Hiển thị các bài đăng có nhãn វីថីនៃចិត្ត ឬល្បឿននៃចិត្ត ២៥-១១-២០២០. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn វីថីនៃចិត្ត ឬល្បឿននៃចិត្ត ២៥-១១-២០២០. Hiển thị tất cả bài đăng

Thứ Tư, tháng 11 25, 2020

            វីថិចិត្ត - ញាណតៗគ្នា

                         ១០កើតមិគសិរ  ព.ស.២៥៦៤  ទី២៥  វិច្ឆិកា  គ.ស.២០២០



     

វីថិចិត្ត - ញាណតៗគ្នា

 

                 តាមគម្ពីរព្រះអភិធម្ម វីថិចិត្តCitta-Vithi មានន័យថា ខ្សែច្រវ៉ាក់នៃចិត្ត ឬការដឹងតៗគ្នានៃចិត្ត ដែលកើតឡើង កាលណាមានអារម្មណ៍មួយ ចូលមកក្នុងទ្វារវិញ្ញាណ ជាកិច្ចឲ្យស្គាល់នូវអារម្មណ៍នោះ ។

ដូចគ្នានឹងផ្លូវថ្នល់ ដែលកាត់តាមភូមិនានា ឥតមានរំលងភូមិណាមួយ ឬក៏ផ្លាស់ប្តូរលំដាប់រៀង ឯចិត្តក៏កើតឡើងម្តងមួយ បន្តបន្ទាប់គ្នា រៀងតាមលំដាប់ ដែលចិត្តត្រូវកើត ត្រឹមត្រូវតាម ចិត្តនិយាម (ច្បាប់របស់ចិត្ត) ។

                                            អាយុរបស់ចិត្ត

          ចិត្តកើតនិងរលត់ក្នុងមនុស្ស ដោយល្បឿនញាប់ដ៏ក្រៃលែង គឺលើស១លានលានដង (១,០០០,០០០,០០០,០០០) ក្នុង១ប៉ប្រិចភ្នែក ហើយភ្នែកប៉ប្រិចប្រមាណ ២៥០ដង ក្នុង១វិនាទី ។ ដូច្នេះអាយុរបស់ចិត្តមួយ មានប្រមាណ១ភាគ១លានលាន នៃវិនាទី ។

អាយុរបស់ចិត្ត ឬរយៈកាលរបស់ចិត្ត អាចវាស់បាន ជា៣ខណៈ ក្នុងការកើតហើយរលត់នៃចិត្ត ។

             ខណៈ៣នោះគឺៈ

            ១- ឧប្បាទ      ខណៈនៃការកើត

            ២- ថីតិ            ខណៈនៃការតាំងនៅ

            ៣- ភង្គៈ           ខណៈនៃការរលាយ

            ខណៈដ៏ខ្លីទាំង៣នេះ ស្មើនឹង១រយៈចិត្ត ហៅថា ខណៈចិត្ត ។ ដូច្នេះអាយុរបស់ចិត្ត ស្មើនឹង១ខណៈចិត្ត ដែលមានខណៈខ្លី៣ គឺឧប្បាទ១ ថីតិ១ និងភង្គៈ១ ។

       រយៈពេល១ខណៈចិត្ត ពិបាកនឹងបញ្ជាក់ដោយ របៀបវិទ្យាសាស្រ្តណាស់ ប៉ុន្តែយើងដឹងដោយការពិសោធន៍ថា អាចសុបិននិមិត្ត ឃើញរបស់ឬហេតុផ្សេងៗ ជាច្រើនក្នុង១ វិនាទី ។

              អាយុរបស់រូប

អាយុរបស់រូប ស្មើនឹងអាយុរបស់ចិត្ត ១៧ដង ឬ១៧ខណៈចិត្ត ឬ៥១ខណៈខ្លីរបស់ចិត្ត (១៧ X ៣ = ៥១) ។

ដូច្នេះរូបក៏កើតនិងរលាយ យ៉ាងញាប់ក្រៃលែង ជាង៥៨ពាន់លានដង ក្នុង១វិនាទី ។ ភាពខុសគ្នារវាងចិត្តនិងរូបគឺ ចិត្តកើតនិងរលាយ ម្តងមួយបន្តបន្ទាប់គ្នា ឯរូបវិញកើតព្រមគ្នារាប់ពាន់ ក្នុងខណៈដ៏ខ្លី ហើយចេះតែបន្តការកើត ឥតឈប់ឈរ ១៧ខណៈចិត្តរលាយម្តង ។ រូបអាចកើនចំនួនច្រើនឡើង ដែលភ្នែករបស់យើង អាចមើលឃើញបាន ចំណែកឯការហូរនៃចិត្ត យើងពុំអាចមើលឃើញឡើយ ។

                                    វិញ្ញាណ៦យ៉ាង

វិញ្ញាណចិត្ត អាចចាត់ថ្នាក់ ទៅតាមទ្វារវិញ្ញាណ៦ និងអាយតនៈ៦ (វត្ថុ) ដូចតទៅៈ

១. ចក្ខុវិញ្ញាណ         វិញ្ញាណភ្នែក២

២. សោតវិញ្ញាណ     វិញ្ញាណត្រចៀក២

៣. ឃានវិញ្ញាណ      វិញ្ញាណច្រមុះ២

៤. ជីវ្ហាវិញ្ញាណ         វិញ្ញាណអណ្តាត២

៥. កាយវិញ្ញាណ      វិញ្ញាណកាយ២

៦. មនោវិញ្ញាណ       វិញ្ញាណចិត្ត៧៩ ។

            សូមកត់សំគាល់ថា ចក្ខុវិញ្ញាណកើតនៅចក្ខុទ្វារ អាស្រ័យនឹងអាយតនៈភ្នែក ដូច្នេះជាដើម ។ វិញ្ញាណរបស់ចិត្ត កើតនៅមនោទ្វារ អាស្រ័យនឹងហទយៈវត្ថុ ក្នុងបេះដូង ។ ចំពោះវិញ្ញាណ៥ដំបូង វិញ្ញាណនិមួយៗ មានផស្សៈ (ការដែលអារម្មណ៍មកប៉ះ) ២យ៉ាង ចំណែកឯមនោវិញ្ញាណវិញ មានចិត្ត៧៩យ៉ាង ។

                    មនោ

មៈ- បា. ; សំ. ( ន. ) (< មន; មនស៑) ចិត្ត ។ មនោ​គតិ ដំណើរ​របស់​ចិត្ត, ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ចិត្ត; សេចក្ដី​ប្រាថ្នា, បំណង, ដំណើរ​ដែល​ចិត្ត​គ្មាន​នឹក​សោះ ស្រាប់​តែ​បណ្ដាល​ឲ្យ​ឃើញ​ជា​ផ្នូល ។ មនោ​ទ្វារ ទ្វារ​ចិត្ត, ផ្លូវ​ចិត្ត ។                

វីថិ៦យ៉ាង

            វីថិ ឬការកើតរលត់តៗគ្នា នៃការដឹងដោយវិញ្ញាណ ដូចជាខ្សែច្រវ៉ាក់ (ចិត្ត១កើតឡើង ហើយរលាយទៅវិញ កាលណាចិត្ត១ទៀត កើតបន្ត គ្មានចិត្ត២នៅជាមួយគ្នាទេ) ចែកចេញជា៦ក្រុម ហើយអាចមានឈ្មោះ ទៅតាមទ្វារ៦ក៏បាន ឬតាមវិញ្ញាណ៦ក៏បាន ដូចតទៅៈ

១- ចក្ខុទ្វារវីថិ = ចក្ខុវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ចក្ខុទ្វារ ឬជាមួយ ចក្ខុវិញ្ញាណ ។

            ២- សោតទ្វារវីថិ = សោតវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង សោតទ្វារ ឬជាមួយ សោតវិញ្ញាណ ។

៣- ឃានទ្វារវីថិ = ឃានវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ឃានទ្វារ ឬជាមួយ ឃានវិញ្ញាណ ។

៤- ជីវ្ហាទ្វារវីថិ = ជីវ្ហាវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ជីវ្ហាទ្វារ ឬជាមួយ ជីវ្ហាវិញ្ញាណ ។

            ៥- កាយទ្វារវីថិ = កាយវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង កាយទ្វារ ឬជាមួយ កាយវិញ្ញាណ ។

            ៦- មនោទ្វារវីថិ = មនោវិញ្ញាណវីថិ

គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង មនោទ្វារ ឬជាមួយ មនោវិញ្ញាណ ។

 

            ហេតុសម្រាប់ឲ្យកើតវីថិ

១- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ចក្ខុទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

 

ក- ចក្ខុបសាទ (ទ្វារភ្នែក) ត្រូវមានគុណភាពល្អ

ខ- រូបារម្មណ៍ (រូបដែលឃើញ) ត្រូវមានប្រាកដ

គ- អាលោកៈ (ពន្លឺ) ត្រូវមានប្រាកដ ហើយ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

២- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត សោតទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

ក- សោតបសាទ (ទ្វារត្រចៀក) ត្រូវមានគុណភាពល្អ

ខ- សទ្ទារម្មណ៍ (សម្លេង) ត្រូវមានប្រាកដ

គ- អាកាស (ចន្លោះឲ្យសម្លេងរត់ទៅ) ត្រូវមានប្រាកដ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

 

៣- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ឃានទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

ក- ឃានបសាទ (ទ្វារច្រមុះ) ត្រូវមានគុណភាពល្អ

ខ- គន្ធារម្មណ៍ (ខ្លិន) ត្រូវមានប្រាកដ

គ- វាយោ (ធាតុខ្យល់ដែលនាំខ្លិន) ត្រូវមានប្រាកដ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

៤- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើតជីវ្ហាទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

 

            ក- ជីវ្ហាបសាទ (ទ្វារអណ្តាត) ត្រូវមានគុណភាពល្អ

ខ- រសារម្មណ៍ (រស) ត្រូវមានប្រាកដ

គ- អាបោ (ធាតុទឹកដូចជាទឹកមាត់) ត្រូវមានប្រាកដ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

៥- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត កាយទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

ក- កាយបសាទ (ទ្វារកាយ) ត្រូវមានគុណភាពល្អ

ខ- ផោដ្ឋព្វារម្មណ៍ (ការប៉ះ) ត្រូវមានប្រាកដ

គ- ថទ្ធបឋវា (ធាតុរឹង) ត្រូវមានប្រាកដ សម្រាប់បញ្ជូនការប៉ះ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

