Chủ Nhật, tháng 1 10, 2010

ប្រភពអ្នកតាក្នុងសង្គមខ្មែរ

រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាបកាត់ទោសខ្មែរ
ក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់ មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុន​នឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌា នោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំង
ធម្មជាតិ, កម្លាំងក្រៅខ្លួន ដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖
ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា តែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម,ព្រះសិវៈ
(ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់គេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍​ទុក​ព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សា​
លោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា
ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថា
អ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ
“អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ​“ព្រះរាជពិធី
ទ្វារទសមាស”បានបង្ហាញថា ពាក្យ“អ្នកតា”ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗ​​ឡើយ។
គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ​ ប៉ុណ្ណោះ។ ពាក្យ
“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវ
យកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”
ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។តើអ្នកតាមានប្រភពមកពីណា?អ្នក
ប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។មតិខ្លះយល់ថា
អ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នក ខ្លាំង ពូកែ)ប្រចាំស្រុកឬតំបន់ណា
មួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជា
អ្នកតា,ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះ
ចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់
ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធប្ញទ្ធិ ទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅ រស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយ
ទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា”ក្លាយចេញមកពីពាក្យថា
“ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញ
នៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅ
ពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា
“អ្នកយើង”ហៅស្តេចថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ“អ្នកតា”ក្នុងទីនេះចាស់បុរាណ
សំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។ ហេតុអ្វីបានជា​
ប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ”បានសរសេរ
បកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច,អារក្ស,បិសាចផ្សេងៗ ជាប់មក
ពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុង
លោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិន
សមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ ។
អ្នកតាមានពីរប្រភេទផ្សេងគ្នាគឺ៖
១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតា
ឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ សម័យក្រុងភ្នំពេញ មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាម
របស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ,ស្រុក,ខេត្ត
ដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់,អ្នកតាដំបងដែកនៅភ្នំជីសូរ(ក្នុងខេត្តតាកែវ),អ្នកតាជំទាវ
ម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ ទៅក្រុងព្រះសីហនុ)ជាដើម។អាស្រ័យដោយមានអ្នក
តាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេង
ខ្មែរភាគទី៨ ដែលមាន រៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ។ ចំពោះរូបតំណាង
អ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេគឺគេគ្រាន់ តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត
មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។ យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ខៃទី២៣ខែមីនាឆ្នាំ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ ដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅ
ហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុង
ប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើប
អ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមាន
លក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខ
សេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូច
ជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលា
ថៃ្ងសៅរ៍នោះដែរ ។រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណា
ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំង ឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេស
នីមួយៗឱ្យ បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា”ជាដើម ។ អ្នកតាដែលស្ថិតជាប់
ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬ
ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែន
អ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា
“អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង”៕

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...