Chủ Nhật, tháng 1 10, 2010

ប្រភពអ្នកតាក្នុងសង្គមខ្មែរ

រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាបកាត់ទោសខ្មែរ
ក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់ មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុន​នឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌា នោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំង
ធម្មជាតិ, កម្លាំងក្រៅខ្លួន ដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖
ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា តែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម,ព្រះសិវៈ
(ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់គេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍​ទុក​ព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សា​
លោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា
ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថា
អ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ
“អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ​“ព្រះរាជពិធី
ទ្វារទសមាស”បានបង្ហាញថា ពាក្យ“អ្នកតា”ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗ​​ឡើយ។
គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ​ ប៉ុណ្ណោះ។ ពាក្យ
“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវ
យកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”
ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។តើអ្នកតាមានប្រភពមកពីណា?អ្នក
ប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។មតិខ្លះយល់ថា
អ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នក ខ្លាំង ពូកែ)ប្រចាំស្រុកឬតំបន់ណា
មួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជា
អ្នកតា,ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះ
ចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់
ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធប្ញទ្ធិ ទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅ រស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយ
ទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា”ក្លាយចេញមកពីពាក្យថា
“ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញ
នៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅ
ពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា
“អ្នកយើង”ហៅស្តេចថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ“អ្នកតា”ក្នុងទីនេះចាស់បុរាណ
សំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។ ហេតុអ្វីបានជា​
ប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ”បានសរសេរ
បកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច,អារក្ស,បិសាចផ្សេងៗ ជាប់មក
ពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុង
លោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិន
សមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ ។
អ្នកតាមានពីរប្រភេទផ្សេងគ្នាគឺ៖
១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតា
ឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ សម័យក្រុងភ្នំពេញ មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាម
របស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ,ស្រុក,ខេត្ត
ដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់,អ្នកតាដំបងដែកនៅភ្នំជីសូរ(ក្នុងខេត្តតាកែវ),អ្នកតាជំទាវ
ម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ ទៅក្រុងព្រះសីហនុ)ជាដើម។អាស្រ័យដោយមានអ្នក
តាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេង
ខ្មែរភាគទី៨ ដែលមាន រៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ។ ចំពោះរូបតំណាង
អ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេគឺគេគ្រាន់ តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត
មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។ យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ខៃទី២៣ខែមីនាឆ្នាំ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ ដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅ
ហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុង
ប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើប
អ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមាន
លក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខ
សេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូច
ជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលា
ថៃ្ងសៅរ៍នោះដែរ ។រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណា
ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំង ឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេស
នីមួយៗឱ្យ បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា”ជាដើម ។ អ្នកតាដែលស្ថិតជាប់
ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬ
ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែន
អ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា
“អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង”៕

មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ពុទ្ធបរិស័ទ ទាំងនេះ កំពុងបង្សុកូលឧទ្ទិសកុសលដល់ញាតិការពួកគាត់ដែលចែកស្ថានទៅ ។បុណ្យ កាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា “បុណ្យភ្ជុំបិណ្ឌ”ខ្លះហៅ
ថា “បុណ្យកាន់បិណ្ឌ” និង “បុណ្យដាក់បិណ្ឌ”ហើយនៅតំបន់ខ្លះហៅថា “បុណ្យដូនតា”។វចនានុក្រម
ខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧ បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន” ។បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជាហើយបុណ្យ នេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនាថេរវាទដទៃដូចជាប្រទេសថៃឬភូមា ឡើយព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។ បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើង រៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោចដល់ថៃ្ង១៥រោចខែភទ្រ បទ(ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិក ខ្មែរ ធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះ កិច្ចានុកិច្ចប្រចាំថៃ្ង និង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុម
ៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១ រោចដល់ថៃ្ង១៤ រោចខែភទ្របទ ហើយអោយឈ្មោះថា “វេណទី១….វេណទី១៤”។ រយៈពេល១៤ ថៃ្ងនេះ អោយ ឈ្មោះថា“បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់ បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះ
ថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។ បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែល
មាន ភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។
ហេតុនេះបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់
អ្នកបួសក្នុង ព្រះពុទ្ធសាសនា។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវ
សាមគ្គីភាពនិង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល។ គេជឿថាគេអាចរួមចំណែកដ៏
សំខាន់និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបា
នតាមរយៈបុណ្យកាន់បិណ្ឌឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស
ដែល មកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា
សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នាបរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់
និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត
និងតួនាទី ការងារប្រចាំថ្ងៃនៃបុគ្គល និងបុគ្គល គ្រួសារ និងគ្រួសារឬ សហគមន៍មួយ និងសហគមន៍ ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយក
ធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបាន កំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈ ពេលដូចគ្នាប្លែកពី បុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត)ដែលបានលាចាកលោកនេះទៅហើយ។
ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថាបុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាល
មកម្ល៉េះប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា
“បុណ្យបវរណាបច្ច័យបួន ឬបុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយ
នាសម័យនោះមាននាងវិសាខា និងមហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិកជាដើម ធ្វើឡើងរយៈពេល៣
ខែគត់ គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។ នៅប្រទេសកម្ពុជាយើងមិនបានដឹង
ច្បាស់ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបាន ធ្វើឡើងតាំងពីសម័យណាមកទេប៉ុន្តែគេ
អាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះ បាទហរិរក្សរាមាធិបតី អង្គឌួង ព.ស ២៣៩១-២៤០៤ គ.ស ១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។

