Thứ Hai, tháng 8 24, 2020


ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ

ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ
រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា មហានាម បាន​គ្រងរាជសម្បត្តិ ប្រកប​ដោយ​ទសពិធរាជធម៌​ក្នុង​លង្កាទ្វីប ។ បាន​ឮថា ក្នុង​សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​មាណព​ម្នាក់ កើត​នៅ​ក្នុង​ត្រកូលព្រាហ្មណ៍​មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតា​ឈ្មោះ កេសីនី មាន​លំនៅ​ស្ថិត​នៅ​ក្នុង​ទី​ជិត​នៃ​ពោធិមណ្ឌល (កន្លែង​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ) ក្នុង​មជ្ឈិម​ប្រទេសជម្ពូទ្វីប ។ក៏​ព្រោះ​ក្នុង​វេលា​ដែល​មាណព​នោះ ប្រសូត្រ​មក​ពួក​បរិវារ​របស់ព្រាហ្មណ៍ មាន​ទាសៈ​និង​កម្មករ​ជាដើម បញ្ចេញ​សំឡេង សម្តែង​ភាព​ត្រេកអរ​រីករាយ​យ៉ាង​គឹកកង ដូច្នោះ ទើប​គេ​ដាក់​ឈ្មោះ​ឲ្យ​កុមារ​នោះ​ថា ឃោសៈ ។ ទី​ខ្លះ​ក៏​ពោល​ថា មាណព​នោះ កើត​នៅ​ក្នុង​ឃោសគ្រាម ទើប​ដាក់​ឈ្មោះ​ឲ្យ​ថា ឃោសៈ ។ ឃោសៈ​មាណព​នោះ ជា​អ្នក​ដឹង​វិជ្ជា និង​ក្បួនសិល្បៈ​ទាំង​ពួង​យ៉ាង​ជំនាញ ចេះ​ចប់​ត្រៃវេទ​យ៉ាង​ប្រាកដ​ក្នុង​លទ្ធិ បាន​ត្រាច់​ទៅ​ដើម្បី​សាក​សួរ​និង​ដោះស្រាយ​បញ្ហា​វិជ្ជា​សិល្បៈ​ ក្នុង​ស្រុក​និគម ជន​បទ រាជធានី​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប។ ដឹង​ថា មាន​សមណ​ព្រាហ្មណ៍ ដែល​ជា​បណ្ឌិត​នៅ​ក្នុង​ទី​ណា​ៗ ក៏​ចូល​ទៅ​ធ្វើការ​សាកច្ឆា​ក្នុង​ទី​នោះ​ៗ បណ្ឌិត​ដទៃ​(នោះៗ) មិន​អាច​ឆ្លើយ​នៅ​បញ្ហា ដែល​មាណព​នោះ សួរ​បាន​ឡើយ តែ​មាណព​នោះ អាច​ឆ្លើយ​នូវ​បញ្ហា​របស់​បណ្ឌិត​ទាំង​នោះៗ​ដែល​សួរ​ហើយ​បាន ។
ឃោសមាណព​ជួប​នឹង​ព្រះរេវតត្ថេរ។
