកលបចាំឃ្លាំមើល ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយ
មានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងរបាំ ដែលនាងសរសើរថាល្អនោះ។ នាងស្ទុះប្រញាប់ទៅ
ចាប់ឃាត់ប្ដី មិនឲ្យចូលទៅក្នុងស្រោមវិញឡើយ ហើយនាងអង្វរប្ដី កុំឲ្យចូលទៅក្នុងស្រោមវិញ ។ ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសុំអោយនាងរក្សាទុកស្រោមនោះ ឲ្យបានស្រួលបួល ។ នាងពៅយកស្រោមនោះទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដីហើយក៏ នៅសុខសាន្តជាមួយគ្នា
រៀងរហូតមក។ពេលមួយនៅប្រទេសនោះឥតមានស្ដេច ពួកសេនាសេវកាមាត្យក៏នាំគ្នាធ្វើពិធីផ្សងរក
អ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រង់រាជ្យ។តែពេននោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺ សុសសាយ
ទៅគ្រប់ទិសទីពពួកសេវកាមាត្យ ក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះអោយឡើងគ្រងរាជ្យ គ្រប់
គ្រងប្រទេសតទៅ។លុះបានគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ។កុដុម្ពិករំភើបស្លុត ក្នុងចិត្ត ហើយតាំងរៀបចំទទួល
ព្រះរាជា ស្ដេចសួរអំពីដំណើររឿងដើម មានកូនប្រុស-ស្រីប៉ុន្មាននាក់។ សេដ្ឋីក្រាបទូលថាៈ ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់
ណាស់។ ពេលមួយ កូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេ កូននោះក៏
ស្រាប់តែដើរបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ ” ។ស្ដេចជ្រាប ព័ត៌មាន
នេះហើយ ក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពិកដឹងសព្វគ្រប់។កុដុម្ពិកត្រេកអរ ណាស់ ក៏នាំគ្នា
ឪបព្រះរាជា សរសើរបុណ្យបារមី ។ ព្រះរាជាត្រាស់បញ្ជាអោយកុដុម្ពិកទាំងភរិយាស្វាមីទៅ
រស់នៅឯរាជ វាំង ។ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ ព្រះអង្គទ្រង់អនុញ្ញាតអោយមក
នៅវាំងដែរ។ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោស
ដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាអោយក្រុម
ហោរា យកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយ ជាឆ្នាំទី១២ ឲ្យសំគាល់ថា ឆ្នាំកុរនោះជានាម
សត្វជ្រូក។នេះជារឿងព្រេង ជ្រូកបានឡើងជាឈ្មោះឆ្នាំ ៕

រឿង តាដក់ជាន់កូនក្រួច

សត្វតាដក់បានជាមានក្បាលទំពែកព្រោះហេតុត្រូវសត្វដទៃទៀតខោកថងទាល់តែរបើករុះសក់អស់ដូច
មានសេចក្ដីនិទានតទៅនេះរឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយ ដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថានដោយសារខ្លួនជរាបន្តិចទៅផងម៉្លោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវឬមើលសត្វតូច
តាចក៏ពុំសូវឃើញ។តាដក់ដើរទៅៗស្ទើរដាច់សង្វែងក៏ទៅជាន់កូនក្រួចដែលពួនជ្រកនៅក្នុងគុម្ពត្រែង
ស្លាប់បង់ជីវិតទៅ។មេក្រួចក្ដៅចិត្តខ្លាំងណាស់តែមិនដឹងធ្វើដូចម្ដេចព្រោះខ្លួនតូចតាចពុំហ៊ានតវ៉ាជាមួយ
តាដក់ដែលមានមាឌធំជង្គ្រោងនោះឡើយ។មេក្រួចដើរស្វែងរកសត្វណាមួយដែលស្លូតបូតមានគតិទៀង
ទ្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបានខ្លួននឹងនាំរឿងទៅប្ដឹងសត្វនោះឲ្យជួយជំរះក្ដីសំរាលខ្លួន។គ្រានោះក្រួច
ដើរទៅជួបសត្វគីង្គក់គីង្គក់ស្រែកសួរថាៈអើ!បងក្រួចទៅណាមកណា?ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរ
ណាស់ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្តប្រាប់គីង្គក់សព្វគ្រប់។គីង្គក់ក៏កោះហៅតាដាក់មក
សួរថាៈតាដក់!ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ?តាដក់ឆ្លើយថាៈបានជាខ្ញុំជាន់
កូនក្រួចព្រោះខ្ញុំភ័យដោយមកពីខ្ញុំឃើញសត្វក្រសាវាហូតដាវខ្វាកៗខ្ញុំនឹកថាប្រហែលជាមានសត្រូវមក
ដល់ទើបបានខ្ញុំស្ទុះម្នីម្នាមិនឃើញទៅជាន់កូនក្រួចដូច្នេះគីង្គក់ក៏ហោះហៅសត្វក្រសាមកទៀតហើយសួរ
ថាៈ-ចុះហេតុអ្វីបានជាក្រសាឯងហូតដាវនាំអោយតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង? ក្រសាឆ្លើយថាៈបានជានាំគ្នាលើកទ័ពព្រោះខ្ញុំឮត្លុមវាវាយស្គរខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់
ហើយបានខំនាំគ្នាលើកពលរេហ៍ទៅរង់ចាំការពារនឹងសត្រូវនោះ។ គីង្គក់កោះហៅសត្វត្លុមមកដល់ទៀត
ហើយសួរថាៈចុះមានហេតុអ្វីបានត្លុមឯងវាយស្គរអោយផ្អើលគេឯងយ៉ាងនេះ?ត្លុមឆ្លើយថាៈបានជាខ្ញុំវា
យស្គរពីព្រោះខ្ញុំឃើញទុងវាលយសំពៅខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ
។គីង្គក់កោះហៅសត្វទុងមកសួរទៀត។ទុងឆ្លើយថាៈធម្មតាខ្ញុំក៏រកស៊ីលើគោកដែលប៉ុន្តែពេលនេះបានជា
ខ្ញុំម្នីម្នានាំគ្នាលយសំពៅប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះពីព្រោះឃើញតាដក់វាស្ពាយយាមហើយក៏ស្មាន
ថាមានអាសន្នមកដល់ហើយ!អ្នកទាំងអស់គ្នាក៏ហ៊ោរគឹលឡើងស្រែកព្រមគ្នាថាៈទោសនេះមកពីតាដក់
ខ្លួនឯងនេះទេតើ!គីង្គក់សួរយោបល់សត្វទាំងថាតើយើងត្រូវដាក់ទណ្ឌកម្មតាដក់បែបណា។សត្វទាំងអស់
តបថា”ត្រូវនាំគ្នាខោកថងក្បាលវាអោយវារាងចាល!”ថាហើយសត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់
គ្រប់ៗ គ្នាទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលដែរ ទាល់តែរោមក្បាលតាដក់រុះអស់ ទំពែករហូតសព្វថ្ងៃ ៕

