Thứ Tư, tháng 8 18, 2021



អច្ឆរិយព្ភូតធម្មសូត្រ 

 

សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅនាវត្តជេតពន  ជិតក្រុងសាវត្ថី ។  ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ  ក្នុងកាលនោះ  ព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ  ចម្លែកនៃព្រះតថាគតជាភិយ្យោភាព  ក្នុងទីនេះចុះ ។

 


១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  កើតនៅក្នុងពួកទេវតាជាន់តុសិត   គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក  បន្ទាប់អំពីជាតិនេះ  លុះដល់កើតហើយ  ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។


២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ  គឺ  អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។

 

៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ  ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ  ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក  ឬព្រហ្មលោកអាយុវែងៗ     ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា    ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។

   

៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត  ចុះកាន់គភ៌នៃព្រះវរមាតា  ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌  និងពេលប្រសូតទៀតផង ។  ព្រះអគ្គសាវ័កទាំងពីរអង្គ  និងព្រះ-បច្ចេកពុទ្ធទាំងឡាយ  មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ  និងពេលតាំងនៅក្នុងផ្ទៃ   ចំណែកព្រះអសីតិមហាសាវ័កដទៃ   ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ  ឯចំណែកជនដទៃទៀត  អត់ដឹងគ្រប់កាលទាំងបី ។


៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌  មានពន្លឺដល់លោកន្តរនរក ។


៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។

   

៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមានសីលដោយប្រក្រតី ។      

   

៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង  ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។

   

៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥  ( វៀរបុរសក្នុងរឿងទី ៨ ) ។

   

១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានអាពាធ

ណាមួយ  ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។

   

១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ  ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។

    

១២-ព្រះវរមាតា  ទ្រង់គភ៌ ១០ខែគត់  ទើបប្រសូត

   

១៣-ព្រះវរមាតា  ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ

   

១៤-ពេលប្រសូតព្រះបរមពោធិសត្វ  ទេវតាទទួលមុន  ទើបមនុស្សទទួលក្រោយ ។

   

១៥-ពេលប្រសូតព្រះបរមពោធិសត្វ  ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង  ទេវបុត្រ ៤ អង្គ  គឺមហារាជទាំង ៤  ទទួលព្រះបរម-ពោធិសត្វ  មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា  ហើយពោលថា  សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ  ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង  ទ្រង់បានប្រសូតហើយ ។

    ​​​

១៦-ពេលប្រសូតព្រះបរមពោធិសត្វ  ទ្រង់ស្អាតវិសេស  គឺ មិនមានប្រឡាក់អ្វីឡើយ ។

    

១៧-ពេលប្រសូត  មានធារទឹកក្ដៅ  និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។

   

១៨-ពេលប្រសូត  ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ  ទ្រង់យាង ៧ ជំហាន  ទ្រង់ក្រឡេកមើលគ្រប់ទិស  រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា

អគ្គោហមស្មិ  លោកស្ស

ជេដ្ឋោហមស្មិ  លោកស្ស

សេដ្ឋោហមស្មិ  លោកស្ស

អយមន្តិមា  មេ  ជាតិ  នត្ថិទានិ  បុនព្ភវោតិ ។

   

១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ  ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។

   

២០-វិទិតា  សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ  ដោយការកើត   តាំងនៅ   និងរលត់ទៅ   ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ  គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។

   

ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ  ភិក្ខុទាំងនោះ  ក៏មានចិត្តត្រេកអររីករាយ ។

    

សូមអនុមោទនា !

 

ជំនួយសតិ២៣

ដោយ​៥០០០​ឆ្នាំ​

 






ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ



រឿង​សេនក​បណ្ឌិត

( ចាក ម. អ. )

( បុរស​ចាស់​មាន​ប្រពន្ធ​ក្រមុំ ដូច​បាន​ដុំ​ភ្លើង )

 


កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះ​នាម​ជនកះ សោយរាជ្យ​ក្នុង​ក្រុង​ពារណសី ។ ព្រះពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ ទ្រង់​ព្រះនាម​សេនកះ នៅ​ក្នុង​ក្រុង​ពារាណសី​នោះ​ដែរ. បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។

 


លុះ​ត្រទ្បប់​មក​កាន់​ស្រុក​កំណើត​ព្រះ​អង្គ​វិញ ព្រះ​ចៅ​ក្នុង​​ក្រុង​នោះ​ទ្រង់​ព្រះរាជទាន​ដំណែង​ជាំ​អមាត្យ និង​យស​ដ៏​ធំ​ដល​ព្រះ​ពោធិសត្វ ៗ តែង​ទ្បើង​គង់​លើ​អាសនះ ដែល​ឥស្សរជន​ទាំង​ទ្បាយ​មាន​ព្រះរាជា​ជាដើម ប្រដាប់​តាក់តែង​សំដែង​អត្ថនិង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញបូណ៌មី​តាម​លំអាន​ព្រះ​ពុទ្ធ ។

