Thứ Hai, tháng 8 31, 2020

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ-ព្រះសង្ឃគណៈកម្មការចំណុះវត្តសត្ថារាមវ័ន តារ៉ម មានទុក្ខជាទម្ងន់ចំពោះ ព្រះឧបជ្ឈាយ៍ បិយធម្មោ គឹមសុខ កើតឆ្នាំរោងត្រីស័ក ព.ស ២៤៩៥ - គ.ស ១៩៥១
ព្រះចៅអធិការវត្តសត្ថារាមវ័ន តារ៉ម និងជាព្រះឧត្តមប្រឹក្សា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ។
ព្រះអង្គទ្រង់អនិច្ចធម្ម នៅវេលា ម៉ោង ១១៖៣៥នាទី ថ្ងៃព្រហស្បតិ៍ ៩កើតខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៧ខែសីហា គ.ស ២០២០ គម្រប់ជន្មាយុ ៦៩ព្រះវស្សា ព្រះវស្សាផ្នួស បាន៥៣ព្រះវស្សា
៚ថ្ងៃព្រហស្បត៌៍ ៩កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៧ខែសីហា គ.ស២០២០ រសៀលម៉ោង ៥៖០០នាទី អារធនាព្រះសពតម្កល់ ចូលកាន់មឈូសនិងសិស្សគណប្រតិបត្តិខមាទោសគោរពព្រះវិញ្ញាណក្ខន្ធ។
ពេលរាត្រី ប្រារព្ធសាសននិយមកិច្ច។
៚ថ្ងៃសុក្រ ១០កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៨ខែសីហា គ.ស ២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ
ពេលរាត្រី ប្រារព្ធសាសននិយមកិច្ច សំដែងព្រះធម៌ទេសនានិងព្រះបរិត្ត ។
៚ថ្ងៃសៅរ៍ ១១កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ខែសីហា គ.ស២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ
ពេលរាត្រី ប្រារព្ធ សាសននិយមកិច្ច សំដែងព្រះធម៌ទេសនានិងពុទ្ធាភិសេក។
៚ថ្ងៃអាទិត្យ ១២កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ខែសីហា គ.ស ២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ។
ម៉ោង១៤រសៀល ពិធីបង្សុកូល អារធនាព្រះសព ប្រទក្សិណជុំវិញព្រះវិហាររួចតម្កល់លើព្រះមេន ម៉ោង៩ ធើ្វវិធីថ្វាយព្រះភ្លើង។
៚ព្រឹកថ្ងៃច័ន្ទ១៣កើតខែភទ្របទ ព.ស ២៥៦៤ ម៉ោង៨៖០០នាទី ពិធីរើសធាតុបង្សុកូលបញ្ចប់កម្មវិធី៕
គណៈកម្មការបុណ្យ
សូមប្រគេននិងជូនដំណឹង
សេចក្តីកម្មវិធីបុណ្យនេះអាចារ្យនាម ឡាង​ជាអ្នកសរសេរ
រូបភាពបុណ្យព្រះសពព្រះឧបជ្ឈាយ៍នេះខ្ញុំស្រង់ចេញពីFBជាច្រើន
យកមកដាក់ក្នុងBloggerរបស់ខ្ញុំ។









































































