Thứ Tư, tháng 11 27, 2019

សត្វ និងរុក្ខជាតិទាំង ៧នេះ ជានិមិត្តរូបនៃប្រទេសកម្ពុជា


តិចអត់ដឹង!! សត្វ និងរុក្ខជាតិទាំង ៧នេះ ជានិមិត្តរូបនៃប្រទេសកម្ពុជា
ថ្ងៃពុធ ១កើតមិគ្គសិរ ប.ស.២៥៦៣ ទី២៧ វិច្ឆិកា គ.ស.២០១៩
cambofox | July 21, 2019 | Uncategorized | No Comments
            តាមប្រទេសនីមួយៗ យើងអាចសម្គាល់អត្តសញ្ញាណជាតិរបស់គេបានតាមរយៈការសង្កេតមើលវត្ថុដែលជារបស់តំណាងជាតិ។ តួយ៉ាងក្នុងប្រទេសកម្ពុជា ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិអាចឲ្យជាតិដទៃកំណត់បានថាជាជាតិខ្មែរ។ ក្រៅពីនេះ គេអាចកំណត់អត្តសញ្ញាណជាតិខ្មែរបានយ៉ាងច្បាស់តាមរយៈសត្វ និងរុក្ខជាតិមួយចំនួនមានដូចជា គោព្រៃ សត្វត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងចេកពងមាន់។
            ១.គោព្រៃ (Bos sauveli)




           *សត្វចតុប្បាទដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។
*ឈ្មោះជាភាសាជាតិ៖ គោព្រៃ
*ឈ្មោះជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង៖ Kouprey
*ឈ្មោះវិទ្យាសាស្រ្ដ៖ Bos sauveli
លក្ខណៈទូទៅ៖ ប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ ម៉ែត្រ កម្ពស់ពី ១,៧ ទៅ ១,៩ ម៉ែត្រ និងមានទម្ងន់ពី ៧០០ ទៅ ៩០០គីឡូក្រាម។ គោព្រៃមានរូបរាងស្រដៀងនឹងទន្សោង មានបួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរតែដល់ដីចំពោះគោឈ្មោល។ ស្នែងគោព្រៃឈ្មោល និងញី មានលក្ខណៈប្លែកគ្នា ដោយស្នែងឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយកួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬ ប្រផេះ និងប្រផេះចាស់ នៅពេលមានអាយុច្រើន។
ការយកគោព្រៃមកធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។ វាត្រូវបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ១៩៣៧។ គោព្រៃភាគច្រើនរស់នៅតាមវាល និងព្រៃភ្នំនៃភាគខាងជើងនៃប្រទេសកម្ពុជា។ គោព្រៃជាថនិកសត្វស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង ឬ ប្រើស។ វាជាសត្វវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស មានកម្លាំងខ្លាំងពូកែ ធន់នឹងកម្ដៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។ កាលពីសម័យមុនសង្គ្រាម គោព្រៃត្រូវហាមបរបាញ់តាមរយៈប្រកាសលេខ១៩១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦០។ ក្រោយរបបប៉ុលពត គោព្រៃក៏ត្រូវហាមបរបាញ់ម្តងទៀត តាមរយៈប្រកាសលេខ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោព្រៃត្រូវហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES និងអនុសញ្ញា Convention on Migratory Species។ ពិភពលោកបានចាត់ទុកគោព្រៃជាប្រភេទសត្វជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN
           ២. សត្វត្រយ៉ង (Pseudibis gigantean) 





