Thứ Tư, tháng 12 15, 2021

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ



វេឡុវ័ន



វេឡុវ័ន គឺ​ជា​សួន​ឫស្សីរបស់​ព្រះបាទ​ក្រុង​រាជ​គ្រឹះ ឡោម​ព័ទ្ទ​ដោយ​កំពែង​កំពស់​១៨​ហត្ថ ជា​ទី​ស្ថាន​ដែល​ព្រះ​រាជ​ជា​ព្រះ​រាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន។ កាល​ត​មក​ព្រះ​បាទ​ពិម្ពិសារ ជា​បរម​ក្សត្រ​ក្នុង​ក្រុង​រាជ​គ្រឹះ បាន​ថ្វាយ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ស្តេច​ទ្រង់​កសាង​ព្រះ​គន្ធកុដិ​ធំ និង​ប្រាសាទ និង​កុដិ​ដែល​ជា​ទី​ស្នាក់​អាស្រ័យ ទាំង​ពណ្ឌប និង​ទី​ចង្រ្កម​រហូត​ដល់​ក្លោង​ទ្វារ ប្រគេន​ដល់​ភិក្ខុ​  សង្ឃ។




ប្រវត្តិ​នៃ​ការ​អោយ​ចំណី​សត្វកង្ហែន

          ក្នុងកាល​មុន មាន​ព្រះ​មហា​ក្សត្រ​មួយអង្គ ដែល​សោយ​រាជ​ក្នុង​ក្រុង​រាជ​គ្រឹះនោះ បាន​យាង​ប្រពាត​ព្រះរាជ​ឧទ្យាននោះ។ វេលាដែល​ព្រះអង្គ​ទ្រង់​ស្រវឹង​សុរា ក៏​ផ្ទុំ​លក់​ទៅ ចំណែក​រាជ​បរិវារ​ឃើញថា ព្រះ​រាជាផ្ទុំ​លក់​ហើយ ក៏​នាំ​គ្នា​ដើរ​លេងក្នុង​ព្រះឧទ្យា​ បេះ​ផ្កាឈើ​ជាដើម។ គ្រានោះ​មាន​ពស់​វែក​ខ្មៅ​បាន​ធំ​ក្លិន​សុរា ក៏​លូន​ចេញ​មក​អំពី​រន្ធ​នៃ​ដើម​ឈើ​មួយ ដោយ​លូន​ឆ្ពោះ​មុខ​ត្រង់​ទៅ​រក​ព្រះ​រាជា​ដែល​ផ្ទុំ រុក្ខទេវតាមួយ​អង្គ​បាន​ឃើញ​ដូច្នេះ មាន​ចិត្ត​មេត្តា​ប្រាថ្នា​នឹង​អោយ​ជីវិត​ដល់​ព្រះ​មហា​ក្សត្រ ទើប​និមិ្មតកាយ​ជា​​សត្វ​កង្ហែន ទៅ​ស្រែក​នៅ​ជិត​ព្រះ​សោត​ព្រះ​មហាក្សត្រនោះ ព្រះ​មហា​ក្សត្រ​ក៏​ភ្ញាក់​ពី​ផ្ទុំឡើង​ភ្លាម ពស់​នោះ​ក៏​លូន​ត្រឡប់​ទៅ​កាន់​រន្ធ​ឈើ​វិញ ព្រះមហា​ក្សត្រ​ទ្រង់​ឃើញ​ហេតុការណ៍​ថា សត្វ​កង្ហែន​មាន​គុណ​ដល់​ព្រះ​អង្គ​ណាស់ ទើប​ប្រោស​អោយ​ព្រះ​រាជ​ទាន​ចំណី​ដល់​ហ្វូង​សត្វ​កង្ហែន ដែល​មាន​នៅ​ក្នុង​ព្រះ​រាជ​ឧទ្យា​នោះ ទាំង​បង្គាប់​អោយ​ប្រការ​ព្រះ​រាជ​ទាន​អភ័យ មិន​អោយ​អ្នក​ណា​មួយ​បៀត​បៀន​ដល់​ហ្វូង​សត្វ​កង្ហែន​នោះ​ឡើយ ព្រោះ​ដូច្នោះ ព្រះ​រាជ​ឧទ្យាន​នោះ​ ទើប​ឈ្មោះ​ថា កលន្ទកនិវាបស្ថាន ជា​ទី​ព្រះរាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន វេលាតមក មាន​ឈ្មោះ​ហៅរួម​ជាមួយ​ពាក្យថា ព្រះវេឡុវ័នកលន្ទកនិវាបស្ថាន។