រឿង បក្សីលៀងអរក្ខ

នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយកើតចលាចលដោយសារសត្វផងគ្នាមានជំងឺហើរដើរស្វែងរក
មេមត់មកជួយមើល។កេរកាលនោះមានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយ
ព្រាបចេះត្រូវថ្ងូររហ៊ឹះសុំអោយគេជួយ។ត្រង់នេះហើយដែលនាំអោយព្រាបជាប់យំថ្ងូររហូតដល់
សព្វថ្ងៃនេះ។ព្រាបយំថ្ងូរខ្លាំងយ៉ាងនេះ ក៏ផ្អើលទៅដល់សត្វដទៃទៀត មកជួយមើលឈូរឆរ ។
ក្នុងបណ្ដាអ្នកដែលមកជួយនោះ មានសត្វខ្លះក៏ជួយឈឺឆ្អាល តែមានសត្វខ្លះទៀត ត្រឡប់ជា
បញ្ជោះបន្សោក បន់ផ្ដន្ទា អោយព្រាបទៅវិញ ហេតុនេះបានជាមានសម្រែកសត្វប្លែក ៗ គ្នាតាម
ភាសាវា គឺខ្លះស្រេកជួយឈឺឆ្អាល និងខ្លះទៀតស្រែកផ្ដន្ទា៖មាន់ ទា ក្អែក ស្រែកផ្ដន្ទា
• ក្អែកស្រែកថា ៖ ” ងាប់ឥឡូវ ! ងាប់ឥឡូវ ! ងាប់ឥឡូវ! “
• (ត្រង់នេះហើយ បានជាក្អែកនៅជាប់ស្រែកថា ៖ឡូវ ៗ នៅដល់សព្វថ្ងៃ)
• មាន់ស្រែកថា ៖ ” ចប ! ចប ! “បានន័យថាអោយរកចបមកបម្រុងចាំ់គប់ខ្មោចព្រាបតែ
ម្ដងទៅព្រោះព្រាបនេះ វានឹងស្លាប់ឥឡូវហើយ។នេះជាពាក្យបញ្ជោះ ព្រោះមាន់ចង់អោយព្រាប
ស្លាប់ចុះ។• ទាស្រែកបន្ថែមតាមក្រោយមាន់ថា ” កាប់ ! កាប់! កាប់! “ព្រោះថាបើព្រាបស្លាប់
ហើយ មាន់ឲ្យគេរកចបហើយនោះ ត្រូវកាប់ដីកប់វាតែម្ដងទៅ។ក្រៅពីសត្វដែលផ្ដន្ទាឲ្យព្រាប
ស្លាប់ នៅមានសត្វដែលជួយសង្គ្រោះព្រាបច្រើនទៀត។នៅពេលនោះ សត្វរលកស្រែកថា ”
រ៉កគ្រូ ! រ៉កគ្រូ ! ” តែសត្វដទៃទៀតជំនុំគ្នាថា ត្រូវទៅរកមេមត់ អោយជួយសង្គ្រោះជីវិតសត្វ
ព្រាបវិញប៉ុន្តែរូបមេមត់នោះនៅឆ្ងាយណាស់ ហើយពេលនេះជារដូវវស្សាមានទឹកជោរជន់
លិចវាលល្ហល្ហាចផង។បើនឹងធ្វើដំណើរទៅ តោងតែរកទូកក្ដារច្រវាចែវទើបបាន ម្ល៉ោះហើយ
ពួកសង្គ្រោះទាំងនោះ ម្នីម្នាស្រេកកកោកកកាករកប្រដាប់ទាំងនេះលាន់ទ្រហឹង៖អាអូត ស្រែក
ថា ៖”ទូក ! ទូក ! ទូក”មាន់ទឹកស្រែកថា ៖” ច្រវា ! ច្រវា ! ច្រវា !”ប្រវឹក និង ស្មោញ នាំគ្នាបាចទឹក
ចេញពីទូកឮសូរខ្វក់! ខ្វក់ ! ខ្វក់ !រួចហើយគេក៏ចេញទូក ដឹកនាំទាំងព្រាប ដែលជាអ្នកជំងឺនោះ
ឆ្ពោះទៅលំនៅមៀមជារូបមេមត់។ ទំរាំទៅដល់ ជាពេលពន់ព្រលប់សត្វមៀមរូបមេមត់យកសត្វ
ទីទុយជាស្នំគឺជាអ្នកនិយាយលួងលោមរូបមេមត់។បណ្ដាសត្វដែលមានសំរែកផ្សេងៗ គ្នាក៏ប្រជុំ
គ្នាធ្វើជាវង់ភ្លេងអារក្សមួយវង់ ដើម្បីបញ្ជាន់រូបមេមត់នោះ គឺ ៖ សត្វត្លុមធ្វើស្គរ សារិកាកែវធ្វើ
ទ្រល្វាចេកធ្វើប៉ី ត្រសេះវាយក្រាប និងទន្ទេបជាអ្នកច្រៀង។លុះនាំគ្នាធ្វើត្រាប់បទភ្លេងបានមួយ
ចប់ហើយ ទីទុយជាស្នំ ចាប់ផ្ដើមសួរឡើងថា ៖ទីទុយពើតពើងកូនយើងជាទេ ?ទីទុយពើតពើង!
កូនយើងជាទេ? មៀមដែលជារូបមេមត់ពុំមាន​ស្ដីថាអ្វីសោះ រឹតតែបើកភ្នែកធំឡើងៗ លុះទីទុយ
នៅតែសួរដដែលៗ ពេកក៏ឆ្លើយតែមួយម៉ាត់ថា៖លៀងលៀង ! ឮដូចនេះ គ្រលីងគ្រលោងក៏ស្រែក
ឡើងថា៖“ជាក៏លៀង មិនជាក៏លៀង !” ជាក៏លៀងមិនជាក៏លៀង”លុះចាប់ពិធីបញ្ជាន់រូបមេមត់
រួចហើយ សត្វទាំងអស់ក៏នាំគ្នាវិលមកកាន់កំពង់ ដើម្បីឆ្លងត្រឡប់មកកន្លែងខ្លួនវិញ ។ មកដល់
កំពង់រកទូកពុំឃើញ ក៏បង្កូកហៅរកគ្នា ក្រែងមានអ្នកណាយកទូកទៅអុំលេង ស្រាប់តែមានសត្វ
មួយស្រែកឆ្លើយពីត្រើយម្ខាងមក ថា” គូក ៗ ! ។ “គេក៏នាំគ្នាដាក់ឈ្មោះ សត្វនោះថា សត្វគូក ៗ
រហូតដល់សព្វថ្ងៃ។ចំណែកសត្វក្អែកដែលជាសត្វផ្ដន្ទាអោយព្រាបស្លាប់តែត្រឡប់ជាមិនស្លាប់វិញ ដោយបានទីទុយ មៀម គូក ជួយយកអាសានោះ ក៏ប្រកាន់ស្អប់សត្វទាំងនោះ តែកាលណាឃើញ
សត្វទាំងនេះហើយ តែងតែព្រួតគ្នាដេញចឹកព្យាបាទ ជាប់រហូតដល់សព្វថ្ងៃនេះ ៕

