Thứ Năm, tháng 7 30, 2020


អ្នកនិពន្ធរឿងទុំទាវជានរណា?







រឿងទុំទាវគឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ។ រឿងទុំទាវកវីយើងបានរចនាជាអត្ថបទពាក្យកាព្យបទពាក្យប្រាំពីរមានកម្រាស់ ១១៨ ទំព័រហើយជាស្នាដៃរបស់ព្រះបុទមត្ថេរសោម(ភិក្ខុ សោម)។
ព្រះបុទមត្ថេរសោមកើតនៅឆ្នាំ ១៨៥២ នៅភូមិកព្រៅ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ។ លោកមានឪពុកឈ្នោះ ងួន ម្តាយឈ្មោះ យិន ។ ពេលដែលលោកមានអាយុ ១៥ ឆ្នាំឪពុកម្តាយលោកបានយកលោកឲ្យទៅបួសរៀននៅវត្តវិហារធំ ។ បួសបានពីរព្រះវស្សាលោកក៏បានសឹកមកវិញដើម្បីជួយធ្វើស្រែចម្ការឪពុកម្តាយ រហូតដល់លោកអាយុ ២១ឆ្នាំ ចូលបួសជាភិក្ខុដែលមានគោរងារ បុទមត្ថេរ មិនតែប៉ុណ្ណោះ លោកបានមកបំពេញវិជ្ជានៅទីក្រុងភ្នំពេញរហូតចប់បរិញ្ញាប័ត្រផ្នែកសាសនាហើយលោកក៏បានវិលត្រឡប់ទៅធ្វើជាចៅអធិការវត្តវិហារធំវិញ ។ ភិក្ខុសោម គឺជាមនុស្សម្នាក់ដែលមានចំនេះដឹងជ្រៅជ្រះចេះភាសាបាលីយ៉ាងស្ទាត់ជំនាញហើយនិងភាសាបរទេស ។ ក្នុងតួនាទីជាចៅអធិការវត្តភិក្ខុសោមបានអប់រំសិក្សា និស្សិត ប្រជាជន ឲ្យរស់នៅតាមសម្មាជីវោ ។ លោកតែងតែអប់រំបន្ទន់ចិត្តសាមណេរឲ្យមានប្រតិបត្តិតែនឺងធម៍ រហូតសុគតនៅឆ្នាំ ១៩៣២ ក្នុងព្រះជន្នាយុ ៨០ ព្រះវស្សា ។
ភិក្ខុសោមមានស្នាដៃនិពន្ធតែពីរ រឿងនេះទេ ហើយសុទ្ធតែជារឿងប្រលោមលោកដូចជា

– រឿងផ្ការាំទឹករាំ និពន្ធក្នុងឆ្នាំ ១៩១១

– រឿងទុំទាវ និពន្ធក្នុងឆ្នាំ ១៩១៥
បើគិតតាមការរៀបរាប់របស់ភិក្ខុសោម បានឲ្យយើងដឹងថា ដំណើររឿងទុំទាវបានប្រព្រឹត្តទៅនៅក្នុងសម័យកាលលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃកំឡុងឆ្នាំ ១៥៩១ – ១៥៩៦ ។ ប៉ុន្តែបើយើងនិយាយពីសង្គមបរិយាកាសក្នុងការតែងនិពន្ធវិញគឺស្ថិតនៅសម័យអាណានិគមន៍បារាំង។
នៅក្នុងសម័យកាលនោះ សៀមបានវាយបែកបន្ទាយលង្វែកនៅឆ្នាំ ១៥៩៣ ព្រមទាំងបានប្រមូលឯកសារជាច្រើនរបស់ខ្មែរយើងទៅប្រទេសវាថែមទៀតផង ។ ឆ្នាំ ១៥៩៤ ស្តេចរាមាជើងព្រៃបានកេណ្ឌប្រមូលទ័ពពីស្រុកស្រីសន្ធរ ដើម្បីទៅដោះយកក្រុងលង្វែកមកវិញហើយនៅពេលនោះដែលមានការដណ្តើមរាជ្យក្នុងរាជវង្សរវាងបងប្អូនខ្លួនឯង ។ ស្តេចរាមាបានសោយរាជ្យត្រឹមតែ ២ ឆ្នាំ ស្រាប់តែត្រូវប្អូនប្រុសបានទៅពឹងពាក់ សៀម បារាំង ព័រទិយហ្គាល អេស្ប៉ាញញ៉ុល ឲ្យមកជួយដណ្តើមរាជ្យដើម្បីឲ្យពញ្ញតន់ដែលជាក្មួយគ្រងរាជ្យជំនួស ។ ក្រោយពេលធ្វើគុតបងប្រុសបានហើយ ពញ្ញាតន់បានគ្រងរាជ្យឆ្នាំ ១៥៩៦- ១៥៩៧ ហើយនៅពេលនោះដែរពញ្ញយាមក៏បានលួចធ្វើគុតពញ្ញាតន់ហើយឡើងសោយរាជ្យសម្បត្តិខ្លួនឯង ។
