Thứ Tư, tháng 8 18, 2021



អច្ឆរិយព្ភូតធម្មសូត្រ 

 

សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅនាវត្តជេតពន  ជិតក្រុងសាវត្ថី ។  ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ  ក្នុងកាលនោះ  ព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ  ចម្លែកនៃព្រះតថាគតជាភិយ្យោភាព  ក្នុងទីនេះចុះ ។

 


១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  កើតនៅក្នុងពួកទេវតាជាន់តុសិត   គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក  បន្ទាប់អំពីជាតិនេះ  លុះដល់កើតហើយ  ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។


២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ  គឺ  អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។

 

៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ  ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ  ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក  ឬព្រហ្មលោកអាយុវែងៗ     ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា    ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។

   

៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត  ចុះកាន់គភ៌នៃព្រះវរមាតា  ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌  និងពេលប្រសូតទៀតផង ។  ព្រះអគ្គសាវ័កទាំងពីរអង្គ  និងព្រះ-បច្ចេកពុទ្ធទាំងឡាយ  មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ  និងពេលតាំងនៅក្នុងផ្ទៃ   ចំណែកព្រះអសីតិមហាសាវ័កដទៃ   ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ  ឯចំណែកជនដទៃទៀត  អត់ដឹងគ្រប់កាលទាំងបី ។


៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌  មានពន្លឺដល់លោកន្តរនរក ។


៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។

   

៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមានសីលដោយប្រក្រតី ។      

   

៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង  ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។

   

៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥  ( វៀរបុរសក្នុងរឿងទី ៨ ) ។

   

១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានអាពាធ

ណាមួយ  ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។

   

១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ  ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។

    

១២-ព្រះវរមាតា  ទ្រង់គភ៌ ១០ខែគត់  ទើបប្រសូត

   

១៣-ព្រះវរមាតា  ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ

   

១៤-ពេលប្រសូតព្រះបរមពោធិសត្វ  ទេវតាទទួលមុន  ទើបមនុស្សទទួលក្រោយ ។

   

១៥-ពេលប្រសូតព្រះបរមពោធិសត្វ  ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង  ទេវបុត្រ ៤ អង្គ  គឺមហារាជទាំង ៤  ទទួលព្រះបរម-ពោធិសត្វ  មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា  ហើយពោលថា  សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ  ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង  ទ្រង់បានប្រសូតហើយ ។

    ​​​

១៦-ពេលប្រសូតព្រះបរមពោធិសត្វ  ទ្រង់ស្អាតវិសេស  គឺ មិនមានប្រឡាក់អ្វីឡើយ ។

    

១៧-ពេលប្រសូត  មានធារទឹកក្ដៅ  និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។

   

១៨-ពេលប្រសូត  ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ  ទ្រង់យាង ៧ ជំហាន  ទ្រង់ក្រឡេកមើលគ្រប់ទិស  រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា

អគ្គោហមស្មិ  លោកស្ស

ជេដ្ឋោហមស្មិ  លោកស្ស

សេដ្ឋោហមស្មិ  លោកស្ស

អយមន្តិមា  មេ  ជាតិ  នត្ថិទានិ  បុនព្ភវោតិ ។

   

១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ  ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។

   

២០-វិទិតា  សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ  ដោយការកើត   តាំងនៅ   និងរលត់ទៅ   ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ  គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។

   

ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ  ភិក្ខុទាំងនោះ  ក៏មានចិត្តត្រេកអររីករាយ ។

    

សូមអនុមោទនា !

 

ជំនួយសតិ២៣

ដោយ​៥០០០​ឆ្នាំ​

 






ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...