នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
វេលានេះ អាត្មាភាពសូមសម្ដែងអំពីសង្គហ
ធម៌ ដែលមានក្នុងសុត្តន្តបិដក
គម្ពីរទីឃនិកាយ បាដិកវគ្គ
ដូចសេចក្ដីតទៅនេះ ៖
កិច្ច ឬឧបាយសម្រាប់សង្គ្រោះឬក៏ស្រោចស្រង់គ្នានឹងគ្នាឱ្យមានក្ដីស្នេហាទៅវិញទៅមក កុំឱ្យបែកបាក់គ្នា ហៅថា សង្គហធម៌ (ឬថាបិយករណធម៌ ៗជាគ្រឿងធ្វើនូវសេចក្ដីស្រឡាញ់) មាន ៤ យ៉ាង ដូចពុទ្ធភាសិតមួយកន្លែង ក្នុងសិង្គាលោវាទសូត្រថា៖
ទានញ្ច បិយវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ
ឯតេ ខោ សង្គហា លោកេ រថស្សាណីវ យាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានំ បូជំ វា បិតា វា បុត្តការណា ។
សេចក្ដីថា៖ ធម៌សម្រាប់សង្គ្រោះមនុស្សក្នុងលោកនេះ មាន ៤ យ៉ាង គឺ៖ ការឱ្យទាន ១ ពោលពាក្យពីរោះ ១ កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ ១ ធម៌ទាំងប៉ុណ្ណេះនេះ រមែងប្រព្រឹត្តទៅក្នុងលោកដូចប្រែកទប់នៃរទេះ ។ អធិប្បាយថា រទេះកាលបើមានប្រែកទប់ ទើបអាចប្រព្រឹត្តទៅ បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានឡើយ ដូចម្ដេចមិញ សត្វលោក កាលបើមានសង្គហធម៌ទាំង ៤ នេះ ទើបប្រព្រឹត្តទៅបាន បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នោះឯង ។ សង្គហធម៌ប៉ុណ្ណេះមិនមានហើយ មាតាក្ដី បិតាក្ដី ក៏មិនបាននូវការបូជាឬសេចក្ដីរាប់អានអំពីបុត្ររបស់ខ្លួនឡើយ ។
១- ការឱ្យទាន ទាននេះចែកជា ២ យ៉ាងគឺ៖ សារណទាន ១ អសារណទាន ១ ។ ឱ្យចំពោះរូបបុគ្គលម្នាក់ ៗ ដូចជាមាតាបិតាឱ្យអាហារ ឱ្យគ្រឿងប្រដាប់ស្លៀកពាក់ ឱ្យទ្រព្យសម្បត្តិធ្វើដើមទុនដល់បុត្រធីតាឬក៏បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារគ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា យ៉ាងនេះហៅថា អសាធារណទាន ។ ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តា អាណិតអាសូរដល់មហាជនហើយលះបង់ទ្រព្យសម្បត្តិ ជួលគេឱ្យលើកថ្នល់ ជីកព្រែក ធ្វើស្ពាន ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល ឬដាំដើមឈើ ជីកស្រះ ជីកអណ្ដូង សង់សាលា ដើម្បីជាទីសម្នាក់អាស្រ័យដល់មនុស្សអាគន្តុកៈឬទំនុកបម្រុងធ្វើផ្ទះពេទ្យ សាលាបង្រៀនជាទីឱ្យចំណេះវិជ្ជាដល់កុមារាកុមារី យ៉ាងនេះហៅថា សាធារណទាន ព្រោះឱ្យមិនចំពោះរូបបុគ្គលម្នាក់ ៗ នេះជាសង្គហធម៌ទី ១ ។
២- ការពោលពាក្យពីរោះ នោះអធិប្បាយថា អ្នកឱ្យបើគ្រាន់តែឱ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផងទេ វត្ថុដែលឱ្យនោះ បើទុកជាច្រើនយ៉ាងណា ក៏ប្រាកដហាក់ដូចជាតិច បើពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផង ពស្តុភារដែលឱ្យនោះសូម្បីតិចតួចសោះក៏ប្រាកដហាក់ដូចជាច្រើន ព្រោះធ្វើឱ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ដូចភាសិតបុរាណថា “ប្រហុកអំបិលក៏ដោយចុះឱ្យតែចានកណ្ដាប់មាស” ព្រោះហេតុនោះ បានជាព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ចាត់ការពោលពាក្យពីរោះ ថាជាសង្គហធម៌ទី ២ ។