៦- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត មនោទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ

 

ក- មនោទ្វារ (ទ្វារចិត្ត) ត្រូវមានគុណភាពល្អ

ខ- ធម្មារម្មណ៍ (អារម្មណ៍របស់ចិត្ត) ត្រូវមានប្រាកដ

គ- ហទយវត្ថុ (មូលដ្ឋានបេះដូង) ត្រូវមានប្រាកដ

ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។

ចំណាំៈ

ក្នុងចំណោមហេតុ៤យ៉ាង ដែលតម្រូវឲ្យមាន ដើម្បីឲ្យវីថិនិមួយៗកើតឡើង ហេតុ៣ខាងដើម សមស្របច្រើនឬតិច តាមបែបវិទ្យាសាស្រ្ត ដែលគេដឹង ។ ហេតុទី៤ មនសិការៈ គ្មានក្នុងវិទ្យាសាស្រ្តទេ ។ ប៉ុន្តែជាញឹកញយ គេនិយាយថា ហេតុទី៤នេះជារបស់សំខាន់ សម្រាប់ឲ្យដឹង នូវអារម្មណ៍របស់វិញ្ញាណ ។

ជាឧទាហរណ៍ ម្តាយម្នាក់ដែលមានកូនទារក ត្រូវភ្ញាក់ជាច្រើនដង រាល់រាត្រី ដើម្បីបំបៅទារក ។ បន្ទាប់បាត់បង់ដំណេក ជាច្រើនរាត្រីមក ជួនកាលម្តាយនោះ ដេកលង់លក់យ៉ាងជ្រៅ សូម្បីសម្លេងផ្គររញ្ជួយផ្ទះ ក៏ពុំអាចដាស់គាត់បាន ។ ប៉ុន្តែបើសម្លេងយំតិចៗ របស់កូនវិញ ម្តាយនោះភ្ញាក់ឡើងភ្លាម ។ នេះបញ្ជាក់ថា មនសិការៈ ជាហេតុសំខាន់ ។

 

វិសយប្បវត្តិ៦

វិសយប្បវត្តិ មានន័យថា ការបង្ហាញនៃអារម្មណ៍ កំរិតខ្លាំង-ខ្សោយរបស់អារម្មណ៍ ដែលចូលមកកាន់ទ្វារវិញ្ញាណ ។ វិសយប្បវត្តិមាន៦យ៉ាង ៤យ៉ាងមានចំពោះ ទ្វារវិញ្ញាណ៥ (បញ្ចទ្វារ) ២យ៉ាងទៀតមានចំពោះ មនោទ្វារ ។

 

វិសយប្បវត្តិនៅបញ្ចទ្វារ

១- អតិមហន្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លាំងក្រៃលែង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងយ៉ាងវែង ។

 

២- មហន្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លាំង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងវែងមធ្យម ។

 

៣- បរិត្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្សោយ បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងខ្លី ។

 

៤- អតិបរិត្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លីក្រៃលែង បណ្តាលគ្មានខ្សែនៃវីថិចិត្ត កើតឡើង ។

 

វិសយប្បវត្តិនៅមនោទ្វារ

១- វិភូតារម្មណ៍

អារម្មណ៍របស់វិញ្ញាណ មានសភាពច្បាស់ៗ ។

 

២- អរិភូតារម្មណ៍

អារម្មណ៍របស់វិញ្ញាណ 5មានសភាពស្រអាប់ ។៨. rv5

 

                                                  វីថិចិត្តនិងវីថិវិមុត្តិចិត្ត

ចិត្តទាំងឡាយ ដែលចូលរួមសកម្ម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិចិត្ត ។ ចិត្តទាំងឡាយ ដែលមិនចូលរួម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិវិមុត្តិចិត្ត ។ ចិត្ត១៩ រាប់ដោយឈ្មោះមាន ឧបេក្ខាសន្តីរណ២ មហាវិបាកចិត្ត៨ មហគ្គតវិបាកចិត្ត៩ មិនរួមចំណែក ជាមួយនឹងវីថិចិត្តទេ ក្នុងពេលដែលវាកំពុងតែ បំពេញមុខងារបដិសន្ធិ (ការបន្តកំណើត) មុខងារភវង្គ (ខ្សែចិត្តដែលបន្តជីវិត) ឬមុខងារចុតិ (មរណៈចិត្ត) ។ ចិត្តទាំងនេះ មានឈ្មោះថា វីថិវិមុត្តិចិត្ត ដូច្នេះឯង គឺថាចិត្តដែលរួចផុតពីវីថិចិត្ត មាន១៩ (រួចផុតពីទ្វារ) ។

ក្នុងចំណោមចិត្ត១៩ខាងលើនេះ ឧបេក្ខាសន្តីរណចិត្ត២ ចូលរួមចំណែក ជាមួយវីថិចិត្តកាលណាវាបំពេញ មុខងារស៊ើបអង្កេត និងមុខងារកត់ត្រាទុក ហើយមហាវិបាកចិត្ត៨ ចូលរួមចំណែក ក្នុងវីថិចិត្ត កាលណាវាបំពេញ មុខងារកត់ត្រាទុក ។ ដូច្នេះចិត្តទាំង១០នេះ ត្រូវរាប់បញ្ចូលក្នុងវីថិចិត្ត ។ ដោយមានតែ មហគ្គតវិបាកចិត្ត៩ប៉ុណ្ណោះ ដែលរួចផុតអំពីវីថិចិត្ត ចំនួនវីថិចិត្តទាំងអស់មាន ៨៩ - ៩ = ៨០ ។

                                                        ចិត្តដូចគ្នា៣យ៉ាង

ជីវិតរបស់សត្វមានជីវិតនិមួយៗ ចាប់ផ្តើមពីចិត្តនៃការកើត (បដិសន្ធិចិត្ត) ។ បន្ទាប់ពីបដិសន្ធិចិត្តរលាយទៅ ភវង្គចិត្ត (ខ្សែចិត្តដែលបន្តជីវិត) ក៏កើតឡើងហើយបន្ត ការកើតរលត់ៗតទៅ រហូតដល់ចុតិចិត្ត (មរណៈចិត្ត) កើតឡើងទទួលមុខងារ ជំនួសភវង្គចិត្ត ។ ភវង្គចិត្តចុងក្រោយបង្អស់ គឺចុតិចិត្តដែលបំពេញ មុខងារនៃសេចក្តីស្លាប់ ។

ចំពោះសត្វមានជីវិត ចិត្តទាំង៣នេះ គឺបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ជាចិត្តតែមួយក្នុងជាតិ (កំណើត) ក្នុងចេតសិកនិងអារម្មណ៍ ដែលវាតោងយក ។ ចំពោះមនុស្សធម្មតា ចិត្ត១ក្នុងមហាវិបាកចិត្ត៨ បំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។ ចិត្តទាំង៣នេះដូចគ្នា របស់មនុស្ស ព្រោះថាវាជាផល នៃកម្មដដែល ដែលជាប់ទាក់ទងនឹងកុសលចិត្ត ។ បើសិនកុសលចិត្តជា “សោមនស្ស សហគតំ ញាណសម្បយុត្តំ អសង្ខារិក មហាកុសល ចិត្ត” ពេលនោះ “សោមនស្ស សហគតំ ញាណសម្បយុត្តំ អសង្ខារិក មហាវិបាក ចិត្ត” នឹងបំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។

អារម្មណ៍ដែលចិត្តទាំងនេះ តោងយក គឺមរណាសន្ននិមិត្ត ដែលកើតឡើងនៅពេល រៀបនឹងស្លាប់ ក្នុងអតីតជាតិ (មុនជាតិនេះ១ជាតិ) ។ និមិត្តជាកម្មនិមិត្ត ជានិមិត្តនៃភព ។ បាតុភូតនេះនឹងយកមកពន្យល់ វែងឆ្ងាយដូចតទៅនេះ៖

 

មរណាសន្ននិមិត្ត

មរណាសន្ននិមិត្ត មានន័យថា អារម្មណ៍របស់កម្ម នៅពេលរៀបស្លាប់ ។ ក្នុងជីវិតបច្ចុប្បន្ន មនុស្សនឹងរស់នៅយូរ ទៅតាមកុសលកម្ម ដែលបានឲ្យមនុស្សនោះ កើតក្នុងជីវិតសព្វថ្ងៃនេះ បន្តការទ្រទ្រង់ឲ្យរស់តទៅទៀត គឺថាបន្តការបង្កើតភវង្គចិត្ត ជាផលនៃកម្ម ។

មុននឹងកម្មដែលជាគ្រឿងឧបត្ថម្ភ រលត់ទៅ ក្នុងចំណោមកុសលកម្ម និងអកុសលកម្ម ដែលប្រជែងគ្នា យកឈ្នះឲ្យបានជាកម្មវិបាក(ផល) កម្មណាមួយនឹងបានឈ្នះ ។ កម្មដែលឈ្នះនេះ អាចកើតឡើងជាអារម្មណ៍ របស់ភវង្គចិត្ត ។ កាលណាហេតុនេះ កើតឡើង មនុស្សនោះអាចតោងយក កម្មល្អឬអាក្រក់ ដែលខ្លួនបានធ្វើពីមុន ដែលជាប់ទាក់ទងនឹង កម្មឈ្នះនោះ ។ កុសលចិត្ត ឬអកុសលចិត្ត ដែលគេពិសោធន៍ឃើញក្នុងពេលនោះ ក៏កើតឡើងប្រាកដក្នុងចិត្តជាថ្មី ។

សេចក្តីនេះមានន័យថា ចិត្តដែលគេបានពិសោធន៍ ពីពេលមុននៅពេល ដែលគេប្រព្រឹត្តកម្មនោះ កើតឡើងសារជាថ្មី ។

ជាញឹកញយ និមិត្តឬនិមិត្តរូបណាមួយ ដែលទាក់ទង នឹងកម្មឈ្នះនោះ កើតឡើងក្នុងទ្វារវិញ្ញាណណាមួយ ។ វាអាចជាអារម្មណ៍មួយ ក្នុងអារម្មណ៍៥ របស់បញ្ចវិញ្ញាណ ទទួលក្នុងទ្វារណាមួយ ក្នុងចំណោមទ្វារវិញ្ញាណ៥ ជាអារម្មណ៍បច្ចុប្បន្ន ឬទទួលក្នុងមនោទ្វារ ជាអារម្មណ៍អតីត ។ អារម្មណ៍អតីតឬបច្ចុប្បន្ននេះ ដែលទាក់ទងនឹងកម្មឈ្នះ មានឈ្មោះថា កម្មនិមិត្ត ។