 

គ្រា​ក្រោយ​មក​មាន​ព្រាហ្មណ៏​ចាស់​ម្នាក់ ដើរ​សុំទាន​គេ​បាន​ប្រាក់​មួយ​ពាន់​កហាបណះ យក​ទៅ​ផ្ញើរ​នឹង​ត្រកូល​ព្រាហ្មណ៏​មួយ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំដាប់​ហូរហែរ ។ ឯ​ត្រកូល​ព្រាហ្មណ៏​នោះ​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់ ។ដល់​ព្រាហ្មណ៏​ចាស់​ត្រទ្បប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន ក៏​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​ធ្វើ​ជា​ភរិយា​ព្រាហ្មណ៏​ចាស់ ៗ ឥត​មាន​ប្រកែក​បន្តិចបន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពារាណសី ។

 

ឯ​ប្រពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេថុន​ធម្ម​សោះ​ទៅ​ធ្វើ​មិច្ឆា​ចារ ( សហាយ​ស្មន់ ) ជា​មួយ​ នឹង​​ព្រាហ្មណ៏​កំលោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើគ្នា ។ ថ្ងៃ​មួយ​នាង​ព្រាហ្មណី​និយាយ​ទៅ​ព្រាហ្មណ៏​ថា បពិត្រ​ព្រាហ្មណ៏ ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ផ្ទះ​អ្នក​ឈ្នះ​ទេ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​យក​ជួល​ខ្ញុំ​ប្រុស ឬ​ស្រី​ម្នាក់​ឲ្យ​ខ្ញុំ. ព្រាហ្មណ៏ចាស់​ដោយ​ហេតុ​ស្រលាញ់​ប្រពន្ធ​ក្មេង​ក្រៃពេក​ទុក​ជា​យ៉ាង​ដូចម្តេច​ក៏​ដោយ ឥត​មាន​ការ​យល់​ទាស់​ទ្បើយ ទើប​និយាយ​ថា​ល្អ​ហើយ​នាង ត្រូវ​ហើយ​នាង ញាប់​មាត់ ហើយ​ស្ពាយ​ករុង​ស្បែក​សម្រាប់​ដាក់​សតូវ ត្រាច់​ម្នីម្នា​តាម​ច្រកល្ហក​ស្រុក និគម​សុំទាន​គេ​បាន​ប្រាក់ ៧ រយ​កហាបណះ ដល់​ត្រទ្បប់​មក​វិញ អង្គុយ​បរិភោគ​សតូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រហោង​មួយ​ដើម លុះ​បរិភោគ​រួច​ហើយ មិន​បាន​ចង​មាត់​ការុង​ដែល​ទុក​ត្រង់​កន្លែង​នោះ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង ។

 

កាល​នោះ មាន​ពស់​វែកក្របី​មួយ​នៅ​ក្នុង​ប្រហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ លូន​ចូ​ល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទីនោះ ដល់​ព្រាហ្មណ៏​ត្រទ្បប់​មក​វិញ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើ​ល​នាយអាយ ក៏​ចង​មាត់​ការុង​ស្ពាយ​ដើរ​តយង៉យ​បាន​បន្តិច​ឮពាក្យ​រុក្ខទេវតា​ពោល​ថា ព្រាហ្មណ៏​ក្នុង​ថ្ងៃ​នេះ បើ​អ្នក​ឈប់​សម្រាក​ត្រង់​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯង​ស្លាប់. បើដើរ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​ស្លាប់ ។

 

ព្រាហ្មណ៏​ឮ​ដូច្នោះ ភិតភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង យំ​បណ្តើរ​ដើរ​បណ្តើរ បាន​មក​ដល់​ក្រុង​ពារាណសី ឃើញ​ពួក​​មហាជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រអូប និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោ​ធិ​សត្វ ព្រាហ្មណ៏​ឃើញ​ដូច្នោះ ទើប​សួរ​ដឹង​ហេតុ​សព្វ​គ្រប់​ប្រការ​ហើយ គិត​ថា សេនក​បណ្ឌិត​ជាធម្មកថិក មុខ​ជា​សំដែង​ធម៌​ត្រង់​ណា​មួ ដើម្បី​កំចាត់​បង់​សេចក្តី​សោក​របស់​អញ​បាន​ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ធម៌. លុះ​គិត​ហើយ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ ដល់​ហើយ​គាត់​អង្គុយ​ក្រោយ​ពួក​បរិស័ទ​ទាំង​អស់ ។

