Thứ Ba, tháng 2 21, 2012

អារម្ភកថា

ដោយការពិនិត្យសង្កេត នូវទំនៀមទំលាប់របស់ជាតិសាសន៍ខ្មែរ មានច្រើនប្រភេទ ណាស់ ហើយល្អឥតខ្ចោះទៀតផង តែខ្មែរនៅមានចំណុះខ្សោយ១ គឺៈ ឧស្សាហ៍ភ្លេច ភ្លេច ហើយ បើមានអ្នកណាម្នាក់មកប្រាប់ឲ្យត្រឹម ឲ្យត្រូវ ឲ្យត្រង់ ឲ្យចាំ ឲ្យល្អប្រពៃតាមទំនៀមទំ លាប់ ប្រពៃណីខ្មែរក៏ នៅតែមិនជឿ មិនព្រមយកតាមទៀតផង តែផ្ទុយទៅវិញ វប្បធម៌ បរទេស មិនមានអ្នកណាប្រើ មិនមានអ្នកបង្គាប់បង្រៀនសោះបែរជាចេះយ៉ាងជិតស្និទ្ធ ទៅវិញ បែរជាបោះបង់ចោលនូវវប្បធម៌ខ្លួនឯងស្រឡះ ។

ហេតុទាំងអស់ខាងលើនេះហើយ ទើបជំរុញចិត្តរបស់ខ្ញុំឲ្យសរសេរ និងប្រមូល នូវរបៀប សំពះខែ្មរឡើងមកបង្ហាញដល់បងប្អូនជនរួមជាតិ មិត្តអ្នកអានបានយល់ អំពី តម្លៃវប្បធម៌ខ្មែរ បានមួយផ្នែកតូច ព្រោះអីរបៀបសំពះខ្មែរសព្វថ្ងៃនេះបាត់ និងរិចរិល ចេញពីសន្តានខ្មែរខ្លះៗ ហើយ មិនថាគ្រហស្ថ ឬបព្វជិតក៏មានខ្លះៗដែរ ។ របៀបសំពះ ល្អណាស់មិនយកមកប្រើ បែរជាទៅយកការចាប់ដែនិងដែមកប្រើជាផ្លូវការទៅវិញ មានក្នុង ពិធីបុណ្យទានផ្សេងៗ អង្គប្រជុំ .....................ជាដើម ។
ខ្ញុំសែនបារម្ភណាស់ទៅអនាគត មិនដឹងថាតើយើងមាននៅសល់អ្វីទៀតទេ ។ សូមព្រះទ័យទឹកចិត្ត ព្រះសង្ឃ និងអ្នកចេះយល់ដឹងខ្មែរយើងទាំងឡាយ មេត្តាជួយប្រាប់ៗ គ្នាឲ្យដឹងឲ្យចេះផង ពីការចេះសំពះគោរពគ្នាទៅវិញទៅមកតាមរបៀបដូនតាខែ្មរយើងដែល គាត់បានបន្សល់ទុកមកឲ្យកូនចៅខ្មែរទាំងអស់គ្នា ។
បើមានខុសបទខ្វះបាទត្រង់សេចក្តីណា សូមអ្នកប្រាជ្ញទាំងឡាយ មេត្តាជួយកែឲ្យ ទានផង ។
សូមជូនពរដល់បងប្អូនជនរួមជាតិខែ្មរបានតម្កល់ក្នុងសម្មាទិដ្ឋិការជួយរក្សាវប្បធម៌ ទាំងអស់គ្នាទៅអនាគតហោង ។ «ព្រះភិក្ខុ រក្ខិតមនោ ថាច់ លឹម ស៊ី ព្រះអាវាសាធិការ វត្តសាសនសាមគ្គីរង្សី អូរត្រាវ»
របៀបសំពះខ្មែរ
ដោយសង្កេតឃើញថា ក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន ការធ្វើគារវកិច្ចគោរពគ្នាទៅវិញទៅ មក បានប្រាសចាកពីគុណធម៌ គុណតម្លៃ និងរបៀបបែបបទដ៏ល្អផូរផង់ របស់ដូនតាខ្មែរ ទើបខ្ញុំលើកយករបៀបសំពះខ្មែរមកចុះផ្សាយនៅទីនេះ ដោយសង្ឃឹមថាកូនខ្មែរគ្រប់រូបនឹងពេញ ចិត្ត ហើយយកទៅអនុវត្តតាម ។ ប្រការម្យ៉ាងទៀត ខ្ញុំសង្កេតឃើញថា មិនត្រឹមតែពិធីករពិធីការិនីខ្មែរ តាមទូរទស្សន៍តែប៉ុណ្ណោះទេ សូម្បីតែថ្នាក់ដឹកនាំខ្មែរ ក៏សំពះមិនបានត្រឹមត្រូវដែរ គឺធ្វើឡើងទាំងច្រងេងច្រងាង ដូចប្រញាប់ទៅស្លាប់ឯណាអ៊ីចឹង!!!
