បញ្ហាវេយ្យាករណ៍បាលី ២០២៤
១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី?
ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន
សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រូវមិនឲ្យខុស។
២.ពាក្យថា វេយ្យាករណ៍បាលី
កាត់ចេញជាប៉ុន្មានបទ? អ្វីខ្លះ? ក្នុងមួយបទៗប្រែថាដូចម្តេច?
ឆ.កាត់ចេញជាពីរបទ។ គឺ
វេយ្យាករណ៍១បទ បាលី១បទ។ វេយ្យាករណ៍ប្រែថា ការធ្វើឲ្យជាក់ច្បាស់
ឬបែបរៀនយកនូវការធ្វើ ឲ្យជាក់ច្បាស់,
បាលីប្រែថា ភាសារក្សានូវរបៀបបែបផែន។
៣.ចូរចងវិគ្គហៈនិងប្រែលោតប្រយោគ
ពាក្យថា វេយ្យាករណ៍ និង បាលី មកមើល?
ឆ. វិ. វេយ្យាករណ៍: វេយ្យាករណំ
អត្ថីតិ>វេយ្យាករណោ
(វណ្ណោ)
ប្រែលោតប្រយោគ: (យោ វណ្ណោ រីស្នាមគំនូសឯណា)
វេយ្យាករណំ
ធ្វើឲ្យជាក់ច្បាស់ អត្ថិ មាន
ឥតិ ព្រោះហេតុដូច្នោះ (សោ វណ្ណោ រីស្នាមគំនូស នោះ) វេយ្យាករណោ ឈ្មោះវេយ្យាករណោ
វណ្ណោ រីស្នាមគំនូស វេយ្យាករណោ ធ្វើឲ្យជាក់ច្បាស់។
វិ.បាលី: តន្តឹ បាលេតីតិ > បាលី
(ភាសា)
ប្រែលោតប្រយោគ: (យា ភាសា រីភាសាឯណា) បាលេតិ តែងរក្សា តន្តឹ នូវរបៀបបែបផែន
ឥតិ ព្រោះហេតុដូច្នោះ (សា ភាសា រីភាសានោះ) បាលី ឈ្មោះបាលី ភាសា រីភាសា បាលី
រក្សានូវរបៀបបែបផែន។
៤.អក្ខរនិទ្ទេស ប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.ប្រែថា
ការសម្តែងនូវបែបនៃអក្ខរៈ។ បានសេចក្តីថា ការសម្តែងបែបដែលរៀបរាប់ក្នុងអក្ខរៈ។
មាន២យ៉ាង។ គឺសមញ្ញាភិធាន ការសម្តែងតាមឈ្មោះ១ សន្ធិ ការត១។
៥.ពាក្យថា អក្ខរៈ ប្រែថា
ដូចម្តេច? លោកសំដៅយកហេតុប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថាស្នាមគំនូសមិនរឹងឬស្នាមគំនូសមិនចេះអស់។
លោកសំដៅយកហេតុ២យ៉ាង។ គឺ សូរសម្លេងដែលលាន់ឮប្រាកដឡើង១
ស្នាមគំនូសជាតួរាងដែលល្មមកំណត់ចំណាំបាន១។
៦.
អក្ខរៈក្នុងភាសាបាលីមានប៉ុន្មានតួ?
ចែកជាស្រៈមានប៉ុន្មានតួ?
អ្វីខ្លះ?
ហើយចែកជាព្យញ្ជនៈមានប៉ុន្មានតួដែរ? ចូររាប់?
ឆ.មាន៤១តួ។ ចែកជាស្រៈមាន៨តួ។ គឺ
អអា ឥឦ ឧឩ ឯឱ។ ចែកជាព្យញ្ជនៈមាន៣៣តួ។ គឺ កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡ
ំ។
៧.ស្រៈទាំង៨តួនោះហៅថាអ្វី? ចែកជាប៉ុន្មានយ៉ាង? អ្វីខ្លះ? ស្រៈបើចែកជាគូវិញមានប៉ន្មានដែរ? ចូររាប់?