ជាឧទាហរណ៍ ឧបមាថាមនុស្សម្នាក់ ស្តាប់ធម៌នៅពេលរៀបស្លាប់ ហើយកម្មដ៏ល្អនេះបានជាកម្មឈ្នះ ជាកម្មវិបាកសម្រាប់ជាតិមុខ ។ ក្នុងប្រការនេះ សម្លេងពាក្យរបស់ធម៌បច្ចុប្បន្ន ដែលឮតាមត្រចៀក បានក្លាយជាកម្មនិមិត្ត ។

ជាឧទាហរណ៍ផ្សេងទៀត ឧបមាថា គ្រូបង្រៀនម្នាក់ ដែលរៀបនឹងស្លាប់ ឃើញតាមមនោវិញ្ញាណ សិស្សរបស់គាត់ ដែលគាត់បានបង្រៀន ។ ការឃើញនេះ ក៏ជាកម្មនិមិត្តរបស់អារម្មណ៍អតីត ដែលកើតក្នុងមនោទ្វារ ។

ឬម្យ៉ាងទៀត ដូចជាអ្នកពិឃាដគោ ពេលរៀបនឹងស្លាប់ ឭសម្លេងរោទ៍របស់សត្វគោ ដែលគាត់បានសម្លាប់ ។ សម្លេងនៃអារម្មណ៍អតីតនេះ ក៏ជាកម្មនិមិត្ត ដែលមកប្រាកដក្នុងមនោទ្វារ ។

ជួនកាលរូបនិមិត្ត នៃកន្លែងដែលគេនឹងទៅកើត តាមផលនៃកម្មឈ្នះនោះ កើតឡើងក្នុងមនោទ្វារ ។

ជាឧទាហរណ៍ ទេវតាឬវិមានឋានសួគ៌ ជាដើម អាចមកប្រាកដចំពោះ មនុស្សរៀបស្លាប់ បើសិនមនុស្សនោះ នឹងត្រូវទៅកើតនៅឋានសួគ៌ ។ ឬសត្វនរក យមភូបាលជាដើម មកប្រាកដចំពោះ បុគ្គលរៀបស្លាប់នោះ បើសិនបុគ្គលនោះ ត្រូវទៅកើតក្នុងឋាននរក ។ អារម្មណ៍ទាំងនេះ ដែលទាក់ទងនឹង ទីកន្លែងដែលគេនឹងទៅកើត ឈ្មោះថា គតិនិមិត្ត ។

ដូច្នេះកាលណាបុគ្គល រៀបនឹងធ្វើមរណៈកាល មរណាសន្ននិមិត្តណាមួយ ក្នុងនិមិត្ត៣គឺ កម្ម កម្មនិមិត្ត ឬគតិនិមិត្ត រមែងកើតឡើងជានិច្ច ក្នុងទ្វារណាមួយ នៃទ្វារវិញ្ញាណ ទាំង៦ ។ បុគ្គលនោះនឹងស្លាប់ភ្លាម បន្ទាប់ពីនិមិត្តនេះ ហើយបុគ្គលនោះ នឹងកើតជាថ្មី ហើយបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត របស់គាត់ក្នុងជីវិតថ្មី តោងយកមរណាសន្ននិមិត្ត អំពីអតីតជាតិ (មុនជាតិថ្មី១ជាតិ) ។

 

                                                            ភវង្គចិត្ត៣យ៉ាង

ក្នុងជីវិតបច្ចុប្បន្ន ភវង្គចិត្ត យកមរណាសន្ននិមិត្ត ពីជាតិមុនមកជាអារម្មណ៍ ។ ដោយហេតុថា អារម្មណ៍នេះមិនមែន ជាអារម្មណ៍ក្រៅ (រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ ធម្ម) ដែលចូលតាមទ្វារវិញ្ញាណ ក្នុងជីវិតបច្ចុប្បន្ន ដែលឲ្យខ្សែវីថិចិត្ត (ការដឹងតៗគ្នា) កើតឡើង យើងមិនដឹងអំពី មរណាសន្ននិមិត្តនេះទេ ។ ដូច្នេះកាលណាយើង កំពុងដេកលក់ ឬចិត្តរបស់យើងពុំដឹងអ្វីសោះ ភវង្គចិត្តនឹងកើតរលត់ៗ តៗគ្នា ដោយល្បឿនញាប់ ក្រៃលែង ជាង១ពាន់លានដង ក្នុង១ប៉ប្រិចភ្នែក ។

ឥឡូវឧបមាថា មានអារម្មណ៍មួយ មកប៉ះនឹងទ្វារវិញ្ញាណណាមួយ ។ យើងត្រូវការដឹងពីអារម្មណ៍នេះ ដើម្បីយើងធ្វើប្រតិកម្មចំពោះវា តាមត្រូវការ ។ ដើម្បីឲ្យខ្សែហូរនៃចិត្តប្តូរទិសដៅមករក អារម្មណ៍ថ្មីនេះ ខ្សែភវង្គចិត្តត្រូវតែបញ្ឈប់ ឬផ្តាច់ជាមុនសិន ។ ខ្សែភវង្គមិនអាចបញ្ឈប់ភ្លាម នៅពេលដែលអារម្មណ៍ថ្មី ចូលមកកាន់ទ្វារវិញ្ញាណ ដូចគ្នានឹងមនុស្សដែល កំពុងរត់យ៉ាងលឿន មិនអាចឈប់ភ្លាម ចំចំណុចទេ ហើយគេត្រូវ បណ្តោយឲ្យ២ឬ៣ជំហ៊ានទៀត ទើបគេអាចឈប់បាន ដូច្នេះភវង្គចិត្ត២ ត្រូវរត់ហួសទៅមុខ មុននឹងខ្សែភវង្គ អាចផ្តាច់ចេញបាន ។

ភវង្គចិត្តទាំង២នេះ ក្នុងការចេញចាក អំពីមរណាសន្ននិមិត្តចាស់ ហើយយកអារម្មណ៍ថ្មី ក៏ញ័ររញ្ជួយ ខុសសភាពដើម ។ ភវង្គដែលញ័ររញ្ជួយនេះ ហៅថា ភវង្គចលនៈ ។ ប៉ុន្តែបន្ទាប់ពីភវង្គចលនៈទី២ ខ្សែភវង្គត្រូវដាច់ ភវង្គចលនៈទី២នេះ ក៏បានឈ្មោះថ្មី ហៅថាភវង្គុបច្ឆេទ ។

អារម្មណ៍ក្រៅទាំង៥ (រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ) មិនអាចកើតឡើងច្បាស់ ភ្លាមៗនៅ ពេលដែលវា មកប៉ះនឹងទ្វារវិញ្ញាណ សូម្បីអតិមហន្តារម្មណ៍ក៏ដោយ ក៏ត្រូវការ១ខណៈចិត្តដែរ ដើម្បីវាបង្ហាញខ្លួន នៅទ្វារវិញ្ញាណ ។ ចិត្តនេះហៅថា អតីតាភវង្គ ។

កាលណាអារម្មណ៍ មានកំរិតខ្លាំង (មហន្តារម្មណ៍) ភវង្គចិត្ត២ឬ៣ ត្រូវកន្លងផុតទៅ ពីពេលដែលអារម្មណ៍ មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។ ភវង្គចិត្ត២ឬ៣នេះ ក៏មានឈ្មោះថា អតីតាភវង្គ ដូចគ្នា ។ ដូច្នេះយើងបាន ភវង្គចិត្ត៣គឺៈ

 

                                                        ១- អតីតាភវង្គ

គឺភវង្គចិត្ត ដែលកន្លងផុតទៅ ពេលដែលអារម្មណ៍ មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។

 

                                                    ២- ភវង្គចលនៈ

គឺភវង្គដែលញ័ររញ្ជួយ នៅពេលដែល អារម្មណ៍បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។

 

៣- ភវង្គុបច្ឆេទ

គឺចិត្តដែលដាច់ពីខ្សែភវង្គ បន្ទាប់ពីភវង្គចលនៈ ។ បន្ទាប់ពីនេះទៅ ខ្សែភវង្គត្រូវឈប់ ហើយវីថិចិត្តក៏ចាប់ផ្តើម កើតឡើង ។

 

ចក្ខុទ្វារវីថិ

១)- អតិមហន្តារម្មណ៍វីថិ-

កាលណារូបារម្មណ៍មួយ ដែលជាអតិមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ អតិមហន្តារម្មណ៍វីថិ ក៏កើតឡើង ។ ខ្សែវីថិចិត្តអាចបង្ហាញ ជារូបតំណាង ដូចខាងក្រោមនេះ៖

 

ចក្ខុទ្វារវីថិ - អតិមហន្តារម្មណ៍

អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ →

 

ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ

 

                    (ចប់ខ្សែវីថិចិត្ត)

 

                                    សេចក្តីពន្យល់ - អតិមហន្តារម្មណ៍

ភវង្គ - ខ្សែបន្តជីវិត ។ កាលណាគេដេកលក់ ឬពុំដឹងអ្វីទាំងអស់ ចិត្តរបស់គេចេះតែ បន្តការកើត-រលត់ៗ ដោយមានមរណាសន្ននិមិត្ត ជាអារម្មណ៍ ។ ខ្សែភវង្គហូរទៅ រហូតដល់មានអារម្មណ៍ណាមួយ មកប៉ះនឹងទ្វារវិញ្ញាណ ។

អតីតភវង្គ - ភវង្គរបស់អតីត ។ ក្នុងខណៈដែលរូបារម្មណ៍ និងចក្ខុបសាទកើតព្រមគ្នា នេះជាឧប្បាទខណៈ ការកើតឡើងនៃរូបារម្មណ៍ ។

ភវង្គចលនៈ - ភវង្គរញ្ជួយ ។ ក្នុងខណៈនៃភវង្គចលនៈនេះ រូបារម្មណ៍កើតឡើង ច្បាស់ប្រកដក្នុងចក្ខុទ្វារហើយ ។ សូមរំលឹកថា អតិមហន្តារម្មណ៍ ត្រូវរត់ទៅ១ខណៈ ចិត្ត (ថិតិ) បន្ទាប់ពីឧប្បាទខណៈ ដើម្បីបានជារូបារម្មណ៍ ពេញបរិបូណ៌ ។