សំពះខ្មែរ SAMPEAH

ខ្មែរលើកដៃសំពះ ដោយលើកដៃទាំងពីរ ផ្គុំគ្នាជារាងក្រពុំឈូក ដោយសារប្រជាជនខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា។
សំពះកម្ពស់ត្រឹមដើមទ្រូង CHEST
មនុស្សដែលមានវ័យ ឬបុណ្យសក្តិស្មើគ្នា ឬជាមិត្តភក្តិ គេគប្បីលើកដៃសំពះគ្នាទៅវិញទៅមក ដោយដាក់ដៃត្រឹមដើមទ្រូង។
សំពះកម្ពស់ត្រឹមមាត់MOUTH
អ្នកដែលមានឋានៈតូច ឬអាយុតិច សំពះអ្នកដែលមានឋានៈខ្ពស់ ឬអ្នកមានអាយុ ច្រើនជាង គប្បីលើកដៃប្រណមដោយចុងម្រាមនៅត្រឹមមាត់ ឯអ្នកដែលមានឋានៈខ្ពស់ឬអាយុច្រើន ត្រូវសំពះតបវិញដោយប្រណមដៃកម្ពស់ដើមទ្រូង។

សំពះកម្ពស់ត្រឹមចុងច្រមុះNOSE
កូនសំពះឪពុកម្តាយ ចៅសំពះយាយ សិស្សសំពះគ្រូ គប្បីលើកដៃឡើង ហើយដាក់ម្រាមដៃត្រឹមចុងច្រមុះ។







សំពះកម្ពស់ចិញ្ចើមEYEBROW
សម្រាប់ថ្វាយបង្គុំព្រះសង្ឃ វត្ថុសក្តិសិទ្ធិ ថ្វាយបង្គុំព្រះមហាក្សត្រ។

ខ្លឹមសារសង្ខេប
១- កម្ពស់ដើមទ្រូងៈ សម្រាប់វ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ ២- កម្ពស់មាត់ៈ វ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយ ៣- កម្ពស់ច្រមុះ: មាតាបិតាជីដូនជីតា ឬគ្រូបាអាចារ្យ ៤- កម្ពស់ចិញ្ចើមៈ ព្រះមហាក្សត្រ ព្រះសង្ឃឬវត្ថុសក្តិសិទ្ធិ ៥- កម្ពស់ចិញ្ចើមឡើងលើៈ ទេវតា ព្រះឥន្ទព្រះព្រហ្ម ឬបួងសួង។
ចប់វគ្គទី១
ប្រវត្តិប្រពៃណី ថ្វាយបង្គំ និងសំពះខ្មែរ
ថ្ងៃសៅរ៍ ទី០៩កក្កដា ឆ្នាំ២០១១ ២:៤២ សំបូរ
គ្រប់ប្រជាជាតិដែលមានអារ្យធម៌និងវប្បធម៌ តែងមានរបៀបឬប្រពៃណី នៃការគោរពគ្នាទៅវិញទៅមក ដោយឡែក ៗ ពីគ្នា ដូចជាសំពះ ចាប់ដៃ ងក់ក្បាល លំអោនកាយ លើកដៃស្ទាបទ្រូង ឬ យកដៃ ទៅស្ទាបស្មាអ្នកដែលខ្លួនគោរព...។ល។
តែរបៀប ឬប្រពៃណីនៃការគោរពនីមួយៗ គឺផ្អែកលើមូលដ្ឋានវប្បធម៌ ទំនៀមទំលាប់ ចរិតលក្ខណៈ ឬ មូលដ្ឋានសាសនារបស់ជនជាតិនោះ ។ នៅទីនេះ សូមអនុញ្ញាតមិនធ្វើអត្ថាធិប្បាយ អំពីរបៀបគោរពនៃជនជាតិដទៃឡើយ តែសូមសាកល្បងធ្វើការសិក្សាស្រាវ ជាវ និងបកស្រាយត្រួសៗ អំពីរបៀបគោរពតាមបែបខ្មែរ ទុកជូនជាចំណេះដឹងសំរាប់ស្រាវ ជ្រាវបន្តទៅថ្ងៃក្រោយ។