     *បក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក
*ឈ្មោះភាសាអង់គ្លេស៖ Giant Ibis
*ឈ្មោះវិទ្យាសាស្រ្ដ៖ Pseudibis gigantean
លក្ខណៈទូទៅ ៖ សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន ១០៦ សង់ទីម៉ែត្រ។ សត្វត្រយ៉ង ត្រូវបានការពារដោយប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិភពលោកក៏បានចាត់ទុកត្រយ៉ងជាប្រភេទជិតផុតពូជបំផុត (Critical Endangerd) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ សត្វត្រយ៉ងដើមឡើយមានរាយប៉ាយនៅតាមទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណីរបស់សត្វនេះគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ជន្លេន ខ្យង ក្ដាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ទន្លេ បឹង ត្រពាំង)។ វារកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ។ សត្វនេះត្រូវបានរកឃើញថ្មីៗនៅខេត្តព្រះវិហារមិនតិចជាង ១០០ ក្បាលឡើយ ដែលជារបាយច្រើនជាងគេ បន្ទាប់ពីពិភពលោកអះអាងថាបានផុតពូជ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងពិភពលោក ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះ ហើយត្រូវបានទស្សនាវដ្ដី National Geographic Magazine នៃសហរដ្ឋអាមេរិក ផ្សព្វផ្សាយទូទាំងពិភពលោក។ អនុក្រឹត្យបានចែងឲ្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក្នុងគោលបំណងអភិរក្សសត្វត្រយ៉ងនេះជាចម្បង។ សត្វនេះជាប្រភេទជិតផុតពូជបំផុត ដែលត្រូវបានអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ផ្ដល់ជំនួយការពារ។
       ៣. អណ្ដើកហ្លូង (Batagur baska)



*ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង
*ឈ្មោះជាភាសាអង់គ្លេស៖ Royal Turtle
*ឈ្មោះវិទ្យាសាស្រ្ដ៖ Batagur baska
លក្ខណៈទូទៅ ៖ ភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់ ៦០ សង្ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬ ខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំ៤ ខុសពីអណ្ដើតធម្មតាមានក្រញាំ៥។
អណ្ដើកហ្លួងត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្ដរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ អណ្ដើកនេះត្រូវបានចាត់ទុកជាប្រភេទសត្វទទួលការគំរាមកំហែងជាសកល (Globally Threaten) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហមរបស់ IUCN។ អណ្ដើកនេះត្រូវបានចាត់ទុកជាសម្បត្តិរាជវង្ស និងមានប្រវត្តិការពារដោយរាជក្រឹត្យកាលពីបុរាណ។ គេហៅអណ្ដើកនេះថា អណ្ដើកហ្លួង មកដល់សព្វថ្ងៃ ដោយសារតែពេលប្រមូលបានពងអណ្ដើកនេះ គេយកទៅថ្វាយតែចំពោះរាជរង្សសោយតែប៉ុណ្ណោះ។ ក្រោយមក ពេលប្រជារាស្រ្ដចាប់បានអណ្ដើកនេះ គេតែងយកមកតុបតែង លាបម្សៅ និមន្ដព្រះសង្ឃមកសូត្រធម៌បួងសួងសុំសេចក្ដីសុខ រួចដោះលែងទៅវិញ។ វាចូលចិត្តរស់នៅតាមពាមសមុទ្រ មានព្រែកតូចៗ ឬ មានព្រៃកោងកាង និងស៊ីអាហារគ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត។ អណ្ដើកនេះត្រូវបានគេជឿថាផុតពូជពីកម្ពុជាទៅហើយក្នុងអំឡុងសតវត្ស៍ទី ៨០ និង ៩០ តែត្រូវបានរកឃើញវិញក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ ១៩៩៥ ហើយនៅឆ្នាំ ២០០២ នាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន ៣២ ក្បាល ហើយលែងទៅក្នុងធម្មជាតិវិញ។
           ៤. ត្រីគល់រាំង (Catlocarpio Siamensis)








*មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្រីកាហោ ឬ ត្រីក្បាលឡាន ឬ ត្រីគល់រាំង
*ឈ្មោះជាភាសាអង់គ្លេស៖ Giant Mekong Barb
*ឈ្មោះវិទ្យាសាស្រ្ដ៖ Catlocarpio Siamensis
លក្ខណៈទូទៅ ៖ ប្រភេទត្រីធំជាងគេក្នុងប្រទេសកម្ពុជា មានស្រកាធំៗគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយ។ សម្បុរលើដងខ្លួនមានពណ៌ ២ ដាប់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ស្រកានៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។
ប្រភេទត្រីគល់រាំងនេះជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងរស់នៅតាមដងទន្លេមេគង្គ ពិសេសសម្បូរជាងគេនៅបឹងទន្លេសាប ហើយត្រូវបានការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្ដីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក២ មាត្រា១៨។ ចាប់ពីឆ្នាំ ២០០០ មក នាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា ធ្វើការលែងត្រីគល់រាំងដែលនេសាទបាន ដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍ និងការលូតលាស់របស់វា។ ត្រីគល់រាំងត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ កាលពីបុរាណ ស្រការបស់វាត្រូវបានគេយកមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរ។
           ៥. ដើមត្នោត (Borassu flabellier)





*រុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្នោត
*ឈ្មោះជាភាសាអង់គ្លេស៖ Sugar Palm
*ឈ្មោះវិទ្យាសាស្រ្ដ៖ Borassu flabellier
លក្ខណៈទូទៅ ៖ ប្រភេទរុក្ខជាតិស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទាល គល់ធំ ដុះត្រង់ឡើងទៅលើ កម្ពស់ពី ១០-២៥ម៉ែត្រ ឫសវាមានលក្ខណៈជាឫសយោង និងគ្មានឫសកែវ។ តួដើមមានភាពគគ្រើមពណ៌ក្រម៉ៅ អង្កត់ផ្ចិតពី ២០-៦០ សង្ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្ដុំគ្នានៅផ្នែកចុងកំពូលនៃដើម។ ធាងត្នោតរលោងក្រាស់ មានពណ៌លឿងបៃតងពេលនៅខ្ចី និងលឿងត្នោតពេលមានអាយុចាស់ ព្រមទាំងមានបន្លានៅគែមសងខាង សណ្ឋានដូចជាធ្មេញរណារ។ ត្នោតញី និងឈ្មោលមានលក្ខណៈខុសប្លែកគ្នា តាមការសម្គាល់លើផ្ការបស់វា។ ផ្កាត្នោតឈ្មោលមានរាងមូលទ្រវែង ទំហំពី ២-៤សង្ទីម៉ែត្រ ប្រវែងពី ៣០-៥០សង្ទីម៉ែត្រ។ រីឯផ្កាត្នោតញីមានសណ្ឋានជាពកមូលៗប្រវែងពី ៥០-៧០សង្ទីម៉ែត្រ ដែលអាចផ្តល់ផ្លែចំនួនពី ២០-៥០គ្រាប់។ ផ្លែត្នោតមានរាងមូលពណ៌ត្នោតក្រមៅ នៅភាគខាងក្រោម និងពណ៌បែតងនៅភាគខាងលើនៃផ្លែ ហើយប្រែពណ៌ទៅជាលឿងទុំក្រមៅពេលវាចាស់ទុំ។ ផ្លែត្នោតមានអង្កត់ផ្ចិតប្រមាន ១៣-២០សង្ទីម៉ែត្រ ដែលប្រែប្រួលទៅតាមគុណភាពដី ការកៀបយកទឹក និងអាយុកាលរបស់ដើម។
ត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរ និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណមកដល់បច្ចុប្បន្នស្របតាមពាក្យស្លោកថា ដើមត្នោតជាជម្រកផ្ទះខ្មែរ”។ កាលពីឆ្នាំ២០០៣កន្លងទៅនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានវិធានការទប់ស្កាត់កុំមានការបំផ្លាញទ្រព្យសម្បត្តិធម្មជាតិដែលមានដើមត្នោតជាដើម បន្ទាប់មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញនូវសារាចរណែនាំលេខ៤៨១ សរណន. កសក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការដឹកជញ្ជូន និងធ្វើអាជីវកម្មដើមត្នោត។ ដើមត្នោតមានសារសំខាន់ច្រើនយ៉ាងណាស់ដូចជា ឫសត្នោត និងផ្កាត្នោតឈ្មោលជាឱសថបុរាណសម្រាប់កែរោគ។ ដើមត្នោតអាចយកមកប្រើប្រាស់នៅក្នុងសំណង់។ ស្លឹកសម្រាប់ប្រក់ និងធ្វើជញ្ជាំងផ្ទះ ត្បាញកន្ទេល មួក ស្មុគ និងពេលខ្លះអាចប្រើប្រាស់ស្លឹកត្នោតសម្រាប់ចារ ឬ សរសេរជំនួសស្លឹកទ្រាំងបានទៀតផង។ ផ្លែត្នោត និងទឹកត្នោត មានឱជារសឈ្ងុយឆ្ងាញ់ពិសា។ ការផលិតស្ករត្នោតដោយរំងាស់ពីទឹកត្នោត គឺជាប្រពៃណីរបស់ប្រជារាស្ដ្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ។
                ៦. ផ្ការំដួល (Mitrella mesnyi)


