អភិប្រាយមង្គលសូត្រ ៣៨ ប្រការ
មង្គលសូត្រ ៣៨ ប្រការ
១. អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ។ ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថា បុគ្គលពាលមាន៣ជំពូកគឺ ៖
ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិត ប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាពនិងគំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុ ធ្វើខ្លួនឱ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឱ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែល ខ្លួនមានឱកាសកើតជាមនុស្ស ។
ខ. បុគ្គលស្វែងរកក្តីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ ឬស្វែងរក ក្តីសុខឱ្យខ្លួនឯងដោយការបៀតបៀតក្តីសុខអ្នកដទៃ ។
គ. បុគ្គលធ្វើឱ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។
ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកឱ្យបានប្រសើរ បុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា ប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរឱ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បី សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ក្រៅពីធ្វើឱ្យយើងវិនាសប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឱ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបអ្នក ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយត្ន ហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណានេះ ជាមង្គលដ៏ឧត្តម ។
២. បណ្ឌិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ។ បណ្ឌិត គឺលោក អ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់ និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញប្រយោជន៍និងក្តីសុខរបស់ខ្លួននិង មិនធ្វើឱ្យអ្នក ដទៃខូចប្រយោជន៍ ឬខូចក្តីសុខ មិនធ្វើឱ្យគេឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ម្យ៉ាងទៀត បុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖ ជាបុគ្គលខ្មាសអៀនមិនហ៊ានធ្វើអំពើអាក្រក់ ហិរិ និងខ្លាចក្តីអាក្រក់ មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយទាំងក្នុងទីកំបាំងនិងទីចំហរ ឱត្តប្បៈ ។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្តីចម្រើនទាំងគំនិត ប្រាជ្ញា ទាំងក្នុងសេដ្ឋកិច្ច ជីវភាព និងដើម្បីបានជាប្រយោជន៍ទាំង ឡាយ ពួកបុគ្គលគប្បីខ្នះខ្នែងស្វែងរកការសេពគប់ជាមួយបុគ្គលជាបណ្ឌិត ។ ដូច្នេះ កិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។
៣. បូជា ច បូជនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជា ។ បូជា គឺការឱ្យ ឬការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖
ក. បូជាដោយការឱ្យសម្ភារៈផ្សេងៗ (អាមិសបូជា)។
ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់ និង អនុវត្តតាម (បដិបត្តិបូជា) ។
ការបូជា ជាការប្រសើរ ប៉ុន្តែបើបូជាដល់បុគ្គលពាលគ្មានគុណធម៌ គ្មានសីលធម៌ ក្រៅពីមិនបានផលល្អដល់ខ្លួនឯងនិងសង្គមទៅ ក៏នៅរមែងបាននូវក្តីអន្តរាយ ក្តៅក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផង ជាពិសេសនឹងក្លាយជាអ្នកលើកតម្កើងសភាវៈអាក្រក់ ។ ហេតុនេះ ការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជា គឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃ តែងធ្វើនូវសេចក្តីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។ បូជនីបុគ្គលទាំងនេះ មានជាអាទិ៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ និងអ្នកដែលមានគុណូបក្ការៈចំពោះខ្លួន ឬចំពោះសង្គមជាតិជាដើម ។ ដូច្នេះការគោរពបូជាដល់បូជនីយ បុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។
