ពុត សំ. បា. ( ន. ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) : ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា ពុទ្ធកាល ឬ ពុទ្ធសម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា ៣ សង្កាត់គឺ ១- រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២- រាប់ពីឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជិ្ឈមពោធិកាល; ៣- រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ចិមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន ៣៥ ឆ្នាំផ្សំមកផងត្រូវជា ៨០ ឆ្នាំគត់ (ម. ព. បឋម, មជ្ឈិម, បច្ចិម ផង) ។ពុទ្ធកិច្ច ឬ ពុទ្ធក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ច មាន ៥ យ៉ាង ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣- បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត ។ ៤- មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។ ពុទ្ធគារវតា (--គារៈវៈតា) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។ ពុទ្ធគុណ (--គុន) ន. (សំ. បា.) គុណព្រះពុទ្ធ ។ ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ (ព. ទេ. ឬ ព. កា.) : ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរនឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម... (ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស) ។ ពុទ្ធចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឲ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ (ជាគូគ្នានឹង អាណាចក្រ) ។ ពុទ្ធជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ”) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ.) ។ ពុទ្ធញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។ ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា ។ ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក (ម. ព. ពុទ្ធ និង ដីកា ផង) ។ ពុទ្ធដំណើរ (ពុត-ធៈ--) ន. ដំណើរព្រះពុទ្ធ គឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ... ។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ ...។ ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា...។ ពុទ្ធទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ (ហៅថា ពុទ្ធព្យាករណ៍ ក៏បាន) ។ ពុទ្ធធម៌ ន. (សំ.; បា.--ធម្ម) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ.) ។ ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គ ទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។ ពុទ្ធបញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។ ពុទ្ធបដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។ ពុទ្ធបណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបត្តិតាមពុទ្ធបណ្ដាំ ។ ពុទ្ធបរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ (ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម) ។ពុទ្ធបរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ (ម. ព. ពុទ្ធ និង បរិស័ទ ផង) ។ ពុទ្ធបវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវត្តិ ក៏បាន (ម. ព. ប្រវត្តិ ផង) ។ ពុទ្ធបាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។ ពុទ្ធបិតា (--បិដា) ន. (បា.) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទនៈ ជាពុទ្ធបិតា ។ ពុទ្ធបុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្រ (ម. ព. ពុទ្ធជិនោរស ផង) ។ ពុទ្ធបូជា ន. (សំ. បា.) ការបូជាចំពោះព្រះពុទ្ធ (ម. ព. បូជា ផង) ។ ពុទ្ធប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើលពាក្យ ពុទ្ធបវត្តិ ។ ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ (ម. ព. ពុទ្ធទំនាយ ផង) ។ ពុទ្ធភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។ ពុទ្ធភូមិ (--ភូម) ន. (សំ. បា.) ទី ឬតំណែង, នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។ ពុទ្ធមន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ.) ។ ពុទ្ធមាតា (--មាដា) ន. (បា.) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។ ពុទ្ធមាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ត្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា (ហៅថា ពុទ្ធមាមកជន ក៏បាន) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។ ពុទ្ធរង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។ ពុទ្ធរតនៈ ឬ ពុទ្ធរត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺព្រះពុទ្ធ ឬកែវគឺព្រះពុទ្ធ (ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ.) ។ ពុទ្ធរស្មី (ដូចគ្នានឹង ពុទ្ធរស្សី) ។ ពុទ្ធរូប ន. (សំ. បា.) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។ ពុទ្ធវចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។ ពុទ្ធវង្ស (--វង់) ន. (បា. ពុទ្ធវំស) វង្សព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្តបិដក១ គម្ពីរប៉ែងខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញុពុទ្ធម្ភៃបួនព្រះអង្គ និងការចែកសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។ ពុទ្ធវេនេយ្យសត្វ (--វេនៃ-យៈ--) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។ ពុទ្ធសករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព. សករាជ ទៀតផង) ។ ពុទ្ធសម័យ (ម. ព. ពុទ្ធកាល) ។ពុទ្ធសាសនកាល (--សាសៈន៉ៈ--) ន. (បា.) កាលឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល (ហៅថា ពុទ្ធសាសនសម័យ ក៏បាន) ។ ពុទ្ធសាសនសម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។ ពុទ្ធសាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ (ពុទ្ធវចនៈ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបត្តិតាមលំអានពុទ្ធសាសនា (ព. កា. សរសេរជា ពុទ្ធសាស្នា ក៏បាន ។ ពុទ្ធសាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ត្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា; ហៅថា ពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ត្រី (ម. ព. ពុទ្ធមាមកៈ ផង) ។ ពុទ្ធអង្គ (--អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព (តាមទម្លាប់ប្រើ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌...។ ពុទ្ធឱវាទ (--ឱវ៉ាត) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។ ពុទ្ធឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹមបបូរមាត់, មាត់”) ព្រះឱស្ឋព្រះពុទ្ធ : ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ឋ (ព. ពុ.) ។ ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត, ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។ ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។ ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។