        រឿង រឿងទុំទាវតែងឡើងនៅថ្ងៃ ច័ន្ច ទី ១៤ ខែភទ្របទ ត្រូវនិង ព.ស ២៤៥៨ ត្រូវនិង គ.ស ១៩១៥ នាសម័យអាណានិគមន៍បារាំង ។
ដំណើររឿងទុំទាវទាំងមូលបានបញ្ជាក់ពីទីកន្លែងយ៉ាងច្បាស់ដូចជា វត្តវិហារធំ ស្រុក បាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និង នៅក្រោមដើមពោធិជើងខាល ។
មូលន័យ ៖ រឿងទុំទាវគេចង់និយាយពីប្រវត្តិស្នេហ៍របស់យុវជនខ្មែរនៅសម័យលង្វែក ។
មូលបញ្ហា៖ និយាយពីការតស៊ូដែលមានលក្ខណៈជាបុគ្គលក្នុងការទាមទារសិទ្ធិសេរីភាពដើម្បីជ្រើសរើសគូរស្រករដោយខ្លួនឯង។
រឿងទុំទាវជារឿងដែលខ្មែរគ្រប់រូបចេះចាំស្ទាត់ហើយនិទានតៗគ្នាដោយឥតមានដាច់រហូតមកដល់សព្វថ្ងៃនេះ ។ បើតាមអ្នកស្រាវជ្រាវអក្សរសាស្រ្តគឺជារឿងពិតដែលកើតមានឡើងនៅសម័យលង្វែក គឺនៅ ស.វ ទី១៦ ។ ទោះបីជារឿងនេះត្រូវបានហាមឃាត់មិនឲ្យយកមកនិយាយនៅខេត្តត្បូងឃ្មុំតាំងពីសម័យនោះមកក្ដី ក៏នៅឆ្នាំ១៩១៥ គឺនៅក្នុងរាជហ្លួងស៊ីសុវត្តិ លោកគ្រូព្រះបុទមត្ថេរសោមចៅអធិការវត្តកំព្រៅ ស្រុកស្រីស៊ីធរកណ្ដាល ខេត្តព្រៃវែង បានយកមករៀបរៀងទុកជាកេរ្តិ៍តំនែលដែរ ។ គឺជាវណ្ណកម្មអក្សរសិល្ប៍មួយដ៏ល្អប្រណិត សរសេរជាកាព្យពាក្យ ៧ ពីដើមរហូតដល់ចប់ ។ នៅឆ្នាំ១៩៤២ នៅក្នុងរាជព្រះបាទនរោត្តមសីហនុ កវី នូ កន បានយករឿងនេះមកសរសេរម្ដងទៀតប៉ុន្តែត្រូវបានប្រែឈ្មោះថា ទាវឯក ដូច្នេះវិញ ។ តាក់តែងជាកាព្យពាក្យ ៨ រឿងទាវឯក របស់ឧកញ៉ាវិបុលរាជសេនា នូ កន ក៏មានគេស្គាល់ច្រើនណាស់ដែរពីព្រោះមានពន្លឺថ្មីៗបន្ថែមទៀត ។ បើតាមលោក លី ធីមតេង កវីសន្ធរម៉ុក ក៏បាននិពន្ធរឿងទុំទាវនេះដែរ ប៉ុន្តែច្បាប់ដើមរកពុំឃើញ គឺគ្រាន់តែឃើញសំណៅខ្លះៗរប៉ាត់រប៉ាយ ហើយមិនគ្រប់គ្រាន់ ។ រីឯបណ្ឌិត ឃីង ហុកឌី វិញនៅក្នុងមាលិបទអក្សរសិល្ប៍ខ្មែរ ស.វ ទី ១៩ របស់លោក នៅត្រង់ទំព័រ២០០ លោកគ្រាន់តែបញ្ជាក់ថា នៅឆ្នាំ១៩៦០ សាស្រ្តាចារ្យមួយក្រុមបានបោះពុម្ពផ្សាយរឿងទុំទាវមួយដែលគេសន្និដ្ឋានថាជាស្នាដៃរបស់សន្ធរម៉ុក ហើយដែលលោក ហង្ស ធន់ហាក់ បានសរសេរអំពីប្រវត្តិរបស់កវីរូបនេះនៅក្នុងទំព័រខាងមុខ ។ ទោះជាយ៉ាងណាក្ដី ក៏ដំណើររឿងក៏ពុំមានអ្វីខុសគ្នាដែរ រីឯការបកស្រាយសារៈនៃរឿងក៏ប្រហាក់ប្រហែលគ្នាដែរ ទោះបីពុំទាន់មានលក្ខណៈស៊ីជម្រៅប្រមាណក្ដីមកទល់សព្វថ្ងៃនេះ ។ ដោយរឿងនេះមានគេដឹងសព្វគ្រប់រួចទៅហើយ ខ្ញុំសូមលើកយកតែបញ្ហាមួយចំនួនមកចោទតែប៉ុននោះ ដើម្បីផ្ដល់ឲ្យរឿងនេះមានពន្លឺគ្រប់គ្រាន់សម្រាប់យល់ឲ្យបានកាន់តែច្បាស់ថែមទៀត ។ រីឯអត្ថបទដែលនឹងលើកយកមកធ្វើជាមូលដ្ឋានសម្រាប់បទអត្ថាធិប្បាយនេះ គឺអត្ថបទរបស់ព្រះបុទមត្ថេរសោម ។ ជាទូទៅគេយល់ថា រឿងទុះទាវនេះជារឿងនៃសេចក្ដីស្នេហាដ៏បរិសុទ្ធរវាងទុំ និងទាវ ព្រោះនៅពេលដែលទុំត្រូវពួកអរជូនម៉ឺនងួនយកទៅសម្លាប់ចោល នាងទាវក៏សម្លាប់ខ្លួនទៅជាមួយដែរ ។ ដូច្នេះឃើញថា សេចក្ដីស្មោះត្រង់របស់នាងទាវចំពោះទុំជាការមួយដែលគេពុំអាចប្រកែកបាន ។ រីឯបញ្ហាដែលគេអាចចោទសួរគឺថា តើនារីម្នាក់ដែលមានសេចក្ដីស្នេហាដ៏ធំធេងចំពោះបុរស់ម្នាក់ អាចរក្សាបាននូវស្មារតីគ្រប់គ្រាន់ដើម្បីបំពេញចិត្តម្ដាយ ហើយបោះបង់បុរស់ជាទីស្នេហារបស់គេបានទេ ? ជាទូទៅសេចក្ដីស្នេហាតែងតែគ្របដណ្ដប់ទៅលើអ្វីៗទៀតទាំងអស់ ប៉ុន្តែនៅក្នុងអារ្យធម៌ខ្មែរ ទោះស្នេហានោះមានទំហំធំប៉ុនណាក៏ដោយ ក៏គេពុំអាច ឬមិនហ៊ានប្រឆាំងនិងឪពុកម្ដាយបានដែរ ។ ជាការពិតហើយដែលថា សេចក្ដីស្នេហារបស់ទាវចំពោះទុំ ជាសេចក្ដីស្នេហាដ៏ធំ ព្រោះនាងទាវហ៊ានរួមរ័ក្សជាមួយទុំដោយមិនឲ្យម្ដាយដឹង ហើយនៅពេលនោះទុំទើបនិងចាកសិក្ខាបទដោយចិត្តឯងទៀតផង ។ តាមការពិត ចំណុចសំខាន់ដែលគេពុំបានកត់សម្គាល់គឺថា នៅពេលនោះឯង ជាពិសេសនៅពេលដែលនាងទាវបានឃើញនេនទុំជាលើកដំបូងបង្អស់ សេចក្ដីស្នេហារវាងអ្នកទាំងពីរនេះពិតជាមានលក្ខណៈខ្លាំងអស្ចារ្យមែន គឺលែងគិតពីអ្វីទៀតទាំងអស់ ប៉ុន្តែក្រោយមក គឺក្រោយពេលដែលអ្នកទាំងពីរត្រូវបានព្រះរាជារៀបការឲ្យ សេចក្តីស្នេហានោះក៏បាត់ឥទ្ធិពលបន្ដិចម្ដងៗដោយមិនដឹងខ្លួនដែរ ។ នៅក្នុងក្របខណ្ឌនៃការវិភាគមួយតាមលក្ខណៈវិទ្យាសាស្រ្ត ហើយដោយយោងជានិច្ចទៅតាមអត្ថបទ គេសង្កេតឃើញថានៅពេលទុំបានជួបនាងទាវម្ដងទៀតនៅរាជវាំង នាងទាវមានការប្រែប្រូលចិត្តបន្តិច ហើយទុំក៏ទំនងជាច្រៀងដាក់ផ្លែផ្កាឲ្យនាងទាវបន្ដិចផង ។ រីឯព្រះរាជាវិញ ព្រះអង្គក៏ពុំអាចដាក់ខ្លួនធ្វើជាគូរប្រជែងជាមួយនិងទុំបានដែរ ប៉ុន្ដែនៅទីបំផុត នាងទាវក៏សុខចិត្តតម្រូវតាមចិត្តម្ដាយដោយរៀបការជាមួយម៉ឺនងួន ពោលគឺបោះបង់ទុំចោលតែម្ដង ។ ទាវនៅតែស្រឡាញ់ទុំក៏ជាការពិតព្រោះជាបុរស់ដែលនាងស្គាល់មុនគេ ហើយក៏ជាបុរសដែលនាងបានជ្រើសរើសទៀតផង ។ ក៏ប៉ុន្ដែអ្វីដែលគេត្រូវយល់ផងដែរដើម្បីជៀសវាងការភ័ណ្ឌច្រឡំទៅថ្ងៃមុខពីបញ្ហាទាំងអស់នេះគឺថា សេចក្ដីស្នេហារបស់នាងទាវ ចំពោះទុំក៏បានឈានមកដល់ដំណាក់កាលថ្មីមួយទៀតដែរ នៅពេលដែលទាវបានជួបទុំសារជាថ្មីទៀតនៅក្នុងវាំង ។ រីឯបញ្ហាដែលគេត្រូវចោទសួរបន្ទាប់ពីរឿងនេះគឺថា ហេតុដូចម្ដេចបានជានាងទាវសុខចិត្តផ្ដាច់ខ្លួនចេញពីទុំផង ពីព្រះរាជាផងដូច្នេះ ពីព្រោះថាទាវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឲ្យព្រះរាជាជួយ រីឯទុំវិញនៅពេលដែលបានជួបនាងទាវ នៅពេលដែលនាងកុំពុងរៀបមង្គលការជាមួយម៉ឺនងួន ក៏មានលទ្ធភាពគ្រប់គ្រាន់ដែរដើម្បីស្ដារស្ថានការណ៍ ប៉ុន្តែគេសង្កេតឃើញថា សូម្បីតែព្រះរាជសង្ហាក៏ទុំមិនខ្ចីនិងប្រើផងទៀត ។ តើនៅផ្ទះអរជូនម៉ឺនងួន ទុំបានសង្កេតឃើញអ្វីខ្លះចំពោះឥរិយាបថរបស់នាងទាវនៅពេលនោះ បានជាទុំលែងរវល់រឿងអ្វីទៀតទាំងអស់ដូច្នេះ គឺរហូតដល់បណ្ដោយឲ្យគេយកទៅសម្លាប់ចោលទៀតផង ។ នេះជាសំនួរដែលអ្នកសិក្សារឿងទុំទាវ គួរយកទៅពិចារណាថែមទៀត ដើម្បីទុកជាពន្លឺសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត ។
ដកស្រង់ការអត្ថាធិប្បាយរបស់ វ៉ាន់ឌី កាអុន ៕


ព្រះធម៌នមស្ការ





ព្រះធម៌នមស្ការ


     បណាមគាថា  
  ប្រែជាឋពាក្យកាព្យ 
  អរហន្តតថាគត           ជ្រាបគ្រប់បទស្វែងគុណធំ  
ទ្រង់ជាលោកុត្តម             ច្បាងជាងសព្វគ្រូលើសលន់ ។

ជាសាស្តានៃលោក            ចេះឥតស្ទោកទូន្មានជន
ខ្ញុំវន្ទាបន្ទន់                       ទ្រង់ដែលជនគួរបូជា ។
ព្រះធម៌នៃសាស្តា              ឧបមាដូចពន្លឺ
តែងធ្វើលោកឲ្យភ្លឺ             ចាកងងឹតឲ្យសូន្យផុត ។
ដែលប្រាជ្ញសម្គាល់អាង      ថាតំណាងសព្វញ្ញុពុទ្ធ
ខ្ញុំវន្ទាលំអុត                      ធម៌នោះសុទ្ធជនបូជា     ។
សាវ័កព្រះសុគត               ស្អាតហ្មត់ចត់វិសេសថ្លា
បា្រថ្នាត្រៃសិក្ខា                  លោកសិក្សាធម៌ឧត្តម  
ជាសង្ឃថ្នាក់ខាងលើ           មិនអើពើលោកធម្ម
ខ្ញុំវន្ទាប្រណម្យ                   សង្ឃឧត្តមជនបូជា។
ដោយអំណាចវន្ទា             ត្រៃរតនាជាអម្ចាស់
សូមឲ្យពុទ្ធសាសន៍           លូតលាស់ក្រាស់ចម្រើនផង។
សូមឲ្យសង្ឃព្រមព្រៀង      កុំឲ្យល្អៀងខុសគន្លង
សូមសាធុជនផង               កុំមានហ្មងបានសុខសាន្ត ។
ដោយតេជៈត្រៃរ័តន៍           ខ្ញុំប្រណិប័តន៍ដោយគោរព
សូមឲ្យការរៀនគ្រប់           ​របស់ខ្ញុំបានវឌ្ឍនា  
