Thứ Năm, tháng 7 23, 2020


***បព្វជិត****

             *************
វត្តសាសនសាមគ្គីរង្សី  អូរត្រាវ


២កើតស្រាពណ៍ ទី២៣/៧/២០២០




បព្វជិត

បព្វជិតៈ​ (pabbajita) គឺសំដៅ​លើ​អ្នក​ដែល​បួសចូល​កាន់​ភេទជា​សមណៈ (samana) នៅ​ក្នុង​លទ្ធិណាមួយ។ ភេទជាបព្វជិត គឺខុស​ពី​គ្រហស្ថ (អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ) ដែល​បព្វជិត តែងតែរស់នៅ​តែ​ម្នាក់ឯង ឬរស់​នៅ​ជា​ក្រុម​ក្នុង​ទីណាមួយ ដើម្បី​ព្យាយាមដុត​កំដៅកិលេស​ក្នុង​សន្តាន ដើម្បី​ការ​រួច​ផុត​ចាក​ទុក្ខ និង​ដឹក​នាំ​អ្នក​ដទៃ​អោយ​រួច​ផុត​ទុក្ខ​ផង។ ក្នុងការ​ធ្វើតបៈនេះ(ដុត​ដៅនូវ​កិលេស) អ្នកបួសនៅ​ក្នុង​សាសនា​នីមួយៗ តែង​មាន​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​ខុស​ៗគ្នា ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​មេ​លទ្ធិនោះៗ។ ពាក្យថា​បព្វជិតនេះ គេអាច​ហៅ​បាន​ច្រើន​យ៉ាង មាន​ដូច​ជា​ ព្រះសង្ឃ សមណៈ អ្នក​បួស ភិក្ខុ ។ល។ ដែល​តាម​រយៈ​ការ​ហៅនោះ នៅ​ក្នុង​ភាសា​ខ្មែរ​ផ្នែកពុទ្ធ​សាសនា ពាក្យ​ទាំង​នេះ​មាន​ការបក​ស្រាយ​ប្លែក​គ្នា​បន្តិច​បន្តួច ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គេ​អាច​ប្រើ​ពាក្យ​ទាំងនោះ​​​ជំនួស​គ្នា​បាន។
បព្វជិត​​ក្នុងព្រះ​ពុទ្ធ​សាសនា
ព្រះសង្ឃសមាធិនៅមុខព្រះបរមរាជវំាង
នៅ​ក្នុង​ពុទ្ធ​សាសនា ពាក្យ​ថា​បព្វ​ជិត គឺ​សំដៅ​លើ​អ្នក​ដែល​ចូល​កាន់​ភេទ​ជា​សមណៈ​នៅ​ក្នុង​ពុទ្ធ​សាសនា គោរព​ប្រតិបត្តិ​តាម​ពុទ្ធោវាទ (ឱវាទ​របស់​ព្រះ​ពុទ្ធ​)។ ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ដែល​ប្រព្រឹត្តព្យាយាមដុត​កំដៅ​បាបធម៌ ធ្វើ​កាយ​វាចា​ចិត្ត​​អោយ​ស្ងប់​ចាក​បាប អាច​ហៅ​ថា​បព្វជិត​បានទាំង​អស់។ ឯពាក្យ​ថា​សង្ឃ គឺ​សំដៅ​លើ​ក្រុម ភិក្ខុ ឬ​អ្នក​បួស​ច្រើន​រូប។ ដោយ​ការ​សន្មត គេ​អាច​ចាត់​ទុក​ភិក្ខុ​មួយអង្គ ឬ​ក៏​សាមណេរ​មួយរូប ថា​ជា​សង្ឃ​បាន ក្នុង​ន័យ​នេះ គឺ​គេ​មិន​ចំពោះ​លើ​បុគ្គល​ណា​មួយ​ឡើយ។ ឧទាហរណ៍ដូច​ជា​ និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត ​គឺ​សំដៅ​លើ​អង្គ​ណា​ក៏​បាន មិន​ចំពោះ​ថា​ត្រូវ​តែ​ជា​ភិក្ខុ​អង្គ​នេះ ឬ​អង្គ​នោះ​ឡើយ។