រឿង សត្វប្រឡាំងកាស

កាល ណាគេឃើញសត្វប្រឡាំងកាស គេតែងនឹកឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះ គឺតែឃើញញី
ក៏នឹងឃើញឈ្មោល​​រស់នៅជាប់លើខ្នងញីនោះជាដរាប ។ ដូចនេះ ទើបមានពាក្យគេចំអន់គ្នាលេង
ចំពោះមនុស្សប្រុសដែលខ្ជិលរកស៊ី រស់តែដោយសារស្រីថា ”កុំធ្វើដូចសត្វប្រឡាំងកាស”។ ចំពោះ
ការរស់នៅដ៏ចំឡែករបស់សត្វនេះមានរឿងព្រេងបរម្បរានិទានដូចតទៅនេះ ៈកាលនោះ មានក្សត្រ
មួយព្រះអង្គ ទ្រង់មានអគ្គជាយាប្រកបដោយរូបឆោមលោមពណ៌ល្អស្រស់ តែព្រះអង្គ ពុំមានព្រះរាជ
បុត្រសោះ ។ ថ្ងៃមួយព្រះអង្គទ្រង់ហៅហោរអោយចូរមកគន់គូរ ដើម្បីរៀបពិធីយ៉ាងណាឲ្យបានព្រះ
រាជបុត្រមួយ ។ ហោរាចូលថ្វាយទំនាយ សុំព្រះអង្គរៀបពិធីពលិការបួងសួងចំពោះទេពតា ដើម្បី
សុំបុត្រ ដោយមានរៀបចំគ្រឿងសក្ការៈបូជាជាឧឡារិកផង។ ដោយសារ ឫទ្ធានុភាពនៃការបួងសួង
នេះ ព្រះក៏បានព្រះរាជបុត្រាមួយព្រះរាជឱរសនោះ ប្រកបដោយរូបឆោមស្អាតបាតល្អណាស់ គួរជា
ទីសព្វព្រះហឫទ័យ នៃព្រះវររាជបិតា-មាតាយ៉ាងក្រៃលែង ។ លុះព្រះអង្គបានព្រះជន្មាយុ ៧ ឆ្នាំ
ហើយមានពេលមួយនោះ ព្រះវររាជមាតា ទ្រង់ភ្នកព្រះរាជហឫទ័យ ចង់នាំព្រះរាជបុត្រាចេញទៅ
ក្រសាលក្នុងឧទ្យាន។ព្រះនាង ក៏ថ្វាយបង្គំលាព្រះស្វាមី នាំព្រះរាជបុត្រាចេញទៅដោយមានព្រះរាជ
បរិពារហែហមផង។ជាគ្រោះអាក្រក់ ពេលនោះមានគ្រុឌមួយ ហិចហើរដើរស្វែងរកអាហារសព្វទិសទី ស្រាប់តែមកបន្ទះឃើញឧទ្យាន ដែលមានមនុស្សអ៊ូអរនោះ សត្វគ្រុឌចង្រៃ ក៏ចុះមកឆាបឆក់ពាំយក
ព្រះកុមារ ពីកណ្ដាលចំណោម មនុស្សនោះទៅ ។ ព្រះវររាជមាតា ទ្រង់រន្ធត់ស្លុតព្រះទ័យយ៉ាងខ្លាំង ដោយនឹកស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យ។ ព្រះនាងនាំបរិពារតាមមើលសត្វចង្រៃ ដែលពាំយក
ព្រះរាជបុត្រទៅនោះឃើញថា វាហើរឆ្លងសមុទ្រយ៉ាងឆ្ងាយដាច់កន្ទុយភ្នែក។ លុះអស់សេចក្ដីសង្ឃឹម
ហើយព្រះនាងទ្រង់យាងត្រឡប់ នាំទាំងព័ត៌មានយ៉ាងក្រៀមក្រំនេះ ទៅថ្វាយព្រះស្វាមីវិញ។ ព្រះអង្គ
វិតក្កក្រៃលែងណាស់ ក៏ចាត់ចែងអោយរកហោរាមកគន់គូរ អំពីជោគវាសនានៃព្រះរាជបុត្រា ។ ហោរ
បានថ្វាយទំនាយថាៈ ព្រះរាជកុមារ មិនទាន់អស់ព្រះជន្មទេ សត្វនេះនឹងត្រូវអាក់ដំណើរនៅពាក់
កណ្ដាលផ្លូវ ជាមិនខាន ។ក្រោយពីបានជ្រាបព័ត៌មាននេះហើយ ព្រះរាជាទ្រង់អោយធ្វើភេរីចរណ៍
ប៉ាវគងឃ្មោះរកអ្នកខ្លាំងពូកែ មានឫទ្ធិអាចឆ្លងសមុទ្រ ទៅតាមយកព្រះរាជកុមារ អោយបានអំពីគ្រុឌ
មកវិញ ។ គ្រានោះ គ្មានមនុស្សណាម្នាក់ហ៊ានធានាខ្លួន ជួយយកអាសាព្រះអង្គសោះ នាំអោយពួក
ភេរីចរណ៍ ចេះតែដើរទៅៗ រហូតដល់មាត់សមុទ្រ ពេលនោះស្រាប់តែ នាងណាំក្រឹះ ដែលរស់នៅ
ត្រង់ឆ្នេរសមុទ្រនោះ ក៏មកប្រាកដខ្លួនចំពោះព្រះរាជបម្រើ ហើយសុំធានាខ្លួនទៅតាមយកព្រះរាជ
កុមារអោយទាល់តែបាន។ក្រុមរាជបម្រើ ក៏នាំដំណឹងនេះ ទៅថ្វាយព្រះរាជា ព្រះអង្គទ្រង់ថ្លែងអំណរ
ពន់ប្រមាណ ចំពោះនាងណាំក្រឹះ ដែលមានសេចក្ដីក្លាហានអង់អាចហើយ ព្រះអង្គទ្រង់សន្យាថា នឹងប្រោសព្រះរាជទានទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្ដីកលា ហានរបស់នាង នៅពេលនាង
យកបានព្រះរាជបុត្រាមកវិញ។នាងណាំក្រឹះ ក៏ថ្វាយបង្គំលាព្រះរាជាចេញទៅ។ថ្លែងពីសត្វគ្រុឌដែល
ពាំយកព្រះរាជកុមារនោះទៅលុះឆ្លងផុតសមុទ្រ មួយទៅ បានទៅដល់កោះមួយ ក៏ប្រទះនឹងខ្យល់
ព្យុះបោកបក់យ៉ាងខ្លាំងវីវក់ ធ្វើអោយសត្វនោះរបូតជ្រុះព្រះរាជកុមារពីមាត់ ធ្លាក់ទៅលើធ្នារខ្សាច់នោះ ទៅតែព្រះរាជកុមារនៅគង់ព្រះជន្មានៅឡើយ គ្រាន់តែសន្លប់បាត់ស្មារតី។ ក្រោយដែលបានត្រូវទឹក
សន្សើមអស់មួយយប់ ព្រះអង្គក៏មានព្រះស្មារតីឡើងវិញ ។ គ្រុឌមិនអស់ចិត្តទេ នឹងជ្រុះអាហារពី
មាត់ ចេះតែខំហើរឆ្វែលរកត្រង់កន្លែងដែលជ្រុះធ្លាក់នោះ ប៉ុន្តែជាភ័ព្វល្អ វារកមិនឃើញសោះ។
ចំណែកនាងណាំក្រឹះ ក្រោយពីបានស្ដាប់ដំណឹង ពីពពួកអ្នកដែលបានឃើញ ចង្អុលបង្ហាញផ្លូវទៅ
ទិស ដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនបង្អង់ឡើយ។នាងត្រេចទៅដល់កោះ នោះ ស្រាប់តែ
ក្រឡេកទៅឃើញព្រះរាជកុមារនៅតែឯងកណ្ដាលធ្នារខ្សាច់។ នាងណាំក្រឹះប្រញាប់ប្រញាល់ចូលទៅ
និយាយទូលតាមដំណើរ អោយព្រះរាជកុមារស្គាល់ខ្លួននាងរួចក៏នាំព្រះរាជកុមារអោយតោងក ហែល
ឆ្លងសមុទ្រត្រឡប់មកនគរវិញ។លុះមកដល់ពាក់កណ្ដាលសមុទ្រ ដោយរលកទឹកវាយខ្លាំង កន្ទុយ
ក្បិនក៏របូត នាងងាកស្រវាចាប់ទាញក្បិន ព្រះរាជកុមារក៏ឈ្លក់ក្នុងទឹក ដល់ក្ស័យព្រះជន្មទៅ ។ នាងណាំក្រឹះភ័យជាខ្លាំងណាស់ ណាខ្លាចព្រះរាជាយកទោសណាស្ដាយព្រះរាជកុមារផង នាង
ក៏អត់ដង្ហើមស្លាប់ក្នុងពេលជាមួយគ្នានោះ ទាំងព្រះរាជកុមារតោងកជាប់ទៅផង។ អ្នកទាំងពីរក៏ក្លាយ
ខ្លួនទៅជាសត្វប្រឡាំងកាសរហូតមក បានជាសត្វនេះ ឈ្មោលមានខ្លួនតូច រស់នៅតែលើខ្នងញី ពឹងប្រស្រ័យចិញ្ចឹមជីវិតដោយសារញីមកទាល់សព្វថ្ងៃ។គេច្រើន និយាយថា សត្វប្រឡាំងកាសឈ្មោល តែធ្លាក់ពីលើខ្នងញី វានឹងស្លាប់ ៕

