ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
កម្មគឺជាអ្វី?
ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា "ម្នាលភិក្ខុទាំងឡាយ!
គឺចេតនា ដែលតថាគតហៅថាកម្ម " ។ ន័យរបស់កម្មក្នុង ពាក្យសាមញ្ញធម្មតាគឺ អំពើ
ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេស កម្មមានន័យថា ចេតនា ។ ចេតនា
គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែល
ញ៉ាំងសម្បយុត្តធម៌គឺចិត្តឲ្យប្រព្រឹត្តអំពើ ជាកុសលឬជាអកុសល ។
កាលណាអ្នកធ្វើអំពើអ្វីមួយ តែងតែមានចេតនា នៅពីក្រោយអំពើនោះ
ហើយចេតនានោះ សេចក្តីប្រឹងប្រែង តាមផ្លូវចិត្តហៅថាកម្ម ។
ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនាបុគ្គលនោះរមែង
ធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។
ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើង និងរលត់ទៅជាមួយនឹងចិត្ត ។
បើអ្នកពុំសូវដឹង អំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “
ច្បាប់នៃកម្ម “ នេះជាជំនួយសំខាន់មួយ សំរាប់អ្នកអាន ។ ជនទាំងឡាយមួយចំនួន
ដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញ ដោយសារតែទ្រឹស្តីនៃកម្ម
ឲ្យចូលមក ក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់
អំពីច្បាប់នៃកម្មណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗ មានសភាពខុសៗគ្នា
និងហេតុដែលបណ្តាល ឲ្យបុគ្គលម្នាក់ៗមាន ទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។
ជនជាតិអ៊ីតាលីម្នាក់ បានពិចារណាយ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ
អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន
អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់
អ្នកខ្លះឆ្លាតអ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្ស មានវាសនាខុសគ្នា
យ៉ាងនេះ?
គាត់បានសាកសួរ
រកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយ ណាមួយឲ្យពេញចិត្តគាត់ឡើយ
។ ថ្ងៃមួយគាត់បានអានសៀវភៅ អំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “
ច្បាប់នៃកម្ម “ គាត់មានការពេញចិត្ត ជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង
ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើនហើយក៏បួសជាភិក្ខុ រហូតដល់អស់អាយុសង្ខារទៅ ។
ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ ទាក់ទាញឲ្យចូលសាងភ្នួស
ក្នុងសំណាក់សាសនាព្រះពុទ្ធ ហើយប្រព្រឹត្តនូវ ព្រហ្មចរិយធម៌
ជាការប្រពៃណាស់ចំពោះព្រះអង្គ ។
កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់
សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេព ណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។
គ្មានច្បាប់តុលាការទេក៏គ្មានអ្នកកាត់ក្តីចំពោះ កម្មដែលមនុស្សធ្វើដែរ ។
កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផល តាមហេតុនោះៗ ។
មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។
សត្វលោកដែលទទួលផល ល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្ម
ជាហេតុប៉ុណ្ណោះ គ្មានទាក់ទង នឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។
អ្នកធ្វើអំពើ ដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់អ្នកធ្វើអំពើដោយចេតនាល្អ
នឹងទទួលផលល្អ ។ មនុស្សម្នាក់ៗ តែងធ្វើ នូវកម្មដែលជាកុសលផង ជាអកុសលផង
បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល?
បើគ្មានអ្នកកាត់ក្តី ឲ្យទោសឬរង្វាន់ទេនោះ
តើអ្វីជាអ្នកចាត់ចែង ឲ្យសត្វលោក ទទួលផលនៃកម្មរបស់ខ្លួន?
ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ
កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺមិនមានរូបរាង តួអង្គជាអ្វីមួយទេ
ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាព បណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ
អាក្រក់ ។ បុគ្គលម្នាក់ៗ ធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់
នៃកម្មទាំងនោះតែងទទួលផល នៃកម្មរបស់ខ្លួន ក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ
មិនអាចចែករំលែក កម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាច ទទួលផលនៃកម្ម ដែលអ្នកផ្សេងបានធ្វើដែរ
។ ដោយសង្ខេបឲ្យខ្លីនរណាធ្វើកម្ម ដោយចេតនា អ្នកនោះជា អ្នកទទួលខុសត្រូវ
និងជាអ្នកទទួលផល ។ នៅពេលដែលព្រះពុទ្ធ ទ្រង់គង់ព្រះជន្មនៅឡើយ
មានព្រាហ្មណ៍ម្នាក់ឈ្មោះ តោទេយ្យៈ គាត់ជាមនុស្ស រិះកំណាញ់យ៉ាងខ្លាំង
មិនដែលធ្វើទានឲ្យវត្ថុអ្វី ទៅអ្នកណាម្នាក់សោះឡើយ គាត់សន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើន
ហើយក្លាយជា សេដ្នីដ៏ស្តុកស្តំម្នាក់ ។ ដោយហេតុគាត់ជាប់ជំពាក់ នឹងទ្រព្យសម្បត្តិ
របស់គាត់យ៉ាងខ្លាំង ពេលគាត់ស្លាប់ទៅ ក៏កើតជាសត្វឆ្កែនៅក្នុងផ្ទះរបស់គាត់ ។
កូនប្រុសរបស់គាត់ឈ្មោះសុភៈ ដែលទទួលមត៌កអំពីគាត់ ស្រឡាញ់ពេញចិត្តនឹង សត្វឆ្កែនេះណាស់
តែមិនដឹងថា ជាឳពុករបស់ខ្លួនឡើយ ។
ថ្ងៃមួយ ព្រះពុទ្ធយាងទៅកាន់ ផ្ទះសេដ្នីសុភៈ
ពេលនោះឆ្កែតោទេយ្យៈ ក៏ព្រុះព្រះអង្គ ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូល
ទៅកាន់សត្វឆ្កែថា“ ម្នាលតោទេយ្យៈ! ពេលដែលអ្នករស់នៅ ជាមនុស្សអ្នកតែងតែមិនគោរពគេ
ឥឡូវនេះអ្នកគ្មានការគួរសម ទៀតហើយ ដោយអ្នកព្រុះតថាគត ។ អ្នកនឹងទៅកើត ក្នុងស្ថាននរក
មិនខានឡើយ “។ ឆ្កែបានឮដូច្នោះ ក៏គិតថា “ អូ! ព្រះសមណគោតមនេះស្គាល់អញផងតើ “ ។
ឆ្កែតោទេយ្យៈ នឹកអន់ចិត្តយ៉ាងខ្លាំង ក៏ដើរទៅដេកននៀល ក្នុងភ្នក់ផេះ ។
សេដ្នីសុភៈស្រឡាញ់ឆ្កែណាស់ មានកន្លែងដ៏ស្អាតល្អប្រណិត សម្រាប់ឆ្កែដេក កាលបើឃើញឆ្កែទៅដេកក្នុងភ្នក់ផេះ
ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកបំរើប្រាប់សុភៈថា ព្រះពុទ្ធមានព្រះបន្ទូល
អ្វីមួយទៅកាន់ឆ្កែ ធ្វើឲ្យឆ្កែខឹងហើយ ក៏ទៅដេកក្នុងផេះទៅ ។
សុភៈក៏ចូលទៅទូលសួរព្រះពុទ្ធព្រះពុទ្ធក៏ប្រាប់តាមដំណើររឿង ។ សុភៈគិតក្នុងចិត្តថា
បើតាមគម្ពីរព្រាហ្មណ៍ ឳពុករបស់អញគួរតែទៅកើតឯស្ថានសួគ៌ ប៉ុន្តែព្រះគោតម
បែរជាប្រាប់អញថា គាត់បានកើត ជាសត្វឆ្កែទៅវិញព្រះគោតមនេះពិតជា
មានបន្ទូលមិនប្រុងប្រយ័ត្ន ។ ដោយទ្រង់ជ្រាបថា សុភៈមិនយល់ស្រប តាមបន្ទូលព្រះអង្គ
ព្រះពុទ្ធក៏សួរសុភៈ ថា “ បពិតលោកសេដ្នី ក្រោយពេលឳពុកលោក
ស្លាប់ទៅតើមានបាត់មាសប្រាក់ -ទ្រព្យសម្បត្តិដែរឬទេ “?
