Thứ Hai, tháng 10 19, 2020


          កម្រងរូបភាពវត្តអូរត្រាវ ៩រោច អស្សុជ

       

                      ទី១១-១០-២០២០,














































































 





 


........................................................................................................................................................................................
















                      

                       

                        ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១

ភន្តេ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​រី​ឯ​អង្គ​កឋិន​ទាន​នេះ​ជារបស់​អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ............ ជា​ប្រធាន​សុទ្ធ​សឹង​តែ​ពុទ្ធ​មាមិក​ជន ប្រកប​ដោយ​បសាទសទ្ធា​និង​កុសល​ចេតនា​ជា​អសង្ខារិក​ជ្រះថ្លា​ចំពោះ​គុណ​ព្រះរតនត្រ័យ​ទាំង​បី​បាន​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​ចេះ​លៃលក​យកធន​ធាន ដែល​គ្មាន​ខ្លឹមសារ ធ្វើ​ឲ្យ​ជា​របស់​មាន​ខ្លឹម​សារ កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា ដើម្បី​ជា​ទ្រព្យ​មត៌ក សម្រាប់​ប្រើប្រាស់​ទៅ​ក្នុង​ភព​ខាង​មុខ​ទៀត​បាន​ស្រុះស្រួល​បបួល​គ្នា​ផ្ដួចផ្ដើម​បង្កើន​កឋិនទាន​នេះ​ឡើង ព្រម​ទាំង​ហែហម​ដ៏​ឧឡារិក​គគ្រឹកគ្រេង​តាម​មាគ៌ា ដើម្បី​នឹង​យក​មក​វេរ ថ្វាយ​ព្រះភិក្ខុសង្ឃ ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​វត្ត......... នេះ​ហាក់​ដូច​ជា​សំពត់​កោសេយ្យពស្ត្រ​អណ្ដែត​ត្រសែតព្ធដ៏​អាកាស​វេហាន​ភាល័យ ហើយ​ធ្លាប់​ចុះ​មក​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ទាន​ស្មោះ ឥត​មាន​ចំពោះ​អង្គ​ណា​មួយ​ឡើយ។ បើ​អង្គ​ណា​មួយ មាន​ត្រៃ​ចីវរទុព្វលភាព ដាច់ដាច មិន​អាច​ប្រើ​ប្រាស់​បាន​ហើយ​ចេះ​នូវ អានិសង្ស៥ ចាំ​នូវ​មាតិកា៨ បលិពោធ២ អនត្ថតាការៈ២៤ អត្ថតាការៈ១៧ អាចញ៉ាំង​សង្ឃ​ឲ្យ​ត្រេកអរ​ដោយ​ កឋិនត្ថារកិច្ច​បាន ក៏​សូម​មាន​ព្រះពុទ្ធ​ដីកា ឆ្លើយមកចុះ នោះ​ព្រះសង្ឃ​នឹង​អបលោកសំពត់កឋិនទាន ដល់​ព្រះករុណា​អង្គ​នោះ ដោយ​ញត្តិទុតិយកម្ម វាចា ក្រាលគ្រង​ដូច​ តទៅ ។

(ភិក្ខុ​ទី១) ប្រកាស​សង្ឃ​ចង់​ហើយ​ត្រូវ​ឈប់​បង្អង់ ២-៣នាទី​សិន សឹមភិក្ខុទី​២ប្រកាស​សង្ឃ​ត​ទៅ​ទៀត។

ពាក្យ​សម្រាប់​ក្រើនកឋិន​ទី២

ភន្តេ បពិត្រ​ព្រះគម្ដែងសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណា​ជា​អ្នក​តំណាង​សង្ឃ​គ្រប់​ព្រះអង្គ​ក្នុង​ឱកាស​នេះ សូម​ពិត​ព្រះថេរដីកា​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​សូម​ទាន​ជ្រាប។