រឿង ដើមរលួសមាស

រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចំឡែកត្រង់ដើមនេះគ្មានផ្កាទេ គេដាំយកលំអត្រង់
ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូង ពណ៌ស មាន​សណ្ឋានដូចចម្ប៉ាអស់រយៈ ២-៣ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅ ដូចផ្កាក្ងោក លុះបាន៣-៤ខែ​
តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មជាតិវិញ ។ ដោយសារតែចេះ
ផ្លាស់ប្ដូរពណ៌ ល្អមើលប្លែកពីដើមឈើដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំដើមរលួសមាស
នេះនៅពីមុខផ្ទះ ឬ ក្នុងសួនសាធារណៈ ផ្សេងៗ​។​ មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានរឿង​ព្រេង​ជាប្រវត្តិដើមរុក្ខជាតិនេះយ៉ាងកម្សត់ នាំអោយអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះ មានសេចក្ដីដំណាលថា៖ មានបុរសម្នាក់ ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវ​
កេសី មានកូនស្រីម្នាក់ឈ្មោះ នាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សំរាកត្រួតត្រា
លើប្រជារាស្ត្រទូទៅ ។មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ី​ធ្វើស្រែក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតបុត្រប្រុសមួយនៅក្នុងស្រែក ដែលនាងកំពុងច្រូតស្រូវ អ្នកផងទាំងពួង ដែលនៅចាំស្រូវស្រែផងគ្នា ក៏អោយឈ្មោះកូននោះ
ហៅថា ចៅកុដុម្ពីក៍កុមារ ។កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការ បានអាយុ ១៦ ឆ្នាំ ក៏ប្រកប
ដោយរូបឆោម យ៉ាងឆើត គួរជាទីចាប់អារម្មណ៍នៃស្រីផងទាំងពួង ។ ឯនាងកុលកេសី ជាបុត្រី
កុល្លីយបុរស ក៏មានសំរស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នា នឹងគ្នា រហូតទាល់តែដាច់ចិត្តនាំគ្នារត់ចេញពីស្រុកកំណើតដោយខ្លាចឪពុក ម្ដាយទាំងពីរខាងធ្វើទោស។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផង កាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរអោយភ័យខ្លាច ទាំង
យប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅមួយ ជាជនបទដាច់ស្រយាលឈ្មោះ កាសី ។
អ្នកស្រុកកាសីនេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ ម្នាក់ ៗ គិតតែពីលួចប្លន់
កាប់សំលាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ។ បើគេទៅមើលក្នុងផ្ទះជនទាំងនោះគេឃើញ
តែកន្សែងយន្ត-មន្ត-អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូល​ដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍ និង នាង កុលករសី បានទៅដល់ស្រុកនោះភ្លាម
ក៏ត្រូវពួកចោរហនេយ្យុំ ចាប់កុដុម្ពីក៍បាន ប៉ុន្តែបាននាងកុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅ
អោយមេស្រុក ដើម្បីសុំអង្វរអោយមេស្រុកជួយយ៉ាងណា អោយពួកចោរដោះលែងនាងមកវិញ។ មេស្រុកបានទៅនិយាយ និងក្រុមចោរដោយសំអាងថា ៖ ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងអោយកុដុម្ពីក៍រួចខ្លួន ហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានសុំលោកមេស្រុក និង
ប្រពន្ធគាត់ធ្វើជាឪពុក-ម្ដាយធម៌ ។ មេស្រុក និងប្រពន្ធគាត់ ត្រេកអរណាស់ព្រោះគាត់គ្មានកូន បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារ និងជាអ្នកទទួលមត៌កផង ។គាត់ស្រឡាញ់
កុដុម្ពីក៍ និង នាងកុលកេសី ទុកដូចជាកូនបង្កើត។ មិនយូរប៉ុន្មាន មេស្រុកនិង ភរិយា ក៏ស្លាប់
ទៅ ។ កុដុម្ពីក៍ និងនាងកុលកេសី ក៏ ទទួលមត៌កអំពី ឪពុក-ម្ដាយធម៌ បានឡើងជាមេស្រុក
ជំនួសឪពុកម្ដាយ។ចាប់ពីថ្ងៃនោះ កុដុម្ពីក៍ និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ
ចេញមុខចេញមាត់ មានខ្ញុំកំដរ ស្រី ប្រុសបម្រើឆ្វេងស្ដាំ ឥតខ្វះ ទាំងក្រុមចោរ ដែលធ្លាក់តែរក
ស៊ីលួចប្លន់ ក៏បាក់បបខ្លបខ្លាច លែងរកស៊ីលួចប្លន់ដូចមុនទៀតត្រឡប់មករកស៊ីតាមធម្មតាវិញ។
តមក កុដុម្ពីក៍ បាននាមថា៖ កុលកដិកុដុម្ពីក៍សេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន។
កុលកោដិកុដុម្ពីក៍សេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា។
នាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាងក៏ប្រកប​ដោយរូបឆោមយ៉ាងស្រស់ឆើតឆាយលើសកុមារិកាឯទៀត ៗ ក្នុងស្រុក ហើយនាងមានចិត្តជា
ទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសំរេចយ៉ាងនោះដូចប្រាជ្ញា។លុះនាងកុមារី មានព្រះជន្ម
៧វស្សា មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ ឈ្មោះនាងកាឡីមានកូនស្រី ២នាក់ គឺ ៖ នាងចន្ទី
និង នាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡិនេះមានបងស្រីម្នាក់ទៀត
ឈ្មោះកាឡីនីយា ។មេកាឡីជាស្រីមេម៉ាយ មានចិត្តសាវ៉ា នឹកចង់បានប្ដី ដោយបានឮល្បីថា ៖ កុលកោដិកុដុម្ពិក៍សេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីក៍សេដ្ឋី
ព្រមស្នេហាជាមួយដោយភ្លេចដល់នាងកុលកេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយ ក៏ច្រណែនឈ្នានីស ចាក់រុករក​រឿង​លើកដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន់អន្ធការផ្សេងៗ រៀងរាល់​
ថ្ងៃ មិនចេះឈប់ឈរសោះទាល់តែ កុលកោដិកុដុម្ពិក៍ក៏ជឿតាមសំដីរបស់ខ្ឡួន ។​ ថ្ងៃមួយ
កុលកោដិកុដុម្ពីក៍និងនាងកុលកេសីទៅបង់សំណាញ់ ក្នុងទន្លេកំពុងតែបង់សំណាញ់ស្រាប់តែ
គាត់រករឿងលើកកំហុសដាក់លើ ប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយតាម
ត្រង់យ៉ាងណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជំលោះក្នុងកណ្ដាលជលសា ពេលនោះកុដុម្ពីក៍ ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយអំណាចផលានិសង្ស
របស់នាងកុមារិកា ជាកូន ដែលនាងមានចិត្តជាទិព្វ។លុះកុលកោដិកុដុម្ពីក៍ ត្រឡប់មកវិញនាង
កុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា ៖ ឥតបានដឹងអ្វីសោះក្នុងរឿងនេះ តែនាងកុមារិកា ក៏នៅតែសួរជជីករកឬសគល់ថា ៖ ខ្ញុំឃើញច្បាស់ជាម៉ែទៅជាមួយឪ ហើយម្ដេចក៏ឪ ឆ្លើយថា
មិនដឹងយ៉ាងនេះ ? ។នាងកុមារិកាសង្ស័យ ក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់
ក៏ទួញយំ រៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹក មកនិយាយ
រឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ ហើយនិយាយថាម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លាតណាស់ ចូរកូនរកចំណីអោយម្ដាយស៊ីផង ។ នាងកុមារិកា ក៏សន្យាថា នឹងយកកន្ទក់និងចុងអង្ករទៅ
ស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា ”មរណមាតា”។ មេកាឡី
ក្រោយដែលបានដឹងថា ៖ ត្រីដំរីនោះជាមាតានាងមរណមាតា ក៏អោយចន្ទនីជាកូន ទៅចាប់
យកមកសំលាប់ធ្វើជាម្ហូបស៊ីទៀត តែដោយហេតុនាងមរណមាតា មានផលានិសង្សច្រើន ក៏បណ្ដាឲ្យកណ្ដុរសពាំបានស្រកាត្រីពីរនោះទៅគប់ក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ មេកាឡីដឹងថា ដើមត្រប់ជា
មាតានាងមរណមាតា ក៏អោយគេយកដើមត្រប់ទាំងឬសទាំងគល់ទៅបុកកម្ទេចចោល តែពេល
នោះមានឆ្មាមួយ បានពាំឬសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាងយកឬសត្រប់ពីរទៅដាំ ក៏កើតជាដើមរលួសពីរដើម រលួសនេះប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ។នៅថ្ងៃមួយ ព្រះចៅផែនដី ព្រះអង្គទ្រង់យាង
មកប្រពាតព្រៃ ពេលថ្ងៃក្ដៅព្រះអង្គយាងចូលទៅសំរាកព្រះកាយក្រោមម្លប់ដើមរលួស មួយគូ
នោះ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះអង្គត្រង់ត្រាស់សួររកម្ចាស់ដើមឈើចំឡែកនេះ ដើម្បីសុំគាស់យកទៅដាំក្នុងព្រះរាជវាំង ។ ស្ដេចទ្រង់យល់រូបឆោម នាងមរណមាតា ដ៏ស្រស់
បស់ ជាទីគាប់ព្រះទ័យហើយ ព្រះអង្គក៏ត្រាស់សុំដើមឈើនោះ នាងក៏ព្រមថ្វាយ ។ តែពួក​អមាត្យខំជីកគាស់យ៉ាងណា ក៏មិនរបើករលើងដើមនោះពីដីសោះ លុះព្រះអង្គត្រាស់សួរនាង
មរណមាតានាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះស្រាប់តែដើមរលួសផុស
ពីដីអណ្ដែតឡើងទៅដុះនៅក្នុង ផើងមាស របស់ព្រះមហាក្សត្រ នៅមុខព្រះមហាប្រាសាទ ។
ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅព្រះរាជវាំងហើយអភិសេកជាមហេសីឡើង ឯផ្កានោះអោយនាមហៅថា ” ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយមានពណ៌ស្លឹកនោះត្រចះត្រចង់ណាស់។​

