Thứ Ba, tháng 7 26, 2022

ដើមកំណើតអក្សរខ្មែរ

អក្សរខ្មែរ មានដើមកំណើតមកពីអក្សរព្រាហ្មី នាសម័យបល្លវៈ និងចាលុក្យៈ។កាលសម័យនោះ បានជា ពពួក ព្រាហ្មហៅអក្សរដើមនេះថា “អក្សរព្រាហ្មី” ព្រោះពួកព្រាហ្មគេជឿថាអក្សរដើមនេះគឺ “ព្រះព្រហ្ម ជាអ្នកបង្កើត”។

* ចាប់តាំងពីយើងមានអក្សរ រហូតមកដល់សព្វថ្ងៃនេះអក្សរខ្មែររបានប្រែប្រួល សណ្ឋាន និងទ្រង់ទ្រាយ ចំនួន ១០លើករួចមកហើយ។
* អក្សរសាស្ត្រខ្មែរ-សៀម៖
សៀមនិងលាវបានយកលំនាំនៃអក្សរខ្មែរមកប្រើ ដោយប្រើការកែប្រែ លុបសក់ចេញមើលទៅ ហាក់ដូចជាមនុស្សមានតែក្បាលតែអត់មានសក់។
ទាំងអក្សរ ទាំងភាសា ទាំងសិល្បៈ ទំនៀមទំលាប់និងព្រះពុទ្ធសាសនាខ្មែរ ត្រូវបានជនជាតិសៀម និងលាវយកទៅប្រើប្រាស់ និងប្រតិបត្តិតាមរៀងរហូតមកដល់ សព្វថ្ងៃ។ អក្សរដែលសៀមប្រើសព្វថ្ងៃគឺ
ជាអក្សរខ្មែរនេះឯង។សៀមបានខ្ចីអក្សខ្មែរតាំងពីមុនសតវត្សទី១៣។ ចំនែក អក្សរខ្មែរបែបបុរាណដែល យើងហៅថា អក្សរមូលឫអក្សរខមសៀមយកទៅប្រើសម្រាប់សរសេរ បាលីរហូតមកដល់សព្វថ្ងៃមិន ទាន់ ឈប់ប្រើសោះឡើយ។ បើអានលិខិតសៀមណាមួយក៏ ដោយយើងនឹងឃើញមានពាក្យដែលខ្ចី ពីខ្មែរនៅក្នុងគ្រប់បន្ទាត់យ៉ាងតិចមួយម៉ាត់ ឫដល់ច្រើនម៉ាត់ផង។
* ភាសាសៀម និងភាសាខ្មែរមានលក្ខណៈស្រដៀងគ្នាច្រើន ដោយហេតុថា៖
សៀមខ្ចីពាក្យខ្មែរទៅប្រើច្រើនព្រៃពេកណាស់។
សៀមនិងខ្មែរខ្ចីពាក្យបាលីមកប្រើខ្លះព្រោះកាន់ព្រះពុទ្ធសាសនាដូចគ្នា។សៀមយកអារ្យធម៌ខ្មែរទៅ ប្រើមិនមែនតែក្នុងរយៈពេល១០០០ឆ្នាំប៉ុណ្ណោះទេ (ពីសតវត្សទី៣ ដល់សតវត្សទី១៣ ក្នុងពេលដែល ថៃស្ថិតនៅក្រោមបង្គាប់ខ្មែរ) គឺរហូតដល់ចុងសតវត្សទី១៦ពេលដែលថៃវាយបែកបន្ទាយលង្វែក។

ការសិក្សាសម័យបុរាណការសិក្សាចែកទៅជា ៤ ជាន់
The Traditional Education of Ancient Cambodia



ការសិក្សាសម័យបុរាណការសិក្សាចែកទៅជា ៤ ជាន់
The Traditional Education of Ancient Cambodia

១ . ការសិក្សាចែកទៅជា ៤ ជាន់

ក . ជាន់ដើម ( រៀនសរសេរ )

កាលកុមាដឹងក្តីហើយ មានអាយុប្រមាណ៧ . ៨ . ៩ .១០ ឆ្នាំមាតាបិតាតែងនាំកូនទៅឱ្យសិក្សា
នៅវត្ត រៀបចំសំពត់ខោអាវ ខ្លួនប្រាណកូន ហើយរើសរកថ្ងៃល្អ ។ គេច្រើនរើសយកព្រហស្បតិ៍ ព្រោះ
ថ្ងៃនេះជាថ្ងៃទេញ្តសំដី ហើយគេជឿថាកុមារចាប់ផ្តើមរៀននៅថ្ងៃនេះនិងឆាប់ចេះដឹង ។ រើសថ្ងៃ បាន
ហើយ នាពេលព្រឹកមាតារៀបអាហាភោជន ទុកជាចង្ហាន់ប្រគេនលោក ។ លុះរៀបរួចហើយ ស្វាមី
ភរិយានាំកូនទៅវត្ត ចូលទៅលោកគ្រូចៅអធិការ ក្រាបបង្គំបីដង បង្គាប់កូនឲ្យថ្វាយបង្គំបីដង ហើយ
លើកភោនាអាហារប្រគេន ទើបថយមកអង្គុយកន្លែងនៅទីគួរសម លើកដៃប្រណម្យទូលថ្វាយ ៖
ព្រះតេជៈគុណម្ចាស់ ! ព្រះករុណាទាំងពីរនាក់ នាំកូនឈ្មោះ ( ……… ) មកប្រគេនទុកជាសិស្ស
ឱ្យសិក្សាចំណេះវិជ្ជា មានអក្សរលេខជាដើម ។ សូមតេជៈគុណ មេត្តាប្រោសបង្ហាត់បង្រៀន ច្បាប់
លោក ច្បាប់ធម៌ ចំណេះវិជ្ជាគ្រប់ប្រការឱ្យទាន ។ ខ្ញុំព្រះករុណាទាំងពីរនាក់ សុំតែភ្នែក និងឆ្អឹងទេ សាច់
ឈាមប្រគេនព្រះតេជៈគុណទាំងអស់ ។ ពាក្យនេះមានន័យថា សូមមេត្តាបង្រៀនសព្វសារពើវិជ្ជា បើនៅទាស់ខុសឆ្គងត្រង់ណា កាយឬវាចារចិត្ត មេត្តាប្រោសពត់ប្រដៅឱ្យទាន ឱ្យទាល់តែបានទៅជា
មនុស្សចេះដឹងនឹងគេ ។និយាយទូលលោកហើយ បែរមកនិយាយនឹងកូនថា ៖
( ណែកូន ! មែឳនាំមកប្រគេន ព្រះតេជៈគុណ ឱ្យសិក្សារៀនសូត្រ ។ កូនត្រូវប្រតិបត្តិព្រះតេជៈ
គុណ កុំបីឱ្យមានឆ្គាំឆ្គង មើលបំរើទឹកក្តៅ ទឹកត្រជាក់តាមការគួរ ហើយខំប្រឹងរៀនសូត្រឱ្យចេះដឹង ឱ្យ
មែឳបានសប្បាយចិត្ត ធ្វើវង្សត្រកូលយើងឱ្យរុងរឿងតទៅ ) ។ កុមារដែលមាតាបិតា បានប្រគល់ទៅឱ្យ
លោកគ្រូបាធ្យាយ ហើយដេកនៅក្នុងវត្តរហូត ហើយប្រណិប័តន៍គ្រូអាចារ្យតទៅ ។ តែសព្វថ្ងៃទំនៀម
នេះ មិនទៀងទាត់ទេ ។ កុមារទៅរៀននៅវត្តតែពេលថ្ងៃ លុះដល់ពេលល្ងាច វិលមកដេកផ្ទះវិញ ។ ទំនៀមនេះហើយ ជាប្រពៃណីខ្មែរយើងពីបុរាណ ។ បើពិនិត្យពិចារណាអោយបានហ្មត់ចត់ទៅ នេះ
មិនមែនជា ទំនៀមទម្លាប់ខ្មែរសុទ្ធសាធទេ ។ កាលដើមឡើយ គឺធ្វើតាមទំនៀមទម្លាប់បែបព្រាហ្មណ៍ ។
ក្នុងគម្ពីរព្រាហ្មណ៍ដូចច្បាប់មនុ ( Loi deManu ) ឬច្បាប់គ្រឹហ្យសូត្រស្តីថា កូនព្រាហ្មណ៍ កាលបើដល់
អាយុសិក្សាហើយ ( ១០.១១.១២ឆ្នាំ ) មាតាបិតា ត្រូវយកទៅប្រគល់ឱ្យឬសីជាអធ្យាបក ( គ្រូបង្រៀន )
ដើម្បីសិក្សាត្រៃវេទ( ត្រយិវិទ្យា ) ។ កុមារព្រាហ្មណ៍នេះ ហៅថាព្រាហ្មចារិនឬ ព្រហ្មចារី ( អ្នកប្រព្រឹត្តិ
ឱ្យបានទៅជាព្រះព្រហ្ម ឬប្រព្រឹត្តិឱ្យបានក្តីប្រសើរ ) ។ កុមារព្រាហ្មណ៍នៅជាមួយគ្រូ រកអាហារភោជន
រក្សាភ្លើងតទៅរហូតដលឥចេះចប់ត្រៃវេទ និងវេទាង្គ ( អង្គរបស់វេទ ៦ប្រការ )
១ . កល្ប ៖ សិក្សាឱ្យចេះធ្វើពិធីបូជា
២ . សិក្សា៖ សិក្សាសូរសាស្រ្ត
៣ . ឆន ៖ សិក្សាក្បួនកាព្យ
៤ . និរុត្តិ ៖ សិក្សាអានវេទឱ្យត្រឹមត្រូវតាមជើងកាព្យ
៥ . វ្យាករណ៍ ៖ សិក្សាវេយ្យាករណ៍
៦ . ជ្យោតិស្ឋ ៖ សិក្សាតារាសាស្រ្ត
ចេះវេទ វេទ្យាង្គ សព្វគ្រប់ហើយ ទើបទទួលបាននាមថា បាគូ ( អ្នកដល់នូវត្រើយនៃវិជ្ជា ) ។ ដល់វិលមកផ្ទះវិញ ទើបមាតាបិតារៀបពិធីប្រសិទ្ធីឱ្យបានពេញជាព្រាហ្មណ៍ ពេញលក្ខណៈ គឺ ទ្ធិជៈ
( កើតពីដង ) គឺកើតពីមាតាម្តង និងកើតចេញពីត្រៃវេទម្តងទៀត ។ប្រពៃណីដូចបានរៀបរាប់មកនេះ
ហៅថាឧបនយសំស្ការ គឺពិធីប្រសិទ្ធិកូន ឲបានជាព្រហ្មណ៌ពេញលក្ខណៈ ។ ពាក្យថាឧបនយសំស្ការ
មានពីម៉ាត់គឺ ឧបនយន ( ឧប + នី ) ប្រែថា ( នាំយកទៅប្រគល់ឱ្យអធ្យាបក ស្មើ គ្រូ បូក សំស្ការ
( សំ បូក កិរិ ) ប្រែថា ៖ សំរាំង ប្រសិទ្ធី ។ សំស្ការនេះនៅប្រទេសឥណ្ឌាសម័យបុរាណទាំងអស់មាន ៤០ ប្រការគឺ ក្នុងជីវិត ព្រាហ្មណ៍ម្នាក់ៗរាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញ ត្រូវធ្វើសំស្ការ ៤០ដង ឧទាហ  រណ៍ មានគភ៌ លម្ពនសំស្ការ ( ធ្វើពិធីឱ្យឧទរមានគភ៌ រហូតដល់អាវាហវិវាហ សំស្ការជាទីបំផុត។  តែសព្វថ្ងៃនេះ គេច្រើនតែធ្វើតែ១២ប្រការទេ ។ ដោយឡែកប្រទេសខ្មែរយើង មិនប្រើពាក្យ ( សំស្ការ ) នេះទេព្រោះយើងកាន់ពុទ្ធសាសនា។ តាមពុទ្ធសាសនាយើងប្រើពាក្យមង្គលស្មើ (សេចក្តីចម្រើន)  ជំនួសវិញ ។ យើងនិយាយថា អាវាហវិវាហមង្គល ( មង្គលរៀបការ)នាមករណមង្គល(មង្គលឱ្យឈ្មោះ) សិប្បគ្គហនមង្គល ( មង្គលឱ្យរៀន ) ។ ល។ ដូច្នេះ យើងយល់បានថាការសិក្សាប្រព្រឹត្តិទៅតាម បែប លក្ខណៈព្រះពុទ្ធសាសនា ។ ប៉ុន្តែ ប្រពៃណីជាព្រាហ្មណ៍ផ្សំ និងទំនៀមខ្មែរកើតបានទៅជា អារ្យធម៌ មួយឡើងដែលផ្សេងពីពុទ្ធសាសនា និងលទ្ធិព្រាហ្មណ៍ ។