យើង​ខ្ញុំ​ទាំង​អស់​សុទ្ធសឹង​តែ​មាន​ត្រៃចីវរ​ល្មម​គ្រប់​គ្រាន់​នឹង​ប្រើប្រាស់​ហើយ​ប៉ុន្តែ​តាម​យោបល់​របស់​ខ្ញុំ​ព្រះករុណា​យល់​ឃើញ​តែ​ព្រះ......... ទើប​សម​គួរ​នឹង​ក្រាល​គ្រង​នូវ​សំពត់​កឋិន​នេះ ដោយ​ហេតុ​ថា​លោក​អ្នក​ចេះ​នូវ​អានិសង្ស​៥ ចាំនូវមាតិកា ៨ បលិពោធ២ អនត្ថតាការៈ២៤ អត្ថតាការៈ១៧ ហើយ​ឆ្លៀតឆ្លាត​ក្នុង​កឋិន​អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេកអរ​បាន។ ហេតុ​នេះ​ហើយ​បើ​ព្រះសង្ឃ​គ្រប់ព្រះអង្គ​យល់​ឃើញ​ថា​សមគួរ​ដូច​ជា បកាសនវាចា​ដែល ខ្ញុំ​ព្រះករុណា​បាន​ថ្លែង​មក​នេះ ក៏​សូម​បញ្ចេញ​នូវ​សញ្ញា​ថា សាធុ ឲ្យ​ព្រមៗ គ្រប់​អង្គ​ទៅ​ហោង។ 

                        បាលីសម្រាប់សូត្រកឋិន

សុណាតុ​ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ ។

យទិ សង្ឃស្ស បត្ថកល្លំ សង្ឃោ ឥមំ កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ ទទេយ្យ កឋិនំ អត្ថរិតុំ ។ ឯសា ញត្តិ ។

          សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ ។         

សង្ឃោ ឥមំ កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំ ។

យស្សា យស្មតោ ខមតិ ឥមស្ស កឋិនចីវរស្ស ឥត្ថន្នាមស្ស ភិក្ខុនោ ទានំ

អត្ថរិតុំ សោ តុណ្ណស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។

ទិន្នំ ឥទំ សង្ឃេន កឋិនចីវរំ ឥត្ថន្នាមស្ស ភិក្ខុនោ កឋិនំ អត្ថរិតុំ ។

ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ ។

បាលីសម្រាប់អ្នកក្រាលគ្រងកឋិនអនុមោទនា

អត្ថតំ អាវុសោ សង្ឃស្ស កឋិនំ ធម្មិកោ កឋិនត្ថារោ អនុមោទ

ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ ខ្ញុំក្រាលរួចហើយ កាក្រាលកឋិន(នុះ) ប្រកបដោយធម៌ សូមលោកទាំងឡាយ អនុមោទនាចុះ ។

 

                        បាលីអនុមោទនាកឋិន

អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ ធម្មិកោ កឋិនត្ថារោ អនុមោទាម

បពិត្រលោកម្ចាស់ដ៏ចម្រើន កឋិនរបស់សង្ឃ លោកក្រាលរួចហើយ កាលក្រាលកឋិន(នុះ) ប្រកបដោយធម៌ ហើយយើងសូមអនុមោទនា

អនុមោទនា១បែបទៀត

អត្ថតំ ភន្តេ សង្ឃ កឋិនំ ធម្មិកោ កឋិនត្ថារោ អនុមោទាម

បពិត្រព្រះករុណាដ៏ចំរើន កឋិនរបស់សង្ឃដែលសង្ឃបានឲ្យហើយដល់លោក ៗ លោកបានក្រាលហើយ កឋិនដែលលោកបានក្រាលហើយនេះជាធម៌ដ៏សមគួរតាមពុទ្ធានុញ្ញាត ខ្ញុំសូមអនុមោទនាគឺថា ត្រេកអរតាមនូវកឋិន ។

 