រឿង ដើមស្លា -ម្លូ

មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ
ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម្នាក់ដែលនៅ ក្នុងនគរ
ក្បែរនោះចេះបង្រៀនវិទ្យា សាស្ត្រផ្សេងៗ បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សា
សព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយ បានទទួលមរណភាពជាយូរណាស់មកហើយ ។
បុរសបងអាយុបាន ១៩ ឆ្នាំ ចំណែកប្អូនអាយុ ១៦ ឆ្នាំ។ លុះបានទៅដល់សំណាក់គ្រូអាចារ្យនោះ
ហើយបុរសកំព្រាទាំងពីរនាក់ក៏នាំគ្នាឪនលំទោន សុំស្នាក់អាស្រ័យនៅរៀនសូត្រទៅ។ កាលបើបាន
ឃើញឬកពារសុភាពរាបសា នៃបុរសទាំងពីរនោះហើយ គ្រូអាចារ្យក៏ព្រមទទួលចិញ្ចឹមថែរក្សាព្រម​ ទាំងជួយបង្រៀនវិជ្ជាសព្វសារពើផង។ក្នុងរយៈកាលពីរឆ្នាំក្រោយមក គ្រូពិនិត្យមើលកិរិយាមារយាទ​
កុមារទាំងពីរ ឃើញថាប្រសើរណាស់ ។ គាត់ក៏សុខចិត្តលើកកូនក្រមុំរបស់គាត់ឈ្មោះនាង”មណី” ដែលទើបតែបានអាយុ ១៥ ឆ្នាំ ប្រកបដោយរូបឆោមលោមពណ៌ គួរអោយអ្នកផងចាប់ចិត្ត រៀបផ្សំ
ផ្គុំជាមួយចៅ ”សុដា ” ជាបុរសបង ដែលជាក្មេងកំព្រា បានត្រាច់មកពីស្រុកឆ្ងាយ ហើយមកនៅជ្រក
កោនរៀនសូត្រ ជាមួយគាត់នោះ។ចាប់តាំងពីថ្ងៃដដែល ” សុដា” បានប្រពន្ធមក ក្នុងចិត្តចេះ
តែពុំសូវរីករាយចំពោះប្អូនសោះ ព្រោះគិតតែមានបំណងលោភបុណ្យស័ក្ដិធំ ។ វាគិតថា ក្នុងថ្ងៃណា
មួយ នឹងបានសំរេចផលវិជ្ជា និងបានជាមន្ត្រីកិត្តិយសមួយ ហើយវាមុខជានឹងបានជាទីគាប់ព្រះទ័យ
របស់ព្រះរាជា មិនខាន។ រាល់ ៗ ថ្ងៃ ពេលដែលផុតរវល់ពីការងារហើយ គេតែងដើរទៅជិតប្រពន្ធ ហើយនិយាយដោយពាក្យទន់ភ្លន់រីករាយ ។ឯចៅ ” សុដ្ឋា” ជាប្អូន ពុំសូវសប្បាយក្នុងចិត្តទេព្រោះ
ឃើញកិរិយារបស់បង ពុំសូវរាក់ទាក់និងខ្លួនសោះ ចេះតែនឹកឆ្ងល់ក្នុងចិត្ត មួយទៀតព្រួយបារម្ភ នឹង មុខរបរមិនដឹងបានការអ្វីធ្វើផង ។ ព្រួយនោះហៅមហាព្រួយងាកទៅបង គេក៏មិនស្ដីនិយាយរក ងាកទៅរកមុខរបរគ្មាន តើអាត្មាងាកទៅខាងណា ? បើចង្អៀតចិត្តខ្លាំងម៉េ្លះ ? គិតសព្វគ្រប់ទៅសុដ្ឋា
ឃើញផ្លូវមួយគឺត្រូវគេចខ្លួនចេញពីលំនៅ ដ៏ចង្អៀតនេះ ។ ព្រឹកមួយ សុដ្ឋារៀបចំអីវ៉ែអីវ៉ាន់ហើយដើរ ចេញពីផ្ទះនេះ ដោយឥតអោយនរណាដឹង បានត្រេចទៅដល់មាត់ស្ទឹងមួយ ហើយអង្គុយយំយ៉ាង
កម្សត់ នៅក្រោមដើមជ្រៃធំមួយដើមដោយនឹកអស់សង្ឃឹម មិនដឹងជាទៅពឹងពាក់អ្នកឯណា។​ ពេល​
យប់ក៏មកដល់ សុដ្ឋាក៏ស្រស់ស្រូបអាហារបន្តិចបន្តួច ហើយទម្រេតលក់នៅក្រោមដើមជ្រៃនោះទៅ។
ក្នុងពេលដែលសុដ្ឋាលក់មួយភាំងទៅ ស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសំបើម ឈរច្រងាងដៃម្ខាង​កាន់ដំបងយ៉ាងធំមួយ ហើយស្រែកមករកកុមារថា៖​ នែ ! អានេះឯងមកពីណា បានជាចូលមកកន្លែង អញ ដោយគ្មានអុជទៀនធូបអ្វីបូជាអញសោះ ? ព្រោះនរណាក៏ដោយ អោយតែមកទីនេះត្រូវតែគោ រពបូជាអញ !សុដ្ឋា ញាប់ញ័រក្នុងខ្លួនពន់ពេកណាស់ ហើយក៏និយាយតបទៅលោកតាដោយលន់ តួថា៖ឪ ! លោកតាអើយ ! សូមលោកមេត្តាអត់ទោសអោយខ្ញុំផងចុះ ព្រោះខ្ញុំកើតទុក្ខខ្លាំងណាស់ បើសិនជាលោកម្ចាស់ជ្រាបរឿងនេះផង នោះមុខជានឹងជួយអាណិតខ្ញុំមិនខាន ។
អ្នកតានោះតបវិញថា ទេ ! អញមិនត្រូវការអាណិតអញទេ ! អញដឹងតែពីអ្នកមកចូលកន្លែងអញ ហើយមិនបន់ស្រន់បូជា អញត្រូវតែបំផ្លាញអ្នកនោះឯង គ្មានត្រាប្រណីឡើយ ។ ថាហើយ អ្នកតា​កំណាចលើកដំបងចង្អុលទៅសុដ្ឋា មាត់សេកមន្តគាថា ៖ មិនយូរប៉ុន្មាន កំលោះសុដ្ឋា ក៏ក្លាយ​ខ្លួន​ទៅជាថ្មមួយដុំសស្អាតស្ថិតនៅត្រង់ទីដែលឈរនោះឯង ឯអ្នកតាចង្រៃក៏អន្តរធានបាត់ក្នុងពេលនោះ
ដែរ ។និយាយពីនាយ សុដា ជាបង កាលដែលបានដឹងថា ៖ ប្អូនរត់ចេញពីផ្ទះបាត់ហើយ ក៏នឹកដល់ ប្អូនពន់ពេក នឹកដល់គ្រាកម្សត់កំរជាមួយគ្នាតាំងពីឪពុកស្លាប់ចោលរហូតដល់ខ្លួនមកបាន ប្រពន្ធ
នេះ។ គិតសព្វគ្រប់ទៅនាយសុដា ក៏លាប្រពន្ធ និងឪពុកក្មេក ដើម្បីធ្វើដំណើរទៅតាមរកប្អូន គាត់
ខំដើររកសព្វច្រកល្ហកព្រៃភ្នំក្រំថ្ម និង ភូមិឋាននានា តែមិនឃើញសោះសួរគេឯងក៏មិនលេចឮដំណឹង
លុះដើរ ៗ ទៅ បានទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃសាខាត្រឈឹងត្រឈៃ ដុះប្របនោះ ។ដោយ ការអស់កម្លាំង សុដាក៏សំរាកនៅក្រោមដើមជ្រៃ អង្គុយផ្អែកនឹងដុំថ្មសរលោង ១ ដុំនៅក្បែរនោះ ។ លុះលក់មួយស្រឡេតទៅ ស្រាប់តែឃើញមនុស្សយ៉ាងធំម្នាក់ លេចចេញខ្លួនមក គឺរូបអ្នកតាដដែល នោះ និយាយសំឡូតថា៖