មាណព​នោះ គ្រប​សង្កត់​ពេញ ទូទាំង​ជម្ពូ​ទ្វីប​ដោយ​អាការ​យ៉ាង​នេះ រហូត​មក​ដល់​វត្តមួយ (ក៏​បាន​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​នោះ) ។ក៏​ក្នុង​វត្ត​នោះ មាន​ភិក្ខុ​នៅច្រើន​រូប ព្រះ​រេវតៈ (ឬធម្មឃោសៈ) ជា​សង្ឃត្ថេរ​របស់​ភិក្ខុ​ទាំង​នោះ ជា​ព្រះមហា​ខីណាស្រព បាន​សម្រេច​បដិសម្ភិទា អាច​ញាំញី​បរប្បវាទ​បាន ។ គ្រា​នោះ កាល​វេលា​អាធ្រាត្រ ព្រាហ្មណ៍​មាណព បាន​បរិវត្ត​បាតញ្ជលី (ស្វាធ្យាយ) នូវ​មន្ត​ឲ្យ​មាន​បទបរិបូណ៌ និង​ឲ្យ​ជា​បរិមណ្ឌល ព្រះថេរៈ​ស្តាប់​នូវ​សំឡេង​ព្រាហ្មណ៍ ស្វាធ្យា​មន្ត​ក៏​ជ្រាប​ថា ព្រាហ្មណ៍​នេះ ជា​អ្នក​មាន​បញ្ញា​ច្រើន (រួចទើប) គិត​ថា ​បើ​យើង​ទូន្មាន​ឲ្យ​មក​រាប់​អាន​ព្រះពុទ្ធ​សាសនា​បាន នឹង​ជា​ការ​ល្អ ទើប​ហៅ ព្រាហ្មណ៍​នោះ​មក រួច​សួរ​ថា ម្នាល់​ព្រាហ្មណ៍​អ្នក​ណា​ហ៎្នស្រែក​ជា​សំឡេង​ដូច​លា ។ ឃោសៈ​ព្រាហ្មណ៍​នោះ​សួរ​ថា នែ​បព្វជិត​ដ៏​ចម្រើន​លោក​ដឹង​នូវ​សំឡេង​របស់ ពួក​លា​ឬ? ព្រះថេរៈ​តប​ថា យើងដឹង ។ ព្រាហ្មណ៍​នោះ ទើប​សួរ​ព្រះថេរៈ​ក្នុង​គណ្ឋិដ្ឋាន (​គឺ​មន្ត​ដែល​យល់​បាន​លំបាក​) ទាំង​ឡាយ​ក្នុង​គម្ពីរត្រៃវេទ ទាំង​គម្ពីរឥតិហាស​ជា​គម្ពីរ​ទី ៥ ដែល​ខ្លួន​ឯង​សម្លឹង​មិន​ឃើញ​ន័យ​ឡើយ ទាំង​អាចារ្យ​របស់​ខ្លួន ​ក៏​មិន​ឃើញ​មក​ហើយ​ផង ដែល​ព្រះថេរៈ​នោះ ដោយ​ប្រក្រតី​ក៏​ជា​អ្នក ចេះ​ចប់​ត្រៃវេទ​ហើយ មក​ដល់​ឥឡូវ​នេះ ជា​អ្នក​បាន​សម្រេច​នូវ​បដិសម្ភិទា​ទៀត ព្រោះ​ហេតុ​នោះ សេចក្តី​លំបាក​ក្នុង​ការ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ ទើប​មិន​មាន​ដល់​លោក ព្រោះ​ដូច្នោះ ទើប​ព្រះថេរៈ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ​បាន​ភ្លាម ។ ហើយ​ពោល​នឹង​ព្រាហ្មណ៍​នោះ​ថា​ នែ​ព្រាហ្មណ៍​ដ៏​ចម្រើន អ្នក​សាក​សួរ​យើង​មក​ច្រើន​ហើយ ឥឡូវ​នេះ យើង​នឹង​សាក​សួរ​នូវ បញ្ហា​កម្ម​នឹង​អ្នក​មួយ អ្នក​នឹង​ឆ្លើយ​បញ្ហា​យើង​បាន​ឬ​ទេ ? ព្រាហ្មណ៍​តប​ថា ខ្ញុំ​នឹង​ឆ្លើយ​មន្តនោះ​ប្រគេន​បាន លោក​ម្ចាស់​ចូរ​សួរ​មក​ចុះ ទើប​ព្រះថេរៈ​សួរ​នូវ​បញ្ហា​ក្នុង​គម្ពីរ​អភិធម្ម ចិត្ត​យមកៈ១ នេះថា យស្ស ចិត្តំ ឧប្បជ្ជតិ ន​ និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ, ចិត្ត​របស់​បុគ្គល​ណា រមែង​កើត​ឡើង រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់ នឹងមិន​កើត​ឡើង ឬ​ក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិន​កើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើត​ឡើង រមែង​មិនរលត់ ២ ។
ព្រាហ្មណ៍​មាណព​នោះ មិន​អាច​នឹង​ឆ្លើយ​បាន មិន​ថា​លើ ឬ​ក្រោម ទើប​សួរ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន មន្ត​នេះ​ឈ្មោះ​មន្ត​អ្វី? ព្រះថេរៈតប​ថា ម្នាល់​ព្រាហ្មណ៍ មន្ត​នេះ​ឈ្មោះ​ថា ពុទ្ធមន្ត។ ព្រាហ្មណ៍​សួរ​ថា លោកម្ចាស់​ដ៏​ចម្រើន ឲ្យ​មន្ត​នេះ​ដល់​ខ្ញុំ​ព្រះករុណា បាន​ដែរ​ឬ​ទេ? ព្រះថេរៈ​តប​ថា ម្នាល់​ព្រាហ្មណ៍ យើង​ឲ្យ (មន្តនេះ) ដល់​អ្នក​បាន លុះត្រា​តែ​អ្នក​បួស​ជាបព្វជិត​ដូច​យើង
១. អភិ. យម. យមកវគ្គ. ៩១. ១/១ ។
២. ពាក្យថា រមែង​កើត​ឡើង គឺ​នៅ​ក្នុង​ឧប្បាទខណៈ, ពាក្យ​ថា រមែង​មិន​រលត់ គឺ មិន​ទាន់​ដល់​និរោធ​ឬ​ភង្គខណៈ ។ ចិត្ត​ក្នុង​ទី​នេះ សំដៅ​ដល់​បច្ឆិម​ចិត្ត គឺ​ចុតិ​ចិត្ត របស់​ព្រះ​អរហន្ត ខណៈ​ចិត្ត​របស់​ព្រះអរហន្ត​កំពុង​ប្រព្រឹត្ត​ទៅ ឈ្មោះ​ថា រមែង​កើត​ឡើង រមែង​មិន​រលត់ កាល​ដល់​ភង្គ​ខណៈ​ហើយ ចុតិ​ចិត្ត​នោះ ក៏​នឹង​រលត់ និង​មិន​មាន​ចិត្ត​ដទៃ​កើត​ឡើង​ត​ទៅ​ទៀត ។
មាណ​ពបួស ប្រាកដ​ឈ្មោះ ព្រះពុទ្ធ​ឃោសៈ។
ឃោសៈ​ព្រាហ្មណ៍​ដែល​បុព្វ​ហេតុ (​គឺ​កុសល​ក្នុង​កាល​មុន) ទាំង​ឡាយ​ដាស់​តឿន​ហើយ ទើប​សូម​បព្វជ្ជា ដើម្បី​ត្រូវ​ការ​​មន្ត ព្រះថេរៈ​ទើប​ឲ្យព្រាហ្មណ៍​បព្វជ្ជា​ឧបសម្បទា​ហើយ ឲ្យ​រៀន​ព្រះត្រៃ​បិដកវចនៈ ភិក្ខុ​នោះ ក៏​យល់​ដឹង​អត្ថធម៌ របស់​ព្រះត្រៃ​បិដក​ថា នេះ​ជា​ឯកាយមគ្គ (ដំណើរ​ផ្លូវ​ដ៏​ឯក ប្រសើរ​ជាង​លទ្ធិចាស់​របស់​ខ្លួន) (តមក) ក៏​បាន​ជា​អ្នក​ប្រាកដ​ច្បាស់​ក្នុង​លោក ដូច​ពន្លឺ​ភ្លើង ដូច​ពន្លឺ​ព្រះចន្ទ ដូច​ពន្លឺ​ព្រះអាទិត្យ ដោយ​ការ​ដែល​លោក​បាន​ព្យាករណ៍, ភិក្ខុឃោសៈ ទើប​បាន​ប្រាកដ​នាម​ថា ព្រះពុទ្ធឃោសៈ ព្រោះ​ល្បី​ផ្សាយ​ទៅ​ក្នុង​ផ្ទៃ​ផែនដី​ដូច​ព្រះពុទ្ធ​អង្គ ។