បុណ្យកឋិន

កឋិនទាន​បវេណី​ព្រះពុទ្ធសាសនា​គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ ពាក្យ​ថា​“កឋិន“​ជា​ភាសាបាលី​សំដៅ​យក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យ​បុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើ​ជា​ស្បង់​ចីវរ​។ សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មាន​ឈ្មោះថា“សំពត់​កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំនេរវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចីវរ សង្ឃាដី ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើ​វត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យាន​យន្ដ​ទៀត​សោត​ក៏​ពុំ​សូ​វ​​មាន ខ្ញុំ​ច្រើន​ឃើញ​​ពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មាន​ដំរី​ជា​ច្រើន​ រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេ​មាន​ប្រគំ​ភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេ​និមន្ដ​ព្រះសង្ឃ​ឆាន់​ពេល​ថ្ងៃ​ត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់​ក្ដៅ​រាក់​ទាក់​រីក​រាយ​ជា​ពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គ​កថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បាន​ចាត់​អោយ​ភិក្ខុ​មួយ​អង្គ​ជា​អ្នក​គ្រង​អង្គកឋិន​នោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។ 💞💞== អត្ថន័យ​នៃ​បុណ្យកឋិន ==💞💞 តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺៈ

1.    រស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​។ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន ​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។

2.    ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​

កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ

·         ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។

·         បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។

ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។

                                        បុព្វហេតុ​កឋិន

      វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។

នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។

ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។

លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំង នោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។​

      ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។

លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។

លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។

     លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំង ឡាយ​ថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។           ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។

= កឋិនកាល (កាលទាន) = ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។

ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់ កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។

ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។

សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។

ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។

តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេផចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​

 

                                     កឋិនភេ​​​​​

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

 

កឋិនភេទ

 

[២០៧] បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិន បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេច។

 

[២០៨] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិននោះ សេចក្តីថា បុគ្គលពីរពួក ដែលឈ្មោះថា មិនបានក្រាលកឋិន គឺបុគ្គលមិនបានក្រាល១ មិនបានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា មិនបានក្រាលកឋិនទេ។

 

[២០៩] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិននោះ សេចក្តីថា បុគ្គល២ពួក ដែលឈ្មោះថា បានក្រាលកឋិន គឺបុគ្គលដែលបានក្រាល១ បានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា បានក្រាលកឋិន។

 

[២១០] ពាក្យថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច សេចក្តីថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤ គឺសំពត់ដែលគ្រាន់តែវាស់ ទទឹង បណ្តោយ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែលាង ក្រាលមិនឡើង ជាកឋិន១ សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែកាត់ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដាក់ក្ឌុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់ តែប្រក់អនុវាតមួយជាន់ (ពីខាងក្រៅ) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់ តែធ្វើជាអនុវាតមួយជាន់ (ពីខាងក្នុង) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់ តែដេរគួបគ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មាន ពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយធ្វើនិមិត្ត ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយនិយាយ បញ្ចុះបញ្ចូលគេ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលខ្ចីគេ ក្រាលមិនឡើងជា កឋិន១ សំពត់ដែលធ្វើសន្និធិ គឺមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលមិនឡើង ជាកឋិន១ សំពត់ជានិស្សគ្គិយៈ (ទុកឲ្យកន្លងរាត្រី) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ក្រាលមិនឡើងជាកឋិន១ វៀរចាកសង្ឃាដី ក្រាលមិនឡើងជាកឋិន១ វៀរចាកចីពរ ក្រាលមិនឡើងជាកឋិន១ វៀរចាកស្បង់ ក្រាលមិនឡើងជាកឋិន១ វៀរចាកសំពត់ជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលមិនឡើងជា កឋិន១ វៀរចាកបុគ្គលអ្នកក្រាល ក៏ក្រាលមិនឡើងជាកឋិន១ សំពត់ដែល បុគ្គលក្រាលត្រឹមត្រូវហើយ តែបើភិក្ខុនៅក្រៅសីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែលក្រាលមិនឡើង ដោយអាការយ៉ាងនេះឯង។

 

