Chủ Nhật, tháng 8 30, 2020




បណ្ដាសត្វហេមពាន្ត និងសត្វ

ទាំងឡាយក្នុងគម្ពីរត្រៃភូមិខ្មែរបុរាណ!!

វត្តសាសនសាមគ្គីរង្សី   អូរត្រាវ 

អ្នកចុះផ្សាយ ឆ្នាំ២០២០ /២៩/សីហា



បណ្ដាសត្វហេមពាន្ត និងសត្វទាំងឡាយក្នុងគម្ពីរត្រៃភូមិខ្មែរបុរាណ!!
ហត្ថិលិង្គ : សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺឧទេនកុមារ ដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់ មានជាប្រពៃណីឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មានភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន( ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន ) ។
គជសីហ៍ : ឈ្មោះសត្វមានរូប ដូចសីហៈ តែមានប្រមោយដូចដំរី មាននិយាយតែក្នុងរឿងផ្សេងៗ ពីបុរាណ ។
ករវិក : បក្សីមួយប្រភេទ មានសំឡេងពីរោះ។
សីហៈ : សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច ( សិង្ហ; បារ. លីយ៉ុង Lion ) ។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន៤ ប្រភេទគឺ ១- តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២-កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣-បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ ( សម្បុរត្នោត ) ស៊ីសាច់សត្វជាអាហារ; ៤-កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នង ដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ ( ម្ខាងមួយ ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេសក្រៅពីនោះមានសម្បុរ-សដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ ( ច្រើនមាននៅក្នុងហិមវន្ដប្បទេស ), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ "ស្ដេចសីហៈ" ក៏បាន ។
មយូរ : មយូរា ក្ងោកទាំងឡាយ, ពួកក្ងោក ។ មយូរី ក្ងោកញី។
ហង្ស : បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិច មាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់ គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឱ្យតែចង់ មើលហើយមើលទៀត។
កិន្នរ : ឈ្មោះបក្សីមួយប្រភេទ ថាមានរូបដូចមនុស្ស មានស្លាបហើរបាន មាននិយាយតែក្នុងរឿងបុរាណ; ដែលហៅថា កេនរ ឬ កៃណរ នេះជាពាក្យក្លាយមកពីពាក្យថា កិន្នរ នេះឯង។
ប្រភព #វចនានុក្រមសម្ដេចសង្ឃជួនណាត
រូបដកស្រង់ចេញពី #គម្ពីរត្រៃភូមិខ្មែរ
@បុរាណាាចារ្យ













































Thứ Bảy, tháng 8 29, 2020





វត្តសុវណ្ណគន្ធវារីរង្សី ព្រែកទុង
ឆ្នាំកសាង គ-ស ១៨២៤
ឋិតនៅភូមិព្រែកទុង
ស្រុកកញ្ចោងខេត្តព្រះត្រពាំង(ត្រាវិញ)

















Thứ Sáu, tháng 8 28, 2020

ព្រះត្រៃបិដកមានអ្វីខ្លះ?



ព្រះ​ត្រៃ​បិដក ឬ​ព្រះត្រ័យ​បិដក ឬ​ត្រ័យបិដក ប្រែថា កញ្រ្ចែង ឬ​កញ្ចើ​ទាំង​៣​សម្រាប់​​ដាក់​​ផ្ទុក​​​ពាក្យ​​ពេចន៍​វចនៈ​នៃ​​ព្រះ​​សម្មា​ សម្ពុទ្ធ​​​ជា​ម្ចាស់​​គឺ៖
».​ ពុទ្ធ​វិន័យ​ទាំង​អស់​បាន​ដល់វិន័យ​បិដក​១
».​ ព្រះសូត្រ​ទាំង​អស់​បាន​ដល់​សុត្តន្តបិដក​១
».​ ព្រះ​អភិធម្ម​ទាំង​៧​គម្ពីរ​បាន​ដល់​ព្រះ​អភិ​ធម្មបិដក​១។

វិនយ​បិដក
វិនយ​បិដក គឺ​ជា​គម្ពីរ​ខាង​ព្រះពុទ្ធសាសនា​ដែល​បាន​​ចារិក​​ទុក​​នូវ​​ពុទ្ធប្បញ្ញត្តិ​​និង ​​ពុទ្ធា​នុ​ញាតិ​​។​​ ​ក្នុង​​​វិនយ​​បិដក​​​​​ដដែល​​​​​បាន​​​ចែក​​​ចេញ​​ជា​​​៥គម្ពីរ​មាន៖ 