១ . ឧបករណ៍សិក្សា

កុដិ ឫ សាលា ជាសាលារៀន គ្មាន តុ កៅអីទេ ។ សិស្សទាំងអស់រៀនរួមគ្នាតែកន្លែងមួយ ។ ពេលព្រឹក មិនអាចរៀនបានទេ ព្រោះជាពេលដែលលោកបិណ្ឌបាត្រ ។ ដូច្នេះ ការសិក្សាច្រើនប្រព្រឹត្តិទៅនាពេល រសៀល ចាប់ពីម៉ោងមួយ ឬ មួយកន្លះរសៀលទៅដល់ពេលល្ងាចម៉ោងប្រាំ ឬប្រាំកន្លះបន្ទាប់ពីលោក ឆាន់ នឹង សឹងសំរាកពេលថ្ងៃរួចមក ។ក្តារឈ្នួន ៖ ធ្វើពីបន្ទះ ឈើស្រាល ( ដើមគ ) ទទឹង ០,២៥ម បណ្តោយ ១,២០ម មុខម្ខាងឈូសស្អាតលាបពណ៌ខ្មៅ សម្រាប់សរសេរ ។  មុខម្ខាងទៀតគ្រាន់តែ ឈូសរំលីង តែមិន លាបពណ៌ទេ ព្រោះមិនប្រើសម្រាប់សរសេរឡើយ ។ដីស ៖ គឺដីដែលមានពណ៌ស ។ គេច្រើនយកដីឥដ្ឋនៅបាតស្រះបាតស្ទឹង ទន្លេ យកមកលញ់ឱ្យ មូលប៉ុនៗម្រាមដៃ ហាលថ្ងៃឱ្យស្ងួត ហើយទើបយកមកសរសេរ ។

ទឹកល្បប់ ៖ គឺទឹកដែលលាយដោយសំណល់ផ្សេងៗ ដូចជាផង់ធ្យូង ម្រែង ភ្លើងលាយជាមួយទឹកបាយ ។ គេលាយក្នុងត្រឡោកដូង ឬក្នុងកូនក្អម ទុកសម្រាប់លុបក្តារខៀន ។ ពេលរៀនលោកគ្រូនិមន្តទៅកាន់ ទីកន្លែងរៀន ។ សិស្សអង្គុយជួបជុំគ្នា ដោយពួកៗ តាមថ្នាក់គឺសិស្សទើបរៀនសរសេរសិស្សមើល សាស្រ្តាច្បាប់ សាស្រ្តាល្បែង សាស្រ្តាទេសន៍ ។ លោកគ្រូនិមន្តទៅសិស្សថ្មីមុនគេបង្គាប់ឱ្យរៀន អង្គុយបត់ជើង ឱ្យដាក់ក្តារខៀននៅលើភ្លៅ យកដៃឆ្វេងទ្រក្តារ ដៃស្តាំកាន់ដីសសរសេរ ។ ដំបូងលោក គ្រូដាក់ច្បាប់ បង្គាប់ឱ្យកាន់ដីសឱ្យសសេរពីឆ្វេងទៅស្តាំ ។ លោកដឹកដៃឱ្យរៀនសរសេរ ។ ជួនកាល បង្គាប់ឱ្យសិស្សដឹកបន្ទាត់គាប ហើយបង្គាប់ឱ្យសិស្សសរសេរអក្សរតាមចន្លោះបន្ទាត់គាបនោះ ដើម្បីឱ្យអក្សររត់ត្រង់ជួរល្អ ។ជាពិសេសលោកគ្រូសរសេរបទមនស្ការបីបទ ជាអក្សរមូលទុកជាច្បាប់ អាទិតាំងគឺ ៖
នមោ ៖ សូមមនស្ការ
ពុទ្ធាយ ៖ ចំពោះព្រះពុទ្ធ
សិទ្ធំ ៖ សូមឱ្យបានសម្រេចការសិក្សា
ពេលសិស្សកំពុងសរសេរ លោកគ្រូបង្រៀនឱ្យអានបណ្តើរ ឱ្យអានបទមនស្ការ ជាភាសា
សំស្រ្តឹតនេះ ជាភាសាខ្មែរគឺឲ្យអានថា ន មោ ពុ ទ្ធា យ សិ ទ្ធំ ឱ្យចេញជាបទបែបដូចតទៅ ៖
ន អឺយ ន ន ន
មោ អឺយ មោ . មោ . មោ
ពុ អឺយ ពុ . ពុ . ពុ ( អានថា ពុត )
ទ្ធា អឺយ ធា . ធា . ធា
យ អឺយ យ . យ . យ
សិ អឺយ សិ . សិ . សិ ( អានថា សិត )

ទ្ធំ អឺយ ទ្ធំ . ទ្ធំ . ទ្ធំ ( អានថា ធំ )
បើសិស្សសរសេរបទមនស្ការនេះបានហើយ លោកគ្រូបង្រៀនឱ្យសសេរស្រៈពេញតួគឺ អ អា
ឥ ឦ ។ល ។ ហើយបង្គាប់ឱ្យអានថា អ អីយ អ . អ . អ ។ ល ។តទៅទៀតលោកបង្រៀនឱ្យសរសេរ
ព្យញ្ជនៈ ក ខ គ ។ ល ។ ហើយឱ្យអានតាមទំនងដូចគ្នា ។ បន្ទាប់ពីនោះលោកដាក់ឲ្យរៀនសរសេរស្រៈ
និស្ស័យគឺ ស្រៈ ា ិ ី រហូតដល់ចប់ ។
រៀនចេះស្រៈពេញតួ ស្រៈនិស្ស័យនិងព្យញ្ជនៈអស់ហើយ លោកគ្រូបង្រៀនបំបែកព្យញ្ជនៈ ផ្សំ
និងស្រៈនិស្ស័យយ ប្រកបព្យញ្ជនៈ ផ្ញើជើង ជាលំដាប់ ឱ្យចេះសរសេរ អានរត់មាត់ ។
ការរៀនបែបនេះហៅថា ( រៀនផ្ទាល់មាត់ ) ។ កាលបើសិស្សរៀនចប់ផ្នែកបំបែក ផ្ញើជើង ប្រកបសព្វគ្រប់ហើយ លោកគ្រូប្រដៅ គឺសរសេរអក្សរឱ្យសិស្សអានឱ្យត្រូវ ។ បើសិស្សអានរហ័ស
ស្ទាត់ជំនាញហើយ លោកគ្រូពិនិត្យមើលឃើញថា អាចទៅរួចហើយ ទើបឱ្យឡើងទៅមើលសាស្រ្តា
ច្បាប់ ។

ខ . ជាន់ទី ២ ៖ រៀនមើលសាស្រ្តាច្បាប់

ការរៀនមើលសាស្រ្តាច្បាប់នេះ គឺដំបូងឱ្យរៀនមើល ( អាន ) ជាពាក្យរាយ មិនទាន់ឱ្យមើល
( អាន ) ជាបទតាមច្បាប់ទេ ព្រោះសាស្រ្តាច្បាប់ទាំងអស់សុទ្ធតែពាក្យកាព្យដូចជាច្បាប់ក្រម កេរកាល
ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់រាជនេតិ ( ច្បាប់ព្រះរាជសម្ភារ ) ។ល ។ លោកគ្រូនាំឱ្យរៀនអានត្រឹមត្រូវ
ច្បាស់លាស់ តាមតួអក្សរ រួចហើយឱ្យសិស្សអានដោយខ្លួនឯងតទៅ ។ គេអានហើយអានទៀត អាន
ច្រើនលើកច្រើនសា ទាល់តែចាំស្ទាត់រតើមាត់ អាចសូត្រមាត់ទទេ បាន ដោយមិនបាច់មើលអក្សរ ។ ការអាននេះលោកគ្រូផ្ទៀងមើល និមន្តទៅអង្គុយជិត ហើយបង្គាប់ឱ្យសិស្សចាប់សាស្រ្តាអានតាំងពី
ដើមដល់ចប់ បើលោកឃើញថាសិស្សនេះ ចេះអានស្ទាត់ជំនាញហើយ លោកគ្រូពន្យល់សេចក្តី ក្នុង
សាស្រ្តាច្បាប់នោះបន្ថែមទៀត ។ ធម្មតាច្បាប់មានអត្ថន័យជ្រាលជ្រៅណាស់ រួចទើបលោកឱ្យឡើង
មួយថ្នាក់ទៀតគឺមើលសាស្រ្តាល្បែងតទៅ ។

គ . ជាន់ទី ៣ ៖ រៀនមើលសាស្រ្តាល្បែង

ការរៀនមើលសាស្រ្តាល្បែង មានទំនងដូចគ្នានិងរៀន មើលសាស្រ្តាចបាប់ដែរ ។ តែម្តងនេះ លោកគ្រូអោយរៀនចេញជាបទ ។ ព្រោះសាស្រ្តាលបែងទាំងអស់ សុទ្ធតែបានតែង និពន្ធឡើងជាបទ
ទាំងអស់ មានកាកគតិ ព្រហ្មគីតិ ភុជង្គលីលា ពំនោល បន្ទោលកាក ។ ល ។ សស្រ្តាល្បែង មានច្រើន
ច្បប់ដូចជាសាស្រ្តាច្បាប់ដែរ គឺសាស្រ្តា ជុច សុបិន ហង្សយន្ត វិមាន ច័ន្ទ ស័ង្ខសិល្ប៍ជ័យ ជ័យទត្ត សព្វសិទ្ធ ។ ល ។ លោកគ្រូបង្រៀនឱ្យមើល តាមបទសិស្សថាតាម ទាល់តែត្រូវបទ ទើបឱ្យសិស្សអាន
ខ្លួនឯងតទៅ ។ គេមើល ( អាន ) ដដែលៗសាចុះ សាឡើងទាល់តែចាំស្ទាត់ ទើបផ្លាស់ទៅអានសាស្រ្តា
ផ្សេងទៀត រហូតទាល់តែអស់សាស្រ្តាដែលមាននៅក្នុងវត្ត ។ លោកគ្រូផ្ទៀងមើលទៀត បើឃើញ
សិស្សចេះ អានបទត្រឹមត្រូវហើយលោកឱ្យឡើងទៅមើលសាស្រ្តាទេសន៍ ។