[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា អាត្មានឹងឲ្យសំពត់ កឋិនកើតឡើង ដោយការនិយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះ បញ្ចូល។ សំពត់ដែលគេមិនបានឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ មិនធ្វើឲ្យស្រេចក្នុងថ្ងៃនោះ (ទុកធ្វើទៅក្នុងថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ ទុកធ្វើដល់ថ្ងៃស្អែកជាកំណត់១ ហៅថា សន្និធិ។ កាលបើភិក្ខុកំពុងធ្វើ (សំពត់នោះ) អរុណក៏រះឡើង ហៅថា សំពត់ជានិស្សគ្គិយៈ។ កឋិនដែលភិក្ខុក្រាល មិនឡើង ដោយអាការ២៤នេះឯង។

 

[២១២] ត្រង់ពាក្យថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេចនោះ សេចក្តីថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ១៧ គឺសំពត់ថ្មីសុទ្ធ ក្រាល ឡើងជាកឋិន១ សំពត់ជំនុំ ក្រាលឡើងជាកឋិន១ សំពត់ចាស់ ក្រាលឡើងជាកឋិន១ សំពត់បំសុកូល ក្រាលឡើងជាកឋិន១ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើង ជាកឋិន១ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន១ សំពត់ ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន១ សំពត់ដែល មិនបានខ្ចីគេ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើឲ្យជាសន្និធិ ក្រាលឡើង ជាកឋិន១ សំពត់ដែលមិនមែនជានិស្សគ្គិយៈ ក្រាលឡើងជាកឋិន១ សំពត់ដែល បានធ្វើពិន្ទុកប្ប ក្រាលឡើងជាកឋិន១ សង្ឃាដិ ក្រាលឡើងជាកឋិន១ ចីពរ ក្រាលឡើងជាកឋិន១ ស្បង់ ក្រាលឡើងជាកឋិន១ ចីវរជាបញ្ចក្ខន្ធ ឬលើសពី បញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន១ បុគ្គល ទើបក្រាលឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាល ឲ្យត្រឹមត្រូវ (តាមច្បាប់) ទាំងភិក្ខុនៅក្នុងសីមា អនុមោទនា កឋិននោះ ទើបឡើង ជាកឋិន១ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការយ៉ាងនេះឯង។ កឋិនដែលភិក្ខុ ក្រាលឡើង ដោយអាការទាំង១៧នេះ។

[២១៣] ធម៌ប៉ុន្មានយ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន។ ធម៌១៥យ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន គឺមាតិកា៨ បលិពោធ២ អានិសង្ស៥។ ធម៌ទាំង១៥នេះឯង ដែលកើតជាមួយនឹងការក្រាលកឋិន។

[២១៤] ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបយោគ ដោយអនន្តរប្បច្ច័យ ដោយ សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយ បុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។ ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។

 

[២១៥] បុព្វករណៈ គឺកិរិយាធ្វើមុន មានការលាងចីវរជាដើម ជាបច្ច័យនៃបយោគ គឺកិរិយាប្រកប មានដងទឹកជាដើម ដោយអនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី១ នៃបយោគ ដោយសមនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី២ ដោយនិស្សយប្បច្ច័យ គឺហេតុជាគ្រឿងទ្រទ្រង់ទី៣ ដោយឧបនិស្សយប្បច្ច័យ គឺហេតុជាគ្រឿង ទ្រទ្រង់បន្ទាប់គ្នាទី៤។ បយោគ ជាបច្ច័យ នៃបុព្វករណៈ ដោយបុរេជាតប្បច្ច័យ គឺហេតុដែលកើតមុន នៃបុព្វករណៈ។ បុព្វករណៈ ជាបច្ច័យនៃបយោគ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយនៃបយោគ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបយោគ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ គឺបច្ច័យកើតព្រមគ្នានឹងការក្រាលកឋិន។

 

[២១៦] បច្ចុទ្ធារៈ គឺការដកចីវរ ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បុព្វករណៈ ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបុរេជាតប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃបុព្វករណៈ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើត ក្រោយ របស់បុព្វករណៈ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបច្ចុទ្ធារៈ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ។