គម្ពីរមហាវិភង្គ
គម្ពីរមហាវិភង្គ ដែល​ជា​គម្ពីរ​មួយ​រៀប​រាប់​អំពី​វិន័យ​របស់​ព្រះភិក្ខុសង្ឃ​ទាំង​២២៧​សិក្ខា។
គម្ពីរភិក្ខុណីវិភង្គ
គម្ពីរភិក្ខុណីវិភង្គ ដែល​អធិប្បាយ​នូវ​វិន័យ​ទាំង​៣១១​សិក្ខាបទ​របស់​នាង​ភិក្ខុណី។
គម្ពីរមហាវគ្គ
គម្ពីរមហាវគ្គ ជា​គម្ពីរ​ដែល​បាន​ពណ៌នា​អំពី​ពិធី​ធ្វើ​សង្ឃកម្ម​ផ្សេង​ៗ​របស់​ពួក​​ពុទ្ធ​បរិស័ទ។​​​ ក្នុង​​​គម្ពីរ​​​នេះ​​​​មាន​​​១០​​​ខន្ធកៈ​​នៃ​​២២​​ខន្ធកៈ​​ដែល​​នៅ​​សល់​​១២​​ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​ក្នុង​គម្ពីរ​ចូឡវគ្គ។
គម្ពីរចូឡវគ្គ
គម្ពីរចូឡវគ្គ គម្ពីរ​​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក​១២ខន្ធកៈ​ក្រៅ​​​ផ្សេង​​​ពី ​​​១០​​ខន្ធកៈ​​ក្នុង​​គម្ពីរ​មហា​វគ្គ​​តែ​ប៉ុណ្ណោះ​។
គម្ពីរបរិវារៈ
គម្ពីរបរិវារៈ ជា​គម្ពីរ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ជា​សំនួរ​ចំលើយ ចោទ​ឆ្លើយ​​អំពី​​បញ្ហា​​មាន​​​ក្នុង​​គម្ពីរ​​​ទាំង​​៤​​​ខាង​លើ។​


សុត្តន្តបិដក
សុត្តន្តបិដក​គឺ​ជា​គម្ពីរ​ដែល​បាន​រួបរួម​នូវ​ព្រះធម៌​មាន​លក្ខណៈ​ជា​​ការ​សម្តែង​ចាត់​ជា​ក្រុម​ជា ​​​ពួក​​​តាម​​ហេតុ​ការណ៍​​​និង​​​​​ចរិត​​​​អធ្យាស្រ័យ​​របស់​​សត្វ​គូរ​​ សន្ទនា​​នោះ​​ឯង​​ដែល​​មាន​​មួយ​​ចប់​នៃ​ការ​​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា​​​នឹង​​ភាគី​​ចរចា​​ហៅថា​ ​មួយ​ព្រះសូត្រ ឬ​សូត្រ​​មួយ​។ ក្នុង​​[[សុត្តន្ត​បិដក]]​​​មានការ​ចាត់​ចំណាត់​​ថ្នាក់​វែង ​ខ្លី ​ច្រើន ​តិច​ ជា​កង​ ជា​​​ពួក​និង​ជា​ក្រុម​ជា​ដើម​​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​​ដោយ​ ព្រះសង្គីតិកាចារ្យ​​តាំងតែ​​[[បឋម​សង្គាយ​នា​]]​​ឬ​​​សង្គាយនា​​​​លើក​​ទី​​​មួយ​​​​មាន​​​​​​ព្រះអរហន្ត​ ​៥០០​អង្គ​រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី​និង​​ព្រះ​មហា​អានន្ទ​ជា​ដើម​​​ឮ​​រហូត​​​ដល់សង្គាយ​នាគ្រាទី៣​ ដែល​បាន​ញ៉ាំង​ព្រះត្រ័យបិដក​​​​មាន​​​​​​ព្រះវិនយបិដក​ព្រះ​សុត្តន្ត​បិដក​ ​​និង​​ព្រះអភិធម្មបិដក​ឲ្យ​គ្រប់បរិបូរណ៍​ហើយ​និង​សង្គាយនា​លើកទី​៤​(តាម​ ច្បាប់​ស្រីលង្កា) ព្រះ​ត្រ័យ​​បិដក​​ដែន​​​បាន​​បន្ត​មក​ដោយ​​​ការទន្ទេញ​ចាំមាត់​របស់​ពួក​ សាវ័ក​ក៏​បាន​សរសេរ​ចារិក ទុកក្នុង​ស្ត្រា​ស្លឹក​រឹត​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​​ក្រុមភិក្ខុជនជាតិ​ ស្រីលង្កា។ ក្រោយ​មក​គម្ពីរ​ព្រះ​ត្រ័យ​បិដក​​ក៏​​បាននាំយកទៅសរសេរ​ជា​​ភាសា​​​ផ្សេង​ៗ​ និងបានមក​បក​ប្រែ​ជា​ភាសា​​ខ្លួន​ដើម្បី​​ងាយ​ស្រួល​​​ក្នុង​ការ​សិក្សា​​ រៀនសូត្រ​ព្រោះ​​ដំបូង​ឡើយ​មាន​សំនេរ​ ​ជា​ភាសា​ស្រី​លង្កា​ (សីហឡភាសា)​តែ​សំនៀង​​​​ភាសា​​បាលី​ហើយ​ត្រូវគេ​ចម្លង​យក​សំនៀង​បាលី​មក​​​ជា ​​ភាសា​​​ខ្លួន​ហើយ​ប្រែ​សេចក្តី​នែ​​ព្រះត្រ័យ​បិដក​​​ទាំងមូល​​ ជាភាសានៃប្រជាជាតិនោះៗ។



