Chủ Nhật, tháng 1 10, 2010

រឿង ដើមចេកជ្វា និង ដើមបាយម៉ាត

ចាស់ បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាប់កូនចៅ មិនអោយដាំដើមចេកជ្វា នៅជិតសំយាប
ផ្ទះព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ៖
ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបរកស៊ីជាកសិករ ។ ក្នុងពេល
មួយដែលជារដូវរាំងឬស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេ នៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកក៏កើតជំងឺអហិវាតរោគរាតត្បាត ពាសពេញបណ្ដាលអោយ
អ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសំបើម។ មិនដំបូង ជំងឺនោះបណ្ដាលឡើងពីសត្វតូចតាចលុះ
យូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំ ៗ រហូតដល់ជីវិតមនុស្សនៅក្នុងភូមិផង គ្មាននរណាអាច
ជួយនរណាបានឡើយ ។ ផ្ទះនិមួយៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និង ពន្លឺភ្លើងប្រទីប ផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរអោយព្រឺក្បាលពន់ពេក។នៅភូមិខ្លះ ដែលរោគនេះមិនទាន់
រាលដាលទៅដល់ អ្នកនិគមជនបទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូត ដូច
ប្រក្រតីឡើយមនុស្សទាំងនោះ មានកាលស្ងប់ស្ងៀម មានទឹកមុនក្រៀមក្រំ ស្រពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវ មិនហ៊ាននិយាយគ្នាកោកកាក ឬ នឹកឈ្មោះទៅកន្លែង ដែល កើតជំងឺចង្រៃទាំងនោះផងទេ។មានថ្ងៃមួយ នៅពេលដែលជំងឺ កំពុងតែបង្កើតឥទ្ធិពលយ៉ាង
ខ្លាំងស្រាប់តែមានទាយកម្នាក់និមន្ត ព្រះសង្ឃ ៤ អង្គ ទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន ។ លុះដល់
ពេលកំណត់ ទាយកនោះក៏មកទទួល ព្រះថេរៈចៅអាវាស ព្រមទាំងភិក្ខុ ៣ រូបទៀត និមន្តទៅដល់
ផ្ទះឧបាសកនោះ ឃើញមានភ្ញៀវយ៉ាងច្រើន។ គេក៏និមន្តព្រះសង្ឃទាំង៤ អង្គឡើងលើផ្ទះ គង់លើ
អាសនៈយ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែ ស្ករ បារី តាមទំនៀម។ បន្ទាប់មក គេនាំគ្នានមស្ការ
ព្រះរតនត្រ័យ រួចអារាធនាព្រះសង្ឃចម្រើន ព្រះបរិត្ត ប៉ុន្តែគេទូលលោកថា ៖ ” សូមលោកម្ចាស់កុំ
សូត្រ ធម៌ករណីយ៍ សូមនិមន្តសូត្ររំលងទៅ វិរូបក្ខេ តែម្ដងទៅ ដើម្បីកុំអោយយូរពេល ។ ព្រះសង្ឃ
ចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងអំពីដើមរៀងទៅលុះដល់ ធម៌រមណីយលោកក៏រំលងចោលទៅសូត្រ
វិរូបក្ខេ តាមពាក្យទាយកបវារណាសុំតែម្ដង។ ក្នុងពេលនោះ លោកសង្កេតឃើញទាយកទាយិកា សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់ ៗ គ្នា ។ ព្រះថេរៈដើរអាសននឹកឆ្ងល់
ថា៖ គេសុំកុំអោយសូត្រ ” ធម៌ករណីយ៍ ” សុំអោយទៅផ្លោះទៅសូត្រ ” វិរូបក្ខេ “តែម្ដង ៖ ឥឡូវសូត្រ
វិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយ បែបដូចជាប្លែក ។ ព្រះថេរៈ នឹកអៀនក្នុងទ័យណាស់ ខ្លាចក្រែង
គេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីយ៍ វិញ ។ លោកទើបតែនឹងចាប់សូត្រ
បាន ៣-៤ ព្រះឱស្ឋ ស្រាប់តែទាយកទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ភ្លើងក៏រលត់ភ្លឹប ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សី យ៉ាង
