៧-ធម្មទេសនាយាចនគាថា
ពាក្យសូមអារាធនាលោកទេសនា
បទទី១
គ្រានោះសហម្បតី ព្រហ្មជាឥសូរលោកា
ចូលគាល់ព្រះសាស្តា លើកហត្ថាសិរោរាប
។
ហើយពោលពាក្យទូលថា សូមករុណាស្តេចទ្រង់ជ្រាប
ដ្បិតសត្វអន់ទន់ទាប ទុព្វលភាពបាបក្រៃក្រាស់
។
ទន្ទឹងព្រះធម៌ថ្លៃ ជានិស្ស័យបច្ច័យច្បាស់
ឥឡូវទ្រង់បានត្រាស់ ត្រេកអរណាស់ពុំកន្តើយ
។
សត្វខ្លះក្រាស់ដោយកាម មិនយល់តាមត្រៃលក្ខណ៍ឡើយ
ឥឡូវយល់ខ្លះហើយ ដោយអំណាចព្រះមានបុណ្យ
។
បើបានស្តាប់ទេសនា បញ្ញាក្លាខ្លាំងលើសមុន
សូមព្រះដ៏មានបុណ្យ ទ្រង់និមន្តត្រាស់ទេសនា
។
ប្រោសសត្វបំបាត់សោក ទាំងរាគរោគរូបតណ្ហា
ងងឹតប្រែជ្រះថ្លា កើតបញ្ញាភិយ្យោយល់
។
ត្រៃលោកគោកត្រៃលក្ខណ៍ សង្សារចក្រវិលមិនដល់
អវិជ្ជាជាឬសគល់ ជាបច្ច័យនៃសង្ខារ
។
នាំសត្វឲ្យសោកសៅ លិចលង់នៅក្នុងសង្សារ
បញ្ចមារមោហន្ធការ រឹតរុំហុំជុំជិតនៅ
។
ហេតុនោះសូមព្រះអង្គ ប្រោសស្រោចស្រង់ដាក់សំពៅ
ចម្លងសត្វឆ្ពោះទៅ កាន់ត្រើយត្រាណនិព្វាននាយ
។
ដូចកល់ប្រទីបធំ សាយត្រសុំភ្លឺព្រោងព្រាយ
បំភ្លឺសត្វទាំងឡាយ ឲ្យសប្បាយក្សាន្តភិរម្យ
។
ព្រះសទ្ធម្មជាស្គរជ័យ ព្រះវិន័យជារាងធំ
ព្រះសូត្រជាខ្សែរុំ ព្រះអភិធម្មជាស្បែកដាស
។
អរិយសច្ចជាអន្លូង សម្រប់ទូងឲ្យឮច្បាស់
សត្វលោកងោកងុយណាស់ ឮស្គរដាសក្រោកឡើងបាន ។
បរិស័ទបួនចំពូក ដូចផ្កាឈូកក្នុងជលដ្ឋាន
ខ្លះផុសចាំសូរ្យឆាន រះនិងរីកដោយរស្មី
។
ព្រះធម៌ជាសូរ្យសែង រះឡើងចែងចាំងរស្មី
បំភ្លឺលោកទាំងបី ឲ្យយល់ផ្លូវឋានសុខា
៕
ចប់បទទី ១
៨-ពាក្យសូមអារាធនាលោកទេសនា
បទទី ២
សហម្បតីព្រហ្ម ឱនបង្គំអារាធនា
សម្តេចព្រះភគវា ដោយគាថាយ៉ាងនេះឯង
។
ព្រះពុទ្អទ្រង់អនុកូល ព្រមទទួលនឹងសម្តែង
ដោយតុណ្ហីភាពថ្លែង តាមភាវគុណករុណា
។
ទើបក្រោកចាកទីនោះ ភក្រ្តាឆ្ពោះព្រៃមិគទាយ៌
យាងចេញចរលីលា ពីទីនោះដោយព្រះបាទ
។
ញ៉ាំងសត្វចូលពុទ្ធចក្រ មានបញ្ចវគ្គីយ៍ជាអាទិ៍
ឲ្យផឹកអម្រឹតជាត រសនិព្វានតាមធម្មតា
។
ចាប់ផ្តើមពីនោះឯង ទ្រង់សម្តែងធម៌ទេសនា
ធ្វើពុទ្ធក្រិត្យា អស់វស្សាសែសិបប្រាំ
។
ពុំថយពុំបន្ធូរ ប្រយោជន៍យូរអង្វែងឆ្នាំ
សម្រេចបុញ្ញកម្ម ដល់សព្វសត្វទាំងភពត្រ័យ
។
ហេតុនោះឥឡូវនេះ យើងខ្ញុំនេះសាទរក្រៃ
បពិត្រព្រះគុណថ្លៃ សូមនិមន្តប្រោសទេសនា
។
ឲ្យកើតមានបញ្ញា ប្រាកដនាទីនេះហោង
៕
ចប់បទទី ២
៩-បទអារាធនាធម្មទេសនា
អហំរីខ្ញុំម្ចាស់ សូមឱកាសក្រាបប្រតិបត្តិ
ដល់អស់ពួកបរិស័ទ ដែលលះកាត់ក្តីកង្វល់
។
ហើយមកប្រជុំគ្នា ព្រោះប្រាថ្នាយកកុសល
ហេតុនេះសូមតម្កល់ តាំងចិត្តស្តាប់ធម៌ទេសនា
។
អំណាចស្តាប់ទេសនា ដោយជ្រះថ្លាក្នុងសន្តាន
។
សូមតាំងចិត្តឲ្យស្អាត ខ្ញុំអារាធនាថ្កាន
និមន្តលោកនិទាន ទេសន៍ទូន្មានយើងរាល់គ្នា
។
សូមពុទ្ធបរិស័ទ ដែលប្រតិបត្តិគាល់ត្រៀបត្រា
កមពោលកុំចរចារ និយាយគ្នាបែរមុខក្រោយ ។
សូមផ្ចង់នៅសញ្ញា ផ្ទៀងសោតាស្តាប់កុំធ្លោយ
ទើបនឹងបានផលសោយ អានិសង្សប្រាំប្រការ ៕