៣- កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍ អធិប្បាយថា អ្នកឱ្យបើប្រសិនជាឱ្យហើយនិយាយពីរោះផង ដែលជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទ្ធហើយ ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឱ្យ មិនប្រាប់ឧបាយឱ្យកើតប្រយោជន៍ គ្រាន់តែឱ្យរបស់និងនិយាយពីរោះប៉ុណ្ណោះ ការស្និទ្ធនោះក៏នឹងសាបសូន្យទៅវិញដោយងាយ ។ ព្រោះហេតុនោះ ការប្រព្រឹត្តអំពើជាប្រយោជន៍នេះ ចាត់ជាសង្គហធម៌ទី ៣ ។
៤- ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ នោះអធិប្បាយថា អ្នកឱ្យសូម្បីឱ្យហើយ និយាយពាក្យពីរោះ ព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ដល់គ្នានឹងគ្នាហើយ តែបើមិនចេះរៀបចំខ្លួនឱ្យសមតាមយសសក្តិឬមិនស្គាល់ធំ តូច ខ្ពស់ ទាប ជាអ្នកប្រកាន់មានះមើលងាយគេ សេចក្ដីរាប់អានគ្នាក៏នឹងសាបសូន្យទៅវិញ ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឱ្យសមតាមយសសក្តិផង ទើបសេចក្ដីរាប់អាននោះនឹងមានកម្លាំងអាចតាំងនៅយូរអង្វែងទៅបាន ។ នេះចាត់ជាសង្គហធម៌ទី ៤ ។
សព្វសត្វទាំងអស់ក្នុងលោកគួរមានសង្គហធម៌ សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់តាមថ្នាក់ ទើបចក្រទាំងគូ គឺពុទ្ធចក្រនិងអាណាចក្រវិលទៅរកវឌ្ឍនធម៌និងសន្តិសុខបានដោយស្រួល ។
ឯបុគ្គលដែលត្រូវមានសង្គហធម៌សង្គ្រោះគ្នានឹងគ្នានោះមាន៦ពួក ព្រះពុទ្ធជាម្ចាស់ទ្រង់និពន្ធជាបទព្រះគាថាប្រៀបធៀបនឹងទិសទាំង៦ ដូច្នេះថា៖
មាតាបិតា ទិសា បុព្វា អាចរិយា ទក្ខិណា ទិសា
បុត្តទារា ទិសា បច្ឆា មិត្តាមច្ចា ច ឧត្តរា
ទាសកម្មករា ហេដ្ឋា ឧទ្ធំ សមណព្រាហ្មនា
ឯតា ទិសា នមស្សេយ្យ អលមត្តោ កុលេ គិហី ។
សេចក្ដីថា៖ មាតាបិតាទុកជាទិសខាងកើត គ្រូបាអាចារ្យទូកជាទិសខាងត្បូង បុត្រភរិយាទុកជាទិសខាងលិច មិត្រសម្លាញ់ទុកជាទិសខាងជើង ទាសកម្មករទុកជាទិសខាងក្រោម សមណព្រាហ្ម៍ទុកជាទិសខាងលើ គ្រហស្ថក្នុងត្រកូលដែលមានសមត្ថភាព ចិញ្ចឹមបុត្រភរិយា ហើយនៅគ្រប់គ្រងផ្ទះសម្បែង គប្បីនមស្ការនូវបុគ្គលទាំងឡាយមានមាតាបិតាជាដើមដែលទុកដូចជាទិសនោះៗចុះ ។
សេចក្ដីអធិប្បាយ
មាតាបិតាទុកជាទិសខាងកើត បុត្រធីតាគប្បីមានសង្គហធម៌ប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន ៥ យ៉ាងគឺ៖
១- កូនត្រូវតាំងចិត្តថា អាត្មាអញនេះ គឺមាតាបិតាបានចិញ្ចឹមមកហើយ អាត្មាអញត្រូវចិញ្ចឹមលោកវិញ ។
២- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចរវល់ នោះអាត្មាអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចរវល់របស់មាតាបិតាវិញ ។