ឆ.ហៅថា និស្ស័យ។ ចែកជា២យ៉ាង។ គឺ
រស្សៈ ស្រៈមានសម្លេងខ្លី១ ទីឃៈ ស្រៈមានសម្លេងវែង១។ ចែកជាគូមាន៣គូ។ គឺ អអា ហៅថា
អវណ្ណៈជាគូ១ ឥឦ ហៅថា ឥវណ្ណៈជាគូ១ ឧឩ ហៅថា ឧវណ្ណៈជាគូ១។
៨.ស្រៈទីឃៈប៉ុន្មានតួពេលដែលមានព្យញ្ជនៈតម្រួតគ្នានៅខាងចុងក៏មានសម្លងខ្លីទៅវិញ? ចុះដូចម្តេចដែលហៅថា
សំយុត្តសរៈ? ចូរបង្ហាញ!
ឆ.ស្រៈទីឃៈ៣តួគឺ អា ឯ ឱ
ពេលដែលមានព្យញ្ជនៈ តម្រួតគ្នានៅខាងចុងក៏មានសម្លងខ្លីទៅវិញ។ ស្រៈផ្សំ ហៅថា
សំយុត្តសរៈ គឺផ្សំ អ+ឥ>ឯ, អ+ឧ>ឱ។
៩. ព្យញ្ជនៈទាំង៣៣តួនោះហៅថាអ្វី? ចែកជាប៉ុន្មានពួក? អ្វីខ្លះ?
ដូចម្តេចហៅថា ព្យញ្ជនវគ្គន្តៈ? មានប៉ុន្មានតួ? ចូររាប់? ឆ.ហៅថានិស្សិត។
ចែកជា២ពួក។ គឺ វគ្គៈ១ពួក អវគ្គៈ១ពួក។ ព្យញ្ជនៈដែលនៅទីបំផុតឬខាងចុងវគ្គ
ហៅថាព្យញ្ជនវគ្គន្តៈ។ មាន៥តួ។ គឺ ងញណនម។
១០.និគ្គហិត ប្រែថាម៉េច? ហើយ អនុសរៈ
វិញប្រែថាដូចម្តេចដែរ?
ចុះនិគ្គហិត មានសូរអានប៉ុន្មានយ៉ាង?
ចូររាប់?
ឆ.និគ្គហិត ប្រែថា
ព្យញ្ជនៈឋិតនៅអាស្រ័យនឹងស្រៈ។ អនុសរៈ ប្រែថា ព្យញ្ជនៈបញ្ចេញសម្លេងតាមលំនាំស្រៈ។
និគ្គហិត មានសូរអាន២យ៉ាង។ គឺអនុនាសិកន្តៈ បញ្ចេញសម្លេងដូចមានអក្សរ“ង”នៅខាងចុង១
មការន្តៈ គឺបញ្ចេញសម្លេងដូចមានអក្សរ“ម”ប្រកបខាងចុង១។
១១.ទិតាំងដែលកើតសម្លេងនៃអក្ខរៈហៅថាអ្វី? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ. ហៅថា ឋាននៃអក្ខរៈ។ មាន៦យ៉ាង។
គឺ កណ្ឋជៈ១ តាលុជ១ មុទ្ធជៈ១ ទន្តជៈ១ ឱដ្ឋជៈ១នាសិកជៈ១។
១២.អក្ខរៈដូចម្តេចដែលហៅថា
ឯកដ្ឋានជៈ? មានប៉ុន្មានតួ? អក្ខរៈដែលជាទិ្វដ្ឋានជៈមានប៉ុន្មានតួ? ចូររាប់?
ឆ.
អក្ខរៈដែលកើតក្នុងឋានមួយហៅថាឯកដ្ឋានជៈ។ មាន៣២តួ។ អក្ខរៈដែលកើតក្នុងឋានពីរមាន៩តួ។
គឺ ងញណនម និងឯឱវហ។
១៣. ដូចម្តេចហៅថា ករណៈនៃអក្ខរៈ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.ដំណើរ
ឬលំនាំដែលធ្វើនូវសម្លេងនៃអក្ខរៈហៅថា ករណៈនៃអក្ខរៈ។ មាន៤យ៉ាង។ គឺ ជីវ្ហាមជ្ឈំ១
ជីវ្ហោបគ្គំ១ ជីវ្ហគ្គំ១ សកដ្ឋានំ១។
១៤.អឃោសៈ ប្រែថាដូចម្តេច? មានព្យញ្ជនៈប៉ុន្មានតួ? អ្វីខ្លះ? ចុះឃោសៈវិញប្រែថាដូចម្តេចដែរ? មានប៉ុន្មានតួ? ចូររាប់?