ព្រះសុត្តន្តបិដកមាន ៥គម្ពីរ​ដែល​បាន​ចារិក​​ទុកនូវ​​​ពាក្យ​វចនៈ​នៃ​​ព្រះ​សម្មា​​សម្ពុទ្ធ​​ តាម​​​​បែប​​​​ផែន​​ដូច្នេះ​​៖

គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា​៣​វគ្គ​ធំ​ៗ​គឺ​ ​សីលក្ខន្ធវគ្គ​​​មាន​​១៣​​ព្រះសូត្រ មហាវគ្គ​មាន​១០​ព្រះសូត្រ​ និង​បាដិកវគ្គមាន​១១​ព្រះ​សូត្រ​។

គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែង​​ពេកមិនខ្លី​ពេក​១៥២​ព្រះសូត្រ​​ ដែល​​បែងចែក​ជា​៣​បណ្ណាសកៈ ​មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ​ និង​ឧបរិ​បណ្ណាសកៈ​ ​ហើយ​ក្នុង​បណ្ណាសកៈ​នីមួយៗ​មាន​៥វគ្គតូចៗ​ទៀត ហើយ​វគ្គតូចៗ​នីមួយ​ៗ​មាន​១០​​​ព្រះ​សូត្រ​វៀរ​តែ​វគ្គ​ទី​១៤​គឺ​វិភង្គ​​ វគ្គមាន​​១២​ព្រះ​សូត្រ​។ សំយុត្តនិកាយ

សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា​​៥​វគ្គមាន​សគាថវគ្គ​ដែល​​សម្តែង​អំពី​ពួកព្រះសូត្រ​​មាន​ គាថា​ទាំង​ឡាយ​២៧១​ព្រះសូត្រ១​និទានវគ្គ រួម​​ព្រះសូត្រ​ដែល​ពោល​​ អំពី​ហេតុ​ ឬ ឫស​គល់​នៃ​សភាវធម៌​ទាំងឡាយជាដើម​១ ខន្ធវារវគ្គ ព្រះសូត្រដែល​​ពោល​អំពី​ខន្ធ​ទាំងឡាយ​មានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​អាយតនៈ​ទាំងឡាយ​ មាន​រូបាយតនៈ​​ ជាដើម​​​១ មហាវារវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​ធម៌​សំខាន់​ៗ​ដូចជា​មគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍​២២​ជាដើម​១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុម​មួយ​​ៗ​ហៅថា សំយុត្តមួយ​រួម​ទាំងអស់​មាន​៥៦​សំយុត្ត​រួម​គ្នា​ដូចជា​ទេវតា​សំយុត្ត​ជាដើម ​និង​មាន​៧៧៦២​ព្រះសូត្រ។

អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១​និបាត​ដូចជា​​ក្នុង​ឯកនិបាត​​សម្តែង​​អំពី​ ពួកធម៌​មាន​អង្គ​​១​ ទុកនិបាត មានអង្គ២ តិកនិបាត​មាន​អង្គ៣ រហូតដល់​ឯកាទសក​និបាត គឺពួកធម៌​មាន​អង្គ​១១​ដូច្នេះ​ជាដើម​។ ដោយរួម​ក្នុង​អង្គុត្តរនិកាយ​មាន​ព្រះសូត្រ​សរុប​ទាំង​អស់​៩៥៥៧​ព្រះសូត្រ​។

ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី​៤​​​គម្ពីរ​ខាង​លើ​​មាន​​១៥​​ប្រភេទ​មាតិកា​បាន​ដល់៖
១. ខុទ្ទកបាឋ មាន​បទ​សូត្រ​ខ្លី​ៗ៩​បទ​មាន​​សរណគមន៍​​ជា​ដើម​​មាន​​ករណិយ​​​មេត្ត​​សូត្រ​​ជា​បរិយោសាន​១
២. ធម្មបទ​គាថា​មាន​២៦​វគ្គ​ដូច​ជា​យមក​វគ្គ​ជា​ដើម​មាន​ព្រហ្មណវគ្គ​ជា​បរិយោ​សាន និង​​សរុប​​ទាំងអស់​​មាន​ច្រើន​ជាង​​៤០០​គាថា។
៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។
៤. ឥតិវុត្តក មានវចនៈដែល​ពោល​អាង​ដល់​ព្រះពុទ្ធវចនៈ។មាន​១១២​ព្រះសូត្រ​។
៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។
៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវ​ធីតា​ស្ថាន​សួគ៌​។
៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។
៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។
៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។
១០. ជាតក មានប្រជុំរឿងជាតកទាំងអស់​៥៥០​ជាតក​ដែល​ជា​ប្រវត្តិ​រឿងរ៉ាវ​​ពី​អឌិត​​របស់​ព្រះពោធិសត្វ​។
១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែល​ទាំងពីរ​ព្រះសារិបុត្ត​​បាន​​នាំ​​យក​​​ព្រះសូត្រក្​នុង​​​​សុត្តនិបាត​មក​អធិប្បាយ​ឲ្យ​ពិស្តារ​បន្ថែម។
១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន​៣០យ៉ាង​មកអធិប្បាយ​និង​ចំនែក​ឲ្យ​តូច​ៗ​ដោយ​ពិស្តារ​របស់ព្រះសារិបុត្ត។
១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬ​ពាក្យ​ពេចន៍​ចុង​ក្រោយ​មុន​នឹង​ចូល​និព្វាន​របស់​ ព្រះអរហន្ត​ទាំង​ឡាយ​ទាំង​ព្រះសម្មា​សម្ពុទ្ធ​ព្រះ​បច្ចេកពុទ្ធ​​និង​ ព្រះសាវ័កពុទ្ធ​។
១៤. ពុទ្ធវង្ស ឬពុទ្ធវំស មាន​រៀប​រាប់​អំពី​ព្រះពុទ្ធ​ទាំង​២៤​ព្រះអង្គ​ពី​អតីត​កាល​​រហូត​​ដល់​​​ព្រះពុទ្ធ​​សមណគោតម​​​នៃ​យើងនេះ​ឯង។
១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយា​នៃ​ការ​កសាង​បារមី​របស់​​​​ព្រះ​បរម​ពោធិ​សត្វ​​​​ក្នុង​​ភទ្ទកប្ប​នេះ។
ដោយ ៥០០០ឆ្នាំ