៣- កូនត្រូវតាំងចិត្តថា អាត្មាអញត្រូវតម្កល់វង្សត្រកូលមាតាបិតាទុកឱ្យល្អមិនឱ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតាឱ្យវិនាសដោយការឥតប្រយោជន៍ និងសង្គ្រោះមាតាបិតាឱ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឱ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌ និងមិនផ្ដាច់បង់នូវការកុសលទាំងឡាយមានសលាកភត្តជាដើមដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ ។
៤- កូនត្រូវតាំងចិត្តថា អាត្មានឹងតាំងចិត្តគំនិតមារយាទឱ្យល្អ ឱ្យជាទីពេញចិត្តនាំមាតាបិតាឱ្យជាមនុស្សគួរមាតាបិតាប្រគល់ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលឱ្យ ។
៥- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អាត្មាអញត្រូវធ្វើទក្ខិណាទាន ឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយៗ ។
ចំណែកខាងមាតាបិតាត្រូវអនុគ្រោះបុត្រធីតាដោយស្ថាន ៥ យ៉ាងគឺ៖
១- ហាមឃាត់កូនមិនឱ្យធ្វើកម្មអាក្រក់ ហាមឃាត់កូនមិនឱ្យសម្លាប់សត្វ លួចទ្រព្យគេជាដើម ។
២- ឱ្យកូនតម្កល់នៅក្នុងកម្មជាកុសល មានទាននិងសីលជាដើម ។
៣- ឱ្យកូនសិក្សារៀនសិល្បសាស្ត្រចំណេះវិជ្ជាដែលគួររៀនមានអក្សរនិងលេខជាដើម ។
៤- រៀបចំកូនឱ្យមានភរិយា ឬស្វាមីតាមសមគួរដល់ត្រកូលនិងទ្រព្យសម្បត្តិ ។
៥- ឱ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺ៖ និច្ចសម័យ១ កាលសម័យ១ និច្ចសម័យនោះគឺឱ្យទ្រព្យសម្បត្តិរឿយៗ ដើម្បីឱ្យកូនចាយប្រើតាមការគួរ ឬឱ្យដើម្បីទុកធ្វើកុសលណាមួយ កាលសម័យនោះ គឺឱ្យក្នុងកាលដែលបានរៀបចំឱ្យកូនមានភរិយាស្វាមីហើយឬឱ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព ។
គ្រូបាអាចារ្យទុកជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយ ដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យទេ កាលបើបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង បើលោកមានគ្រឿងបរិក្ខាអ្វី ត្រូវទទួលយកមកអំពីលោកដោយអើពើ ត្រូវរកទឹកលាងជើង រកកំណាត់ជូតជើងរួចត្រូវចាត់ចែងទីអាសនៈដើម្បីលោក លុះលោកអង្គុយហើយ សឹមខ្លួនអង្គុយជាខាងក្រោយ ។ កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ ។
២- ដោយកិរិយាចូលទៅបម្រើគ្រូអាចារ្យក្នុង ១ ថ្ងៃ ៣ ដងគឺ វេលាព្រឹកម្ដង ថ្ងៃត្រង់ម្ដង ល្ងាចម្ដង ។
៣- ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យ ដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ ។
៤- ដោយការបម្រើតូចៗ មានឱ្យឈើស្ទន់និងទឹកលុបមុខជាដើម ។
៥- ដោយកិរិយារៀនសូត្រសិល្បសាស្ត្រ ចំណេះវិជ្ជាអំពីគ្រូអាចារ្យដោយគោរព គឺរៀនម្ដងៗតាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួនហើយស្វាធ្យាយទន្ទេញដរាបដល់ចាំ ដល់ចូលចិត្ត ។
ចំណែកគ្រូបាអាចារ្យត្រូវអនុគ្រោះសិក្សាដោយស្ថាន ៥ យ៉ាង គឺ៖
១- ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឱ្យសិស្សចេះរៀបចំឥរិយាបទទាំង៤គឺ ដេក ដើ ឈរ អង្គុយ ឱ្យរៀបរយ ព្រមទាំងប្រដៅឱ្យសេពគប់តែនឹងកល្យាណមិត្រ ។