ព្រះថេរៈ​បញ្ជូន​ឲ្យ​ទៅ​ប្រែ​គម្ពីរ​អដ្ឋកថា
ព្រះពុទ្ធ​ឃោសៈ​នោះ ជា​អ្នក​នៅ​ក្នុង​វិហារ​នោះ បាន​តែង​បករណ៍​ឈ្មោះ ញាណោទ័យ ទុក​ក្នុង​វិហារ​ហើយ ផ្តើម​តែង​អដ្ឋកថា ព្រះអភិធម្មសង្គណី និង​អដ្ឋកថា​ច្បាប់​ឈ្មោះ អដ្ឋសាលនី ព្រះថេរៈ​ឃើញ​ដូច្នោះ​ទើប​ប្រាប់​ថា ម្នាល់​អាវុសោពុទ្ធឃោសៈ ក្នុង​ជម្ពូទ្វីប​​នេះ មាន​តែ​គម្ពីរ​ព្រះត្រៃបិដក​បាលី​ប៉ុណ្ណោះ អដ្ឋកថា​របស់​ព្រះត្រៃបិដក​នោះ និង​ថេរវាទ (គឺ​ពាក្យ​ដែល​ព្រះថេរៈ​ក្នុង​សម័យ​សង្គីតិ ពោល​ទុក​ជា​ច្បាប់)  មិន​មាន តែ​អដ្ឋក​ថា​ព្រះត្រៃ​បិដក​ដែល ឡើង​កាន់​សង្គីតិទាំង ៣ លើក ជា​ពាក្យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់សម្តែង​ទុក និង​ព្រះថេរៈ​ទាំង​ឡាយ មាន​ព្រះសារីបុត្រ​ជា​ដើម​ចង​ក្រង​ទុក​ហើយ ឯព្រះមហិន្ទត្ថេរ ត្រួត​មើល​កថាមគ្គ (សម្តែង​ផ្លូវ​នៃ​ពាក្យ​ដែល​ពោល​ទុក) ហើយ (រួបរួមមក) តែង​ទុក​ដោយ​ភាសា​សីហឡៈ កំពុង​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​សីហឡទ្វីប ចូរ​លោក​ទៅ​កាន់​សីហឡ​ទ្វីប​នោះ ត្រួត​មើល​ឲ្យ​សព្វ​អន្លើ​ហើយ បក​ប្រែ​មក​ជា ភាសាមគធបាន អដ្ឋក​ថា​នោះ នឹង​នាំ​មក​នូវ​ប្រយោជន៍​សុខ​ដល់​មនុស្ស​លោក​ទាំង​ពួង
កាល​ព្រះថេរៈ​ណែ​នាំ​យ៉ាង​នោះ ព្រះពុទ្ធឃោសៈ ជា​អ្នក​មាន​បញ្ញាច្រើន ក៏​កើត​បីតិសោមនស្ស ក្រាប​ទូល​លា​ព្រះឧបជ្ឈាយ៍ និង​ភិក្ខុ​សង្ឃ បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ទឹក​ដោយ​លំដាប់ ឡើង​ទូក​ទៅ​ជួប​ព្រះពុទ្ធទត្តត្ថេរ​តាម​ផ្លូវ​ដែល​មក​ដល់​កណ្តាល​សមុទ្រ ក៏​បាន​និយាយ​ប្រាស្រ័យ​គ្នា ហើយ​ធ្វើ​ដំណើរ​បន្ត​ទៅ​ដរាប​ដល់​កំពុង ក្រុង​លង្កា ក្នុង​កាល​នោះ ព្រះបាទ​មហានាម គ្រប់​គ្រង​រាជ្យ​ក្នុង​លង្កាទ្វីប ។
តែង​បករណ៍ ឈ្មោះ​វិសុទ្ធិមគ្គ