 *ផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ រំដួល

*ឈ្មោះជាភាសាអង់គ្លេស៖ Rumdul
*ឈ្មោះវិទ្យាសាស្រ្ដ៖ Mitrella mesnyi
លក្ខណៈទូទៅ ៖ មានកម្ពស់ពី ៨-១៣ម៉ែត្រ និងមានអង្កត់ផ្ចិតពី ២០-៣០សង្ទីម៉ែត្រ។ ដើមមានសម្បកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទស្លឹកទោលដុះឆ្លាស់គ្មានខ្នាយស្ទប ទម្រង់បន្ទះស្លឹករាងទ្រវែង មានទំហំ២-៤ x ៦-១០សង្ទីម៉ែត្រ។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបសាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅអាចបិរភោគបាន។
រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជននិយមយកមកដាំលម្អតាមគេហដ្ឋាន និងសួនសាធារណៈ។ ដោយមានក្លិនប្រអូប ខ្មែរពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី។ ដើមរំដួលក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងប្រើជាអុសសម្រាប់ដុត។ នៅរដូវផ្លែរំដួលទុំ ប្រជាជនតែងតែបេះផ្លែរំដួលយកមកលក់។ ដោយសារផ្ការំដួលមានក្លិនដ៏ក្រអូប ជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះបានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួល រហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជាៈ រំដួលក្រចេះ និងរំដួលពោធិ៍សាត់ជាដើម។
          ៧. ចេកពងមាន់ (Musa aromatica)


     *ផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ចេកពងមាន់
*ឈ្មោះជាភាសាអង់គ្លេស៖ Chicken Egg Banana
*ឈ្មោះវិទ្យាសាស្រ្ដ៖ Musa aromatica
លក្ខណៈទូទៅ៖ ចេកត្រូវគេនិយមបរិភោគ និងប្រើប្រាស់ជាទូទៅដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ។ គេអាចបរិភោគផ្លែចេកទុំ ឬ កែច្នៃជាតំណាប់ ចេកបន្ទះ ចេកឆាបជាដើម។ ក្រៅពីនេះ អាចយកប្រើប្រាស់ជាសំណែន ឬ ជំនូនគ្រប់ពិធីផ្សេងៗ ដែលសូម្បីតែសម្រាប់ថ្វាយគោរពបូជាទេវតារាល់ថ្ងៃសីលផងដែរ។ ចេកពងមាន់ភាគច្រើនត្រូវគេដាំនៅតាមដីសណ្ដទន្លេមេគង្គ ជាពិសេសនៅតំបន់កោះដុះថ្មី។ ចេកគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយ ថ្វីដ្បិតតែជាដំណាំដែលមានប្រភពមកពីប្រទេសឥណ្ឌាក៏ដោយ ។ ដំណាំចេកជាដំណាំប្រើបានច្រើនមុខទៀតដូចជា គល់របស់វាជាប្រភពជាតិម្សៅអាមីដុង ដើមវាអាចហាន់ជាចំណីជ្រូក គោ ក្របី។ល។ ធ្វើជាបាយសីក្នុងពិធីសែនព្រេននានា ស្លឹកប្រើជាសម្ភារៈវេចខ្ចប់នំចំណី និងត្រយូងប្រើជាបន្លែស្រស់ ឬ យកមកស្ល៕
ដកស្រង់ដោយ៖ Cambofox
ប្រភព៖ ahladang


Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...