កម្រងរូបភាពវត្តអូរត្រាវ ៩រោច អស្សុជ
ទី១១-១០-២០២០,
ពាក្យសម្រាប់ក្រើនកឋិនទី១
ភន្តេ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនរីឯអង្គកឋិនទាននេះជារបស់អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ............
ជាប្រធានសុទ្ធសឹងតែពុទ្ធមាមិកជន
ប្រកបដោយបសាទសទ្ធានិងកុសលចេតនាជាអសង្ខារិកជ្រះថ្លាចំពោះគុណព្រះរតនត្រ័យទាំងបីបានបំពេញនូវបុញ្ញកិរិយាវត្ថុចេះលៃលកយកធនធាន
ដែលគ្មានខ្លឹមសារ ធ្វើឲ្យជារបស់មានខ្លឹមសារ កប់ទុកក្នុងព្រះពុទ្ធសាសនា
ដើម្បីជាទ្រព្យមត៌ក
សម្រាប់ប្រើប្រាស់ទៅក្នុងភពខាងមុខទៀតបានស្រុះស្រួលបបួលគ្នាផ្ដួចផ្ដើមបង្កើនកឋិនទាននេះឡើង
ព្រមទាំងហែហមដ៏ឧឡារិកគគ្រឹកគ្រេងតាមមាគ៌ា ដើម្បីនឹងយកមកវេរ
ថ្វាយព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាសក្នុងវត្ត.........
នេះហាក់ដូចជាសំពត់កោសេយ្យពស្ត្រអណ្ដែតត្រសែតព្ធដ៏អាកាសវេហានភាល័យ
ហើយធ្លាប់ចុះមកក្នុងកណ្ដាលជំនុំសង្ឃទានស្មោះ ឥតមានចំពោះអង្គណាមួយឡើយ។
បើអង្គណាមួយ មានត្រៃចីវរទុព្វលភាព ដាច់ដាច
មិនអាចប្រើប្រាស់បានហើយចេះនូវ អានិសង្ស៥ ចាំនូវមាតិកា៨ បលិពោធ២
អនត្ថតាការៈ២៤ អត្ថតាការៈ១៧ អាចញ៉ាំងសង្ឃឲ្យត្រេកអរដោយ កឋិនត្ថារកិច្ចបាន
ក៏សូមមានព្រះពុទ្ធដីកា ឆ្លើយមកចុះ នោះព្រះសង្ឃនឹងអបលោកសំពត់កឋិនទាន
ដល់ព្រះករុណាអង្គនោះ ដោយញត្តិទុតិយកម្ម វាចា ក្រាលគ្រងដូច តទៅ ។
(ភិក្ខុទី១)
ប្រកាសសង្ឃចង់ហើយត្រូវឈប់បង្អង់ ២-៣នាទីសិន
សឹមភិក្ខុទី២ប្រកាសសង្ឃតទៅទៀត។
ពាក្យសម្រាប់ក្រើនកឋិនទី២
ភន្តេ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាជាអ្នកតំណាងសង្ឃគ្រប់ព្រះអង្គក្នុងឱកាសនេះ
សូមពិតព្រះថេរដីកាចំពោះព្រះសង្ឃគ្រប់ព្រះអង្គសូមទានជ្រាប។
យើងខ្ញុំទាំងអស់សុទ្ធសឹងតែមានត្រៃចីវរល្មមគ្រប់គ្រាន់នឹងប្រើប្រាស់ហើយប៉ុន្តែតាមយោបល់របស់ខ្ញុំព្រះករុណាយល់ឃើញតែព្រះ.........