• នែ ! អាកំណាច អាមកពីណាចូលក្នុងទៅនេះ គ្មាននិយាយ គួរសមនឹងអញសោះ។ ឮដូច្នោះសុដា ញ័រអស់​​ខ្លួនប្រាណ ហើយអង្វរលន់តួថា ៖
• សូមលោកមេត្តាខ្ញុំផង ខ្ញុំបានជាជ្រុលចូលមកទីនេះទៅហើយ ខ្ញុំសូមស្នាក់ក្នុងទីនេះសិនចុះ ព្រោះ​ខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយដើម្បីស្វែងរកប្អូន តែមិនឃើញសោះ បើលោកម្ចាស់បានប្រទះនឹងប្អូនខ្ញុំ​
សូមមេត្តាប្រាប់ផង។អ្នកតាកំណាចបើកភ្នែកធំ ៗ ហើយស្រែកគំរាមមកទៀតថា ៖
• ទេ ! អញគ្មានឃើញប្អូនអាណាទេ អញត្រូវផ្ដន្ទាទោសអាឯង ក្នុងពេលនេះ។ អើ ! បើអាឯងចង់ជួប នឹងប្អូនអាឯង អញអោយជួបបាន គឺដុំថ្មដែលអាឯងឈរផ្អែកនេះហើយ ជាប្អូនអាឯង ។ថាតែ ប៉ុណ្ណោះ អ្នកតាកំណាចលើកដំបងចង្អុលមុខនាយសុដា ព្រមទាំងសេកមន្តអាគមគាថាផ្លុំជាខ្យល់ យ៉ាងខ្លាំង។ មួយរំពេចនោះ រូបសុដាក៏ប្រែក្លាយទៅជាដើមស្លាមួយដើមដុះប្របដុំថ្មនោះ។ ឯរូបអ្នក តាក៏អន្តរធានបាត់ក្នុងពេលនោះដែរ។​ចំណែកនាងមណីជាភរិយា ក្រោយដែលបាត់ប្ដីយូរក្រឃើញ ត្រឡប់មកវិញ ក៏ដាច់ចិត្តលាឪពុកទៅតាមប្ដី ។ ដោយដោយហេតុតែរឮកប្ដីខ្លាំងពេក ទ្រាំនៅពុំសុខ នាងក៏ដាច់ចិត្តហ៊ានដើរកាត់ព្រៃ កាត់វាលតែម្នាក់ឯង មានតែសត្វសាហាវយង់ឃ្នងជាគ្នាប៉ុណ្ណោះ នាងដើរ ៗ ទៅបានទៅដល់មាត់ស្ទឹងមានដើមជ្រៃធំ ដ៏មានមែកសាខា ហើយនៅក្បែរដើមជ្រៃ នាងឃើញដុំថ្មមួយដុំសរលោង និងដើមស្លា ១ ដើម បែកធាង មានផ្លែធ្លាក់សំយាកនៅក្បែរដុំថ្មនោះ ។ ដោយនាងអស់កម្លាំងខ្លាំងណាស់ផង នាងក៏អង្គុយផ្អែកទម្រេតខ្លួននឹកគល់ស្លា នោះលក់មួយ សន្ទុះ ។ អ្នកតាកំណាចដដែល បានមកសំឡូត នាងដោយពាក្យផ្សេង ៗ ដូចកាលសំឡូត សុដ្ឋា និង សុដាដែរ ទោះបីនាងខំអង្វរយ៉ាងណា ក៏អ្នកតាចង្រៃមិនព្រមចេះតែស្រែកខ្លាំងឡើង ៗ ថា ៖
• អញត្រូវតែបំផ្លាញជីវិតនាងអញ ក្នុងពេលនេះ ។នាងមិនព្រមឈប់អង្វរទេ នៅតែទទូចថា ៖
• សូមលោកតាកុំអាលបំផ្លាញជីវិតនាងខ្ញុំ បើមុននឹងស្លាប់ សូមអោយខ្ញុំបានជួបនឹងប្អូនថ្លៃ ព្រមទាំង
ប្ដីខ្ញុំសិន។អ្នកតាកំណាចសើចចំអកខ្លាំង ៗ ឯនាងមណីភ័យញ័រកាន់តែខ្លាំងឡើងៗ។ ឃើញដូច្នោះ
អ្នកតាក៏ចូលមកជិត ហើយស្រែកខ្ទរដី ជាសំរែកថា ៖
• បើនាងឯងចង់ជួបនឹងប្អូនថ្លៃ ព្រមទាំងប្ដីនាងឯង មិនអីទេ អញអោយជួបបាន ហើយនាងឯងធ្លាប់​នែបនិត្យនឹងប្ដីយ៉ាងណា អញនឹងអោយនែបនិត្យយ៉ាងនោះទៀត ។ ដើមស្លាដែលនាងអង្គុយផ្អែក នេះ ហើយ ជាប្ដីនាង។ ឯដុំថ្មសស្អាត ១ដុំ នោះឯង ជាប្អូនថ្លៃនាង !ឥឡូវនាងឯងទៅនៅជាមួយចុះថា តែប៉ុណ្ណោះ អ្នកតាលើកដំបងចង្អុលដូចមុន ៗ ទៀត ។រូបនាងមណី ក៏ក្លាយជាដើមម្លូ ដុះលាស់ខ្ចីវារ ឡើងតោងដើមស្លាមួយរំពេច ។អ្នកតាក៏អន្តរធានទៅក្នុងពេលនោះដែរ ។ ក្នុងកាលជាចំណេរតមក មានព្រះរាជាមួយអង្គ បានកេណ្ឌ រេហ៍ពលទៅព្រាតព្រៃ បានប្រទះនឹងដើមជ្រៃ ព្រមទាំងដុំថ្មសស្អាត និងដើមស្លា ម្លូ ដុះប្រពាក់ប្រព័ន្ធគ្នា ដែលជាហេតុអោយព្រះអង្គនឹកប្លែកក្នុងព្រះទ័យពន់ពេក ក៏សួររក អ្នកណាដឹងរឿងរ៉ាវវត្ថុទាំងបីនេះ ។ មិនយូរប៉ុន្មាន មានអ្នកដឹងរឿងរ៉ាវនេះ គឺពួកអ្នកស្រុកជិតខាងទី នេះ ដែលគេបានឃើញហេតុការណ៍ច្បាស់ បានមកក្រាបទូលព្រះរាជាតាមដំណើរសព្វគ្រប់។ព្រះ អង្គ ក៏ទ្រង់ចាត់អោយសេវកាមាត្យយកស្រាមក ហើយបេះផ្លែស្លា ស្លឹកម្លូទៅដាក់លើដុំថ្មនោះ រួច ចាត់ស្រាស្រោចពីលើវត្ថុទាំង ៣ ។ ក្នុងគ្រានោះវត្ថុទាំង ៣ ក៏រលាយជាទឹក មានពណ៌ក្រហមដូច ឈាមហូរធ្លាក់ចុះទៅលើផ្ទៃធរណី ព្រះរាជាទ្រង់ទតនូវឧប្បត្តិហេតុនេះហើយក៏ទ្រង់ឈ្វេងយល់ ថា៖” អ្នកទាំងបីនេះ ពីជាតិមុនស្រឡាញ់គ្នាណាស់ បានជាជាតិនេះនៅតែរួមធាតុ រួមរសជាតិជាមួយគ្នា ទៀតយ៉ាងនេះ”។ដោយព្រះអង្គចង់ទុកអនុស្សាវរីយ៍ យ៉ាងប្លែកនេះ អោយឋិតថេរបានយូរអង្វែងត ទៅទ្រង់ក៏បញ្ញត្តច្បាប់ អោយពួកអ្នកស្រុកយកវត្ថុទាំង ៣ គឺម្លូស្លា និងស្រា សំរាប់ធ្វើជាជ័យមង្គល ក្នុងពេលរៀបបង្កក់កូនខ្ចី ដែលទើបនឹងកើត ក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងក្នុងឪកាស បុណ្យ ខ្មោច មានអ្នកស្រុកខ្លះ ក៏យកថ្មដុតធ្វើជាកំបោរហើយទទួលទានជាមួយនឹងម្លូស្លារហូតមកដល់ សព្វ ថ្ងៃ។ឯដើមស្លា ក៏តែងតែបាននៅជាការនិយមរបស់ដើមម្លូ គឺថា ៖ ម្លូចូលចិត្តវាឡើងដើម ស្លាជាងអ្វី ៗទាំងអស់ ។នេះក៏ដោយសារតែអ្នកទាំងពីរ ជាប្ដីប្រពន្ធស្មោះស្ម័គ្រនឹងគ្នា ក្នុងរឿងព្រេងនេះឯង ៕