៤. បដិរូបទេស វាសោច កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ ។ ប្រទេសដ៏សមគួរ គឺប្រទេស ដែលមានសុខសន្តិភាព គ្មានសង្គ្រាមកាប់សម្លាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ ច្បាប់ទម្លាប់ល្អប្រពៃ និងសម្បូរដោយអ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមានគុណធម៌ និងសីលធម៌ថ្លៃថ្នូរ ប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋនិងធម៌វិន័យត្រឹមត្រូវ ជាប្រទេសដែលមានអ្នកដឹកនាំនិងមន្ត្រីប្រកបដោយធម៌ ដឹកនាំសង្គមជាតិដោយការ គោរពច្បាប់ ដោយយុត្តិធម៌ និងជាហេតុនាំឱ្យមានក្តីចម្រើនរុងរឿង ។ ការរស់នៅក្នុងប្រទេសបែបនេះជាការប្រពៃ ព្រោះជាគ្រឹះក្នុង ការអភិវឌ្ឍគំនិតប្រាជ្ញាជាដើម ។ កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះ ជាមង្គលដ៏ឧត្តម ។
៥. បុព្វេ កតបុញ្ញតា ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ។ ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិតនិងផលអាក្រក់នៃអំពើទុច្ចរិត តែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗជាតិ ព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។ ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិនិងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះ ការខិតខំលះបង់បាននូវអំពើអាក្រក់ ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។
៦. អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ ។ តម្កល់ខ្លួន មានន័យថា ការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ បានដល់កិរិយាចេះពិចារណាឱ្យយល់ច្បាស់លាស់ថា អំពើល្អពិតជាផ្តល់ផលល្អ ឯអំពើអា ក្រក់ពិតជាផ្តល់ផលអាក្រក់ ហើយក៏កើតមានសទ្ធាជឿកម្មផលយ៉ាងមុតមាំ ព្រមទាំងញ៉ាំងខ្លួនឱ្យព្យាយាម ធ្វើតែអំពើល្អ មានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្ម ហើយប្រញាប់តម្កល់ខ្លួនក្នុងទានសីល ភាវនា សមាធិ ឱ្យនៅតែក្នុងសេចក្តីព្យាយាម មិនខ្ជឹលច្រអូស តាំងខ្លួនឱ្យនៅក្នុងសតិ ឱ្យនៅ ឆ្ងាយពីការធ្វេសប្រហែស ឬមិនយកខ្លូនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
៧. ពាហុសច្ច ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន ។ ប្រការនេះបានដល់ការស្តាប់ ការអាន និងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោកនិងផ្លូវធម៌ ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយនិងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូ និងរៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានសមត្ថភាពនិងមានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្តាប់ អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះ យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
៨. សិប្បៈ សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ។ ប្រការនេះបានដល់ការចេះដឹងនិងការប៉ិនប្រសប់ ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់ឱ្យស្ទាត់ជំនាញនូវមុខវិជ្ជាណាដែលខ្លួនបានសិក្សា (ឬនៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ) ដែលនាំមកនូវប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃ ។ ដូច្នេះ កិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិនប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួង ជាមង្គលដ៏ឧត្តម ។
៩. វិនយោ ច សុសិក្ខិតោ វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ។ វិន័យ គឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។ សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួសនិងច្បាប់របស់រដ្ឋជាដើម ។ បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសសក្តិ មានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអនាចារ គ្មានវិន័យ គ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះ គេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញ គឺបានតែពួកមនុស្សអែបអប រណេបរណបប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ ហេតុនេះ កិរិយារៀនវិន័យនិងច្បាប់រដ្ឋនិងព្យាយាម ប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។