ព្រះពុទ្ធ​ឃោសៈ និមន្ត​ទៅ​​ជួបព្រះសង្ឃ​ក្នុង​វិហារ ក្រុង​អនុរាធបុរី ហើយ​ទើប​ទៅ កាន់​សំណាក់​ព្រះសង្ឃបាលត្ថេរ ដែល​គង់​នៅ​ក្នុង​មហាបធានឃរៈ បាន​ស្តាប់​(ជ្រាប​សេចក្តី) អដ្ឋកថា​ភាសា​សីហឡៈ និង​ថេរវាទ​ទាំង​ពួង​ហើយ ជឿ​ទុក​ចិត្ត​ថា នេះ​ឯង ជា​ព្រះពុទ្ធា​ធិប្បាយ​របស់ ព្រះ​ធម្មសាមិត្រ​ពិត ។ ទើប​ទៅ​កាន់ទី​ប្រជុំ​សង្ឃ ក្នុង​វិហារ​នោះ ដើម្បី​សូម​គម្ពីរ​ធ្វើ​អដ្ឋកថា​ព្រះត្រៃបិដក ក៏​បាន​ពោល​សូម​ថា សូម​លោក​ម្ចាស់ទាំង​ឡាយ មេត្តា​ឲ្យសៀវភៅ​គម្ពីរ​ទាំង​ឡាយ ដល់​ខ្ញុំ​ព្រះ​ករុណា ដើម្បី​ធ្វើអដ្ឋកថា ។ ដើម្បី​សាកល្បង​សមត្ថភាព​របស់​លោក ទើប​ភិក្ខុសង្ឃ​ឲ្យ​គាថា ២ បទ ហើយ​ពោល​ថា លោកចូរ​សម្តែង​សមត្ថភាព​ក្នុងគាថា ២ បទនេះ យើង​ទាំង​ឡាយ បាន​ឃើញ​សមត្ថភាព​របស់​លោក​ហើយ នឹង​ប្រគល់ ច្បាប់គម្ពីរ​ឲ្យ​ទាំង​អស់ ព្រះពុទ្ធ​ឃោសៈ​មើល​បាលី​ព្រះត្រៃបដិក និង​អដ្ឋកថា របស់​ព្រះត្រៃបិដក​នោះហើយ ទើប​ព្រះថេរៈ​រួបរួម​ព្រះត្រៃបិដក​ព្រម​ទាំង​អដ្ឋកថា​ដោយ​សង្ខេប តែងបករណ៍ ឈ្មោះ វិសុទ្ធិមគ្គ​ឡើង ក្នុង​មហាវិហារ​នេះ​ឯង ។
គ្រា​នោះ ទេវតា​១​មាន​បំណង ដើម្បី​នឹង​ប្រកាស​ថ្វី​ដៃ​របស់​លោក​ឲ្យ​ប្រាកដ ក្នុង​មហាជន ទើប​បណ្តាល​ឲ្យ សៀវភៅ​គម្ពីរ​ច្បាប់ (ដែល​លោក​សរសេរ​រួច​ហើយ) ឲ្យ​អន្តរធាន​បាត់​ទៅ ទើប​លោកសរសេរ​ឡើង​ថ្មី​មួយ​ច្បាស់​ទៀត ទេវតា​ក៏​បណ្តាលឲ្យ អន្តរធាន​បាត់​ទៅ​ទៀត ទើប​លោកសរសេរ​ឡើង​ថ្មី លើកទី ៣ ទៀត ក៏​បាន​ចប់សព្វ​គ្រប់​ទៀត ក្នុង​គ្រា​នោះ​ ព្រះពុទ្ធ​ឃោសៈនិមន្ត​ព្រះសង្ឃ ដែល​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌ របស់​ព្រះសម្ពុទ្ធ​ឲ្យ​មក​ប្រជុំ​គ្នា ក្នុង​ទី​ជិត​មហាពោធិព្រឹក្ស (ប្រទេសលង្កា) ប្រារព្ធ​នឹង​អាន​បករណ៍វិសុទ្ធិមគ្គ នោះ (ឲ្យ​សង្ឃ​ស្តាប់) ស្រាប់​តែ​ទេវតាដែល​បំបាំង​សៀវភៅនោះ នាំ​សៀវភៅ​ទាំង​ពីរ​ចប់នោះ មក​ប្រគេនសង​វិញ​ព្រម​ក្នុង​ខណៈ​នោះ ទើប​បាន​ជា​សៀវភៅ វិសុទ្ធមគ្គ​បី​ចប់​ឡើង ក៏​បាន​ប្រគល់​សៀវភៅ​ទាំង​បី​ចប់ ទៅ​ព្រះ​ភិក្ខុ​​សង្ឃ, ភិក្ខុ​សង្ឃ​ឲ្យ​អាន​សៀវភៅ​ទាំង​បី​ចប់ ព្រមគ្នា