ការគោរពរបស់ខ្មែរ សំដែងចេញតាមរយៈរូបភាពពីរ ទីមួយគឺតាមរយៈពាក្យសំដី និងទីពីរ តាមរយៈកាយវិការ។ ការគោរពតាមរយៈពាក្យសំដី យើងមិនអាចកំណត់ថាមានប៉ុន្មានបែប ប៉ុន្មានយ៉ាងបាននោះឡើយ គឺអាស្រយ័ដោយសមត្ថភាពនិងចំណេះដឹង របស់ម្នាក់ៗបកស្រាយទៅតាមកំរិតយល់ដឹងនិងមនោសញ្ចេតនាផ្ទាល់ខ្លួន។ រីឯការគោរព តាមរយៈកាយវិការ គឺជាទង្វើមួយដែលគេអាចមើលឃើញដូច្នេះវាទាមទារអោយមានរូប ភាពសមរម្យ និងទទួលស្គាល់ជាទូទៅពីជំនាន់មួយទៅជំនាន់មួយ ។ សង្គមមនុស្សមាន វណ្ណៈនិងឋានៈ ។ ហេតុនេះការគោរពគ្នា ក៏ត្រូវបានបែងចែកទៅតាមវណ្ណៈនិងឋានៈផងដែរ។ ការគោរពរបស់ខ្មែរបកស្រាយតាមន័យ និង រូបភាពងាយយល់គឺ "ការថ្វាយបង្គំ និង សំពះ" ដែលស្មេរ សូមសន្មតហៅថា"ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ" ។ តាមការសិក្សាស្រាវជ្រាវ គេអាចសន្និដ្ឋានបានថា ការថ្វាយបង្គំ ឬសំពះខ្មែរ គឺផ្តើមចេញពីមូលដ្ឋាននៃសាសនា។ ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយនៅប្រទេសខ្មែរតាំងពីពុទ្ធសតវត្សទី៣ មកម្ល៉េះ និងចេះ តែវិវត្តទៅតាមដំណើរប្រវិត្តសាស្ត្រនៃប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ហើយក៏បានក្លាយទៅជាសាសនារដ្ឋដែលមានប្រជាជនភាគច្រើន(ជាង៩០ភាគរយ) ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ។ ក្នុងរាល់ពិធីពុទ្ធសាសានាផ្សេងៗ ពុំបានទាមទារចាំបាច់ នូវតង្វាយ គ្រឿងសក្ការៈ ឬ ទេយ្យវត្ថុអ្វីដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ ក្រៅពីផ្កាមួយទង ឬ មួយបាច់នោះឡើយ ។ ក្នុងពិធីសូត្រមន្ត ឬ ទេសនាណាមួយ វត្ថុចាំបាច់ដែលត្រូវមាន គឺរូបដែលជាតំណាងនៃព្រះពុទ្ធអង្គ និង ផ្កាមួយថូជាការគ្រប់គ្រាន់ទៅហើយ ។ ចំពោះផ្កានោះទៀតសោត ពុទ្ធសាសនិកជនទូទៅច្រើនតែនិយមយកផ្កាឈូកសម្រាប់ថ្វាយព្រះពុទ្ធអង្គ។ រីឯផ្កាឈូកដែលល្អបំផុត គឺផ្កាឈូកក្រពុំ ។ ប្រហែលជាផ្អែកលើមូលដ្ឋាននេះឯង(ផ្កាឈូកបូជាព្រះ) ទើបសាសនិកជនកំណត់ យក នូវកិរិយាប្រណម្យបង្គំ និង សំពះព្រះពុទ្ធ ដោយផ្គុំបាតដៃទាំងពីរចូលគ្នា មានសណ្ឋាន ដូច"ឈូកក្រពុំ" ជានិមិត្តរូបនៃគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធ សន្មតទុកជា "កិរិយា" គោរពដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុត។ ហើយចំណេរ តរៀងមក ប្រជាជនដែលជាពុទ្ធសាសនិកជនទាំងនោះក៏បានឆ្លៀតទាញ យកប្រយោជន៍ពី "កិរិយាបង្គំសំពះ"នេះ មកសំដែងមនោសញ្ចេតនានៃ ការគោរពគ្នាទៅវិញទៅមក "ហើយបន្តិចម្តង ៗ កាយវិការនៃការសំពះ" ក៏បានក្លាយទៅជាប្រពៃណីនៃការគោរពគ្នាក្នុងចំណោមពុទ្ធសាសនិក ជនទូទៅ ដែលយើងតែងសង្កេតឃើញ ប្រជា ជននៅតាមបណ្តាប្រទេស ដែលនិយមកាន់ព្រះពុទ្ធសាសនា ដូចជាប្រទេសកម្ពុជា ឥណ្ឌា ភូមា ឡាវ ថៃ សិរីលង្កា បង់ក្លាដេស ចិន ... ជាដើម តែងគោរពគ្នាដោយសំពះ។ ក្រោយពីពុទ្ធសាសនិកជនទាំងនោះ ព្រមទទួលយកនូវកិរិយា "បង្គំសំពះ" នេះហើយកាយ វិការនៃការបង្គំសំពះ ក៏ចាប់ផ្តើមអភិវឌ្ឍន៍គុណភាពរបស់ខ្លួន ទៅតាមដំណើរជីវភាពសង្គម នៃជនជាតិនីមួយ ៗ រហូតដល់មានរូបភាពខុសប្លែកគ្នាទៅតាមការនិយមនឹងសន្មតរៀងៗខ្លួន។ អត្ថបទដកស្រង់ចេញពីសៀវភៅ "ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ" ដែលស្រាវជ្រាវនិងចងក្រងដោយអ៊ុនទឹម
(ការសំពះមាតាបិតាជីដូនជីតាឬគ្រូបាអាចារ្យ)
កូនសំពះ ឳពុក ម្តាយ ជីដូន ជីតា, ចៅសំពះ ជីដូនជីតា, ប្អូនសំពះបង,សិស្សសំពះគ្រូបាធ្យាយ
កិរិយា "សំពះ" នេះគឺជាការគោរពគ្នាផង ជំរាបសួរគ្នាផង ឬ ជំរាបលាគ្នាផង ។ អ្នកតូច អ្នកអាយុតិច គប្បី សំពះមុននឹងលើកដៃ ប្រណម្យដាក់ត្រឹមចុងច្រមុះ។ អាការៈនេះ គឺជាការ គោរព ដ៏ខ្ពង់ខ្ពស់ និង ថ្លៃថ្លាបំផុត ចំពោះអ្នកមានគុណ ដើម្បីសំដែងនូវការដឹងគុណ ។ រីឯ អ្នកធំ គ្រូបាធ្យាយ ឬបង សំពះតប វិញ ដោយដាក់ដៃត្រឹមទ្រូង ឬ ចុងចង្កា។ ដោយឡែកចាស់ទុំដែលជា ឪពុក ម្តាយ ជីដូន ជីតា បើអង្គុយពុំចាំបាច់ងើបឈរ និងពុំគប្បីសំពះតបទៅកូនឬចៅឡើយ ដោយគ្រាន់តែរៀបចំឥរិយាបទសង្រួមជាការគ្រប់គ្រាន់ ទោះជាកូនចៅ ខ្លួន មានបុណ្យសក្កិធំប៉ុណ្ណាក្តី។
មន្ត្រីរាជការ ភ្នាក់ងារគ្រប់តំណែង
សំពះចៅហ្វាយនាយ, កូនគូលី បាវព្រាវសំពះថៅកែមេកោយ
ក្នុងឥរិយាបទនេះ អ្នកតូច គប្បីលើកដៃប្រណម្យដាក់ ត្រឹម មាត់ ។ ហើយអ្នកធំដែលជាចៅហ្វាយនាយ គួរតបវិញដោយការលើកដៃប្រណម្យដាក់ត្រឹមទ្រូងជាការគួរសម។
ការគោរពនេះក្នុងន័យសុជីវធម៌ គួរសម កោតគោរព សុំការប្រោសប្រណី និងដឹងគុណផងដែរ ។ បើទំនាក់ទំនងរវាងចៅហ្វាយនាយនិងកូនចៅ ខ្វះនូវឥរិយាបទ "សំពះ" បែបនេះ គឺជាលក្ខណៈសោះកក្រោះ ខ្វះសុជីវធម៌ និងមានលក្ខណៈជា "អាជីវកម្ម" "កេងប្រវញ្ច័" ឬជា "ការដោះដូរ" ច្រើនជាងអ្វី ដែលខ្មែរធ្លាប់ជូនឲ្យគ្នាទៅវិញទៅមកនិងធ្លាប់ឲ្យតម្លៃនោះ។ (ការសំពះរវាងក្មេងនិងមនុស្សចាស់ឬចៅហ្វាយនាយ)
