គ្រាន់ តែឮឈ្មោះថា ដើម ” ភ្លៅនាង ” គេនឹកឆ្ងល់ភ្លាម ចង់ដឹកប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះ មាននាមពីរោះម្ល៉េះ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើមនោះត្រសូលស្អាតពុំសូវមានថ្នាំង ឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាតនាំអោយ
នឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ
។ ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទំលាប់ សូមជូនឯសារមួយ ដែលមាននិទាន
រឿង ដូចតទៅនេះ ៖កាលនោះ មានព្រះរាជាមួយព្រះអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើន
សតវត្សមកហើយ ព្រះរាជាអង្កនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន។ លុះយូរ
បន្តិចមក ព្រះរាជអង្គនេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងមួយឈ្មោះ នាងចាន់ ព្រះអង្គត្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះ មានរូបឆោមលោមពណ៌យ៉ាងឆើតជាងស្នំមហេសីទាំងអស់
តែនាងនោះ ឥតមានព្រះរាជបុត្រទេ ម្ល៉ោះហើយព្រះអង្គក៏សព្វព្រះរាជហឫទ័យជាជាងស្នំមហេសី
ទាំងអស់ ដែរព្រោះនាងចេះប្រកបកិច្ចការ ដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ។ព្រះរាជា
ក៏លើកតម្កើងនាងចាន់ ធ្វើជាព្រះអគ្គមហេសី ធំលើសគេឯង ។ និយាយពីនាងចាន់នេះនាងមានក្រចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើធ្វើក្រយាស្ងោយថ្វាយស្ដេចនាង
យកក្រចកដងទឹក ឬដួសដសគ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់អោយដឹងប្រមាណ មិនអោយប្រៃ
ពេកឬ សាបពេកអោយតែល្មម សូម្បីនាងបង់ប្រហុក អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសំលក្ដី នាងក៏
យកក្រចកម្រាមដៃធ្វើជាស្លាបព្រា ម៉្លោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សំលនោះ
មានឪជារសឆ្ងាញ់ណាស់ នាំអោយព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។ លុះចំណេរយូរ
ទៅ ព្រះមហេសីដើមទាំងអស់ ក៏មានការក្ដៅក្រហាយច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាន
នាងចាន់ ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសី លើសយើងរាល់គ្នា
យ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ស្នេហាអំពីយើងគ្រប់គ្នាហើយ ។ ដូច្នេះ យើងរាល់គ្នា មិនត្រូវ
នៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាត
ចាកសេចក្ដីស្នេហាអំពីនាងចាន់ចេញ ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។គិតដូច្នោះហើយក៏នាំ
គ្នាឡើងគាល់ព្រះរាជា ក្រាបទូលដោយសេចក្ដីពិតថា៖បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប ខ្ញុំ
ម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់ អំពីនាងចាន់ ។ ព្រះអង្គហាក់ដូចជាពុំបានជ្រាបការណ៍អ្វី
សោះ ។នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់ សព្វថ្ងៃនេះ បើនាងធ្វើក្រយាស្ងោយថ្វាយ
ព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួស ដងគ្រឿង ដាក់ក្នុងសំលនោះ។
ប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះ ដូចជាខ្ញុំម្ចាស់បានក្រាបទូលទេ សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងកំពុងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះទើប ជ្រាបនូវហេតុពិតនោះជាពុំ
ខាន។ព្រះរាជា កាលទ្រង់បានព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គ
ទ្រង់ក្រោធ ទ្រង់ចាត់រាជបម្រើមួយ អោយទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរាជ
បម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ឈឃាដ អោយយក
នាងចាន់ ទៅសំលាប់ចោល ។ ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គខ្ញាល់នឹង អំពើដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត នាងបានភៀសខ្លួនរត់ចេញពីព្រះរាជបរម
រាជវាំង ដើម្បីអោយរួចពីសេចក្ដីស្លាប់ ។ ឯពេជ្ឈឃាដក៏ទៅរកចាប់នាងតាមព្រះរាជតម្រាស់ តែរកនាងពុំឃើញក្នុងប្រាសាទ ក៏ឡើងក្រាបបង្គំទូលព្រះរាជា ។ ព្រះរាជាទ្រង់អោយលើកទ័ពពលរេហ៍ ទៅតាមចាប់នាងអោយបាន យកមកសំលាប់ចោល ។កាលនោះ ពួកពលសេនាលើកទ័ពតាមរក
នាង អស់ពេលជាយូរថ្ងៃយូរខែ ពុំបានជួបនាងសោះ ។ ឯនាងក៏ខំរត់ អោយរួចពីព្រះអាជ្ញាដែរតែ
ចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ ក៏អោយពួកពលសេនាទាហាន តាមនាងទាន់នៅកន្លែងមួយ
ចាប់យកនាងបានហើយ ជាអកុសលអ្វីមកបណ្ដាលអោយព្រះរាជាទ្រង់ក្រោធ យកទោសដល់ជីវិត
។ ម៉្លោះហើយ នាងក៏តាំងសច្ចាចំពោះទេវតា ដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ សូមអោយលោក
ធ្វើជាសាក្សីថា៖ឪ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ គឺសេចក្ដីស្លាប់ តាមមកទាន់ហើយ នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំ អំពីអង្គ ព្រះស្វាមីឥឡូវហើយដោយព្រះស្វាមី ក្រោធចំពោះរូប
ខ្ញុំ ដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុន ឬមួយព្រះអង្គ ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះ
ទេ ។ នោះខ្ញុំសូមសច្ចាផ្សងថា” អាការទាំង ៣២ របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំង
នេះ ហើយអោយព្រះអង្គបានជួបនិងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះ កុំបីអោយរំលង
រួចឡើយ ។ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នា ដែលមានក្លិនក្រអូបហើយជាទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គផង ”។ សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់នឹងក្រិស្នាទៅជា”ចន្ទន៍ក្រិស្នា”ឯអាយតនៈ
ដទៃទៀត ក៏ទៅប្រតិស្ឋរូបភាពនៅនឹងរុក្ខជាតិផ្សេង ៗ ដូចជា៖
• -កេសា បានទៅជាប់នឹងផ្លែពោត ហៅថាសក់ពោត។
• -លោមា គឺរោម បាននៅជាប់នឹងម្អម ។
• -មំសំ គឺសាច់នាងផ្ញើនឹងដើមចាក ។
ឯសាច់ភ្លៅដែលសទ្រលុកត្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មម គេ
ហៅជាប់ថាដើម ”ភ្លៅនាង” រហូតដល់សព្វថ្ងៃនេះ ៕
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Bảy, tháng 1 09, 2010
Đăng ký:
Đăng Nhận xét (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥
Không có nhận xét nào:
Đăng nhận xét