 

Thứ Năm, tháng 8 27, 2020

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស 

វេលានេះ អាត្មាភាពសូមសម្ដែងអំពីសង្គហ
ធម៌ ដែលមានក្នុងសុត្តន្តបិដក 
គម្ពីរទីឃនិកាយ បាដិកវគ្គ 
ដូចសេចក្ដីតទៅនេះ ៖


កិច្ច ឬឧបាយសម្រាប់សង្គ្រោះឬក៏ស្រោចស្រង់គ្នានឹងគ្នាឱ្យមានក្ដីស្នេហាទៅវិញទៅមក កុំឱ្យបែកបាក់គ្នា ហៅថា សង្គហធម៌ (ឬថាបិយករណធម៌ ៗជាគ្រឿងធ្វើនូវសេចក្ដីស្រឡាញ់) មាន ៤ យ៉ាង ដូចពុទ្ធភាសិតមួយកន្លែង ក្នុងសិង្គាលោវាទសូត្រថា៖

ទានញ្ច  បិយវជ្ជញ្ច           អត្ថចរិយា  ច  យា  ឥធ

សមានត្តតា  ច  ធម្មេសុ    តត្ថ    តត្ថ  យថារហំ

ឯតេ  ខោ  សង្គហា  លោកេ        រថស្សាណីវ  យាយតោ

ឯតេ  ច  សង្គហា  នាស្ស  ន  មាតា  បុត្តការណា

លភេថ  មានំ  បូជំ  វា                 បិតា  វា បុត្តការណា  ។

សេចក្ដីថា៖ ធម៌សម្រាប់សង្គ្រោះមនុស្សក្នុងលោកនេះ មាន ៤ យ៉ាង គឺ៖ ការឱ្យទាន ១ ពោលពាក្យពីរោះ ១ កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ ១ ធម៌ទាំងប៉ុណ្ណេះនេះ រមែងប្រព្រឹត្តទៅក្នុងលោកដូចប្រែកទប់នៃរទេះ ។ អធិប្បាយថា រទេះកាលបើមានប្រែកទប់ ទើបអាចប្រព្រឹត្តទៅ បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានឡើយ ដូចម្ដេចមិញ សត្វលោក កាលបើមានសង្គហធម៌ទាំង ៤ នេះ ទើបប្រព្រឹត្តទៅបាន បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នោះឯង ។ សង្គហធម៌ប៉ុណ្ណេះមិនមានហើយ មាតាក្ដី បិតាក្ដី ក៏មិនបាននូវការបូជាឬសេចក្ដីរាប់អានអំពីបុត្ររបស់ខ្លួនឡើយ ។
១- ការឱ្យទាន  ទាននេះចែកជា ២ យ៉ាងគឺ៖ សារណទាន ១ អសារណទាន ១ ។ ឱ្យចំពោះរូបបុគ្គលម្នាក់ ៗ ដូចជាមាតាបិតាឱ្យអាហារ ឱ្យគ្រឿងប្រដាប់ស្លៀកពាក់ ឱ្យទ្រព្យសម្បត្តិធ្វើដើមទុនដល់បុត្រធីតាឬក៏បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារគ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា យ៉ាងនេះហៅថា អសាធារណទាន ។ ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តា អាណិតអាសូរដល់មហាជនហើយលះបង់ទ្រព្យសម្បត្តិ ជួលគេឱ្យលើកថ្នល់ ជីកព្រែក ធ្វើស្ពាន ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល ឬដាំដើមឈើ ជីកស្រះ ជីកអណ្ដូង សង់សាលា ដើម្បីជាទីសម្នាក់អាស្រ័យដល់មនុស្សអាគន្តុកៈឬទំនុកបម្រុងធ្វើផ្ទះពេទ្យ សាលាបង្រៀនជាទីឱ្យចំណេះវិជ្ជាដល់កុមារាកុមារី យ៉ាងនេះហៅថា សាធារណទាន ព្រោះឱ្យមិនចំពោះរូបបុគ្គលម្នាក់ ៗ នេះជាសង្គហធម៌ទី ១ ។
២- ការពោលពាក្យពីរោះ  នោះអធិប្បាយថា អ្នកឱ្យបើគ្រាន់តែឱ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផងទេ វត្ថុដែលឱ្យនោះ បើទុកជាច្រើនយ៉ាងណា ក៏ប្រាកដហាក់ដូចជាតិច បើពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផង ពស្តុភារដែលឱ្យនោះសូម្បីតិចតួចសោះក៏ប្រាកដហាក់ដូចជាច្រើន ព្រោះធ្វើឱ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ដូចភាសិតបុរាណថា “ប្រហុកអំបិលក៏ដោយចុះឱ្យតែចានកណ្ដាប់មាស” ព្រោះហេតុនោះ បានជាព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ចាត់ការពោលពាក្យពីរោះ ថាជាសង្គហធម៌ទី ២ ។
៣- កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍  អធិប្បាយថា អ្នកឱ្យបើប្រសិនជាឱ្យហើយនិយាយពីរោះផង ដែលជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទ្ធហើយ ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឱ្យ មិនប្រាប់ឧបាយឱ្យកើតប្រយោជន៍ គ្រាន់តែឱ្យរបស់និងនិយាយពីរោះប៉ុណ្ណោះ ការស្និទ្ធនោះក៏នឹងសាបសូន្យទៅវិញដោយងាយ ។ ព្រោះហេតុនោះ ការប្រព្រឹត្តអំពើជាប្រយោជន៍នេះ ចាត់ជាសង្គហធម៌ទី ៣ ។
៤- ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ  នោះអធិប្បាយថា អ្នកឱ្យសូម្បីឱ្យហើយ និយាយពាក្យពីរោះ ព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ដល់គ្នានឹងគ្នាហើយ តែបើមិនចេះរៀបចំខ្លួនឱ្យសមតាមយសសក្តិឬមិនស្គាល់ធំ តូច ខ្ពស់ ទាប ជាអ្នកប្រកាន់មានះមើលងាយគេ សេចក្ដីរាប់អានគ្នាក៏នឹងសាបសូន្យទៅវិញ ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឱ្យសមតាមយសសក្តិផង ទើបសេចក្ដីរាប់អាននោះនឹងមានកម្លាំងអាចតាំងនៅយូរអង្វែងទៅបាន ។ នេះចាត់ជាសង្គហធម៌ទី ៤ ។
សព្វសត្វទាំងអស់ក្នុងលោកគួរមានសង្គហធម៌ សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់តាមថ្នាក់ ទើបចក្រទាំងគូ គឺពុទ្ធចក្រនិងអាណាចក្រវិលទៅរកវឌ្ឍនធម៌និងសន្តិសុខបានដោយស្រួល ។
ឯបុគ្គលដែលត្រូវមានសង្គហធម៌សង្គ្រោះគ្នានឹងគ្នានោះមាន៦ពួក ព្រះពុទ្ធជាម្ចាស់ទ្រង់និពន្ធជាបទព្រះគាថាប្រៀបធៀបនឹងទិសទាំង៦ ដូច្នេះថា៖

មាតាបិតា  ទិសា  បុព្វា               អាចរិយា  ទក្ខិណា  ទិសា

បុត្តទារា  ទិសា  បច្ឆា                  មិត្តាមច្ចា  ច  ឧត្តរា

ទាសកម្មករា  ហេដ្ឋា                   ឧទ្ធំ  សមណព្រាហ្មនា

ឯតា  ទិសា  នមស្សេយ្យ   អលមត្តោ  កុលេ គិហី  ។

សេចក្ដីថា៖ មាតាបិតាទុកជាទិសខាងកើត គ្រូបាអាចារ្យទូកជាទិសខាងត្បូង បុត្រភរិយាទុកជាទិសខាងលិច មិត្រសម្លាញ់ទុកជាទិសខាងជើង ទាសកម្មករទុកជាទិសខាងក្រោម សមណព្រាហ្ម៍ទុកជាទិសខាងលើ គ្រហស្ថក្នុងត្រកូលដែលមានសមត្ថភាព ចិញ្ចឹមបុត្រភរិយា ហើយនៅគ្រប់គ្រងផ្ទះសម្បែង គប្បីនមស្ការនូវបុគ្គលទាំងឡាយមានមាតាបិតាជាដើមដែលទុកដូចជាទិសនោះៗចុះ ។