ភវង្គុបច្ឆេទ - ភវង្គឈប់ ។ ខ្សែភវង្គដែលហូរជាធម្មតា ត្រូវឈប់ បន្ទាប់ពីចិត្តនេះ រលត់ទៅ ។

បញ្ចទ្វារាវជ្ជនៈ - ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ជាដរាប ក្នុងខ្សែបញ្ច ទ្វារវីថិ ។ វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។

ចក្ខុវិញ្ញាណ - វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍) ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។

សម្បដិច្ឆនៈ - ចិត្តទទួលយក ។ វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយ បញ្ជូនទៅឲ្យចិត្តបន្ទាប់ មុននឹងវារលាយទៅ ។

សន្តិរណៈ - ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។

វោដ្ឋបនៈ (មនោទ្វារាវចនៈ) - ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម ។

ជវនៈ - ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាម ជវនចិត្ត២៩ ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាង ច្រើន៧ដង គឺថាវារត់ទៅ៧ខណៈចិត្ត ។

តទាលម្ពណៈ - ចិត្តកត់សំគាល់ ។ ចិត្តនេះបន្តពីជវនៈ ហើយរត់ទៅ២ខណៈចិត្ត ទទួលយក ឬតោងយកអារម្មណ៍ ។ នៅពេលដែល តទាលម្ពណៈចិត្តទី២ រលាយទៅ រូបារម្មណ៍ និងចក្ខុទ្វារក៏រលត់ព្រមគ្នា ព្រោះអាយុរបស់វីថិចិត្ត ដែលមាន១៧ខណៈ បានចប់សព្វគ្រប់ហើយ ។

ភវង្គ- ខ្សែបន្តជីវិត ។ ដោយហេតុថា រូបារម្មណ៍លែងមានតទៅទៀត ខ្សែវីថិត្រូវចប់ ហើយចិត្តក៏ចុះទៅកាន់ភវង្គវិញ ។

ចំណាំៈ អតិមហន្តារម្មណ៍វីថិ មានឈ្មោះម៉្យាងទៀតថា តទាលម្ពណវារវីថិ ព្រោះវាចប់ជាមួយ នឹង តទាលម្ពណចិត្ត ។

 

២)- មហន្តារម្មណ៍វីថិ-

កាលណារូបារម្មណ៍ ដែលជាមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ មហន្តារម្មណ៍វីថិ២យ៉ាង អាចកើតឡើង ។ ខ្សែវីថិ២នោះ មានដូចខាងក្រោមនេះ-

 

ចក្ខុទ្វារវីថិ - មហន្តារម្មណ៍ (១)

អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ →

 

វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - មហន្តារម្មណ៍ (២)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ →

 

សន្តិរណៈ → វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ

 

(ចប់ខ្សែវីថិចិត្ត)

 

សេចក្តីពន្យល់ - មហន្តារម្មណ៍

(១)- ក្នុងមហន្តារម្មណ៍វីថិទី១ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ២ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ពេលនោះភវង្គរញ្ជួយ ២ខណៈ ហើយឈប់ក្នុងពេលដែល ភវង្គុបច្ឆេទរលត់ទៅ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើមៈ

បញ្ចទ្វារាវជ្ជនៈ” - ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ ជាដរាប ក្នុងខ្សែបញ្ចទ្វារវីថិ ។ វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។

ចក្ខុវិញ្ញាណ - វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍) ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។ សម្បដិច្ឆនៈ - ចិត្តទទួលយក ។ វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយបញ្ជូនទៅឲ្យចិត្តបន្ទាប់ មុននឹងវារលាយទៅ ។

សន្តិរណៈ - ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។

វោដ្ឋបនៈ (មនោទ្វារាវចនៈ) - ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម ។

ជវនៈ - ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាមជវនចិត្ត២៩ ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាងច្រើន៧ដង គឺថាវារត់ទៅ៧ខណៈចិត្ត ។

មកដល់ពេលនេះ ១៦ខណៈចិត្តបានកន្លងទៅ តាំងពីរូបារម្មណ៍និងចក្ខុទ្វារ កើតឡើងហើយនៅសល់តែ ១ខណៈចិត្តទៀត ទើបអារម្មណ៍រលាយអស់ ។ ដូច្នេះតទាលម្ពណៈ២ខណៈ មិនអាចកើតឡើងបានទេ (តទាលម្ពណៈចិត្ត កើតតែក្នុងអតិមហន្តារម្មណ៍) ភវង្គចិត្ត១ខណៈ ក៏កើតឡើងជំនួសវិញ ហើយរូបារម្មណ៍និងចក្ខុទ្វារ ដែលកើតឡើងព្រមគ្នា ក៏រលាយទៅព្រមគ្នា ក្នុងខណៈដែលភវង្គរលត់ទៅ ។ ខ្សែមហន្តារម្មណ៍វីថិ ចប់ត្រឹមនេះ ។ បន្ទាប់មកខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។

(២)- ក្នុងមហន្តារម្មណ៍វីថិទី២ អារម្មណ៍មានកំរិត ខ្សោយបន្តិច ជាងអារម្មណ៍ទី១ ។ ដូច្នេះបន្ទាប់ពីរូបារម្មណ៍ និងចក្ខុទ្វារកើតឡើង អតីតភវង្គ៣ខណៈ កន្លងទៅ ទើបរូបារម្មណ៍កើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ។ ភវង្គក៏រញ្ជួយ ហើយឈប់ (ភវង្គចលនៈ ភវង្គុ បច្ឆេទ ) ។ បន្ទាប់មកខ្សែវីថិចិត្ត ក៏ប្រព្រឹត្តទៅ ដូចគ្នានឹង មហន្តារម្មណ៍វីថិទី១ដែរ គឺតាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្បដិច្ឆនៈ សន្តិរណៈ វោដ្ឋបនៈ និងជវនៈ៧ ។ ក្នុងខណៈដែល ជវនៈទី៧រលត់ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយទៅព្រមគ្នាដែរ ។ ដូច្នេះខ្សែនៃ មហន្តារម្មណ៍វីថិ ត្រូវចប់ ហើយខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។ មហន្តារម្មណ៍វីថិ ដែលចប់ជាមួយនឹងជវនៈចិត្ត ហៅថា ជវនវារៈវីថិ ។

 

៣)- បរិត្តារម្មណ៍វីថិ-

កាលណារូបារម្មណ៍ ដែលជាបរិត្តារម្មណ៍ មកប៉ះនឹងចក្ខុទ្វារ បរិត្តារម្មណ៍វីថិក៏កើតឡើង ។ ខ្សែវីថិចិត្ត អាចយកមកបង្ហាញ ដូចខាងក្រោមនេះ-

 

ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (១)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ →

 

សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

                                                ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (២)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →

 

ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (៣)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ →

 

បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (៤)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ →

 

ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (៥)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - បរិត្តារម្មណ៍ (៦)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ

 

(ចប់ខ្សែវីថិចិត្ត)

 

សេចក្តីពន្យល់ - បរិត្តារម្មណ៍

(១) - ក្នុងបរិត្តារម្មណ៍វីថិ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងជាមួយគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ៤ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ខ្សែភវង្គរញ្ជួយ២ខណៈ ហើយឈប់ហូរ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើម តាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្ប ដិច្ឆនៈ សន្តិរណៈ និងវោដ្ឋបនៈ ។ មកដល់ចំណុចនេះ វីថិចិត្តរត់បាន១១ខណៈហើយ អារម្មណ៍នៅសល់៦ខណៈទៀត ។ ក្នុងស្ថានភាពធម្មតា ជវនៈរត់៧ខណៈចិត្ត តែបើមិនមានពេលគ្រប់គ្រាន់ ជវនៈមិនកើតទាល់តែសោះ គឺមានន័យថា កាលណាអារម្មណ៍ មានកំរិតខ្សោយ មិនច្បាស់ ជវនៈមិនអាចកើតឡើង ដើម្បីសោយអារម្មណ៍នោះទេ ។ ហេតុនោះវោដ្ឋបនៈ កើតឡើង២ខណៈទៀត ហើយឲ្យតម្លៃអារម្មណ៍ ជាអាក្រក់ឬល្អ ។ បន្ទាប់មក វីថិចិត្តធ្លាក់ចុះក្នុងភវង្គ ហើយរូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយក្នុងខណៈដែល ភវង្គទី៤កើតឡើង ។ ខ្សែវីថិចិត្តត្រូវចប់ ខ្សែភវង្គហូរទៅជាធម្មតា ឡើងវិញ ។

(២) ដល់ (៦) - ក្នុងបរិត្តារម្មណ៍វីថិ បន្តបន្ទាប់៥ទៀត អតីតភវង្គកើនចំនួន ម្តងមួយៗ តាមអារម្មណ៍ ដែលកាន់តែខ្សោយទៅ ហើយដោយហេតុនេះ ចិត្តខាងចុងត្រូវកាត់បន្ថយម្តងមួយៗ ព្រោះអាយុរបស់វីថិចិត្ត មិនអាចលើសពី១៧ខណៈចិត្ត ។ ដូច្នេះនៅចក្ខុវីថិទី៦ខាងលើ ខ្សែវីថិចិត្តត្រូវចប់ បន្ទាប់ពីវោដ្ឋបនៈចិត្ត ។

ចំនួននៃវោដ្ឋបនៈចិត្ត មិនអាចបន្ថយថែមទៀតទេ ព្រោះត្រូវមាន២យ៉ាងតិច ទើបប្រើការបាន ជំនួសជវនៈ ។ ដូច្នេះហើយទើប ទ្វារវីថិនៃបរិត្តារម្មណ៍ទាំង៦ ត្រូវចប់ជាមួយ វោដ្ឋបនៈចិត្ត ។ ទ្វារវីថិនៃបរិត្តារម្មណ៍នេះ មានឈ្មោះថា វោដ្ឋបនវារៈវីថិ ។ ដោយហេតុថា គ្មានជវនៈចិត្តនឹងសោយអារម្មណ៍ គ្មានការដឹងរសជាតិ នៃអារម្មណ៍ទេ ។ អារម្មណ៍មិនបានស្គាល់ច្បាស់ទេ គឺដឹងបានដោយស្រពិចស្រពិល ។ ទ្វារវីថិនេះកើតឡើង ចំពោះទារកដែរ ដែលចក្ខុបសាទនៅទន់ខ្សោយ សូម្បីតែអារម្មណ៍ជា អតិមហន្តារម្មណ៍ក៏ដោយ ។