 

ព្រះពោធិសត្វ​ឃើញ​ដូច្នោះ គិត​ថា​ហេតុ​អ្វី​ហ្ន ! ទើប​សួរ​ដំណើរ​ដែល​សោក​នោះ ។ ព្រាហ្មណ៏​បាន​ប្រាប់​តាម​ពាក្យ​ទេវតា​ពោល​ហើយ​សួរ​ថា បពិត្រ​បណ្ឌិត ហេតុ​ដូច​ម្តេច​​បាន​ជា​ខ្ញុំ​ស្លាប់. ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់ ។ ព្រះពោធិសត្វ​នឹក​រំពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​ក្នុង​ឧបាយ សឹង​ហេតុ​សព្វ​គ្រប់​ហើយ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា សតូវ​ការុង​អ្នក​មាន​ទេ? ព្រាហ្មណ៏​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​មាន។ ចុះ​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា?   បរិភោគ​ទៀប​គល់​ឈើ​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។  អ្នក​បរិភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​ការុង​ឬ​ទេ? មិន​បាន​ចង​ទេ ។

 

ព្រះពោធិសត្វ​ពោល​ថា បើ​ដូច្នោះ​មាន​ពស់​វែកក្របី​មួយ​ធំ​ក្លិន​សតូវ​ចូល​ទៅ​ក្នុង​ការ៉ុង​ បើ​ល្ងាច​នេះ​អ្នក​បរិភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ លូក​យក​សតូវ​មុខ​ជា​ពស់​ចឹក​អ្នក​ស្លាប. ហើ​ហួស​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​លូក​យក​ឥវ៉ាន់​ក្នុង​ការុង​ពស់​នឹង​ចឹក​ស្លាប់   ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំដៅ​ហេតុ​ហ្នឹង​ឯង   ដូច្នោះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​​កណ្តាល​បរិ​ស័ទ ស្រាយ​មាត់​រួច​យក​ឈើ​គោះ មុខ​ជា​ពស់​លូន​ចេញ ។

 

ព្រាហ្មណ៏​ធ្វើ​តាម ពស់​ក៏​លូន​ចេញ​មែន​ដក​ពពារ​ធ្វើ​សំលេង​សុសុ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​មនុស្ស​ទាំង​ទ្បាយ​បាន​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ និយាយ​គ្នា​ថា ព្រះពោធិសត្វ​នេះ​ទាយ​ដូច​ព្រះ​ពុទ្ធទើប​នាំ​គ្នា​លើក​ទ្បើង​នូវ​សែន​នៃ​ទងើ្វ ជ័យ​ផង ទះ​ដៃ​ផង​ស្រែក​ឲ្យ​សាធុការពរ​ផង ។

 

គ្រា​នោះ​ភ្លៀង​រតនះ ៧ ប្រការ​បង្អុរ​បូជា​ព្រះ​ពោធិសត្វ ។ ឯ​ព្រាហ្មណ៏ ក៏​យក​កហាបណៈ​ដែល​ខ្លួន​បាន​បូជា​ព្រះពោធិសត្វ ៗ មិន​ព្រមទទួល​យក​សោះ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ ៣០០ កហាបណៈ​ទៅ​ព្រាហ្មណ៏​អ្នក​ណា​ប្រើ​ឲ្យ​ដើរ​សុំ​គេ​យ៉ាង​នេះ? ព្រាហ្មណ៏​ឆ្លើយ​ថា​បពិត្រ​បណ្ឌិត​ប្រពន្ធ​ប្រើ ។ ប្រពន្ធ​ចាស់ឬក្មេង? បពិត្រ​បណ្ឌិត​នៅ​ក្មេង ។

 

ព្រះពោធិសត្វ​ពោល​ទៀត​ថា បើ​ដូច្នោះ​ប្រពន្ធ​របស់​អ្នក​ធ្វើ​មិច្ឆា​ចារ​ជាមួយ​នឹង​ព្រាហ្មណ៏ដទៃ​ហើយ បាន​ជា​វា​ប្រើ​អ្នក​ឲ្យ​ដើរ​សុំ​គេ បើ​អ្នក​យក​កហាបណៈ​ទាំង​នេះ​ទៅ​ដល់​ផ្ទះ មុខ​ជា​វា​យក​ទៅ​ឲ្យ​សាហាយ អ្នក​ត្រូវ​លាក់​ទុក​ត្រង់​ទីណា​មួយ​សិន សឹម​ចូល​ទៅ​តែ​ខ្លួន​ទទេ​ចុះ ព្រាហ្មណ៏​បាន​ទៅ​ដល់​ស្រុក​របស់​ខ្លួន​ហើយ ក៏​លាក់​ទុក​កហាបណៈ​ទាំង​នោះ​ត្រង់​មាត់​ទ្វារ​ស្រុក ទើប​ស្រែក​ហៅ​ប្រពន្ធ​ថា​នែ​ប្អូន នែ​ប្អូន ។