១០. សុភាសិតា ច យា វាចា វាចាដែលបុគ្គលពោលដោយប្រពៃ ។ មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនងនិងផ្តល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែ ព្រះពុទ្ធបានបង្រៀនឱ្យយើងចេះជ្រើសរើស ពាក្យសម្ដីសម្រាប់និយាយស្តីឱ្យដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះ សាបព្រោះយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំឱ្យពោលពាក្យណាដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ខូចប្រយោជន៍ បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អពីរោះមានប្រយោជន៍ សូម្បីតែមួយឃ្លា មួយប្រយោគក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាន់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុ គឺពាក្យដែលបុគ្គលគប្បីពោល១០យ៉ាង គឺពោលអំពីការមិនលោភលន់១ អំពីការសន្ដោស១ អំពីការស្ងប់ស្ងាត់កាយនិងចិត្ត១ អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១ អំពីការព្យាយាម១ អំពីសីល១ អំពីសមាធិ១ អំពីបញ្ញា១ អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។ កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
១១-១២. មាតាបិតុ ឧបដ្ឋានំ កិរិយាបម្រើ ឬទំនុកបម្រុងមាតានិងបិតា ។ កូនប្រុស-ស្រីមានកាតព្វកិច្ចត្រូវចិញ្ចឹមមាតាបិតា ធ្វើការងារជំនួសគាត់ រក្សាវង្សត្រកូលឱ្យគង់វង្សនិងខ្ពង់ខ្ពស់ ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។ ព្រោះថា កូនដែលដឹងគុណមាតាបិតា ហើយប្រព្រឹត្ត ប្រតិបត្តិ គោរពមាតាបិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះ កិរិយាបម្រើ ទំនុកបម្រុងមាតាបិតា ជាមង្គលដ៏ឧត្តម ។
១៣. បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយា ។ មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន គឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១ ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិត ទាំងសកម្មភាព និងពាក្យសម្ដី) ជាអំពើមានតែប្រយោជន៍ មិននាំផលក្តៅក្រហាយ១ ទំនុកបម្រុងកូនឱ្យបានរៀនសូត្រ ឱ្យមានចំណេះដឹង មានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១ ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១ និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១ ឈ្មោះថា ជាមាតា បិតាសង្គ្រោះបុត្រយ៉ាងល្អ ។ ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺ និយាយពាក្យផ្អែមល្ហែមនឹងភរិយា១ មិនមើលងាយភរិយា១ មិនក្បត់ភរិយា១ ផ្គត់ផ្គង់ភរិយា១ និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ ឈ្មោះថាស្វាមីសង្គ្រោះភរិយា ។ បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថា ជាអ្នកបានកសាងគ្រឹះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិ ។ ដូច្នេះ កិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយា ជាមង្គលដ៏ឧត្តម ។
១៤. អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ ។ នេះបានដល់ការចេះបែងចែកប្រភេទការងារឱ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី ។ អ្នកដែលធ្វើការមិនច្របូកច្របល់ គឺជាអ្នកដែលមានសេចក្តីព្យាយាម ម៉ឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះ ពិតជានាំមកសេចក្តីចម្រើនជាលំដាប់ ។ ដូច្នេះ ការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។
១៥. ទានំ កិរិយាបរិច្ចាគទាន ។ ទាន គឺការឱ្យហើយគោលដៅនិងបំណងនៃការឱ្យនេះ គឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ ។ បុគ្គលដែលបានឱ្យរបស់អ្វីម្យ៉ាងទៅបុគ្គលណា ហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយ បុគ្គលនោះមិនមែនជាអ្នកធ្វើទានទេ គឺជាអ្នកធ្វើវិនិយោគ ។ ការធ្វើទាន គឺដើម្បីកាត់បន្ថយនូវគម្លាតគ្នារវាងអ្នកមាននិងអ្នកក្រ និងជាការលើកស្ទួយវប្បធម៌ចែករំលែក ក៏ជាវិធីដើម្បីកុំឱ្យមនុស្សគិតតែពីការបាន ដែលជាហេតុបង្កឱ្យមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍ ។ ធ្វើទានបានដល់ការធ្វើអំណោយពីរយ៉ាងគឺ ការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជា សម្លៀកបំពាក់ ចំណីអាហារ ផ្ទះសម្បែង និងថ្នាំព្យាបាលរោគជាដើមហៅថា អាមិសទាន គឺការឱ្យវត្ថុ សម្ភារៈ១ និងការឱ្យចំណេះ វិជ្ជាគំនិតយោបល់ល្អ ដើម្បីគេបានស្គាល់ខុសត្រូវ ស្គាល់ផ្លូវ ទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់ បុណ្យបាបជាដើមហៅថា ធម្មទាន គឺការឱ្យចំណេះវិជ្ជា គំនិតប្រាជ្ញា១ ។ កិរិយាដែលបានធ្វើនូវទានទាំងពីរប្រការនេះ ជាមង្គលដ៏ឧត្តម ។