ឃ . ជាន់ទី ៤ ការមើលសាស្រ្តាទេសន៍
ការមើលរៀនសាស្រ្តាទេសន៍ មានទំនងអានផ្សេងពីសាស្រ្តាល្បែង ព្រោះគេសរសេរជាពាក្យ
រាយធម្មតា ។ តែមិនមែនជាពាក្យរាយ ធម្មតាសុទ្ធសាធនោះទេ ។ ពាក្យ ឬកំរងពាក្យទាំងនោះរណ្តំគ្នា
រដឹកទៅ ដែលគេនិយមហៅថា កំរងកែវ ។ ដូច្នេះលោកគ្រូបង្រៀនឱ្យសិស្សអាន លើកដាក់សម្លេងតាម
បែបទេសន៍ ។ គេហៅថារៀនទេសន៍ ។ សាស្រ្តាទេសន៍មានច្រើនច្បាប់ដែរ ដូចជាសាស្រ្តាអានិសង្ឃ
អានិសង្ឃចម្លងបុណ្យ អានិសង្ឃខ្មោច ។ ល ។ រហូតដល់សាស្រ្តាទេសន៍ធំៗ ដូចជាទសជាទតក៍ជា
ដើម ។ សិស្សរៀនដល់ថ្នាក់នេះ ចាត់ទុកជាសិស្សជាន់ ខ្ពស់ហើយ ។ អ្នកនិពន្ធទសជាតក៍សុទ្ធតែអ្នក
មានស្នាដៃខ្ពង់ខ្ពស់ ។ ពាក្យពេចន៍ខ្ពស់មានអាថ៌សេចក្តីគម្ពីរភាព ពាក្យរាយ តែជួនរណ្តំគ្នា មើលទៅ
មិនអាក់ ពីរោះស្តាប់គួរឱ្យចង់មើល ដូចពាក្យតទៅនេះ ៖
ព្រហ្ម ម្នាលព្រាហ្មអឺយ ! រីព្រៃខេត្តហេមពាន្ត សឹងដ៏ជាសំណាក់នៃបក្សាបក្សី តែងអាស្រ័យ
នៅសព្វវេលា ហើរនាវេហាស៍ យាសយំ ចុះមកទុំដោយលង្វែកមែកសាខា ខ្ញៀវខ្ញាដោយភាសា ឭសូរល្វេងល្វើយ ។ ឯបក្សីទាំងឡាយនោះគឺ ក្រួច ក្រៀល ចង្កៀល ខ្យងត្រយងយំថ្ងូរ តុកទ្រូ ហ៊ូ ហ៊ូ តាវៅ សិ្វតចៅ អាអាត ក្ងាន ក្ងក្ងោក ប៉ោលតោក ត្រុំ ថ្លុំ ស្ទាំង ភូវាំង លលក សារិកា សឹងហើរឆ្វៀលឆ្វាត់ ឆ្លេឆ្លាទៅមក ឆ្មៀងរកចំណីអាហារ ។ សម្លេង កង្កួចឭគ្រលួច បីដូចតូរ្យដន្រ្តី ត្រែស័ង្ក រគាំងភេរី ពិណពាទ្យរនាត ពិរោះរងំ ។ ល។
រីអស់ព្រៃប្រឹក្សានោះ មានពណ៌ទីទៃៗពីគ្នា ពុំដឹងនិងប្រាប់ទេ ។ មានព្រឹង ព្រូស ជន្លូស ដៃខ្លា គគី ឆំាឆា ពុកឆ្មា មហាហង្ស មានទាំងព្និល ព្នៅ បង្គាបង្គៅ មាក់ប៉ែន គូលែន សិរមាន់ ចាន់ មាក់បាត លាំងសាត ធូរេន មៀន ប្រដាក់ មាក់ប្រេង មាក់ប្រាង មាក់សាង មាក់ដោក ឪឡឹក ស្រឡៅ តាត្រៅ អង្កោល អង្កាញ់ កណ្តក់ ចំបក់ រាំងភ្នំ ស្រគំ ពង្រ ញ កកោះ លំពោះ ក្រវាន់ ច័ន្ទន៍ក្រឹស្នា ។ ល ។មួយសោតឯ ស្រះស្រង់ បោក្ខរណី មានទឹកថ្លាយង់ ដល់មីដេររដាស ដោយផ្កា ឧប្បលចង្កុលណីលំចង់ស្បង័្កជ សឹងដុះលាយ លេចគ្នាមានផ្ការីករហង់ មានហ្វូងមច្ឆាហែបហែលរេរាទៅមក ក្រហោក្រហែ ទ្រនេល បំបែលកំភរ កំភុក មានទាំងត្រីឆ្ពិន ត្រីស្លាត អណ្តាតឆ្កែ ឆ្កោក គុជ្រា អណ្តែងងាំង គល់រាំង រាហ៊ូ ឆ្តោ ផ្ទក់ ក្អុកក្អី ត្រីក្រាយ ក្លាំងហាយ ក្លាំងហាត ដងខ្ទែងច្រកែង ទីពោ ។ ល ។ថិរវេលាសិក្សានេះ មិនមានកំណត់ច្បាស់លាស់ទេ ។ តែបើសិក្សាគ្រប់គំរប់បីឆ្នាំ ទើបសន្មត់ថាអស់ការសិក្សាមួយលើក ។ ក្នុងការអាស្រ័យនៅក្នុងវត្តនេះ សិស្សបានទទួលការអប់រំគ្រប់យ៉ាង ។ លោកគ្រូមិនមែនបង្រៀនតែអក្សរធម៌អាថ៌ ប៉ុណ្ណឹងទេ ។ លោកអប់រំធម៌ ចរិយាទៀត ។ បង្រៀនឱ្យចេះគោរពគ្រូមាតាបិតា ញិាតកាទូទៅ រហូតដល់អ្នកធំអ្នកតូច ។ បង្រៀនឱ្យចេះសំពះ ចេះឱនលំទោន ចេះដាក់ខ្លួនឱ្យសម ដឹងខ្ពស់ដឹងទាប ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ ល្អ ស្គាល់អាក្រក់ គុណទោស រាក់ជ្រៅ គួរមិនគួរធ្វើឱ្យសិស្សបានប្រសើរ ឱ្យចេះដើរខ្លួនឯង នៅក្នុងលោករបស់មនុស្សនេះ ទៅត្រង់ណាឱ្យគេស្គាល់ថាកូនអ្នកមានពូជត្រកូលខ្ពង់ខ្ពស់  ជាមនុស្ស បាន ទទួលការសិក្សដ៏ល្អប្រសើរ ជាមនុស្សស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ ផែនទឹក ផែនដី ។
អាស្រ័យដោយការរអប់រំនៅវត្តនេះហើយ បានជាប្រជាជនខ្មែរ ស្លូតត្រង់សុភាពរាបសារ ។
កុមារ អាយុ១២ឆ្នាំ ត្រូវបួសជាសាមណេរ សងគុណមាតា ។ បួសហើយមានបន្តការសិក្សាទៅមុខ
ទៀត រៀនសាមណេរវិន័យ រៀនធម៌សូត្រមន្ត រៀនលេខនព្វន្ត រៀនវិជ្ជាផ្សេងៗតាមត្រូវការ ។ បើសាម
ណេរនេះសិកមកជាគ្រហស្ថ មានឈ្មោះមួយគេហៅថា ( ជី ) ។ ដល់អាយុ២១ឆ្នំា កុមារនេះត្រូវបួស
ជាភិក្ខុ រួចហើយមានការសិក្សាបន្តទៅទៀត រៀនវិន័យ រៀនធម៌អាថ៌ រៀនចំណេះវិជ្ជាផ្សេងៗ តាម
ផ្លូវលោកតាមត្រូវការ ។ បើនៅក្នុង វត្តខ្លួនពុំមានការសិក្សាវិជ្ជាបច្ចេកទេសទេ សាមណេរ ឬភិក្ខុ អាចលាលោកគ្រូឧបជ្ឃាយ៍ ទៅសិក្សាវិជ្ជាដែលខ្លួនត្រូវការ នៅវត្តដទៃទៀត ។ ក្នុងវត្តនីមួយៗតែងមាន
កិច្ចការវត្ត ។ ភិក្ខុសាមណេរ ក៏ត្រូវធ្វើការនោះដែល ហាក់ដូចជារៀនហ្វឹកហាត់ធ្វើការនោះតែម្តង ។ ដទៃពីនេះ មានការសិក្សាជាន់ខ្ពស់ គឺរៀនសំណាក់ព្រះកម្មដ្ឋាន ស្មឹងស្មាធ៍ ធ្វើចិត្តខ្លួនឱ្យបរិសុទ្ធ ផុតកិលេស ក្តីសៅហ្មង ។ ខ្លះមានសទ្ធាវិរីយៈមាំមួន នៅជាអ្នកបួសតទៅ បានទៅជាគ្រូសូត្រឆ្វេងស្តាំ គ្រូចៅអធិការ ។ ខ្លះមានសទ្ធាវីរិយៈទន់ខ្សោយ សិកមកជាគ្រហស្ថវិញ គេហៅថៅ ( អ្នក ) ហើយក៏ មានភរិយាទៅតាមប្រពៃណីអ្នកស្រុកទៅ។ការសិក្សាដូចបានពោលមកនេះ ជារបៀប សិក្សានៅ គ្រឹស្តសតវត្យទី១៩។ របៀបសិក្សាតាមបែបពិចារណា មើលឃើញថាមាន តាំងពីសម័យព្រេង នាយគឺសម័យមុនអង្គរ សម័យមហានគរ ការសិក្សាហ្មត់ចត់ គ្រូសុទ្ធតែមានភូមិសិក្សាខ្ពង់ខ្ពស់ ។ ឯអ្នកសិក្សាកក៏ បានទទួលការចេះដឹងប្រសើរគួរជាទីពេញចិត្ត ។



