មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ
ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម្នាក់ដែលនៅ ក្នុងនគរ
ក្បែរនោះចេះបង្រៀនវិទ្យា សាស្ត្រផ្សេងៗ បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សា
សព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយ បានទទួលមរណភាពជាយូរណាស់មកហើយ ។
បុរសបងអាយុបាន ១៩ ឆ្នាំ ចំណែកប្អូនអាយុ ១៦ ឆ្នាំ។ លុះបានទៅដល់សំណាក់គ្រូអាចារ្យនោះ
ហើយបុរសកំព្រាទាំងពីរនាក់ក៏នាំគ្នាឪនលំទោន សុំស្នាក់អាស្រ័យនៅរៀនសូត្រទៅ។ កាលបើបាន
ឃើញឬកពារសុភាពរាបសា នៃបុរសទាំងពីរនោះហើយ គ្រូអាចារ្យក៏ព្រមទទួលចិញ្ចឹមថែរក្សាព្រម ទាំងជួយបង្រៀនវិជ្ជាសព្វសារពើផង។ក្នុងរយៈកាលពីរឆ្នាំក្រោយមក គ្រូពិនិត្យមើលកិរិយាមារយាទ
កុមារទាំងពីរ ឃើញថាប្រសើរណាស់ ។ គាត់ក៏សុខចិត្តលើកកូនក្រមុំរបស់គាត់ឈ្មោះនាង”មណី” ដែលទើបតែបានអាយុ ១៥ ឆ្នាំ ប្រកបដោយរូបឆោមលោមពណ៌ គួរអោយអ្នកផងចាប់ចិត្ត រៀបផ្សំ
ផ្គុំជាមួយចៅ ”សុដា ” ជាបុរសបង ដែលជាក្មេងកំព្រា បានត្រាច់មកពីស្រុកឆ្ងាយ ហើយមកនៅជ្រក
កោនរៀនសូត្រ ជាមួយគាត់នោះ។ចាប់តាំងពីថ្ងៃដដែល ” សុដា” បានប្រពន្ធមក ក្នុងចិត្តចេះ
តែពុំសូវរីករាយចំពោះប្អូនសោះ ព្រោះគិតតែមានបំណងលោភបុណ្យស័ក្ដិធំ ។ វាគិតថា ក្នុងថ្ងៃណា
មួយ នឹងបានសំរេចផលវិជ្ជា និងបានជាមន្ត្រីកិត្តិយសមួយ ហើយវាមុខជានឹងបានជាទីគាប់ព្រះទ័យ
របស់ព្រះរាជា មិនខាន។ រាល់ ៗ ថ្ងៃ ពេលដែលផុតរវល់ពីការងារហើយ គេតែងដើរទៅជិតប្រពន្ធ ហើយនិយាយដោយពាក្យទន់ភ្លន់រីករាយ ។ឯចៅ ” សុដ្ឋា” ជាប្អូន ពុំសូវសប្បាយក្នុងចិត្តទេព្រោះ
ឃើញកិរិយារបស់បង ពុំសូវរាក់ទាក់និងខ្លួនសោះ ចេះតែនឹកឆ្ងល់ក្នុងចិត្ត មួយទៀតព្រួយបារម្ភ នឹង មុខរបរមិនដឹងបានការអ្វីធ្វើផង ។ ព្រួយនោះហៅមហាព្រួយងាកទៅបង គេក៏មិនស្ដីនិយាយរក ងាកទៅរកមុខរបរគ្មាន តើអាត្មាងាកទៅខាងណា ? បើចង្អៀតចិត្តខ្លាំងម៉េ្លះ ? គិតសព្វគ្រប់ទៅសុដ្ឋា
ឃើញផ្លូវមួយគឺត្រូវគេចខ្លួនចេញពីលំនៅ ដ៏ចង្អៀតនេះ ។ ព្រឹកមួយ សុដ្ឋារៀបចំអីវ៉ែអីវ៉ាន់ហើយដើរ ចេញពីផ្ទះនេះ ដោយឥតអោយនរណាដឹង បានត្រេចទៅដល់មាត់ស្ទឹងមួយ ហើយអង្គុយយំយ៉ាង