១៦. ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ ។ បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១ កិរិយាមិនលួចប្លន់១ កិរិយាមិនប្រព្រឹត្តល្មើសក្នុងកាមតណ្ហា១ កិរិយាមិនកុហកឆបោកកេងប្រវញ្ច១ កិរិយាមិនពោលពាក្យញុះញង់ អុជអាល បំបែកបំបាក់១ កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១ កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១ កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១ កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវ គឺយល់ថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និងលោកិយ១ ។ កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ប្រការនេះ ជាមង្គលដ៏ឧត្តម ។
១៧. ញាតកានញ្ច សង្គហោ កិរិយាសង្គ្រោះញាតិទាំងឡាយ ។ ដែលហៅថាញាតិបានដល់បងប្អូនជាញាតិសន្តានទាំងពីរខាង គឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមកនិងតាំងពីដូនតាទី៧ខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរសន្តាន) ។ មនុស្សល្អតែងស្រឡាញ់រាប់អាននិងសង្គ្រោះ យឹតយោង លើកស្ទួយ ផ្ចុងផ្តើមឱ្យញាតិសន្តានរបស់ខ្លួនឱ្យបានសិក្សាអប់រំ មានមុខរបរការងារសុចរិតនិងជួយដាស់តឿនដឹកនាំឱ្យពួកគេដើរលើផ្លូវល្អ ផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយត្ន ប្រយែងក្រែងក្លាយជាជនអគតិគឺលម្អៀង ប្រព្រឹត្តប្រាសចាកច្បាប់ និងគុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ) ។ ដូច្នេះ ការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយប្រពៃ ជាមង្គលដ៏ឧត្តម ។
១៨. អនវជ្ជានិ កម្មានិ កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ។ ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌ទាំងឡាយលោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ ការងារដែលមិនមានទោសដូចជា ការចិញ្ចឹមមាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះ គឺជាការងារមិនមានទោស ។ ការប្រព្រឹត្តតែការងារមិនមានទោស ជាមង្គលដ៏ឧត្តម ។
១៩. អារតី វិរតីបាបា កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ។ ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹងឮ ឬឃើញ គេគិត ឬកំពុងធ្វើអំពើអាក្រក់អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងកាម ការកុហកកេងប្រវញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬមានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញ បៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្តីសង្វេគតក់ស្លុត ចំពោះអំពើទាំងនោះទៀតផង ។ ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាបទាំងឡាយដូចដែលបានពោលមកហើយជាដើម ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អ ធ្វើអាក្រក់ពិតជាបានអាក្រក់ ។ ដូច្នេះ កិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
២០. មជ្ជបានា ច សញ្ញាមោ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ។ នេះបានដល់ការតមសុរា និងមេរ័យគ្រប់ប្រភេទ ព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះដូចជាអស់ប្រាក់កាស ខាតពេល វេលា ខូចសុខភាព ធ្វើឱ្យខ្សោយគំនិតប្រាជ្ញា និងជួនកាល បណ្តាលឱ្យមានកិរិយាថោកទាបនិងឈ្លោះទាស់ទែងគ្នាទៀតផង ។ ដូច្នេះការពិចារណាឱ្យឃើញច្បាស់នូវទោសនៃសុរា ហើយតាំងចិត្តព្យាយាមចៀសវាងឱ្យបាននូវ ការផឹកទឹកស្រវឹងគ្រប់ប្រភេទ ជាមង្គលដ៏ឧត្តម ។
