ភិក្ខុប្រកបដោយធម៌ ៦ ប្រការ
គួរដល់ទក្ខិណាទាន
ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ ១-២ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ឥធ ភិក្ខវេ ភិក្ខុ ចក្ខុនា រូបំ ទិស្វា នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ សោតេន សទ្ធំ សុត្វា … ឮសំឡេងដោយត្រចៀក … ឃានេន គន្ធំ ឃាយិត្វា … ធុំក្លិនដោយច្រមុះ … ជិវ្ហាយ រសំ សាយិត្វា … ទទួលរសដោយអណ្តាត … កាយេន ផោដ្ឋព្វំ ផុសិត្វា … ពាល់ត្រូវផោដ្ឋព្វៈដោយកាយ … មនសា ធម្មំ វិញ្ញាយ នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ អដ្ឋកថា បទថា នេវ សុមនោ ហោតិ ន ទុម្មនោ សេចក្តីថា រមែងជាអ្នកមិនត្រេកអរព្រោះឥដ្ឋារម្មណ៍ ដោយសោមនស្សដែលសហគតៈដោយរាគៈ ឬរមែងជាអ្នកមិនអាក់អន់ ព្រោះអនិដ្ឋារម្មណ៍ ដោយទោមនស្ស ដែលសហគតៈដោយទោសៈ ។ បទថា ឧបេក្ខកោ វិហរតិ សតោ សម្បជានោ សេចក្តីថា មិនដល់នូវភាពជាអ្នកព្រងើយកន្តើយដោយឧបេក្ខាដែលមិនប្រកបដោយញាណ ដោយមិនពិចារណា ក្នុងមជ្ឈត្តារម្មណ៍ ឈ្មោះថា ជាអ្នកមានសតិសម្បជញ្ញៈ មានចិត្តជាកណ្តាលក្នុងអារម្មណ៍ ។ ក្នុងព្រះសូត្រនេះ ព្រះដ៏មានព្រះភាគត្រាស់ធម៌ជាគ្រឿងនៅជាប្រចាំរបស់ព្រះខីណាស្រព ។ ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា ៦ ជាអ្នកគួរដល់ទក្ខិណាទាន ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។ល។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៦ នោះគឺ៖ ១. អនេកវិហិតំ ឥទ្ធិវិធំ បច្ចនុភោតិ រមែងបាននូវការតាក់តែង ឬសម្តែងឫទ្ធិច្រើនប្រការបាន ២. ទិព្វាយ សោតធាតុយា វិសុទ្ធាយ អតិក្កន្តមានុសិកាយ ឧភោ សទ្ទេ សុណាតិ ទិព្វេ ច មានុសេ ច យេ ទូរេ សន្តិកេ ច ភិក្ខុមានសោតធាតុជាទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់សំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ៣. បរសត្តានំ បរបុគ្គលានំ ចេតសា ចេតោ បរិច្ច បជានាតិ ភិក្ខុរមែងកំណត់ដឹងច្បាស់នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួន ៤. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ ភិក្ខុរលឹកឃើញនូវជាតិដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនជាច្រើនជាតិ ៥. ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយដែលកំពុងច្យុតនិងកំពុងកើត ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន អដ្ឋកថា បទថា អសវានំ ខយា អនាសវំ សេចក្តីថា ឈ្មោះថា មិនមានអាសវៈ ព្រោះអាសវៈទាំងឡាយអស់ទៅ មិនមែនព្រោះមិនមាន ដូចការមិនមាននៃចក្ខុវិញ្ញាណជាដើម ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់អភិញ្ញាទុកសម្រាប់ព្រះខីណាស្រព តាមលំដាប់ ។ ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។ល។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៦ នោះ គឺ ៖ ១-៥. សទ្ធិន្ទ្រិយេន វីរិយិន្ទ្រិយេន សតិន្ទ្រិយេន សមាធិន្ទ្រិយេន បញ្ញិន្ទ្រិយេន ភិក្ខុប្រកបដោយសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។ល។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៦ នោះ គឺ ៖ ១-៥. សទ្ធាពលេន វីរិយពលេន សតិពលេន សមាធិពលេន បញ្ញាពលេន ភិក្ខុប្រកបដោយសទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន អដ្ឋកថា ក្នុងឥន្ទ្រិយសូត្រ និងពលសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់ព្រះខីណាស្រពទុកតែម្យ៉ាង ។ ក្នុងបឋមអាជានិយសូត្រ ទុតិយអាជានិយសូត្រ និងតតិយអាជានិយសូត្រ បិដកលេខ ៤៦/៧-១០ ព្រះអង្គទ្រង់សម្តែងថា ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ។ល។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ទាំង ៦ នោះគឺ ៖ ១. ខមោ ហោតិ រូបានំ ជាអ្នកចេះអត់ធន់នឹងរូប [ រូបារម្មណ៍ ] ២. ខមោ សទ្ទានំ អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ] ៣. ខមោ គន្ធានំ អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ] ៤. ខមោ រសានំ អត់ធន់នឹងរស [ រសារម្មណ៍ ] ៥. ខមោ ផោដ្ឋព្វានំ អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ] ៦. ខមោ ធម្មានំ អត់ធន់នឹងធម្មារម្មណ៍ ដោយ ៥០០០ឆ្នាំ |