រឿង ដើមចេកជ្វា និង ដើមបាយម៉ាត

ចាស់ បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាប់កូនចៅ មិនអោយដាំដើមចេកជ្វា នៅជិតសំយាប
ផ្ទះព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ៖
ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបរកស៊ីជាកសិករ ។ ក្នុងពេល
មួយដែលជារដូវរាំងឬស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេ នៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកក៏កើតជំងឺអហិវាតរោគរាតត្បាត ពាសពេញបណ្ដាលអោយ
អ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសំបើម។ មិនដំបូង ជំងឺនោះបណ្ដាលឡើងពីសត្វតូចតាចលុះ
យូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំ ៗ រហូតដល់ជីវិតមនុស្សនៅក្នុងភូមិផង គ្មាននរណាអាច
ជួយនរណាបានឡើយ ។ ផ្ទះនិមួយៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និង ពន្លឺភ្លើងប្រទីប ផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរអោយព្រឺក្បាលពន់ពេក។នៅភូមិខ្លះ ដែលរោគនេះមិនទាន់
រាលដាលទៅដល់ អ្នកនិគមជនបទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូត ដូច
ប្រក្រតីឡើយមនុស្សទាំងនោះ មានកាលស្ងប់ស្ងៀម មានទឹកមុនក្រៀមក្រំ ស្រពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវ មិនហ៊ាននិយាយគ្នាកោកកាក ឬ នឹកឈ្មោះទៅកន្លែង ដែល កើតជំងឺចង្រៃទាំងនោះផងទេ។មានថ្ងៃមួយ នៅពេលដែលជំងឺ កំពុងតែបង្កើតឥទ្ធិពលយ៉ាង
ខ្លាំងស្រាប់តែមានទាយកម្នាក់និមន្ត ព្រះសង្ឃ ៤ អង្គ ទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន ។ លុះដល់
ពេលកំណត់ ទាយកនោះក៏មកទទួល ព្រះថេរៈចៅអាវាស ព្រមទាំងភិក្ខុ ៣ រូបទៀត និមន្តទៅដល់
ផ្ទះឧបាសកនោះ ឃើញមានភ្ញៀវយ៉ាងច្រើន។ គេក៏និមន្តព្រះសង្ឃទាំង៤ អង្គឡើងលើផ្ទះ គង់លើ
អាសនៈយ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែ ស្ករ បារី តាមទំនៀម។ បន្ទាប់មក គេនាំគ្នានមស្ការ
ព្រះរតនត្រ័យ រួចអារាធនាព្រះសង្ឃចម្រើន ព្រះបរិត្ត ប៉ុន្តែគេទូលលោកថា ៖ ” សូមលោកម្ចាស់កុំ
សូត្រ ធម៌ករណីយ៍ សូមនិមន្តសូត្ររំលងទៅ វិរូបក្ខេ តែម្ដងទៅ ដើម្បីកុំអោយយូរពេល ។ ព្រះសង្ឃ
ចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងអំពីដើមរៀងទៅលុះដល់ ធម៌រមណីយលោកក៏រំលងចោលទៅសូត្រ
វិរូបក្ខេ តាមពាក្យទាយកបវារណាសុំតែម្ដង។ ក្នុងពេលនោះ លោកសង្កេតឃើញទាយកទាយិកា សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់ ៗ គ្នា ។ ព្រះថេរៈដើរអាសននឹកឆ្ងល់
ថា៖ គេសុំកុំអោយសូត្រ ” ធម៌ករណីយ៍ ” សុំអោយទៅផ្លោះទៅសូត្រ ” វិរូបក្ខេ “តែម្ដង ៖ ឥឡូវសូត្រ
វិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយ បែបដូចជាប្លែក ។ ព្រះថេរៈ នឹកអៀនក្នុងទ័យណាស់ ខ្លាចក្រែង
គេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីយ៍ វិញ ។ លោកទើបតែនឹងចាប់សូត្រ
បាន ៣-៤ ព្រះឱស្ឋ ស្រាប់តែទាយកទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ភ្លើងក៏រលត់ភ្លឹប ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សី យ៉ាង