ឆ. អឃោសៈ ប្រែថា
ព្យញ្ជនៈមិនមានសម្លេងគឹកកង។ មាន១១តួ។ គឺ កខ ចឆ ដឋ តថ បផ និង ស។ ឃោសៈ
ប្រែថាព្យញ្ជនៈមានសម្លេងគឹកកង។ មាន២១តួ។ គឃង ជឈញ ឌឍណ ទធន ពភម និង យរលវហឡ។
១៥.ចុះអក្ខរៈដែលរួចផុតចាកឃោសៈនិងអឃោសៈហៅថាអ្វី? មានប៉ុន្មានតួ? អ្វីខ្លះ?
ឆ.ហៅថា ឃោសាឃោសវិមុត្តិ។ មាន៩តួ។
អអា ឥឦ ឧឩ ឯឱ និង
និគ្គហិត គឺ ំ។
១៦.ដូចម្តេចហៅថា អក្ខរប្បភេទ? បើរាប់ជាគូមានប៉ុន្មានគូ? ចុះបើរាប់រាយមានប៉ុន្មានយ៉ាងដែរ?ចូររាប់? ឆ.គូនៃអក្ខរៈដែលមានសម្លេងជាជំទាស់នឹងគ្នា
ហៅថា អក្ខរប្បភេទ។ បើរាប់ជាគូមាន៥គូ។ បើរាប់ជារាយមាន១០យ៉ាង។ គឺ សិថិល១ ធនិត១
ទីឃៈ១ រស្សៈ១ គរុ១ លហុ១ និគ្គហិត១ វិមុត្ត១
សម្ពន្ធៈ១ វវត្ថិតៈ១។
១៧.សិថិល ប្រែថាម៉េច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានតួ? អ្វីខ្លះ? ចែកជាប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថា ធូរ បានសេចក្តីថា
ព្យញ្ជនៈដែលមានសម្លេងខ្សោយ។ មាន១០។ គឺ កគ ចជ ដឌ តទ បព។ ចែកជា២យ៉ាង។ គឺ សិថិលអឃោសៈ១
សិថិលឃោសៈ១។
១៨.ធនិត ប្រែថាម៉េច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានតួ? អ្វីខ្លះ? ចែកជាប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថា តឹង បានសេចក្តីថា
ព្យញ្ជនៈដែលមានសម្លេងខ្លាំង។ មាន១០។ គឺ ខឃ ឆឈ ឋឍ ថធ ផភ។ ចែកជា២យ៉ាង។ គឺ ធនិតអឃោសៈ១
ធនិតឃោសៈ១។
១៩.ស្រៈរស្សៈមានប៉ុន្មានតួ? អ្វីខ្លះ? ចុះស្រៈទីឃៈវិញមានប៉ុន្មានតួដែរ? ចូររាប់?
ឆ.ស្រៈរស្សៈមាន៣តួ។ គឺ អ ឥ ឧ។
ស្រៈទីឃៈមាន៥តួ។ គឺ អា ឦ ឩ ឯ
ឱ។
២០.គរុ និង លហុ
ផ្សេងគ្នាដូចម្តេច? ចូរអធិប្បាយ? គរុ
បើពោលដោយ
សង្ខេបមានប៉ុនា្មន? ហើយពិស្តារវិញមានប៉ុន្មានយ៉ាងដែរ? ចូររាប់?
ឆ.គរុ និងលហុ ផ្សេងគ្នាដូច្នេះ
គឺ ស្រៈទីឃៈនិងរស្សៈ ដែលមានព្យញ្ជនៈដែលព្យញ្ជនៈ
តម្រួតគ្នានៅខាងចុង
ឬដែលមាននិគ្គហិតអាស្រាយផង ហៅថា គរុ ឯចំណែក
ស្រៈរស្សៈដែលមិនមានព្យញ្ជនៈដែលព្យញ្ជនៈ
តម្រួតគ្នានៅខាងចុង
ឬដែលមិនមាននិគ្គហិតអាស្រាយផងទេ ហៅថា លហុ។ គរុ បើពោលដោយសង្ខេបមាន៣។ ពិស្តារមាន៥យ៉ាង
គឺ ទីឃៈគរុ១ សំយោគគរុ១ និគ្គហិតគរុ១ រាប់ បាទាទិគរុ១ និង បាទន្តគរុ១
រួមត្រូវជា៥។
២១.ដូចម្តេចហៅថាសន្ធិ? បើសំដែងដោយលក្ខណៈមានប៉ុន្មានយ៉ាង? ចូររាប់? និងឧទាហរណ៍មកផង?
ឆ.វិធី តបទ តអក្ខរៈ
ភ្ជាប់ជាមួយនឹងអក្ខរៈ ហៅថាសន្ធិ។ បើសម្តែងដោយលក្ខណៈមាន២យ៉ាង។ គឺ
១.តស័ព្ទដែលមានវិភត្តិភ្ជាប់ជាមួយនឹងស័ព្ទដែលមានវិភត្តិដូចគ្នា។
ឧ.ចត្តារោ និង ឥមេ ជា ចត្តារោមេ។
២.តស័ព្ទដែលលុបវិភត្តិចេញខ្លះ(តាមវិធីសមាស)
ឧ.កត និង ឧបការោ ជា កតូបការោ។
២២.សន្ធិ
បើសម្តែងដោយឈ្មោះដែលជាប្រធាននៃវិធីតមានប៉ុន្មាន? អ្វីខ្លះ?
ឆ. សន្ធិ
បើសម្តែងដោយឈ្មោះដែលជាប្រធាននៃវិធីតមាន៣យ៉ាង។ គឺ
សរសន្ធិ តដោយស្រៈ១ ព្យញ្ជនសន្ធិ តដោយព្យញ្ជនៈ១
និគ្គហិតសន្ធិ តដោយនិគ្គហិត១។
២៣.សន្ធិកិរិយោបករណ៍
បានសេចក្តីថាដូចម្តេច?
មានប៉ុន្មានយ៉ាង?
អ្វីខ្លះ?
ឆ.សន្ធិកិរិយោបករណ៍ បានសេចក្តីថា
វិធីជាឧបការៈដល់ការធ្វើសន្ធិ ឬប្រភេទជាគ្រឿងទំនុកបំរុងនូវការតសន្ធិទាំង៣។
មាន៨យ៉ាង។ គឺ លោបោ លុប គឹ បំបាត់តួអក្សរចេញ១ អាទេសោ អាទេស គឺ ផ្លាស់តួអក្សរចេញ១
អាគមោ អាគម គឺ ចុះតួអក្សរថែម១ វិការោ វិការៈគឺ ផ្លាស់ស្រៈធ្វើជាស្រៈឲ្យឃ្លាតចាករូបដើម១
បកតិ ប្រក្រតី គឺ ធ្វើឲ្យគង់រូបនៅដូចដដែល១ ទីឃោ ទីឃៈ គឺធ្វើស្រះខ្លីឲ្យជាស្រះវែង១
រស្សោ រស្សៈ គឺធ្វើស្រៈវែងឲ្យជាស្រៈខ្លី១ សំយោគោ សំយោគ គឺតម្រួតព្យញ្ជនៈ
១។
២៤.ប្រយោជន៍នៃការរៀនសន្ធិមានប៉ុន្មានយ៉ាង? ចូររាប់? ចុះគោលនៃការរៀនសន្ធិវិញមានប៉ុន្មានយ៉ាងដែរ? អ្វីខ្លះ?
ឆ.ប្រយោជន៍នៃការរៀនសន្ធិមាន៣យ៉ាង។
គឺ បំប្រួញអក្ខរៈឲ្យតិចចុះ១
ជាឧបការៈដល់ការតែងឆន្ទៈ១ ពោលឲ្យស្រួលមាត់១។
គោលនៃការរៀនសន្ធិ មាន៣យ៉ាង។ គឺ កាត់បទ១ តបទ១ ឲ្យឈ្មោះ១។
២៥.ដូចម្តេចហៅថានាម? ចុះនាមស័ព្ទគឺជាអ្វី? មានប៉ុន្មានយ៉ាង?