 

                                                                ៤)- អតិបរិត្តារម្មណ៍វីថិ-

កាលណារូបារម្មណ៍ ដែលមានកំរិតខ្សោយបំផុត មកប៉ះនឹងចក្ខុទ្វារ អារម្មណ៍នោះត្រូវការពី១០ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ ទោះបីយ៉ាងនេះក៏ដោយ កំរិតនៃអារម្មណ៍នេះ ខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គ រញ្ជួយ២ខណៈចិត្ត តែភវង្គនៅតែ បន្តការហូរជាធម្មតា ។ ដូច្នេះគ្មានខ្សែវីថិចិត្ត កើតឡើងទេ ហើយចិត្តក៏ពុំបានដឹង អំពីរូបារម្មណ៍នោះទាល់តែសោះ ។ អតិបរិត្តារម្មណ៍វីថិ៦យ៉ាង អាចយកមកសរសេរ ដូចខាងក្រោមនេះ-

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (១)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (២)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (៣)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (៤)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (៥)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ

 

(ចប់ខ្សែវីថិចិត្ត)

 

ចក្ខុទ្វារវីថិ - អតិបរិត្តារម្មណ៍ (៦)

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →

 

អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ

 

(ចប់ខ្សែវីថិចិត្ត)

 

សេចក្តីពន្យល់ - អតិបរិត្តារម្មណ៍

រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នាដូចធម្មតា ក្នុងខណៈដែលអតីតភវង្គ ទី១កើត ឡើង ។ អារម្មណ៍ដែលមានកំរិត ខ្សោយយ៉ាងខ្លាំង ត្រូវការពី១០ ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ វាបានមកប៉ះនឹងចក្ខុទ្វារ ក៏ប៉ុន្តែព្រោះវាខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គរញ្ជួយ ២ខណៈប៉ុណ្ណោះ (ភវង្គចលនៈ) វាមិនបណ្តាលឲ្យ ខ្សែភវង្គឈប់ទេ ។ ដូច្នេះបន្ទាប់ពីភវង្គចលនៈ មានតែភវង្គទេដែលហូរទៅ ។ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយព្រមគ្នា បន្ទាប់ពី១៧ខណៈចិត្ត បានកន្លងទៅ ។

អារម្មណ៍នេះមិនបាន ស្គាល់ទាល់តែសោះ ព្រោះគ្មានខ្សែវីថិកើតឡើងទេ ។ ដោយហេតុថា វាគ្មានវីថិចិត្ត វាក៏មានឈ្មោះថា មោឃវារៈវីថិ ។

 

បញ្ចទ្វារវីថិ៧៥

ក្នុងដំណើរប្រព្រឹត្តិទៅ នៃចិត្តក្នុងចក្ខុទ្វារ មានវីថិវារៈដូចខាងក្រោមនេះ-

 

- តទាលម្ពណវារៈវីថិ១ សម្រាប់ អតិមហន្តារម្មណ៍

- ជវនវារៈវីថិ២ សម្រាប់ មហន្តារម្មណ៍

- វោដ្ឋបនវារៈវីថិ៦ សម្រាប់ បរិត្តារម្មណ៍

- មោឃវារៈវីថិ៦ សម្រាប់ អតិបរិត្តារម្មណ៍

ក្នុងចក្ខុទ្វារ មានវារៈវីថិទាំងអស់១៥ ។ ទ្វារវិញ្ញាណ៤ទៀត គឺទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត និងទ្វារកាយ ក៏និមួយៗមានវារៈវីថិ១៥ដែរ ដូច្នេះបញ្ចទ្វារវារៈវីថិ ទាំងអស់មាន៧៥ ដូចមានក្នុងតារាងខាងក្រោមនេះ-

 

បញ្ចទ្វារវារៈ៧៥

អតិមហន្តារម្មណ៍         មហន្តារម្មណ៍  បរិត្តារម្មណ៍     អតិបរិត្តារម្មណ៍

តទាលម្ពណវារៈវីថិ៥

ទ្វារ៥ x                                   

            ជវនវារៈវីថិ១០

ទ្វារ៥ x                      

                        វោដ្ឋបនវារៈវីថិ៣០

ទ្វារ៥ x          

                                    មោឃវារៈវីថិ៣០

ទ្វារ៥ x

ការសរសេរ និងសេចក្តីពន្យល់ អំពីសោតទ្វារ ឃានទ្វារ ជីវ្ហាទ្វារ និងកាយទ្វារដែរ ក៏ដូចគ្នានឹងចក្ខុទ្វារវីថិ ។

 

សេចក្តីឧបមេយ្យនៃផ្លែស្វាយ

អតិមហន្តារម្មណ៍ អាចប្រៀបធៀបនឹង ផ្លែស្វាយដែលជ្រុះ ។ ឧបមាថា អ្នកដំណើរម្នាក់ដែលមានការនឿយហត់ ហើយចូលទៅដេក នៅទៀបគល់ស្វាយ ។ ស្ថានភាពនៃការ ដេកលក់ ប្រៀបបាននឹងការហូរស្ងប់ស្ងាត់ នៃខ្សែភវង្គក្នុងអតិមហន្តា រម្មណ៍ ។

ពេលនោះផ្លែស្វាយទំមួយ ជ្រុះក្បែរខ្លួនបុរសនោះ ។ ព្រឹត្តិការណ៍នេះ ប្រហែលគ្នានឹង អារម្មណ៍ ដ៏ខ្លាំងក្លាមួយ មកប៉ះនឹងចក្ខុទ្វារ ។

សម្លេងជ្រុះប៉ះនឹងដី របស់ផ្លែស្វាយ បានធ្វើឲ្យបុរសនោះភ្ញាក់ ហើយងើបក្បាលឡើង ប្រហែលគ្នានឹងរូបារម្មណ៍ ទង្គិចនឹងចក្ខុទ្វារ បណ្តាលឲ្យភវង្គរញ្ជួយ២ដង ហើយឈប់ហូរ ។

អ្នកដំណើរនោះបើកភ្នែក ហើយរកមើលជុំវិញ ឲ្យដឹងថា អ្វីដែលបណ្តាលឲ្យមាន សម្លេងនោះ ។ ហេតុនេះដូចគ្នា នឹងបញ្ចទ្វាររាវចនៈ បង្វែរចិត្តឲ្យងាកទៅរកអារម្មណ៍ ។ បុរសនោះឃើញផ្លែស្វាយ ប្រហែលគ្នានឹងចក្ខុវិញ្ញាណ ឃើញនូវអារម្មណ៍ ។

បុរសនោះចាប់យកផ្លែស្វាយ ប្រហែលគ្នានឹង សម្បដិច្ឆនចិត្តទទួលយករូបារម្មណ៍ ។ បុរសពិនិត្យមើលផ្លែស្វាយនោះ ឲ្យដឹងថាបរិភោគបានឬទេ នេះក៏ដូចគ្នានឹងសន្តិរណ ចិត្ត សង្កេតពិនិត្យអារម្មណ៍ ។

បុរសនោះសម្រេចចិត្តថា ផ្លែស្វាយនោះល្អ អាចទទួលទានបាន នេះក៏ប្រហែលគ្នានឹងវោដ្ឋបនចិត្ត សម្រេចឲ្យគុណភាពល្អ ចំពោះអារម្មណ៍ ។

ដោយសេចក្តីឃ្លាន បុរសនោះ ខាំផ្លែស្វាយទំនោះ៧ម៉ាត់ គាត់សោយរស់ជាតិស្វាយទំ នេះក៏ដូចគ្នានឹង ជវនចិត្តដែលសោយ រសនៃអារម្មណ៍ដែរ ។

បន្ទាប់មកបុរសនោះ ប្រមូលអ្វីៗដែលសេសសល់ អំពីផ្លែស្វាយ សំអាតមាត់ដោយអណ្តាត ហើយលេបចូល២ដង ។ នេះក៏ដូចគ្នានឹង តទាលម្ពណចិត្ត២ បន្ទាប់ពីជវនៈ ហើយត្រេកត្រអាលនឹង រសជាតិនៃអារម្មណ៍ ។

បន្ទាប់មក អ្នកដំណើរនោះ ក៏ផ្តេកខ្លួនចុះ ហើយដេកលង់លក់ទៅ ។ នេះក៏ដូចគ្នានឹងចិត្ត ដែលចុះទៅក្នុងខ្សែភវង្គ វិញដូច្នោះដែរ ។

 

បញ្ចទ្វារវីថិចិត្ត

បើសិនយើងពិនិត្យមើល បញ្ចទ្វារវីថិ យើងនឹងដឹងថា មានចិត្ត៧យ៉ាង ចូលរួមក្នុងវីថិនេះ ។ ចិត្ត៧យ៉ាងនោះគឺៈ បញ្ចទ្វាររាវចនៈ បញ្ចវិញ្ញាណ សម្បដិច្ឆន សន្តិរណៈ វោដ្ឋបនៈ ជវនៈ និងតទាលម្ពណៈ ។

ចំនួនចិត្តដែលចូលរួម ក្នុងវីថិវែងបង្អស់ គឺអតិមហន្តារម្មណ៍វីថិ មាន១៤គឺៈ

 

១- បញ្ចទ្វាររាវចនៈ ១

២- បញ្ចវិញ្ញាណ ១

៣- សម្បដិច្ឆនៈ ១

៤- សន្តិរណៈ ១

៥- វោដ្ឋបនៈ ១

៦- ជវនៈ ៧

៧- តទាលម្ពណៈ ២

រួមទាំងអស់ត្រូវជា១៤ ។

ចំនួនចិត្តដែលចូលរួម ក្នុងបញ្ចទ្វារវីថិគឺៈ

 