នៅពេល​ដើរ​ផ្លូវ បព្វជិត​មួយ​អង្គ​ៗ ត្រូវបាន​អនុញ្ញាតិ​អោយ​​មា​នបរិក្ខារ៨យ៉ាងជាប់​ខ្លួន​ គឺ ស្បង់​ ចីវរ សង្ឃាដី សំពត់ងូត បាត្រ កាំបិតកោរ ម្ជុលដេរ និង​បំពង់​ទឹក។
គេ​អាច​ចំណាំ​បុគ្គល​ម្នាក់​ជា​បព្វជិត​បាន​ដោយ​ការ​ស្លៀកពាក់។ សំលៀកបំពាក់​របស់​អ្នក​បួស​ គឺ​ខុស​ពី​អ្នក​ធម្មតា ដែល​នៅ​គ្រប់​គ្រង​ផ្ទះ។ ជា​ទួទៅ ក្នុង​ការ​រស់​នៅ​របស់​អ្នកបួស លោក​តែង​ប្រើ​ប្រាស​នូវត្រៃចីវរពណ៌លឿងទុំ។ ជា​ការ​ពិត​ណាស់ នៅ​តាម​តំបន់​ផ្សេង​ៗ គេ​ឃើញ​មាន​ បរិក្ខារ​នេះ ពណ៌​លឿង​ខ្លះ ពណ៌​ឈាមជ្រូក​ខ្លះ នោះគឺ​អាស្រ័យ​ទៅ​តាម​ការ​ជ្រលក់ និង​វត្ថុ​ធាតុ​ដើម​សំរាប់​ជ្រលក់​ក្រណាត់​នៅ​តាម​តំបន់​នោះ​ៗ។ ចំណែក​ឯ​នៅ​ស្រុក​ខ្មែរ គេ​សំគាល់​ថា ព្រះ​ភិក្ខុ ដែល​មាន​ទ្រទ្រង់​ចីរវពណ៌​លឿងខ្ចី គី​ជា​ភិក្ខុ​ផ្នែក​មហានិកាយ ឯភិក្ខុ​ដែល​ទ្រទ្រង់​ចីវរ​ពណ៌​លឿងទុំ គឺ​ជា​ភិក្ខុ​ផ្នែក​ធម្មយុត្តិ។ បើ​ទោះ​ជា​មាន​និកាយ​ផ្សេង​គ្នា​ក៏​ដោយ ក៏និកាយ​ទាំង​ពីរ​នេះ ជា​ព្រះពុទ្ធ​សាសនា​បែប​ថេរវាទ​តែ​មួយ។
               បព្វជិតចិញ្ចឹម​ជីវិត​ដោយ​ការ​បិណ្ឌបាត ឬការ​និមន្ត​ពីទាយក (អ្នកអោយទាន) ដើម្បី​ទទួល​ភត្ត (អាហារ) ដោយ​ហេតុ​ថា ភិក្ខុ​មិន​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ធ្វើ​ការ​រក​ស៊ី​ដូច​ជា​អ្នក​ស្រុក ម្យ៉ាង​ទៀត ការ​បិណ្ឌបាត​នេះ គឺ​ដើម្បី​សង្គ្រោះ​ដល់​សត្វ​លោក។ ក្នុង​មួយ​ថ្ងៃ ពួកលោក​អាច​ឆាន់ (បរិភោគ) បាន​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃរះ រហូត​ដល់​ថ្ងៃត្រង់ (ដែលសម័យ​បច្ចុប្បន្ន ​គេ​សំគាល់​ថា​ម៉ោង​១២)​។ ចំណែក​ពេល​រសៀល ឬ​ល្ងាយ អាច​បាន​តែ​ភេសជ្ជៈ​ប៉ុណ្ណោះ។