ញាតស្បាត បារី តែ ស្ករ ទៅជាដុំធ្យូង ដីខ្សាច់ និង កំណាត់ឈើអស់ ។ ទើបព្រះសង្ឃភ្ញាក់ ថាជាបី
សាចក្លែងខ្លួនធ្វើជាមនុស្ស ។ ទំរាំតែព្រះភិក្ខុផងគ្នានៅវត្តដឹងថា៖ លោកគ្រូជាប់ចុងឫស្សី លោកគ្រូ និងព្រះសង្ឃ ៣ អង្គទៀត ត្រូវអត់ចង្ហាន់ ២-៣ថ្ងៃ។ ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោក
ថា៖ “ធម៌ករណីយ៍ ” នេះធ្វើអោយខ្មោចខ្លាចណាស់ ។ ឯធម៌វិរូបក្ខេ ធ្វើអោយខ្មោចសប្បាយទៅវិញ ។ កាលណាស្រុកមិនសូវស្រួល ដោយមានកើតជំងឺដង្កាត់ផ្សេង ៗ មានអាសន្នរោគ អុតជាដើមនោះ គេតែងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ហើយសុំឲ្យលោកសូត្រធម៌ករណីយ៍នេះ ឲ្យបាន ៧-៨ ចប់
ហើយហាមផ្ដាច់ មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូចបានរៀបរាប់
មកខាងលើនេះ ។ ម៉្យាងទៀត បុរាណមានជំនឿថាបើយើងដើរទៅណាមកណាយប់ ហើយបើមាន
ព្រឺរោម ព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីយ៍នេះដែរ ដោយសំអាងថាខ្មោចមិនលង ។និយាយពីបុរស
ដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ។ មកដល់កណ្ដាលផ្លូវគេប្រាប់ថា ៖ អ្នកឯងទៅមិនទាន់បានទេ ព្រោះភូមិអ្នកឯងនោះ កើតជំងឺអាសន្នរោគច្រើនណាស់ មនុស្សអ្នកភូមិស្លាប់គ្មាននរណា កប់នរណា
ទេ ឯប្រពន្ធកូនរបស់អ្នកឯង ក៏ប្រហែលជាស្លាប់ទៅហើយ ឬយ៉ាងណា ក៏មិនដឹង ព្រោះអ្នកភូមិដទៃ ឥតមាននរណាម្នាក់ហ៊ានចូលទៅទេ ។ បុរសនោះដោយសេចក្ដីនឹកប្រពន្ធ-កូនខ្លាំងពេក ក៏ចេះតែ
ចចេសចូលទៅ គាត់ខំធ្វើដំណើរទៅទាំងយប់ ហើងទាំងសស្លើតសស្លក់ផង ។ លុះទៅជិតដល់លំ
នៅខ្លួន មើលទៅឃើញភ្លើងថ្លុក ៗ គ្រប់ផ្ទះដូចប្រក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នក
ស្រុកដែលប្រាប់ពីកណ្ដាលផ្លូវថា ៖ គេនិយាយកុហកខ្លួន ។ប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់ គាត់មាន
សេចក្ដីសង្ស័យដែរ ចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតា ដែលគាត់សន្និដ្ឋានថា ប្រហែលជាស្រុក
មិនសូវស្រួលមែន ទើបស្ងាត់យ៉ាងនេះ ។ លុះទៅដល់ទ្វាររបងផ្ទះ ក៏ស្រែកហៅប្រពន្ធ ពេលនោះ
គាត់ឃើញស្ត្រីម្នាក់ដែលគាត់ស្គាល់ច្បាស់ ថាជាប្រពន្ធរបស់គាត់ រត់មកទទួលយ៉ាងរាក់ទាក់នឹង
គាត់ដូចធម្មតា គ្មានអ្វីគួរអោយសង្ស័យសោះ ។នាងនោះខំប្រញឹកញាប់ ទៅបង្កាត់ភ្លើងដាំបាយ
អោយប្ដីបរិភោគ ប៉ុន្តែនាងហាមប្ដីនាងមិនអោយចូលទៅក្នុងបន្ទប់នាងដេកទេ ឲ្យគាត់សំរាកនៅ
ខាងក្រៅសិនហើយ ។ ប្ដីនឹកឆ្ងល់នឹងឥរិយាបថ ដ៏ចំឡែករបស់ភរិយាណាស់ ដោយគាត់សង្កេត
ឃើញភ្នែកនាងធំ ៗ លៀន ៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធុំក្លិនគំរង់
សាកសព បក់ចេញពីបន្ទប់ដេកមកម្ដង ៗ ផង គាត់ក៏ចង់ដឹង ថាតើមានអ្វីនៅក្នុងបន្ទប់ដេកនោះបាន
ជានាងឃាត់មិនអោយចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធ បន្តិចមក
ឃើញលៀនអណ្ដាតយ៉ាងវែង កេវយកវែក ដែលរបូតពីដៃធ្លាក់ទៅដីមកវិញ ។ ប្ដីដែលចេះតែសម្លឹង
អាកប្បកិរិយាប្រពន្ធកាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួក
បីសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថាមានពួកបី
សាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយនោះភ្លាម ក៏លបចូលទៅវែកមុងក្នុងបន្ទប់ដេកប្រពន្ធ
ខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួន ស្លាប់ស្អុយរលួយ ដង្កូវរុកជ្រិច ។គាត់ថយចេញមកវិញ ហើយ
គិតរកមធ្យោបាយ ដើម្បីរំដោះខ្លួនអំពីកណ្ដាប់ដៃមេបីសាចនេះ ទើបគាត់និយាយទៅកាន់នាងនោះ
ថា ” ឯងដាំបាយអោយឆ្អិនឆាប់ទៅវ៉ី គ្នាអស់កម្លាំងណាស់ គ្នាទៅនោមនៅចុងរានក្រៅផ្ទះឯណោះ មួយភ្លែត ។ ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះ បង្ហូរទៅដី ឮដូចមនុស្សនោម
មែន ។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូ១ អង្គ ចេះមន្តអាគមគាថា ពូកែខាងការពារខ្មោចបិសាច និងអាប់ធ្មប់។ចំណែកនាងបិសាច ឮ សូរប្ដីនោម
យូរពេក នឹកឆ្ងល់ ក៏តាមទៅមើលមិនឃើញប្ដី ក៏មឹករត់តាមក្រោយយ៉ាងលឿន ដល់ពាក់់កណ្ដាលផ្លូវ ឃើញប្ដី។ ចំណែកឯប្ដី រត់មិនទាន់បានប៉ុន្មាន ងាកក្រោយឃើញខ្មោចដេញតាមដឹងខ្លួនថា មើល
ទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត១ដើម ដែលនៅក្បែរនោះ ។ នាងបិ
សាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹង ៗ ក្បែរ ៗ ហើយស្រែកហៅប្ដីអោយចុះមក។
បុរសនោះដឹងថា នាងបិសាចនេះ ពិតជាខ្លាចដើមម៉ាតនេះហើយបានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត១មែក លីដើរសំដៅទៅវត្តទៅ ឯនាងបិសាចពិតមែនតែមិនហ៊ានទៅបុរសប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមពីក្រោយរហូត ។ បុរសទៅដល់វត្តស្ទុះចូលទៅ
កណ្ដាលជំនុំសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះ សង្ឃតាម
ដំណើរ ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថា ក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថា ព័ទ្ធសីមាយ៉ាងស្វាហាប់ ។ ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃ
នោះទេ។ ពិតមែនតែនាងចូលក្នុងកុដិលោក តាមប្ដីរបស់នាងមិនបាន ដោយរបាំងនៃមន្តអាគមគាថា ប៉ុន្តែ នាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលទៅតាមប្ដី។នៅក្បែរកុដិព្រះថេរៈអង្គ
នោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ ។ ទោះបីមន្តអាគមរបស់លោក ក៏ពូកែយ៉ាងណាក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរ ។ លោកព័ទ្ធសីមាបានតែត្រង់កន្លែងណា ដែលធាងចេកជ្វា មិនទៅប៉ះនឹងសំយាបកុដិប៉ុណ្ណោះ ចំពោះ១ ឪកាសក៏ប្រសើរដល់នាងបិសាច នាង
បិសាច ក៏ឡើងតាមដើមចេកជ្វាហើយសួតាធាងចេកនោះ ឆ្លងទៅចូលក្នុងកុដិរបស់លោក កាច់កប្ដី
របស់ខ្លួនសំលាប់ក្នុងពេលនោះទៅ។ព្រោះហេតុដូចមានរឿងនិទានមកនេះហើយទើបបុរាណខ្មែរ
យើងនិយមជំនឿនេះ ហាមប្រាមកូនចៅ មិនអោយដាំដើមចេកជ្វានៅជាប់នឹងសំយាបផ្ទះ គេថាវាដាក់
ខ្លួន ។ ឯដើមបាយម៉ាត ក៏បានជាឱសថសំរាប់ការពារមួយមុខយ៉ាងពូកែ ចំពោះខ្មោចព្រាយបិសាច និងអាប់ធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ ៕