១- បញ្ចទ្វាររាវចនៈចិត្ត ១

២- បញ្ចវិញ្ញាណចិត្ត (ទ្វេបញ្ចវិញ្ញាណ) ១០

៣- សម្បដិច្ឆនៈចិត្ត ២

៤- សន្តិរណៈចិត្ត ៣

៥- វោដ្ឋបនៈចិត្ត (មនោទ្វារាវចនៈ) ១

៦- កាមជវនៈចិត្ត ២៩

៧- តទាលម្ពណៈចិត្ត ៨

រួមទាំងអស់ត្រូវជា៥៤ ។

នេះគឺជា កាមាវចរចិត្ត៥៤ ។ បើយើងរាប់ចិត្តក្នុងទ្វារមួយៗ ដូចជាចក្ខុទ្វារ យើងនឹងបានចក្ខុវិញ្ញាណចិត្ត២ ជំនួសបញ្ចវិញ្ញាណចិត្ត១០ ។ ដូច្នេះបើរាប់តាមទ្វារមួយៗ ចិត្តទាំងអស់មាន៤៦ ។ សូមកត់ចំណាំថា ភវង្គចិត្តមិនរាប់ ចូលទៅក្នុងវីថិចិត្តទេ ។

 

អារម្មណ៍និងវត្ថុ

បញ្ចទ្វារវីថិចិត្តទាំងអស់ កាន់យកអារម្មណ៍បច្ចុប្បន្ន ដែលមានក្នុងទ្វារវិញ្ញាណ ។ បញ្ចវិញ្ញាណចិត្ត អាស្រ័យដោយបញ្ចវត្ថុ មានន័យថា ចក្ខុវិញ្ញាណចិត្តអាស្រ័យ ដោយចក្ខុវត្ថុសោតវិញ្ញាណចិត្ត អាស្រ័យដោយ សោតវត្ថុ ។ល។ ចំណែកឯមនោវិញ្ញាណចិត្ត អាស្រ័យដោយ ហទយវត្ថុ ។

ជាការបង្ហាញ ចក្ខុទ្វារវីថិចិត្តទាំងអស់ ដែលមានអតិមហន្តារម្មណ៍ ជាអារម្មណ៍ចាប់ យករូបារម្មណ៍ ដែលកើតឡើងក្នុងចក្ខុទ្វារ ក្នុងខណៈដែល ភវង្គចលនៈកើតឡើង ហើយរលាយទៅវិញ នៅពេលដែល តទាលម្ពណៈចិត្តទី២រលត់ទៅ ។

ចក្ខុវិញ្ញាណចិត្តទាំង២ អាស្រ័យដោយចក្ខុវត្ថុ (ចក្ខុបសាទ) ដែលកើតឡើងព្រមគ្នា ជាមួយនឹងរូបារម្មណ៍ ក្នុងខណៈនៃអតីតភវង្គ ។ វត្ថុនេះ ដែលមានអាយុស្មើនឹង រូបារម្មណ៍ មានឈ្មោះថា មជ្ឈិមាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតមុន ហើយរលត់មុន រូបា រម្មណ៍ មានឈ្មោះថា មន្ទាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតក្រោយ ហើយរលត់ក្រោយរូបារម្មណ៍ មានឈ្មោះថា អមន្ទាយុកវត្ថុ ។

បញ្ចទ្វារវីថិចិត្ត ដែលសល់ពីនេះទាំងអស់ ជាមនោវិញ្ញាណចិត្ត ។ ចិត្តទាំងនេះនិមួយៗ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយចិត្តមុន គឺថាហទយវត្ថុដែល បានកន្លងទៅ១ខណៈចិត្តហើយ ។ ជាឧទាហរណ៍ បញ្ចទ្វារាវចនៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយភវង្គចលនៈ, សម្បដិច្ឆនៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងចក្ខុវិញ្ញាណ, សន្តិរណៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងសម្បដិច្ឆនៈ ...យ៉ាងដូច្នេះតទៅ ។

 

មនោទ្វារវីថិ

មនោទ្វារវីថិ     កាមជវនវារៈវីថិ           ១- តទាលម្ពណវារៈវីថិ

២- ជវនវារៈវីថិ

៣- វោដ្ឋបនវារៈវីថិ

៤- មោឃវារៈវីថិ

អប្បនាជវនវារៈវីថិ      -លោកិអប្បនាវីថិ-

 

១- រូបាវចរអប្បនាវីថិ

២- អរូបាវចរអប្បនាវីថិ

៣- អភិញ្ញាអប្បនាវីថិ

-លោកុត្តរអប្បនាវីថិ-

 

១- មគ្គអប្បនាវីថិ

២- ផលសមាបត្តិវីថិ

៣- និរោធសមាបត្តិវីថិ

កាលណាវិញ្ញាណណាមួយ នៃវិញ្ញាណទាំង៦ ចូលទៅក្នុងមនោទ្វារ មនោទ្វារវីថិក៏កើតឡើងតាមលំដាប់ ។ មនោទ្វារវីថិ អាចជាបឋម ជា២ថ្នាក់គឺៈ

 

១- កាមជវនវារៈវីថិ - នេះចិត្ត១ ក្នុងកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ គឺថាសេពសោយរសជាតិ នៃអារម្មណ៍ ។

២- អប្បនាជវនវារៈវីថិ - នេះចិត្ត១ ក្នុងអប្បនាជវនចិត្ត២៦ បំពេញមុខងារជវនៈ ។

កាមជវនវារៈវីថិ អាចចាត់ជា៤យ៉ាង ដូចបង្ហាញក្នុងតារាង ខាងលើនេះស្រាប់ ចំណែកឯអប្បនាជវនវារៈវីថិ អាចចែកចេញជា២យ៉ាង គឺលោកិអប្បនាវីថិ និងលោកុត្តរអប្បនា វីថិ ។ វីថិទាំងអស់នេះ លើកយកមកពន្យល់ ដូចខាងក្រោមនេះ ៖

 

កាមជវនមនោទ្វារវីថិ

១- អតិវិភូតារម្មណ៍វីថិ (តទាលម្ពណវារៈវីថិ) - អតិមហន្តារម្មណ៍

ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →

 

ជវនៈ → ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ - ភវង្គ

 

២- វិភូតារម្មណ៍វីថិ (ជវនវារៈវីថិ) - មហន្តារម្មណ៍

ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →

 

ជវនៈ → ជវនៈ - ភវង្គ - ភវង្គ

 

៣- អវិភូតារម្មណ៍វីថិ (វោដ្ឋបនវារៈវីថិ) - បរិត្តារម្មណ៍

ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → មនោទ្វារាវចនៈ

 

- ភវង្គ - ភវង្គ

 

៤- អតិអវិភូតារម្មណ៍វីថិ (មោឃវារៈវីថិ) - អតិបរិត្តារម្មណ៍

ភវង្គចលនៈ → ភវង្គចលនៈ - ភវង្គ - ភវង្គ

 

សេចក្តីពន្យល់

អារម្មណ៍ណាមួយ នៃវិញ្ញាណារម្មណ៍៦ ដែលជាបច្ចុប្បន្ន អតីត អនាគត ត្រូវតែចូលទៅក្នុងផ្លូវនៃមនោទ្វារ ដើម្បីចាប់ផ្តើម កាមជវនមនោទ្វារវីថិ ។

១- កាលណាអារម្មណ៍របស់វិញ្ញាណ ជាអតិមហន្តារម្មណ៍ ភវង្គរញ្ជួយ២ដង ហើយឈប់ (ភវង្គចលនៈ-ភវង្គុបច្ឆេទ) នៅពេលដែលអារម្មណ៍នោះ កើតឡើងក្នុងមនោទ្វារ ។ ពេលនោះមនោទ្វារាវចនៈ បង្វែរខ្សែចិត្តឲ្យងាក ទៅរកអារម្មណ៍របស់វិញ្ញាណ ពិនិត្យមើលវា ហើយសម្រេចឲ្យតម្លៃ ថាជារបស់ល្អ ឬអាក្រក់ ។

តម្រូវទៅតាមការសម្រេច ឲ្យតម្លៃនេះ ចិត្ត១នៃកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ អស់៧ខណៈចិត្ត សេពសោយរសជាតិនៃអារម្មណ៍ ។ បន្ទាប់មកតទាលម្ពណចិត្ត២ បន្តការសោយរសនៃអារម្មណ៍ បន្ថែមទៀត ។ រួចហើយចិត្តធ្លាក់ចុះ ទៅកាន់ខ្សែភវង្គវិញ ។ វីថិនេះមានឈ្មោះថា អតិវិភូតារម្មណ៍វីថិ ឬតទាលម្ពណវារៈវីថិ ព្រោះវាបញ្ចប់ជាមួយនឹងតទាលម្ពណៈចិត្ត ។

២- កាលណាអារម្មណ៍របស់វិញ្ញាណ ជាមហន្តារម្មណ៍ មានកំរិតខ្លាំងមធ្យម វីថិចិត្តកើតឡើង ដូចគ្នានឹងខាងលើនេះដែរ ប៉ុន្តែវាបញ្ចប់ជាមួយនឹងជវនៈ គ្មានតទាលម្ពណៈទេ ។ វីថិនេះមានឈ្មោះថា វិភូតារម្មណ៍វីថិ ឬជវនវារៈវីថិ ។

៣- ក្នុងអវិភូតារម្មណ៍វីថិ អារម្មណ៍របស់វិញ្ញាណ ជាបរិត្តារម្មណ៍ ហើយវាកើតឡើង មិនច្បាស់ក្នុងមនោទ្វារ ដូចអារម្មណ៍២ខាងដើមទេ ។ ហេតុនេះបន្ទាប់ពី ភវង្គឈប់ទៅ មនោទ្វារាវចនចិត្ត កើតឡើង៣ខណៈចិត្ត បំរុងនឹងពិនិត្យ និងឲ្យតម្លៃដល់អារម្មណ៍ ប៉ុន្តែចិត្តពុំអាចស្គាល់អារម្មណ៍ ដ៏ខ្សោយនោះបាន ។ ព្រោះហេតុនេះ គ្មានជវនៈចិត្ត កើតឡើង សោយនូវអារម្មណ៍ទេ ។ បន្ទាប់ពីមនោទ្វារាវចនចិត្ត រលត់ទៅ ចិត្តក៏ចុះទៅកាន់ខ្សែភវង្គវិញ ។

វីថិនេះមានឈ្មោះថា អតិវិភូតារម្មណ៍វីថិ ឬវោដ្ឋបនវារៈវីថិ ព្រោះវាបញ្ចប់ជាមួយ នឹងវោដ្ឋបនចិត្ត ។