ទើបសមគួរនឹងក្រាលគ្រងនូវសំពត់កឋិននេះ
ដោយហេតុថាលោកអ្នកចេះនូវអានិសង្ស៥ ចាំនូវមាតិកា ៨ បលិពោធ២ អនត្ថតាការៈ២៤
អត្ថតាការៈ១៧ ហើយឆ្លៀតឆ្លាតក្នុងកឋិនអាចញ៉ាំងសង្ឃឲ្យត្រេកអរបាន។
ហេតុនេះហើយបើព្រះសង្ឃគ្រប់ព្រះអង្គយល់ឃើញថាសមគួរដូចជា បកាសនវាចាដែល
ខ្ញុំព្រះករុណាបានថ្លែងមកនេះ ក៏សូមបញ្ចេញនូវសញ្ញាថា សាធុ ឲ្យព្រមៗ
គ្រប់អង្គទៅហោង។
បាលីសម្រាប់សូត្រកឋិន
សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ ។
យទិ សង្ឃស្ស បត្ថកល្លំ សង្ឃោ ឥមំ កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ ទទេយ្យ
កឋិនំ អត្ថរិតុំ ។ ឯសា ញត្តិ ។
សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ ។
សង្ឃោ ឥមំ កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ ទេតិ
កឋិនំ អត្ថរិតុំ ។
យស្សា យស្មតោ ខមតិ ឥមស្ស កឋិនចីវរស្ស ឥត្ថន្នាមស្ស ភិក្ខុនោ ទានំ
អត្ថរិតុំ សោ តុណ្ណស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។
ទិន្នំ ឥទំ សង្ឃេន កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ កឋិនំ
អត្ថរិតុំ ។
ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ ។
បាលីសម្រាប់អ្នកក្រាលគ្រងកឋិនអនុមោទនា
អត្ថតំ អាវុសោ សង្ឃស្ស កឋិនំ ធម្មិកោ
កឋិនត្ថារោ អនុមោទថ
ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ
ខ្ញុំក្រាលរួចហើយ ការក្រាលកឋិន(នុះ) ប្រកបដោយធម៌ សូមលោកទាំងឡាយ អនុមោទនាចុះ ។
បាលីអនុមោទនាកឋិន
អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ ធម្មិកោ
កឋិនត្ថារោ អនុមោទាម
បពិត្រលោកម្ចាស់ដ៏ចម្រើន កឋិនរបស់សង្ឃ
លោកក្រាលរួចហើយ កាលក្រាលកឋិន(នុះ) ប្រកបដោយធម៌ ហើយយើងសូមអនុមោទនា
អនុមោទនា១បែបទៀត
អត្ថតំ ភន្តេ សង្ឃ កឋិនំ ធម្មិកោ
កឋិនត្ថារោ អនុមោទាម
បពិត្រព្រះករុណាដ៏ចំរើន
កឋិនរបស់សង្ឃដែលសង្ឃបានឲ្យហើយដល់លោក ៗ លោកបានក្រាលហើយ កឋិនដែលលោកបានក្រាលហើយនេះជាធម៌ដ៏សមគួរតាមពុទ្ធានុញ្ញាត
ខ្ញុំសូមអនុមោទនាគឺថា ត្រេកអរតាមនូវកឋិន ។
បុណ្យកឋិន
កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ
ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។
សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។ បុណ្យកឋិន
ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា
បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ
ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ
ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច
ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ
មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម
សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចីវរ សង្ឃាដី ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា
បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ
គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ
គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ
គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន
ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យានយន្ដទៀតសោតក៏ពុំសូវមាន
ខ្ញុំច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ
ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់
មានដំរីជាច្រើន រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ
តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង
រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី
ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ
បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ
គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ
ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត
គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ
គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។
គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ
ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ
ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក
លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ
ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ
បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។
ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។
💞💞== អត្ថន័យនៃបុណ្យកឋិន ==💞💞 តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌
និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
1.
រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ
សភាវៈនោះហៅថាកឋិន ព្រោះលោកប្រៀបប្រដូចជាឈើស្នឹង
ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច
ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី
គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
2.
ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ
ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម
ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។
សមដូចវិគ្គហៈថា“បញ្ច អានិសំសេ
អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិនឱ្យទៅក្នុងទីដទៃបាន
ធម្មជាតិនោះឈ្មោះថាកឋិន“។
កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ
·
ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន
ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។
·
បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង
និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់
ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយក-ទាយិកា នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ
ដែលបានគង់ចាំវស្សា អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស (វត្ត) ណាមួយ
និងនៅពេលណាមួយក្នុងកំណាត់ ២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច
ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក)
ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“។
បុព្វហេតុកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ
បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ
ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ
ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល
ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន
ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។
គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ
ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្តចេញពីទីនោះមកកាន់ក្រុងសាវត្ថី
ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។
ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត
(ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់
ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ
នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យយ៉ាងខ្លាំង
ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ
មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ
ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ
ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ
ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ
ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់
និងត្រាស់សួរសុខទុក្ខភិក្ខុទាំង នោះថា “ម្នាលភិក្ខុទាំងឡាយ!
តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នាទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ខ្លួនក្នុងការធ្វើដំណើរ
ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។
លុះចប់ធម៌ហើយ
ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា
“ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុកនៅកន្លែង
ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះសោះឡើយ។
រីឯកឋិនត្ថារកិច្ចនេះសោត
ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ
ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ
ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំង ឡាយថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ
អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា
“ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។
ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ
ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ“។
= កឋិនកាល (កាលទាន) = ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ
គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន
ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពីពុទ្ធបរិស័ទ
និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោច
ខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក
(ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់ កណ្ដាលខែវិច្ឆិកា)។ ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត
ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង
និងអនុមោទនាកឋិននោះបានទទួលអានិសង្ស៥ប្រការ។
ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវព្រះពុទ្ធដីកា
ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ស៥ប្រការផង
ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃ
ដែលបានគង់ចាំវស្សាអស់ត្រីមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនា
អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងជាគាថាយ៉ាងនេះថា “សុខស្ស ទាតា មេធាវី
សុខំ សោអធិគច្ឆតិ“។ ប្រែថា “ជនដ៏មានប្រាជ្ញា (ណាមួយ) បានធ្វើនូវសេចក្ដីសុខស្រួល
(ដល់អ្នកដទៃ) ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល
(ជាពិតប្រាកដពុំដែលខានឡើយ)“។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា “ជនណាបានធ្វើកឋិនទាន
ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង៥ខែបានឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ
ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល
ជននោះនឹងបានជាឯហិភិក្ខុ មានត្រៃចីវរកើតឡើងឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជាបព្វជិតនៅក្នុងសាសនា
ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វានក្នុងពេលបព្វជ្ជានោះពុំខានឡើយ“។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួកពុទ្ធបរិស័ទ
ដើម្បីបំពេញនូវសេផចក្ដីត្រូវការស្បង់ចីវរដ៏វិសេសនេះ៕
កឋិនភេទ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ
ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
កឋិនភេទ
[២០៧] បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិន
បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច
កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេច។
[២០៨] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា
មិនបានក្រាលកឋិននោះ សេចក្តីថា បុគ្គលពីរពួក ដែលឈ្មោះថា មិនបានក្រាលកឋិន
គឺបុគ្គលមិនបានក្រាល១ មិនបានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា
មិនបានក្រាលកឋិនទេ។
[២០៩] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិននោះ
សេចក្តីថា បុគ្គល២ពួក ដែលឈ្មោះថា បានក្រាលកឋិន គឺបុគ្គលដែលបានក្រាល១ បានអនុមោទនា១
បុគ្គលទាំង២ពួកនេះ ឈ្មោះថា បានក្រាលកឋិន។
[២១០] ពាក្យថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច
សេចក្តីថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤ គឺសំពត់ដែលគ្រាន់តែវាស់ ទទឹង បណ្តោយ
ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែលាង ក្រាលមិនឡើង ជាកឋិន១
សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែកាត់
ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរ
(មានដេរបណ្តោយជាដើម) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដាក់ក្ឌុំ
ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ក្រាលមិនឡើងជាកឋិន១
សំពត់ដែលគ្រាន់ តែប្រក់អនុវាតមួយជាន់ (ពីខាងក្រៅ) ក្រាលមិនឡើងជាកឋិន១
សំពត់ដែលគ្រាន់ តែធ្វើជាអនុវាតមួយជាន់ (ពីខាងក្នុង) ក្រាលមិនឡើងជាកឋិន១