អ្វីខ្លះ?
ឆ.អ្វីទាំងពួងដែលមានឈ្មោះហៅបាន
ដូចពាក្យថា មនុស្ស សត្វ ដី ទឹក ជាដើម ហៅថា នាម ប្រែថាឈ្មោះ។
សំដីដែលលាន់ចេញចំពោះនាម ដូចពាក្យថា ប្រុសស្រី ជាដើមហៅថានាមស័ព្ទ។ មាន៣ គឺ នាមនាម១
គុណនាម១ សព្វនាម១។
២៦.ដូចម្តេចហៅថានាមនាម? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ឆ.នាមដែលជាឈ្មោះអ្វីទាំងពួងដូចពាក្យថា
មនុស្ស សត្វ ស្រែ ស្រុក ជាដើម ហៅថា នាមនាម។ មាន២យ៉ាង គឺ សាធារណនាម១ អសាធារណនាម១។
២៧.ដូចម្តេចហៅថាគុណនាម? មានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.នាមដែលសំដែងលក្ខណៈឬបញ្ជាក់ឥ្យនាមនាម
ឲ្យដឹងថា ល្អឬអាក្រក់ ជាដើម ដូចពាក្យថា ខ្មៅ ស វែង ខ្លី ធាត់ ស្គម ជាដើម
ហៅថាគុណនាម។ មាន៣យ៉ាង គឺ បកតិគុណនាម១ វិសេសគុណនាម១ អតិវិសេសគុណនាម១។
២៨.ដូចម្តេចហៅថា លិង្គ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចុះលិង្គបើកំណត់តាមកំណើតនិងការសន្មតិមានប៉ុន្មានយ៉ាងដែរ? ចូររាប់?
ឆ.ភេទសម្រាប់សម្គាល់នាមស័ព្ទដែលមានអាការៈប្លែកៗគ្នាហៅថាលិង្គ។
មាន៣យ៉ាង។ គឺ បុំលិង្គ ភេទប្រុស១ ឥត្ថីលិង្គ ភេទស្រី១ នបុំសកលិង្គ
មិនមែនភេទប្រុសមិនមែនភេទស្រី១។ បើកំណត់តាមកំណើតនិងការសន្មតិមាន២យ៉ាង។ គឺ
ជាតិលិង្គ១ សម្មតិលិង្គ១។
២៩.ដូចម្តេចហៅថា វចនៈ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.ពាក្យសម្រាប់ប្រាប់ចំនួនឲ្យដឹងថាតិចឬច្រើន
ហៅថាវចនៈ។ មាន២យ៉ាង។ គឺ ឯកវចនៈ១ ពហូវចនៈ១។
៣០.ដូចម្តេចហៅថាវិភត្តិ?មានប៉ុន្មានតួ? ចូររាប់?បើរាប់តាមពួកមានប៉ុន្មានពួក។
បើរាប់តាមឈ្មោះវិញមានប៉ុន្មានដែរ?
ឆ.ការចែកនាមស័ព្ទមួយៗឲ្យមានទីបំផុតខាងចុងផ្សេងគ្នា
ហៅថា វិភត្តិ។
មាន១៤តួ។ គឺ សិ, យោ,
អំ,យោ, នា, ហិ, ស, នំ, ស្មា, ហិ, ស, នំ, ស្មឹ, សុ។
បើរាប់តាមពួកមាន២ពួក។ បើរាប់តាមឈ្មោះមាន៧។
៣១.ដូចម្តេចហៅថា អាយតនិបាត? ចុះអ្វីទៅដែលហៅថា
ការន្ត? ក្នុងលិង្គនិមួយៗមានការន្តប៉ុន្មាន? គឺអ្វីខ្លះ? បើរួមទាំងអស់មានប៉ុន្មាន?