ការ​សូត្រ​ធម៌​របស់​បព្វជិត ក៏​ដូច​ជា​ពុទ្ធ​សាសនិក​ជនទួទៅ គឺ​សូត្រ​ដើម្បី​រំលឹក​ដល់​គុណ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ គឺ​មិន​ដើម្បី​ប្រាថ្នា​របស់​ណា​នីមួយ​ពី​ព្រះ​រតនត្រ័យឡើយ ។ 
        នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​កម្ពុជា ថៃ ភូមា ឪពុកម្តាយភាគច្រើន តែង​តែ​បញ្ជូន​កូន​ប្រុស​របស់​ខ្លួន​អោយ​បួស​ក្នុង​ពុទ្ធ​សាសនា​ក្នុង​រយៈ​ពេលណាមួយ។ អ្នក​ដែល​មាន​ឧបនិស្ស័យ​នឹង​ព្រះ​ពុទ្ធ​សាសនា ក៏​សម្រេច​ចិត្ត​នៅ​ក្នុង​ភេទ​ជា​អ្នក​បួស​បន្តទៅទៀត។
               នៅ​ក្នុង​ប្រទេស​ស្រីលង្កា អ្នក​ដែល​សម្រេច​ចិត្ត​ចូល​សាង​ផ្នួស កាន់ភេទជា​បព្វជិតហើយ បែរ​ជា​សឹក​មក​ជា​ឃរាវាស (អ្នកគ្រប់គ្រង់ផ្ទះ) វិញ​ នឹង​ត្រូវ​បាន​ទទួល​ការ​រិះគន់​ពី​សំណាក់​ញាតិ​ទាំងឡាយ។

ក្នុងសម័យបច្ចុប្បន្ននេះ ផ្នែកពុទ្ធសាសនាថេរវាទ ស្ត្រីភាព​មិន​អាចចូល​បួស​ជា​ភិក្ខុនីបាន​ទេ ដោយ​ហេតុ​ថា ភេទភិក្ខុនី​ត្រូវ​បាន​ផុត​ពូជហើយ ម្យ៉ាង​ទៀត ការ​បួស​ជា​ភិក្ខុនី ត្រូវ​ធ្វើ​ឡើង​ដោយ​ពីរគណៈ គឺ គណៈ​ភិក្ខុ​សង្ឃ និង​​គណៈ​ភិក្ខុនី​សង្ឃ។ តួយ៉ាងដូចជា នៅ​ក្នុង​សិលាចារឹករបស់​ព្រះបាទ​អសោក ដែល​ព្រះ​អង្គ ត្រូវ​បញ្ជូន​បុត្រីគឺ​ព្រះ​នាង​សង្ឃមិត្តាថេរី ដែល​ជា​ភិក្ខុនី ទៅ​កោះលង្កា តាម​ការ​ស្នើរសុំរបស់​ព្រះបាទ​ទេវានម្បិយតិស្ស ដើម្បី​នឹង​បំបួស​ភិក្ខុនី​នៅ​កោះលង្កានោះ។
               ផ្នែកខាង​ទីបេ ប្រទេស​ចិន ភាគច្រើនជាព្រះសង្ឃពុទ្ធសាសនាផ្នែកមហាយាន។ ខាង​មហាយាននេះ គេ​ឃើញ​មាន​ស្ត្រី​អាច​បួស​ជា​ភិក្ខុ​នី​បាន។ ការគោរព​វិន័យ ក៏​មាន​ការ​ធូរ​រលុង តួយ៉ាង​ដូចជា ពុទ្ធសាសនានៅ​ប្រទេស​ជប៉ុន ដែល​ព្រះ​សង្ឃ​ត្រូវ​បាន​អនុញ្ញាត​អោយ​មាន​ភរិយា ជាដើម។



បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...