សំពត់ដែលគ្រាន់ តែដេរគួបគ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មាន ពណ៌ដូចភ្លុកដំរី
ឬដូចស្លឹកឈើទុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយធ្វើនិមិត្ត
ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយនិយាយ បញ្ចុះបញ្ចូលគេ ក្រាលមិនឡើងជាកឋិន១
សំពត់ដែលខ្ចីគេ ក្រាលមិនឡើងជា កឋិន១ សំពត់ដែលធ្វើសន្និធិ
គឺមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលមិនឡើង ជាកឋិន១ សំពត់ជានិស្សគ្គិយៈ
(ទុកឲ្យកន្លងរាត្រី) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប
ក្រាលមិនឡើងជាកឋិន១ វៀរចាកសង្ឃាដី ក្រាលមិនឡើងជាកឋិន១ វៀរចាកចីពរ
ក្រាលមិនឡើងជាកឋិន១ វៀរចាកស្បង់ ក្រាលមិនឡើងជាកឋិន១ វៀរចាកសំពត់ជាបញ្ចក្ខន្ធ
ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ
ក្រាលមិនឡើងជា កឋិន១ វៀរចាកបុគ្គលអ្នកក្រាល ក៏ក្រាលមិនឡើងជាកឋិន១ សំពត់ដែល បុគ្គលក្រាលត្រឹមត្រូវហើយ
តែបើភិក្ខុនៅក្រៅសីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែលក្រាលមិនឡើង
ដោយអាការយ៉ាងនេះឯង។
[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ
ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា
អាត្មានឹងឲ្យសំពត់ កឋិនកើតឡើង ដោយការនិយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះ
បញ្ចូល។ សំពត់ដែលគេមិនបានឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ
មិនធ្វើឲ្យស្រេចក្នុងថ្ងៃនោះ (ទុកធ្វើទៅក្នុងថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ
ទុកធ្វើដល់ថ្ងៃស្អែកជាកំណត់១ ហៅថា សន្និធិ។ កាលបើភិក្ខុកំពុងធ្វើ (សំពត់នោះ)
អរុណក៏រះឡើង ហៅថា សំពត់ជានិស្សគ្គិយៈ។ កឋិនដែលភិក្ខុក្រាល មិនឡើង ដោយអាការ២៤នេះឯង។
[២១២] ត្រង់ពាក្យថា កឋិនដែលភិក្ខុក្រាលឡើង
ដោយអាការដូចម្តេចនោះ សេចក្តីថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ១៧ គឺសំពត់ថ្មីសុទ្ធ
ក្រាល ឡើងជាកឋិន១ សំពត់ជំនុំ ក្រាលឡើងជាកឋិន១ សំពត់ចាស់ ក្រាលឡើងជាកឋិន១
សំពត់បំសុកូល ក្រាលឡើងជាកឋិន១ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើង ជាកឋិន១
សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន១ សំពត់ ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល
ក្រាលឡើងជាកឋិន១ សំពត់ដែល មិនបានខ្ចីគេ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើឲ្យជាសន្និធិ
ក្រាលឡើង ជាកឋិន១ សំពត់ដែលមិនមែនជានិស្សគ្គិយៈ ក្រាលឡើងជាកឋិន១ សំពត់ដែល បានធ្វើពិន្ទុកប្ប
ក្រាលឡើងជាកឋិន១ សង្ឃាដិ ក្រាលឡើងជាកឋិន១ ចីពរ ក្រាលឡើងជាកឋិន១ ស្បង់
ក្រាលឡើងជាកឋិន១ ចីវរជាបញ្ចក្ខន្ធ ឬលើសពី បញ្ចក្ខន្ធឡើងទៅ
ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន១ បុគ្គល
ទើបក្រាលឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាល ឲ្យត្រឹមត្រូវ (តាមច្បាប់)
ទាំងភិក្ខុនៅក្នុងសីមា អនុមោទនា កឋិននោះ ទើបឡើង ជាកឋិន១ កឋិនដែលភិក្ខុក្រាលឡើង
ដោយអាការយ៉ាងនេះឯង។ កឋិនដែលភិក្ខុ ក្រាលឡើង ដោយអាការទាំង១៧នេះ។
[២១៣] ធម៌ប៉ុន្មានយ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន។
ធម៌១៥យ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន គឺមាតិកា៨ បលិពោធ២ អានិសង្ស៥។
ធម៌ទាំង១៥នេះឯង ដែលកើតជាមួយនឹងការក្រាលកឋិន។
[២១៤] ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបយោគ ដោយអនន្តរប្បច្ច័យ
ដោយ សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយ បុរេជាតប្បច្ច័យ
ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។ ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបុព្វករណៈ។បេ។
បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ ដោយអនន្តរប្បច្ច័យ
ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ
ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។
[២១៥] បុព្វករណៈ គឺកិរិយាធ្វើមុន មានការលាងចីវរជាដើម
ជាបច្ច័យនៃបយោគ គឺកិរិយាប្រកប មានដងទឹកជាដើម ដោយអនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី១
នៃបយោគ ដោយសមនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី២ ដោយនិស្សយប្បច្ច័យ
គឺហេតុជាគ្រឿងទ្រទ្រង់ទី៣ ដោយឧបនិស្សយប្បច្ច័យ គឺហេតុជាគ្រឿង ទ្រទ្រង់បន្ទាប់គ្នាទី៤។
បយោគ ជាបច្ច័យ នៃបុព្វករណៈ ដោយបុរេជាតប្បច្ច័យ គឺហេតុដែលកើតមុន នៃបុព្វករណៈ។
បុព្វករណៈ ជាបច្ច័យនៃបយោគ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយនៃបយោគ។
ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបយោគ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ គឺបច្ច័យកើតព្រមគ្នានឹងការក្រាលកឋិន។
[២១៦] បច្ចុទ្ធារៈ គឺការដកចីវរ ជាបច្ច័យនៃបុព្វករណៈ
ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