ការ​ខុស​ភ្លាំងភ្លាត់​បី​ចប់​នោះ ដោយ​គណ្ឋៈក្តី ដោយ​អក្ខរៈ​ក្តី ដោយ​បទ​ក្តី ដោយ​ព្យញ្ជនៈ​ក្តី ដោយ​អត្ថ​ក្តី ដោយ​ការ​សរសេរ​មុន ក្រោយ​ក្តី ដោយ​វាទៈទាំង​ឡាយ​មាន​ថេរវាទ​ជាដើម​ក្តី ដោយ​ព្រះ​បាលី​ទាំងឡាយ​ក្តី មិន​មាន​ឡើយ បាន​ឮ​ថា កាល​គម្ពីរវិសុទ្ធិមគ្គ​ទាំង ៣ ដែល​ព្រះពុទ្ធឃោសៈ ធ្វើ​រួច​ស្រេច​ហើយ​យ៉ាង​នោះ ទេវតា​ទាំង​ឡាយ បាន​នាំគ្នា​ធ្វើ​សាធុការ សម័យ​នោះ​ភិក្ខុច្រើន​ពាន់ប្រជុំ​គ្នា​នៅ​ក្នុង​វិហារ ឃើញ​ការ​អស្ចារ្យ​នោះ​ហើយ ក៏​នាំ​គ្នា​សរសើរ​ឲ្យ​សាធុការ ប្រកាស​ប្រាប់​គ្នា​សុសសាយ​ទៅ​ថា នេះ​ព្រះពោធិសត្វ មេត្រី​មក​កើត ដោយ​ឥត​សង្ស័យ២ ។
១.ខ្លះថា ព្រះសង្ឃ។
២.នេះ​ជា​ការ​ឃើញអស្ចារ្យ​របស់​ភិក្ខុ​ទាំង​ឡាយ​ទេ មិន​ប្រាកដ​ជា​ព្រះមេត្រី​ឡើយ។
បក​ប្រែអដ្ឋកថា​ព្រះត្រៃបិដក មក​ជា​ភាសា​មគធៈ
ចំណែក​ស្តេច​ផែន​ដី ទ្រង់​បាន​ស្តាប់​ដំណឹង​នោះ ក៏​ស្តេចចេញ​ពី​ព្រះនគរ​ព្រម​ទាំង​រាជបរិវារ ទៅ​កាន់​មហាវិហារ ទ្រង់​នមស្ការ​ព្រះសង្ឃ​ហើយ ទ្រង់​នមស្ការ​ព្រះពុទ្ធឃោសៈ និមន្ត​ឲ្យ​ទទួល​នូវចង្ហាន់​នៅក្នុង​រាជវាំង​ជា​ប្រចាំ រហូត​ដល់​ការ​តែង​គម្ពីរ​ចប់ ព្រះថេរៈ​ទទួល​និមន្ត​ដោយ​តណ្ហីភាព ។
ព្រះភិក្ខុ​សង្ឃ​ឃើញ​សមត្ថភាព​របស់​ព្រះថេរៈ​ហើយ ទើប​ប្រគល់​សៀវភៅ ព្រះត្រៃបិដក​បាលី ព្រម​ទាំង សៀវភៅ​អដ្ឋកថា​សីហឡៈ​ឲ្យ​ដល់​ព្រះថេរៈ ព្រះថេរៈ​ទទួល​សៀវភៅ​គម្ពីរ​ទាំង​អស់ ទៅ​ទុក​ក្នុង​ប្រាសាទ ឈ្មោះថា បធានឃរៈ ដែល​តាំង​នៅ​ខាង​ត្បូង​នៃ​មហា​វិហារ បក​ប្រែព្រះអដ្ឋកថា​ទាំង​អស់ ធ្វើ​ជា​អដ្ឋកថា​ព្រះត្រៃបិដក ក្នុង​ភាសាមគធ​ដែល​ជា​មូល​ភាសា (​គឺភាសា​ដើម) ។
ក៏​អដ្ឋកថា​សីហឡៈ​នោះ​មាន ៣ ភាគ គឺ មហាអដ្ឋកថា ១ បច្ចរិយអដ្ឋកថា
១ កុរុន្ទីអដ្ឋកថា ១ ។
អដ្ឋកថា​ដែល​ឡើង​កាន់​មហាសង្គីតិ ព្រះមហិន្ទត្ថេរ​នាំ​មក​តែង​ទុក​ក្នុង​ភាសាសិហឡៈ ឈ្មោះថា មហាអដ្ឋកថា ។
មាន​ផ្ទះ​ផែ​​មួយ​ខ្នង មាន​ឈ្មោះ​ហៅ​នៅ​ក្នុង​ភាសា​សីហឡៈ​ថា បច្ចរិយៈ ។ អដ្ឋក​ថា ដែល​ភិក្ខុទាំង​នោះ ប្រជុំ​គ្នា​ធ្វើ​ក្នុង​ផ្ទះ​ផែ​នោះ ឈ្មោះ​ថា​ បច្ចរិយអដ្ឋកថា ។