ឆ.ស័ព្ទសម្រាប់តពាក្យឲ្យកើតជាសេចក្តីស្តាប់បាន
ហៅថា អាយតនិបាត។ ស្រះទីបំផុតនៃនាមស័ព្ទដែលប្រព្រឹត្តទៅក្នុងលិង្គទាំង៣ហៅថាការន្ត។
ក្នុងបុំលិង្គមាន៥គឺ អ ឥ ឦ ឧ ឩ,
ក្នុងឥត្ថីលិង្គមាន៥ គឺ អា ឥ ឦ ឧ ឩ,
ក្នុងនបុំសកលិង្គមាន៣គឺ អ ឥ ឧ។ រួមទាំងអស់មាន១៣ បើរាប់ឱ
ជាការន្តមួយបញ្ចូលផងជា១៤។
៣២.ដូចម្តេចហៅថា បកិណ្ណកស័ព្ទ?
បានសេចក្តីយ៉ាងណា?
មានប៉ុន្មាន? អ្វីខ្លះ?
ឆ.ស័ព្ទរាត់រាយ
ហៅថាបកិណ្ណកស័ព្ទ។ បានសេចក្តីថា
ស័ព្ទមានវិធីបំបែកផ្សំនឹងវិភត្តិផ្សេងដោយឡែកៗមិនសូវសាធារណ៍ទូទៅ
ដល់ស័ព្ទឯទៀតៗច្រើនឡើយ។ មាន១៣គឺ ព្រហ្ម១ អត្ត១ សខ១ រាជ១ ភគវន្តុ១ អរហន្ត១ ភវន្ត១
សត្ថុ១ បិតុ១ មាតុ១ មន១ កម្ម១ គោ១។
៣៣.ដូចម្តេចហៅថា សំខ្យាស័ព្ទ? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររាប់បកតិសំខ្យា
ផ្នែកទី១ ចាប់ពីត្រឹម១ដល់១០មកមើល?
ឆ.ស័ព្ទសម្រាប់រាប់នាមនាមហៅថាសំខ្យា។
មាន២យ៉ាង។ គឺ បកតិសំខ្យា១ បូរណសំខ្យា១។ វិធីរាប់បកតិសំខ្យា ពី១ដល់១០ គឺ ឯក ១, ទ្វិ ២, តិ ៣, ចតុ ៤, បញ្ច ៥, ឆ ៦, សត្ត ៧, អដ្ឋ ៨, នវ ៩, ទស ១០។
៣៤.ដូចម្តេចហៅថាសព្វនាម? មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ.នាមដែលប្រើជំនូសឬជំនួយនាមនាម
ដែលពោលចេញឈ្មោះរួចមកហើយឬដែលកំពុងនិយាយចំពោះដើម្បីមិនឲ្យថែមពាក្យដដែលៗឬមិនឲ្យច្រឡំ
ហៅថាសព្វនាម។ មាន២យ៉ាង។ គឺ បុរិសសព្វនាម១ វិសេសនសព្វនាម១។
៣៥.យ៉ាងណាហៅថាវិសេសនៈសព្វនាម? មានប៉ុន្មាន?ចូររាប់?
ឆ.ស័ព្ទសម្រាប់ប្រើជំនួសនាមនាមមានលំនាំជាបទវិសេសនៈដើម្បីមិនឲ្យច្រឡំសេចក្តីក្នុងសង្កាត់ប្រយោគមួយៗ
ហៅថាវិសេសនសព្វនាម។ មាន២យ៉ាង គឺ និយម១ អនិយម១។
៣៦.ដូចម្តេចហៅថា អព្យយស័ព្ទ? ចែកជាប៉ុន្មានពួក?
អ្វីខ្លះ? ចុះ
ឧបសគ្គមានប៉ុន្មានស័ព្ទ? ហើយអព្យយបច្ច័យ
(បច្ច័យក្នុង នាមនិទ្ទេស) វិញ មានប៉ុន្មានដែរ?