គ្រាមភាសាខ្មែរ

I.សេចក្តីផ្តើម

ការសិក្សាស្រាវជ្រាវ និងធ្វើការប្រៀបធៀបគ្រាមភាសារបស់អ្នកភ្នំពេញ ជាមួយគ្រាមភាសាអ្នកកន្ទ្រង់នេះ គឺជារឿងមួយយ៉ាងសំខាន់។ ក្រោយពីការសិក្សាលើមុខវិទ្យាភាសាវិទ្យាប្រៀបធៀបរួចមក យើងសង្កេតឃើញថា មុខវិជ្ជានេះ មានសារៈសំខាន់ ក្នុង ការសិក្សាស្រាជ្រាវរាវរកពាក្យពេចន៍មួយចំនួនមកធ្វើការប្រៀបធៀបគ្នា ដើម្បី រក និរុត្តិ សាស្ត្រពាក្យ និងអំបូរភាសា ដែលមានប្រវត្តិ និងក្រុមរបស់វា។  ក្នុងការសិក្សាប្រៀប ធៀបនេះ គឺយើងផ្តោតសំខាន់ទៅលើមូលដ្ឋាននិយមន័យ ដែលទទួលបានពីមុខវិជ្ជា ភាសាវិទ្យាប្រៀបធៀប។ នៅក្នុងការប្រៀបធៀបនេះ ខ្ញុំផ្តោតសំខាន់ទៅលើ រូបសព្ទ ពាក្យ សទ្ទតា សូរ និងសម្ពន្ធន័យក្នុងល្បះ ដែលជាចំណោទបញ្ហាក្នុងការសិក្សាស្រាវជ្រាវ។

II.ប្រវត្តិនៃការសិក្សា

ភាសាដែលនិយាយនៅតំបន់ផ្សេងៗ មិនដូចគ្នាទំាងស្រុងនោះទេ គឺវាមានភាពល្អៀងពីគ្នាទៅដោយសំឡេង ទៅដោយពាក្យដែលប្រើប្រាស់ ឬល្អៀងគ្នាដោយសេចក្តីរបស់ពាក្យ។  លើសពីនេះទៅទៀត លោកក៏មានប្រសាសន៍ថា “ភាសាអ្នកបាត់ដំបងមានត្រឹមត្រូវល្អជាងគេ ចំណែកភាសាអ្នកស្រុកស្វាយចេកនិយាយខុសមិនត្រូវតាមតួព្យញ្ជនៈក្នុងការប្រកប(កើស, ១៩៦៧:4-5)

លោក Narast Pisitpanper នៅក្នុងស្នាដៃមួយរបស់លោកដែលមានចំណងជើងថា “On The r>h shift in Phnom Penh Khmer” ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកអាន បានធ្វើការពិពណ៌នាអំពីការប្រើប្រួលសូរ “រ” ទៅជាព្យញ្ជនៈ “ហ”  នេះ នៅក្នុងគ្រាមភាសារបស់អ្នកភ្នំពេញដែរ មិនត្រឹមតែប៉ុណ្ណោះលោកបង្ហាញភាពប្រែប្រួលអំពើព្យញ្ជនៈ (Pisitpanporn, 1993:7)

ការធ្លាក់ចុះនៃសូរ “រ” នៅក្នុងភាសាទំនើបគឺកើតឡើងនៅក្នុងគ្រាមភាសាអ្នកភ្នំពេញ ដែលមានកំណើតទៅក្នុងស្រុកតែម្តងដែលភាគច្រើនគឺកើតមាននៅក្នុងព្យាង្គដែលសូរ រ” ដែលគ្មានវត្តមាន ដូចជាពាក្យថា ស្រែ” សូរចេញជា សែ”មកវិញ វត្តមានព្យញ្ជនៈ រ” ត្រូងបាត់ (Wayland,Susan , 2005)

III.និយមន័យ Dialect

វិញ្ញតិ្ត “គ្រាមភាសា” ផ្អែកលើគំនិតដែលថា “មានភាសានៅក្នុងភាសា” ដែលយើងបានឃើញមកហើយថា ជាគំនិតមិនស្របតាមវិចារណញ្ញាណ។ សង្គមភាសាវិទ្យាមិនអាចទទួលយកវិញ្ញត្តិ ដែលមានន័យពាំត្រណោតផងនិងដែលលាយឡំទម្លាប់ប្រភេទផងនេះផង ប្រភេទនោះផងបានទេ។ ដូច្នេះហើយលោកសាស្ត្រាចារ្យក៏ប្រើពាក្យថា “ទេសយោបាយ” ជំនួសពាក្យគ្រាមភាសាដែលមានន័យពាំត្រណោត។ ជារួមមកយើងឃើញថា Dialect គឺជាការវិវិធភាពនៃភាសានៅក្នុងតំបន់ ទីតាំងភូមិសាស្រ្តណាមួយ។

លោក ព្រំ ម៉ល់ បានពន្យល់ទៅលើភាសាថា “ភាសាមានការវិវត្តតាមរយៈគ្រឹះគឺតាមរយៈកាលភាសាវិវឌ្ឍជាសម្តីប្លែកៗតាមតំណាក់កាល ឬជាកាលៈយោបាយៈ យោបាយមុនអង្គរ យោបាយក្រោយអង្គរ និងយោបាយបច្ចុប្បន្ន។ តាមរយៈតំបន់ៈ ភាសាវិវឌ្ឍជាសម្តីសំដៅតាមតំបន់ ឬវិវឌ្ឍជាទេសយោបាយ យោបាយអ្នកក្រុង យោបាយអ្នកជនបទ យោបាយខ្មែរកម្ពុជាក្រោម យោបាយខ្មែរសុរិន្រ្ទ។ តាមរយៈក្រុមៈភាសាវិវឌ្ឍសម្តីសំដៅតាមក្រុម ឬវិវឌ្ឍជាវណ្ណៈយោបាយ យោបាយស្តេច យោបាយមន្ត្រី យោបាយកម្មករជាដើម។” គ្រាមភាសា គឺជាការប្រើប្រាស់ភាសានៅតាមតំបន់ផ្សេងៗ ដែលន័យសេចក្តីរបស់គេអាចយល់ស្តាប់គ្នាបានរវាងអ្នកដែលរស់នៅក្នុងតំបន់របស់គេ។ ទោះបីវាមានឃ្លាតពីភាសាបទដ្ឋាន(ភាសាកណ្តាល ឬផ្លូវការណ៍) ក៏ដោយក៏វាអាចយល់ និងស្តាប់គ្នាបានដែរ។ យ៉ាងណាមិញគ្រាមភាសាមានការល្អៀងសូររបស់ពាក្យបន្តិចមែន តែការប្រើប្រាស់ពាក្យនៅក្នុងល្បះ មិនខុសគ្នាពីអ្នកប្រើប្រាស់ភាសាបទដ្ឋាន (ភាសាកណ្តាល) នោះទេ គឺគេគោរពទៅតាមក្បួនវេយ្យាករណ៍ ហើយន័យសេចក្តីនោះវិញក៏នៅរក្សាបានឃ្លាតឆ្ងាយពីន័យដើមប៉ុន្មានដែរ។

IV.លទ្ធផល និង វិភាគទិន្នន័យ

១. លទ្ធផល

       ក្រោយពីការសិក្សា និងលទ្ធផលពីការសម្ភាសរួចមកខ្ញុំ គឺលទ្ធផលទទួលល្អ ដូចអ្វីដែលខ្ញុំបានរំពឹងទុកជាមុន។ ខ្ញុំសង្ឃឹមថាលទ្ធផលដែលខ្ញុំទទួលបានពីការសម្ភាសនេះ ខ្ញុំគឺធ្វើការវិភាគបង្ហាញនៅក្នុងចំណុចខាងក្រោម និងបង្ហាញពីភាពខុសគ្នារវាងគ្រាមភាសាអ្នកភ្នំពេញនឹងគ្រាមភាសាអ្នកភូមិកន្រ្ទង់។ បើយោងតាមលទ្ធផលនៃការធ្វើសម្ភាស គឺយើងសង្កេតឃើញមានបន្លែកខុសរវាង សូរពាក្យ និងការប្រើប្រាស់ពាក្យមួយចំនួនប្លែកគា្នទៅតាមទីកន្លែងរបស់ពួកគេ។ ខាងក្រោមនេះគឺជាការវិភាគ ពីភាពខុសគ្នាទៅតាមទិន្នន័យដែលទទួលបាន។ ជាលទ្ធផលដែលយើងបានរកឃើញថា ភាពខុសប្លែកគ្នារបស់គ្រាមភាសាអ្នកភូមិកន្រ្ទង់ និងគ្រាមភាសាអ្នកភ្នំពេញ តាមរយៈការធ្វើសម្ភាសបានផ្តល់។

២.ការវិភាគទិន្នន័យ

            ២.១. ការប្រែប្រួលសទ្ទតាស្រៈ

      ២.១.១. ប្តូរសទ្ទតាស្រៈ “[ែ],[eː]” ទៅជាសទ្ទតាស្រៈ “[េ],[e]”

នៅក្នុងចំណុចនេះគឺខ្ញុំសាកល្បងសិក្សាទៅសូរស្រៈ និងកត់សូរជាសូរវិទ្យាអន្តរ ជាតិ[A.P.I] ដើម្បីរកភាពខុសគ្នាទៅលើសូរ។

ពាក្យស្តង់ដា

អ្នកភ្នំពេញ

អ្នកភូមិកន្ទ្រង់

សែង

[saзŋ]

[se:ɲ]

លែង

[lε:ɲ]

[le:ɲ]

ផ្អែម

[pәʔaεm]

[pәʔe:m]

តែង

[taεɲ]

[te:ɲ]

១.វិភាគទី១

ផ្នែកលើលទ្ធផល បានបង្ហាញយើងឃើញថា គំរូអ្នកនិយាយទី១ និងទី២ គឺមានការបញ្ចេញសំឡេងពាក្យ សែង[saзŋ],លែង[lε:ɲ],ផ្អែម[pәʔaεm],តែង[taεɲ]”  ប្តូរទៅជាសូរសទ្ទតាស្រៈ សេញ[seːɲ],តេញ[leːɲ],ផ្អេម[pәʔe:m],តេញ[te:ɲ]។ គំរូអ្នកនិយាយទី១ និងទី២គឺសទ្ទតាស្រៈ [អែ,aԑបានប្តួរជាសូរសទ្ទតាស្រៈ [អេ,eːពីព្រោះដើម្បីសម្រួលនូវសំឡេងរបស់គេក្នុងនិយាយ។ អ្នកនិយាយទី៣ និងទី៤ បានធ្វើអំនានទៅលើពាក្យនេះ គឺនៅរក្សាសូរដដែលមិនមានការប្រែប្រួលនោះទេ។ ភាពបប្រែប្រួលនេះ គឺសូររបស់សទ្ទតាស្រៈដែលមានការប្រើប្រាស់ទៅតំបន់ក្នុងការប្តូរសូរស្រៈ “អែ” ទៅជា “អេ”។

២. ប្តូរសទ្ទតាស្រៈ “ឹ” ទៅជាសទ្ទតាស្រៈ “េ” ជាសូរសទ្ទតាស្រៈ “ិ”

ក្នុងករណីនេះគឺវាប្រែប្រួលសូរទៅតាមសំឡេងរបស់ប្រជាជននៅទីនោះ គឺពេលដែលគាត់និយាយពាក្យដែលមានស្រៈ «» ប្តូរទៅជា «» និងប្តូរជាសទ្ទតាស្រៈ “ិ”។

ឧទាហរណ៍ៈ

ពាក្យស្តង់ដា

សូរអ្នកភ្នំពេញ

អ្នកភូមិកន្ទ្រង់

សូរ

ខឹង

[khзŋ]

[ខិញ]

[kheɲ]

ដឹង

[dзŋ]