សេដ្នីសុភៈឆ្លើយថា “
មានបាត់មាសប្រាក់ជាច្រើន មិនដឹងបាត់ទៅឯណា “ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “
សូមលោកសេដ្នី ចាំដល់យប់ជ្រៅសិនទើបដាក់អាហារឲ្យឆ្កែ លុះឆ្កែស៊ីរួចហើយ
សូមសួរឆ្កែអំពីមាសប្រាក់ ដែលបាត់នោះ “ ។ សេដ្នីសុភៈ ដោយចង់រកមាសប្រាក់ដែល បាត់នោះក៏សុខចិត្តធ្វើតាម
បន្ទូលរបស់ព្រះពុទ្ធ ។ ឆ្កែក៏នាំសុភៈទៅបង្ហាញកន្លែងដែលគាត់ (តោទេយ្យៈ)
បានលាក់ទុកមាសប្រាក់ កាលពីមុនពេលគាត់ស្លាប់ ។ សេដ្នីសុភៈ ក៏បានរកឃើញ
មាសប្រាក់ទាំងនោះវិញ រួចក៏ចូលទៅក្រាបទូល សួរព្រះពុទ្ធអំពីហេតុដែលបណ្តាល
ឲ្យមនុស្សខុសៗគ្នា ខ្លះមាន ខ្លះក្រ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះរូបល្អ ខ្លះរូបអាក្រក់
ខ្លះពិកា ខ្លះកើតក្នុង ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូល អ្នកស្រែចំការក្រីក្រ
។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ ម្នាលលោកសេដ្នី បុគ្គលម្នាក់ៗ ជាម្ចាស់របស់កម្ម
ជាអ្នកទទួលមត៌កនៃកម្ម មានកម្មជាឳពុកម្តាយ មានកម្មជាញាតិ មានកម្មជាទីជំរក
គឺកម្មនេះហើយ ដែលចែក សត្វលោកឲ្យខុសៗគ្នា “។
ដោយសុភៈមិនយល់ អំពីព្រះបន្ទូល ព្រះពុទ្ធក៏ទ្រង់សំដែង
អំពីច្បាប់នៃកម្ម ឲ្យសុភៈបានយល់ច្បាស់ មានសេចក្តីបរិយាយ ដូចតទៅនេះ ។
កម្មបានត្រូវចាត់តាមលំដាប់នៃ មុខងារ ទម្ងន់របស់វា ពេលវេលានិងកន្លែង ដែលវាត្រូវកើត
។
មុខងារនៃកម្ម
មុខងាររបស់កម្ម មាន៤យ៉ាងគឺ ៖
-
ជនកកម្ម កម្មដែលឲ្យផល ឲ្យសត្វបដិសន្ធិ
-
ឧបត្ថម្ភកកម្ម កម្មដែលជាជំនួយ ដែលគាំទ្រ
-
ឧបបីឡកម្ម កម្មដែលរារាំង បៀតបៀនដល់កម្មដទៃ
-
ឧបឃាដកកម្ម កម្មដែលកំចាត់បង់កម្មដទៃ ហើយឲ្យផលខ្លួនឯង
១-ជនកកម្ម
ជនកម្មគឺជាកម្មដែលបណ្តាលឲ្យម្ចាស់នៃកម្មនោះសោយផល
ទោះល្អក្តី អាក្រក់ក្តី មិនអាចជៀសផុត ពីផលរបស់វាបានឡើយ ។
២-ឧបត្ថម្ភកកម្ម
គឺកម្មដែលជួយទ្រទ្រង់ ដល់កម្មដទៃទៀត ឲ្យម្ចាស់កម្មសោយផល
នៃកម្មដទៃនោះ មិនឲ្យផលដោយខ្លួនវាទេ ។
៣-ឧបបីឡកម្ម
គឺកម្មដែលទប់មិនឲ្យ កម្មដទៃទៀត ផ្តល់ផលឲ្យទៅម្ចាស់កម្មជាបណ្តោះអាសន្ន
កម្មដទៃនោះ មិនសាបសូន្យទៅណាទេ អាចឲ្យផល ទៅថ្ងៃក្រោយបាន
កាលណាកម្មដែលរារាំងនោះរលត់ទៅ ។
ឧបឃាដកកម្ម
គឺកម្មដែលបំផ្លាញ កម្មដទៃឲ្យវិនាស កុំឲ្យមានតទៅទៀត
ហើយឲ្យផលដោយខ្លួនឯង ។
ទម្ងន់របស់កម្ម
ការចាត់កម្ម ទៅតាមទម្ងន់របស់វា មាន៤បែបគឺៈ
-
អនន្តរិយកម្ម
កម្មធ្ងន់ផ្នែកអកុសល ឬគរុកម្ម កម្មខ្លាំងក្លាផ្នែកកុសល
-
អាសន្នកម្ម កម្មទាន់ហន់
ក្នុងពេលរៀបស្លាប់
-
អាចិណ្ណកម្ម
កម្មទម្លាប់ កម្មស្រាល
-
កតត្តាវាបនកម្ម
កម្មដែលឲ្យផលចុងក្រោយ
អនន្តរិយកម្ម
គឺកម្មដែលមាន ទម្ងន់ធ្ងន់មិនអាច មានកម្មដទៃណាមករារាំង
ឬកំចាត់បាន សោះឡើយ ម្ចាស់កម្មនេះ ត្រូវតែទទួលផល ជាដាច់ខាត ។ កម្មធ្ងន់នេះ
មានការសម្លាប់ឳពុកម្តាយ ការធ្វើឲ្យឈាមព្រះពុទ្ធហូរចេញ ការសម្លាប់ព្រះអរហន្ត
ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ខាងផ្នែកអកុសល ។ គរុកម្មខាងផ្នែកកុសលវិញ
មានការបូជា ធ្វើកុសលកម្មផ្ទាល់ នឹងព្រះពុទ្ធអង្គ ការសម្រេចឈានសមាបត្តិ ។
អាសន្នកម្ម
គឺកម្មដែលធ្វើ នៅក្នុងដំណាក់ កាលចុងក្រោយបង្អស់ នៃជីវិត
ពេលរៀបស្លាប់ គឺអារម្មណ៍នៃកម្ម ដែលខ្លួនបានធ្វើ មកហើយ ហើយកម្មនោះក៏មកប្រាកដ
ក្នុងជវនចិត្ត មុនពេលចុតិ ។
អាចិណ្ណកម្ម
គឺកម្មដែលខ្លួន ធ្លាប់តែធ្វើរឿយៗ មានការរក្សាសីល
ការចំរើនភាវនា សំអាតកាយវាចាចិត្ត ជាដើមខាងផ្នែកកុសល ឬការប្រព្រឹត្ត ខុសនឹងសីល
មានការសម្លាប់សត្វ លួចទ្រព្យគេ ផឹកទឹកស្រវឹងជាដើមខាងផ្នែកអកុសល ។
