ខ្លួនជាទីពឹងរបស់ខ្លួន
អត្តាហិ អត្តនោ នាថោ
ពិតមែនហើយ សូម្បីតែជីវិតនេះនាំមកនូវមារ ជាទាសករឋិននៅក្នុងរង្វង់សត្រូវ ជាអ្នកដើរផ្លូវឆ្ងាយ ត្រូវហែលឆ្លង ចាញ់សង្គ្រាមយ៉ាងណាក៏ដោយ ក៏ជីវិតនេះត្រូវតែធន់ទ្រាំតស៊ូ ដើម្បីរើបម្រេះចេញឲ្យផុត ទោះបីត្រូវទទួលទុក្ខទារុណយ៉ាងណាអស់ឋេរៈវេលាជាអង្វែង មិនអាចថាបានប្រមាណត្រូវយ៉ាងណាក៏ដោយ ក៏ជីវិតនេះត្រូវតែធន់តស៊ូគ្រប់ដំណាក់កាលយ៉ាងដូច្នេះឯង។
ខ្លួនជាទីពឹងខ្លួន ពាក្យថាខ្លួនបានដល់បញ្ចក្ខ័ន្ធ មានទាំងរូបទាំងនាមជាវិជ្ជមាន បញ្ញត្តិ សម្រាប់សម្គាល់ហៅស្ដីនិយាយទៅតាមលោកវោហារការសន្មិតខ្លះ ជាផ្នែកបរមត្ថខ្លះ បើមានតែបរមត្ថ មិនមានបញ្ញត្តិ ជាវិជ្ជមានជាអវិជ្ជមានទេ ក៏គេមិនអាចមានពាក្យសម្ដី ប្រាស្រ័យទាក់ទងគ្នាកើតដែរ។
ដូច្នេះពាក្យថាខ្លួន
បានដល់រូបនាមប្រជុំរួមគ្នា មានចលនាប្រព្រឹត្តទៅហៅថាជីវិតនេះឯង។
ពាក្យថាខ្លួនទីពឹងខ្លួន និយាយឲ្យខ្លីបំបែកសេចក្ដីឲ្យងាយយល់បានដល់
បាប បុណ្យ គុណ ទោស ខុសត្រូវអាក្រក់ល្អ ខ្លួនធ្វើគឺខ្លួនជាអ្នកទទួល
អ្នកណាធ្វើអ្នកហ្នឹងជាអ្នកទទួល។ ដូចជាអាហារ អ្នកណា
អ្នកបរិភោគអ្នកនោះឆ្អែតនេះជាហេតុផលពិត ត្រង់ថាខ្លួនជាទីពឹងខ្លួន
ត្រូវព្យាយាមលះបង់សេចក្ដីអាក្រក់ចេញ បំពេញសេចក្ដីល្អដោយខ្លួនឯង។
សូម្បីតែបញ្ចេញពាក្យសម្ដី ពោលថា ៖
ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ជាទីពឹងទីរឭកស្មើដោយជីវិត ក៏ពិតមែនហើយ តែបើគ្រាន់តែពោលថា
ហើយឥតបានត្រង់ត្រាប់បដិបត្តិតាមឱវាទទេនោះ សង្ឃឹមឲ្យព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ជួយតែម្យ៉ាង តើនឹងបានផលដែររឺទេ? ព្រះពុទ្ធជួយបានតែមនុស្សមានការ
ទេវតាជួយបានតែអ្នកព្យាយាម។
ក្បូនជីវិតពិតជាកំពុងអណ្ដែត ក្នុងមហាសាគរដ៏ធំធេង
ដូច្នេះមានតែម្ចាស់ជីវិតដែលសន្មតថាខ្លួននេះឯង
ត្រូវប្រឹងដោលអុំដោយខ្លួនឯងប្រាកដណាស់
ដើម្បីតម្រង់ណែនាំក្បូនជីវិតឲ្យផុតព្យុះសង្ឃរា
មានដំណើរត្រង់ទៅតាមទិសដៅពិតប្រាកដ។
ការលើកតម្កើងឲ្យតម្លៃជីវិតក្ដី
ការស្រឡាញ់ពេញចិត្តចំពោះជីវិតខ្លួនក្ដី
បានឈ្មោះថាមិនបណ្ដោយខ្លួនឲ្យលុះក្នុងអំពើបាប
ការយកខ្លួនជាទីពឹងពំនាក់
បានដល់ការបដិបត្តិតាមគុណធម៌គឺសេចក្ដីល្អនេះឯង។
អ្នកមានគុណធម៌ឈ្មោះថា អ្នកមានខ្លួនជាទីពឹងពំនាក់ អ្នកបដិបត្តិតាមព្រះធម៌
ឈ្មោះថាខ្លួនជាទីពឹងរបស់ខ្លួន គុណធម៌ជាក្បូន
ជួយសណ្ដោងយោងក្បូនជីវិតឲ្យឆ្លងផុតពីសមុទ្រទុក្ខទាំងបួនបាន
ដូច្នេះជីវិតសូម្បីតែមានរយៈខ្លីក៏មិនត្រូវភ្លេចស្មារតីក្នុងការសន្សំបំពេញ
គុណធម៌ឲ្យកើតមានសម្រាប់ជីវិតនោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតកថា
ដោយ៥០០០ឆ្នាំ