សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Ba, tháng 8 25, 2020
Thứ Hai, tháng 8 24, 2020
ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារកើតឡើង
និងការសិក្សាត្រៃវេទ
ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារកើតឡើង
និងការសិក្សាត្រៃវេទ
រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ
កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា មហានាម
បានគ្រងរាជសម្បត្តិ ប្រកបដោយទសពិធរាជធម៌ក្នុងលង្កាទ្វីប ។ បានឮថា
ក្នុងសម័យនោះឯង មានព្រាហ្មណ៍មាណពម្នាក់ កើតនៅក្នុងត្រកូលព្រាហ្មណ៍មួយ
បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតាឈ្មោះ កេសីនី
មានលំនៅស្ថិតនៅក្នុងទីជិតនៃពោធិមណ្ឌល
(កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ក្នុងមជ្ឈិមប្រទេសជម្ពូទ្វីប
។ក៏ព្រោះក្នុងវេលាដែលមាណពនោះ ប្រសូត្រមកពួកបរិវាររបស់ព្រាហ្មណ៍
មានទាសៈនិងកម្មករជាដើម បញ្ចេញសំឡេង សម្តែងភាពត្រេកអររីករាយយ៉ាងគឹកកង
ដូច្នោះ ទើបគេដាក់ឈ្មោះឲ្យកុមារនោះថា ឃោសៈ ។ ទីខ្លះក៏ពោលថា មាណពនោះ
កើតនៅក្នុងឃោសគ្រាម ទើបដាក់ឈ្មោះឲ្យថា ឃោសៈ ។ ឃោសៈមាណពនោះ
ជាអ្នកដឹងវិជ្ជា និងក្បួនសិល្បៈទាំងពួងយ៉ាងជំនាញ
ចេះចប់ត្រៃវេទយ៉ាងប្រាកដក្នុងលទ្ធិ
បានត្រាច់ទៅដើម្បីសាកសួរនិងដោះស្រាយបញ្ហាវិជ្ជាសិល្បៈ ក្នុងស្រុកនិគម
ជនបទ រាជធានីទាំងឡាយក្នុងជម្ពូទ្វីប។ ដឹងថា មានសមណព្រាហ្មណ៍
ដែលជាបណ្ឌិតនៅក្នុងទីណាៗ ក៏ចូលទៅធ្វើការសាកច្ឆាក្នុងទីនោះៗ
បណ្ឌិតដទៃ(នោះៗ) មិនអាចឆ្លើយនៅបញ្ហា ដែលមាណពនោះ សួរបានឡើយ តែមាណពនោះ
អាចឆ្លើយនូវបញ្ហារបស់បណ្ឌិតទាំងនោះៗដែលសួរហើយបាន ។
ឃោសមាណពជួបនឹងព្រះរេវតត្ថេរ។
មាណពនោះ គ្របសង្កត់ពេញ ទូទាំងជម្ពូទ្វីបដោយអាការយ៉ាងនេះ
រហូតមកដល់វត្តមួយ (ក៏បានស្នាក់នៅក្នុងបរិវេណវត្តនោះ) ។ក៏ក្នុងវត្តនោះ
មានភិក្ខុនៅច្រើនរូប ព្រះរេវតៈ (ឬធម្មឃោសៈ) ជាសង្ឃត្ថេររបស់ភិក្ខុទាំងនោះ