២- បង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រូវតាមអត្ថនិងព្យញ្ជនៈ នឹងរបៀបពាក្យរបៀបសេចក្ដីឱ្យសិស្សចាំចូលត្រឹមចិត្ត ។
៣- បង្ហាញសិល្បសាស្ត្រចំណេះវិជ្ជាដល់សិស្ស ដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឱ្យសិស្សចេះប៉ុណ្ណោះដែរ ។
៤- ពោលពាក្យលើកសរសើរសិស្ស ដែលមានសិល្បសាស្ត្រចំណេះវិជ្ជានិងកិរិយាមារយាទល្អពិតនោះ ឱ្យច្បាស់ប្រាកដដល់មិត្រនិងអាចារ្យ ។
៥- ធ្វើនូវសេចក្ដីការពាររក្សាសិស្សក្នុងទិសទាំងឡាយ គឺថាឱ្យសិស្សរៀនសិល្បសាស្ត្រចំណេះវិជ្ជា មិនឱ្យទើសទាល់ក្នុងវេលាដែលសិស្សនៅក្នុងទិសនោះ ៗ ។
ភរិយាទុកជាទិសខាងលិច ស្វាមីគប្បីអនុគ្រោះដោយស្ថាន ៥ យ៉ាង គឺ៖
១- ដោយសេចក្ដីរាប់អានដោយសម្ដីដ៏ទន់ផ្អែមទៅរកភរិយា ។
២- ដោយកិរិយាមិនបៀតបៀន មិនមើលងាយភរិយាដូចទាសកម្មករ ។
៣- ដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា ។
៤- ដោយកិរិយាប្រគល់នូវឥស្សរិយៈ គឺភាវៈជាធំក្នុងការចាត់ចែងម្ហូបចំណីឱ្យដាច់មុខទៅភរិយា ។
៥- ដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា តាមសមគួរដល់សម្បត្តិរបស់ខ្លួន ។
ចំណែកភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាងគឺ៖
១- ចាត់ចែងការងារមានការចម្អិននូវអាហារជាដើម ដោយផ្ចិតផ្ចង់ ។
២- សង្គ្រោះដល់ជនជាញាតិរបស់ស្វាមីនិងញាតិរបស់ខ្លួនដោយស្មោះស្មើ ។
៣- ចេះថែទាំទុកដាក់នូវទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ ។
៤- មិនប្រព្រឹត្តកន្លងចិត្តស្វាមី ។
៥- ជាស្រីឈ្លាសប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនិងបាយជាដើម ឥតខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ហើយអាចញ៉ាំងកិច្ចទាំងនោះឱ្យសម្រេចបាន ។
មិត្រសម្លាញ់ទុកជាទិសខាងជើង កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាឱ្យទ្រព្យរបស់ដែលគួរឱ្យដល់មិត្រ ។
២- ដោយកិរិយាពោលពាក្យពីរោះទៅរកមិត្រ ។
៣- ដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឱ្យកើតដល់មិត្រ ។
៤- ដោយភាវៈជាអ្នកមានខ្លួននិងចិត្តស្មើដោយមិត្រ ។
៥- ដោយភាវៈមិនក្លែងពោលឱ្យឃ្លាតចាកសេចក្ដីពិតដល់មិត្រ ។
ចំណែកខាងមិត្រសម្លាញ់ត្រូវអនុគ្រោះកុលបុត្រ ដោយស្ថាន ៥ យ៉ាងគឺ៖
១- ជួយរក្សាមិត្រដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
២- ជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្រដែលមិត្របានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
៣- កាលបើមិត្រមានសេចក្ដីភិតភ័យ ក៏អាចជាទីពឹងអាស្រ័យដល់មិត្របាន ។
៤- មិនលះបង់ចោលមិត្រក្នុងកាលដែលមិត្រមានការក្រ ។
៥- ស្រឡាញ់រាប់អានកូនចៅផៅពង្សរបស់មិត្រ ។
ទាសកម្មករទុកជាទិសខាងក្រោម ចៅហ្វាយនាយគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកិរិយាចាត់ចែងនូវការងារឱ្យធ្វើតាមសមគួរដល់កម្លាំងនៃទាសកម្មករ គឺថាដាក់ការងារឱ្យធ្វើតាមការ សម្រាប់ប្រុសស្រីចាស់ក្មេង ។