ពិម្ពិសារ

ព្រះបាទ​ពិម្ពិសារ​ គឺ​ជា​ព្រះ​មហាក្សត្រសោយ​រាជ​​ក្នុង​នគរ​រាជ​គ្រឹះ ក្នុងដែន​មគធៈ។ ព្រះ​អគ្គមហេសី​ទី​១​ព្រះ​នាម​ កោសលទេវី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វេទេហី ជា​បុត្រី​របស់​ព្រះ​បាទ​មហាកោសល និង​ជា​អនុជត្រី​របស់​ព្រះ​បាទ​បសេនទិកោសល។ ព្រះ​មហេសី​ទី​២​ព្រះ​នាម​ចេលៈ ជា​ក្សត្រី​របស់​ពួក​លិច្ឆវី ក្នុង​ក្រុង​វេសាលី។ ព្រះ​បាទ​ពិម្ពិសារ ​មាន​បុត្រាមួយ​ព្រះ​អង្គ​ជា​មួយ​នឹង​ព្រះ​នាង​វេទេហី។ ដោយ​ហេតុ​ថា​ព្រះ​នាង​វេទេហី​ចាញ់​គភ៌​ប្រាថ្នា​នឹង​សោយ​ព្រះ​លោហិត​របស់​ព្រះ​រាជា នេមិត្តកាចារ្យ​ទាំង​ឡាយ នាំ​គ្នា​ព្យាករណ៍​ថា ព្រះឱរស​នេះ​នឹង​ជា​សត្រូវ​ដល់​ព្រះ​រាជា ហេតុ​នោះ​ទើប​បានថ្វាយ​​ព្រះ​នាម​ថា អជាតសត្តុ មាន​សេចក្តី​ថា មិនមែន​សត្រូវ។


មាតិកា

-ពុទ្ធសាសនា    -មរណភាព     -បុព្វកម្ម  -អនាគត​ជាតិ -យោង

ពុទ្ធសាសនា

នៅ​មុន​ពេល​ដែល​ព្រះ​ពោធិសត្វ​បាន​ត្រាស់ ព្រះ​សុទ្ធត្ថ​បាន​យ៉ាង​កាត់​ដែន​មគធៈ​នេះ​ដែល​ជា​ដែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ​ពិម្ពិសារ។ ព្រះ​បាទ​ពិម្ពិសារ​បាន​ឃាត់​ព្រះ​ពោធិសត្វ​​ដើម្បី​អោយ​នៅ​សោយ​រាជ​ក្នុង​ដែន​នេះដោយ​ថ្វាយរាជ​សម្បត្តិដល់​ព្រះ​អង្គ​​។ លុះ​មិន​អាច​ឃាត់​ព្រះ​អង្គ​បាន ព្រះ​បាទ​​ពិម្ពិសារ​ក៏​សូម​ប្រាថ្នា​ថា កាល​បើ​​ព្រះ​អង្គ​បាន​ត្រាស់​ហើយ សូម​ព្រះ​អង្គ​យ៉ាង​មក​ដែន​នេះ​ដើម្បី​នឹង​សម្តែង​ធម៌​ទេសនា​។ ក្រោយ​ពីបាន​សណ្តាប់​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​រួច​មក ព្រះ​អង្គ​ក៏​មាន​ចិត្ត​ជ្រះ​ថ្លាយ៉ាង​ក្រៃ​លែង​ ថែម​ទាំង​បាន​សម្រេច​គុណ​វិសេស គឺ​បាន​ជា​សោតាបន្នបុគ្គលទៀត​ផង។ ព្រះ​អង្គ​គឺ​ជា​បុគ្គ​ល​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​រួម​ចំណែក​ផ្គត់​ផ្គង់​ខាង​ផ្នែក​ពុទ្ធ​សាសនា ហើយ​ក៏​ជា​អ្នក​ឧបដ្ឋាក​ផ្ទាល់​របស់​ព្រះ​មាន​ព្រះ​ភាគផង​ដែរ។