ដោយអំណាចអានុភាព      ដែលខ្ញុំក្រាបថ្វាយវន្ទា
សូមឲ្យការសិក្សា                 របស់ខ្ញុំសម្រេចឆាប់  
ដោយអំណាចត្រៃរ័តន៍         មានពុទ្ធរ័តន៍ជាប្រធាន
ប្រសិនបើកើតមាន              អន្តរធានចង្រៃរោគ  
សូមឲ្យវិនាសខ្ពោក            កុំសល់រោគតិចតួចឡើយ ៕  

        ធម៌ថ្វាយបង្គំព្រះបាំ្រព្រះអង្គ
ឧកាសខ្ញុំសូមវន្ទា              នូវព្រះឈ្នះមារ        ទាំងបាំ្រព្រះអង្គ           
សូមយាងព្រះបារមី          ម្ចាស់ថ្លៃមកគង់           នៅនាកំឡុង
     ទីស្ថាននេះណា           
ព្រះកុក្កសន្ធោ           ព្រះកោនាគមនោ        ព្រះកស្សបោ                    
ព្រះសមណគោត្តម          បរមពុទ្ធោ     ​ ​      ព្រះមេតេយ្យោ 
                                  ព្រះពោធិសត្វថ្លៃ   
ព្រមទាំងព្រះធម៌         ជ្រាលជ្រៅបវរ    ប្រសើរពេកក្រៃ
បាំ្របីម៉ឺនបួនពាន់        ព្រះធម្មក្ខន្ធនេះនៃ         របស់ព្រះជិនស្រី   
                                       ទីទៃរាល់អង្គ ។ 
ព្រមទាំងព្រះសង្ឃ      ប្រសើរសីលទ្រង់        ជាបុត្តព្រះពុទ្ធ
លះកាត់តណ្ហា            ប្រសើរបំផុត               ខ្ញុំសូមលំអុត
កាយវាចាចិត្ត ។          
ដោយតេជៈខ្ញុំ             លើកហត្ថបង្គំ          ត្រៃរតនា   
សូមកំចាត់បង់            សត្រូវនានា             ទុក្ខសោករោគា       
                                    វិនាសទៅហោង 
     អដ្ឋមហាឋាន (ឋានធំ៨កន្លែង )
(បឋ្យាវត្ត)
ឋានធំទាំងឡាយ៨កន្លែង                   ជាទីស្ងប់ស្ងែងដល់ពពួកសត្វ
ទី១ឧទ្យានជាឋានព្រៃស្ងាត់             គឺព្រៃសាលរតន៍ដែលទ្រង់ប្រសូត។
ទីពីរប្រសើរដែលទ្រង់ប្រសូត             ត្រាស់ក្រោមដើមពោធិព្រឹក្សឧត្តម
ទីបីកន្លែងដែលព្រះបរម                     សម្តែងព្រះធម៌ឈ្មោះធម្មចក្រ 
ប្រោសភិក្ខុបាំ្រអង្គគឺបញ្ចវ-                 គ្គីយ៍ដែលជាអ្នកបម្រើព្រះអង្គ
ដោយព្រះទ័យថ្លៃមិនអាចលះបង់     ហើយយាងតម្រង់ពីដើមជ្រៃទ។
ទី៤គឺទីដែលទ្រង់គង់នៅ               ក្នុងឋានព្រៃជ្រៅឈ្មោះបាលិលេយ្យ
ទីនោះគ្មានមនុស្សមានតែសត្វព្រៃ     គឺដំរីថ្លៃបម្រើព្រះអង្គ 
ទី៥គឺទីដែលព្រះពុទ្ធអង្គ                     ផ្ចាញ់សត្វទ្រនង់នាឡាគីរី
ទីនោះមានមនុស្សបែកពួកជាទ្វី​​​         ទៅមើលពិធីនៃព្រះសម្ពុទ្ធ។