៤- ក្នុងអតិអវិភូតារម្មណ៍ អារម្មណ៍របស់វិញ្ញាណ ជាអតិបរិត្តារម្មណ៍ ។ វាអាចគ្រាន់តែ ធ្វើឲ្យភវង្គរញ្ជួយ២ខណៈប៉ុណ្ណោះ មិនអាចបញ្ឈប់ភវង្គទេ ។ ហេតុដូច្នេះគ្មានវីថិចិត្ត កើតឡើងឡើយ ហើយចិត្តពុំបានស្គាល់ អារម្មណ៍នោះទេ ។ វីថិនេះមានឈ្មោះថា អតិអវិភូតារម្មណ៍វីថិ ឬមោឃវារៈវីថិ ព្រោះប្រាសចាកវីថិចិត្ត ។

ចំណាំៈ

១- មនោទ្វារ (ទ្វារចិត្ត) មិនមានរូបរាងទេ ភវង្គចិត្តមួយ ក្នុងភវង្គចិត្ត១៩ បំពេញមុខងារជាមនោទ្វារ របស់មនុស្សម្នាក់ៗ ។

២- អារម្មណ៍ទាំង៦ របស់វិញ្ញាណ ដែលជាអតីត បច្ចុប្បន្ន អនាគត ឬរួចផុតកាល អាចកើតឡើងក្នុងមនោទ្វារ ។

៣- អារម្មណ៍របស់មនោ ដូចជាចិត្ត ចេតសិក កសិណនិមិត្ត ឬនិព្វាន អាចកើតឡើងនៅក្នុងមនោទ្វារ គ្មានអតីតភវង្គទេ វាកើតឡើងភ្លាម ក្នុងខណៈដែលវា មកប៉ះនឹងទ្វារ ។

៤- អារម្មណ៍ដែលកើតក្នុងមនោទ្វារ មិនត្រូវចែកជា អតិមហន្តារម្មណ៍ ឬមហន្តារម្មណ៍ទេ ត្រូវចែកជាវិភូតារម្មណ៍ (អារម្មណ៍ច្បាស់) ឬអវិភូតារម្មណ៍ (អារម្មណ៍ ស្រពិចស្រពិល មិនច្បាស់) ។

កាមជវនមនោទ្វារវីថិចិត្ត

ក្នុងមនោទ្វារវីថិ មានចិត្តតែ៣យ៉ាងគឺ រាវចនៈ ជវនៈ និងតទាលម្ពណៈ ។ ចំនួនចិត្តក្នុងមនោទ្វារវីថិ ដែលវែងបំផុតមាន មនោទ្វារាវចនចិត្ត១ ជវនចិត្ត៧ តទាលម្ពណចិត្ត២ ទាំងអស់ត្រូវជា១០ ។

ចំនួនចិត្តដែលអាចចូលរួម ក្នុងមនោទ្វារវីថិមាន មនោទ្វារាវចនៈចិត្ត១ កាមជវនចិត្ត២៩តទាលម្ពណចិត្ត១១ ទាំងអស់ត្រូវជា៤១ ។

 

មនោទ្វារវីថិបន្តបន្ទាប់

កាលណាអារម្មណ៍ណាមួយ ក្នុងវិញ្ញាណារម្មណ៍៦ ចូលមកក្នុងផ្លូវមនោទ្វារ ត្រង់តែម្តងយើងបាននូវមនោទ្វារវីថិសំខាន់ ដូចរាប់រៀបខាងលើ ។ ប៉ុន្តែមានមនោទ្វារវីថិបន្ទាប់បន្សំ ដែលដើរតាម គ្រប់បញ្ចទ្វារវីថិនិមួយៗ ។

ក្នុងបញ្ចទ្វារវីថិ ការទទួលអារម្មណ៍ (ផស្សៈ) ប្រព្រឹត្តិទៅត្រឹមតែឲ្យដឹង ត្រួសៗថាជាល្អ ឬអាក្រក់ ។ រូបរាង លក្ខណៈផ្សេងៗ និងឈ្មោះរបស់អារម្មណ៍នោះ នៅមិនទាន់ស្គាល់នៅឡើយ ។

ដូច្នេះបន្ទាប់ពីបញ្ចទ្វារវីថិមក មនោទ្វារវីថិ ចាប់ធ្វើកិច្ចការបន្តភ្លាម ចាប់យកអារម្មណ៍ របស់បញ្ចទ្វារវីថិ ជាអតីតអារម្មណ៍ ។ ពេលនេះមនោទ្វារវីថិទី២ បន្តទៀតដោយពិនិត្យមើលរូបភាពថ្មី និងផស្សៈជាមួយគ្នា ។ បន្ទាប់មក មនោទ្វារវីថិទី៣ ចាប់បន្តទៀតភ្លាម ពិនិត្យមើលរូបរាង នៃអារម្មណ៍ ។ បន្ទាប់មក មនោទ្វារវីថិទី៤ ចាប់បន្តទៀត រាវរកនាមដែលទាក់ទងនឹងអារម្មណ៍នោះ ។ បើសិនជាចាំបាច់ មនោទ្វារវីថិច្រើនទៀត កើតឡើង បន្តបន្ទាប់គ្នា រាវរកលក្ខណៈពិស្តា របស់អារម្មណ៍ ព្រមទាំងពេលវេលា ទីកន្លែងដែលទាក់ទងនឹងអារម្មណ៍ ប្រសិនបើគេបានជួប អំពីពេលមុន ។

លុះត្រាតែមនោទ្វារវីថិបន្ទាប់ មួយចំនួន បានប្រព្រឹត្តិទៅហើយ ទើបគេស្គាល់នូវអារម្មណ៍ ដោយរូបរាង ឈ្មោះព្រមទាំងលក្ខណៈ ផ្សេងៗបានច្បាស់ ។

ដោយយោងតាមសេចក្តីពិត ថាចិត្តកើតរលត់ ជាង១លានលានដង ក្នុង១ប៉ប្រិចភ្នែកហើយមនោទ្វារវីថិមានត្រឹមតែ ប្រមាណ១០វីថិចិត្ត ក្នុង១ភាគនៃវិនាទី អាចមានវីថិរាប់លានលាន កើតឡើងបាន ។ ដូច្នេះយើងដឹងនូវអារម្មណ៍ ដែលឃើញឬឭ ស្ទើរតែភ្លាមៗ ហើយយើងគិតថា យើងឃើញនិងឭ ក្នុងពេលជាមួយគ្នា ។

ការបញ្ជាក់សេចក្តីពិត

បញ្ចទ្វារវីថិ និងមនោទ្វារវីថិ កើតឡើងក្នុងខ្លួនបុគ្គលម្នាក់ៗ យ៉ាងលឿនបំផុត ឥតឈប់ឈរ ។ ហេតុនេះអាចបញ្ជាក់សេចក្តីពិត បានដោយបុគ្គលខ្លួនឯង ។ ដោយហេតុថា គ្មានប្រដាប់ឆ្លុះឯណាមួយ អាចមើលឃើញចិត្តបាន យើងត្រូវការប្រដាប់ពិសេសមួយ ដែលអាចប្រើ ក្នុងការពិនិត្យមើលចិត្ត ។ ប្រដាប់ពិសេសនោះ គ្មានអ្វីក្រៅពីចិត្តខ្លួនឯងនោះឡើយ គឺចិត្តដែលជាឧបចារៈសមាធិ ឬឈានសមាធិ ។

អ្នកធ្វើសមថៈនិងវិបស្សនា ជាច្រើនរូបក្នុង មណ្ឌលពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសភូមា បន្ទាប់ពីបានចម្រើនសមថសមាធិ ឲ្យបរិបូណ៌ហើយ ចម្រើនវិបស្សនាលើនាមរូប អ្នកទាំងនោះបានពិសោធន៍ឃើញ ការកើតរលត់នៃវីថិចិត្ត ដូចមាននៅក្នុងគម្ពីរធម៌ ហើយបុគ្គលអ្នកចម្រើន វិបស្សនាទាំងនោះ មានសេចក្តីពេញចិត្ត នឹងការពិសោធន៍ របស់ខ្លួន ។

អប្បនាជវនមនោទ្វារវីថិ

ក្នុងសមថសមាធិ និងវិបស្សនាសមាធិ អប្បនាជវនមនោទ្វារវីថិ កើតឡើងកាលណា គេបានដល់នូវឈានឬមគ្គ ។ ក្នុងវីថិនេះ ចិត្តមួយក្នុងចំណោម អប្បនាជវនចិត្ត២៦ ចូលរួមចំណែកក្នុងមុខងារជវនៈ-

 

- រូបាវចរកុសលចិត្ត ៥

- អរូបាវចរកុសលចិត្ត ៤

- មហគ្គតកិរិយាចិត្ត ៩

- លោកុត្តរចិត្ត ៨

រួមទាំងអស់ ត្រូវជាអប្បនាជវនចិត្ត ២៦ ។

បើបុគ្គលណាមួយ មិនមែនជាព្រះអរហន្ត ចម្រើនសមថសមាធិ បុគ្គលនោះអាចបាន សម្រេចរូបាវចរកុសលឈាន៥ និងអរូបាវចរកុសលឈាន៤ ដែលឈានទាំងពីរបែបហៅរួមគ្នាថា មហគ្គតកុសលចិត្ត៩ ។

បើបុគ្គលណាមួយ ជាអ្នកអស់ទៅនូវឫស៣ គឺលោភមូល ទោសមូល និងមោហមូល ហើយបានបដិបត្តិ វិបស្សនាសមាធិដ៏ត្រឹមត្រូវ និងយ៉ាងតឹងរឹង បុគ្គលនោះអាចសម្រេច មគ្គ៤និងផល៤បាន ដែលហៅថា លោកុត្តរចិត្ត៨ ។

រូបាវចរអប្បនាវីថិ៥

មន្ទបញ្ញា (បញ្ញាទន់ខ្សោយ)

អតីតភវង្គ → ភវង្គចលនៈ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម

 

គោត្រភូ → ឈាន → ភវង្គ → ភវង្គ

 

តិក្ខៈបញ្ញា (បញ្ញាខ្លាំង)

អតីតភវង្គ → ភវង្គចលនៈ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម

 

គោត្រភូ → ឈាន → ភវង្គ → ភវង្គ

 