ជាព្រះមហាខីណាស្រព បានសម្រេចបដិសម្ភិទា អាចញាំញីបរប្បវាទបាន ។ គ្រានោះ
កាលវេលាអាធ្រាត្រ ព្រាហ្មណ៍មាណព បានបរិវត្តបាតញ្ជលី (ស្វាធ្យាយ)
នូវមន្តឲ្យមានបទបរិបូណ៌ និងឲ្យជាបរិមណ្ឌល
ព្រះថេរៈស្តាប់នូវសំឡេងព្រាហ្មណ៍ ស្វាធ្យាមន្តក៏ជ្រាបថា “ព្រាហ្មណ៍នេះ
ជាអ្នកមានបញ្ញាច្រើន” (រួចទើប) គិតថា ”បើយើងទូន្មានឲ្យមករាប់អានព្រះពុទ្ធសាសនាបាន
នឹងជាការល្អ” ទើបហៅ ព្រាហ្មណ៍នោះមក រួចសួរថា “ម្នាល់ព្រាហ្មណ៍អ្នកណាហ៎្នស្រែកជាសំឡេងដូចលា”
។ ឃោសៈព្រាហ្មណ៍នោះសួរថា “នែបព្វជិតដ៏ចម្រើនលោកដឹងនូវសំឡេងរបស់
ពួកលាឬ? ព្រះថេរៈតបថា “យើងដឹង”
។ ព្រាហ្មណ៍នោះ ទើបសួរព្រះថេរៈក្នុងគណ្ឋិដ្ឋាន (គឺមន្តដែលយល់បានលំបាក)
ទាំងឡាយក្នុងគម្ពីរត្រៃវេទ ទាំងគម្ពីរឥតិហាសជាគម្ពីរទី ៥
ដែលខ្លួនឯងសម្លឹងមិនឃើញន័យឡើយ ទាំងអាចារ្យរបស់ខ្លួន
ក៏មិនឃើញមកហើយផង ដែលព្រះថេរៈនោះ ដោយប្រក្រតីក៏ជាអ្នក ចេះចប់ត្រៃវេទហើយ
មកដល់ឥឡូវនេះ ជាអ្នកបានសម្រេចនូវបដិសម្ភិទាទៀត ព្រោះហេតុនោះ
សេចក្តីលំបាកក្នុងការឆ្លើយនូវបញ្ហាទាំងនោះ ទើបមិនមានដល់លោក
ព្រោះដូច្នោះ ទើបព្រះថេរៈឆ្លើយនូវបញ្ហាទាំងនោះបានភ្លាម ។
ហើយពោលនឹងព្រាហ្មណ៍នោះថា “នែព្រាហ្មណ៍ដ៏ចម្រើន
អ្នកសាកសួរយើងមកច្រើនហើយ ឥឡូវនេះ យើងនឹងសាកសួរនូវ
បញ្ហាកម្មនឹងអ្នកមួយ អ្នកនឹងឆ្លើយបញ្ហាយើងបានឬទេ ? ”
ព្រាហ្មណ៍តបថា “ខ្ញុំនឹងឆ្លើយមន្តនោះប្រគេនបាន
លោកម្ចាស់ចូរសួរមកចុះ ”
ទើបព្រះថេរៈសួរនូវបញ្ហាក្នុងគម្ពីរអភិធម្ម ចិត្តយមកៈ១ នេះថា “យស្ស
ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា
បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ,
ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់
នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង
ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់” ២ ។
ព្រាហ្មណ៍មាណពនោះ មិនអាចនឹងឆ្លើយបាន មិនថាលើ ឬក្រោម
ទើបសួរថា “បពិត្រលោកម្ចាស់ដ៏ចម្រើន