មាន​វិហារ​មួយ​កន្លែង ឈ្មោះ​កុរុន្ទីវិហារ ។ អដ្ឋកថា​ដែល​ភិក្ខុ​ទាំង​នោះ​ប្រជុំ​គ្នា​ធ្វើ​ក្នុង​វិហារ​នោះ ឈ្មោះ​ថា កុរុន្ទី​អដ្ឋកថា ។
វាទ​ដែល​ព្រះថេរៈ​ជំនាន់​មុន​មាន​ព្រះថេរិកាចារ្យ (អាចារ្យធំ) ជា​ដើម​កាន់​យក​ន័យ​ព្រះបាលី​តែង​ទុក ឈ្មោះថា ថេរវាទ ។
ព្រះពុទ្ធ​ឃោសៈ ប្រែកុរុន្ទីអដ្ឋកថា​ភាសា​សីហឡៈ ធ្វើ​អដ្ឋកថា ព្រះវិន័យបិដក ឈ្មោះ​សមន្តប្បាសាទិកា ក្នុង​ភាសា​មគធៈ​ហើយ ត​ពី​នោះ​ក្នុង​សុត្តន្តបិដក បក​ប្រែ​មហាអដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាទីឃនិកាយ ឈ្មោះ​សុមង្គលវិលាសិនី, ជា​អដ្ឋកថាមជ្ឈិមនិកាយ ឈ្មោះ​បបញ្ចសូទនី, ជា​អដ្ឋកថា សំយុត្តនិកាយ ឈ្មោះ សារត្ថបកាសិនី, និង​ជាអដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះ​មនោរថបូរណី, ត​ពី​នោះ ក្នុង​អភិធម្មបិដក បក​ប្រែ​បច្ចរិយ​អដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាបករណ៍ ធម្មសង្គណី ឈ្មោះ​អដ្ឋសាលនី​ក្នុង​ភាសាមគធៈ ជា​អដ្ឋកថាបករណ៍វិភង្គ ឈ្មោះ​សម្មោហវិនោទនី និង​ជាអដ្ឋកថា ៥ បករណ៍ ឈ្មោះបរមត្ថទីបនី ។
ព្រះពុទ្ធ​ឃោសៈ ធ្វើ​អដ្ឋកថា​សីហឡៈ ទាំង​អស់​ឲ្យ​ជាអដ្ឋកថា ព្រះត្រៃបិដក ក្នុង​ភាសាមគធៈ ដែល​ជា​មូល​ភាសា ដូច​ពោល​មក​ហើយ​ដូច្នោះ អដ្ឋកថា​នោះឯង បាន​នាំ​មក​នូវប្រយោជន៍​សុខ​ដល់​ពពួក​ជន​ក្នុង​ប្រទេស​ដទៃៗ ទាំងពួង យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រស់​នៅ​រហូត​ដល់​អស់​អាយុ ទើប​ទៅ​កាន់​ទេវ​លោក​នោះ​ឯង ។
កាល​ដែល​បាន​បក​ប្រែអដ្ឋកថាព្រះត្រៃបិដក ចប់​សព្វ​គ្រប់​ហើយ ផែនដី​កក្រើកញ័រ (ជាអស្ចារ្យ) អដ្ឋកថា​ព្រះត្រៃបិដក ដែល​ព្រះថេរៈ​ធ្វើ​ដូច​ពោល​មក​នេះ គឺ​បក​ប្រែចប់​សព្វ​គ្រប់ តែ​ក្នុង​រយៈ​កាល ១ ឆ្នាំ​ប៉ុណ្ណោះ ។
លុះ​បក​ប្រែ​រួច​ហើយ ព្រះពុទ្ធ​ឃោសៈ ប្រាថ្នា​ដើម្បី​នឹង​បាន​មក​ថ្វាយ​បង្គំ​ព្រះមហាពោធិព្រឹក្ស ទើប​ក្រាប​ថ្វាយ​បង្គំ​ព្រះភិក្ខុសង្ឃ ត្រឡប់​មក​ជម្ពូទ្វីប​វិញ ។