២១. អប្បមាទោ ច ធម្មេសុ ការមិនប្រមាទក្នុងធម៌ទាំងឡាយ ។ នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថាការបណ្តោយខ្លួនឱ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខមានស្រី ស្រា និងល្បែងស៊ីសងជាដើម គឺជាមូលហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។ បុគ្គលមិនប្រមាទរមែងមិនភ្លេចខ្លួន ហើយតែងភ្ញាក់រឭក យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្តីចម្រើនដល់ខ្លួនឯងនិងសង្គមសមដូចពុទ្ធភាសិតថា អប្បមាទោ អមតំបទំ ការមិនប្រមាទ ជាផ្លូវនៃក្តីមិនស្លាប់ ។ ដូច្នេះ ការមិនប្រមាទ ហើយភ្ញាក់រឭកព្យាយាមធ្វើតែអំពើ ល្អ សុចរិត យុត្តិធម៌ ជាមង្គលដ៏ឧត្តម ។
២២. គាររោ ច កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ។ ការគោរពត្រូវប្រកបដោយអង្គបី គឺដោយកាយ គឺឱនលំទោនលើកដៃសំពះ១ ដោយវាចា គឺពោលពាក្យទន់ភ្លន់សុភាពរាបសា១ និងដោយចិត្ត គឺមិនប្រមាថ១។ ឯបុគ្គលដ៏ជាទីគោរពនោះ គឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១ បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជាអ្នកប្រាជ្ញនិងអ្នកដឹកនាំរដ្ឋ មានមន្ត្រី រាជការ ដែលមានភាពសុចរិតទៀងត្រង់ តាំងនៅក្នុងច្បាប់ជាដើម១ និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១ ។ ការធ្វើនូវសេចក្តីគោរពចំពោះ គារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។
២៣. និវាតោ ច កិរិយាប្រព្រឹត្តបន្ទាបខ្លួន ។ នេះបានដល់ការខិតខំជម្រុះនូវគំនិតដែលសម្គាល់ខ្លួនឯង ជាតិសាសន៍ខ្លួន ជាតិត្រកូលខ្លួន ពូជអម្បូរខ្លួនថាប្រសើរជាងគេ ។ ព្រោះថា គំនិតនេះ នឹងនាំឱ្យកើតអស្មិមានៈក្នុងខ្លួន ហើយមើលងាយអ្នកដទៃ ដែលជាមូលហេតុឱ្យមានការប្រជែងវាសនានិងជាហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។ បុគ្គលទោះមានឋានៈ យសសក្តិ ទ្រពសម្បត្តិ ចំណេះវិជ្ជាយ៉ាងណាក្តី បើជាបុគ្គលក្រអឺតក្រទម មិនសង្រួមទេនោះ នឹងមិនទទួលបានការគោរពរាប់អាននិងកោតសរសើរឡើយ ប៉ុន្តែបើបែរជាបានវិញ គឺបានតែពីសម្នាក់ពួកជនប្លម ប្រចុបប្រចែង និងជនពាលតែប៉ុណ្ណោះ ។ ដរាបណាគំនិតប្រកាន់ពូជសាសន៍ ជាតិ ត្រកូល និងអស្មិមានៈបានត្រូវលះបង់អស់ហើយ ហើយប្រព្រឹត្តធ្វើតែអំពើល្អ ព្រោះក្តីមិនប្រមាថ ដរាបនោះសេចក្តីសុខចម្រើននឹងកើតមានជាមិនខាន ។ ដូច្នេះការប្រព្រឹត្តបន្ទាបខ្លួន ជាមង្គលដ៏ឧត្តម ។
២៤. សន្តុដ្ឋី ច សេចក្តីសន្ដោសត្រេកអរចំពោះរបស់ដែលមាន ។ នេះបានដល់សភាពនៃចិត្តដែលត្រេកអរ ទៅតាមមានតាមបាន គឺទៅតាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនដែលមាន ។ ព្រះពុទ្ធបានបង្រៀនមនុស្សឱ្យចេះខិតខំប្រឹងប្រែងព្យាយាមបំពេញការងារឱ្យយ៉ាងអស់ពីសមត្ថភាពនិងសក្តានុពលរបស់ខ្លួន ប៉ុន្តែ ការដែលបានសម្រេចសមតាមបំណងប៉ុណ្ណា ក៏តោងចេះឱ្យតម្លៃនិងពេញ ចិត្តរបស់ទាំងនោះ ព្រោះថាក្នុងលោកនេះ ប្រសិនបើមនុស្សប្រាថ្នាអ្វីបានហ្នឹងនោះពិភពលោកមុខជាមិនបានគង់វង្សមកដល់ថ្ងៃនេះទេ ។ ម្យ៉ាងសោតរឿងពិតក្នុងលោកតែងតែមានការមិនសមបំណងជារឿយៗ ហេតុនេះ ដើម្បីរស់នៅដោយចុះសម្រុងនិងមានក្តីសុខនោះ គឺត្រូវចេះទទួលស្គាល់ការពិត និងស្កប់ស្កល់ចំពោះអ្វីដែលបានមកពីការខិតខំរបស់ខួន ។ បុគ្គលដែលមានសន្ដានចិត្តសន្ដោស រមែងមិនភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន រហូតមើលងាយ ឬច្រណែននឹងអ្នកដទៃ នៅពេលដែលខ្លួនមានលាភ យសសក្តិ ទ្រព្យសម្បត្តិក្តី ឬធ្លាក់ខ្លួនក្រខ្សត់បាត់យសសក្តិក្តី ។ ដូច្នេះ ការ ព្យាយាមអប់រំចិត្តខ្លួនឱ្យបានជាចិត្តសន្ដោសយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