[ដិញ]

[de:ɲ]

ត្រឹម

[trзm] [tзm]

[ត្រិម]

[trзm]

៣.ការវិភាគ

        តាមលទ្ធផលដែលបានពីការធ្វើការសម្ភាស បង្ហាញពីការប្រែប្រួលលើសទ្ទតាស្រៈ។ គំរូអ្នកនិយាយទី១ និងទី២(អ្នកភូមិកន្រ្ទង់) បានធ្វើអំនានពាក្យ ខឹង[khзŋ] ,ដឹង [ŋ]” គំរូអ្នកនិយាយទំាងពីរនេះ ខ្សែសម្តីធ្វើឲ្យប្រែប្រួលលើសូរសទ្ទតាស្រៈ អឹ” ដូរជាសទ្ទតា អេ” និងដូរជាសទ្ទតាស្រៈ អិ” [kheːɲ] [ខេញ], [de:ɲ] [ដិញ], [trзm] [ត្រិម],ហើយលើសពីនេះទៅទៀត សទ្ទតាព្យញ្ជនៈនៅខាងចុងដូរជាសទ្ទតាព្យញ្ជនៈ ញ”។ ករណីនេះគឺវាខុសពីសូរអ្នកនិយាយទី៣ និងទី៤(អ្នកភ្នំពេញ)។

២.១.២. ប្តូរស្រៈ “ៀ” ទៅជាស្រៈ “េ”

សទ្ទតាស្រៈ «» វាប្តូរទៅជាសទ្ទតា «» ពីព្រោះការបញ្ចេញសំឡេងរបស់ប្រជាជនក្នុតភូមិនេះភាគ់ច្រើននិយារដឺនបង្អួសដូច្នេះហើយការអានស្រៈ [អៀ]  ត្រូវដូរមកជាសទ្ទតាស្រៈ [អេ]។ ហេតុនេះហើយបានជាធ្វើឱ្យសំឡេងនៃការអានស្រៈ «» ប្តូរសំឡេងទៅជាសទ្ទតាស្រៈ «» តាមទម្លាប់វាចារបស់អ្នកភូមិ។ នៅក្នុងករណីនេះ គឺមានភាកតិចណាស់ ដែលមានភាពមិកទៀតទាត់ ហើយមានការប្រែប្រួលបែបនេះ។ ម្យ៉ាងវិញទៀត ការសង្កេតទើបអាចរកឃើញពីមូលហេតុនេះឡើងគឺវាស្ទើតែ គ្មានតែម្តង។

ឧទាហរណ៍ៈ

ពាក្យស្តង់ដា

អ្នកភ្នំពេញ

សូរ [I.P.A]

អ្នកភូមិកន្រ្ទង់

សូរ [I.P.A]

ផ្ទៀង

ផ្ទៀង

[phtiзŋ]

ផ្ទេញ

[phte:ɲ]

ទៀង

ទៀង

[tiзŋ]

ទ៊េញ

[te:ɲ]

ផ្អៀង

ផ្អៀង

[pәʔŋ]

ផ្អ៊េញ

[pәʔe:ɲ]

ភ្លៀង

ភ្លៀង

[phliзŋ]

ភ្លេញ

[ple:ɲ]

ច្រៀង

ច្រៀង

[tʃŋ]

ច្រ៊េញ

[cәre:ɲ]

១.ការវិភាគទី៣

គំរូអ្នកនិយាយទី៣ ទី៤ សម្រាប់ពាក្យ “ផ្ទៀង[phtiзŋ] ទៀង[tiзŋ] ផ្អៀង[pәʔŋ] ភ្លៀង[phliзŋ] ច្រៀង[tʃŋ]” (អ្នកភ្នំពេញ) មិនមានភាពប្រែប្រួលអ្វីនោះទេ។ ចំណែក គំរូអ្នកនិយាយទី១ ទី២ មានភាពប្រែប្រួលជាសទ្ទតាស្រៈ គឺសទ្ទតាស្រៈ អៀ” ទៅជាសទ្ទតាស្រៈ អ៊េ” ក្នុងករណីពាក្យខាងលើ។ នៅក្នុងករណីពាក្យ ផ្ទេញ[phte:ɲ], ទ៊េញ[te:ɲ],ផ្អ៊េញ[pәʔe:ɲ], ភ្លេញ[ple:ɲ], ច្រ៊េញ[cәre:ɲ]”(អ្នកភូមិកន្រ្ទង់) ភាពខុសប្លែកគ្នានេះគឺទៅលើសទ្ទតាពាក្យ។

២. បម្រែបប្រួលទម្រង់ផ្នត់

ភាសានីមួយៗ តែងតែងមានទម្រង់ផ្នត់មិនដូចគ្នា ទៅតាមភាសារបស់គេ។ ប្រជាជននៅក្នុងជនបទ គឺភាគច្រើនគាត់មិនស្គាល់ថា អ្វីជាផ្នត់ដើមអ្វីជាផ្នក់ជែកនោះទេ ជាពិសេសនៅក្នុងភូមិនេះតែម្តង ហើយកម្រិតនៃការបង្កើតពាក្យគឺមានច្រើនករណី។  តែនៅត្រង់ចំណុចនេះ គឺខ្ញុំសូមធ្វើការងារសិក្សាទៅលើទម្រ់ងផ្នក់ជែក គឺវាមានភាពប្រែប្រួលពីផ្នក់ជែក [-អ/ម-] ទៅជាផ្នក់ជែក [សន់-] និង [អង់-]ទៅជា [អន់-]។

ពាក្យស្តង់ដា

សូរអ្នកភ្នំពេញ

សូរអ្នកភូមិកន្រ្ទង់

សម្តី

[sɑmdai]

[sɒndɛj]

សម្តែង

[sɒmdaɛɲ]

[sɒndɛaɲ]

សម្ល

[sɒmlɒː]

[sɒnlɒː]

សម្លាប់

[sɒmlap]

[sɒnlap]

អង្រុត

[ʔɑŋrʊt]

[ʔɑnrʊt]

អង្រែ

ʔhε:]

[ʔɑrɛe]

 

       ៣.ការវិភាគទី៤

យោងតាមសម្តីរបស់អ្នកភូមិ គឺមានភាពប្រែប្រួល ក្នុងការបង្កើតពាក្យដោយប្រើប្រាស់ទម្រង់ផ្នត់ ដែលខុសប្លែកពីអ្នកភ្នំពេញ។ គំរូអ្នកនិយាយទី១ និងទី២ គាត់បាននិយាយពាក្យ សម្តី[sɑmdai],សម្តែង[sɒmdaɛɲ],សម្លាប់[sɒmlap],សម្ល[sɒmlɒː]” បាននិយាយពាក្យនេះ ដោយបង្កើតជាទម្រង់ផ្នត់មួយ គឺ [សន់-],[sn-]  នៅក្នុងពាក្យ “សន្តី [sɒndɛj],សន្តែង [sɒndɛaɲ],សន្លាប់ [sɒnlap], សន្ល [sɒnlɒː]” (អ្នកភូមិកន្ទ្រង់,អ្នកនិយាយទី១ ទី២) ចំណែកអ្នកនិយាយទី៣ និងទី៤បានប្រើប្រាស់នៅទម្រង់ដដែលមិនមានភាពប្រែប្រួលលើផ្នត់នោះទេ តែអ្វីដែលប្លែកនោះគឺសូរនិងប្រែប្រួលលើទម្រង់ផ្នត់ [អម់/ទៅជាផ្នត់ [សន់-]  ដែលមានខុសប្លែកគ្នា។ ការប្រែប្រួលទម្រង់ផ្នត់របស់អ្នកភូមិគឺជាទម្លាប់នៃការប្រើប្រាស់របស់ពួកគេក្នុងការបង្កើតពាក្យ។

២.២. បន្លែកពាក្យគ្រាមភាសាអ្នកភ្នំពេញ និងគ្រាមភាសាអ្នកភូមិកន្រ្ទង់

ឥទ្ធិពលក្នុងការរីកចម្រើននៃភាសាវិទ្យា ធ្វើឲ្យយើងសិក្សារកបន្លែកខុសគ្នារវាងអ្នកនិយាយភាសានៅក្នុងភ្នំពេញ និងអ្នកភូមិ ដែលជាបញ្ហាមួយដែលយើងមានការចាប់អារម្មណ៍ ភាពខុសប្លែកនេះគឺទៅលើរចនាសម្ពន្ធឃ្លាប្រយោគ និងរចនាសម្ពន្ធសង្គម  (Bailey,Roger, 1993-1995:34)។ ម្យ៉ាងទៀត ភាពខុសប្លែកគ្នារវាងអ្នកនិយាយ ដែលប្រើប្រាស់ភាសា គឺអាស្រ័យលើប្រភេទនៃញាណរបស់មនុស្សផ្ទាល់ ឬពួកគេដឹងដោយញាណផ្សេងៗទៀត  ភាពខុសប្លែកគ្នារវាងអ្នកនិយាយ អាចសម្តែងប្រាប់យើងតាមរយៈអ្នកនិយាយស្តែងចេញជាអត្តសញ្ញាណ ឬពាក្យសម្តីរបស់បុគ្គលម្នាក់និយាយគឺអាចស្តែងចេញឲ្យយើងស្គាល់ពីអត្តសញ្ញាណរបស់ មនុស្សម្នាក់ៗថា ពួកគេមកពីក្រុមណាមកពីតំបន់ណា ឬក៏ជាតិសាសន៍អ្វី (LePage Tabouret-Keller, 1985:19)។ យ៉ាងណាមិញ នៅក្នុងខាងក្រោមនេះយើងនឹងបង្ហាញពីភាពខុស ប្លែកសម្ពន្ធមួយចំនួនរបស់អ្នកភ្នំពេញ និងគ្រាមភាសារបស់អ្នកភូមិ។

ឧទាហរណ៍៖

សម្តីអ្នកភូមិ

សម្តីអ្នកភ្នំពេញ

សោ

អស់កម្លាំង

ទុំល្ហុង

ល្ហុងទុំ

តាឡៃប្លា?

ថ្លៃប៉ុន្មាន?

មិនកឺតអុយទេហាស់?

មិនកើតអីទេឬ?