មន្តនេះឈ្មោះមន្តអ្វី? “ព្រះថេរៈតបថា “ម្នាល់ព្រាហ្មណ៍
មន្តនេះឈ្មោះថា ពុទ្ធមន្ត”។ ព្រាហ្មណ៍សួរថា “លោកម្ចាស់ដ៏ចម្រើន
ឲ្យមន្តនេះដល់ខ្ញុំព្រះករុណា បានដែរឬទេ? ” ព្រះថេរៈតបថា “ម្នាល់ព្រាហ្មណ៍
យើងឲ្យ (មន្តនេះ) ដល់អ្នកបាន លុះត្រាតែអ្នកបួសជាបព្វជិតដូចយើង”
។
១. អភិ. យម. យមកវគ្គ. ៩១. ១/១ ។
២. ពាក្យថា រមែងកើតឡើង គឺនៅក្នុងឧប្បាទខណៈ, ពាក្យថា
រមែងមិនរលត់ គឺ មិនទាន់ដល់និរោធឬភង្គខណៈ ។ ចិត្តក្នុងទីនេះ
សំដៅដល់បច្ឆិមចិត្ត គឺចុតិចិត្ត របស់ព្រះអរហន្ត
ខណៈចិត្តរបស់ព្រះអរហន្តកំពុងប្រព្រឹត្តទៅ ឈ្មោះថា រមែងកើតឡើង
រមែងមិនរលត់ កាលដល់ភង្គខណៈហើយ ចុតិចិត្តនោះ ក៏នឹងរលត់
និងមិនមានចិត្តដទៃកើតឡើងតទៅទៀត ។
មាណពបួស ប្រាកដឈ្មោះ ព្រះពុទ្ធឃោសៈ។
ឃោសៈព្រាហ្មណ៍ដែលបុព្វហេតុ (គឺកុសលក្នុងកាលមុន)
ទាំងឡាយដាស់តឿនហើយ ទើបសូមបព្វជ្ជា ដើម្បីត្រូវការមន្ត
ព្រះថេរៈទើបឲ្យព្រាហ្មណ៍បព្វជ្ជាឧបសម្បទាហើយ ឲ្យរៀនព្រះត្រៃបិដកវចនៈ
ភិក្ខុនោះ ក៏យល់ដឹងអត្ថធម៌ របស់ព្រះត្រៃបិដកថា “នេះជាឯកាយមគ្គ
(ដំណើរផ្លូវដ៏ឯក ប្រសើរជាងលទ្ធិចាស់របស់ខ្លួន)”
(តមក) ក៏បានជាអ្នកប្រាកដច្បាស់ក្នុងលោក ដូចពន្លឺភ្លើង ដូចពន្លឺព្រះចន្ទ
ដូចពន្លឺព្រះអាទិត្យ ដោយការដែលលោកបានព្យាករណ៍, ភិក្ខុឃោសៈ
ទើបបានប្រាកដនាមថា ព្រះពុទ្ធឃោសៈ ព្រោះល្បីផ្សាយទៅក្នុងផ្ទៃផែនដីដូចព្រះពុទ្ធអង្គ
។
ព្រះថេរៈបញ្ជូនឲ្យទៅប្រែគម្ពីរអដ្ឋកថា
ព្រះពុទ្ធឃោសៈនោះ ជាអ្នកនៅក្នុងវិហារនោះ បានតែងបករណ៍ឈ្មោះ
ញាណោទ័យ ទុកក្នុងវិហារហើយ ផ្តើមតែងអដ្ឋកថា ព្រះអភិធម្មសង្គណី
និងអដ្ឋកថាច្បាប់ឈ្មោះ អដ្ឋសាលនី ព្រះថេរៈឃើញដូច្នោះទើបប្រាប់ថា “ម្នាល់អាវុសោពុទ្ធឃោសៈ
ក្នុងជម្ពូទ្វីបនេះ មានតែគម្ពីរព្រះត្រៃបិដកបាលីប៉ុណ្ណោះ
អដ្ឋកថារបស់ព្រះត្រៃបិដកនោះ និងថេរវាទ
(គឺពាក្យដែលព្រះថេរៈក្នុងសម័យសង្គីតិ ពោលទុកជាច្បាប់) មិនមាន
តែអដ្ឋកថាព្រះត្រៃបិដកដែល ឡើងកាន់សង្គីតិទាំង ៣ លើក
ជាពាក្យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុក និងព្រះថេរៈទាំងឡាយ