កតត្តាវាបនកម្ម
កម្មក្រោយគេ គឺកម្មដែលរង់ចាំ ឲ្យកម្មដទៃទៀត
ឲ្យផលអស់ជាមុនសិន ទើបកម្មនេះឲ្យផល ជាចុងក្រោយបង្អស់ ។ គឺកម្មដែលព្រះអរហន្ត
ទទួលផលមុននិព្វាន ។ កាលណាមានកម្មធ្ងន់ ជាមួយនឹងកម្មទាន់ហន់ កម្មធ្ងន់នឹងឲ្យផលភ្លាម
ក្រោយពេលស្លាប់ ។ បើកម្មទាន់ហន់ និងកម្មទម្លាប់ មានជាមួយគ្នា កម្មទាន់ហន់នឹងឲ្យផល
។ បើកម្មទម្លាប់ និងកម្មចុងក្រោយមានជាមួយគ្នា កម្មទម្លាប់នឹងឲ្យផល ។ កម្មទាន់ហន់
សំខាន់ខ្លាំងណាស់ ព្រោះវាជាកម្ម នៅពេលរៀបនឹងស្លាប់ ដែលឲ្យផល ភ្លាម
ឲ្យសត្វកើតជាអ្វី នៅភពណា បន្ទាប់ពីអស់អាយុសង្ខារទៅ ឯកម្មដទៃទៀតដែលបុគ្គល
ដែលស្លាប់នោះ បានធ្វើពីមុន នៅមិនទាន់ ឲ្យផលនៅឡើយ ។ ទោះបីគេធ្វើកុសលកម្ម
ច្រើនមកពីមុនក៏ដោយ បើពេលរៀបស្លាប់ គេកំពុងធ្វើអកុសលកម្ម អកុសលកម្មនោះនឹងឲ្យផលអាក្រក់
ឲ្យបុគ្គលនោះទៅ កើតក្នុងភពដ៏ថោកទាប មាននរកប្រេត អសុរកាយ តិរច្ឆានជាដើម ។
ឬបើនៅពេលរៀបស្លាប់ គេកំពុងតែធ្វើកុសលកម្ម មានការចំរើន សមាធិជាដើមកុសលកម្មនោះនឹងឲ្យ
ផលទៅកើត ក្នុងសុគតិភព គឺភពដែលគេគួរនឹងកើត ជាមនុស្ស ទេវតាឬព្រហ្ម ។
ពេលវេលានិងទីកន្លែង
កម្មអាចឲ្យផល ទៅតាមពេលនិងកន្លែង៤គឺៈ
-
ទិដ្ឋធម្មវេទនិយកម្ម
បច្ចុប្បន្នជាតិ ក្នុងកន្លែងដែលកំពុងរស់នៅ
-
ឧបបជ្ជវេទនិយកម្ម
ជាតិបន្ទាប់ នៅកន្លែងដែលកើតជាថ្មី
-
អបរាបរិយវេទនិយកម្ម
ជាតិក្រោយៗបន្តអំពីជាតិបន្ទាប់ នៅកន្លែងដែលមានកំណើតថ្មី
- អហោសិកម្ម កម្មដែលមិនមាន ឱកាសឲ្យផល ។
ពាក្យថា កម្មដែលបុគ្គល បានធ្វើពីមុន ឲ្យផលល្អឬអាក្រក់
គ្រាន់តែជាការ ពោលដោយខ្លី ជាសេចក្តីសង្ខេប ។ ពាក្យពោលយ៉ាងនេះអាច
ឲ្យមានការយល់ច្រឡំថា កម្មទាំងនោះ តាមម្ចាស់របស់វា រហូតពីជាតិមួយ ទៅជាតិមួយ
ដើម្បីឲ្យផល ។ មិនមែនដូច្នោះទេ ។ ធម៌ទាំងអស់ ជាធម្មជាតិមិនទៀង គឺកើតហើយ
រលត់សូន្យទៅវិញ ឯកម្មក៏ជាធម៌ កើតហើយរលត់ដូចគ្នា ។
ប៉ុន្តែកម្មបានបង្កើតនូវឥទ្ធិពលមួយ ឲ្យម្ចាស់របស់វា ។ ឥទ្ធិពលនេះគ្មានរូបរាង
ខ្លួនប្រាណទេ វាតាមម្ចាស់របស់វា រហូតក្នុងត្រៃភព លើកលែងតែព្រះនិព្វាន ។
ឥទ្ធិពលនៃកម្មនេះ មានឫទ្ធិឲ្យផលល្អឬ អាក្រក់កើតឡើងបានដល់ម្ចាស់របស់វា កាលណាមាន
បច្ច័យគ្រប់គ្រាន់ ដែលជា គ្រឿងទ្រទ្រង់ជួយឧបត្ថម្ភ ។ ដើម្បីជាការពន្យល់ មានសេចក្តី
ឧបមាមួយក្នុងតម្រា ជំនាន់ចាស់ថា វត្ថុ៣យ៉ាងគឺស្មៅក្រៀម កែវពង្រីក
និងពន្លឺព្រះអាទិត្យ ។ នៅពេលដែលពន្លឺ ព្រះអាទិត្យចាំងទម្លុះកែវ ទៅចំស្មៅក្រៀម ក៏បង្កើតឲ្យមាន
ភ្លើងឆេះស្មៅនោះទៅ ។ ភ្លើងគ្មាននៅក្នុង ស្មៅក្រៀម គ្មាននៅក្នុងកែវ
គ្មាននៅក្នុងពន្លឺព្រះអាទិត្យទេ ។
កែវពង្រីក ពន្លឺព្រះអាទិត្យ និង ស្មៅក្រៀម កាលបើជួបគ្នា
អាចឲ្យភ្លើងកើតឡើងបាន ។ ផលនៃកម្មក៏ដូច្នោះដែរ កាលណា មានហេតុបច្ច័យគ្រប់គ្រាន់
ផលនៃកម្មក៏កើតឡើង ។ បើគ្មានហេតុបច្ច័យគ្រប់គ្រាន់ទេ ផលនៃ កម្មក៏មិនកើតឡើងដែរ
ពិតមែនតែ មានឥទ្ធិពល នៃកម្មក៏ដោយ ។ ឧបមាម៉្យាងទៀត ដូចជាគ្រាប់ស្វាយ កាលណាមានដី
មានទឹក មានពន្លឺថ្ងៃ គ្រាប់ស្វាយនោះ នឹងដុះឡើង ។
គ្រាប់ស្វាយទុក ដូចជាឥទ្ធិពលនៃកម្ម
វារង់ចាំតែឱកាសនឹងដុះឡើង កាលណាមានដីទឹកនិងពន្លឺថ្ងៃ ។ សេចក្តីពន្យល់នេះ
ត្រឹមត្រូវចំពោះតែ កម្មដែលឲ្យផល (មុខងារនៃកម្មខាងលើ) ប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកម្មធ្ងន់ និងកម្មទាន់ហន់ ផលរបស់វាមាន
កម្លាំងគ្រប់គ្រាន់ កើតឡើងឥតរង់ ចាំអ្វីជួយឧបត្ថម្ភទេ គឺវាកើតឡើង ដោយខ្លួនឯង
មិនពន្យាពេលវេលា ឲ្យយឺតយូរឡើយ ។ អហោសិកម្ម គឺកម្មដែលឥទ្ធិពលរបស់វា សាបសូន្យទៅ
