Thứ Hai, tháng 8 31, 2020


ដើមទ្រូង ៥ ហត្ថ

                                       ការអប់រំទូទៅ |





ចាស់បុរាណ​តែងតែ​និយាយ​ប្រាប់កូន​ចៅថា ​« មនុស្ស​ប្រុស​បើមិន​បួស​ គឺមិន​ពេញលក្ខណៈ​ជាបុរស​មាន​ដើម​ទ្រូង​៥ហត្ថទេ ​។ តើអត្ថន័យនេះយ៉ាងណា?
ដើមទ្រួង៥ហត្ថមានអត្ថមានអត្ថន័យសំខាន់២យ៉ាងគឺ៖

             ទី១-អ្នកបួស​ជាភិក្ខុភាវៈ​ក្នុងព្រះពុទ្ធ​សាសនា​មានបរិក្ខា​ ៨​
                          (អដ្ឋបរិក្ខា)​សម្រាប់​ប្រើប្រាស់​គឺ​៖

    ១-ស្បង់សំពត់សម្រាប់ស្លៀក
    ២-ចីពរ សំពត់សម្រាប់បិតបាំងរាងកាយ
   ៣-សង្ឍាជី សំពត់សម្រាប់ដណ្តប់ការ​ពាររងារ​(សង្ឃា​ដីដេរ​ត្រួតគ្នា ​២ ​ជាន់​
   ៤-​វត្ថពន្ធ​ចង្កេះ ​សំពត់សម្រាប់​ក្រវ៉ាត់​ពីលើ​ស្បង់​កុំឱ្យរបូត​ (ខ្សែក្រវ៉ាត់)
   ៥-បាត្រ​គឺជាសំភារៈ​ ឬជា​ឆ្នាំងសម្រាប់​ទទួលចង្ហាន់​ពី​ទាយកទាយិកា
    ៦-កាំបិតកោរ ​(ក្នុងពុទ្ធវិន័យ​ផ្នែកអភិសមាចារ​អនុញ្ញាតឱ្យ​ព្រះសង្ឃទុក​សក់ត្រឹម​រយៈពេល​ ២​ ខែ ​គឺប្រវែង​ត្រឹម២ធ្នាប់​ បើទុក​ឱ្យលើស​ពីនេះទៅទៀត​នេះនឹង​ត្រូវ​អាបត្តិទុក្កដ)។​
    ៧-បំពង់ម្ចុល​សំភារៈ​សម្រាប់ដាក់ម្ជុល​ និង​ អំបោះ​ដេរប៉ះ​សំលៀក​បំពាក់ផ្ទាល់ខ្លួន​
     ៨-​តំរងទឹក​ប្រដាប់ត្រង​ទឹក​ ការពារមិន​ឱ្យសត្វមាន​ជីវិតឬកករ​សម្រាម​ចូលក្នុងទឹកដែល​ត្រូវយក​មកប្រើប្រាស់​។
                ដើម្បី​រក្សាបរិក្ខារ​ទាំង​ប៉ុន្មាន​ឱ្យមាន​សណ្តាប់ធ្នាប់​ ពិសេស​ត្រៃចីវរ​មិនឱ្យ​រយីករយាគ​ និងមាន​បរិមណ្ឌល ​ត្រឹមត្រូវនៅ​ពេលធ្វើ​សង្ឃកម្ម​ចាំបាច់ត្រូវ​ប្រើបរិក្ខារ​មួយផ្សងទៀតគឺ​«វត្ថពន្ធទ្រូង»​ ដែល​មានបណ្តោយ​ប្រវែង៥​ហត្ថ​ទទឹង​ប្រមាណ​០.៨០ម​ មកចង​ក្រវ៉ាត់ត្រឹម​ដើមទ្រូង​។​ ត្រង់នេះ​ហើយ​គេហៅថា​ដើមទ្រូង​ ៥ ​ហត្ថ ​ជាន័យត្រង់​ ព្រោះសម័យបុរាណ​ មិន​មាន​សាលារៀន​ ក្រៅពីវត្ត​អារាម​ និង​ ក្នុង​ព្រះបរមរាជវាំង​ទេ ​។ ​អ្នកបួស​គឺជាអ្នក​ស្រឡាញ់​ការសិក្សា​ អ្នកបួស​ពេលចាក​ផ្នួសមក​ប្រជាជន​មានការ​គោរពរាប់​អានដែល​គេនិយម​ហៅថា​អន្ទិត(បណ្ឌិត)​ មានន័យថា​មានអ្នក​ដឹងការ​រាក់ជ្រៅ​ ជាអ្នក​មានកាយ​វាចា​បាន​អប់រំល្អ​។​