មានព្រះសារីបុត្រជាដើមចងក្រងទុកហើយ ឯព្រះមហិន្ទត្ថេរ ត្រួតមើលកថាមគ្គ
(សម្តែងផ្លូវនៃពាក្យដែលពោលទុក) ហើយ (រួបរួមមក) តែងទុកដោយភាសាសីហឡៈ កំពុងប្រព្រឹត្តទៅ
នៅក្នុងសីហឡទ្វីប ចូរលោកទៅកាន់សីហឡទ្វីបនោះ ត្រួតមើលឲ្យសព្វអន្លើហើយ
បកប្រែមកជា ភាសាមគធបាន អដ្ឋកថានោះ
នឹងនាំមកនូវប្រយោជន៍សុខដល់មនុស្សលោកទាំងពួង”
។
កាលព្រះថេរៈណែនាំយ៉ាងនោះ ព្រះពុទ្ធឃោសៈ ជាអ្នកមានបញ្ញាច្រើន
ក៏កើតបីតិសោមនស្ស ក្រាបទូលលាព្រះឧបជ្ឈាយ៍ និងភិក្ខុសង្ឃ
បានធ្វើដំណើរទៅកាន់កំពង់ទឹកដោយលំដាប់
ឡើងទូកទៅជួបព្រះពុទ្ធទត្តត្ថេរតាមផ្លូវដែលមកដល់កណ្តាលសមុទ្រ
ក៏បាននិយាយប្រាស្រ័យគ្នា ហើយធ្វើដំណើរបន្តទៅដរាបដល់កំពុង ក្រុងលង្កា
ក្នុងកាលនោះ ព្រះបាទមហានាម គ្រប់គ្រងរាជ្យក្នុងលង្កាទ្វីប ។
តែងបករណ៍ ឈ្មោះវិសុទ្ធិមគ្គ
ព្រះពុទ្ធឃោសៈ និមន្តទៅជួបព្រះសង្ឃក្នុងវិហារ
ក្រុងអនុរាធបុរី ហើយទើបទៅ កាន់សំណាក់ព្រះសង្ឃបាលត្ថេរ
ដែលគង់នៅក្នុងមហាបធានឃរៈ បានស្តាប់(ជ្រាបសេចក្តី) អដ្ឋកថាភាសាសីហឡៈ
និងថេរវាទទាំងពួងហើយ ជឿទុកចិត្តថា “នេះឯង
ជាព្រះពុទ្ធាធិប្បាយរបស់ ព្រះធម្មសាមិត្រពិត” ។ ទើបទៅកាន់ទីប្រជុំសង្ឃ
ក្នុងវិហារនោះ ដើម្បីសូមគម្ពីរធ្វើអដ្ឋកថាព្រះត្រៃបិដក ក៏បានពោលសូមថា “សូមលោកម្ចាស់ទាំងឡាយ
មេត្តាឲ្យសៀវភៅគម្ពីរទាំងឡាយ ដល់ខ្ញុំព្រះករុណា ដើម្បីធ្វើអដ្ឋកថា”
។ ដើម្បីសាកល្បងសមត្ថភាពរបស់លោក ទើបភិក្ខុសង្ឃឲ្យគាថា ២ បទ ហើយពោលថា “លោកចូរសម្តែងសមត្ថភាពក្នុងគាថា
២ បទនេះ យើងទាំងឡាយ បានឃើញសមត្ថភាពរបស់លោកហើយ នឹងប្រគល់
ច្បាប់គម្ពីរឲ្យទាំងអស់” ព្រះពុទ្ធឃោសៈមើលបាលីព្រះត្រៃបដិក
និងអដ្ឋកថា របស់ព្រះត្រៃបិដកនោះហើយ
ទើបព្រះថេរៈរួបរួមព្រះត្រៃបិដកព្រមទាំងអដ្ឋកថាដោយសង្ខេប តែងបករណ៍ ឈ្មោះ
វិសុទ្ធិមគ្គឡើង ក្នុងមហាវិហារនេះឯង ។
គ្រានោះ ទេវតា១មានបំណង
ដើម្បីនឹងប្រកាសថ្វីដៃរបស់លោកឲ្យប្រាកដ ក្នុងមហាជន ទើបបណ្តាលឲ្យ