បុព្វករណៈ ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបុរេជាតប្បច្ច័យ។ បច្ចុទ្ធារៈ
ជាបច្ច័យនៃបុព្វករណៈ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើត ក្រោយ របស់បុព្វករណៈ។
ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបច្ចុទ្ធារៈ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ។
[២១៧ ] អធិដ្ឋាន
ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយ សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ
ដោយឧបនិស្សយប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃអធិដ្ឋាន ដោយបុរេជាតប្បច្ច័យ។
អធិដ្ឋាន ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ
(នៃអធិដ្ឋាន និងបច្ចុទ្ធារៈ) ដោយសហជាតប្បច្ច័យ។
[២១៨] ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយអនន្តរប្បច្ច័យ ដោយសម
នន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អធិដ្ឋាន
ជាបច្ច័យនៃការក្រាល ដោយបុរេជាតប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃអធិដ្ឋាន
ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃការក្រាល និងអធិដ្ឋាន)
ដោយសហជាតប្បច្ច័យ។
[២១៩] មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល
ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ការក្រាល ជាបច្ច័យនៃមាតិកា និងបលិពោធ ដោយបុរេជាតប្បច្ច័យ។ មាតិកា និងបលិពោធ
ជាបច្ច័យនៃការក្រាល ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃមាតិកា បលិពោធ
និងការក្រាល) ដោយសហជាតប្បច្ច័យ។
[២២០] សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ
ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
វត្ថុ ជាបច្ច័យនៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ដោយបុរេជាតប្បច្ច័យ។
សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយបច្ឆាជាតប្បច្ច័យ។
ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម និងវត្ថុ)
ដោយសហជាតប្បច្ច័យ។
[២២១] បុព្វករណៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង
មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បច្ចុទ្ធារៈ
មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ
មានអ្វីជាសមុដ្ឋាន។ អធិដ្ឋាន មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត
មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ ការក្រាល មានអ្វីជាដើមចម
មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ
មានអ្វីជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង
មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម
និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត
មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មានបយោគជាដើមចម
មានបយោគជាទីតាំងឡើង មានបយោគជាកំណើត មានបយោគជាដែនកើត មានបយោគជាអង្គ
មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានបុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង
មានបុព្វករណៈជាកំណើត មានបុព្វករណៈជាដែនកើត មានបុព្វករណៈជាអង្គ
មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម
មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មានបច្ចុទ្ធារៈជាដែនកើត
មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មានអធិដ្ឋាន ជាដើមចម
មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋានជាដែនកើត មានអធិដ្ឋានជាអង្គ
មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានការក្រាលជាដើមចម
មានការក្រាលជាទីតាំងឡើង មានការក្រាលជាកំណើត មានការក្រាលជាដែនកើត មានការក្រាលជាអង្គ
មានការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានវត្ថុជាដើមចម
មានវត្ថុជាទីតាំងឡើង មានវត្ថុជាកំណើត មានវត្ថុជាដែនកើត មានវត្ថុជាអង្គ
មានវត្ថុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត
មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ
អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម
មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ
មានអ្វីជាសមុដ្ឋាន។ បយោគ មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត
មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ
អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម
មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ
មានហេតុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត
មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ
អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម
មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ
មានអ្វីជាសមុដ្ឋាន។ បយោគ មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត
មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។
បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម
និងសេចក្តីមិនសង្ឃឹម មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត
មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ
លោកសង្គ្រោះដោយធម៌៧យ៉ាង គឺគក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១
ធ្វើពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ
លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១
ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន
លោកសង្គ្រោះដោយធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល
លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ ការក្រាល លោកសង្គ្រោះដោយធម៌១គឺ បញ្ចេញវាចា។
[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន
ភូមិរបស់កឋិន មានប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១
ចីពរ១ ស្បង់១។ ភូមិរបស់កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់អំបោះ១ សំពត់សូត្រ១
សំពត់រោមសត្វ១ សំពត់ធ្មៃ១ សំពត់លាយវត្ថុទាំង៥ ខាងដើម១។
[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។
កឋិន មានបុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល
មានការក្រាលជាខាងចុង។
[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន
បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែលប្រកបដោយអង្គ៨
មិនគួរក្រាលកឋិនបានទេ។ បុគ្គលដែលប្រកបដោយអង្គ៨ ទើបគួរក្រាលកឋិនបាន។
បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែលមិនគួរក្រាលកឋិនបាន។
បុគ្គលអ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះអធិដ្ឋាន១
មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១ មិនចេះអានិសង្ស១។
បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹងក្រាលកឋិនបានឡើយ។ បុគ្គលដែលប្រកបដោយអង្គ៨
គឺអ្វីខ្លះ ដែលគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលចេះបុព្វករណៈ១ ចេះបច្ចុទ្ធារៈ១
ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះវិធីដកកឋិន១ ចេះអានិសង្ស១។
បុគ្គលប្រកបដោយអង្គទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។
[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក
ការក្រាលកឋិនឡើង មានដល់បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក
ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។
បុគ្គលឋិតនៅក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១
បុគ្គលដែលបញ្ចេញវាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង
មានដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកដូចម្តេច។
បុគ្គលឋិតនៅក្នុងសីមា អនុមោទនា១ បុគ្គលដែលអនុមោទនាបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា
បានញុំាងអ្នកដទៃឲ្យដឹងច្បាស់១។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកនេះ។
[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង
មានប៉ុន្មានយ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។
ការក្រាលកឋិនមិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ
[អដ្ឋកថា ថាវត្ថុវិបត្តិ បានដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ
គឺសំពត់ដែលពួកទាយកប្រគេនក្នុងថ្ងៃនេះហើយ
សង្ឃប្រគល់ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺសំពត់ដែលកាត់ហើយ
តែមិនបានធ្វើក្នុងថ្ងៃនោះឯង]១។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាងនេះ។ ការក្រាលកឋិនឡើង
មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។
ការក្រាលកឋិនឡើង មាន៣យ៉ាងនេះ។
[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន
គប្បីស្គាល់ខែ ដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិ
នៃការក្រាលកឋិន គប្បីស្គាល់និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល
គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់ដែលជាសន្និធិ គប្បីស្គាល់សំពត់ ជា និស្សគ្គិយៈ។
[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា
ការរួបរួម នឹងកិរិយាប្រជុំនៃធម៌ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី
ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ
ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់ខែជាខាងចុង នៃវស្សានរដូវ។ ពាក្យថា
គប្បីស្គាល់វិបត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន
ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់ សម្បត្តិនៃការក្រាលកឋិននោះ សេចក្តីថា
ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹងនិមិត្តកម្មនោះ
សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មានឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា
គប្បីស្គាល់ពាក្យនិយាយប ញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា
អាត្មាអញនឹងធ្វើសំពត់ កឋិនឲ្យកើតឡើង ដោយពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា
គប្បីស្គាល់សំពត់ ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់សំពត់ដែលគេមិនបានឲ្យដាច់។
ពាក្យថា គប្បីស្គាល់ សំពត់ដែលជាសន្និធិនោះ សេចក្តីថា ត្រូវស្គាល់សន្និធិមាន២យ៉ាង
គឺសន្និធិព្រោះការ មិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់ថ្ងៃស្អែក១។ ពាក្យថា
គប្បីស្គាល់សំពត់ ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុកំពុងធ្វើ (ចីវរ) អរុណក៏រះឡើង។
[២៣០] ត្រង់ពាក្យថា គប្បីស្គាល់ការក្រាលកឋិននោះ សេចក្តីថា
បើសំពត់កឋិនកើតឡើងដល់សង្ឃ សង្ឃត្រូវប្រតិបត្តិដូចម្តេច បុគ្គលអ្នកក្រាល ត្រូវ ប្រតិបត្តិដូចម្តេច
អ្នកអនុមោទនា ត្រូវប្រតិបត្តិដូចម្តេច។ សង្ឃគប្បីឲ្យដល់ ភិក្ខុអ្នកក្រាលកឋិន
ដោយញត្តិទុតិយកម្ម។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីលាង គក់ វាស់ កាត់ ដេរ ជ្រលក់
ធ្វើពិន្ទុកប្ប ហើយក្រាលកឋិនក្នុងថ្ងៃនោះឯង។ បើ
(ភិក្ខុអ្នកក្រាល)ចង់ក្រាលកឋិនដោយសង្ឃាដិ ត្រូវដកសង្ឃាដិចាស់ចេញ អធិដ្ឋាន សង្ឃាដិថ្មីឡើង
គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយសង្ឃាដិនេះ។ បើចង់ក្រាលកឋិនដោយចីពរ
ក៏គប្បីដកចីពរចាស់ចេញ អធិដ្ឋានចីពរថ្មីឡើង គប្បីបញ្ចេញវាចាថា
ខ្ញុំក្រាលកឋិនដោយចីពរនេះ។ បើចង់ក្រាលកឋិនដោយស្បង់ ក៏គប្បីដកស្បង់ចាស់ចេញ
អធិដ្ឋានស្បង់ថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលក ឋិនដោយស្បង់នេះ។
ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង
ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ
ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់ទាំងឡាយ ទទួលអនុមោទនាចុះ។
ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា
ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោកដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ)
ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ
ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា
បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ)
ប្រកបដោយធម៌ សូមលោកម្ចាស់រាល់អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ
គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ
លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។
ភិក្ខុអ្នកក្រាលកឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប ធ្វើចីពរឆៀងស្មាម្ខាង
ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ
ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកទទួលអនុមោទនាចុះ។ ភិក្ខុជាអ្នកអនុមោទនានោះ
គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ
កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌
ខ្ញុំសូមទទួលអនុមោទនា។
[២៣១] សួរថា សង្ឃក្រាលកឋិន គណៈក្រាលកឋិន បុគ្គលក្រាលកឋិន
ឡើងឬទេ។ ឆ្លើយថា សង្ឃក្រាលកឋិន មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន
ទើបឡើង។ ព្រោះសង្ឃក្រាលកឋិន ក៏មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន
ទើបឡើង កឋិន សង្ឃក្រាលមិនបានទេ កឋិន គណៈក្រាលមិនបានទេ កឋិន បុគ្គលទើបក្រាលបាន។
សួរថា សង្ឃសំដែងបាតិមោក្ខ គណៈសំដែងបាតិមោក្ខ បុគ្គលសំដែងបាតិមោក្ខ បានឬទេ។ ឆ្លើយថា
សង្ឃសំដែងបាតិមោក្ខមិនបាន គណៈសំដែងបាតិមោក្ខ មិនបានទេ បុគ្គលទើបសំដែងបាតិមោក្ខបាន។
ព្រោះថា សង្ឃក៏សំដែងបាតិមោក្ខមិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល
ទើបសំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ
បុគ្គលទើបសំដែងបាន។ ប៉ុន្តែ បាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះថា
គណៈបានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា
គណៈក៏ព្រមព្រៀងគ្នា បុគ្គលជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ
សង្ឃក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើបឡើង
ប៉ុន្តែកឋិនក៏ឈ្មោះថា សង្ឃបានក្រាល កឋិនក៏ឈ្មោះថា គណៈបានក្រាល កឋិនក៏ឈ្មោះថា
បុគ្គលបានក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គលបានក្រាល។
[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់
ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា
បលិពោធណាដាច់មុន។ ការដោះកឋិន គឺអស់អំណាចអានិសង្សកឋិន មានការចៀសចេញទៅជាកំណត់
ដែលព្រះពុទ្ធ ជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា ចីវរបលិពោធ ដាច់មុន អាវាសបលិពោធ ដាច់ជាមួយនឹងដំណើរ ដែលភិក្ខុនោះទៅខាងក្រៅសីមា។