 

[២១៧    ] អធិដ្ឋាន ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយ សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃអធិដ្ឋាន ដោយបុរេជាតប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃអធិដ្ឋាន និងបច្ចុទ្ធារៈ) ដោយសហជាតប្បច្ច័យ។

 

[២១៨] ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយអនន្តរប្បច្ច័យ ដោយសម នន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃការក្រាល ដោយបុរេជាតប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃការក្រាល និងអធិដ្ឋាន) ដោយសហជាតប្បច្ច័យ។

 

[២១៩] មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃមាតិកា និងបលិពោធ ដោយបុរេជាតប្បច្ច័យ។ មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃមាតិកា បលិពោធ និងការក្រាល) ដោយសហជាតប្បច្ច័យ។

 

[២២០] សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វត្ថុ ជាបច្ច័យនៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ដោយបុរេជាតប្បច្ច័យ។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម និងវត្ថុ) ដោយសហជាតប្បច្ច័យ។

 

[២២១] បុព្វករណៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អធិដ្ឋាន មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ ការក្រាល មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មានបយោគជាដើមចម មានបយោគជាទីតាំងឡើង មានបយោគជាកំណើត មានបយោគជាដែនកើត មានបយោគជាអង្គ មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានបុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង មានបុព្វករណៈជាកំណើត មានបុព្វករណៈជាដែនកើត មានបុព្វករណៈជាអង្គ មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មានបច្ចុទ្ធារៈជាដែនកើត មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មានអធិដ្ឋាន ជាដើមចម មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋានជាដែនកើត មានអធិដ្ឋានជាអង្គ មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានការក្រាលជាដើមចម មានការក្រាលជាទីតាំងឡើង មានការក្រាលជាកំណើត មានការក្រាលជាដែនកើត មានការក្រាលជាអង្គ មានការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានវត្ថុជាដើមចម មានវត្ថុជាទីតាំងឡើង មានវត្ថុជាកំណើត មានវត្ថុជាដែនកើត មានវត្ថុជាអង្គ មានវត្ថុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

 

[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាង គឺគក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១ ធ្វើពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ ការក្រាល លោកសង្គ្រោះដោយធម៌១គឺ បញ្ចេញវាចា។

 

[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន ភូមិរបស់កឋិន មានប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ ភូមិរបស់កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់អំបោះ១ សំពត់សូត្រ១ សំពត់រោមសត្វ១ សំពត់ធ្មៃ១ សំពត់លាយវត្ថុទាំង៥ ខាងដើម១។

 

[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។ កឋិន មានបុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល មានការក្រាលជាខាងចុង។

 

[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែលប្រកបដោយអង្គ៨ មិនគួរក្រាលកឋិនបានទេ។ បុគ្គលដែលប្រកបដោយអង្គ៨ ទើបគួរក្រាលកឋិនបាន។ បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែលមិនគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះអធិដ្ឋាន១ មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១ មិនចេះអានិសង្ស១។ បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹងក្រាលកឋិនបានឡើយ។ បុគ្គលដែលប្រកបដោយអង្គ៨ គឺអ្វីខ្លះ ដែលគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលចេះបុព្វករណៈ១ ចេះបច្ចុទ្ធារៈ១ ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះវិធីដកកឋិន១ ចេះអានិសង្ស១។ បុគ្គលប្រកបដោយអង្គទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។

 

[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក ការក្រាលកឋិនឡើង មានដល់បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។ បុគ្គលឋិតនៅក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកដូចម្តេច។ បុគ្គលឋិតនៅក្នុងសីមា អនុមោទនា១ បុគ្គលដែលអនុមោទនាបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា បានញុំាងអ្នកដទៃឲ្យដឹងច្បាស់១។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកនេះ។

 