 

ពេល​នោះ​នាង​ព្រាហ្មណី​កំពុង​ចរចា​លេង​ជាមួយ​សាហាយ បាន​ឮ​ពាក្យ​ព្រាហ្មណ៏​ចូល​ផុត​ហើយ វា​ដឹក​ដៃ​សាហាយ​ឲ្យ​ទៅ​ពួន​ត្រង់​សន្ទះ​ទ្វារ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា អ្នក​បាន​ប្រាក់​ប៉ុន្មាន? ព្រាហ្មណ៏​ប្រាប់​ថា​បាន ១០០០ កហាបណៈ តែ​អញ​ដំកល់​ទុក​ត្រង់​ទ្វារ​ស្រុក មិន​បាន​យក​មក​ទេ ។ នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ ៗ ទៅ​យក​ទាល់​តែ​អស់ ។

 

លុះ​ព្រឹក​ទ្បើង​ព្រាហ្មណ៏​ទៅ​យក​កហាបណៈ​មិន​ឃើញ​សោះ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ​ម្តង​ទៀត ព្រះ​ពោធិសត្វ​ជ្រាប​ហេតុ​នោះ​សព្វ​គ្រប់ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់ ៧ ថ្ងៃ​ដល់​ព្រាហ្មណ៏ ហើយ​ប្រាប់​ឧបាយ​ថា អ្នក​ត្រួវ​អញ្ជើញ​ព្រាហ្មណ៏ ១៤ នាក់​គឺ ៧ នាក់​ជា​ជិត​ខាង​អ្នក ៧ នាក់​ទៀត​ជា​ជិត​ខាង​ប្រពន្ធ ឲ្យ​បរិភោគ​តាំង​ពីរ​ថ្ងៃ​ស្អែក​ទៅ ក្នុង​មួយ​ថ្ងៃៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ ៗ រៀង​រាល់​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី ៧ អញ្ជើញ​តែ​ពីរ​នាក់ គឺ​ម្នាក់​ខាង​អ្នក ម្នាក់​ទៀត​ខាង​ប្រពន្ធ. បណ្តា​ព្រាហ្មណ៏​ទាំង​អស់​នោះ ព្រាហ្មណ៏​ណា​ត្រូវ​ជា​ជិតខាង​ប្រពន្ធ​អ្នក មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លោះ​ខាន អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ ។

 

ព្រាហ្មណ៏​ធ្វើ​ដូច្នោះ​ឃើញ​មែន ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ ៗ ឲ្យ​បុរស​ទាំង​ទ្បាយ​ទៅ​ចាប់​ព្រាហ្មណ៏​ចោរ​នោះមក ហៅ​សួរ​ថា អ្នក​យក​ប្រាក់ ១០០០ កហាបណៈ​របស់​ព្រាហ្មណ៏​នេះ​អំពី​គល់​ឈើ​នោះ​ឬ​ទេ?    ព្រាហ្មណ៏​ចោរ​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ ។ ព្រះ​ពោធិសត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនកបណ្ឌិត អ្នក​ស្តាប់​ទេ​ឬ?  ព្រាហ្មណ៏​ចោរ​ឮ​ឈ្មោះ​ភ្លាម ភិត​ភ័យ​ជា​ខ្លាំង ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ឥទ្បូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ ។

 

ព្រះពោធិសត្វ ប្រើ​បុរស​ទាំង​ទ្បាយ​នាំ​ព្រាហ្មណ៏​ចោរ​ទៅ​ធ្វើ​អជ្ញា​របស់​ស្តេច ហើយ​ឲ្យ​និរទេស​ចេញ​ពី​នគរ​ទៀត. ទើប​ឲ្យ​ប្រាក់ ១០០០ កហាបណៈជាមួយ​នឹង​យស​យ៉ាង​ធំ​ដល់​ព្រាហ្មណ៏​ចាស់ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​របស់​ព្រះអង្គ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដរាប​ដល់​អស់​អាយុ ។ ( ព្រះ​មហា ប៉ុល. សៅ)

 

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...