១- កាលណាបដិភាគនិមិត្តនៃកសិណ កើតឡើងក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង (អតីតភវង្គ-ភវង្គចលនៈ) ហើយឈប់ ។ រួចមកមនោទ្វារាវជ្ជនៈ បង្វែរចិត្តឲ្យទៅកាន់ បដិភាគនិមិត្ត ពិនិត្យមើល ហើយឲ្យតម្លៃល្អ ឬអាក្រក់ដល់អារម្មណ៍ ។ បន្ទាប់មក ចិត្ត១ (ក្នុងចិត្ត២) សោមនស្ស-សហគតំ ញាណ-សម្បយុត្តំ មហាកុសលចិត្ត អនុវត្តន៍កិច្ច របស់ឧបចារ-សមាធិជវន ៤ដងចំពោះបុគ្គល ដែលមានបញ្ញាទន់ខ្សោយ (មន្ទបញ្ញា) តាមលំដាប់ថ្នាក់ ដូចមានឈ្មោះខាងក្រោមៈ

 

- បរិកម្ម រៀបចំចូលទៅកាន់ឈាន

- ឧបចារៈ ចូលទៅជិតដល់ឈាន

- អនុលោម សម្របសម្រួល ឬភ្ជាប់បរិកម្មជាមួយឈាន ធ្វើដូចជាស្ពាន ចម្លង

ចិត្តទាប ទៅកាន់ចិត្តខ្ពស់

 

- គោត្រភូ ចិត្តដែលកាត់ផ្តាច់ កាមាវចរគោត្រ (ត្រកូលកាម) ហើយបង្កើត គោត្រឧត្តម ឬមហគ្គតគោត្រ ។

ចិត្តទាំង៤នេះ មាននាមថា ឧបចារសមាធិជវន ។ ចំពោះបុគ្គល ដែលមានបញ្ញាខ្លាំង (តិក្ខៈបញ្ញា) បរិកម្មមិនមានទេ ។ បន្ទាប់ពីគោត្រភូ រូបាវចរកុសល-បឋមជ្ឈានចិត្ត ក៏កើតឡើងភ្លាម តែ១ដងជាអប្បនាជវន ។ បន្ទាប់ពីបឋមជ្ឈានចិត្តរលត់ទៅ ខ្សែភវង្គក៏ ចាប់រត់តាមធម្មតាវិញ ។

២- រូបាវចរអប្បនាវីថិទី២ កើតឡើងដូចពោលខាងលើ បណ្តោយឲ្យ រូបាវចរកុសល-ទុតិយជ្ឈានចិត្ត (ឈានទី២) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។

៣- រូបាវចរអប្បនាវីថិទី៣ កើតឡើងដូចលេខ១ខាងលើដែរ បណ្តោយឲ្យរូបាវចរកុសល-តតិយជ្ឈានចិត្ត (ឈានទី៣) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។

៤- រូបាវចរអប្បនាវីថិទី៤ កើតឡើងដូចលេខ១ខាងលើដែរ បណ្តោយឲ្យរូបាវចរកុសល-ចតុត្តជ្ឈានចិត្ត (ឈានទី៤) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។

៥- រូបាវចរអប្បនាវីថិទី៥ កើតឡើងដូចលេខ១ខាងលើដែរ ប៉ុន្តែផ្លែកគ្នាត្រង់ ក្នុងរូបាវចរអប្បនាវីថិទី៥នេះ ចិត្ត១ (ក្នុងចិត្ត២) ឧបេក្ខា-សហគតំ ញាណ-សម្បយុត្តំ មហាកុសលចិត្ត បំពេញមុខងារឧបចារ-សមាធិជវន ៣ឬ៤ដង ហើយរូបាវចរកុសល-បញ្ចមជ្ឈាន ចិត្ត (ឈានទី៥) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។

‘’’ចំណាំៈ’’’

១- កាលណា អ្នកធ្វើសមាធិណាមួយ ចម្រើនកសិណ សោមនស្ស ឬឧបេក្ខាមហាកុសលចិត្ត នឹងបំពេញមុខងារជវនៈ ។

២- កាលណា គេចូលទៅកាន់ឈាន ឧបចារសមាធិជវន និងឈានជវន ត្រូវ មានការទទួលអារម្មណ៍ស្របគ្នា ។ ដោយហេតុថា ឈាន៤ដំបូងប្រកបដោយ សុខៈ វេទនា ឈាន៤ដំបូងនេះ ជាសោមនស្សចិត្ត ។ ដូច្នេះ ឧបចារសមាធិជវន ត្រូវតែជា សោមនស្ស-សហគតំ (ប្រកបដោយសោមនស្ស) ។ ក្នុងខណៈនៃឈានទី៥វិញ គឺ ឧបេក្ខា-សហគតំ ដូច្នេះឧបចារសមាធិជវន ត្រូវតែជា ឧបេក្ខា-សហ គតំ ។

៣- កុសលជវន១ នាំមុខកុសលជវន១ទៀត ។

អរូបាវចរអប្បនាវីថិ៤

មន្ទបញ្ញា (បញ្ញាទន់ខ្សោយ)

ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម → គោត្រភូ →

 

ឈាន → ភវង្គ → ភវង្គ

 

តិក្ខៈបញ្ញា (បញ្ញាខ្លាំង)

ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម → គោត្រភូ →

 

ឈាន → ភវង្គ → ភវង្គ

 

អរូបាវចរអប្បនាវីថិ ដូចគ្នានឹង រូបាវចរអប្បនាវីថិដែរ ។ ប៉ុន្តែអរូបាវចរឈាន ខ្ពស់ជាង រូបាវចរឈាន ក្នុងកំរិតនៃសមាធិ សេចក្តីស្ងប់ និងសុខុមភាព ។ យោគាវចរត្រូវប្រើ ឈានទី៥ (នៃរូបាវចរឈាន) ជាគ្រឹះសម្រាប់ឡើងកាន់ អរូបាវចរឈាន ហើយត្រូវស្មឹងស្មាធលើអារម្មណ៍ ដែលមិនទាក់ទងជាមួយរូប (អរូប) ។

ក្នុងការបដិបត្តិ គេត្រូវសម្រេចឈានទី៥ ជាមុនសិន ដោយចម្រើនលើបដិភាគ និមិត្តនៃ កសិណ ។ បន្ទាប់មក គេចេញចាកឈាន លះបង់បដិភាគនិមិត្ត នោះចោលចេញ ព្រោះវាជាប់ទាក់ទងនឹងរូប (កសិណ) ហើយផ្ចង់អារម្មណ៍ ទៅលើអាកាស (អាកាស គ្មានទីបំផុត) ដែលហួសផុតអំពីបដិភាគនិមិត្ត ហើយចម្រើនថាៈ អាកាស... អាកាស ។ កាលណាការជាប់អារម្មណ៍ ដ៏ល្អិតល្អន់ ទៅលើបដិភាគនិមិត្ត បានត្រូវលះបង់ចេញ និមិត្តក៏រលត់នៅពេលនោះ បើកចំហរនូវអាកាសគ្មានទីបំផុត ។ យោគាវចរចម្រើនលើអាកាស...អាកាស ហើយកាលណាកំរិតសមាធិ បានខ្ពស់គ្រប់គ្រាន់ហើយ អប្បនាវីថិ ក៏កើតឡើងនៅពេលនោះ ។

១- កាលណាអារម្មណ៍អាកាស កើតឡើងនៅក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង ហើយឈប់ ។ មនោទ្វារាវជ្ជនចិត្ត ពិនិត្យមើលអារម្មណ៍ ហើយឲ្យតម្លៃល្អឬអាក្រក់ ។ ហើយ ចិត្ត១នៃចិត្ត២ គឺឧបេក្ខាសហគតំ ញាណសម្បយុត្តំ មហាកុសលចិត្ត បំពេញមុខងារជាបរិកម្ម ឧបចារៈ អនុលោម និងគោត្រភូ ចំពោះបុគ្គលដែលមានបញ្ញាតិច (មន្ទបញ្ញា) ឬជាឧបចារៈ អនុលោមនិងគោត្រភូ ចំពោះបុគ្គល ដែលមានបញ្ញាច្រើន (តិក្ខៈបញ្ញា) ។ បន្ទាប់មក អាកាសានញ្ចាយតន-កុសលចិត្ត កើតឡើងម្តងជាអប្បនាជវន ហើយចិត្តក៏ ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។

២- ក្នុងលំដាប់ថ្នាក់ខ្ពស់ ទៅកាន់អរូបាវចរឈានទី២ យោគាវចរចម្រើនលើ វិញ្ញា ណញ្ចាយតន-កុសលចិត្ត ។ កាលណាសមាធិចិត្ត បានដល់កំរិតខ្ពស់ហើយ អរូបាវចរ អប្បនាវីថិក៏កើតឡើង ។

អារម្មណ៍ដែលកើតក្នុងមនោទ្វារ គឺវិញ្ញាណញ្ចាយតន-កុសលចិត្ត ដែលជាហេតុឲ្យខណៈចិត្ត១ខ្សែកើតឡើងៈ ភវង្គចលន ភវង្គុបច្ឆេទ មនោទ្វារាវចន បរិកម្ម (លើកលែងបុគ្គលតិក្ខៈបញ្ញា) ឧបចារ អនុលោម គោត្រភូ ហើយវិញ្ញាណញ្ចាយតន-កុសលចិត្ត នឹងកើតឡើងជាអប្បនាជវន ។ ចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ដូចធម្មតា ។

៣- ចំពោះអរូបាវចរឈានទី៣ អារម្មណ៍ដែលកើតឡើង ក្នុងមនោទ្វារ ជាភាពសូន្យទទេ (គ្មានអ្វីសោះ) ដែលជាលទ្ធផល នៃការលះបង់ អាកាសានញ្ចាយតន-កុសលចិត្ត ។ ខ្សែវីថិចិត្តក៏កើតឡើង ដូចពីពេលមុន ហើយនៅទីបញ្ចប់ មានអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអប្បនាជវន ។

៤- ក្នុងលំដាប់ខ្ពស់ជាងនេះទៀត គឺអរូបាវចរឈានទី៤ យោគាវចរចម្រើន ដោយយកអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអារម្មណ៍ ។ នៅពេលដែល អរូបាវចរឈានទី៤កើតឡើង អារម្មណ៍នៃ អាកិញ្ចញ្ញាយតន-កុសលចិត្ត កើតឡើងក្នុងមនោទ្វារ បណ្តាលឲ្យ ខ្សែវីថិចិត្តកើតឡើង ដូចពេលមុន ។ ក្នុងខណៈនេះ នេវសញ្ញានាសញ្ញាយតន-កុសល ចិត្ត កើតឡើងម្តង ជាអប្បនាជវន ហើយចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...