ដោយម្ចាស់របស់វា បានសម្រេចមគ្គ-ផល ក្នុងលោកុត្តរសមាធិ ដូចព្រះអង្គុលីមាលត្ថេរ
កម្មដែលព្រះអង្គ សម្លាប់មនុស្សពីពេលមុន មិនឲ្យផលដល់ព្រះអង្គទេ ជាអហោសិកម្ម
ព្រោះព្រះអង្គបាន សម្រេចអរហត្តផល មុនពេលឬរំលាយខន្ធ ។ ក្រៅពីអហោសិកម្ម ឥទ្ធិពលនៃកម្មដទៃទៀត
នៅតែអាចឲ្យផល ក្នុងជាតិណាមួយ ដរាបណានៅមាន ការកើតនិងស្លាប់តទៅទៀត ។
ព្រោះហេតុដូច្នេះហើយ បានជាសត្វតិរច្ឆានអាច ទទួលផលឲ្យកើត ជាមនុស្សបាន
កាលណាវាធ្លាប់បាន ធ្វើកុសលកម្មពីជាតិមុនៗ មុនពេល ដែលវាកើតជា សត្វតិរច្ឆាននោះ ។
ទីកន្លែងដែល សត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។
ឥទ្ធិពលរបស់កម្មជា អកុសល តាមធ្ងន់ឬស្រាល ឲ្យសត្វទៅកើត ក្នុងអបាយភូមិ មាននរក-
ប្រេត-អសុរកាយ- តិរច្ឆាន បើបានកើតជាមនុស្សក៏មនុស្សនោះ រងទុក្ខទោស វេទនាយ៉ាងខ្លាំង
។ ឥទ្ធិពលនៃកម្ម ជាកុសលវិញ អាចឲ្យសត្វទៅកើត ក្នុងសុគតិសួគ៌ ឬព្រហ្មលោក
តាមកម្លាំងនៃ កុសលកម្មនោះ ។ បើបានកើតជា មនុស្សវិញ ក៏មនុស្សនោះមានភព្វវាសនាល្អ
ទ្រព្យសម្បត្តិច្រើន ។ ព្រះនិព្វាន មិនមាន កម្មជាបច្ច័យទេ ព្រោះកម្មជាធម៌របស់
ត្រៃលោកតែប៉ុណ្ណោះ ។
រូបកាយរបស់បុគ្គលម្នាក់ៗ ដែលជាផលនៃកម្ម ចែកចេញជានាម
(ចិត្តនិងចេតសិក) និងរូប កើតឡើយដោយធម៌៥យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម អាហារ ។
ហេតុដើមគឺអវិជ្ជាសេចក្តីមិនដឹងមិនយល់ ដែលជាបច្ច័យ ឲ្យសង្ខារកើតឡើង ។
សង្ខារនេះគឺកម្មសង្ខារ ដែលជាបច្ច័យឲ្យវិញ្ញាណ (បដិសន្ធិចិត្ត)កើតឡើង ។ កាលបើមាន
វិញ្ញាណហើយ សត្វក៏កើតឡើង មាននាមនិងរូបហើយសោយផលនៃកម្ម ជាបន្តទៅទៀត ។
យើងម្នាក់ៗបានឆ្លងកាត់ ការកើតស្លាប់ៗ ក្នុងត្រៃភព រាប់កប្ប
រាប់អសង្ខ័យ្យ ជាច្រើនរាប់មិនអស់ យើងតែងធ្វើ នូវកម្មជានិច្ច គ្រប់ពេលវាលា ដែលរស់នៅ
ហើយក៏បានសោយផល នៃកម្មបន្តបន្ទាប់គ្នាជាប់ជានិច្ចដែរ ។ ផលនៃកម្មមួយរលត់ទៅ
ផលនៃកម្មមួយទៀតមកបន្ត ពេលសោយផល នៃកម្មនិមួយៗ យើងតែងប្រតិកម្មចំពោះ ការសោយផលនោះ
បើវាជាទីពេញចិត្ត យើងប្រតិកម្មដោយលោភៈនិងមោហៈ បើវាជាទីស្អប់ខ្ពើម យើងប្រតិកម្ម
ដោយទោសៈនិងមោហៈ ។ យើងក៏បង្កើតនូវកម្មថ្មីៗ ដែលនឹងឲ្យផល ក្នុងពេលអនាគត តទៅទៀត
ម្ល៉ោះហើយកំណើត របស់យើង តែងតែអន្ទោលក្នុងភពទាំង៣ ជួនកាលកើត ក្នុងអបាយភូមិ ជួនកាលកើតជាមនុស្ស
ជួនកាលកើតជាទេវតា ជួនកាលកើតជាព្រហ្ម ក៏ព្រោះតែមានកម្មជាហេតុ ។ យើងពុំដឹងថា
កម្មអាក្រក់ណាខ្លះ ដែលយើងបានធ្វើពីពេលមុន ហើយកំពុងរង់ចាំឲ្យផល ជាការភ័យខ្លាច
របស់យើងគ្រប់គ្នា អ្នកខ្លះស្វែងរកការពារ កុំឲ្យឧប្បទ្រពចង្រៃ កើតមានដល់ខ្លួនគេ
ដោយជំនឿសាសនា ឬការបន់ស្រន់ អាទិទេព ។ ប៉ុន្តែបើយើងយល់ច្បាប់នៃកម្ម យើងនឹងដឹងថានរណា
ជាម្ចាស់នៃកម្ម អ្នកនោះជាអ្នកទទួនផល កាលណាឱកាស តម្រូវកម្មនោះឲ្យផល
គ្មានអំណាចណាផ្សេង ក្រៅអំពីម្ចាស់កម្ម អាចបញ្ជៀសបង្វាងកម្មកុំឲ្យវាឲ្យផលបានឡើយ ។
ចុះម្ចាស់កម្មធ្វើយ៉ាងណា ទើបអាចបញ្ជៀសផលកម្មបាន? នោះអាស្រ័យលើទម្ងន់នៃ កម្មជាមុនសិន បើជាកម្មធ្ងន់
មានការសម្លាប់ ឳពុកម្តាយរបស់ខ្លួន ការធ្វើឲ្យឈាមព្រះពុទ្ធស្រក់ចុះ
ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ជាដើម
ម្ចាស់នៃកម្មនឹងទទួលផល បន្ទាប់ពីស្លាប់ ពីជាតិនេះទៅ ជាដាច់ខាត គ្មានរួចខ្លួនឡើយ ។
បើជាកម្មទាន់ហន់វិញគឺអាស្រ័យលើ មរណាសន្នជវ័ន គឺជវ័នចិត្តទី១និងទី៧ នៅពេលចុងក្រោយ
បង្អស់នៃជីវិត ។ បើជវ័នចិត្តទី១ល្អៀង ទោរទន់ទៅខាងបាបកម្ម ជវ័នទី២ដល់ទី៦
នឹងចាត់តាំងភព នៃបដិសន្ធិហើយជវ័នទី៧កើតឡើង ស្រវារតោងយកនូវភពថ្មី ចុតិចិត្ត