សៀវភៅគម្ពីរច្បាប់ (ដែលលោកសរសេររួចហើយ) ឲ្យអន្តរធានបាត់ទៅ
ទើបលោកសរសេរឡើងថ្មីមួយច្បាស់ទៀត ទេវតាក៏បណ្តាលឲ្យ អន្តរធានបាត់ទៅទៀត
ទើបលោកសរសេរឡើងថ្មី លើកទី ៣ ទៀត ក៏បានចប់សព្វគ្រប់ទៀត ក្នុងគ្រានោះ
ព្រះពុទ្ធឃោសៈនិមន្តព្រះសង្ឃ ដែលជាអ្នកឈ្លាសក្នុងធម៌
របស់ព្រះសម្ពុទ្ធឲ្យមកប្រជុំគ្នា ក្នុងទីជិតមហាពោធិព្រឹក្ស (ប្រទេសលង្កា)
ប្រារព្ធនឹងអានបករណ៍វិសុទ្ធិមគ្គ នោះ (ឲ្យសង្ឃស្តាប់)
ស្រាប់តែទេវតាដែលបំបាំងសៀវភៅនោះ នាំសៀវភៅទាំងពីរចប់នោះ មកប្រគេនសងវិញព្រមក្នុងខណៈនោះ
ទើបបានជាសៀវភៅ វិសុទ្ធមគ្គបីចប់ឡើង ក៏បានប្រគល់សៀវភៅទាំងបីចប់
ទៅព្រះភិក្ខុសង្ឃ, ភិក្ខុសង្ឃឲ្យអានសៀវភៅទាំងបីចប់ ព្រមគ្នា
ការខុសភ្លាំងភ្លាត់បីចប់នោះ ដោយគណ្ឋៈក្តី ដោយអក្ខរៈក្តី ដោយបទក្តី
ដោយព្យញ្ជនៈក្តី ដោយអត្ថក្តី ដោយការសរសេរមុន ក្រោយក្តី
ដោយវាទៈទាំងឡាយមានថេរវាទជាដើមក្តី ដោយព្រះបាលីទាំងឡាយក្តី មិនមានឡើយ
បានឮថា កាលគម្ពីរវិសុទ្ធិមគ្គទាំង ៣ ដែលព្រះពុទ្ធឃោសៈ
ធ្វើរួចស្រេចហើយយ៉ាងនោះ ទេវតាទាំងឡាយ បាននាំគ្នាធ្វើសាធុការ សម័យនោះភិក្ខុច្រើនពាន់ប្រជុំគ្នានៅក្នុងវិហារ
ឃើញការអស្ចារ្យនោះហើយ ក៏នាំគ្នាសរសើរឲ្យសាធុការ
ប្រកាសប្រាប់គ្នាសុសសាយទៅថា “នេះព្រះពោធិសត្វ មេត្រីមកកើត
ដោយឥតសង្ស័យ”២ ។
១.ខ្លះថា ព្រះសង្ឃ។
២.នេះជាការឃើញអស្ចារ្យរបស់ភិក្ខុទាំងឡាយទេ មិនប្រាកដជាព្រះមេត្រីឡើយ។
បកប្រែអដ្ឋកថាព្រះត្រៃបិដក មកជាភាសាមគធៈ
ចំណែកស្តេចផែនដី ទ្រង់បានស្តាប់ដំណឹងនោះ
ក៏ស្តេចចេញពីព្រះនគរព្រមទាំងរាជបរិវារ ទៅកាន់មហាវិហារ
ទ្រង់នមស្ការព្រះសង្ឃហើយ ទ្រង់នមស្ការព្រះពុទ្ធឃោសៈ
និមន្តឲ្យទទួលនូវចង្ហាន់នៅក្នុងរាជវាំងជាប្រចាំ
រហូតដល់ការតែងគម្ពីរចប់ ព្រះថេរៈទទួលនិមន្តដោយតណ្ហីភាព ។
ព្រះភិក្ខុសង្ឃឃើញសមត្ថភាពរបស់ព្រះថេរៈហើយ ទើបប្រគល់សៀវភៅ
ព្រះត្រៃបិដកបាលី ព្រមទាំង សៀវភៅអដ្ឋកថាសីហឡៈឲ្យដល់ព្រះថេរៈ
ព្រះថេរៈទទួលសៀវភៅគម្ពីរទាំងអស់ ទៅទុកក្នុងប្រាសាទ ឈ្មោះថា បធានឃរៈ