ឆ.ស័ព្ទមិនប្រែប្រួលចាកភាពដើមរបស់ខ្លួន
រូបដើមយ៉ាងណាក៏នៅយ៉ាងនោះ ហៅថា អព្យយស័ព្ទ ប្រែថា ស័ព្ទមិនវិនាស។ ចែកជា៣ពួក គឺ
ឧបសគ្គ១ពួក និបាត១ពួក បច្ច័យ១ពួក។ ឧបសគ្គមាន២០ស័ព្ទ។ អព្យយបច្ច័យមាន២២។
៣៧.ដូចម្តេចហៅថា សមាស? បើសម្តែងដោយកិច្ចមានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.នាមស័ព្ទតាំងពី២បទឡើងទៅ
ដែលបំប្រួញរួមចូលគ្នាជាបទមួយ ហៅថា សមាស។ មាន២យ៉ាងគឺ លុត្តសមាស
សមាសដែលលុបវិភត្តិចេញ១ អលុត្តសមាស សមាសដែលមិនលុបវិភត្តិចេញ១។
៣៨.សមាស
បើសំដែងដោយឈ្មោះមានប៉ុន្មានយ៉ាង?
អ្វីខ្លះ?
ឆ.មាន៦យ៉ាង។ គឺ កម្មធារយៈ១ទិគុ១
តប្បុរិសៈ១ ទ្វន្ទ្វៈ១ អព្យយីភាវៈ១ ពហុព្វីហិ១ រាប់ ឯកសេសសមាស បញ្ចូលផងត្រូវជា៧។
៣៩.កម្មធារយសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង?អ្វីខ្លះ?
ឆ.ប្រែថា សមាសទ្រទ្រង់នូវកម្ម
ឬសមាសទ្រទ្រង់នូវប្រជុំពីរនៃបទដូចជាកម្ម។ បានសេចក្តីថា
នាមសព្ទ២បទដែលមានវិភត្តិនិងវចនៈស្មើគ្នា បទ១ជានាមនាមជាតួប្រធាន
បទ១ជាគុណនាមឬជានាមនាមជាតួវិសេសនៈ ឬក៏ជាគុណនាមទាំង២បទ មានបទឯទៀតជាប្រធាន
ដែលបំប្រួញចូលជាបទ១ ហៅថាកម្មធារយសមាស។ មាន៦យ៉ាង។ គឺ
វិសេសនបុព្វបទ១វិសេសនុត្តរបទ១ វិសេសនោភយបទ១ វិសេសនោបមបទ១ សម្ភាវនបុព្វបទ១
អវធារណបុព្វបទ១។
៤០.ទិគុសមាស ប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថា
ការបំប្រួញនូវសព្ទដូចជាគោពីរ។ បានសេចក្តីថា វិសេសនបុព្វបទ កម្មធារយសមាសនោះ
កាលបើមានសំខ្យាសព្ទជាបទវិសេសនៈនៅខាងដើមឲ្យឈ្មោះថា ទិគុសមាស។ មាន២យ៉ាង។ គឺ
សមាហារទិគុ១ អសមាហារទិគុ១។
៤១.តប្បុរិសសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង?អ្វីខ្លះ?
ឆ.ប្រែថា
ការបំប្រួញសព្ទតាមបុរសនោះ។ បានសេចក្តីថា
នាមសព្ទដែលផ្សំនឹងវិភត្តិនាមមានទុតិយាវិភត្តិជាដើម
ហើយបំប្រួញរួមចូលនឹងបទខាងចុងដែលមានវិភត្តិផ្សេងគ្នា ហៅថាតប្បុរិសសមាស។ មាន៦យ៉ាង។
គឺ ទុតិយាតប្បុរិស១ តតិយាតប្បុរិស១ ចតុត្ថីតប្បុរិស១ បញ្ចមីតប្បុរិស១
ឆដ្ឋីតប្បុរិស១ សត្តមីតប្បុរិស១ រាប់ឧភយតប្បុរិស១ បញ្ចូលផងត្រូវជា៧។
៤២.ទ្វន្ទ្វសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង? ចូររាប់?
ឆ.ប្រែថា
ការបំប្រួញនូវសព្ទដូចជាទូកទាំងឡាយពីរ។ បានសេចក្តីថា
នាមសព្ទចាប់ពី២បទឡើងទៅដែលមានវិភត្តិស្មើគ្នា បំប្រួញចូលជាបទ១ហៅថា ទ្វន្ទ្វសមាស។
មាន២យ៉ាង។ គឺ សមាហារទ្វន្ទ្វ១ អសមាហារទ្វន្ទ្វ១។
៤៣.អព្យយីភាវសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង?អ្វីខ្លះ?