២- ដោយកិរិយាធ្វើនូវភត្តាហារនិងឈ្នួល ឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឱ្យ ។
៣- ដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករ ក្នុងកាលដែលមានជំងឺ ហើយមិនបៀតបៀនឱ្យធ្វើការងារអ្វីឡើយ ។
៤- ដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ត្រកាលឱ្យទាសកម្មករបរិភោគ ។
៥- ដោយកិរិយាបើកឱកាសឱ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើទាសកម្មករធ្វើការនឿយហត់ពេញ១ថ្ងៃ ក៏ឱ្យឈប់សម្រាកកម្លាំងខ្លះ ។ ឱ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឫក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឱ្យឈប់ធ្វើការ ។
ចំណែកខាងបាវព្រាវនិងមនុស្សដែលធ្វើការឈ្នួល ត្រូវយកចិត្តទុកដាក់បំពេញបំប៉នចៅហ្វាយនាយរបស់ខ្លួនដោយស្ថាន ៥ យ៉ាងគឺ៖
១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ ។
២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ ។
៣- មិនលួចទ្រព្យរបស់ចៅហ្វាយនាយ យកតែរបស់ដែលចៅហ្វាយនាយឱ្យ ។
៤- ធ្វើការងាររបស់ចៅហ្វាយនាយ ដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្ត ដោយការគិតកាញ់គ្នេរ ។
៥- យកការងាររបស់ចៅហ្វាយនាយ ទៅពោលសរសើរក្នុងទីនោះៗ ។
សមណព្រាហ្មណ៍ទុកជាទិសខាងលើ កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងគឺ៖
១- ដោយកាយកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយកាយ មានទៅនិមន្តលោកនិងទទួលយកនូវតម្រងទឹក ទៅត្រងទឹកប្រគេនលោក និងគក់ច្របាច់ជាដើម ។
២- ដោយវចីកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀត ឱ្យធ្វើទានដល់សមណព្រាហ្មណ៍និងបន្លឺនូវសព្ទសាធុការក្នុងកាលដែលស្ដាប់ធម៌ទេសនាចប់ និងធ្វើនូវបដិសណ្ឋារៈដោយសម្ដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់ ។
៣- ដោយមនោកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរៈទាំងឡាយដែលលោកតែងនិមន្តមកកាន់ត្រកូលរបស់យើង សូមឱ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានស្មោះត្រង់អស់ពីចិត្ត ។
៤- ដោយភាវៈជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឱ្យទានដោយមិនពោលត្អូញត្អែរចំពោះរបស់ដែលមាននោះថាជាគ្មានវិញឡើយ ។
៥- ដោយកិរិយាឱ្យនូវអាមិសៈ គឺឱ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍ ។
ចំណែកខាងសមណព្រាហ្មណ៍ ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាងគឺ៖
១- ហាមឃាត់កុលបុត្រមិនឱ្យធ្វើកម្មអាក្រក់ មានឃាត់មិនឱ្យសម្លាប់សត្វនិងមិនឱ្យលួចទ្រព្យគេជាដើម ។
២- ឱ្យកុលបុត្រតម្កល់នៅក្នុងកុសល មានទាននិងសីលជាដើម ។
៣- អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ដល់កុលបុត្រទាំងឡាយថា ឱ្យបានសេចក្ដីសុខ កុំបីមានទុក្ខ សោក រោគ ភ័យអ្វីឡើយ ។