រឿង ដើមភ្លៅនាង

គ្រាន់ តែឮឈ្មោះថា ដើម ” ភ្លៅនាង ” គេនឹកឆ្ងល់ភ្លាម ចង់ដឹកប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះ មាននាមពីរោះម្ល៉េះ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើម​នោះត្រសូលស្អាតពុំសូវមានថ្នាំង ឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាតនាំអោយ​
នឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ
ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទំលាប់ សូមជូនឯសារមួយ ដែលមាននិទាន
រឿង ដូចតទៅនេះ ៖កាលនោះ មានព្រះរាជាមួយព្រះអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើន
សតវត្សមកហើយ ព្រះរាជាអង្កនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន។ លុះយូរ
បន្តិចមក ព្រះរាជអង្គនេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងមួយឈ្មោះ នាងចាន់ ព្រះអង្គត្រង់យក​នាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះ មានរូបឆោមលោមពណ៌យ៉ាងឆើតជាងស្នំមហេសីទាំងអស់
តែនាងនោះ ឥតមានព្រះរាជបុត្រទេ ម្ល៉ោះហើយព្រះអង្គក៏សព្វព្រះរាជហឫទ័យជាជាងស្នំមហេសី
ទាំងអស់ ដែរព្រោះនាងចេះប្រកបកិច្ចការ ដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ។​ព្រះរាជា
ក៏លើកតម្កើងនាងចាន់ ធ្វើជាព្រះអគ្គមហេសី ធំលើសគេឯង ។ និយាយពីនាងចាន់នេះ​នាងមាន​ក្រ​ចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើធ្វើក្រយាស្ងោយថ្វាយស្ដេចនាង​
យកក្រចកដងទឹក ឬដួសដសគ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់អោយដឹងប្រមាណ មិនអោយប្រៃ
ពេកឬ សាបពេកអោយតែល្មម សូម្បីនាងបង់ប្រហុក អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសំលក្ដី​​ នាងក៏
យកក្រចកម្រាមដៃធ្វើជាស្លាបព្រា ម៉្លោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សំលនោះ
មានឪជារសឆ្ងាញ់ណាស់ នាំអោយព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។ លុះចំណេរយូរ
ទៅ ព្រះមហេសីដើមទាំងអស់ ក៏មានការក្ដៅក្រហាយច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាន
នាងចាន់ ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសី លើសយើងរាល់គ្នា
យ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ស្នេហាអំពីយើងគ្រប់គ្នាហើយ ។ ដូច្នេះ យើងរាល់គ្នា មិនត្រូវ
នៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាត
ចាកសេចក្ដីស្នេហាអំពីនាងចាន់ចេញ ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។គិតដូច្នោះហើយក៏នាំ
គ្នាឡើងគាល់ព្រះរាជា ក្រាបទូលដោយសេចក្ដីពិតថា៖បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប ខ្ញុំ
ម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់ អំពីនាងចាន់ ។ ព្រះអង្គហាក់ដូចជាពុំបានជ្រាបការណ៍អ្វី
សោះ ។នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់ សព្វថ្ងៃនេះ បើនាងធ្វើក្រយាស្ងោយថ្វាយ
ព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួស ដងគ្រឿង ដាក់ក្នុងសំលនោះ។
ប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះ ដូចជាខ្ញុំម្ចាស់បានក្រាបទូលទេ សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងកំពុងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះទើប ជ្រាបនូវហេតុពិតនោះជាពុំ
ខាន។ព្រះរាជា កាលទ្រង់បានព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គ
ទ្រង់ក្រោធ ទ្រង់ចាត់រាជបម្រើមួយ អោយទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរាជ
បម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ឈឃាដ អោយយក
នាងចាន់ ទៅសំលាប់ចោល ។​ ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គខ្ញាល់នឹង​ អំពើដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត នាងបានភៀសខ្លួនរត់ចេញពីព្រះរាជបរម
រាជវាំង ដើម្បីអោយរួចពីសេចក្ដីស្លាប់ ។ ឯពេជ្ឈឃាដក៏ទៅរកចាប់នាងតាមព្រះរាជតម្រាស់ តែរក​នាងពុំឃើញក្នុងប្រាសាទ ក៏ឡើងក្រាបបង្គំទូលព្រះរាជា ។ ព្រះរាជាទ្រង់អោយលើកទ័ពពលរេហ៍ ទៅតាមចាប់នាងអោយបាន យកមកសំលាប់ចោល ។កាលនោះ ពួកពលសេនាលើកទ័ពតាមរក​
នាង អស់ពេលជាយូរថ្ងៃយូរខែ ពុំបានជួបនាងសោះ ។ ឯនាងក៏ខំរត់ អោយរួចពីព្រះអាជ្ញាដែរតែ
ចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ ក៏អោយពួកពលសេនាទាហាន តាមនាងទាន់នៅកន្លែងមួយ
ចាប់យកនាងបានហើយ ជាអកុសលអ្វីមកបណ្ដាលអោយព្រះរាជាទ្រង់ក្រោធ យកទោសដល់ជីវិត
។ ម៉្លោះហើយ នាងក៏តាំងសច្ចាចំពោះទេវតា ដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ សូមអោយលោក
ធ្វើជាសាក្សីថា៖ឪ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ គឺសេចក្ដីស្លាប់ តាមមកទាន់ហើយ នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំ អំពីអង្គ ព្រះស្វាមីឥឡូវហើយដោយព្រះស្វាមី ក្រោធចំពោះរូប
ខ្ញុំ ដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុន ឬមួយព្រះអង្គ ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះ
ទេ ។ នោះខ្ញុំសូមសច្ចាផ្សងថា” អាការទាំង ៣២ របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំង
នេះ ហើយអោយព្រះអង្គបានជួបនិងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះ កុំបីអោយរំលង
រួចឡើយ ។ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នា ដែលមានក្លិនក្រអូប​ហើយជាទីសព្វព្រះ​រាជ​ហឫទ័យរបស់ព្រះអង្គផង ”។​ សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់នឹងក្រិស្នាទៅជា”ចន្ទន៍ក្រិស្នា”ឯអាយតនៈ
ដទៃទៀត ក៏ទៅប្រតិស្ឋរូបភាពនៅនឹងរុក្ខជាតិផ្សេង ៗ ដូចជា៖
• -កេសា បានទៅជាប់នឹងផ្លែពោត ហៅថាសក់ពោត។
• -លោមា គឺរោម បាននៅជាប់នឹងម្អម ។
• -មំសំ គឺសាច់នាងផ្ញើនឹងដើមចាក ។
ឯសាច់ភ្លៅដែលសទ្រលុកត្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មម គេ
ហៅជាប់ថាដើម ”ភ្លៅនាង” រហូតដល់សព្វថ្ងៃនេះ ៕

រឿងប្រាជ្ញាអណើ្តក

អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បាន។ហេតុដើមនោះ មានរឿងព្រេងមួយនិទាន ថា៖ក្នុងគ្រាយូរយារអង្វែងហើយ ពេលនោះមានទឹកជំនន់ធំណាស់។សត្វខ្លា ដំរីរាជសីហ៍រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត នៅសល់តែអណ្ដើកសកលមួយ មិនព្រម ទៅនានឹងគេសោះ។ លុះទឹកជន់មកដល់ គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិ ស៊ីមើម ឈើ ឬសឈើ។ កំពុងតែសប្បាយ ស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់នៅនឹងបង្គា បឈើ

រឿងដើមកោងកាងនិងឈើទាល

តាម បុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាង ជាឈើមួយពួកនៅតែ
លើភ្នំ និង ជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹង មាន
មាត់អូរ ម្ល៉ោះហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះទឹករលើងរលំដើមឈើទាលនោះ
ៗ ស្លាប់អន្តរាយអស់។ ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងជារាល់ឆ្នាំ
យ៉ាងនេះ ក៏ជំនុំគ្នាថា៖ ពួកយើងនឹងទ្រាំដុះលើដីទំនាបយ៉ាងនេះ

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