Hiển thị các bài đăng có nhãn ភាពអស្ចារ្យ៨យ៉ាងនៃមហាសមុទ្ 2-5-2022. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn ភាពអស្ចារ្យ៨យ៉ាងនៃមហាសមុទ្ 2-5-2022. Hiển thị tất cả bài đăng

Thứ Hai, tháng 5 02, 2022

ភាពអស្ចារ្យនៃមហាសមុទ្រទាំង៤



ភាពអស្ចារ្យ៨យ៉ាងនៃមហាសមុទ្រ និងភាពអស្ចារ្យ៨យ៉ាងនៃធម៌វិន័យ



យោងៈ បិដកលេខ ១១ ទំព័រ ២០៤ ដល់ ២០១៦

ភាពអស្ចារ្យ៨យ៉ាងនៃមហាសមុទ្រ៖

១) មហាសមុទ្រមានទំនាប ជាលំដាប់ មានជម្រាល ជាលំដាប់ មានការទេរទៅ ជាលំដាប់ មិនចោតជ្រៅតែម្ដងដូចអណ្ដូងទឹកទេ

២) មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនឡើង ឬជោរហួសច្រាំងបានទេ

៣) មហាសមុទ្រមិនដែលមានសាកសពនៅរួមបានទេ បើមានសាកសពស្លាប់ណាក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពនោះទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច

៤) ទន្លេធំៗដូចជា ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើហូរចូលដល់មហាសមុទ្រហើយ តែងលះបង់ត្រកូលរបស់ខ្លួន ហើយ ហៅថា សមុទ្រតែម្យ៉ាង

៥) ទឹកមហាសមុទ្រមិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងទ ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសឡើយ

៦) មហាសមុទ្រតែងមានរសតែម្យ៉ាង គឺ ប្រៃ

៧) មហាសមុទ្រមានរតនៈច្រើនយ៉ាង ដូចជា កែវមុក្ដា កែវមណី កែវពីទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត

៨)មហាសមុទ្រជាទីនៅអាស្រ័យនៃសត្វធំៗ ទាំងឡាយជាច្រើន មាន ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល តិមិតិមិង្គល មហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព (ទំហំរាងកាយ) ១ រយយោជន៍ខ្លះ ២ រយយោជន៍ខ្លះ ៣ រយយោជន៍ខ្លះ ៤ រយយោជន៍ខ្លះ ៥ រយយោជន៍ខ្លះ។

*ពូកអសុរតែងរីករាយក្នុងមហាសមុទ្រដោយហេតុ៨យ៉ាងនេះ។

រីឯភាពអស្ចារ្យដែលគួរឲ្យត្រេកអរក្នុងធម៌វិន័យក៏មាន៨ដែរ គឺ៖

១) ក្នុងធម៌វិន័យ មានការសិក្សា ដោយលំដាប់ មានកិច្ច ដោយលំដាប់ មានសេចក្ដីប្រតិបត្តិ ដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្ដងទេ

២) ក្នុងធម៌វិន័យ មានសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធបានបញ្ញត្តដល់សាវ័ក ទាំងឡាយហើយ ពូកសាវ័កនៃព្រះពុទ្ធ សូម្បីមានហេតុដល់ជីវិត ក៍មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះឡើយ

៣) អ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនល្អគួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្ដេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោគដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃប្រជុំគ្នានាំយកបុគ្គលនោះចេញមួយរំពេច បើទុកជាអង្គុយនៅក្នុងកណ្ដាលភិក្ខុសង្ឃពិតមែន បុគ្គលនោះក៏ឈ្មោះថានៅឆ្ងាយពីសង្ឃ ចំណែកសង្ឃក៍ឈ្មោះថានៅឆ្ងាយពីបុគ្គលនោះ

៤) វណ្ណៈ ទាំង៤ គឺ ខត្តិយៈ (ស្ដេច), ព្រាហ្មណ៍ (អ្នកចេះដឹង), វេស្សៈ (អ្នកជំនួញ), សុទ្ទៈ (អ្នកទាបក្រ) ដែលចេញចាកផ្ទះមកបួសក្នុងធម៌វិន័យដែលព្រះពុទ្ធសំដែងហើយ តែងលះបង់នាម និងគោត្រដើមរបស់ខ្លួន ហើយដល់នូវកិរិយារាប់បញ្ចូលថាជា សមណសក្យបុត្តិយ៍តែម្យ៉ាង

៥) បើទោះជាភិក្ខុ ច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុមិនប្រាកដថា ខ្វះឬពេញដោយភិក្ខុទាំងនោះឡាយ

៦) ធម៌វិន័យនេះ មានរស់តែម្យ៉ាង គឺ វិមុត្តិរស

៧) ធម៌វិន័យនេះ មានរតនៈច្រើនយ៉ាង គឺ សតិប្បដ្ឋាន ៤, សមប្បធាន ៤, ឥទ្ធិបាទ ៥, ពលៈ ៥, ពោជ្ឈង្គ ៧, និងមគ្គប្រកបដោយអង្គ៨

៨) ធម៌វិន័យនេះ ជាទីនៅនៃបុគ្គលធំៗ ជាច្រើន គឺ សោតាបនបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវសោតាបត្តិផល សកិទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លូនដើម្បីជាក់ច្បាស់នូវសកិទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវអនាគាមិផល អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវអរហត្តផល។

*ពួកភិក្ខុតែងរីករាយក្នុងធម៌វិន័យដោយហេតុ៨យ៉ាងនេះដែរ។

 





ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