ស្រោមមឈូសនេះ កសាងឡើងក្នុងឆ្នាំ១៩៥០ ដោយស្នាប្រហត្ថ 
អតីតព្រះឧបជ្ឈាយ៍ សុវណ្ណសត្ថា គឹមកែវ វត្តចេតិយ
 ហើយបានប្រើប្រាស់បាន ៣ លើក គិតមកដល់បច្ចុប្បន្នគឺ:
_ ឆ្នាំ១៩៧៥ ដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ សុវណ្ណសត្ថា គឺមកែវ.
_ឆ្នាំ ២០១១ ដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ កេសរប្បញ្ញា គឺមណើយ។
_ បច្ចុប្បន្នបានយកទៅដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ បិយធម្មោ គឹម សុខ វត្តតារ៉ម។
Áo kim quang c này được xây dng điêu khc bng tay
 ca các ngh nhân năm 1950 tính đến thi đim này tròn 70 năm và s dng được 3 ln.
_ Ln 1 năm 1975 đt kim thân Hoà thượng Kim Keo chùa chêdey ( chùa tháp)
_ Ln 2 năm 2011 đt kim thân Hoà thượng Kim Nơi chùa tháp.
Ln 3 là hin ti được tái s dng đt kim thân Hoà thượng Kim Sóc chùa Tà Rom.















សិស្សគណស្រណោះ        
ម្លប់ពោត្រជាក់ស្លឹករងកម្តៅ                   សូទ្រាំដំបៅហ្មងសៅជីវិត    
ដោយក្តីសន្តោសរស់ឈឺមិនគិត               ព្រះទ័យប្រណិតនឹកគិតកូនចៅ
លះកាត់ទ្រង់ផ្នួសបួសស្មោះប្រពៃ           វស្សា៥៣គ្មានក្តីហ្មងសៅ
ព្រះជន្ម៧០រងគ្រោះខុសត្រូវ                 ដឹកដៃនាំផ្លូវដើរទៅរកសុខដុម។
បិយធម្មោគឹមសុខព្រះឧបជ្ឈាយ៍              បណ្តោសពូជធាសីមាតារ៉ម
ពោពេញគុណធម៌បវរឧត្តម                   មានសិស្សចោមរោមមានដល់៩វត្ត
សិស្សគណចំណុះឧប្បមានភ័ព្វវាសនា       បានទ្រង់ធម៌អាថ៍រក្សាសង្វាត
ក្រោមការបំបួសនៃគុណប្រាកដ              តែងស្តាប់ឧវាទដុះខាតចិត្តកាយ
ទីមួយវត្តធំទ្រនំព្រៃឈើម្លប់                   ២វត្តប្រខុប៣ស្លាប៉ាងឆោមឆាយ
៤វត្តត្រពាំងឈូកកំសត់ផ្លូវឆ្ងាយ              ៥ពិតនិស្ស័យវត្តខ្នាច់ទទឹង
៦វត្តដំបងពាក់ ៧វត្តជ្រៃតាសូ                ៨វត្តមេរងថ្មីស្រស់កែវព្រលឹង
៩វត្តតារ៉មកន្លែងទីពឹង                         ប្រះឧបជ្ឈាយ៍នឹងគឺព្រះសព
ចំណុះឧប្បនៃព្រះតេជគុណបិយធម្មោ គឹមសុខ វត្តតារ៉ម មាន៩វត្ត
.ប្រខុប វត្តធំ .វត្តត្រពាំងឈូក .វត្តជ្រៃតាសូ
. វត្តខ្នាចទទឹង .វត្តដំបងពាក់ .វត្តស្លាប៉ាង
.វត្តមេរងថ្មី .រួមវត្តតារ៉ម
សេចក្តីនេះអាចារ្យនាម ឡាង​ជាអ្នកសរសេរ















































Chủ Nhật, tháng 8 30, 2020


បុណ្យ (ភាសាបាលី បុញ្ញ)