ឆ.ប្រែថា
ការបំប្រួញនូវភាវនៃសព្ទមានសេចក្តីមិនប្រែប្រួល។ បានសេចក្តីថា សមាសដែលមានឧបសគ្គ
ឬនិបាតនៅខាងដើម ហើយជានបុំសកលិង្គ បើទុកជាពហុវចនៈក៏មានអាការៈជា នបុំសកលិង្គ
ឯកវចនៈ ហៅថា អព្យយីភាវសមាស។ មាន២យ៉ាង។ គឺ ឧបសគ្គបុព្វកៈ១ និបាតពុព្វកៈ១។
៤៤.ពហុព្វីហិសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង?ចូររាប់?
ឆ.ប្រែថា សមាសមានស្រូវច្រើន។
បានសេចក្តីថា សមាសដែលមានបទឯទៀត ក្នុងវិគ្គហៈស្ទុះចេញមកជាបទប្រធាន ហៅថា
ពហុព្វីហិសមាស។ មាន៦យ៉ាង។ គឺ ទុតិយាពហុព្វីហិ១ តតិយាពហុព្វីហិ១ ចតុត្ថីពហុព្វីហិ១
បញ្ចមីពហុព្វីហិ១ ឆដ្ឋីពហុព្វីហិ១ សត្តមីពហុព្វីហិ១ រាប់ សហបុព្វបទពហុព្វីហិ១ បញ្ចូលមកផងត្រូវជា៧។
៤៥.ឯកសេសសមាសប្រែថាដូចម្តេច? បានសេចក្តីយ៉ាងណា? មានប៉ុន្មានយ៉ាង?អ្វីខ្លះ?
ឆ.ប្រែថា សមាសមានសព្ទសល់នៅតែសព្ទមួយ។ បានសេចក្តីថា
អសមាហារទ្វន្ទ្វសមាស ដែលលុបបទឯទៀតចេញទុកតែបទមួយ ហៅថា ឯកសេសសមាស។
៤៦. ដូចម្តេចហៅថា អាខ្យាត? មានគ្រឿងសម្រាប់សម្គាល់ប៉ុន្មានយ៉ាង? អ្វីខ្លះ?
ឆ. កិរិយាស័ព្ទ
គឺស័ព្ទដែលប្រាប់នូវដំណើរនៃអំពើមានពាក្យថា ដេក ដើរ ឈរ អង្គុយ ស៊ី ផឹក និយាយ ស្តាប់
គិត ជាដើមហៅថា អាខ្យាត។ មានគ្រឿងសម្រាប់សម្គាល់៨យ៉ាង។ គឺ វិភត្តិ១ កាល១ បទ១ វចនៈ១
បុរិសៈ១
ធាតុ១ វាចកៈ១ បច្ច័យ១។
៤៧.
អាគមសម្រាប់ចុះក្នុងអាខ្យាតមានប៉ុន្មាន?
ចូររាប់?
ឆ. មាន៥។ គឺ អ ឥ ស ហ និគ្គហិត។
៤១.ពីធីផ្សំ ឧត្តរ និង អធិក
១០១= ឯក + ឧត្តរ + សតំ > ឯកុត្តរសតំ
១២៩ = ឯកូនតឹស + ឧត្តរ + សតំ > ឯកូនតឹសុត្តរសតំ
១០២០ = វិស + ឧត្តរ + សហស្សំ > វិសុត្តរសហស្សំ
២០១៦ = សោឡស + ឧត្តរ +
ទ្វិសហស្សំ > សោឡសុត្តរទ្វិសហស្សំ
២៥៥៩ = ឯកូនសដ្ឋី + ឧត្តរ +
បញ្ចសតំ + អធិក + ទ្វិសហស្សំ >
ឯកូនសដ្ឋុត្តរបញ្ចសតាធិកទ្វិសហស្សំ
វត្តពោធិព្រឹក្សថ្កូវ. ថ្ងៃទី១៧
ធ្នូ ២០១៦
ភិក្ខុ ធម្មឃោសកោ សលរចនា