Thứ Bảy, tháng 1 09, 2010

រឿង សត្វប្រឡាំងកាស

កាល ណាគេឃើញសត្វប្រឡាំងកាស គេតែងនឹកឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះ គឺតែឃើញញី
ក៏នឹងឃើញឈ្មោល​​រស់នៅជាប់លើខ្នងញីនោះជាដរាប ។ ដូចនេះ ទើបមានពាក្យគេចំអន់គ្នាលេង
ចំពោះមនុស្សប្រុសដែលខ្ជិលរកស៊ី រស់តែដោយសារស្រីថា ”កុំធ្វើដូចសត្វប្រឡាំងកាស”។ ចំពោះ
ការរស់នៅដ៏ចំឡែករបស់សត្វនេះមានរឿងព្រេងបរម្បរានិទានដូចតទៅនេះ ៈកាលនោះ មានក្សត្រ
មួយព្រះអង្គ ទ្រង់មានអគ្គជាយាប្រកបដោយរូបឆោមលោមពណ៌ល្អស្រស់ តែព្រះអង្គ ពុំមានព្រះរាជ
បុត្រសោះ ។ ថ្ងៃមួយព្រះអង្គទ្រង់ហៅហោរអោយចូរមកគន់គូរ ដើម្បីរៀបពិធីយ៉ាងណាឲ្យបានព្រះ
រាជបុត្រមួយ ។ ហោរាចូលថ្វាយទំនាយ សុំព្រះអង្គរៀបពិធីពលិការបួងសួងចំពោះទេពតា ដើម្បី
សុំបុត្រ ដោយមានរៀបចំគ្រឿងសក្ការៈបូជាជាឧឡារិកផង។ ដោយសារ ឫទ្ធានុភាពនៃការបួងសួង
នេះ ព្រះក៏បានព្រះរាជបុត្រាមួយព្រះរាជឱរសនោះ ប្រកបដោយរូបឆោមស្អាតបាតល្អណាស់ គួរជា
ទីសព្វព្រះហឫទ័យ នៃព្រះវររាជបិតា-មាតាយ៉ាងក្រៃលែង ។ លុះព្រះអង្គបានព្រះជន្មាយុ ៧ ឆ្នាំ
ហើយមានពេលមួយនោះ ព្រះវររាជមាតា ទ្រង់ភ្នកព្រះរាជហឫទ័យ ចង់នាំព្រះរាជបុត្រាចេញទៅ
ក្រសាលក្នុងឧទ្យាន។ព្រះនាង ក៏ថ្វាយបង្គំលាព្រះស្វាមី នាំព្រះរាជបុត្រាចេញទៅដោយមានព្រះរាជ
បរិពារហែហមផង។ជាគ្រោះអាក្រក់ ពេលនោះមានគ្រុឌមួយ ហិចហើរដើរស្វែងរកអាហារសព្វទិសទី ស្រាប់តែមកបន្ទះឃើញឧទ្យាន ដែលមានមនុស្សអ៊ូអរនោះ សត្វគ្រុឌចង្រៃ ក៏ចុះមកឆាបឆក់ពាំយក
ព្រះកុមារ ពីកណ្ដាលចំណោម មនុស្សនោះទៅ ។ ព្រះវររាជមាតា ទ្រង់រន្ធត់ស្លុតព្រះទ័យយ៉ាងខ្លាំង ដោយនឹកស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យ។ ព្រះនាងនាំបរិពារតាមមើលសត្វចង្រៃ ដែលពាំយក
ព្រះរាជបុត្រទៅនោះឃើញថា វាហើរឆ្លងសមុទ្រយ៉ាងឆ្ងាយដាច់កន្ទុយភ្នែក។ លុះអស់សេចក្ដីសង្ឃឹម
ហើយព្រះនាងទ្រង់យាងត្រឡប់ នាំទាំងព័ត៌មានយ៉ាងក្រៀមក្រំនេះ ទៅថ្វាយព្រះស្វាមីវិញ។ ព្រះអង្គ
វិតក្កក្រៃលែងណាស់ ក៏ចាត់ចែងអោយរកហោរាមកគន់គូរ អំពីជោគវាសនានៃព្រះរាជបុត្រា ។ ហោរ
បានថ្វាយទំនាយថាៈ ព្រះរាជកុមារ មិនទាន់អស់ព្រះជន្មទេ សត្វនេះនឹងត្រូវអាក់ដំណើរនៅពាក់
កណ្ដាលផ្លូវ ជាមិនខាន ។ក្រោយពីបានជ្រាបព័ត៌មាននេះហើយ ព្រះរាជាទ្រង់អោយធ្វើភេរីចរណ៍
ប៉ាវគងឃ្មោះរកអ្នកខ្លាំងពូកែ មានឫទ្ធិអាចឆ្លងសមុទ្រ ទៅតាមយកព្រះរាជកុមារ អោយបានអំពីគ្រុឌ