Thứ Bảy, tháng 1 09, 2010

រឿង ដើមកោងកាងនិងឈើទាល

តាម បុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាង ជាឈើមួយពួកនៅតែលើភ្នំ
និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹង មានមាត់អូរ ម្ល៉ោះ
ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះទឹករលើងរលំដើមឈើទាលនោះៗ ស្លាប់អន្តរាយ
អស់។ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងជារាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំ
គ្នាថា៖ ពួកយើងនឹងទ្រាំដុះលើដីទំនាបយ៉ាងនេះ ត ទៅទៀតពុំបាន បើដូច្នេះ យើងត្រូវនាំគ្នាទៅ
និយាយនិងដើមកោងកាង អោយមកដុះនៅលើដីមានសភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមាន
ឬសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន។ លុះជំនុំគ្នាព្រមព្រៀង ហើយ ពពួកដើមឈើ
ទាលទាំងឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក ។ មុនដដំបូងដើមកោង
កាងប្រកែកតែដើមឈើទាលអង្វរថា ៖ បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង យើងរាល់គ្នា នឹងតប
ឧបការគុណអ្នករាលឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរចុះមកនៅតាមមាត់ព្រែក
មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ឯដើមឈើទាល ក៏នាំគ្នាឡើងទៅដុះនៅលើ
កំពូលភ្នំ និងជើងភ្នំវិញ។ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញ
មានច្រើនតែដើមឈើទាលដុះទៅវិញ។ចំណែកឯដើមកោងកាង គេឃើញដុះតែនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ និងមាត់សមុទ្រជាដរាបមក។ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើម
ឈើទាល ជំរុះស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួសជូនដើមកោងកាងនោះឯង។ចំណែកដើមកោង
កាង កាលបើបានទៅដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រ កាលណា តែងទៅ
លបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យកឈើទៅបោះចម្រូង
ពាសពេញ គឺដើមក្លាំពូននេះឯង ដើម្បីមិនអោយដើមកោងកាងចូលទៅលបលួចចែចង់កូនក្រមុំ
ខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនអោយចូលចុះដូច្នោះ ក៏
តាំងបោះស្ពានឆ្លងកាត់ ចម្រូងនោះទៅទៀត ។ ព្រោះហេតុនេះឯង បានជាសព្វថ្ងៃ មានដើមកោង
កាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់ និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូ ដែលដុះឡើងនោះ បើក្រឡេកមើលទៅឃើញវិស័យដូចជាចំរូងមែន ៗ ដោយហេតុដើមនោះ មូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ចំណែកដើមកោងកាងសោតទៀត ក៏មានឬស
វែង ៗ ធំ ៗ ចាក់ស្រេះទៅក្នុងដី-ក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរ មើល
ទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក ឬទឹកជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ៕

រឿង ឆ្កែមើលឃើញខ្មោច

ជាហេតុភេទស្រុក ខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំ គាត់និទានប្រាប់ខ្ញុំថា៖បើឮឆ្កែលូ ឬព្រុសនៅ
ពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករ
ក្នុងពេល យប់ស្រុកភូមិនោះៗច្រើនកើតជំងឺ ពុំសូវមានសេចក្ដីសុខទេត្បិតខ្មោចបីសាចវាដើររាតត្បាត ធ្វើមនុស្ស អោយឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ដំណើរចាស់ៗថាឆ្កែមើល
ឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា៖យូរយារណាស់មួយហើយ មានបុរសម្នាក់ ដើរទៅមើល
គេលៀងមេមត់ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរទីទួលមួយដែលមានព្រៃស៊ុមទ្រុមគេ
កប់ខ្មោចក្នុងព្រៃនោះជាច្រើន។លុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថា”ពូៗផ្ដាំទៅប្រាប់
ប្រពន្ធខ្ញុំអោយមកផង។បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើ
ព្រងើយ ហើយឆ្លើយទៅវិញថា៖
• ប្រពន្ធឯងនៅឯណា ?ខ្មោចឆ្លើយមកវិញថា៖
• ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !បុរសឮហើយ សួរទៅវិញថា៖
• ចុះឯងឲ្យអញប្រាប់ម៉េចបាន?បើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏អោយ
ប្រទាល ប្រហោង គឺថ្នាំសំរាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឲ្យប្រទាលនោះទៅហើយ ប្រាប់ទាំង
ឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហោងនោះហើយ មើលឃើញខ្មោចនៅពេញ
តែព្រៃ គាត់ចេះតែដើរទៅ ៗ គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរទៅតម្រង់ទៅរកផ្ទះដែលគេលៀង
អារក្ស លុះដល់ផ្ទះនោះហើយ គាត់ឃើញខ្មោចស្រី ៗ កំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញ ជាច្រើនគ្នាណាស់។បុរសនោះ ស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមកហើយបោយដៃហៅចំពីមុខ និយាយថា៖
• ប្ដីហងអោយទៅអោយឆាប់ ព្រោះកូនយំខ្លាំងណាស់!ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនេះមើលអញ
ឃើញទើបដើរសំដៅទៅហើយឆ្លើយថា៖
• ចុះអ្នកឯងមើលយើងឃើញ ?បុរសនោះ ក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា៖
• នេះប្រទាលដែលប្ដីហងអោយអញ បានជាអញឃើញ។ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយកប្រទាលប្រហោងនោះ បុរសចេះតែស្រែកអោយគេឯងជួយប៉ុន្តែអ្នកទាំងអស់
មើលទៅពុំឃើញ ជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម៉្លោះហើយគេនាំគ្នាទៅ
ជាស្រឡាំងកាំង រកជួយមិនកើត ។លុះប្រវាយប្រតប់គ្នាមួយសន្ទុះធំ បុរសក៏ចង់រសាយដៃ ក៏របូត
ប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះ ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់
លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយ បានជាឆ្កែមើលខ្មោចឃើញ។ដោយសារមានរឿង
និទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវា
ឃើញខ្មោចដើរ មួយវិញទៀត មានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាល
ប្រហោងដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេងៗ ៕