          ទី២-មនុស្សប្រុស​ដែល​ជាមនុស្ស​ប្រុសពិត​ប្រាកដ​ 
                    ត្រូវមាន​អង្គលក្ខណៈ​ ៥ ​យ៉ាងគឺ៖

    ១-​វិជ្ជាបរិបូរណ៌​ដោយ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​យ៉ាងហោច​ណាស់ក៍ត្រូវ​មានមុខវិជ្ជាជីវៈ​ណា​មួយ​សម្រាប់​រស់ដែរ​(សម្មាអាជីវោ)​។
    ២-ចរិយា​សម្បត្តិ​បរិបូរណ៌​ដោយ​ចរិយាធម៌ ​សីលធម៌​ល្អដែល​សង្គមរាប់រក​
    ៣-មានភាព​ជាទីសង្ឃឹម​កក់ក្តៅ​នៃមាតាបិតា​ ​មិនធ្វើឱ្យ​មាតាបិតា​មានទុក្ខ​លំបាក​ មាន​វិបដិសារៈ​។
     ៤-​ភាពជាស្វាមី​ដ៍ល្អរបស់​នារីណាមួយ​
     ៥-ស្នេហា​មាតុភូមិ​ ស្រឡាញ់ទឹក​ដីព្រៃព្រឹក្សា​ស្រុកកំណើត​ប្រទេស​របស់ខ្លួន​។
ប្រកប​ដោយអង្គ​ លក្ខណៈ​ ៥​ យ៉ាងនេះដូចរៀប​រាប់ខាងលើ​ទើបពេញ​ជាមនុស្ស​មានដើមទ្រូង​៥ហត្ថ។

               កំណាព្យបុរសដើមទ្រូង ៥ ហត្ថ

១-ដើម្បីចងចាំកុំឲ្យភ្លេច               សូមឈ្លេចឆ្កឹះយកមកចងក្រង
ជាកាព្យបែបខ្លីក្នុងបំណង            ជូនបងប្អូនខ្លះចែកគ្នាដឹង។
២ “ប្រាំហត្ថ”ពីរម៉ាត់ន័យទីមួយ      ឧបករណ៍ចាំជួយទប់លំនឹង
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង               បរិមណ្ឌល(១)រឹងមិនរបូត។
៣-ប្រាំហត្ថ“វត្ថពន្ធទ្រូង”នេះឯង         គឺតែងតាមជាប់សង្ឃរហូត
ភិក្ខុសាមណេរបួសរៀនសូត្រ           ចិត្តស្លូតបូតយកចំណេះដឹង។
៤ ដោយសម័យមុនការបួសរៀន         ជាយាន្តខុសពីសម័យហ្នឹង
បួសសង្ឃរៀនសូត្រចំណេះភ្លឹង           អីចឹងទើបគេហៅ“ប្រាំហត្ថ”។
៥ ប្រាំហត្ថ នៅមានន័យមួយទៀត        ដែលគួរតែឆ្លៀតប្រតិបត្តិ
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ                    ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
៦ ទីមួយចិញ្ចឹមពួកគាត់វិញ                 ទោម្នេញលុបចេញត្រូវទន់ភ្លន់
ឲ្យដូចពេលលោកធ្វើលើកមុន            គឺទន់ភ្លន់ណាស់ចំពោះកូន។
៧ ទីពីរនាំគ្នាជួយការងារ                     នាមជាកូនល្អមិនសាបសូន្យ
បណ្តុះសាមគ្គីញាតិបងប្អូន                  រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
៨ ទីបីរក្សាត្រកូលខ្លួន                        ឲ្យរឹងមាំមួនផុតគគ្រក់
តម្លៃគ្រួសាររក្សាទុក                          ម៉ែពុករីយរាយលែងវិប្បយោគ។
៩ ទីបួនធ្វើខ្លួនឲ្យសមជា                    អ្នកថែទ្រព្យាមរតកលោក
បង្កើតបន្ថែមមិនគេងឈ្ងោក             និងយោគសល់គ្នាក្នុងវង្សផៅ។
១០ ទីប្រាំបើគាត់ចែកឋានទៅ            កុំនៅលាក់លៀមបៀមចិត្តខ្មៅ
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ              នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
១១ ពាក្យប្រាំហត្ថនេះន័យទូលាយ       និយាយរាប់រៀបបានច្រើនម៉ាត់
កូនប្រុសឬស្រីប្រុងប្រយ័ត្ន                     គួរចាត់ទុកវាជាចំណាំ៕
 ​ប្លុកវត្តអូរត្រាវ ទី៣១-៨-២០២០
ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២
យ៉េង ឈាងលី




Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...