មកវិញ ។ គ្រានោះ គ្មានមនុស្សណាម្នាក់ហ៊ានធានាខ្លួន ជួយយកអាសាព្រះអង្គសោះ នាំអោយពួក
ភេរីចរណ៍ ចេះតែដើរទៅៗ រហូតដល់មាត់សមុទ្រ ពេលនោះស្រាប់តែ នាងណាំក្រឹះ ដែលរស់នៅ
ត្រង់ឆ្នេរសមុទ្រនោះ ក៏មកប្រាកដខ្លួនចំពោះព្រះរាជបម្រើ ហើយសុំធានាខ្លួនទៅតាមយកព្រះរាជ
កុមារអោយទាល់តែបាន។ក្រុមរាជបម្រើ ក៏នាំដំណឹងនេះ ទៅថ្វាយព្រះរាជា ព្រះអង្គទ្រង់ថ្លែងអំណរ
ពន់ប្រមាណ ចំពោះនាងណាំក្រឹះ ដែលមានសេចក្ដីក្លាហានអង់អាចហើយ ព្រះអង្គទ្រង់សន្យាថា នឹងប្រោសព្រះរាជទានទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្ដីកលា ហានរបស់នាង នៅពេលនាង
យកបានព្រះរាជបុត្រាមកវិញ។នាងណាំក្រឹះ ក៏ថ្វាយបង្គំលាព្រះរាជាចេញទៅ។ថ្លែងពីសត្វគ្រុឌដែល
ពាំយកព្រះរាជកុមារនោះទៅលុះឆ្លងផុតសមុទ្រ មួយទៅ បានទៅដល់កោះមួយ ក៏ប្រទះនឹងខ្យល់
ព្យុះបោកបក់យ៉ាងខ្លាំងវីវក់ ធ្វើអោយសត្វនោះរបូតជ្រុះព្រះរាជកុមារពីមាត់ ធ្លាក់ទៅលើធ្នារខ្សាច់នោះ ទៅតែព្រះរាជកុមារនៅគង់ព្រះជន្មានៅឡើយ គ្រាន់តែសន្លប់បាត់ស្មារតី។ ក្រោយដែលបានត្រូវទឹក
សន្សើមអស់មួយយប់ ព្រះអង្គក៏មានព្រះស្មារតីឡើងវិញ ។ គ្រុឌមិនអស់ចិត្តទេ នឹងជ្រុះអាហារពី
មាត់ ចេះតែខំហើរឆ្វែលរកត្រង់កន្លែងដែលជ្រុះធ្លាក់នោះ ប៉ុន្តែជាភ័ព្វល្អ វារកមិនឃើញសោះ។
ចំណែកនាងណាំក្រឹះ ក្រោយពីបានស្ដាប់ដំណឹង ពីពពួកអ្នកដែលបានឃើញ ចង្អុលបង្ហាញផ្លូវទៅ
ទិស ដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនបង្អង់ឡើយ។នាងត្រេចទៅដល់កោះ នោះ ស្រាប់តែ
ក្រឡេកទៅឃើញព្រះរាជកុមារនៅតែឯងកណ្ដាលធ្នារខ្សាច់។ នាងណាំក្រឹះប្រញាប់ប្រញាល់ចូលទៅ
និយាយទូលតាមដំណើរ អោយព្រះរាជកុមារស្គាល់ខ្លួននាងរួចក៏នាំព្រះរាជកុមារអោយតោងក ហែល
ឆ្លងសមុទ្រត្រឡប់មកនគរវិញ។លុះមកដល់ពាក់កណ្ដាលសមុទ្រ ដោយរលកទឹកវាយខ្លាំង កន្ទុយ
ក្បិនក៏របូត នាងងាកស្រវាចាប់ទាញក្បិន ព្រះរាជកុមារក៏ឈ្លក់ក្នុងទឹក ដល់ក្ស័យព្រះជន្មទៅ ។ នាងណាំក្រឹះភ័យជាខ្លាំងណាស់ ណាខ្លាចព្រះរាជាយកទោសណាស្ដាយព្រះរាជកុមារផង នាង
ក៏អត់ដង្ហើមស្លាប់ក្នុងពេលជាមួយគ្នានោះ ទាំងព្រះរាជកុមារតោងកជាប់ទៅផង។ អ្នកទាំងពីរក៏ក្លាយ
ខ្លួនទៅជាសត្វប្រឡាំងកាសរហូតមក បានជាសត្វនេះ ឈ្មោលមានខ្លួនតូច រស់នៅតែលើខ្នងញី ពឹងប្រស្រ័យចិញ្ចឹមជីវិតដោយសារញីមកទាល់សព្វថ្ងៃ។គេច្រើន និយាយថា សត្វប្រឡាំងកាសឈ្មោល តែធ្លាក់ពីលើខ្នងញី វានឹងស្លាប់ ៕

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...