ទុំស្វាយ

ស្វាយទុំ

ទុំដូង

ដូងទុំ

ដេញសម័យ

ទាន់សម័យ

ចុះដំឡូង

មើមដំឡូង

នៅតារាងខាងលើនេះ គឺជាភាពខុសប្លែកគ្នារវាងសម្តីរបស់អ្នកភូមិ និងភាសារបស់អ្នកភ្នំពេញ តាមសង្កេតផ្ទាល់ នឹងការធ្វើសម្ភាសយើងឃើញថា ការប្រើប្រាស់ឃ្លាប្រយោគ មានភាពខុសប្លែកគ្នានៅត្រង់សូរសំឡេងដែល្អៀងគ្នា។ ភាពខុសប្លែកគ្នារបស់ ពាក្យមួយចំនួនមិនខុសប្លែកគ្នាខ្លាំងរហូតស្តាប់មិនបាន ឬក៏មិនយល់គ្នានោះទេ នេះសម្រាប់សម្តីអ្នកភូមិតែបើសម្តីអ្នកក្រុងភ្នំពេញវិញគឺមិនមានអ្វីដែលគួរពិបាកស្តាប់នោះទេ។ យើងសង្កេតមើលតារាង និងសង្កេតមើលពាក្យ “ចុះដំឡូង, ដើមល្ពត(ដើមត្របែក)” ហើយអ្នកភ្នំពេញប្រើពាក្យថា មើមដំឡូង,ដើមត្របែក”  គឺពាក្យទាំងអស់នេះខុសគ្នាស្រលះការប្រើប្រាស់ពាក្យដែលខុសគ្នានេះ ធ្វើឲ្យមានផលវិបាកចំពោះមនុស្សនៅខាងក្រៅសហគមន៍។

២.៣. ភាពប្រែប្រួលទៅលើសទ្ទតាព្យញ្ជនៈ

            ១. សទ្ទតាព្យញ្ជនៈ “រ,r” ទៅជាសទ្ទតាព្យញ្ជនៈ “ល,l”

            ២.ស្ថិតិពាក្យ

នៅក្នុងចំណុចនេះ យើងយកពាក្យចំនួនប្រាំមួយ ដែលទទួលបានពីការសម្ភាស អ្នកភូមិកន្ទ្រង់ និងអ្នកភ្នំពេញ ដើម្បីប្រៀបធៀបគ្នា។ នៅខាងក្រោមនេះ គឺជាចំនួនពាក្យ ដែលផ្តើមដោយសូរ “រ”នាំមុខ ដែលវាប្រែប្រួលទៅជាព្យញ្ជនៈ “ល”នាំមុខវិញ។

ឧទាហរណ៍ៈ

ពាក្យស្តង់ដា

អ្នកភ្នំពេញ

សូរ [I.P.A]

ភូមិកន្រ្ទង់

សូរ[I.P.A]

រលឹក

អាលឹក

[Ɂalɜk]

លលឹក

[lɔːlɘk]

រលាក់

អាលាក់

[Ɂalԑ̆aɁ]

លលាក់

[lɔːliɜ̆k]

រលឹម

អាលឹម

[Ɂalɜm]

លលឹម

[lɔ:lɘm]

            ៣.ការវិភាគទី៥

            នៅក្នុងតារាងខាងលើចង្អុលបង្ហាញពីភាពខុសគ្នារវាងគំរូអ្នកនិយាយទី១ ទី២ ទី៣ និងទី៤ ក្នុងការនិយាយពាក្យដែលមានព្យញ្ជនៈ រ” នាំមុខ ចំពោះអ្នកគំរូអ្នក            និយាយទី៣ និងទី៤ ខុសប្លែកពីអ្នកនិយាយទី១ និងទី២ ដោយបានប្តូរព្យញ្ជនៈ អា” នាំមុខវិញ។ ដូចជា អាលឹក [Ɂalɜk] ,អាលាក់ [Ɂalԑ̆aɁ], អាលឹម [Ɂalɜm]” (អ្នកភ្នំពេញ, គំរូអ្នកនិយាយទី៣ ទី៤)។ ចំពោះអ្នកគំរូអ្នកនិយាយទី១ ទី២ បានប្តូរសទ្ទតាព្យញ្ជនៈ រ” នេះទៅជាសទ្ទតាព្យញ្ជនៈ ល”  ក្នុងករណីដូចជា លលឹក[lɔːlɘk] លលាក់ lɔːliɜ̆k], លលឹម[lɔ:lɘm]” (អ្នកភូមិកន្រ្ទង់គំរូអ្នកនិយាយទី១ ទី២) ។ ភាពខុសប្លែកគ្នានេះ កើតឡើងមកពីការសម្រួលសូរ ដើម្បីងាយស្រួលក្នុងការនិយាយ និងជាទម្លាប់នៃការប្រើប្រាស់ភាសា។

២.៤. សទ្ទតាព្យញ្ជនៈ “រ” ប្តូរជាសទ្ទតាព្យញ្ជនៈ “ហ”

យោងទៅតាមការសង្កេតទៅលើលទ្ធផលដែលទទួលបានពីការសម្ភាសយើងឃើញថា អ្នកភ្នំពេញមួយចំនួនមានការបញ្ចេញសំឡេងទៅលើព្យញ្ជនៈ “រ” បានប្តូរទៅជាព្យញ្ជនៈ“ហ” ទៅវិញនេះគឺជាការប្រែប្រួលសូរសទ្ទតាព្យញ្ជនៈ។ សង្កេតមើលពាក្យខាងក្រោមដែលមានភាពប្រែប្រួល៖

ឧទាហរណ៍៖

ពាក្យស្តង់ដា

អ្នកភ្នំពេញ

សូរ [I.P.A]

អ្នកភូមិកន្រ្ទង់

សូរ[I.P.A]

រ៉ាប់រង

ហ៊ឿបហ៊ូង

[ɦ̤e̤a̤p ɦɔ̤̃:ŋ]

រឿបរូង

[rɨɜproʊŋ]

រាបសា

ហ៊ាបសា

[ɦ̤i̤з̤p sa:]

រ៉េបសា

[reːpsaː]

រាយ

ហ៊ៀយ

[ɦ̤i̤з̤j]

រាយ

[riɜj]

រ៉ាយរ៉ាប់

ហ៊ៀយហ៊ឿប

[ɦ̤i̤з̤jɦ̤e̤a̤p]

រាយរាប់

[raːjrap]

រារែក

ហ៊ារែច

[ɦ̤i̤з̤ɦ̤ε̤:c]

រារែច

[riɜreːc]

រារាំង

ហ៊ាហ៊ាំង

[ɦ̤i̤з̤ɦ̤ε̤ã̤ŋ]

រារាំង

[riɜrãŋ]

        ១.ការវិភាគទី៦

សទ្ទតាព្យញ្ជនៈ រ” អ្នកភ្នំពេញគឺមានការប្រែប្រួលជាសទ្ទតាព្យញ្ជនៈ ហ”  ដូចនៅក្នុងករណី “រ៉ាប់រង[ɦ̤e̤a̤ɦɔ̤̃:ŋ]” ដូរជា [ហ៊ឿបហ៊ូង], [ɦ̤e̤a̤pɦɔ̤̃:ŋ]គំរូអ្នកនិយាយទី៣ និងទី៤ (អ្នកភ្នំពេញ) គឺយើងសង្កេតឃើញថា ពេលអានព្យញ្ជនៈ មានសំឡេង រ” ជាទូទៅគឺប្តូរជាសទ្ទតាព្យញ្ជនៈ ,ɦ̤ ”។ ចំណែកគំរូអ្នកនិយាយទី១ និងទី២មិនមានការប្រែប្រួលសទ្ទតាព្យញ្ជនៈដូចករណីគំរូអ្នកនិយាយទី៣ និទទី៤នោះទេ។ គំរូអ្នកនិយាយទី១ និងទី២ រក្សាសទ្ទតាព្យញ្ជនៈ រ” ដដែល ភាពខុសប្លែកគ្នានេះគឺសទ្ទតាព្យញ្ជនៈ រ” ទៅជាសទ្ទតា ហ”។ ពិនិត្យតារាងខាងលើពីបន្លែកខុសគ្នារវាងអ្នកភ្នំពេញ និងអ្នកភូមិកន្រ្ទង់។

២.៥. សូរព្យញ្ជនៈ “ព” ប្តូរជាសូរព្យញ្ជនៈ “ភ” ការបាត់សូរព្យញ្ជនៈ “រ”

    ១.ស្ថិតិពាក្យ

ចំនួនពាក្យ ដែលយកមកធ្វើការវិភាគនេះ មានចំនួនបួនពាក្យ ហើយនៅសល់មួយចំនួនទៀតខ្ញុំ ដាក់នៅក្នុងឧបសម្ពន្ធ។

ពាក្យស្តង់ដា

ភ្នំពេញ

សូរ [I.P.A]

អ្នកភូមិកន្រ្ទង់

សូរ [I.P.A]

ព្រះ

ភះ

[phɛ̆ah]

ព្រះ

[phrɛ̆ah]

ព្រៃ

ភៃ

[phɛ̈j]

ព្រ៊េ

[phreː]

ព្រួយ

ភួយ

[phuзj]

ព្រ៊ួយ

[phroːj]

ព្រាន

ភាន

phiзn]

ព្រ៊ាន

[phriзn]

            ២.ការវិភាគទី៧

            គំរូអ្នកនិយាយទី១ និងទី២ (អ្នកភូមិកន្រ្ទង់) មានបន្លែកភាពរវាងអ្នកនិយាយទី៣និងទី៤ ដោយហេតុថា អវត្តមានភាពនៃសូរ រ” ក្នុងគំរូអ្នកនិយាយទី៣ ទី៤ គឺមានភាពខុសប្លែកគ្នាពីអ្នកនិយាយទី១ និងទី២។ ពីព្រោះថាអ្នកនិយាយទី៣ និងទី៤បានធ្វើឲ្យបាត់បង់សទ្ទតា រ” ដែលមានត្រឹមតែសំឡេងពាក់កណ្តាលជាសូរ ហ” វិញ។ ដូចជាពាក្យ ព្រះ[phɛ̆ah], ព្រៃ[phɛ̈j], ព្រួយ[phuзj, ព្រាន phiзn]        ”  (គំរូអ្នកនិយាយទី៣ និងទី៤អ្នកភ្នំពេញ)  យើងសង្កេតឃើញថា អវត្តមានសូរសទ្ទតាព្យញ្ជនៈ “រ” នៅក្នុងអំណានពាក្យ។ ដោយលេកគំរូអ្នកនិយាយទី១ និងទី២ បានរក្សាសូរសទ្ទតាព្យញ្ជនៈ “រ” ដដែល តែគ្រាន់ល្អៀងសូរពីអ្នកភ្នំពេញខ្លះ ដូចជា ព្រះ [phrɛ̆ah], ព្រ៊េ [phreː], ព្រ៊ួយ [phroːj], ព្រ៊ាន[phriзn]” ។ ជារួមយើងឃើញថា ភាពខុសប្លែកគ្នារវាងអ្នកទាំងពីរគឺមួយនៅរក្សាសូរសទ្ទតាព្យញ្ជនៈ រ” ចំណែកអ្នកភ្នំពេញវិញគឺគ្មានវត្តមានសូរ រ” នោះទេ។

          ២.៦.  វិភាគសម្ពន្ធវេយ្យាករណ៍

នៅក្នុងសម្តន្ធវេយ្យាករណ៍ គឺមានសារៈសំខាន់នៅក្នុងក្បួនភាសា ការប្រើប្រាស់ភាសាត្រូវគោរពតាមក្បួនវេយ្យាករណ៍ ពាក្យនីមួយត្រូវគោរតាមតួនាទីរបស់វានៅក្នុងល្បះ។ នៅក្នុងល្បះត្រូវមានប្រធាន មានកិរិយាសព្ទ កម្មបទ ដែលជាធាតុសំខាន់ក្នុងសំណង់ល្បះ ដែលគ្រប់ភាសាទាំងអស់ត្រូវតែមាន។ ចំពោះគ្រាមភាសារបស់អ្នកភូមិនេះវិញគឺមានលក្ខណៈខុសប្លែកពីគ្រាមភាសាអ្នកភ្នំពេញនៅត្រង់ពាក្យគុណនាមយកដាក់មុខនាមវិញ។