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ

រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីកុដុម្ពិកម្នាក់មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយ
មានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ព្យាយាម មិន
មានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនកាន់តែធំ ចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុក-ម្ដាយ
ប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ុ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុក
ម្ដាយពុំបានដឹងសោះ។តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួន លុះជ្រូកនេះមានវ័យ
កាន់តែចម្រើនធំឡើង ៗឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូក
ប៉ុណ្ណោះ។ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឲ្យគិតគូរកប្រពន្ធអោយ
ខ្លួន។ ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ កូនអើយ! ឲ្យម្ដាយ
ឮ-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ។
សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើង
មានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក-ម្ដាយទៅរកស្ដីដណ្ដឹងកូនគេនោះ ឪពុក-ម្ដាយទាល់
ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាម៉េចអោយមកវិញ ឯងគ្មាន
ផ្លូវដោះការនេះឪពុក-ម្ដាយខ្មាសគេណាស់ ។ បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ។ជ្រូកឆ្លើយថា
ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯង
ហើយ!មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកប្ដីប្រពន្ធ
ស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​ ចំណែកជ្រូកនោះវិញ មុននឹងធ្វើ
ដំណើរចេញទៅ ក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថា ៈ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតា
ជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជា
ច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូល
ទៅជិតសួរថា ៈ-លោកយាយ ដើររកអ្វី ?បានឬទេ?យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអា
ណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៈ-យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!ជ្រូកសួរទៀតថា
-យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូនប៉ុន្មាននាក់?យាយឆ្លើយប្រាប់ជ្រូក
ថាៈ-ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូន
ស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។ជ្រូកឮយាយប្រាប់ថាមានកូន
ក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំ
ទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វ ចេះភាសាមនុស្សពីរោះ
ល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវា
ព្រម អញគួរតែផ្សំផ្គុំវាហើយ។ទើបគាត់ប្រាប់ជ្រូកវិញថាៈ ចៅឯងជួយរកដំឡូងបន្តិចទៅ។ជ្រូកចូល
ព្រៃភ្លាម ស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មុសដី បានមើមដំឡូងគរជាច្រើនគំនរ យាយចេះ
តែតាមរើសដាក់កញ្ជើ រ មានទាំងដំឡូងខ្មុង អខ្យា ត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់
មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ។ជ្រូក
បង្គាប់ យាយ អោយលើកកញ្ជើរដំឡូង ដាក់ខ្នង ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ។
ឯកូនក្រមុំទាំងពីរនាក់ បានឃើញម្ដាយមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញអោយ
ជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងជ្រូក ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរ
ថាៈ ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ?។ ម្ដាយក៏ប្រាប់សព្វគ្រប់។ លុះនៅបន្តិចទៅនោះ កូនស្រី
យាយនេះ និងចៅជ្រូក ក៏ដឹងចិត្តគ្នា ស្និទ្ធស្នាលពេលទៅរកដំឡូង ក៏ទៅជាមួយគ្នា ។ យាយម្ដាយ
ដឹងថាកូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាងបងនាងប្រ
កែក លុះសួរទៅនាងប្អូន នាងឆ្លើយថាៈ-ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅនរណា ខ្ញុំចេះតែតាម។យាយ
បានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏អោយដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់
ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូរជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។ យាយក៏
ចាត់ចែងអោយបានជាលំនៅឋាន ឲ្យកូននៅដោយខ្លួនជាដរាបទៅ ។ បានប្រមាណជាកន្លះខែ នៅ​
ស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាង ទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរ
ឆរ។នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែចៅជ្រូកថា
” ឲ្យប្អូនឯងមើលចុះ បងចាំនៅផ្ទះ”។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅ
ជ្រូកនេះវិញ ដឹងថា នាងភរិយាចេញ ទៅឆ្ងាយហើយ ក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូត
រូតអោយលឿន ទៅដល់ទីនោះមុននាងពៅ ។ ដល់ហើយ ក៏ចូលទៅលេងភ្លេង ជាមួយគេ ចេះបទ
បែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លងនោះដែរ។លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង នាងពៅត្រ
ឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរ ទៅអោយដល់ផ្ទះមុនប្រពន្ធហើយចូល
ទៅស្រោមវិញដូចដើម។លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា ” អូនទៅ
មើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ?” ។ នាងពៅក៏រាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាង
ប្រាប់ថា ” មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាត់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នា”។ជ្រូកសួរបញ្ជាក់ថា” អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវ
ក្រហមមែនឬទេ? ” ប្រពន្ធឆ្លើយថា ” ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនឹងគេដែរ
ឬ ?ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។តាមពិត ចៅជ្រូក និង នាងពៅ​ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែ
សំដីនឹងសំដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀត អ្នកស្រុក
ផ្អើលអ៊ូអរ ទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាត
ឥតថាអ្វីឡើយ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាល
ពីយប់មុនទៀត ។ កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ អោយទាន់ប្រពន្ធ
មកដល់ផ្ទះ។ លុះប្រពន្ធមកដល់ ក៏សួរប្រពន្ធទៀតថា ៈ-ម៉េច អូនទៅមើលល្ងាចនេះ ល្អមើលទៀត
ទេ?-ថ្ងៃនេះ ល្អប្លែកពីថ្ងៃមុនទៅទៀត។ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅវិញថា ៈ-អ្នកដែល
លេងល្អជាងគេនោះ គឺបុរសស្លៀកពាក់សំពត់ខៀវ ពាក់អាវសមែនទេ?នាងនោះឆ្ងល់ណាស់ ក៏សួរទៅ
ប្ដីថាៈ-ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏
អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម
ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។ ចំណែកនាងភរិយានាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះ
ប្ដីនេះណាស់ នាងបានទៅតែបន្តិច ក៏វិលមកលបចាំឃ្លាំមើល ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយ
មានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងរបាំ ដែលនាងសរសើរថាល្អនោះ។ នាងស្ទុះប្រញាប់ទៅ
ចាប់ឃាត់ប្ដី មិនឲ្យចូលទៅក្នុងស្រោមវិញឡើយ ហើយនាងអង្វរប្ដី កុំឲ្យចូលទៅក្នុងស្រោមវិញ ។ ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសុំអោយនាងរក្សាទុកស្រោមនោះ ឲ្យបានស្រួលបួល ។ នាងពៅយកស្រោមនោះទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដីហើយក៏ នៅសុខសាន្តជាមួយគ្នា
រៀងរហូតមក។ពេលមួយនៅប្រទេសនោះឥតមានស្ដេច ពួកសេនាសេវកាមាត្យក៏នាំគ្នាធ្វើពិធីផ្សងរក
អ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រង់រាជ្យ។តែពេននោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺ សុសសាយ
ទៅគ្រប់ទិសទីពពួកសេវកាមាត្យ ក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះអោយឡើងគ្រងរាជ្យ គ្រប់
គ្រងប្រទេសតទៅ។លុះបានគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ។កុដុម្ពិករំភើបស្លុត ក្នុងចិត្ត ហើយតាំងរៀបចំទទួល
ព្រះរាជា ស្ដេចសួរអំពីដំណើររឿងដើម មានកូនប្រុស-ស្រីប៉ុន្មាននាក់។ សេដ្ឋីក្រាបទូលថាៈ ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់
ណាស់។ ពេលមួយ កូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេ កូននោះក៏
ស្រាប់តែដើរបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ ” ។ស្ដេចជ្រាប ព័ត៌មាន
នេះហើយ ក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពិកដឹងសព្វគ្រប់។កុដុម្ពិកត្រេកអរ ណាស់ ក៏នាំគ្នា
ឪបព្រះរាជា សរសើរបុណ្យបារមី ។ ព្រះរាជាត្រាស់បញ្ជាអោយកុដុម្ពិកទាំងភរិយាស្វាមីទៅ
រស់នៅឯរាជ វាំង ។ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ ព្រះអង្គទ្រង់អនុញ្ញាតអោយមក
នៅវាំងដែរ។ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោស
ដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាអោយក្រុម
ហោរា យកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយ ជាឆ្នាំទី១២ ឲ្យសំគាល់ថា ឆ្នាំកុរនោះជានាម
សត្វជ្រូក។នេះជារឿងព្រេង ជ្រូកបានឡើងជាឈ្មោះឆ្នាំ ៕