មរណភាព

គុក​ដាក់​ព្រះ​បាទ​ពិម្ពិសារ ក្នុង​ក្រុង​រាជ​គ្រឹះ

ក្រោយ​ពី​បាន​ប្រគល់​រាជ​សម្បត្តិ​អោយ​បុត្រា អជាតសត្តុ រាជ​កុមារ​អង្គ​នោះ​មិន

​បាន​នៅ​ជា​សុខ​ឡើយ ព្រោះ​ភ័យ​ខ្លាច​បិតា​របស់​ខ្លួន​ដណ្តើម​រាជ​វិញ។ ដោយបាន​​ស្តាប់​យោបល់​ពី​ព្រះ​ទេវទត្ត ព្រះ​កុមារ​ ក៏​បាន​បង្គាប់​អោយ​គេ​យក​ព្រះ​បិតា​ដាក់​ក្នុង​គុក បង្អត់​អាហារ​ ហើយ​បញ្ជារ​ហាម​មិន​អោយ​នរណា​ចូល​សួរ​សុខ​ទុក្ខ​ឡើយ ក្រៅ​ពី​ព្រះ​មាតា​​របស់​ទ្រង់។ ដោយ​ព្រះ​នាង​ទេវី​ចេះ​តែ​លួច​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​រាជា ព្រះ​អជាតសត្តុ​កុមារ​ ក៏​បាន​ហាម​លែង​អោយ​ព្រះ​ទេវី​ចូល​សួរ​សុខ​ទុក្ខ។ ព្រះ​ទេវី​បាន​ឈរ​ប្រថាប់​ទៀប​ទ្វារ ទ្រង់​ព្រះ​កន្សែង​ទួញ​យំ​ថា "បពិត្រ​ព្រះ​ស្វាមី វេលា​ដែល​គេនេះ​ជា​ក្មេង ព្រះ​អង្គ​មិន​អោយ​ឱកាស​សម្លាប់​គេ ទ្រង់​ចិញ្ចឹម​សត្រូវ​របស់​ព្រះ​អង្គ​ទុក​ដោយ​ព្រះ​អង្គ​ឯង​ពិត​ៗ ឥ​ឡូវ​នេះ ការ​ឃើញ​ព្រះ​អង្គ​លើក​នេះ ជា​លើក​ចុង​ក្រោយ​បង្អស់ តពី​នេះ​ទៅ​ ខ្ញុំ​ព្រះ​អង្គ​នឹង​មិន​បាន​ឃើញ​ព្រះ​អង្គ​ទៀត​ឡើយ បើ​ទោស​របស់​ខ្ញុំ​ម្ចាស់​មាន​នៅ សូម​បាន​មេត្តា​ព្រះ​រាជ​ទាន​អភ័យ​ទោស​ផង​ចុះ​ព្រះអង្គ " ហើយ​ក៏​ស្តេច​ត្រឡប់​ទៅ​វិញ។ តាំង​ពី​នោះ​មក​ ព្រះ​រាជា​ក៏​មិន​មាន​អាហារ​សោយ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​ដោយ​សេចក្តី​សុខ​ប្រកប​ដោយ​មគ្គផល ទ្រង់​បាន​ដើរចង្ក្រម ព្រះ​វរកាយ​ក៏​ស្រស់​បស់​ក្រៃ​លែង។ ព្រះ​កុមារ​ឆ្ងល់ ក៏​សួរ​ថា បិតាយើង​នៅ​មាន​ព្រះ​ជន្ម​បាន​យ៉ាង​ណា។ កាល​ទ្រង់​ជ្រាប​ថា បិតា​មាន​ព្រះជន្ម​ដោយ​វិធី​ចង្រ្កម ព្រះ​កុមារ​បាន​អោយ​ជាង​កោរ​កាត់​ទាំង​ឡាយ ចូល​ទៅ​វះ​ព្រះ​បាទ​ព្រះ​រាជា ហើយ​បង្គាប់​អោយ​យក​ប្រេង​ផ្សំ​​ជា​មួយអំបិល​លាប ហើយ​អោយ​រោល​ដោយ​រងើក​ភ្លើង​គគី ដែល​ឆេះ​មិន​មាន​អណ្តាត។

បុព្វកម្ម

បាន​ឮ​មក​ថា ក្នុង​កាល​មុន ព្រះ​រាជា​ពិម្ពិសារ​ទ្រង់​បាន​ពាក់​ស្បែក​ព្រះ​បាទ​ចូល​ទៅ​ក្នុង​លាន​ព្រះ​ចេតិយ និង​យក​ព្រះ​បាទ​ដែល​មិន​បាន​ជម្រះ​ជាន់​កន្ទេល​កក់ ដែល​គេ​ក្រាល​ទុក​សម្រាប់​អង្គុយ កម្ម​នេះ​ក៏អោយ​ផល​ដល់​ព្រះ​អង្គ​អោយ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក្លា នៅ​មុន​ពេល​សោយ​ទីវង្គត់។

អនាគត​ជាតិ

ក្រោយ​ពី​អស់​ព្រះ​ជន្មាយុ (តាម​រយៈ​ការ​អធិប្បាយ​ អដ្ឋកថា សុមង្គលវិលាសិនី)

ទ្រង់​បាន​កើត​ជា​យក្ខ​ឈ្មោះ​ជនវសភៈ ជា​អ្នក​បម្រើ​របស់​ស្តេច​វេស្សវ័ណ ក្នុង​ទេវលោក​ជាន់​ចាតុម្មហារាជ។

យោង

អដ្ឋកថា សុមង្គលវិលាសិនី ព.ស.​២៥៥៣


Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...