[២៣៣] ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់
ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា
បលិពោធណាដាច់មុន។ ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់
ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរសម្រេចហើយ ចីវរបលិពោធទើបដាច់។
[២៣៤] ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់
ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា
បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់
ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិនក្រោយ។
[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់
ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ
នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានវិនាសចីវរជាកំណត់
ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរវិនាសទៅ ចីវរបលិពោធទើបដាច់។
[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ
បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន
មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ
ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន អាវាសបលិពោធដាច់
ជាមួយនឹងវេលាដែលភិក្ខុនោះបានឮដំណឹង។
[២៣៧] ការដោះកឋិន មានសេចក្តីអស់សង្ឃឹមជាកំណត់
ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ
នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីអស់សង្ឃឹម ជាកំណត់
ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើសេចក្តីសង្ឃឹមថានឹងបានចីវរ ផុតអស់ហើយ
ចីវរបលិពោធទើបដាច់។
[២៣៨] ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់
ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ
នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់
ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ
នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន កាលភិក្ខុនោះទៅដល់ក្រៅសីមាហើយ
អាវាសបលិពោធទើបដាច់។
[២៣៩] ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ
បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន
ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ
ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់ មិនមុន មិនក្រោយ។
[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន
ដែលអាស្រ័យនឹងបុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ
មិនអាស្រ័យនឹងបុគ្គល មានប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១
គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មាន៤យ៉ាង
គឺមានកិរិយាចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន
ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន មិនអាស្រ័យនឹងសង្ឃ
មិនអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១
មានសេចក្តីអស់សង្ឃឹម ជាកំណត់១ កឋិនដោះជាមួយនឹងភិក្ខុទាំងឡាយ១។
[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន
ដោះខាងក្រៅសីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន
ដោះខាងក្រៅសីមាក៏មាន។ ការដោះកឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១
ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ដោះខាងក្រៅសីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀសចេញទៅ
ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន
ដោះខាងក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើចីវរសម្រេច
ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១
មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។
[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា
មានប៉ុន្មានប្រការ ការដោះកឋិន កើតព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។
ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១
ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើតព្រមគ្នា រលត់ផ្សេងគ្នា។
ចប់ កឋិនភេទ ។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ
[២៤៣] និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា
បានក្រាលកឋិន និងមិនបានក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការដូចម្តេច១
ធម៌១៥ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយធម៌៧យ៉ាង១
មូលរបស់កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១ បុគ្គល៣ពួក១
ត្រូវដឹងការក្រាលកឋិនឡើង និងមិនឡើង៣យ៉ាង១ ត្រូវដឹងកិច្ចក្រាលកឋិន១
ភិក្ខុសំដែងបាតិមោក្ខ១ បលិពោធ១ កឋិនដោះ អាស្រ័យនឹងសង្ឃ ឬបុគ្គល១ កឋិនដោះខាងក្រៅ
និងខាងក្នុងសីមា១ កឋិនដោះ មានការកើត និងរលត់ព្រមគ្នា ឬផ្សេងគ្នា១។ ចប់ បរិវារៈ។