ប្រែថា គុណជាតិដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់។
បុណ្យគឺជាទឹកចិត្ត ដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ រវើរវាយចិត្ត។ បុណ្យស្ថិតនៅលើចេតនា គឺការជ្រះថ្លា រីករាយពេញចិត្ត។ បើមិនមានចេតនា គឺការសប្បាយរីករាយ ពេញចិត្តហ្នឹងទេ ទោះបីជា​យើង​កំពុង​តែប្រារព្ធ​ពិធីបុណ្យ​សង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកធ្វើបុណ្យ ឬបានបុណ្យកុសលផលអានិសង្សសូម្បីតែបន្តិចនោះដែរ ម្ល៉ោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវ​តែធ្វើ​ចិត្តអោយ​បានសប្បាយ រីករាយជ្រះថ្លា អោយខ្លាំង បើមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួច ក៏គង់បានអានិសង្សច្រើនក្រាស់ក្រៃដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង។
ពាក្យថា ចេតនាក្នុងទីនេះ គឺសំដៅដល់ ការជ្រះថ្លា សប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗហ្នឹងឯង។ ចំណែកឯចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលនេះមានបីគ្រាគឺ៖
·         បុព្វចេតនាៈ ចេតនាមុនដំបូង បានដល់ ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា។
·         មុញ្ចនចេតនាៈ ចេតនាកំពុងធ្វើ បានដល់ រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា។
·         បរាបរចេតនាៈ ចេតនាក្រោយពេលធ្វើហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត មិនមានការក្តៅក្រហាយ ស្តាយក្រោយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏នៅតែជ្រះថ្លាដូចគ្នា។
បុញ្ញកិរិយាវត្ថុ១០