៤- ឱ្យកុលបុត្របានស្ដាប់នូវធម៌ដែលមិនធ្លាប់បានស្ដាប់ ។
៥- ញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយ ឱ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះ ឱ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ ។
៦- ប្រាប់នូវសួគ៌ដល់កុលបុត្រ មានប្រាប់ឱ្យដឹងដូច្នេះថា បុគ្គលដែលបានទៅកើតក្នុងឋានសួគ៌នោះ ព្រោះអំណាចនៃកុសលមានសីល៥ និងកុសលកម្មបថ១០ជាដើម ។
កាលបើបុគ្គលទាំង ៦ ពួកគឺ៖ មាតាបិតានិងបុត្រធីតា គ្រូបាអាចារ្យនិងសិស្សានុសិស្ស ភរិយានិងស្វាមី មិត្រសម្លាញ់និងកុលបុត្រ ទាសកម្មការនិងចៅហ្វាយនាយ សមណព្រាហ្មណ៍និងកុលបុត្រ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ បុគ្គលទាំងនោះ ឈ្មោះថាបិទបាំងនូវភ័យអន្តរាយ មិនឱ្យកើតឡើងបាន ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្អក្នុងលោកទាំងពីរ គឺលោកនេះនិងលោកខាងមុខ រមែងបាននូវកេរ្តិ៍ឈ្មោះយសសក្តិ ចម្រើនដោយសុខភាពអនាម័យដ៏ល្អ ។
សង្គហធម៌ទាំង ៤ នេះ បើបុគ្គលណាបានប្រតិបត្តិដោយប្រពៃហើយ កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះនឹងផុលផុសឡើងក្នុងលោក ផ្សាយនូវក្លិនពិដោរឈ្ងុយឈ្ងប់គ្រប់ទិស ជនភាគច្រើនតែងដើរត្រសងស្រង់តាមក្លិនចូលទៅទទួលស្គាល់បុគ្គលនោះជានាយចៅហ្វាយ ជាមិត្រសម្លាញ់ ប្រៀបដូចបុប្ផជាតិដែលមានក្លិនក្រអូបឆើត ជាទីកើតតម្រេកនៃភមរជាតិទាំងឡាយ មានកន្លង់ដូច្នោះជាដើមដែរ ។
ន័យមួយទៀត ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា៖
យស្មា ច សង្គហា ឯតេ សមបេក្ខន្តិ បណ្ឌិតា
តស្មា មហត្តំ បប្បោន្តិ បាសំសា ច ភវន្តិ តេ ។
សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយ លោកបានប្រព្រឹត្តធ្វើនូវសង្គហធម៌ទាំង៤នេះដោយប្រពៃ ព្រោះហេតុនោះបានជាលោកបានដល់នូវភាវៈជាធំ ព្រមទាំងបាននូវសេចក្ដីសរសើរអំពីប្រជុំជនផងគ្នា ។
សម្ដែងមកអំពីសង្គហធម៌ ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ដោយអានុភាពនៃធម្មទេសនា សូមទេវតាទាំងមួយម៉ឺនលោកធាតុរក្សាព្រះប្រិយមហាក្សត្រកម្ពុជាធិបតី ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធិដោយចតុព្វិធពរ រុងរឿងដោយសតិបញ្ញា បរិហាររចនាកម្ពុជរដ្ឋឱ្យដល់នូវឧត្ដមគតិ ដោយមុហុត្តកាល ។
ទាំងសូមពុទ្ធបរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឱ្យចម្រើនដោយសុខភាព អនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យទៅហោង ។
ចប់
ព្រះបាឡាត់ឧត្ដមលិខិត សុង – ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ – ៣ – ៤៩)
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ – ៣ – ៤៩)
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៣
Không có nhận xét nào:
Đăng nhận xét