ទី៦កាលអង្គព្រះសព្វញ្ញុត-                 ញ្ញាណជាម្កុដត្រៃលោកាចារ្យ
ផ្ចាញ់ពួកនិគ្រន្ថដោយបាដិហារ្យ        ឈ្នះល្បីអស្ចារ្យគ្មាននរណាដល់
ទី៧កាលអង្គព្រះទសពល​​​​                 គង់លើមណ្ឌលថ្មព្រះឥន្រ្ទា
ទ្រង់បានសម្តែងនូវព្រះធម្មា​​               បា្រកដនាមថាធម៌អភិធម្ម  
សងគុណមាតាដែលមានគុណធំ       លើព្រះបរមសម្ពុទ្ធថ្លៃថ្លា
ទី៨កាលអង្គនៃព្រះសាស្តា                  ផ្ទុំក្រោមសាលៈព្រឹក្សទាំងគូ។
ពេលនោះឯងហើយព្រះសព្វញ្ញូ        ព្រះអង្គជាគ្រូយាងចូលនិញ្វន
ឋានធំបាំ្របីកន្លែងនេះមាន                ប្រតិស្ឋានជម្ពូទ្វីបា 
ជាទីដែលមនុស្សនិងពួកទេវតា         មានចិត្តជ្រះថ្លាឆ្ពោះទៅយង់យល់
ខ្ញុំសូមឧនកាយបង្គំឆ្ពោះដល់             ឋានធំនិមល៨នោះឯង
សូមសុខចម្រើនកើនយូរអង្វេង          ទុក្ខទោសចម្បែងកុំកើតមានឡើ៕
   បទថ្វាយផ្កា
យើងខ្ញុំមានចិត្តត្រេក              អរពន់ពេកកើតជ្រះថ្លា
នាំគ្នាបូជាផ្កា                            ថ្វាយសាស្តាដោយគោរព  ។
ដើម្បីយកផល្លា           ​​             និងលោះលាខ្លួនចាកភព
ចាកភ័យចាកឧបទ្រព្យ             ដោយសារម្លប់បុណ្យសាសនា ។
ទើបបេះយកផ្កាឈើ                 មកក្រងធ្វើភួងមាលា  
មានពណ៌ក្លិនផ្សេងគ្នា             សូមបូជាថ្វាយព្រះពុទ្ធ ។
ព្រះធម៌និងព្រះសង្ឃ                ប្រសើរអង្គសីលបរិសុទ្ធ
ត្រ័យរតន៍នេះខ្ពស់ផុត            ដែលជាបុណ្យលោកទាំងបី​ ។
ខ្ញុំម្ចាស់ទាំងអស់គ្នា                  តែងកំព្រាទាំងប្រុសស្រី
ព្រាត់ប្រាស់ក្នុងលោកីយ៍         ព្រាត់ស្វាមីព្រាត់ភរិយា  ។
តែងជួបនិងឈឺចាប់                និងក្តីស្លាប់ជាធម្មតា
មានក្តីទុក្ខក្តៅផ្សា                     រកអ្នកណាជួយពុំបាន ។
ដោយតេជៈបូជា                     ភួងមាលាល្អកល្យាណ
ត្រ័យរតន៍ទាំងបីឋាន              សូមឲ្យបានផុតទោសទុក្ខ  ។
ផុតចាស់ ផុតឈឺចាប់              ផុតក្តីស្លាប់តទៅមុខ
សូមឲ្យខ្ញុំបានសុខ                    ក្នុងសម្បត្តិព្រះនិញ្វន  ។
ពាក្យពោលប៉ងបា្រថ្នា             ធ្វើសច្ចាប្រណិធាន
            សូមមគ្គផលនិញ្វន     ​​            ឲ្យខ្ញុំបានបា្រកដហោង៕
















































ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