[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង មានប៉ុន្មានយ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ [អដ្ឋកថា ថាវត្ថុវិបត្តិ បានដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ គឺសំពត់ដែលពួកទាយកប្រគេនក្នុងថ្ងៃនេះហើយ សង្ឃប្រគល់ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺសំពត់ដែលកាត់ហើយ តែមិនបានធ្វើក្នុងថ្ងៃនោះឯង]១។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាងនេះ។ ការក្រាលកឋិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។ ការក្រាលកឋិនឡើង មាន៣យ៉ាងនេះ។

 

[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន គប្បីស្គាល់ខែ ដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិ នៃការក្រាលកឋិន គប្បីស្គាល់និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់ដែលជាសន្និធិ គប្បីស្គាល់សំពត់ ជា និស្សគ្គិយៈ។

 

[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា ការរួបរួម នឹងកិរិយាប្រជុំនៃធម៌ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់ខែជាខាងចុង នៃវស្សានរដូវ។ ពាក្យថា គប្បីស្គាល់វិបត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់ សម្បត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹងនិមិត្តកម្មនោះ សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មានឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា គប្បីស្គាល់ពាក្យនិយាយប ញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា អាត្មាអញនឹងធ្វើសំពត់ កឋិនឲ្យកើតឡើង ដោយពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា គប្បីស្គាល់សំពត់ ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់សំពត់ដែលគេមិនបានឲ្យដាច់។ ពាក្យថា គប្បីស្គាល់ សំពត់ដែលជាសន្និធិនោះ សេចក្តីថា ត្រូវស្គាល់សន្និធិមាន២យ៉ាង គឺសន្និធិព្រោះការ មិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់ថ្ងៃស្អែក១។ ពាក្យថា គប្បីស្គាល់សំពត់ ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុកំពុងធ្វើ (ចីវរ) អរុណក៏រះឡើង។

 

[២៣០] ត្រង់ពាក្យថា គប្បីស្គាល់ការក្រាលកឋិននោះ សេចក្តីថា បើសំពត់កឋិនកើតឡើងដល់សង្ឃ សង្ឃត្រូវប្រតិបត្តិដូចម្តេច បុគ្គលអ្នកក្រាល ត្រូវ ប្រតិបត្តិដូចម្តេច អ្នកអនុមោទនា ត្រូវប្រតិបត្តិដូចម្តេច។ សង្ឃគប្បីឲ្យដល់ ភិក្ខុអ្នកក្រាលកឋិន ដោយញត្តិទុតិយកម្ម។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីលាង គក់ វាស់ កាត់ ដេរ ជ្រលក់ ធ្វើពិន្ទុកប្ប ហើយក្រាលកឋិនក្នុងថ្ងៃនោះឯង។ បើ (ភិក្ខុអ្នកក្រាល)ចង់ក្រាលកឋិនដោយសង្ឃាដិ ត្រូវដកសង្ឃាដិចាស់ចេញ អធិដ្ឋាន សង្ឃាដិថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយសង្ឃាដិនេះ។ បើចង់ក្រាលកឋិនដោយចីពរ ក៏គប្បីដកចីពរចាស់ចេញ អធិដ្ឋានចីពរថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយចីពរនេះ។ បើចង់ក្រាលកឋិនដោយស្បង់ ក៏គប្បីដកស្បង់ចាស់ចេញ អធិដ្ឋានស្បង់ថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលក ឋិនដោយស្បង់នេះ។ ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់ទាំងឡាយ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោកដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកម្ចាស់រាល់អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកទទួលអនុមោទនាចុះ។ ភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ ខ្ញុំសូមទទួលអនុមោទនា។

 