ព្រះរាជាមហានាម ទ្រង់​គង់​ផែនដី​អស់ ១២ ឆ្នាំ ទ្រង់​ធ្វើបុណ្យ​ច្រើន​យ៉ាង ដោយ​ប្រការ​ផ្សេង​ៗ​ហើយ ស្តេច​ក៏​ទៅ​កាន់​បរលោក​តាម​យថាកម្ម ។ ចំណែក​ព្រះពុទ្ធ​ឃោសត្ថេរ​នោះ បាន​រចនា​អដ្ឋកថា នៃ​ព្រះត្រៃបិដក​ទុក បាន​សាង​ប្រយោជន៍​ដ៏​សម​គួរ​ដល់​សត្វ​លោក​ជា​ច្រើន តាំង​នៅ​រហូត​គ្រប់​អាយុ​ខ័យ ក៏​បាន​ទៅ​កាន់​ឋាន​តាវត្តិង្ស​ហើយ ដូច្នេះ​ឯង ។
សេចក្តី​ប្រាថ្នា​ព្រះពុទ្ធឃោសត្ថេរ
យំ សិទ្ធំ ឥមិនា បុញ្ញ  យំ ចញ្ញំ បសុតំ មយា ឯតេន បុញ្ញកម្មេន    ទុតិយេ អត្តសម្ភវេ
តាវតឹសេ បមោទេន្តោ         សីលាចារគុណេ រតោ អលគ្គោ​   បញ្ចកាមេសុ        បត្វា បឋមំ ផលំ
អន្តិមេ អត្តភាវម្ហិ       មេត្តេយ្យំ មុនិបុង្គវំ លោកគ្គបុគ្គលំ នាថំ      សព្វសត្តហិតេ រតំ
ទិស្វាន តស្ស ធីរស្ស សុត្វា សទ្ធម្មទេសនំ អធិគនា ផលំ អគ្គំ       សោភេយ្យំ ជិនសាសនន្តិ ។
បុណ្យ​ណា ដែល​សម្រេច​ហើយ​ដោយ​ការ​ធ្វើ​នេះ និង​បុណ្យ​ដទៃ​ណា ដែល​ខ្ញុំ​បាន​ខ្វល់ខ្វាយ​ទុក ដោយ​អំណាច​នៃ​បុណ្យ​នោះ ក្នុង​អត្តភាពទី ២ សូម​ឲ្យ​ខ្ញុំ​រីករាយ​ក្នុង​ឋាន​តាវត្តិង្ស ត្រេកអរ​ក្នុង​គុណ​គឺ​សីល និង​អាចារៈ មិន​ជាប់ជំពាក់​ក្នុង​កាម​គុណ​ទាំង ៥ បាន​សម្រេច​អរិយផល​ទី ១ (សោតាបត្តិផល) ក្នុង​អត្ថភាព​ចុង​បំផុត សូម​ឲ្យ​ខ្ញុំ​បាន​ជួប​ព្រះអារ្យ​មេត្រី ព្រះមុនី​ដ៏​ប្រសើរ ជា​បុគ្គល​ចម្បង​ក្នុង​លោក ជា​ព្រះ​លោកនាថ ទ្រង់​ពេញ ព្រះទ័យ​ក្នុង​ការ​ជួយ​សត្វ​លោក​ទាំង​ពួង សូម​ឲ្យ​ខ្ញុំ​បាន​ស្តាប់​ព្រះសទ្ធម្ម​របស់​ព្រះមុនី​អង្គនោះ ដែល​ទ្រង់​ជា​អ្នក​ប្រាជ្ញ ហើយ​បាន​សម្រេចអរិយផល​ជាន់​ខ្ពស់ (អរហត្តផល) ញុំាង​ព្រះសាសនា​របស់​ព្រះ​ជិន​ស្រី​ឲ្យ​ល្អ​ស្អាត ដោយ​ប្រការ​ដូច្នេះ​ហោង ។ ប្រវត្តិ​របស់​ព្រះពុទ្ធ​ឃោសាចារ្យ ចប់ (សមន្តប្បាសាទិកា ភាគ ១)













Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...