ដែលតាំងនៅខាងត្បូងនៃមហាវិហារ បកប្រែព្រះអដ្ឋកថាទាំងអស់
ធ្វើជាអដ្ឋកថាព្រះត្រៃបិដក ក្នុងភាសាមគធដែលជាមូលភាសា (គឺភាសាដើម) ។
ក៏អដ្ឋកថាសីហឡៈនោះមាន ៣ ភាគ គឺ មហាអដ្ឋកថា ១ បច្ចរិយអដ្ឋកថា
១ កុរុន្ទីអដ្ឋកថា ១ ។
អដ្ឋកថាដែលឡើងកាន់មហាសង្គីតិ
ព្រះមហិន្ទត្ថេរនាំមកតែងទុកក្នុងភាសាសិហឡៈ ឈ្មោះថា មហាអដ្ឋកថា ។
មានផ្ទះផែមួយខ្នង មានឈ្មោះហៅនៅក្នុងភាសាសីហឡៈថា
បច្ចរិយៈ ។ អដ្ឋកថា ដែលភិក្ខុទាំងនោះ ប្រជុំគ្នាធ្វើក្នុងផ្ទះផែនោះ
ឈ្មោះថា បច្ចរិយអដ្ឋកថា ។
មានវិហារមួយកន្លែង ឈ្មោះកុរុន្ទីវិហារ ។
អដ្ឋកថាដែលភិក្ខុទាំងនោះប្រជុំគ្នាធ្វើក្នុងវិហារនោះ ឈ្មោះថា
កុរុន្ទីអដ្ឋកថា ។
វាទដែលព្រះថេរៈជំនាន់មុនមានព្រះថេរិកាចារ្យ (អាចារ្យធំ)
ជាដើមកាន់យកន័យព្រះបាលីតែងទុក ឈ្មោះថា ថេរវាទ ។
ព្រះពុទ្ធឃោសៈ ប្រែកុរុន្ទីអដ្ឋកថាភាសាសីហឡៈ ធ្វើអដ្ឋកថា
ព្រះវិន័យបិដក ឈ្មោះសមន្តប្បាសាទិកា ក្នុងភាសាមគធៈហើយ
តពីនោះក្នុងសុត្តន្តបិដក បកប្រែមហាអដ្ឋកថាអំពីភាសាសីហឡៈ
តាំងជាអដ្ឋកថាទីឃនិកាយ ឈ្មោះសុមង្គលវិលាសិនី, ជាអដ្ឋកថាមជ្ឈិមនិកាយ
ឈ្មោះបបញ្ចសូទនី, ជាអដ្ឋកថា សំយុត្តនិកាយ ឈ្មោះ សារត្ថបកាសិនី,
និងជាអដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះមនោរថបូរណី, តពីនោះ ក្នុងអភិធម្មបិដក
បកប្រែបច្ចរិយអដ្ឋកថាអំពីភាសាសីហឡៈ តាំងជាអដ្ឋកថាបករណ៍ ធម្មសង្គណី
ឈ្មោះអដ្ឋសាលនីក្នុងភាសាមគធៈ ជាអដ្ឋកថាបករណ៍វិភង្គ ឈ្មោះសម្មោហវិនោទនី
និងជាអដ្ឋកថា ៥ បករណ៍ ឈ្មោះបរមត្ថទីបនី ។
ព្រះពុទ្ធឃោសៈ ធ្វើអដ្ឋកថាសីហឡៈ ទាំងអស់ឲ្យជាអដ្ឋកថា
ព្រះត្រៃបិដក ក្នុងភាសាមគធៈ ដែលជាមូលភាសា ដូចពោលមកហើយដូច្នោះ
អដ្ឋកថានោះឯង បាននាំមកនូវប្រយោជន៍សុខដល់ពពួកជនក្នុងប្រទេសដទៃៗ ទាំងពួង
យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរស់នៅរហូតដល់អស់អាយុ
ទើបទៅកាន់ទេវលោកនោះឯង ។
កាលដែលបានបកប្រែអដ្ឋកថាព្រះត្រៃបិដក ចប់សព្វគ្រប់ហើយ
ផែនដីកក្រើកញ័រ (ជាអស្ចារ្យ) អដ្ឋកថាព្រះត្រៃបិដក