សេចក្ដីអធិប្បាយ

មាតាបិតាទុកជាទិសខាងកើត បុត្រធីតាគប្បីមានសង្គហធម៌ប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន ៥ យ៉ាងគឺ៖
១- កូនត្រូវតាំងចិត្តថា អាត្មាអញនេះ គឺមាតាបិតាបានចិញ្ចឹមមកហើយ អាត្មាអញត្រូវចិញ្ចឹមលោកវិញ ។
២- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចរវល់ នោះអាត្មាអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចរវល់របស់មាតាបិតាវិញ ។
៣- កូនត្រូវតាំងចិត្តថា អាត្មាអញត្រូវតម្កល់វង្សត្រកូលមាតាបិតាទុកឱ្យល្អមិនឱ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតាឱ្យវិនាសដោយការឥតប្រយោជន៍ និងសង្គ្រោះមាតាបិតាឱ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឱ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌ និងមិនផ្ដាច់បង់នូវការកុសលទាំងឡាយមានសលាកភត្តជាដើមដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ ។
៤- កូនត្រូវតាំងចិត្តថា អាត្មានឹងតាំងចិត្តគំនិតមារយាទឱ្យល្អ ឱ្យជាទីពេញចិត្តនាំមាតាបិតាឱ្យជាមនុស្សគួរមាតាបិតាប្រគល់ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលឱ្យ ។
៥- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អាត្មាអញត្រូវធ្វើទក្ខិណាទាន ឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយៗ ។
ចំណែកខាងមាតាបិតាត្រូវអនុគ្រោះបុត្រធីតាដោយស្ថាន ៥ យ៉ាងគឺ៖
១- ហាមឃាត់កូនមិនឱ្យធ្វើកម្មអាក្រក់ ហាមឃាត់កូនមិនឱ្យសម្លាប់សត្វ លួចទ្រព្យគេជាដើម ។
២- ឱ្យកូនតម្កល់នៅក្នុងកម្មជាកុសល មានទាននិងសីលជាដើម ។
៣- ឱ្យកូនសិក្សារៀនសិល្បសាស្ត្រចំណេះវិជ្ជាដែលគួររៀនមានអក្សរនិងលេខជាដើម ។
៤- រៀបចំកូនឱ្យមានភរិយា ឬស្វាមីតាមសមគួរដល់ត្រកូលនិងទ្រព្យសម្បត្តិ ។
៥- ឱ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺ៖ និច្ចសម័យ១ កាលសម័យ១ និច្ចសម័យនោះគឺឱ្យទ្រព្យសម្បត្តិរឿយៗ ដើម្បីឱ្យកូនចាយប្រើតាមការគួរ ឬឱ្យដើម្បីទុកធ្វើកុសលណាមួយ កាលសម័យនោះ គឺឱ្យក្នុងកាលដែលបានរៀបចំឱ្យកូនមានភរិយាស្វាមីហើយឬឱ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព ។
គ្រូបាអាចារ្យទុកជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយ ដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យទេ កាលបើបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង បើលោកមានគ្រឿងបរិក្ខាអ្វី ត្រូវទទួលយកមកអំពីលោកដោយអើពើ ត្រូវរកទឹកលាងជើង រកកំណាត់ជូតជើងរួចត្រូវចាត់ចែងទីអាសនៈដើម្បីលោក លុះលោកអង្គុយហើយ សឹមខ្លួនអង្គុយជាខាងក្រោយ ។ កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ ។
២- ដោយកិរិយាចូលទៅបម្រើគ្រូអាចារ្យក្នុង ១ ថ្ងៃ ៣ ដងគឺ វេលាព្រឹកម្ដង ថ្ងៃត្រង់ម្ដង ល្ងាចម្ដង ។
៣- ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យ ដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ ។
៤- ដោយការបម្រើតូចៗ មានឱ្យឈើស្ទន់និងទឹកលុបមុខជាដើម ។
៥- ដោយកិរិយារៀនសូត្រសិល្បសាស្ត្រ ចំណេះវិជ្ជាអំពីគ្រូអាចារ្យដោយគោរព គឺរៀនម្ដងៗតាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួនហើយស្វាធ្យាយទន្ទេញដរាបដល់ចាំ ដល់ចូលចិត្ត ។
ចំណែកគ្រូបាអាចារ្យត្រូវអនុគ្រោះសិក្សាដោយស្ថាន ៥ យ៉ាង គឺ៖
១- ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឱ្យសិស្សចេះរៀបចំឥរិយាបទទាំង៤គឺ ដេក ដើ ឈរ អង្គុយ ឱ្យរៀបរយ ព្រមទាំងប្រដៅឱ្យសេពគប់តែនឹងកល្យាណមិត្រ ។