កម្សត់ នៅក្រោមដើមជ្រៃធំមួយដើមដោយនឹកអស់សង្ឃឹម មិនដឹងជាទៅពឹងពាក់អ្នកឯណា។ ពេល
យប់ក៏មកដល់ សុដ្ឋាក៏ស្រស់ស្រូបអាហារបន្តិចបន្តួច ហើយទម្រេតលក់នៅក្រោមដើមជ្រៃនោះទៅ។
ក្នុងពេលដែលសុដ្ឋាលក់មួយភាំងទៅ ស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសំបើម ឈរច្រងាងដៃម្ខាងកាន់ដំបងយ៉ាងធំមួយ ហើយស្រែកមករកកុមារថា៖ នែ ! អានេះឯងមកពីណា បានជាចូលមកកន្លែង អញ ដោយគ្មានអុជទៀនធូបអ្វីបូជាអញសោះ ? ព្រោះនរណាក៏ដោយ អោយតែមកទីនេះត្រូវតែគោ រពបូជាអញ !សុដ្ឋា ញាប់ញ័រក្នុងខ្លួនពន់ពេកណាស់ ហើយក៏និយាយតបទៅលោកតាដោយលន់ តួថា៖ឪ ! លោកតាអើយ ! សូមលោកមេត្តាអត់ទោសអោយខ្ញុំផងចុះ ព្រោះខ្ញុំកើតទុក្ខខ្លាំងណាស់ បើសិនជាលោកម្ចាស់ជ្រាបរឿងនេះផង នោះមុខជានឹងជួយអាណិតខ្ញុំមិនខាន ។
អ្នកតានោះតបវិញថា ទេ ! អញមិនត្រូវការអាណិតអញទេ ! អញដឹងតែពីអ្នកមកចូលកន្លែងអញ ហើយមិនបន់ស្រន់បូជា អញត្រូវតែបំផ្លាញអ្នកនោះឯង គ្មានត្រាប្រណីឡើយ ។ ថាហើយ អ្នកតាកំណាចលើកដំបងចង្អុលទៅសុដ្ឋា មាត់សេកមន្តគាថា ៖ មិនយូរប៉ុន្មាន កំលោះសុដ្ឋា ក៏ក្លាយខ្លួនទៅជាថ្មមួយដុំសស្អាតស្ថិតនៅត្រង់ទីដែលឈរនោះឯង ឯអ្នកតាចង្រៃក៏អន្តរធានបាត់ក្នុងពេលនោះ
ដែរ ។និយាយពីនាយ សុដា ជាបង កាលដែលបានដឹងថា ៖ ប្អូនរត់ចេញពីផ្ទះបាត់ហើយ ក៏នឹកដល់ ប្អូនពន់ពេក នឹកដល់គ្រាកម្សត់កំរជាមួយគ្នាតាំងពីឪពុកស្លាប់ចោលរហូតដល់ខ្លួនមកបាន ប្រពន្ធ
នេះ។ គិតសព្វគ្រប់ទៅនាយសុដា ក៏លាប្រពន្ធ និងឪពុកក្មេក ដើម្បីធ្វើដំណើរទៅតាមរកប្អូន គាត់
ខំដើររកសព្វច្រកល្ហកព្រៃភ្នំក្រំថ្ម និង ភូមិឋាននានា តែមិនឃើញសោះសួរគេឯងក៏មិនលេចឮដំណឹង
លុះដើរ ៗ ទៅ បានទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃសាខាត្រឈឹងត្រឈៃ ដុះប្របនោះ ។ដោយ ការអស់កម្លាំង សុដាក៏សំរាកនៅក្រោមដើមជ្រៃ អង្គុយផ្អែកនឹងដុំថ្មសរលោង ១ ដុំនៅក្បែរនោះ ។ លុះលក់មួយស្រឡេតទៅ ស្រាប់តែឃើញមនុស្សយ៉ាងធំម្នាក់ លេចចេញខ្លួនមក គឺរូបអ្នកតាដដែល នោះ និយាយសំឡូតថា៖
• នែ ! អាកំណាច អាមកពីណាចូលក្នុងទៅនេះ គ្មាននិយាយ គួរសមនឹងអញសោះ។ ឮដូច្នោះសុដា ញ័រអស់ខ្លួនប្រាណ ហើយអង្វរលន់តួថា ៖