[២៣១] សួរថា សង្ឃក្រាលកឋិន គណៈក្រាលកឋិន បុគ្គលក្រាលកឋិន ឡើងឬទេ។ ឆ្លើយថា សង្ឃក្រាលកឋិន មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង។ ព្រោះសង្ឃក្រាលកឋិន ក៏មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង កឋិន សង្ឃក្រាលមិនបានទេ កឋិន គណៈក្រាលមិនបានទេ កឋិន បុគ្គលទើបក្រាលបាន។ សួរថា សង្ឃសំដែងបាតិមោក្ខ គណៈសំដែងបាតិមោក្ខ បុគ្គលសំដែងបាតិមោក្ខ បានឬទេ។ ឆ្លើយថា សង្ឃសំដែងបាតិមោក្ខមិនបាន គណៈសំដែងបាតិមោក្ខ មិនបានទេ បុគ្គលទើបសំដែងបាតិមោក្ខបាន។ ព្រោះថា សង្ឃក៏សំដែងបាតិមោក្ខមិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល ទើបសំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ បុគ្គលទើបសំដែងបាន។ ប៉ុន្តែ បាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះថា គណៈបានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា គណៈក៏ព្រមព្រៀងគ្នា បុគ្គលជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ សង្ឃក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើបឡើង ប៉ុន្តែកឋិនក៏ឈ្មោះថា សង្ឃបានក្រាល កឋិនក៏ឈ្មោះថា គណៈបានក្រាល កឋិនក៏ឈ្មោះថា បុគ្គលបានក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គលបានក្រាល។

 

[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន គឺអស់អំណាចអានិសង្សកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធ ជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធ ដាច់មុន អាវាសបលិពោធ ដាច់ជាមួយនឹងដំណើរ ដែលភិក្ខុនោះទៅខាងក្រៅសីមា។

 

[២៣៣] ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរសម្រេចហើយ ចីវរបលិពោធទើបដាច់។

 

[២៣៤] ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិនក្រោយ។

 

[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរវិនាសទៅ ចីវរបលិពោធទើបដាច់។

 

[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន អាវាសបលិពោធដាច់ ជាមួយនឹងវេលាដែលភិក្ខុនោះបានឮដំណឹង។

 

[២៣៧] ការដោះកឋិន មានសេចក្តីអស់សង្ឃឹមជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីអស់សង្ឃឹម ជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើសេចក្តីសង្ឃឹមថានឹងបានចីវរ ផុតអស់ហើយ ចីវរបលិពោធទើបដាច់។

 

[២៣៨] ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន កាលភិក្ខុនោះទៅដល់ក្រៅសីមាហើយ អាវាសបលិពោធទើបដាច់។

 

[២៣៩] ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់ មិនមុន មិនក្រោយ។

 

[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មានប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១ គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានកិរិយាចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន មិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១ មានសេចក្តីអស់សង្ឃឹម ជាកំណត់១ កឋិនដោះជាមួយនឹងភិក្ខុទាំងឡាយ១។

 

[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន ដោះខាងក្រៅសីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន។ ការដោះកឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ដោះខាងក្រៅសីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀសចេញទៅ ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន ដោះខាងក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១ មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។

 

[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មានប៉ុន្មានប្រការ ការដោះកឋិន កើតព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។ ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើតព្រមគ្នា រលត់ផ្សេងគ្នា។

 

ចប់ កឋិនភេទ ។

 

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ

 

[២៤៣] និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន និងមិនបានក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការដូចម្តេច១ ធម៌១៥ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយធម៌៧យ៉ាង១ មូលរបស់កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១ បុគ្គល៣ពួក១ ត្រូវដឹងការក្រាលកឋិនឡើង និងមិនឡើង៣យ៉ាង១ ត្រូវដឹងកិច្ចក្រាលកឋិន១ ភិក្ខុសំដែងបាតិមោក្ខ១ បលិពោធ១ កឋិនដោះ អាស្រ័យនឹងសង្ឃ ឬបុគ្គល១ កឋិនដោះខាងក្រៅ និងខាងក្នុងសីមា១ កឋិនដោះ មានការកើត និងរលត់ព្រមគ្នា ឬផ្សេងគ្នា១។ ចប់ បរិវារៈ។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...