២- បង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រូវតាមអត្ថនិងព្យញ្ជនៈ នឹងរបៀបពាក្យរបៀបសេចក្ដីឱ្យសិស្សចាំចូលត្រឹមចិត្ត ។
៣- បង្ហាញសិល្បសាស្ត្រចំណេះវិជ្ជាដល់សិស្ស ដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឱ្យសិស្សចេះប៉ុណ្ណោះដែរ ។
៤- ពោលពាក្យលើកសរសើរសិស្ស ដែលមានសិល្បសាស្ត្រចំណេះវិជ្ជានិងកិរិយាមារយាទល្អពិតនោះ ឱ្យច្បាស់ប្រាកដដល់មិត្រនិងអាចារ្យ ។
៥- ធ្វើនូវសេចក្ដីការពាររក្សាសិស្សក្នុងទិសទាំងឡាយ គឺថាឱ្យសិស្សរៀនសិល្បសាស្ត្រចំណេះវិជ្ជា មិនឱ្យទើសទាល់ក្នុងវេលាដែលសិស្សនៅក្នុងទិសនោះ ៗ ។
ភរិយាទុកជាទិសខាងលិច ស្វាមីគប្បីអនុគ្រោះដោយស្ថាន ៥ យ៉ាង គឺ៖
១- ដោយសេចក្ដីរាប់អានដោយសម្ដីដ៏ទន់ផ្អែមទៅរកភរិយា ។
២- ដោយកិរិយាមិនបៀតបៀន មិនមើលងាយភរិយាដូចទាសកម្មករ ។
៣- ដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា ។
៤- ដោយកិរិយាប្រគល់នូវឥស្សរិយៈ គឺភាវៈជាធំក្នុងការចាត់ចែងម្ហូបចំណីឱ្យដាច់មុខទៅភរិយា ។
៥- ដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា តាមសមគួរដល់សម្បត្តិរបស់ខ្លួន ។
ចំណែកភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាងគឺ៖
១- ចាត់ចែងការងារមានការចម្អិននូវអាហារជាដើម ដោយផ្ចិតផ្ចង់ ។
២- សង្គ្រោះដល់ជនជាញាតិរបស់ស្វាមីនិងញាតិរបស់ខ្លួនដោយស្មោះស្មើ ។
៣- ចេះថែទាំទុកដាក់នូវទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ ។
៤- មិនប្រព្រឹត្តកន្លងចិត្តស្វាមី ។
៥- ជាស្រីឈ្លាសប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនិងបាយជាដើម ឥតខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ហើយអាចញ៉ាំងកិច្ចទាំងនោះឱ្យសម្រេចបាន ។
មិត្រសម្លាញ់ទុកជាទិសខាងជើង កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាឱ្យទ្រព្យរបស់ដែលគួរឱ្យដល់មិត្រ ។
២- ដោយកិរិយាពោលពាក្យពីរោះទៅរកមិត្រ ។
៣- ដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឱ្យកើតដល់មិត្រ ។
 ៤- ដោយភាវៈជាអ្នកមានខ្លួននិងចិត្តស្មើដោយមិត្រ ។
៥- ដោយភាវៈមិនក្លែងពោលឱ្យឃ្លាតចាកសេចក្ដីពិតដល់មិត្រ ។
ចំណែកខាងមិត្រសម្លាញ់ត្រូវអនុគ្រោះកុលបុត្រ ដោយស្ថាន ៥ យ៉ាងគឺ៖
១- ជួយរក្សាមិត្រដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
២- ជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្រដែលមិត្របានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
៣- កាលបើមិត្រមានសេចក្ដីភិតភ័យ ក៏អាចជាទីពឹងអាស្រ័យដល់មិត្របាន ។
៤- មិនលះបង់ចោលមិត្រក្នុងកាលដែលមិត្រមានការក្រ ។
៥- ស្រឡាញ់រាប់អានកូនចៅផៅពង្សរបស់មិត្រ ។
ទាសកម្មករទុកជាទិសខាងក្រោម ចៅហ្វាយនាយគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាចាត់ចែងនូវការងារឱ្យធ្វើតាមសមគួរដល់កម្លាំងនៃទាសកម្មករ គឺថាដាក់ការងារឱ្យធ្វើតាមការ សម្រាប់ប្រុសស្រីចាស់ក្មេង ។
២- ដោយកិរិយាធ្វើនូវភត្តាហារនិងឈ្នួល ឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឱ្យ ។
៣- ដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករ ក្នុងកាលដែលមានជំងឺ ហើយមិនបៀតបៀនឱ្យធ្វើការងារអ្វីឡើយ ។
៤- ដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ត្រកាលឱ្យទាសកម្មករបរិភោគ ។
៥- ដោយកិរិយាបើកឱកាសឱ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើទាសកម្មករធ្វើការនឿយហត់ពេញ១ថ្ងៃ ក៏ឱ្យឈប់សម្រាកកម្លាំងខ្លះ ។ ឱ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឫក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឱ្យឈប់ធ្វើការ ។