• សូមលោកមេត្តាខ្ញុំផង ខ្ញុំបានជាជ្រុលចូលមកទីនេះទៅហើយ ខ្ញុំសូមស្នាក់ក្នុងទីនេះសិនចុះ ព្រោះខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយដើម្បីស្វែងរកប្អូន តែមិនឃើញសោះ បើលោកម្ចាស់បានប្រទះនឹងប្អូនខ្ញុំ
សូមមេត្តាប្រាប់ផង។អ្នកតាកំណាចបើកភ្នែកធំ ៗ ហើយស្រែកគំរាមមកទៀតថា ៖
• ទេ ! អញគ្មានឃើញប្អូនអាណាទេ អញត្រូវផ្ដន្ទាទោសអាឯង ក្នុងពេលនេះ។ អើ ! បើអាឯងចង់ជួប នឹងប្អូនអាឯង អញអោយជួបបាន គឺដុំថ្មដែលអាឯងឈរផ្អែកនេះហើយ ជាប្អូនអាឯង ។ថាតែ ប៉ុណ្ណោះ អ្នកតាកំណាចលើកដំបងចង្អុលមុខនាយសុដា ព្រមទាំងសេកមន្តអាគមគាថាផ្លុំជាខ្យល់ យ៉ាងខ្លាំង។ មួយរំពេចនោះ រូបសុដាក៏ប្រែក្លាយទៅជាដើមស្លាមួយដើមដុះប្របដុំថ្មនោះ។ ឯរូបអ្នក តាក៏អន្តរធានបាត់ក្នុងពេលនោះដែរ។ចំណែកនាងមណីជាភរិយា ក្រោយដែលបាត់ប្ដីយូរក្រឃើញ ត្រឡប់មកវិញ ក៏ដាច់ចិត្តលាឪពុកទៅតាមប្ដី ។ ដោយដោយហេតុតែរឮកប្ដីខ្លាំងពេក ទ្រាំនៅពុំសុខ នាងក៏ដាច់ចិត្តហ៊ានដើរកាត់ព្រៃ កាត់វាលតែម្នាក់ឯង មានតែសត្វសាហាវយង់ឃ្នងជាគ្នាប៉ុណ្ណោះ នាងដើរ ៗ ទៅបានទៅដល់មាត់ស្ទឹងមានដើមជ្រៃធំ ដ៏មានមែកសាខា ហើយនៅក្បែរដើមជ្រៃ នាងឃើញដុំថ្មមួយដុំសរលោង និងដើមស្លា ១ ដើម បែកធាង មានផ្លែធ្លាក់សំយាកនៅក្បែរដុំថ្មនោះ ។ ដោយនាងអស់កម្លាំងខ្លាំងណាស់ផង នាងក៏អង្គុយផ្អែកទម្រេតខ្លួននឹកគល់ស្លា នោះលក់មួយ សន្ទុះ ។ អ្នកតាកំណាចដដែល បានមកសំឡូត នាងដោយពាក្យផ្សេង ៗ ដូចកាលសំឡូត សុដ្ឋា និង សុដាដែរ ទោះបីនាងខំអង្វរយ៉ាងណា ក៏អ្នកតាចង្រៃមិនព្រមចេះតែស្រែកខ្លាំងឡើង ៗ ថា ៖
• អញត្រូវតែបំផ្លាញជីវិតនាងអញ ក្នុងពេលនេះ ។នាងមិនព្រមឈប់អង្វរទេ នៅតែទទូចថា ៖
• សូមលោកតាកុំអាលបំផ្លាញជីវិតនាងខ្ញុំ បើមុននឹងស្លាប់ សូមអោយខ្ញុំបានជួបនឹងប្អូនថ្លៃ ព្រមទាំង
ប្ដីខ្ញុំសិន។អ្នកតាកំណាចសើចចំអកខ្លាំង ៗ ឯនាងមណីភ័យញ័រកាន់តែខ្លាំងឡើងៗ។ ឃើញដូច្នោះ
អ្នកតាក៏ចូលមកជិត ហើយស្រែកខ្ទរដី ជាសំរែកថា ៖
• បើនាងឯងចង់ជួបនឹងប្អូនថ្លៃ ព្រមទាំងប្ដីនាងឯង មិនអីទេ អញអោយជួបបាន ហើយនាងឯងធ្លាប់នែបនិត្យនឹងប្ដីយ៉ាងណា អញនឹងអោយនែបនិត្យយ៉ាងនោះទៀត ។ ដើមស្លាដែលនាងអង្គុយផ្អែក នេះ ហើយ ជាប្ដីនាង។ ឯដុំថ្មសស្អាត ១ដុំ នោះឯង ជាប្អូនថ្លៃនាង !ឥឡូវនាងឯងទៅនៅជាមួយចុះថា តែប៉ុណ្ណោះ អ្នកតាលើកដំបងចង្អុលដូចមុន ៗ ទៀត ។រូបនាងមណី ក៏ក្លាយជាដើមម្លូ ដុះលាស់ខ្ចីវារ ឡើងតោងដើមស្លាមួយរំពេច ។អ្នកតាក៏អន្តរធានទៅក្នុងពេលនោះដែរ ។ ក្នុងកាលជាចំណេរតមក មានព្រះរាជាមួយអង្គ បានកេណ្ឌ រេហ៍ពលទៅព្រាតព្រៃ បានប្រទះនឹងដើមជ្រៃ ព្រមទាំងដុំថ្មសស្អាត និងដើមស្លា ម្លូ ដុះប្រពាក់ប្រព័ន្ធគ្នា ដែលជាហេតុអោយព្រះអង្គនឹកប្លែកក្នុងព្រះទ័យពន់ពេក ក៏សួររក អ្នកណាដឹងរឿងរ៉ាវវត្ថុទាំងបីនេះ ។ មិនយូរប៉ុន្មាន មានអ្នកដឹងរឿងរ៉ាវនេះ គឺពួកអ្នកស្រុកជិតខាងទី នេះ ដែលគេបានឃើញហេតុការណ៍ច្បាស់ បានមកក្រាបទូលព្រះរាជាតាមដំណើរសព្វគ្រប់។ព្រះ អង្គ ក៏ទ្រង់ចាត់អោយសេវកាមាត្យយកស្រាមក ហើយបេះផ្លែស្លា ស្លឹកម្លូទៅដាក់លើដុំថ្មនោះ រួច ចាត់ស្រាស្រោចពីលើវត្ថុទាំង ៣ ។ ក្នុងគ្រានោះវត្ថុទាំង ៣ ក៏រលាយជាទឹក មានពណ៌ក្រហមដូច ឈាមហូរធ្លាក់ចុះទៅលើផ្ទៃធរណី ព្រះរាជាទ្រង់ទតនូវឧប្បត្តិហេតុនេះហើយក៏ទ្រង់ឈ្វេងយល់ ថា៖” អ្នកទាំងបីនេះ ពីជាតិមុនស្រឡាញ់គ្នាណាស់ បានជាជាតិនេះនៅតែរួមធាតុ រួមរសជាតិជាមួយគ្នា ទៀតយ៉ាងនេះ”។ដោយព្រះអង្គចង់ទុកអនុស្សាវរីយ៍ យ៉ាងប្លែកនេះ អោយឋិតថេរបានយូរអង្វែងត ទៅទ្រង់ក៏បញ្ញត្តច្បាប់ អោយពួកអ្នកស្រុកយកវត្ថុទាំង ៣ គឺម្លូស្លា និងស្រា សំរាប់ធ្វើជាជ័យមង្គល ក្នុងពេលរៀបបង្កក់កូនខ្ចី ដែលទើបនឹងកើត ក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងក្នុងឪកាស បុណ្យ ខ្មោច មានអ្នកស្រុកខ្លះ ក៏យកថ្មដុតធ្វើជាកំបោរហើយទទួលទានជាមួយនឹងម្លូស្លារហូតមកដល់ សព្វ ថ្ងៃ។ឯដើមស្លា ក៏តែងតែបាននៅជាការនិយមរបស់ដើមម្លូ គឺថា ៖ ម្លូចូលចិត្តវាឡើងដើម ស្លាជាងអ្វី ៗទាំងអស់ ។នេះក៏ដោយសារតែអ្នកទាំងពីរ ជាប្ដីប្រពន្ធស្មោះស្ម័គ្រនឹងគ្នា ក្នុងរឿងព្រេងនេះឯង ៕
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Bảy, tháng 1 09, 2010
Đăng ký:
Đăng Nhận xét (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥
Không có nhận xét nào:
Đăng nhận xét