ញាតស្បាត បារី តែ ស្ករ ទៅជាដុំធ្យូង ដីខ្សាច់ និង កំណាត់ឈើអស់ ។ ទើបព្រះសង្ឃភ្ញាក់ ថាជាបី
សាចក្លែងខ្លួនធ្វើជាមនុស្ស ។ ទំរាំតែព្រះភិក្ខុផងគ្នានៅវត្តដឹងថា៖ លោកគ្រូជាប់ចុងឫស្សី លោកគ្រូ និងព្រះសង្ឃ ៣ អង្គទៀត ត្រូវអត់ចង្ហាន់ ២-៣ថ្ងៃ។ ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោក
ថា៖ “ធម៌ករណីយ៍ ” នេះធ្វើអោយខ្មោចខ្លាចណាស់ ។ ឯធម៌វិរូបក្ខេ ធ្វើអោយខ្មោចសប្បាយទៅវិញ ។ កាលណាស្រុកមិនសូវស្រួល ដោយមានកើតជំងឺដង្កាត់ផ្សេង ៗ មានអាសន្នរោគ អុតជាដើមនោះ គេតែងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ហើយសុំឲ្យលោកសូត្រធម៌ករណីយ៍នេះ ឲ្យបាន ៧-៨ ចប់
ហើយហាមផ្ដាច់ មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូចបានរៀបរាប់
មកខាងលើនេះ ។ ម៉្យាងទៀត បុរាណមានជំនឿថាបើយើងដើរទៅណាមកណាយប់ ហើយបើមាន
ព្រឺរោម ព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីយ៍នេះដែរ ដោយសំអាងថាខ្មោចមិនលង ។និយាយពីបុរស
ដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ។ មកដល់កណ្ដាលផ្លូវគេប្រាប់ថា ៖ អ្នកឯងទៅមិនទាន់បានទេ ព្រោះភូមិអ្នកឯងនោះ កើតជំងឺអាសន្នរោគច្រើនណាស់ មនុស្សអ្នកភូមិស្លាប់គ្មាននរណា កប់នរណា
ទេ ឯប្រពន្ធកូនរបស់អ្នកឯង ក៏ប្រហែលជាស្លាប់ទៅហើយ ឬយ៉ាងណា ក៏មិនដឹង ព្រោះអ្នកភូមិដទៃ ឥតមាននរណាម្នាក់ហ៊ានចូលទៅទេ ។ បុរសនោះដោយសេចក្ដីនឹកប្រពន្ធ-កូនខ្លាំងពេក ក៏ចេះតែ
ចចេសចូលទៅ គាត់ខំធ្វើដំណើរទៅទាំងយប់ ហើងទាំងសស្លើតសស្លក់ផង ។ លុះទៅជិតដល់លំ
នៅខ្លួន មើលទៅឃើញភ្លើងថ្លុក ៗ គ្រប់ផ្ទះដូចប្រក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នក
ស្រុកដែលប្រាប់ពីកណ្ដាលផ្លូវថា ៖ គេនិយាយកុហកខ្លួន ។ប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់ គាត់មាន
សេចក្ដីសង្ស័យដែរ ចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតា ដែលគាត់សន្និដ្ឋានថា ប្រហែលជាស្រុក
មិនសូវស្រួលមែន ទើបស្ងាត់យ៉ាងនេះ ។ លុះទៅដល់ទ្វាររបងផ្ទះ ក៏ស្រែកហៅប្រពន្ធ ពេលនោះ
គាត់ឃើញស្ត្រីម្នាក់ដែលគាត់ស្គាល់ច្បាស់ ថាជាប្រពន្ធរបស់គាត់ រត់មកទទួលយ៉ាងរាក់ទាក់នឹង
គាត់ដូចធម្មតា គ្មានអ្វីគួរអោយសង្ស័យសោះ ។នាងនោះខំប្រញឹកញាប់ ទៅបង្កាត់ភ្លើងដាំបាយ
អោយប្ដីបរិភោគ ប៉ុន្តែនាងហាមប្ដីនាងមិនអោយចូលទៅក្នុងបន្ទប់នាងដេកទេ ឲ្យគាត់សំរាកនៅ
ខាងក្រៅសិនហើយ ។ ប្ដីនឹកឆ្ងល់នឹងឥរិយាបថ ដ៏ចំឡែករបស់ភរិយាណាស់ ដោយគាត់សង្កេត
ឃើញភ្នែកនាងធំ ៗ លៀន ៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធុំក្លិនគំរង់
សាកសព បក់ចេញពីបន្ទប់ដេកមកម្ដង ៗ ផង គាត់ក៏ចង់ដឹង ថាតើមានអ្វីនៅក្នុងបន្ទប់ដេកនោះបាន
ជានាងឃាត់មិនអោយចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធ បន្តិចមក
ឃើញលៀនអណ្ដាតយ៉ាងវែង កេវយកវែក ដែលរបូតពីដៃធ្លាក់ទៅដីមកវិញ ។ ប្ដីដែលចេះតែសម្លឹង
អាកប្បកិរិយាប្រពន្ធកាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួក
បីសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថាមានពួកបី
សាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយនោះភ្លាម ក៏លបចូលទៅវែកមុងក្នុងបន្ទប់ដេកប្រពន្ធ
ខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួន ស្លាប់ស្អុយរលួយ ដង្កូវរុកជ្រិច ។គាត់ថយចេញមកវិញ ហើយ
គិតរកមធ្យោបាយ ដើម្បីរំដោះខ្លួនអំពីកណ្ដាប់ដៃមេបីសាចនេះ ទើបគាត់និយាយទៅកាន់នាងនោះ
ថា ” ឯងដាំបាយអោយឆ្អិនឆាប់ទៅវ៉ី គ្នាអស់កម្លាំងណាស់ គ្នាទៅនោមនៅចុងរានក្រៅផ្ទះឯណោះ មួយភ្លែត ។ ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះ បង្ហូរទៅដី ឮដូចមនុស្សនោម
មែន ។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូ១ អង្គ ចេះមន្តអាគមគាថា ពូកែខាងការពារខ្មោចបិសាច និងអាប់ធ្មប់។ចំណែកនាងបិសាច ឮ សូរប្ដីនោម
យូរពេក នឹកឆ្ងល់ ក៏តាមទៅមើលមិនឃើញប្ដី ក៏មឹករត់តាមក្រោយយ៉ាងលឿន ដល់ពាក់់កណ្ដាលផ្លូវ ឃើញប្ដី។ ចំណែកឯប្ដី រត់មិនទាន់បានប៉ុន្មាន ងាកក្រោយឃើញខ្មោចដេញតាមដឹងខ្លួនថា មើល
ទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត១ដើម ដែលនៅក្បែរនោះ ។ នាងបិ
សាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹង ៗ ក្បែរ ៗ ហើយស្រែកហៅប្ដីអោយចុះមក។
បុរសនោះដឹងថា នាងបិសាចនេះ ពិតជាខ្លាចដើមម៉ាតនេះហើយបានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត១មែក លីដើរសំដៅទៅវត្តទៅ ឯនាងបិសាចពិតមែនតែមិនហ៊ានទៅបុរសប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមពីក្រោយរហូត ។ បុរសទៅដល់វត្តស្ទុះចូលទៅ
កណ្ដាលជំនុំសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះ សង្ឃតាម
ដំណើរ ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថា ក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថា ព័ទ្ធសីមាយ៉ាងស្វាហាប់ ។ ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃ
នោះទេ។ ពិតមែនតែនាងចូលក្នុងកុដិលោក តាមប្ដីរបស់នាងមិនបាន ដោយរបាំងនៃមន្តអាគមគាថា ប៉ុន្តែ នាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលទៅតាមប្ដី។នៅក្បែរកុដិព្រះថេរៈអង្គ
នោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ ។ ទោះបីមន្តអាគមរបស់លោក ក៏ពូកែយ៉ាងណាក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរ ។ លោកព័ទ្ធសីមាបានតែត្រង់កន្លែងណា ដែលធាងចេកជ្វា មិនទៅប៉ះនឹងសំយាបកុដិប៉ុណ្ណោះ ចំពោះ១ ឪកាសក៏ប្រសើរដល់នាងបិសាច នាង
បិសាច ក៏ឡើងតាមដើមចេកជ្វាហើយសួតាធាងចេកនោះ ឆ្លងទៅចូលក្នុងកុដិរបស់លោក កាច់កប្ដី
របស់ខ្លួនសំលាប់ក្នុងពេលនោះទៅ។ព្រោះហេតុដូចមានរឿងនិទានមកនេះហើយទើបបុរាណខ្មែរ
យើងនិយមជំនឿនេះ ហាមប្រាមកូនចៅ មិនអោយដាំដើមចេកជ្វានៅជាប់នឹងសំយាបផ្ទះ គេថាវាដាក់
ខ្លួន ។ ឯដើមបាយម៉ាត ក៏បានជាឱសថសំរាប់ការពារមួយមុខយ៉ាងពូកែ ចំពោះខ្មោចព្រាយបិសាច និងអាប់ធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ ៕

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...