ចំណែកខាងបាវព្រាវនិងមនុស្សដែលធ្វើការឈ្នួល ត្រូវយកចិត្តទុកដាក់បំពេញបំប៉នចៅហ្វាយនាយរបស់ខ្លួនដោយស្ថាន ៥ យ៉ាងគឺ៖
១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ ។
២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ ។
៣- មិនលួចទ្រព្យរបស់ចៅហ្វាយនាយ យកតែរបស់ដែលចៅហ្វាយនាយឱ្យ ។
៤- ធ្វើការងាររបស់ចៅហ្វាយនាយ ដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្ត ដោយការគិតកាញ់គ្នេរ ។
៥- យកការងាររបស់ចៅហ្វាយនាយ ទៅពោលសរសើរក្នុងទីនោះៗ ។
សមណព្រាហ្មណ៍ទុកជាទិសខាងលើ កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកាយកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយកាយ មានទៅនិមន្តលោកនិងទទួលយកនូវតម្រងទឹក ទៅត្រងទឹកប្រគេនលោក និងគក់ច្របាច់ជាដើម ។
២- ដោយវចីកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀត ឱ្យធ្វើទានដល់សមណព្រាហ្មណ៍និងបន្លឺនូវសព្ទសាធុការក្នុងកាលដែលស្ដាប់ធម៌ទេសនាចប់ និងធ្វើនូវបដិសណ្ឋារៈដោយសម្ដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់ ។
៣- ដោយមនោកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរៈទាំងឡាយដែលលោកតែងនិមន្តមកកាន់ត្រកូលរបស់យើង សូមឱ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានស្មោះត្រង់អស់ពីចិត្ត ។
៤- ដោយភាវៈជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឱ្យទានដោយមិនពោលត្អូញត្អែរចំពោះរបស់ដែលមាននោះថាជាគ្មានវិញឡើយ ។
៥- ដោយកិរិយាឱ្យនូវអាមិសៈ គឺឱ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍ ។
ចំណែកខាងសមណព្រាហ្មណ៍ ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាងគឺ៖
១- ហាមឃាត់កុលបុត្រមិនឱ្យធ្វើកម្មអាក្រក់ មានឃាត់មិនឱ្យសម្លាប់សត្វនិងមិនឱ្យលួចទ្រព្យគេជាដើម ។
២- ឱ្យកុលបុត្រតម្កល់នៅក្នុងកុសល មានទាននិងសីលជាដើម ។
៣- អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ដល់កុលបុត្រទាំងឡាយថា ឱ្យបានសេចក្ដីសុខ កុំបីមានទុក្ខ សោក រោគ ភ័យអ្វីឡើយ ។
៤- ឱ្យកុលបុត្របានស្ដាប់នូវធម៌ដែលមិនធ្លាប់បានស្ដាប់ ។
៥- ញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយ ឱ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះ ឱ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ ។
៦- ប្រាប់នូវសួគ៌ដល់កុលបុត្រ មានប្រាប់ឱ្យដឹងដូច្នេះថា បុគ្គលដែលបានទៅកើតក្នុងឋានសួគ៌នោះ ព្រោះអំណាចនៃកុសលមានសីល៥ និងកុសលកម្មបថ១០ជាដើម ។
កាលបើបុគ្គលទាំង ៦ ពួកគឺ៖ មាតាបិតានិងបុត្រធីតា គ្រូបាអាចារ្យនិងសិស្សានុសិស្ស ភរិយានិងស្វាមី មិត្រសម្លាញ់និងកុលបុត្រ ទាសកម្មការនិងចៅហ្វាយនាយ សមណព្រាហ្មណ៍និងកុលបុត្រ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ បុគ្គលទាំងនោះ ឈ្មោះថាបិទបាំងនូវភ័យអន្តរាយ មិនឱ្យកើតឡើងបាន ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្អក្នុងលោកទាំងពីរ គឺលោកនេះនិងលោកខាងមុខ រមែងបាននូវកេរ្តិ៍ឈ្មោះយសសក្តិ ចម្រើនដោយសុខភាពអនាម័យដ៏ល្អ ។
សង្គហធម៌ទាំង ៤ នេះ បើបុគ្គលណាបានប្រតិបត្តិដោយប្រពៃហើយ កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះនឹងផុលផុសឡើងក្នុងលោក ផ្សាយនូវក្លិនពិដោរឈ្ងុយឈ្ងប់គ្រប់ទិស ជនភាគច្រើនតែងដើរត្រសងស្រង់តាមក្លិនចូលទៅទទួលស្គាល់បុគ្គលនោះជានាយចៅហ្វាយ ជាមិត្រសម្លាញ់ ប្រៀបដូចបុប្ផជាតិដែលមានក្លិនក្រអូបឆើត ជាទីកើតតម្រេកនៃភមរជាតិទាំងឡាយ មានកន្លង់ដូច្នោះជាដើមដែរ ។
ន័យមួយទៀត ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា៖