២៥. កតញ្ញូតា ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ។ បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។ បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការគុណគេវិញឈ្មោះថា កតញ្ញូកតវេទីបុគ្គល ។ ឯបុគ្គលដែលបានធ្វើឧបការគុណ គឺសេចក្តីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្មោះថា បុព្វការី ។ មាតាបិតា ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើត ព្រោះលោកបានបង្ហាត់បង្រៀនបុត្រ ។ ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធបរិស័ទនិងមនុស្ស សត្វទាំងឡាយ ព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ គឺអដ្ឋង្គិកមគ្គ ដើម្បីមនុស្ស សត្វ ទេព្តាទាំងអស់ ៘ បើមិនមានបុព្វការីជនមានមាតាបិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយ តោងប្រយត្នបុគ្គលខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណនិងតែងតបស្នងសងគុណគេវិញជាប្រក្រតីនោះ ក៏បានឆ្លៀតឱកាសបង្កហេតុ ហើយ ធ្វើជាមកជួយយកអាសាយើង ដើម្បីឱ្យយើងជំពាក់គុណគេ (ទើបគេឱ្យយើង ធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ) ។ ដូច្នេះ ការខិតខំកសាងខ្លួនឱ្យបានជា កតញ្ញូកតវេទីបុគ្គលផង ទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។
២៦. កាលេន ធម្មស្សវនំ កិរិយាស្តាប់នូវធម៌តាមកាល ។ ធម៌ ជាផែនទីសម្រាប់ស្វែងរកកំណប់ គឺផលប្រយោជន៍និងក្តីសុខក្នុងជីវិត ។ ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាំថ្ងៃ ទៅស្តាប់ព្រះធម៌យ៉ាងហោចណាស់មួយអាទិត្យបានម្តង ព្រោះថាធម៌គឺជាគុណជាតិបំភ្លឺបង្ហាញប្រាប់ឱ្យស្គាល់ខុស ស្គាល់ត្រូវ គុណទោស ល្អអាក្រក់ បុណ្យបាបយ៉ាងសត្យានុម័ត ដែលអាចយកទៅប្រព្រឹត្តបានសេចក្តីសុខខ្លួនឯងនិងសង្គមជាតិ (ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬពេលចូលនិវត្តន៍ពីការងារ សឹមស្តាប់ធម៌នោះ ជាទស្សនៈមិនត្រឹមត្រូវឡើយ) ។ ដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌ គឺសេចក្តីល្អកាន់តែច្រើន ដរាបនោះសង្គមជាតិនិងពិភពលោកកាន់តែរីកចម្រើននិងសុខសាន្ត ។ ដូច្នេះ ការព្យាយាមស្តាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។
២៧. ខន្តិ ច សេចក្តីអត់ធ្មត់ ។ ខន្តី គឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រម្ងាប់នឹងនរ ទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថ ឬភាពអយុត្តិធម៌ជាដើម ។ តាមធម្មតាក្នុងស្ថានភាពបែបនេះ អ្នកដែលគ្មានខន្តី រមែងមានសេចក្តីក្រោធខឹងក្តៅក្រហាយជាប្រាកដ ហើយតែងតបទៅវិញដោយអំពើហិង្សា ឬពាក្យទ្រគោះដោយប្រការណាមួយមិនខាន ដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ ។ ចំណែកឯអ្នកមានខន្តីធម៌វិញ ពេលរងនូវអំពើអាក្រក់បែបណា រមែងមិនក្រោធខឹង មិនក្តៅក្រហាយផ្តេសផ្តាសឡើយ ហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត ដែលជាហេតុនាំមកនូវសុខសន្តិភាពយ៉ាងប្រពៃ ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណា ក៏មិនអើពើឡើយ ។ តាមពិត បើឃើញថាគួរតែឆ្លើយតបនោះគឺតោងតែឆ្លើយតប ប៉ុន្តែធ្វើដោយចិត្តស្ងប់មិនមែនធ្វើតាមកំហឹង ។ ដូច្នេះ ការព្យាយាមកសាងអប់រំខ្លួនឱ្យមានសន្ដានចិត្តប្រកបដោយខន្តី គឺសេចក្តីអត់ធន់ដ៏ប្រពៃ ហើយជាមង្គលដ៏ឧត្តម ។
២៨. សោវចស្សតា ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ ។ មនុស្សប្រដៅដោយងាយ គឺជាអ្នកដែលឆាប់ទទួលយកនូវដំបូន្មានឪពុកម្តាយ គ្រូ អាចារ្យ ចាស់ព្រឹទ្ធាចារ្យ និងមតិយោបល់របស់បណ្ឌិតទាំងឡាយ ព្រោះភាពខ្លួនជាអ្នកឈ្លាសវៃមានការចេះដឹងច្រើន ឆាប់ពិចារណាឃើញនូវហេតុផលច្បាស់លាស់ថែមទាំងជាបុគ្គលមានចិត្តបើកទូលាយ បន្ទាបខ្លួនមិនប្រកាន់មានៈ តែទោះយ៉ាងណាតោងតែធ្វើដោយបញ្ញា ប្រយត្នត្រូវជនពាលបញ្ចុះបញ្ចូល អូសទាញឱ្យលុះក្នុងគំនិតគិតខុស ។ ឯអ្នកដែលមិនលុះតាមដំបូន្មានមាតាបិតានិងបណ្ឌិតជាដើម ក៏ព្រោះតែភាពនៃខ្លួនជា អ្នកមិនឆ្លៀសវៃ មិនមានការចេះដឹង ម្ល៉ោះហើយក៏មានការងងឹតងងល់ក្នុងអស្មិមានៈយ៉ាងធ្ងន់ធរ ។ មានតែការខិតខំរៀនសូត្រនិងស្តាប់ធម៌ទេសនាជាដើមទេ ទើបអាចធ្វើខ្លួនឱ្យទៅជាបុគ្គលងាយប្រដៅបាន ។ ដូច្នេះ ការខិតខំកសាងខ្លួនឱ្យបានក្លាយជាបុគ្គល ដែលគេងាយប្រដៅ ជាមង្គលដ៏ឧត្តម ។
២៩. សមណានញ្ច ទស្សនំ កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រម្ងាប់ហើយ ។ សមណៈ គឺជាបព្វជិតដែលលះបង់ផ្ទះទៅបួស ហើយខិតខំប្រព្រឹត្តប្រតិបត្តិធម៌ធ្វើកាយ វាចា ចិត្តឱ្យស្ងប់ស្ងាត់ ចាកកិលេស គឺលោភៈ ទោសៈ មោហៈ មានឥរិយាបថស្ងប់ស្ងាត់ស្រគត់ស្រគំគួរជាទីគោរពជ្រះថ្លានៃជនទាំងពួង ។ លើសពីនេះទៅទៀត សមណៈទាំងឡាយ លោកតែងឱ្យដល់អ្នកដែលបានមកជួបនូវដំបូន្មានដ៏ប្រពៃជាមាគ៌ាសម្រាប់ប្រព្រឹត្តប្រតិបត្តិឱ្យបានសុខចម្រើនក្នុងជាតិនេះនិងជាតិខាងមុខ ។ ដូច្នេះ ការបានជួបនឹងសាមណៈទាំងឡាយ ជាមង្គលដ៏ឧត្តម ។