(ចិត្តចាកចេញចោលរូប គឺស្លាប់) ក៏កើតឡើង ។ បុគ្គលនោះ ក៏ទៅកើតក្នុងភព ដ៏ថោកទាប
មាននរក ប្រេត តិរច្ឆានជាដើម ។ បើជវ័នចិត្តទី១ល្អៀងទៅខាង កម្មជាបុណ្យវិញ
ក៏មានសភាពស្របគ្នាដែរ គឺបុគ្គលនោះនឹងទៅកើតក្នុងភព ដ៏ខ្ពង់ខ្ពស់មានស្ថានសួគ៌
ឬព្រហ្មលោកជាដើម ។ ដូច្នេះ ជាការសំខាន់ណាស់ ដែលបុគ្គលរៀបស្លាប់ត្រូវតែផ្ចង់ស្មារតី
កុំឲ្យវង្វេង គិតទៅរកបាបកម្ម ដែលខ្លួនបានធ្វើ ដូចជាសម្លាប់សត្វជាដើម
ទោះបីខ្លួនបានធ្វើបុណ្យ យ៉ាងច្រើនមកក៏ដោយ ។ បើជាកម្មទម្លាប់ គេអាចពន្យាពេល ឬបញ្ជៀស
កុំឲ្យកម្មអាក្រក់តាមមកទាន់ ដោយការធ្វើ នូវកុសលកម្ម ថ្មីៗទៀតជារឿយៗ
ឲ្យបានច្រើនឡើងៗ ដោយការបញ្ឈប់ ការធ្វើអកុសលកម្មថ្មីៗ ព្រោះកុសលកម្មថ្មីៗ
ដែលមានចំនួនច្រើន អាចគ្របសង្កត់កម្មចាស់ មិនឲ្យមានឱកាស ឡើងមកខាងលើបាន យ៉ាងណាមិញ
ដូចជាអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទឹកមួយកែវ ទឹកក្នុងកែវនោះ
នឹងមានរសជាតិប្រៃ តែបើអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទន្លេទឹកទន្លេនោះមិនមាន
រសជាតិប្រៃឡើយ ។ ការបន់ស្រន់មិនមានប្រសិទ្ធិភាព ដូចការធ្វើសីល សមាធិ បញ្ញាទេ ។
ការរក្សាសីល មានសីល៥ជាដើម ជានិច្ចមិនឲ្យដាច់ ការចំរើនសមាធិកម្មដ្នាន
មានអនាបានស្សតិជាដើម ជារឿយៗរាល់ថ្ងៃ ការចំរើនវិបស្សនាបញ្ញា ជារឿយៗឥតធ្វេសប្រហែស
ការគោរពបូជា ព្រះរតនត្រៃ ការឲ្យទាន ដោយមិនគិតប្រយោជន៍ ការបណ្តុះចិត្តឲ្យមាន
មេត្តាអាណិតអាសូរដល់សព្វសត្វទាំងពួង ដែលម្ចាស់កម្ម ធ្វើដោយខ្លួនឯង
នឹងអាចឲ្យគេរំលត់នូវទុក្ខ ដែលកើតឡើងដោយសារ ផលនៃកម្មចាស់បាន បើមិនទាន់សម្រេច
បរិបូណ៌ក្នុងជាតិនេះ ក៏ជាតិខាងមុននឹងបានផលប្រយោជន៍ល្អ ជាមិនខាន ។ ពាក្យថា “ បាប “
ឬ “ បុណ្យ “ គឺឥទ្ធិពលអាក្រក់ ឬឥទ្ធិពលល្អ នៃកម្មនេះឯង ។
ចំពោះភាពមិនស្មើគ្នា របស់បុគ្គលម្នាក់ៗ ខ្លះមាន ខ្លះក្រ
ខ្លះល្អ ខ្លះអាក្រក់ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះអាយុវែង ខ្លះអាយុខ្លី ខ្លះកើតក្នុង
ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុង ត្រកូលថោកទាប ។ល។
ការបកស្រាយរបស់ព្រះពុទ្ធ
បុគ្គលខ្លះចូលចិត្ត ការសម្លាប់សត្វឯទៀត គេមានទម្លាប់
ក្នុងការសម្លាប់នេះ លុះអស់អាយុសង្ខារ ពីជាតិនេះទៅ បុគ្គលនោះនឹងទៅកើត ក្នុងអបាយភូមិ
មាននរកអសុរកាយ តិរច្ឆានជាដើម បើបានកើតជាមនុស្សវិញ មនុស្សនោះអាយុខ្លី ។
បុគ្គលដែលមិនសម្លាប់សត្វ មិនមានទម្លាប់ ក្នុងការសម្លាប់ គេមានមេត្តាករុណា ដល់សត្វទាំងពួង
លុះបុគ្គល នោះស្លាប់ទៅ គេនឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ
មនុស្សនោះនឹងមាន អាយុវែង ។ បុគ្គលខ្លះចូលចិត្ត បៀតបៀនសត្វឯទៀត ឲ្យឈឺចាប់
រងទុក្ខវេទនា លុះស្លាប់អំពីលោកនេះទៅ មនុស្សនោះនឹងទៅកើត ក្នុងអបាយភូមិបើសិនបានកើត
ជាមនុស្សវិញ ក៏មនុស្សនោះមានជម្ងឺ ឈឺចុកចាប់ជាច្រើន ។ បុគ្គលដែល មិនបៀតបៀន
សត្វឲ្យឈឺចាប់ ចូល ចិត្តជួយសត្វដទៃ ឲ្យបានសុខ មនុស្សនោះ ក្រោយពីស្លាប់ទៅ
នឹងទៅកើតក្នុងសុគតិភព បើសិនជាកើត ជាមនុស្សវិញ ក៏មនុស្សនោះ មានសុខភាពល្អ
ជាអ្នកមានជម្ងឺតិច ។ បុគ្គលខ្លះកាច ជាអ្នកមានកំហឹងច្រើន មិនសណ្តូសប្រណី លុះអស់អាយុសង្ខារ
ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ ក៏មនុស្សនោះ
មានរូបអាក្រក់ ។ បុគ្គលដែល មានចិត្តស្លូត មានការសណ្តូសប្រណី លុះស្លាប់ពីលោកនេះទៅ
នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះ មានរូបកាយល្អ ។
បុគ្គលខ្លះកំណាញ់ស្វិត មិនធ្វើទាន គិតតែពីប្រមូល យកទ្រព្យ មកធ្វើជារបស់ខ្លួន
លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះ
ក្រីក្រតោកយ៉ាក ។ បុគ្គលខ្លះ មានចិត្តសប្បុរស ចូលចិត្តធ្វើទាន លុះស្លាប់ពីលោកនេះទៅ
នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះមានទ្រព្យសម្បត្តិច្រើន
។ បុគ្គលខ្លះ លើកតំកើងខ្លួន មិនគោរព ចាស់ព្រឹទ្ធាចារ្យ មើលងាយដល់ជនដទៃ
លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើសិនជាបាន
កើតជាមនុស្សវិញមនុស្សនោះកើតក្នុង ស្ថានភាពអាក្រក់ ដូចជាពេលស្រុកមានសង្គ្រាម
អត់អាហារជាដើម ។ បុគ្គលដែលដាក់ខ្លួន ចេះគោរពដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ
នឹងទៅកើតក្នុងសុគតិភពបើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះកើត ក្នុងស្ថានភាពល្អ
ដូចជាក្នុងប្រទេស ដែលសម្បូរសប្បាយ សុខសន្តិភាព ។ បុគ្គលខ្លះមិនព្យាយាមរៀន
ឲ្យមានចំណេះចេះដឹងច្រើនទេហើយដោយសេចក្តីល្ងង់ខ្លៅ ក៏ធ្វើខុសជាច្រើន លុះស្លាប់ពីជាតិនេះទៅ
នឹងទៅកើតក្នុង អបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះល្ងង់ឥតប្រាជ្ញា ។
បុគ្គលខ្លះជាអ្នក ចូលចិត្តការរៀនសូត្រឲ្យបានចេះដឹងច្រើន ហើយដោយសារ ការចេះដឹងច្រើន
គេមិនប្រព្រឹត្តខុស លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត
ជាមនុស្សវិញ មនុស្សនោះឆ្លាត មានប្រាជ្ញាច្រើន ។
ច្បាប់នៃកម្មដែល ព្រះពុទ្ធបរមគ្រូ បានសំដែងពន្យល់
ដល់សេដ្នីសុភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ និងជាអ្នកសោយផល
នៃអំពើដែលយើង ម្នាក់ៗបានធ្វើ ដោយកាយវាចាចិត្ត។ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន
យើងត្រូវលះបង់ អំពើទាំងឡាយណា ដែលជាអកុសលកម្ម ហើយធ្វើតែអំពើ ទាំងឡាយណាដែល
ជាកុសលកម្ម ។ បើដូច្នេះ យើងត្រូវធ្វើកិច្ចការ ៣យ៉ាងគឺ ការរៀនព្រះធម៌
ការប្រតិបត្តិនូវព្រះធម៌ និង ការធ្វើឲ្យសម្រេច ។ ព្រះធម៌ដែលត្រូវរៀនគឹ
ធម៌សម្រាប់ប្រតិបត្តិ ដែលសំខាន់ មិនគ្រាន់តែសម្រាប់សូត្រ ថ្វាយបង្គំ ព្រះរតនត្រៃប៉ុណ្ណោះទេ
។ ការរៀនសូត្រមានន័យថា ការចាំហើយយល់ច្បាស់ ។ ការប្រតិបត្តិនូវ ព្រះធម៌ គឺយកព្រះធម៌
មកអនុវត្តធ្វើ ដូចជាការរក្សាសីល មិនឲ្យដាច់ ធ្វើសតិឲ្យស្ថិតនៅក្នុងធម៌ ជារឿយៗ
ប្រតិបត្តិតាមអរិយមគ្គ ប្រកបដោយអង្គ៨ប្រការមានការចំរើន សមាធិជាដើម ។
ការធ្វើឲ្យសម្រេចគឺ ធ្វើសីលមិនឲ្យដាច់ ធ្វើសមាធិឲ្យស្ងប់កិលេស
ធ្វើវិបស្សនាឲ្យសម្រេច មគ្គ និងផល ។ ឥទ្ធិពលនៃអកុសលកម្ម នៅតែអាចឲ្យផល អាក្រក់បាន
លុះត្រាតែម្ចាស់កម្មបានសំរេច យ៉ាងហោចណាស់ ត្រឹមសោតាបត្តិផលដែរ
ទើបអាចរួចអំពីកម្មនោះ
(លើកលែងកម្មធ្ងន់
ដែលជៀសពុំរួច) ។
រួមសេចក្តីឲ្យខ្លីមក ផ្លូវចាកចេញអំពីទុក្ខ
ព្រះពុទ្ធបានបង្ហាញហើយ កាលបើអ្នកឃើញ នូវសេចក្តីទុក្ខហើយ សម្រេចដើរចេញ
អំពីទុក្ខទាំងនោះ អ្នកនឹងបានរួចខ្លួន ដោយខ្លួនឯង ។
មរណៈ៤ យាំងគឺ៖
១-អាយុក្ខយមរណៈ ស្លាប់ដោយអស់អាយុ ភ្លើងចង្កៀងរលត់ដោយអស់ប្រេង
២-កម្មក្ខយមរណៈ ស្លាប់ដោយអស់កម្ម ភ្លើងចង្កៀងរលត់ដោយអស់ផ្ឆេះ
៣-ឧភយក្ខយមរណៈ
ស្លាប់ដោយអស់អាយុ និងអស់កម្ម ភ្លើងចង្កៀងរលត់ដោយ ប្រេង និង អស់ផ្ឆេះ
៤-ឧបច្ឆេទកកម្មុនា
ស្លាប់ដោយកម្មចូលមកកាត់បង ភ្លើងចង្កៀងរលត់ដោយ
ខ្យល់ចូលឆកយករលត់តែម្ដង
ព្រះរដ្ឋបាលថ្វាយព្រះពរថា ៖
- បពិត្រមហារាជ
មានធម្មុទ្ទេសបួនប្រការដែលព្រះមាន
ព្រះភាគ
ជាអរហន្ដសម្មាសម្ពុទ្ធ
ព្រះអង្គនោះទ្រង់ជ្រាបច្បាស់
ឃើញច្បាស់ ទ្រង់សម្ដែងហើយ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮហើយផង
ទើបចាកចេញពីផ្ទះទៅបួស ។
ធម្មុទ្ទេសបួនយ៉ាងដូចម្ដេច ?
