ព្រះសារីបុមឲ្យព្រះអង្គបញ្ញត្តិសិក្ខាបទ
[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយធម៌ របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ ។
គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរ ចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះថា ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត ឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះដ៏មានព្រះភាគព្រះនាមកោនាគមន១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប១ ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ ។ ព្រះសារីបុត្តត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើព្រោះហេតុ និងបច្ច័យដូចម្តេច ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គមិនសូវប្រឹងប្រែង សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌មានអង្គ៩ប្រការ របស់ព្រះពុទ្ធទាំងឡាយនោះគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌មានចំនួនតិចៗណាស់ សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធដ៏មានជោគទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធនោះទៅ សាវកទាំងឡាយជាខាងក្រោយតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យសាបសូន្យបាត់អស់ភ្លាមទៅ ម្នាលសារីបុត្ត ឧបមាដូចជាផ្កាឈើផ្សេងៗ ដែលគេមិនបានដោតក្រងចងដោយចេសហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏រមែងតែបក់បោកកំចាត់កំចាយផ្កាទាំងនោះឲ្យវិនាសអស់ទៅ ខ្យល់ដែលធ្វើនូវផ្កាទាំងនោះឲ្យវិនាស ព្រោះហេតុអ្វី ពីព្រោះផ្កាទាំងនោះ គេមិនបានដោតក្រង ចងដោយចេស ក៏សេចក្តីនេះយ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥតនឹងព្រះសម្ពុទ្ធដ៏ទ្រង់ព្រះភាគ (ទាំង៣ព្រះអង្គ) នោះ និងពួកសាវកដែលជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះទៅហើយ ពួកសាវកជាន់ក្រោយៗ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែលចេញចាកត្រកូលផ្សេងៗគ្នាមកបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យវិនាសទៅឆាប់ភ្លាម ដូចជាផ្កាឥតកំរងយ៉ាងនោះឯង ម្យ៉ាងទៀត ព្រះពុទ្ធដ៏មានជោគទាំងនោះ លោកមិនសូវប្រឹងប្រែងស្ទង់ចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទូន្មាននូវសាវកទាំងឡាយប៉ុន្មានឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គកំណត់នូវចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរលះបង់អំពើយ៉ាងនេះចេញ ហើយចូរផ្តេកផ្តួលចិត្តឲ្យប្រដិតប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ទ្រង់បានទូន្មានប្រៀនប្រដៅយ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាលសារីបុត្ត ដងព្រៃដែលមាននៅទីនោះ មុខគួរឲ្យស្បើមពេកណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមវិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យប៉ុណ្ណេះឯង ។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនេះ) បានជាឋិតនៅយូរ តើព្រោះហេតុ និងបច្ច័យអ្វី ។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់ចូលនិព្វានទៅ ទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏បានញុំាងព្រហ្មចរិយធម៌ ឲ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាលសារីបុត្ត មានគួរនាដូចជា ផ្កាឈើផ្សេងៗដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ ខ្យល់ក៏មិន (អាច) បក់បោកផ្កាទាំងនោះឲ្យរាត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយ សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ នេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត សេចក្តីឧបមេយ្យក៏ដូចគ្នាដែរ លុះព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះ ចូលនិព្វានទៅហើយ សាវកទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែលមានឈ្មោះផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញចាកត្រកូលផ្សេងៗហើយបួស ក៏ញុំាងព្រហ្មចរិយធម៌ (សាសនា) ឲ្យឋិតនៅជាអង្វែងមក ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យ ញុំាងព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធក្តី ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកោនាគមនក្តី ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកស្សបក្តី ឲ្យឋិតនៅបានយូរ ។
[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ៗគួរបញ្ញត្តសិក្ខាបទ គួរសំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឲ្យព្រហ្មចរិយធម៌ឋិតថេរអស់កាលអង្វែងទៅ ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន តថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមណា ព្រះសាស្តា ក៏មិនទាន់បញ្ញត្តសិក្ខាបទ មិនទាន់សំដែងអាណាបាតិមោក្ខ ដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណា ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បីនឹងការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានភិក្ខុបួសចាស់វស្សាច្រើនគ្នាក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចម្រើន មានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានគ្នាច្រើនក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចម្រើន ដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត លុះសង្ឃដល់នូវសេចក្តីចម្រើន ដោយលាភសក្ការៈដ៏ប្រសើរក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃនៅមិនទាន់មានពុត (ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ កំពុងនៅមានធម៌បរិសុទ្ធ ឥតទាន់មានពណ៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់ ផ្ចង់ចិត្តស្ថិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត ក៏បណ្តាភិក្ខុទាំង ៥០០ រូប នេះ ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ ជាបុគ្គលទៀងទាត់ លែងធ្លាក់ទៅក្នុងអបាយភូមិហើយ នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ ។