Thứ Hai, tháng 7 15, 2019



-ធម្មទេសនាយាចនគាថា
ពាក្យសូមអារាធនាលោកទេសនា
បទទី១
    គ្រានោះសហម្បតី                                ព្រហ្មជាឥសូរលោកា
ចូលគាល់ព្រះសាស្តា                                 លើកហត្ថាសិរោរាប ។
ហើយពោលពាក្យទូលថា                        សូមករុណាស្តេចទ្រង់ជ្រាប
ដ្បិតសត្វអន់ទន់ទាប                               ទុព្វលភាពបាបក្រៃក្រាស់ ។
ទន្ទឹងព្រះធម៌ថ្លៃ                                         ជានិស្ស័យបច្ច័យច្បាស់
ឥឡូវទ្រង់បានត្រាស់                                 ត្រេកអរណាស់ពុំកន្តើយ ។
សត្វខ្លះក្រាស់ដោយកាម                          មិនយល់តាមត្រៃលក្ខណ៍ឡើយ
ឥឡូវយល់ខ្លះហើយ                                   ដោយអំណាចព្រះមានបុណ្យ ។
បើបានស្តាប់ទេសនា                               បញ្ញាក្លាខ្លាំងលើសមុន
សូមព្រះដ៏មានបុណ្យ                                ទ្រង់និមន្តត្រាស់ទេសនា ។
ប្រោសសត្វបំបាត់សោក                          ទាំងរាគរោគរូបតណ្ហា
ងងឹតប្រែជ្រះថ្លា                                          កើតបញ្ញាភិយ្យោយល់ ។
ត្រៃលោកគោកត្រៃលក្ខណ៍                     សង្សារចក្រវិលមិនដល់
អវិជ្ជាជាឬសគល់                                      ជាបច្ច័យនៃសង្ខារ ។
នាំសត្វឲ្យសោកសៅ                                លិចលង់នៅក្នុងសង្សារ
បញ្ចមារមោហន្ធការ                                 រឹតរុំហុំជុំជិតនៅ ។
ហេតុនោះសូមព្រះអង្គ                               ប្រោសស្រោចស្រង់ដាក់សំពៅ
ចម្លងសត្វឆ្ពោះទៅ                                    កាន់ត្រើយត្រាណនិព្វាននាយ ។
ដូចកល់ប្រទីបធំ                                       សាយត្រសុំភ្លឺព្រោងព្រាយ
បំភ្លឺសត្វទាំងឡាយ                                    ឲ្យសប្បាយក្សាន្តភិរម្យ ។
ព្រះសទ្ធម្មជាស្គរជ័យ                                ព្រះវិន័យជារាងធំ
ព្រះសូត្រជាខ្សែរុំ                                        ព្រះអភិធម្មជាស្បែកដាស ។
អរិយសច្ចជាអន្លូង                                     សម្រប់ទូងឲ្យឮច្បាស់
សត្វលោកងោកងុយណាស់                     ឮស្គរដាសក្រោកឡើងបាន ។
បរិស័ទបួនចំពូក                                                ដូចផ្កាឈូកក្នុងជលដ្ឋាន
ខ្លះផុសចាំសូរ្យឆាន                                   រះនិងរីកដោយរស្មី ។
ព្រះធម៌ជាសូរ្យសែង                                  រះឡើងចែងចាំងរស្មី
បំភ្លឺលោកទាំងបី                                       ឲ្យយល់ផ្លូវឋានសុខា​ ៕
ចប់បទទី ១

៨-ពាក្យសូមអារាធនាលោកទេសនា
បទទី ២
សហម្បតីព្រហ្ម                                 ឱនបង្គំអារាធនា
សម្តេចព្រះភគវា                                       ដោយគាថាយ៉ាងនេះឯង ។
ព្រះពុទ្អទ្រង់អនុកូល                                 ព្រមទទួលនឹងសម្តែង
ដោយតុណ្ហីភាពថ្លែង                                តាមភាវគុណករុណា ។
ទើបក្រោកចាកទីនោះ                             ភក្រ្តាឆ្ពោះព្រៃមិគទាយ៌
យាងចេញចរលីលា                                  ពីទីនោះដោយព្រះបាទ ។
ញ៉ាំងសត្វចូលពុទ្ធចក្រ                             មានបញ្ចវគ្គីយ៍ជាអាទិ៍
ឲ្យផឹកអម្រឹតជាត                                      រសនិព្វានតាមធម្មតា ។
ចាប់ផ្តើមពីនោះឯង                                  ទ្រង់សម្តែងធម៌ទេសនា
ធ្វើពុទ្ធក្រិត្យា                                             អស់វស្សាសែសិបប្រាំ ។
ពុំថយពុំបន្ធូរ                                             ប្រយោជន៍យូរអង្វែងឆ្នាំ
សម្រេចបុញ្ញកម្ម                                        ដល់សព្វសត្វទាំងភពត្រ័យ ។
ហេតុនោះឥឡូវនេះ                                   យើងខ្ញុំនេះសាទរក្រៃ
បពិត្រព្រះគុណថ្លៃ                                    សូមនិមន្តប្រោសទេសនា ។
អនុគ្រោះពួកបរិស័ទ                                 ដែលជាប់ខាត់ដោយមោហា
ឲ្យកើតមានបញ្ញា                                      ប្រាកដនាទីនេះហោង ៕
ចប់បទទី ២




៩-បទអារាធនាធម្មទេសនា
អហំរីខ្ញុំម្ចាស់                                    សូមឱកាសក្រាបប្រតិបត្តិ
ដល់អស់ពួកបរិស័ទ                                 ដែលលះកាត់ក្តីកង្វល់ ។
ហើយមកប្រជុំគ្នា                                                ព្រោះប្រាថ្នាយកកុសល
ហេតុនេះសូមតម្កល់                                  តាំងចិត្តស្តាប់ធម៌ទេសនា ។
ដើម្បីជាការបុណ្យ                                    នឹងជាគុណច្រើនណាស់ណ៎ា
អំណាចស្តាប់ទេសនា                              ដោយជ្រះថ្លាក្នុងសន្តាន ។
សូមតាំងចិត្តឲ្យស្អាត                                ខ្ញុំអារាធនាថ្កាន
និមន្តលោកនិទាន                                    ទេសន៍ទូន្មានយើងរាល់គ្នា ។
សូមពុទ្ធបរិស័ទ                                         ដែលប្រតិបត្តិគាល់ត្រៀបត្រា
កមពោលកុំចរចារ                                   និយាយគ្នាបែរមុខក្រោយ  ។
សូមផ្ចង់នៅសញ្ញា                                     ផ្ទៀងសោតាស្តាប់កុំធ្លោយ
ទើបនឹងបានផលសោយ                          អានិសង្សប្រាំប្រការ ៕
                      ថ្ងៃអាសាឡ្ហបូជា

បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនា​ថេរវាទ ។ ទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥កើត ខែអាសាឍ ។ គោលបំណង ឬហេតុទាំងឡាយ ដែលនាំឲ្យមានទិវានេះ រួមមាន៖​
  1. ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ ឬចាប់កំណើត
  2. ព្រះសិទ្ធត្ថ គោតម ទ្រង់ចេញសាងព្រះផ្នួស
  3. ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ចេញសម្តែងព្រះធម៌ដំបូង ហៅថា បឋមទេសនា គឺទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រប្រោសជដិលទាំងប្រាំនាក់ បន្ទាប់ពីការត្រាស់ដឹង​ឬថាជាថ្ងៃកំណើ់តព្រះធម៌ដែលព្រះពុទ្ធទ្រង់ប្រកាសសម្តែងដំបូងបំផុត
  4. ព្រះពុទ្ធជាម្ចាស់ ទ្រង់ស្ថាបនាព្រះសង្ឃ
  5. ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងយមកប្បាដិហារយ៍ ឬ សម្តែងឫទ្ធិ 
ហេតុទាំងប្រាំខាងលើនេះ សុទ្ធតែកើតឡើងក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ។ ដូចនេះ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជាគឺការបូជា​ដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើន​ភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀត ។ សូមអនុមោទនា!!!

Thứ Bảy, tháng 7 13, 2019

អ្នកបួសមានប្រយោជន៍៥យ៉ាង

១ បួសដើម្បីកាន់ទង់ជ័យនៃព្រះអរហន្ត។

២ បួសដើម្បីធ្វើឲ្យទេវតានិងមនុស្សទ.មានបសាទសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។

៣ បួសដើម្បីសិក្សានូវត្រៃសិក្ខាផ្លូវព្រះពុទ្ធសាសនាឲ្យច្បាស់លាស់។

៤ បួសដើម្បីរម្ងប់បង់នូវសេចក្តីមិនប្រមាទក្នុងធម៌និងវិន័យ។

៥ បួសដើម្បីនឹងធ្វើព្រះនិព្វានឲ្យជាក់ច្បាស់ទៅអនាគត។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...