រឿង តាដក់ជាន់កូនក្រួច

សត្វតាដក់បានជាមានក្បាលទំពែកព្រោះហេតុត្រូវសត្វដទៃទៀតខោកថងទាល់តែរបើករុះសក់អស់ដូច
មានសេចក្ដីនិទានតទៅនេះរឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយ ដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថានដោយសារខ្លួនជរាបន្តិចទៅផងម៉្លោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវឬមើលសត្វតូច
តាចក៏ពុំសូវឃើញ។តាដក់ដើរទៅៗស្ទើរដាច់សង្វែងក៏ទៅជាន់កូនក្រួចដែលពួនជ្រកនៅក្នុងគុម្ពត្រែង
ស្លាប់បង់ជីវិតទៅ។មេក្រួចក្ដៅចិត្តខ្លាំងណាស់តែមិនដឹងធ្វើដូចម្ដេចព្រោះខ្លួនតូចតាចពុំហ៊ានតវ៉ាជាមួយ
តាដក់ដែលមានមាឌធំជង្គ្រោងនោះឡើយ។មេក្រួចដើរស្វែងរកសត្វណាមួយដែលស្លូតបូតមានគតិទៀង
ទ្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបានខ្លួននឹងនាំរឿងទៅប្ដឹងសត្វនោះឲ្យជួយជំរះក្ដីសំរាលខ្លួន។គ្រានោះក្រួច
ដើរទៅជួបសត្វគីង្គក់គីង្គក់ស្រែកសួរថាៈអើ!បងក្រួចទៅណាមកណា?ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរ
ណាស់ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្តប្រាប់គីង្គក់សព្វគ្រប់។គីង្គក់ក៏កោះហៅតាដាក់មក
សួរថាៈតាដក់!ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ?តាដក់ឆ្លើយថាៈបានជាខ្ញុំជាន់
កូនក្រួចព្រោះខ្ញុំភ័យដោយមកពីខ្ញុំឃើញសត្វក្រសាវាហូតដាវខ្វាកៗខ្ញុំនឹកថាប្រហែលជាមានសត្រូវមក
ដល់ទើបបានខ្ញុំស្ទុះម្នីម្នាមិនឃើញទៅជាន់កូនក្រួចដូច្នេះគីង្គក់ក៏ហោះហៅសត្វក្រសាមកទៀតហើយសួរ
ថាៈ-ចុះហេតុអ្វីបានជាក្រសាឯងហូតដាវនាំអោយតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង? ក្រសាឆ្លើយថាៈបានជានាំគ្នាលើកទ័ពព្រោះខ្ញុំឮត្លុមវាវាយស្គរខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់
ហើយបានខំនាំគ្នាលើកពលរេហ៍ទៅរង់ចាំការពារនឹងសត្រូវនោះ។ គីង្គក់កោះហៅសត្វត្លុមមកដល់ទៀត
ហើយសួរថាៈចុះមានហេតុអ្វីបានត្លុមឯងវាយស្គរអោយផ្អើលគេឯងយ៉ាងនេះ?ត្លុមឆ្លើយថាៈបានជាខ្ញុំវា
យស្គរពីព្រោះខ្ញុំឃើញទុងវាលយសំពៅខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ
។គីង្គក់កោះហៅសត្វទុងមកសួរទៀត។ទុងឆ្លើយថាៈធម្មតាខ្ញុំក៏រកស៊ីលើគោកដែលប៉ុន្តែពេលនេះបានជា
ខ្ញុំម្នីម្នានាំគ្នាលយសំពៅប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះពីព្រោះឃើញតាដក់វាស្ពាយយាមហើយក៏ស្មាន
ថាមានអាសន្នមកដល់ហើយ!អ្នកទាំងអស់គ្នាក៏ហ៊ោរគឹលឡើងស្រែកព្រមគ្នាថាៈទោសនេះមកពីតាដក់
ខ្លួនឯងនេះទេតើ!គីង្គក់សួរយោបល់សត្វទាំងថាតើយើងត្រូវដាក់ទណ្ឌកម្មតាដក់បែបណា។សត្វទាំងអស់
តបថា”ត្រូវនាំគ្នាខោកថងក្បាលវាអោយវារាងចាល!”ថាហើយសត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់
គ្រប់ៗ គ្នាទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលដែរ ទាល់តែរោមក្បាលតាដក់រុះអស់ ទំពែករហូតសព្វថ្ងៃ ៕

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