៣០. កាលេនធម្មសាកច្ឆា កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល ។ នេះបានដល់ការចេះបែងចែកពេលវេលាឱ្យមានឱកាសសម្រាប់ជួបជុំគ្នាញឹកញាប់ ដើម្បីពិក្សាផ្លាស់ប្តូរយោបល់គ្នា អំពីធម៌វិន័យក្រោមអធិបតីភាពនៃលោកអ្នកចេះដឹងជ្រៅជ្រះដែលជាអ្នកមានគុណធម៌ និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចម្ងល់គ្រប់យ៉ាងបាន ។ មួយសោត ដើម្បីពិភាក្សាដោះស្រាយនូវបញ្ហានានានិងស្វែងរកនូវការចុះសម្រុងគ្នា ។ ទង្វើបែបនេះ ក៏ជាការសាបព្រោះនូវវប្បធម៌អហឹង្សានិងសន្តិភាពផងដែរ ។ ធ្វើយ៉ាងនេះ គឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយច្បាស់លាស់ជាបន្តបន្ទាប់ ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិបានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិពិតប្រាកដ ។ ដូច្នេះ កិរិយាចូលរួមក្នុងការសន្ទនាសាកសួរធម៌តាមកាលជាមង្គលដ៏ឧត្តម ។
៣១. តបោ ច សេចក្តីព្យាយាមដុតនូវបាបធម៌ ។ បាបធម៌បានដល់លោភៈ គឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈគ្រប់យ៉ាង១ ទោសៈ គឺចិត្តប្រទូសរ៉ាយ ស្អប់ ក្រោធខឹងគ្រប់យ៉ាង១ និងមោហៈ គឺក្តីងងឹតងងល់ វង្វេងវង្វាន់ មានកាប់សម្លាប់ លួចប្លន់ និងកុហកឆបោក កេងប្រវញ្ចជាដើម ។ រីឯតបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើផងនិងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទាន សីល ភាវនា សាងផ្លូវថ្នល់សាលារៀនជាដើមផង ដែលសុទ្ធតែមានប្រយោជន៏ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាងពិតប្រាកដ ។ ដូច្នេះ សេចក្តីព្យាយាម ដុតនូវបាបធម៌ ជាមង្គលដ៏ឧត្តម ។
៣២. ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ។ នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរ ទាំង ៨ យ៉ាងគឺ៖ មិនសម្លាប់ជីវិតសត្វ១ មិនលួចប្លន់១ មិនប្រព្រឹត្តស្នេហា១ មិនភូតកុហក១ មិនផឹកទឹកស្រវឹង១ មិនបរិភោគពេលរសៀលនិងយប់១ មិនរាំច្រៀង លេងភ្លេង និងមិនតុបតែងកាយដោយគ្រឿងអលង្ការ១ មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១ ។ នេះគឺជាការប្រព្រឹត្តសង្រួមកាយ វាចា ចិត្តយ៉ាងប្រពៃ ដែលមានប្រយោជន៍ដល់ខ្លួនឯង ព្រោះបានធ្វើចិត្តឱ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់សង្គមជាតិ ព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ ។ ដូច្នេះ កិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម ។
៣៣. បរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។ អរិយសច្ច ធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺ ទុក្ខសច្ចៈ សេចក្តីទុក្ខ១ សមុទយសច្ចៈ ហេតុនៃសេចក្តីទុក្ខ១ និរោធសច្ចៈ ទីដែលក្តីទុក្ខត្រូវបានរំលត់១ និងមគ្គសច្ចៈ វិធីរំលត់ទុក្ខ១។ សេចក្តីពិតនៃជីវិតមនុស្ស សត្វ ទេព្តា ក្នុងត្រៃភព គឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។ មូលហេតុនៃសេចក្តីទុក្ខនេះ គឺបណ្តាលមកពីជីវិត ដែលពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង ។ ដរាបណាកិលេសតណ្ហាត្រូវបានរំលត់អស់ហើយ ដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ ។ ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌នេះ ហើយព្យាយាមប្រព្រឹត្ត ប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ា ដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨ គឺអដ្ឋង្គិកមគ្គ ទើបបានរំលត់កិលេសតណ្ហាឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង ។ ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជាមង្គលដ៏ឧត្តម ។