1.            កិរិយា​ឲ្យ​នូវ​វត្ថុ​ដ៏​គួរ​ដល់​បុគ្គល​ដែល​គួរ​ឲ្យ ដោយ​សេចក្ដី​សង្គ្រោះ​ឬ​បូជា​គុណ មាន​ឲ្យ​ដល់​មនុស្ស​កំសត់ ឬ​បូជា​ដល់​លោក​អ្នក​ដ៏​មាន​សីល និង​មាតាបិតា​ជា​ដើម ហៅ​ថា ទាន
2.            កិរិយា​វៀរចាក​អំពើ​អាក្រក់ ដែល​កើត​អំពី​កាយឬ​វាចា​មាន​វៀរ​ចាក​បញ្ចវេរា​ទាំង ៥ ជាដើម ហៅថាសីល
3.            កិរិយា​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់ ដោយ​សមថវិធី​ត្រឹម​ឧបចារ វិបស្សនា​វិធី​ត្រឹម​អនុលោក ហៅ​ថា ភាវនា
4.            កិរិយា​បន្ទន់​អស្មិមានះ ដែល​មាន​ក្នុងចិត្ត​ដោយ​សេចក្ដី​កោត​ក្រែង​ដល់​បុគ្គល​ដែល​គួរ​កោត​ក្រែង គឺ​ជន​ដែល​ចម្រើន​ដោយ​ជាតិ ដោយ​វ័យ និង​ដោយ​គុណ ហៅថា អបចាយនៈ
5.            កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ ឬ​វាចា ហៅ​ថា វេយ្យាវច្ចៈ
6.            កិរិយា​ឲ្យ​នូវ​ចំណែក​បុណ្យ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ដល់​អ្នក​ដទៃ​ដោយ​ចិត្ត​មេត្រី ដើម្បី​ឲ្យ​គេ​ប្រព្រឹត្ត​ត្រេកអរ​តាម ហៅថា បត្តិទានៈ
7.            កិរិយា​អនុមោទនា​ត្រេកអរ តាមសេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដោយចិត្ត​ដែល​ប្រាសចាក​សេចក្ដី​ឫស្យា ឈ្នានីស ហៅថា បត្តានុមោទនា
8.            កិរិយា​ណែនាំ​បង្រៀន​ប្រដៅ​អ្នកដទៃ ឲ្យ​ចេះ​ចំណេះ​ដែល​ឥត​ទោស ឬ​ពន្យល់​ក្នុង​ផ្លូវ​ធម៌​ឲ្យ​ស្គាល់​កិច្ច​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្បត្តិ​សួគ៌​និង​ព្រះនិព្វាន ហៅថា ធម្មទេសនា
9.            កិរិយា​តាំង​ចិត្ត​ស្ដាប់ធម៌​ដោយ​ប្រុង ឲ្យ​ចេះ​ចាំ​ធម៌អាថ៌បាន ហៅថា ធម្មស្សវន
10.      កិរិយា​ធ្វើ​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​របស់​ខ្លួន​ត្រង់តាម​គន្លង​ធម៌​ដែល​ពិត​មែន ហៅ​ថា ទិដ្ឋុជុកម្ម។
ទាំង​ ១០ ប្រការ​នេះ បាន​ជា​ហៅថា បុញ្ញកិរិយាវត្ថុ ព្រោះសុទ្ធ​តែ​ជា​ការ​បុណ្យ ការ​កុសល​ទាំង​អស់ ការ​កុសល​បែប​នេះចាត់​ជា កាមាវចរភូមិ។ ត្បិតតែថា បុណ្យកុសល គឺស្ថិតនៅលើចិត្ត សទ្ធាជ្រះថ្លា ត្រេកអរ ពេញចិត្តក៏ពិតមែន ប៉ុន្តែក៏ដោយសារតែមានហេតុពីខាងក្រៅដែរ ទើបធ្វើ​ឱ្យចិត្តជ្រះថ្លា​ទៅកើត ម្យ៉ាងទៀត ហេតុនាំ​ឱ្យបាន​បុណ្យកុសល​នេះទៀតសោត មិនមែនទាល់តែធ្វើ​បុណ្យសង្ឃទាន, បុណ្យបច្ច័យបួន, បុណ្យចម្រើនព្រះជន្ម ឬបុណ្យកឋិនជាដើម ឬក៏ទាល់តែចែកអំណោយ ជួយឧបត្ថម្ភ កសាងកុដិសាលា ឬសមិទ្ធិផលនានាជាដើម ទើបបានបុណ្យអានិសង្សនោះទេ តាមពិតទៅ ហេតុនាំឱ្យបានបុណ្យ​អានិសង្ស​មានច្រើនទៀត មិនមែនមានតែត្រឹមប៉ុណ្ណឹងនោះឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ហេតុនាំអោយបានបុណ្យអានិសង្សនោះ ទាំងអស់គឺមាន ១០ យ៉ាង។
ទានមយបុណ្យ
បុណ្យសម្រេចពីការធ្វើទាន គឺការលះបង់ទ្រព្យ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។
ទានមាន ៣​ យ៉ាងគឺ៖
1.            អាមិសទានៈ បានដល់ការបរិច្ចាគទាន ប្រគេនចង្ហាន់ បាយទឹក នំចំណី ស្បង់ស្បៃត្រៃចីវរ បរិក្ខារផ្សេងៗ ឬក៏ជួយឧបត្ថម្ភ កសាងកុដិសាលា ព្រះវិហារ ការចែកអំណោយ ដល់ជនក្រីក្រ លោកយាយលោកតា ក្មេងអនាថាជាដើម។
2.            ធម្មទានៈ ការអោយធម៌ជាទានបានដល់ការបង្ហាត់បង្រៀន ទូន្មាន ប្រៀនប្រដៅ ឱ្យអ្នកដទៃបានល្អ បានចំណេះចេះដឹង បានប្រយោជន៍ បានសេចក្តីសុខ នេះហៅថា ឱ្យធម៌ជាទាន សូម្បីការជាវគម្ពីរធម៌អាថ៌ បិដក អដ្ឋកថា ដីកា យោជនា ឬ​សៀវភៅក្បូនច្បាប់នានា យកទៅវេរប្រគេន ដល់ព្រះសង្ឃដើម្បីតម្កល់ទុកដាក់ក្នុងវត្ត ឬតាមទីកន្លែងផ្សេងៗទៀត ក៏ឈ្មោះថាធ្វើបុណ្យធម្មទានដែរ។
3.            អភយទាន:​ ការមិនធ្វើអោយសត្វទាំងអស់​ ទាំងមនុស្ស​និងសត្វតិរច្ឆាន​ ភ័យតក់ស្លត់​ បាក់ស្បាត​ ជាដើម។
សីលមយបុណ្យ]
បុណ្យបានមកដោយសារការរក្សាសីល បានដល់ការសមាទាន កាន់យកនូវសីល ៥, សីល ៨, សីល ១០​ ជាដើម ឬការមានអាកប្បកិរិយា ចរិយាមារយាទល្អ សុភាពរម្យទម ស្លូតបូត សុចរិតត្រឹមត្រូវ ពោលគឺការសង្រួម វៀរចាកការ​ប្រព្រឹត្ត​​នូវ​ទង្វើ​អាក្រក់​តាមផ្លូវកាយ និង វាចា។
ទង្វើអាក្រក់តាមផ្លូវកាយដែលគួរវៀរចាកនោះ មាន ៤ ចំណុចគឺ៖
1.            បាណាតិបាត កិរិយាសម្លាប់សត្វមានជីវិត។
2.            អទិន្នាទាន ការលួច ឆក់ ប្លន់ បន្លំ កិបកេង ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
3.            កាមេសុមិច្ឆាចារ កិរិយាប្រព្រឹត្តខុសក្នុងកាម មានការផិតក្បត់ សាហាយស្មន់ លួចលាក់ ឬល្បួងលួងលោម ចាប់បង្ខំប្រពន្ធកូនអ្នកដទៃ។
4.            សុរាមេរ័យ ការសេពនូវគ្រឿងស្រវឹង មានសុរា មេរ័យ​ គ្រឿងញៀនទាំងឡាយជាដើម។
ទង្វើអាក្រក់តាមផ្លូវវាចាដែលគួរវៀរចាកនោះ មាន ៤ ចំណុចគឺ៖
1.            មុសាវាទ ការនិយាយកុហក់ ភូតភរ ឆបោក មួលបង្កាច់ បង្ខូចបញ្ឆោតបោកប្រាស់អ្នកដទៃ។
2.            បិសុណាវាចា ការនិយាយពាក្យញុះញង់ បំបែកបំបាក់ នាំឱ្យអ្នកដទៃឈ្លោះទាស់ទែងបាក់បែកប្រេះឆាគ្នា។
3.            ផរុសវាចា ការនិយាយពាក្យអាក្រក់ អាសគ្រាម មិនពីរោះ គំរោះគំរើយ ទ្រគោះបោះបោក ត្រមាំងត្រមោក ជេរប្រទេចផ្ដាសា ប្រមាទមើលងាយ រិះគន់អ្នកដទៃ។
4.            សម្ផប្បលាបៈ ការនិយាយរោយរាយ ឥតប្រយោជន៍។
បើយើងវៀរចាក មិនប្រព្រឹត្តធ្វើទាំងតាមផ្លូវកាយ និងវាចាអោយបានគ្រប់ទាំង ៨ ចំណុចនេះ ឈ្មោះថាយើងមានសីលធម៌ល្អត្រឹមត្រូវ ថែមទាំងបានបុណ្យអានិសង្សទាំងយប់ទាំងថ្ងៃគ្រប់ពេលទៀតផង។
ភាវនាមយបុណ្យ
បុណ្យសម្រេចពីការចម្រើនសមថ និងវិបស្សនា គឺការអប់រំទូន្មានខ្លួន ចម្រើនសេចក្តីស្ងប់ ដើម្បីឲ្យចិត្តបានបរិសុទ្ធផូរផង់។
