តាម បុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាង ជាឈើមួយពួកនៅតែលើភ្នំ
និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹង មានមាត់អូរ ម្ល៉ោះ
ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះទឹករលើងរលំដើមឈើទាលនោះៗ ស្លាប់អន្តរាយ
អស់។ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងជារាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំ
គ្នាថា៖ ពួកយើងនឹងទ្រាំដុះលើដីទំនាបយ៉ាងនេះ ត ទៅទៀតពុំបាន បើដូច្នេះ យើងត្រូវនាំគ្នាទៅ
និយាយនិងដើមកោងកាង អោយមកដុះនៅលើដីមានសភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមាន
ឬសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន។ លុះជំនុំគ្នាព្រមព្រៀង ហើយ ពពួកដើមឈើ
ទាលទាំងឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក ។ មុនដដំបូងដើមកោង
កាងប្រកែកតែដើមឈើទាលអង្វរថា ៖ បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង យើងរាល់គ្នា នឹងតប
ឧបការគុណអ្នករាលឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរចុះមកនៅតាមមាត់ព្រែក
មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ឯដើមឈើទាល ក៏នាំគ្នាឡើងទៅដុះនៅលើ
កំពូលភ្នំ និងជើងភ្នំវិញ។ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញ
មានច្រើនតែដើមឈើទាលដុះទៅវិញ។ចំណែកឯដើមកោងកាង គេឃើញដុះតែនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ និងមាត់សមុទ្រជាដរាបមក។ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើម
ឈើទាល ជំរុះស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួសជូនដើមកោងកាងនោះឯង។ចំណែកដើមកោង
កាង កាលបើបានទៅដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រ កាលណា តែងទៅ
លបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យកឈើទៅបោះចម្រូង
ពាសពេញ គឺដើមក្លាំពូននេះឯង ដើម្បីមិនអោយដើមកោងកាងចូលទៅលបលួចចែចង់កូនក្រមុំ
ខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនអោយចូលចុះដូច្នោះ ក៏
តាំងបោះស្ពានឆ្លងកាត់ ចម្រូងនោះទៅទៀត ។ ព្រោះហេតុនេះឯង បានជាសព្វថ្ងៃ មានដើមកោង
កាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់ និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូ ដែលដុះឡើងនោះ បើក្រឡេកមើលទៅឃើញវិស័យដូចជាចំរូងមែន ៗ ដោយហេតុដើមនោះ មូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ចំណែកដើមកោងកាងសោតទៀត ក៏មានឬស
វែង ៗ ធំ ៗ ចាក់ស្រេះទៅក្នុងដី-ក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរ មើល
ទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក ឬទឹកជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ៕
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Đăng ký:
Đăng Nhận xét (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥
Không có nhận xét nào:
Đăng nhận xét