ពិនិត្យល្បះខាងក្រោម៖

សម្ពន្ធអ្នកភូមិ (ទី១ ទី២        )               សម្ពន្ធអ្នកភូមិភ្នំពេញ(ទី៣ ទី៤)

១.ទុំស្វាយ នេះ ទុំល្អណាស់។              ស្វាយទុំនេះទុំល្អណាស់។

២.ទុំខ្នុរក្រអូបណាស់។                       ខ្នុរទុំក្រអូបណាស់។

ក.ការវិភាគល្បះ

            ពិនិត្យល្បះទី១ “ទុំស្វាយនិងពាក្យ ស្វាយទុំ” ជាធម្មតានៅក្នុសម្ពន្ធ ល្បះភាសាខ្មែរគុណនាម ត្រូវឈរនៅមុខនាមសព្ទជានិច្ច។ ទុំស្វាយនេះល្អណាស់” (គំរូអ្នកនិយាយទី១ និងទី២, អ្នកភូមិកន្រ្ទង់) ការប្រើប្រាស់សម្ពន្ធឃ្លាប្រយោគរបស់អ្នកភូមិគឺភាគច្រើនទម្លាប់យកគុណនាមមកដាក់ពីមុខនាម ឲ្យតែសម្ពន្ធនោះមានពាក្យ ទុំ” នាំមុខ។ ចំណែកសម្ពន្ធអ្នកភ្នំពេញគេនិយាយថា “ស្វាយនេះទុំល្អណាស់” (គំរូអ្នកនិយាយទី៣ និងទី៤,អ្នកភ្នំពេញ) ។ ការនិយមប្រើប្រាស់គុណនាមគឺគេប្រើតាមទម្លាប់របស់គេ។ ក្បួនវេយ្យាករណ៍គ្រាន់ច្បាប់សម្រាប់និយាយឲ្យត្រូវ។ នៅក្នុងល្បះទំាងពីរ ស្វាយទុំ” និង ទុំស្វាយ”  វាជាកន្សោមនាម ដែលប្រើសម្រាប់ប្រាប់ថា អ្វីទុំ? គេនឹងឆ្លើយថា ស្វាយទុំ”  ទុំស្វាយ” ។ តែបើយើងញែកធាតុ ទុំស្វាយ” និងកន្សោមពាក្យ “ស្វាយទុំ” នោះគឺមានមុខងារវេយ្យាករណ៍ខុសគ្នាជាមិនខាន។ យើងបានពាក្យ ទុំ+សា្វយ” និងពាក្យ ស្វាយ+ទុំ” ពាក្យ ទុំ”  គឺជាគុណនាម ដែលបញ្ជាក់ពីលក្ខណៈរបស់នាមស្វាយ ដែលទុំមិនមែនខ្ចី ចំណែកពាក្យ “ស្វាយ” គឺជានាមសព្ទ។ នៅក្នុងល្បះទី២ “ទុំខ្នុរក្រអូបណាស់”។ (គំរូអ្នកនិយាយទី១ និងទី២, អ្នកភូមិកន្រ្ទង់) និងល្បះ ខ្នុរទុំក្រអូបណាស់។ គឺគ្នានិងល្បះទី១ដែរ។

បញ្ហាដូរសម្ពន្ធនេះកើតឡើងតែក្នុងលំដាប់ពាក្យមួយចំនួនខាងលើប៉ុណ្ណោះ ចំណែកលំដាប់ពាក្យដទៃទៀត ហើយនិងសម្ពន្ធនៅក្នុងឃ្លាប្រយោគវិញពុំខុសពីភាសាស្តង់ដាប៉ុន្មានដែរ។ នេះមានន័យថា មានបន្លែកគ្នាតិចតួចបំផុត ស្ទើរតែរកមិនបាន ពោលគឺការនិយាយស្តីក្តី ការចងសម្ព័ន្ធជាឃ្លាឬល្បះក្តី មានលក្ខណៈដូចគ្នា ដោយមានប្រធាន បម្រាប់ប្រធានដូចនឹងភាសាស្តង់ដាដែរ។

      V. ការពិភាក្សា

ក្នុងការវិភាគ្សាវែកញែកពីភាពខុសគ្នារវាងគ្រាមភាសារបស់អ្នកភូមិកន្រ្ទង់ និងភ្នំពេញរួចមក យើងសង្កេតឃើញថា ភាពខុសគ្នានេះគឺប្រែប្រួលទៅលើសទ្ទតាស្រៈ សទ្ទតាព្យញ្ជនៈ និងសម្ពន្ធពាក្យមួយចំនួន។ លទ្ធផលទំាងអស់នេះធ្វើឱ្យអ្នកភាសាវិទ្យាមានការចាប់អារម្មណ៍។ ឆ្លងតាមលទ្ធផល ដែលទទួលបានពីការសម្ភាសរួមមក យើងសង្កេតឃើញថា អ្នកនិយាយទំាងបួននាក់ គឺបញ្ចេញសំឡេងគឺមានលក្ខណៈខុសគ្នាទាំងស្រុង។ អ្នកនិយាយទី១ និងទី២នៅក្នុងភូមិកន្រ្ទង់និយាយពាក្យថា [ស្រែ] [sraε],[ស្រូវ] [srзi] មិនមានអ្វីប្លែកប៉ុន្មាននោះទេពាក្យ [sraε] នៅតែជាសូរ [sraε] គឺនៅរក្សាសូរពាក្យ ទំាងស្រុងមិនប្រែប្រួល(អ្នកនិយាយទី១ និងអ្នកនិយាយទី២)។ ដោយឡែកអ្នកភ្នំពេញវិញ គំរូអ្នកនិយាយទី៣ និងទី៤ អានពាក្យ [ស្រែ] [sraε], [សែ] [sзi], នេះគឺដូរទៅជាសូរ [សែ] [sε:]  (និយាយទី៣ និងទី៤អ្នកភ្នំពេញ)។ ការប្រែប្រួលសូររបស់អ្នកភ្នំពេញនេះ គឺវាមានការប្រែប្រួលខ្លាំងជាងអ្នកភូមិកន្រ្ទង់ទៅលើសូរ។ ករណីដែលមានបាត់សូរព្យញ្ជនៈ រ” សម្រាប់គ្រាមភាសាអ្នកភ្នំពេញ  ដូចលោក Richard B. Noss អ្នកស្រាវជ្រាវរូបនេះក៏បានបង្ហាញពីគ្រាមភាសាទំនើបរបស់អ្នកភ្នំពេញ ដែលបានពិពណ៌នាអំពីការប្រែប្រួលសូរព្យញ្ជនៈ “រ” ទៅជា ហ” (B.Noss, 1961)។ ហើយការប្រែប្រួលសូរវាសមស្របទៅតាមទស្សនៈអ្នកស្រាវជ្រាវ Naraset Pisitpanorn ជាអ្នកសិក្សាអំពីភាពប្រែប្រួលសូរព្យញ្ជនៈ “រ” ជាព្យញ្ជនៈខ្យល់បង្ហូរត្រដុសនេះ ទៅជាព្យញ្ជនៈហ” ដែលសូរព្យញ្ជនៈ ហ” ជាព្យញ្ជនៈគ្មានខ្យល់(Naraset Pisitpanorn,1993)  លើសពីនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់គឺអ្នកស្រាវជ្រាវ Wanland,Susan,2005 បានបង្ហាញពីការធ្លាក់ចុះនៃសូរព្យញ្ជនៈ “រ”  នៅក្នុងភាសាខ្មែរកាលពីឆ្នាំ២០០៥ ដែលលោកបានសិក្សាអំពីការធ្លាក់ចុះនៃសូរព្យញ្ជនៈរ” ក្នុងភាសាខ្មែរ (Wanland,Susan,2005)។ យើងសង្កេតឃើញថា ការប្រែប្រួលសូរស្រៈនៅពេលធ្វើអំនាននៅពេលនិយាយនោះ គឺសូររបស់អ្នកនិយាយទីមួយ និង ទីពីរមានការច្រើនជាងអ្នកនិយាយទីបី និងទីបួន។ អ្នកនិយាយទីមួយ និងទីពីរជាអ្នកភូមិកន្រ្ទង់ អ្នកនិយាយទំាងពីរនេះ បញ្ចេញសំឡេងលើពាក្យ [រឿង[riзŋ], គ្រឿង [krз̃ŋ],លឿង [lɨзŋ],ទ្រឿង[trɨзŋ]] ពាក្យទំាងនេះទៅជាសូរស្រៈ ើ” ។ ចំណែកអ្នកភ្នំពេញវិញការនិយាយអំពីពាក្យនេះ នៅរក្សាសូរដដែល ប៉ុន្តែខុសគឺទៅលើអំនានសូរព្យញ្ជនៈ រ” ដែលប្តូរជាសូរព្យញ្ជនៈ “ហ”  គឺនៅក្នុងគំរូអ្នកនិយាយទីបីបានធ្វើឲ្យមានការប្រែប្រួល។ យើងសង្កេតមើលពាក្យទាំងអស់នេះ

–    រ៉ាប់រង [rap rɔ̃:ŋ]                >        ហ៊ឿបហ៊ូង     [ɦ̤e̤a̤p hɔ̃:ŋ]

–    រាបសា [riзpsa:]                 >        ហ៊ាបសា       [ɦ̤i̤з̤p sa:]

–    រាយ    [riзj]                       >        ហ៊ៀយ          [ɦi̤з̤j]

ការប្រែប្រួលសូរព្យញ្ជនៈ រ” ទៅជាសូរព្យញ្ជនៈ “ហ”នេះមានករណីច្រើនណាស់ វាបានឆ្លើយតបទៅនឹងអ្នកស្រាវជ្រាវមុនៗបានបង្ហាញពីការប្រែប្រួលសូរព្យញ្ជនៈដែរ(Naraset Pisitpanorn,1993) ហើយសូមនៅក្នុងឧបសម្ពន្ធខាងក្រោម។ គំរូអ្នកនិយាយទីបួនបានធ្វើអំនានទៅលើពាក្យខាងលើនេះ គឺគ្មានការប្រែប្រួលសូរអ្វីទំាងអស់ គេនៅរក្សាសូរដដែលខុសពីអ្នកនិយាយទីបី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយាយទីបី បានធ្វើអំនានទៅលើពាក្យដែលមានព្យញ្ជនៈ រ”នាំមុខនេះដូរជា “អា” ដូចនៅក្នុងករណីពាក្យថា “[រលាក់] [rɔle̜ak]” ប្តូរជា អាលាក់[ʔa:leak] ”, “រលួយ [rɔluзj]” ប្តូរជា អាលួយ[ʔaluзj]”, “រលីង[rɔliɲ]ប្តូរជា “អាលីង[ʔa:liɲ]” វាខុសប្លែកពីគ្រាមភាសារបស់អ្នកនិយាយទីមួយនិងទីពីរដោយ គ្រាន់តែល្អៀងសូរបន្តិចបន្តួចប៉ុណ្ណោះ។ ដោយលែកអ្នកនិយាយទីបួនគ្មានអំណានសូរណាមួយដែលគួរកត់សម្គាល់នោះទេ វាគ្មានការប្រែប្រួលគឺនៅរក្សាសូរពាក្យទំាងស្រុង ពីអ្នកនិយាយទីបួនេះជាគ្រូបង្រៀន ដូច្នេះការបញ្ចេញសំឡេងរបស់គាត់មានភាពច្បាស់លាស់។ ខ្ញុំសង្កេតឃើញថាមានករណីមួយទៀតដែល គួរកត់សម្គាល់គ្រាមភាសាអ្នកភ្នំពេញអានទៅលើពាក្យដែលមានេព្យញ្ជនៈព” បានប្តូរជាទៅជាសូរព្យញ្ជនៈ ភ” នេះចំពោះអ្នកនិយាយទីបី ដូចជាពាក្យ ព្រះ [phrɛ̆ah]” ដូរទៅសូរព្យញ្ជនៈ ភះ[phɛ̆ah]”ព្រួយ [phroːj]       ប្តូរជា ភួយ[phuзj]” 