ទង្វើដែលធ្វើឱ្យចិត្តមិនស្ងប់នោះ មាន​ ៣ យ៉ាងគឺ៖
1.            អភិជ្ឈា ការគិតសំឡឹងរំពៃ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ។
2.            ព្យាបាទ ការខឹងក្រោធ ច្រណែនឈ្នានីស គំនុំគុំគួន ចងអាឃាតព្យាបាទអ្នកដទៃ។
3.            មិច្ឆាទិដ្ឋិ ការយល់ខុសចាកពីហេតុផលពិតជាក់ស្ដែង ដូចយល់ឃើញថា ឪពុកម្ដាយមិនមានគុណ គ្មានបុណ្យ គ្មានបាប គ្មានជាតិមុខ គ្មានជាតិក្រោយជាដើម។
ការអប់រំ ទូន្មានគ្របសង្កត់ចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចធ្វើអ្វីផ្សេងៗ ឬពោលស្ដីនិយាយអ្វីបានក៏ដោយសារចិត្តជាអ្នកបង្គាប់បញ្ជាមក ទើបធ្វើ ឬនិយាយស្តីទៅកើត បើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោល និយាយ​ស្ដីអ្វីក៏ដោយ ក៏សុទ្ធតែអាក្រក់ ទៅតាមចិត្តនោះទាំងអស់អញ្ចឹងដែរ តែបើចិត្តគិតរឿងល្អ រឿងបុណ្យកុសល ទោះធ្វើអ្វីក្ដី និយាយស្ដីអ្វីក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសលទាំងអស់ដែរ ដូច្នេះត្រូវខំប្រឹងប្រែងព្យាយាម ទូន្មាន អប់រំគ្រប​សង្កត់ចិត្ត គឺធ្វើឱ្យចិត្ត​គិតតែរឿងល្អៗតែម្យ៉ាងប៉ុណ្ណោះ។ មួយវិញទៀត ការអប់រំ ទូន្មានចិត្តនេះសោត ក៏ជាចំណុចសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាផងដែរ ដែលអាចជួយឱ្យបានទៅដល់គោលដៅចុងក្រោយ នោះគឺជាព្រះនិព្វាន។
អបចាយនមយបុណ្យ]
បុណ្យសម្រេចពីការគោរព ឱនលំទោនដល់អ្នកដែលគួរគោរព មានដូចជា គោរពទៅតាមគុណធម៌ បានដល់ព្រះសង្ឃ ឪពុកម្តាយ អ្នកមានសីលជាដើម។ គោរពទៅតាមវ័យ មានចាស់ព្រឹទ្ធាចារ្យ ចាស់ទុំទាំងឡាយ ដែល​មាន​អាយុ​​ច្រើនជាង​យើង​ជាដើម។ ផលនៃការគោរពនេះ ធ្វើឲ្យយើងបាននូវសេចក្តីសុខ អ្នកផងគោរពស្រឡាញ់រាប់អាន។
វេយ្យាវច្ចមយបុណ្យ
បុណ្យសម្រេចពីការជួយក្នុងការងារនៃបុណ្យ បានដល់ការខ្វល់ខ្វាយ ខ្នះខ្នែង ជួយចាត់ចែង រៀបចំ ឧបត្ថម្ភ ជ្រោមជ្រែង ក្នុងពិធីបុណ្យរបស់ខ្លួនឯងក្ដី របស់អ្នកដទៃក្ដី មានដូចជាការបោសសំអាតវត្តអារាម បម្រើព្រះសង្ឃ ក៏ដូចជាអ្នកដែល​មាន​គុណធម៌ខ្ពស់ ជួយរៀបចំចង្ហាន់ ទីសំណាក់ជាដើម។
ធម្មស្សវនមយបុណ្យ
បុណ្យបានមកពីការស្ដាប់ធម៌ ការស្ដាប់ព្រះធម៌នេះ សំខាន់ខ្លាំងណាស់ បើមិនបានស្ដាប់ទេនោះ យើងក៏មិនស្គាល់ បុណ្យ បាប គុណ ទោស ល្អ អាក្រក់ ត្រៃលក្ខណ៍ សច្ចធម៌នោះដែរ ហើយការស្ដាប់ ដែលចាត់ថា បានបុណ្យ បានផល​ប្រយោជន៍​ច្រើននោះ គឺការស្ដាប់ដោយគោរព យកចិត្តទុកដាក់ ពិនិត្យ សង្កេត ពិចារណាឱ្យយល់អត្ថន័យសេចក្តី។
ធម្មទេសនាមយបុណ្យ
បុណ្យបានមកពីការសម្តែងធម៌ បានដល់ការប្រាប់បង្ហាត់បង្ហាញបង្រៀន ពន្យល់ណែនាំ ទូន្មានប្រៀនប្រដៅ ឱ្យដឹងពីបាប បុណ្យ គុណទោស រារាំងហាមប្រាម មិនអោយធ្វើទង្វើអាក្រក់ ខុសសីលធម៌ សុជីវធម៌ក្នុងសង្គម។ ណែនាំ​ឲ្យដើរ​ផ្លូវ​ល្អ ធ្វើអំពើ​ជាកុសល ដើម្បីសេចក្តីសុខដល់ខ្លួន និងអ្នកដទៃអស់កាលវែង។