- បពិត្រមហារាជ
ព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធ
ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្ដែងហើយថា
៖
• ធម្មុទ្ទេសទី១ : ឧបនីយតិ លោកោ អទ្ធុវោ សត្វលោកមិនទៀង តែងត្រូវជរានាំ ចូលទៅរក ( មរណៈ ) ;
• ធម្មុទ្ទេសទី២ : អតាណោ លោកោ អនភិស្សរោ សត្វលោកមិនមានគ្រឿងការពារមិនមាន ទីពឹងឡើយ ;
• ធម្មុទ្ទេសទី៣ : អស្សកោ លោកោ សព្វំ បហាយ គមនីយំ
សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងដូច្នេះ ;
• ធម្មុទ្ទេសទី៤ : ឩនោ លោកោ អតិត្តោ តណ្ហាទាសោ សត្វលោកមានតែសេចក្ដីខ្វះខាត មិនចេះឆ្អែត
សុទ្ធតែជាខ្ញុំរបស់តណ្ហា ។
ធម្មុទ្ទេសទាំងបួនយ៉ាងនេះឯង
ដែលព្រះមានបុណ្យព្រះអង្គនោះ ជាអរហន្ដសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់
ទ្រង់ត្រាស់សម្ដែងហើយដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង
ហើយចេញចាកផ្ទះទៅបួស ។
វេឡុវ័ន
វេឡុវ័ន
គឺជាសួនឫស្សីរបស់ព្រះបាទក្រុងរាជគ្រឹះ ឡោមព័ទ្ទដោយកំពែងកំពស់១៨ហត្ថ
ជាទីស្ថានដែលព្រះរាជជាព្រះរាជទានចំណីដល់សត្វកង្ហែន។
កាលតមកព្រះបាទពិម្ពិសារ ជាបរមក្សត្រក្នុងក្រុងរាជគ្រឹះ បានថ្វាយចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន
ហើយស្តេចទ្រង់កសាងព្រះគន្ធកុដិធំ និងប្រាសាទ
និងកុដិដែលជាទីស្នាក់អាស្រ័យ ទាំងពណ្ឌប
និងទីចង្រ្កមរហូតដល់ក្លោងទ្វារ ប្រគេនដល់ភិក្ខុ សង្ឃ។
ប្រវត្តិនៃការអោយចំណីសត្វកង្ហែន
ក្នុងកាលមុន
មានព្រះមហាក្សត្រមួយអង្គ ដែលសោយរាជក្នុងក្រុងរាជគ្រឹះនោះ
បានយាងប្រពាតព្រះរាជឧទ្យាននោះ។ វេលាដែលព្រះអង្គទ្រង់ស្រវឹងសុរា
ក៏ផ្ទុំលក់ទៅ ចំណែករាជបរិវារឃើញថា ព្រះរាជាផ្ទុំលក់ហើយ
ក៏នាំគ្នាដើរលេងក្នុងព្រះឧទ្យា បេះផ្កាឈើជាដើម។
គ្រានោះមានពស់វែកខ្មៅបានធំក្លិនសុរា
ក៏លូនចេញមកអំពីរន្ធនៃដើមឈើមួយ
ដោយលូនឆ្ពោះមុខត្រង់ទៅរកព្រះរាជាដែលផ្ទុំ
រុក្ខទេវតាមួយអង្គបានឃើញដូច្នេះ
មានចិត្តមេត្តាប្រាថ្នានឹងអោយជីវិតដល់ព្រះមហាក្សត្រ
ទើបនិមិ្មតកាយជាសត្វកង្ហែន ទៅស្រែកនៅជិតព្រះសោតព្រះមហាក្សត្រនោះ
ព្រះមហាក្សត្រក៏ភ្ញាក់ពីផ្ទុំឡើងភ្លាម
ពស់នោះក៏លូនត្រឡប់ទៅកាន់រន្ធឈើវិញ ព្រះមហាក្សត្រទ្រង់ឃើញហេតុការណ៍ថា
សត្វកង្ហែនមានគុណដល់ព្រះអង្គណាស់
ទើបប្រោសអោយព្រះរាជទានចំណីដល់ហ្វូងសត្វកង្ហែន
ដែលមាននៅក្នុងព្រះរាជឧទ្យានោះ ទាំងបង្គាប់អោយប្រការព្រះរាជទានអភ័យ
មិនអោយអ្នកណាមួយបៀតបៀនដល់ហ្វូងសត្វកង្ហែននោះឡើយ ព្រោះដូច្នោះ
ព្រះរាជឧទ្យាននោះ ទើបឈ្មោះថា កលន្ទកនិវាបស្ថាន
ជាទីព្រះរាជទានចំណីដល់សត្វកង្ហែន វេលាតមក មានឈ្មោះហៅរួមជាមួយពាក្យថា
ព្រះវេឡុវ័នកលន្ទកនិវាបស្ថាន។
ពិម្ពិសារ
ព្រះបាទពិម្ពិសារ
គឺជាព្រះមហាក្សត្រសោយរាជក្នុងនគររាជគ្រឹះ ក្នុងដែនមគធៈ។
ព្រះអគ្គមហេសីទី១ព្រះនាម កោសលទេវី ឬហៅម្យ៉ាងទៀតថា វេទេហី
ជាបុត្រីរបស់ព្រះបាទមហាកោសល និងជាអនុជត្រីរបស់ព្រះបាទបសេនទិកោសល។
ព្រះមហេសីទី២ព្រះនាមចេលៈ ជាក្សត្រីរបស់ពួកលិច្ឆវី ក្នុងក្រុងវេសាលី។
ព្រះបាទពិម្ពិសារ មានបុត្រាមួយព្រះអង្គជាមួយនឹងព្រះនាងវេទេហី។
ដោយហេតុថាព្រះនាងវេទេហីចាញ់គភ៌ប្រាថ្នានឹងសោយព្រះលោហិតរបស់ព្រះរាជា
នេមិត្តកាចារ្យទាំងឡាយ នាំគ្នាព្យាករណ៍ថា