យោងតាមការពិភាគ្សាអំពីលទ្ធផលដែលទទួលពីការធ្វើសម្ភាសនេះរួចមក  យើងសង្កេតឃើញថា ភាពប្រែប្រួល និងភាពខុសគ្នារវាងគ្រាមភាសាអ្នកភ្នំពេញ និងគ្រាមភាសាអ្នកភូមិកន្ទ្រង់នេះគឺវាខុសប្លែកគ្នាទៅលើសូរសទ្ទតាស្រៈ និងសទ្ទតាព្យញ្ជនៈមួយចំនួនក្នុងការអំនានពាក្យ។  អ្វីដែលប្លែកជាងគេនោះ សូរសម្តីអ្នកភ្នំពេញមានការប្រែប្រួលច្រើនជាងសូរសម្តីរបស់អ្នកភូមិកន្ទ្រង់។ ពីព្រោះហេតុថា អ្នកភ្នំពេញទទួលឥទ្ធិ ពលពីអ្នកខាងក្រៅច្រើនជាងអ្នកភូមិ ពីព្រោះអ្នកភូមិនេះមិនសូវទទួលយកនូវឥទ្ធិពលពីខាងក្រៅដូចអ្នកភ្នំពេញច្រើននោះទេ។

VI.ការសន្និដ្ឋាន

ក្រោយពីការសិក្សាប្រៀបធៀបគ្រាមភាសារបស់អ្នកភូមិកន្រ្ទង់ និងគ្រាមភាសារបស់អ្នកភ្នំពេញរួចមក យើងឃើញថា ភាពខុសប្លែកគ្នារបស់អ្នកទំាងពីគឺខុសប្លែកនៅក្នុងការបញ្ចេញសំឡេងមានលក្ខណៈតិចតួចណាស់ ហើយមិនមែនប្រែប្រួលខ្លាំងនោះទេ គឺវាមានភាពល្អៀងគ្នាបន្តិចរបស់អ្នកភ្នំពេញ។ នៅក្នុងនោះយើងសង្កេតឃើញមានភាពដូចគ្នាមួយចំនួនដែលគួរឲ្យកត់សម្គាល់ផងដែរ ដូចអ្វីដែលខ្ញុំបានពិណ៌នានៅខាងលើនេះ។

បន្លែកខុសគ្នាខ្លះៗពីសម្តីរបស់អ្នកស្រុក និងគ្រាមភាសារបស់អ្នកភ្នំពេញគឺមានដូចជាប្រែប្រួលសូរស្រៈ និងព្យញ្ជនៈ ដូចក្នុងករណីអ្នកភ្នំពេញបញ្ចេញសំឡេងព្យញ្ជនៈ  រ” ត្រូវប្តូរទៅជាសូរព្យញ្ជនៈ ហ” វិញ គឺដូចអ្វីដែលខ្ញុំបានបកស្រាយប្រាប់នៅក្នុងចំនុចខាងលើរួចហើយ។ លើសពីនេះទៅទៀត យើងសង្កេតឃើញថា មានវាក្យសព្ទមួយចំនួន របស់ញអ្នកភូមិប្រាស់ ខុសពីគ្រាមភាសារបស់អ្នកភ្នំពេញដែរ។ ម្យ៉ាងទៀត ចំពោះសម្ពន្ធ នៅក្នុងករណីខ្លះ ក៏មានបន្លែកគ្នាបន្តិចបន្តួចដែរ ដូចជាការប្រើប្រាស់គុណនាមនៅក្នុងពាក្យសម្តីនិយាយរបស់អ្នកភូមិយកគុណនាមនៅមុខនាម តែនៅក្នុងករណីនេះមានតិចតួច ដែលជាបន្លែកមួយគួរឲ្យកត់សម្គាល់។ ទោះបីជាមានភាពខុសប្លែកគ្នាទៅលើការបញ្ចេញល្អៀងពីអ្នកភ្នំពេញមែន ក៏ការទំនាក់ទំនងរបស់អ្នកភូមិ និងអ្នកភ្នំពេញក៏មិនមានចោទជាបញ្ហាអ្វីនោះ។

សរុបមកគ្រាមភាសារបស់ភូមិកន្រ្ទង់នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺមានបន្លែកគ្នាពីគ្រាមភាសារបស់ភ្នំពេញបន្តិចបន្តួចនៅត្រង់បញ្ហាមួយចំនួនដូចជា បន្លែកសូរ វាក្យសព្ទ និងសម្ពន្ធពាក្យ (វេយ្យាករណ៍)។ ជាចុងក្រោយខ្ញុំសង្ឃឹមថា នឹងមានអ្នកសិក្សាប្រៀបធៀបគ្រាមភាសារបស់អ្នកភ្នំពេញ ជាមួយនឹងគ្រាមភាសាណាមួយទៀត នៅក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងពេលអនាគត។

គន្ថនិទ្ទេស

ឯកសារជាភាសាខ្មែរ

១.      អៀវ កើស, (១៩៩៥). ភាសាខ្មែរ. ភ្នំពេញ: ការផ្សាយចេញរសប់ពុទ្ធសាសនបណ្ឌិត្យ.

២.        សន ពៅ, (២០០១). គ្រាមភាសាខ្មែរ. វិទ្យាស្ថានភាសាជាតិ នៃ រាជបណ្ឌិត្យសភាកម្ពុជា , ៨៣-៨៤.

៣.        ព្រំ ម៉ល់, (២០០៣). មូលដ្ខាន នៃសង្គមភាសាវិទ្យា. ភ្នំពេញ.

៤.        ចៅ វាសនា, (២០០៥). ភាសាខ្មែរក្រោម (កម្ពុជាក្រោម). ការសិក្សាស្រាវជ្រាវ ឯកភាព និងអភិវឌ្ឍន៍ភាសាខ្មែរ លើកទី២ , ១១១.

៤.        ណាត, ជ. (១៩៦៧). វចនានុក្រមខ្មែរ ភាគទី១,. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ.

៥.        ប៉ិញ សឿន, (២០០៩). ទេសៈយោបាយ(គ្រាមភាសា)ស្រុកសំរោងខេត្តតាកែវ. ភ្នំពេញ: ភ្នំពេញ.

៦.        ឡុង រដ្ខា, (២០០៧-២០០៩). គ្រាមភាសា(យោបាយ)ស្រុកបាទីខេត្តតាកែវ. ភ្នំពេញ: ភ្នំពេញ.

៧.        រាជបណ្ឌិត្យសភាកម្ពុជា, ស. ក. (ឆ្នាំទី៣,លេខ៣, ខែឧសភា). ការប្រើប្រាស់ភាសានៅតំបន់អន្លង់វែង. វីទ្យាស្ងានភាសាជាតិ នៃ រាជបណ្ឌិត្យសភាកម្ពុជា , ១៧.២៧.

៨.        វ័ធ បុណ្យនោធុក, (១៩៩៦). Thai dialect. បាងកក: សាកលវិទ្យាល័យរាមកំហែង.

៩.      ក្រសួងអប់រំ. (១៩៨៦). វេយ្យាករណ៍ ថ្នាក់ទី៨. សាធារណរដ្ខប្រជាមាននិតកម្ពុជា.

១០.    ហ្សង់ មីសែល ហ្វីលីពី ហៀប ច័ន្ទវិចិត្រ. (២០០៩). ឯកសារណៃនាំ អំពីសូរវិទ្យា. ភ្នំពេញ: Funan.

 

ឯកសារជាភាសាបរទេស

1.                  Bailey,,Roger. (1993-1995). Introduction to sociolinguistic.

2.                  Bloch Bernar and Grorge L.Trager. (1942). Outline of Linguistic Analysis. Baltimore.: Linguistic Society of America.

3.                  Carmen Llamas,Peter Stockwell. (2002). Sociolinguistics. A N. Schmitt, Applied Linguistics (p. 150-151). London: Arnold, a member of the hodder Headline Group.

4.                  Crystal, D. (2007). A dictionary of linguistics and Phonetics. Blackwell .

5.                  Francis, W. (1958). The Structure of American English. New York: The Ronald Press Company.

6.            Hjelmslev, L. (1943). Prolegomena to the Theory of language.

7.            J.K. Chambers,Peter Trudgill. (2004). Dialectology. New York: The press syndicate of the University of Cambridge.

8.            J.K.Chambers,Peter Trudgill. (2004). Dialectology. New York: The press syndicate of the University of Cambridge.

9.            Jean-Michel Filipi,Hiep Chan Vicheth. (2009). Dictionnaire de la pronociation du Khmer Khmer standard et dialecte phnompenhois. Phnom Penh: Funan .

10.          Leonad, B. (1933). Language. New York: Henyry Holt and Company.

11.          LePage Tabouret-Keller. (1985). Introduction to sociolinguistic.

12.          Pisitpanporn, N. (1993). On The r>h shift in Phnom Penh Khmer. Mon-Khmer studies .

13.          RATREE P.Wayland,Susan G.GUION. (2005). Sound change following the loss of /r/ in Khmer:a new tongenetic mechanism? Mon-khmer studies .

14.          Sapir,Edward. (1921). language. New York: Harcourt,Brace and Company,Inc.

15.          SOK, P. (២០០១). Syllable-reduction in Phnom Penh Colloquial Khmer. វិទ្យាស្ថានភាសាជាតិ នៃ រាជបណ្ឌិត្យសភាកម្ពុជា , ១០២.

16.          Sweet.Henry. (1916). The History of language. London: Aldine House J.M.Dent & `          Sons.Ltd.

17.          University, O. (2008). Oxford advanced learner’s Dictionary.

18.          w.Labov,Jean-Michel Filipi. (2009). ភាពផ្ទុយគ្នានៃអ្នកសង្កេត. ភ្នំពេញ: Funan.

19.          W.R.O’Donnell,(2000). ភាពរួមនៃភាសា(ភាសាថៃ). បាងកក.

20.    B.Noss, R. (1961). The Treatment of */R/ in two modern khmer dialect . Mon-khmer Studies , 89-90    

21.    Filippi, J. M. (2004). EVERYDAY KHMER. Phnom Penh : Funan.

22.     E.Huffman, F. (1987). Modern spoken Cambodian. New York City : Yale University.

(សិក្សាស្រាវជ្រាវ ដោយ សោន វណ្ណៈ)

 

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...