៣៤. និព្វាន សច្ឆិរិយា ច កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ។ នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិ បញ្ញា ឱ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វាន គឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ គឺការយល់ឃើញត្រឹមត្រូវពិតប្រាកដ១ សម្មាសង្កប្បៈ គឺការត្រិះរិះត្រឹមត្រូវ គឺគិតនិងរម្លត់តណ្ហា១ សម្មាវាចា គឺការពោលតែពាក្យត្រឹមត្រូវ១ សម្មាកម្មន្តៈ គឺការប្រព្រឹត្ត ធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១ សម្មាអាជីវៈ គឺការប្រកបមុខរបរត្រឹមត្រូវដោយចៀសវាងនូវអំពើបាប៥យ៉ាងមានការលក់មនុស្សជាដើម១ សម្មាវាយាមៈ គឺការព្យាយាមត្រឹមត្រូវ គឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឱ្យអស់ និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់ឱ្យមានតាំងនៅនិងកាន់តែចម្រើនឡើង ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មានឱ្យមានជាប្រាកដ១ សម្មាសតិ គឺការរឭកដ៏ត្រឹមត្រូវមានការរឭកនូវ វេទនាខាងក្នុងនិងវេទនាខាងក្រៅជាដើម១ និងសម្មាសមាធិ គឺការតម្កល់ចិត្តឱ្យខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ ដូច្នេះ ការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។
៣៥. ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ។ លោកធម៌ គឺជាធម្មជាតិ ជាទីប្រាថ្នា និងជាទីស្អប់របស់មនុស្ស និងជាធម៌ដែលតែងកើតមាននៅក្នុងលោកដល់មនុស្សគ្រប់រូប មិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬមិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬជាសាសនិករបស់សាសនាណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានរមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង៨នេះឡើយ ទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះ ការព្យាយាមអប់រំចិត្តឱ្យបានទៅជាចិត្តដែលមិនញាប់ញ័រដោយលោកធម៌ទាំង៨នេះ ជាមង្គលដ៏ឧត្តម ។
៣៦. អសោកំ ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ ។ មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍ គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទីនៃជីវិតរបស់ខ្លួន ។ ជាការពិតណាស់តាំងពីភ្ញាក់ពីដំណេកដឹងខ្លួនឡើងត្រចៀកជួបនឹងស៓ឡេង ភ្នែកជួបនឹងរូប ច្រមុះជួបនឹងក្លិន អណ្តាតជួបនឹងរសជាតិ កាយប៉ះនឹងវត្ថុគ្រប់យ៉ាង ។ អារម្មណ៍ទាំងនេះ ខ្លះជាទីពេញចិត្តនាំឱ្យសប្បាយ ខ្លះជាទីស្អប់ខ្ពើមនាំឱ្យខឹងមួម៉ៅក្តៅក្រហាយ ។ ប៉ុន្តែ ព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធ ចាកកិលេសតណ្ហា លោភៈ ទោសៈ មោហៈហើយនោះ លោកមិនសោយសោកក្តៅក្រហាយនឹងអារម្មណ៍ទាំងឡាយនោះឡើយ ។ ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅ ជាមង្គលដ៏ឧត្តម ។
៣៧. វីរជំ ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ។ នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបី គឺលោភៈចិត្ត ស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាង ដែលនាំឱ្យមានសេចក្តីលោភលន់គ្មាន ទីបំផុត១ ទោសៈចិត្ត ថ្នាំងថ្នាក់ស្អប់ខ្ពើម ក្រោធខឹង ទោមនស្ស ប្រទូស្តនឹងសម្ភារៈគ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១ មោហៈចិត្ត វង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុច្ចរិត១ ។ ដូច្នេះ កិរិយាអប់រំចិត្តឱ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេស ជាមង្គលដ៏ឧត្តម ។
៣៨. ខេមំ ចិត្តក្សេមក្សាន្ត ។ នេះបានដល់សន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ ជាប្រធាន ដែលបានឆ្លងផុតពីអន្លង់ទាំង៤គឺ ៖ អន្លង្ល់គឺកាមតណ្ហា១ អន្លង់គឺភពទាំងបី១ អន្លង់គឺទិដ្ឋិយល់ខុស១ និងអន្លង់គឺអវិជ្ជា ការមិនយល់មិនដឹងនូវសច្ចធម៌១ ។ ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយ គឺជាចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង ។ ដូច្នេះ កិរិយាខំកសាងខ្លួនគឺអប់រំចិត្តឱ្យបានទៅជាចិត្តក្សេមក្សាន្តយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយខិតខំប្រព្រឹត្តប្រតិបត្តិនូវមង្គលទាំង៣៨ប្រការនេះឱ្យបរិបូណ៌ ហើយ រមែងមិនចាលចាញ់ក្នុងទីទាំងពួង រហូតសម្រេចមគ្គផលនិព្វានជាទីអវសាន ៕