ព្រះឱរសនេះនឹងជាសត្រូវដល់ព្រះរាជា ហេតុនោះទើបបានថ្វាយព្រះនាមថា
អជាតសត្តុ មានសេចក្តីថា មិនមែនសត្រូវ។
មាតិកា
១-ពុទ្ធសាសនា ។ ២-មរណភាព ។ ៣-បុព្វកម្ម។ ៤-អនាគតជាតិ
។
៥-យោង
ពុទ្ធសាសនា
នៅមុនពេលដែលព្រះពោធិសត្វបានត្រាស់
ព្រះសុទ្ធត្ថបានយ៉ាងកាត់ដែនមគធៈនេះដែលជាដែនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទពិម្ពិសារ។
ព្រះបាទពិម្ពិសារបានឃាត់ព្រះពោធិសត្វដើម្បីអោយនៅសោយរាជក្នុងដែននេះដោយថ្វាយរាជសម្បត្តិដល់ព្រះអង្គ។
លុះមិនអាចឃាត់ព្រះអង្គបាន ព្រះបាទពិម្ពិសារក៏សូមប្រាថ្នាថា
កាលបើព្រះអង្គបានត្រាស់ហើយ
សូមព្រះអង្គយ៉ាងមកដែននេះដើម្បីនឹងសម្តែងធម៌ទេសនា។
ក្រោយពីបានសណ្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគរួចមក
ព្រះអង្គក៏មានចិត្តជ្រះថ្លាយ៉ាងក្រៃលែង ថែមទាំងបានសម្រេចគុណវិសេស
គឺបានជាសោតាបន្នបុគ្គលទៀតផង។
ព្រះអង្គគឺជាបុគ្គលសំខាន់មួយក្នុងការជួយជ្រោមជ្រែងរួមចំណែកផ្គត់ផ្គង់ខាងផ្នែកពុទ្ធសាសនា
ហើយក៏ជាអ្នកឧបដ្ឋាកផ្ទាល់របស់ព្រះមានព្រះភាគផងដែរ។
មរណភាព
គុកដាក់ព្រះបាទពិម្ពិសារ
ក្នុងក្រុងរាជគ្រឹះ
ក្រោយពីបានប្រគល់រាជសម្បត្តិអោយបុត្រា អជាតសត្តុ
រាជកុមារអង្គនោះមិន
បាននៅជាសុខឡើយ
ព្រោះភ័យខ្លាចបិតារបស់ខ្លួនដណ្តើមរាជវិញ។
ដោយបានស្តាប់យោបល់ពីព្រះទេវទត្ត ព្រះកុមារ ក៏បានបង្គាប់អោយគេយកព្រះបិតាដាក់ក្នុងគុក
បង្អត់អាហារ ហើយបញ្ជារហាមមិនអោយនរណាចូលសួរសុខទុក្ខឡើយ
ក្រៅពីព្រះមាតារបស់ទ្រង់។
ដោយព្រះនាងទេវីចេះតែលួចយកអាហារទៅថ្វាយព្រះរាជា ព្រះអជាតសត្តុកុមារ
ក៏បានហាមលែងអោយព្រះទេវីចូលសួរសុខទុក្ខ។
ព្រះទេវីបានឈរប្រថាប់ទៀបទ្វារ ទ្រង់ព្រះកន្សែងទួញយំថា
"បពិត្រព្រះស្វាមី វេលាដែលគេនេះជាក្មេង
ព្រះអង្គមិនអោយឱកាសសម្លាប់គេ
ទ្រង់ចិញ្ចឹមសត្រូវរបស់ព្រះអង្គទុកដោយព្រះអង្គឯងពិតៗ ឥឡូវនេះ
ការឃើញព្រះអង្គលើកនេះ ជាលើកចុងក្រោយបង្អស់ តពីនេះទៅ
ខ្ញុំព្រះអង្គនឹងមិនបានឃើញព្រះអង្គទៀតឡើយ
បើទោសរបស់ខ្ញុំម្ចាស់មាននៅ
សូមបានមេត្តាព្រះរាជទានអភ័យទោសផងចុះព្រះអង្គ "
ហើយក៏ស្តេចត្រឡប់ទៅវិញ។ តាំងពីនោះមក ព្រះរាជាក៏មិនមានអាហារសោយ
ទ្រង់នៅមានព្រះជន្មដោយសេចក្តីសុខប្រកបដោយមគ្គផល ទ្រង់បានដើរចង្ក្រម
ព្រះវរកាយក៏ស្រស់បស់ក្រៃលែង។ ព្រះកុមារឆ្ងល់ ក៏សួរថា
បិតាយើងនៅមានព្រះជន្មបានយ៉ាងណា។ កាលទ្រង់ជ្រាបថា
បិតាមានព្រះជន្មដោយវិធីចង្រ្កម ព្រះកុមារបានអោយជាងកោរកាត់ទាំងឡាយ
ចូលទៅវះព្រះបាទព្រះរាជា ហើយបង្គាប់អោយយកប្រេងផ្សំជាមួយអំបិលលាប
ហើយអោយរោលដោយរងើកភ្លើងគគី ដែលឆេះមិនមានអណ្តាត។
បុព្វកម្ម
បានឮមកថា
ក្នុងកាលមុន
ព្រះរាជាពិម្ពិសារទ្រង់បានពាក់ស្បែកព្រះបាទចូលទៅក្នុងលានព្រះចេតិយ
និងយកព្រះបាទដែលមិនបានជម្រះជាន់កន្ទេលកក់
ដែលគេក្រាលទុកសម្រាប់អង្គុយ
កម្មនេះក៏អោយផលដល់ព្រះអង្គអោយរងទុក្ខវេទនាយ៉ាងខ្លាំងក្លា
នៅមុនពេលសោយទីវង្គត់។
អនាគតជាតិ
ក្រោយពីអស់ព្រះជន្មាយុ (តាមរយៈការអធិប្បាយ អដ្ឋកថា
សុមង្គលវិលាសិនី)
ទ្រង់បានកើតជាយក្ខឈ្មោះជនវសភៈ
ជាអ្នកបម្រើរបស់ស្តេចវេស្សវ័ណ ក្នុងទេវលោកជាន់ចាតុម្មហារាជ។
យោង
អដ្ឋកថា
សុមង្គលវិលាសិនី ព.ស.២៥៥៣
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...