ដែលព្រះថេរៈធ្វើដូចពោលមកនេះ គឺបកប្រែចប់សព្វគ្រប់ តែក្នុងរយៈកាល ១
ឆ្នាំប៉ុណ្ណោះ ។
លុះបកប្រែរួចហើយ ព្រះពុទ្ធឃោសៈ
ប្រាថ្នាដើម្បីនឹងបានមកថ្វាយបង្គំព្រះមហាពោធិព្រឹក្ស
ទើបក្រាបថ្វាយបង្គំព្រះភិក្ខុសង្ឃ ត្រឡប់មកជម្ពូទ្វីបវិញ ។
ព្រះរាជាមហានាម ទ្រង់គង់ផែនដីអស់ ១២ ឆ្នាំ
ទ្រង់ធ្វើបុណ្យច្រើនយ៉ាង ដោយប្រការផ្សេងៗហើយ
ស្តេចក៏ទៅកាន់បរលោកតាមយថាកម្ម ។ ចំណែកព្រះពុទ្ធឃោសត្ថេរនោះ
បានរចនាអដ្ឋកថា នៃព្រះត្រៃបិដកទុក
បានសាងប្រយោជន៍ដ៏សមគួរដល់សត្វលោកជាច្រើន តាំងនៅរហូតគ្រប់អាយុខ័យ
ក៏បានទៅកាន់ឋានតាវត្តិង្សហើយ ដូច្នេះឯង ។
សេចក្តីប្រាថ្នាព្រះពុទ្ធឃោសត្ថេរ
យំ សិទ្ធំ ឥមិនា បុញ្ញ យំ ចញ្ញំ បសុតំ មយា ឯតេន
បុញ្ញកម្មេន ទុតិយេ អត្តសម្ភវេ
តាវតឹសេ បមោទេន្តោ
សីលាចារគុណេ រតោ អលគ្គោ
បញ្ចកាមេសុ បត្វា បឋមំ ផលំ
អន្តិមេ អត្តភាវម្ហិ
មេត្តេយ្យំ មុនិបុង្គវំ លោកគ្គបុគ្គលំ នាថំ
សព្វសត្តហិតេ រតំ
ទិស្វាន តស្ស ធីរស្ស សុត្វា សទ្ធម្មទេសនំ អធិគនា ផលំ
អគ្គំ សោភេយ្យំ ជិនសាសនន្តិ ។
បុណ្យណា ដែលសម្រេចហើយដោយការធ្វើនេះ និងបុណ្យដទៃណា
ដែលខ្ញុំបានខ្វល់ខ្វាយទុក ដោយអំណាចនៃបុណ្យនោះ ក្នុងអត្តភាពទី ២
សូមឲ្យខ្ញុំរីករាយក្នុងឋានតាវត្តិង្ស ត្រេកអរក្នុងគុណគឺសីល និងអាចារៈ
មិនជាប់ជំពាក់ក្នុងកាមគុណទាំង ៥ បានសម្រេចអរិយផលទី ១ (សោតាបត្តិផល)
ក្នុងអត្ថភាពចុងបំផុត សូមឲ្យខ្ញុំបានជួបព្រះអារ្យមេត្រី
ព្រះមុនីដ៏ប្រសើរ ជាបុគ្គលចម្បងក្នុងលោក ជាព្រះលោកនាថ ទ្រង់ពេញ
ព្រះទ័យក្នុងការជួយសត្វលោកទាំងពួង
សូមឲ្យខ្ញុំបានស្តាប់ព្រះសទ្ធម្មរបស់ព្រះមុនីអង្គនោះ ដែលទ្រង់ជាអ្នកប្រាជ្ញ
ហើយបានសម្រេចអរិយផលជាន់ខ្ពស់ (អរហត្តផល)
ញុំាងព្រះសាសនារបស់ព្រះជិនស្រីឲ្យល្អស្អាត ដោយប្រការដូច្នេះហោង ។
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ ចប់ (សមន្តប្បាសាទិកា ភាគ ១)
Đăng ký:
Bài đăng (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