បត្តិទានមយបុណ្យ
បុណ្យបានមកដោយសារការចែកចំណែកផលបុណ្យដល់អ្នកដទៃ។
ធម្មតាការចែករំលែករបស់របរផ្សេងៗឱ្យទៅគេ ឱ្យកាន់តែច្រើន អស់ក៏កាន់តែច្រើនដែរ ប៉ុន្តែការចែករំលែកបុណ្យកុសលវិញ ចែកឱ្យគេកាន់តែច្រើន អ្នកអោយនោះ រឹងរឹតតែបានបុណ្យកាន់តែច្រើនដែរ លោកប្រៀបឧបមាដូចជាពន្លឺ​ភ្លើងទៀន​មួយដើម បើយើងយកទៀនផ្សេងទៀតទៅអុជចម្លងបន្ត គឺរឹងរឹតតែធ្វើឱ្យភ្លឺកាន់តែខ្លាំងឡើងថែមទៀត ឯការចែកបុណ្យដល់អ្នកដទៃ ក៏មានឧបមាដូច្នោះដែរ។ ម្យ៉ាងទៀត ការចែករំលែកផលបុណ្យនេះ គឺសំខាន់ខ្លាំងណាស់ សម្រាប់​អ្នក​ដែលចែក​ឋាន​ទៅ​ហើយ ដូចជាជីដូនជីតាមាតាបិតារបស់យើងជាដើម បើយើងធ្វើបុណ្យហើយ មិនបានឧទ្ទិស ជូនចំណែកផលបុណ្យនេះ ទៅដល់ពួកគាត់ទេ ទោះបីយើងធ្វើបុណ្យធំប៉ុណ្ណាក៏ដោយ ក៏ពួកគាត់មិនអាចទទួលបានផលបុណ្យសូម្បីបន្តិច​បន្តួច​ឡើយ។
ការចែកចំណែកផលបុណ្យនេះមាន ២ ប្រភេទគឺ៖
1.            បើយើងចែកចំណែកផលបុណ្យនេះ ដល់អ្នកដែលកំពុងរស់នៅដូចគ្នា ហៅថា ប្រគេន ថ្វាយ ឬជូនបុណ្យ។ នេះជាពាក្យសម្រាប់ជូនបុណ្យដល់គ្នានិងគ្នា។
2.            បើចែកចំណែកផលបុណ្យដល់អ្នកដែលស្លាប់ ចែកឋានទៅហើយ ហៅថា ឧទ្ទិស។ នេះជាពាក្យសម្រាប់ឧទ្ទិសផលបុណ្យដល់អ្នកស្លាប់។
បត្តានុមោទនាមយបុណ្យ[
បុណ្យបានមកដោយសារការ ជ្រះថ្លា ពេញចិត្ត ត្រេកអរទទួលអនុមោទនាចំណែកបុណ្យជាមួយគេ ឬដែលគេបានអោយ។ ការជ្រះថ្លា ពេញចិត្ត ត្រេកអរនូវចំណែកបុណ្យនេះ ទោះជាគេមិនបានអោយក៏ដោយ គ្រាន់តែ​យើង​ជ្រះថ្លា​ត្រេកអរ​ក្នុង​ចិត្ត​តាម​គេ ឬសុំចែកពីគេក៏ដោយ ក៏បានបុណ្យអានិសង្សដូចគ្នាដែរ។
ការអនុមោទនាទទួលយកបុណ្យកុសលនេះ គឺសំខាន់ខ្លាំងណាស់ ពិសេសសម្រាប់ពពួកប្រេត នរក អសុរកាយ បើមិនចេះអនុមោទនា ទទួលយកកុសលផលបុណ្យទេ គឺមិនអាចរួចផុតពីកំណើតថោកទាប ទុក្ខទោសវេទនាទាំងអស់នោះ ហើយបាន​ទៅកើតក្នុងស្ថានសុគតិភព សួគ៌ទេវលោកបានដោយឆាប់រហ័សឡើយ។
ទដ្ឋិជុកម្មមយបុណ្យ
បុណ្យកើតមកពីការមានគំនិត គិតយល់ត្រឹមត្រូវ ទៅតាមហេតុផលពិត បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិថា ឪពុកម្ដាយមានគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានពិតមែន កម្មមាន ផលរបស់កម្មក៏មាន បុណ្យមាន បាបមាន ជាតិមុនមាន ជាតិក្រោយក៏មាន ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ប្រេត នរក អសុរកាយមានប្រាកដមែន ឬក៏យល់ជឿជាក់ច្បាស់ថា អ្វីៗទាំងអស់មិនទៀង ជាទុក្ខ ជាអនត្តា ទុក្ខសច្ចៈ មានពិតមែន ហេតុនាំឱ្យកើតទុក្ខក៏មាន កន្លែងរួចផុតចាកទុក្ខក៏​មាន ផ្លូវ ប្រតិបត្តិ​ដែលនាំឱ្យបានរួចផុតចាកទុក្ខ​ក៏មាន ដូច្នេះជាដើម។






ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ

ខណ្ឌ​សញ្ញា (Signes de ponctuation) 
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។
១-ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)
សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។
ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ

● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។
និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង។

២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)
សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។
ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។
សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ… ចុះ​ថ្ងៃ​ទី….
កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា… ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។

៣-បុច្ឆន​សញ្ញា (?) (Point d’interrogation)
ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា…) យ៉ាង​ម៉េច​ក៏…, អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, … ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។
​ -ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
-គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។
ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។

៤-ឧទានសញ្ញា (!) (Point d’exclamation)
សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។

៥-អញ្ញប្រកាស ( “…” )
គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖
ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។
ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។
គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ
ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។

៦-អព្ភន្តរ​សញ្ញា (‘…’)
សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ….” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“…”) ឬ («…») ។
ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘… ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “…” ) ។

៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (…) (point de Suspension)
ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។
ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា… ។ ​
គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។
ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។

៨-វង់​ក្រចក ឬ​នខសញ្ញា ( )
បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។
ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។

៩-វង់​តង្កៀប […..]
នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។

១០-រ៉ាត់ ឬ​ឃ្នាប ( } ឬ { ….} ) (Accolade)
សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {…..} ។
ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។

១១-បេយ្យាលៈ ឬ លៈ (។ល។)
គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។

១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )

១៣- ខណ្ឌចប់ ( ៕ )
ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។

១៤- អាទិសង្កេត ( . )
គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖
១. មង្គល​ការ អបមង្គល
២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
៣. ចង់​រត់​ចេញ​ពី​សង្គម…
ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។

១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)
បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។

១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)
គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚
ចែកចាយ​តាម៖










បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...