យស្មា  ច  សង្គហា  ឯតេ   សមបេក្ខន្តិ  បណ្ឌិតា

តស្មា  មហត្តំ  បប្បោន្តិ      បាសំសា  ច  ភវន្តិ  តេ  ។

សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយ លោកបានប្រព្រឹត្តធ្វើនូវសង្គហធម៌ទាំង៤នេះដោយប្រពៃ ព្រោះហេតុនោះបានជាលោកបានដល់នូវភាវៈជាធំ ព្រមទាំងបាននូវសេចក្ដីសរសើរអំពីប្រជុំជនផងគ្នា ។
សម្ដែងមកអំពីសង្គហធម៌ ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ដោយអានុភាពនៃធម្មទេសនា សូមទេវតាទាំងមួយម៉ឺនលោកធាតុរក្សាព្រះប្រិយមហាក្សត្រកម្ពុជាធិបតី ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធិដោយចតុព្វិធពរ រុងរឿងដោយសតិបញ្ញា បរិហាររចនាកម្ពុជរដ្ឋឱ្យដល់នូវឧត្ដមគតិ ដោយមុហុត្តកាល ។
ទាំងសូមពុទ្ធបរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឱ្យចម្រើនដោយសុខភាព អនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យទៅហោង ។
ចប់
ព្រះបាឡាត់ឧត្ដមលិខិត សុង – ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ – ៣ – ៤៩)
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៣

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