មនុស្សស្មើសក្កិគ្នា មន្ត្រីដូចគ្នា ឬ រាស្ត្រសាមញ្ញដូចគ្នា សំពះគ្នាទៅវិញទៅមក
កិរិយា "គោរព" គ្នាបែបនេះ គឺក្នុងន័យសុជីវធម៌សំដែងការគួរសមរវាងគ្នាចេះឲ្យតម្លៃ គ្នាទៅវិញទៅមក ដើម្បីឲ្យសង្គមយើងអាចរួមរស់ជាមួយគ្នា កាន់តែមានភាពកក់ក្តៅឡើង ។ ឥរិយាបទបែបនេះ គប្បីលើកដៃសំពះគ្នា ទៅវិញទៅមក ដោយដាក់ចុង ម្រាមត្រឹមទ្រូង ជាការគ្រប់គ្រាន់ណាស់ ទៅហើយ។
រាស្ត្រសាមញ្ញ សំពះអ្នកមុខការ ឬ មន្ត្រីដែលមានបណ្តាសក្កិឬឋានៈធំជាងខ្លួនកិរិយា "សំពះ" បែបនេះគប្បីលើកដៃដាក់ដល់ច្រមុះ។ តែបើមានបុណ្យសក្កិ ឬ ឋានៈតូចល្មម អាការៈ"សំពះ" ដាក់ត្រឹមមាត់ជាការសមរម្យណាស់ ហើយដែរ។ "សំពះ" បែបនេះគឺក្នុងន័យកោតគោរព សំដែងការគួ រសម ជិតស្និទ្ធិ ទាក់ទាញការចាប់អារម្មណ៍ និងផ្លាស់ប្តូរមនោសញ្ចេតនា ។ បើខ្វះកាយវិការបែបនេះ រវាងរាស្ត្រនិងមន្ត្រី រវាង អ្នកតូចនិងអ្នកធំក៏ ពិបាកនឹងឈានដល់ការយោគយល់គ្នាបានដែរ ។
ក្រៅពីនេះ ក្នុងជីវភាពសង្គមខ្មែរនៅមានកិរិយា "សំពះ" ជាច្រើន ទៀត ដែលទាម ទារត្រូវមានពិធី មានការឧបកិច្ច និង ពាក្យ សំដី ភ្ជាប់ជាមួយដូចជា៖
• "សំពះសួរ" និង "សំពះលា" ឬ "ជំរាបសួរ" និង "ជំរាបលា" គឺត្រូវចាប់ផ្តើមដោយកិរិយា "សំពះ" ជាមុន រួចទើបបន្លឺសំឡេង "សួរសុខទុក្ខ" ឬ "ជំរាបលា" ព្រមជាមួយផង ទើបជាកិច្ចបញ្ចប់កិច្ចបាន។
• សំពះការ សំពះផ្ទឹម សំពះសុំពេលា គឺរៀបចំធ្វើក្នុងពិធីអាពាហ៍ពិពាហ៍ទុកដាក់ កូនចៅ ពិធីទាំងអស់នោះ គឺសំដៅធ្វើការអប់រំខាងផ្លូវចិត្តគំនិតជាធំ។
• សំពះគ្រូ ឬ ពិធីរំលឹកគុណគ្រូ គឺជាពិធីមួយរៀបចំឡើងដើម្បី ជាការថ្លែងអំណរគុណ ឬ រំលឹកដល់គុណគ្រូបាធ្យាយដែលធ្លាប់បានផ្តល់ចំណេះដឹង និងផ្តល់ការអប់រំដល់ខ្លួនពីមុនមក ។ តាមទំលាប់ គេតែងប្រារព្ធធ្វើពិធីនេះ នៅថ្ងៃ ព្រហស្បតិ៍ ។
• សំពះព្រះខែ គឺជាពិធីប្រពៃណី បួងសួង សុំភោគផលកសិកម្ម និង សុខមាលភាពក្នុងគ្រួសារ ជាការជួបជុំ សំណេះសំណាលលេងរវាងចាស់និងក្មេង ៗ ។
• សំពះសុំខមាលទោស គឺជាពិធីប្រពៃណីមួយរបស់ខ្មែរ សំដៅអប់រំកូនខ្មែរ ឲ្យចេះស្គាល់កំហុសរបស់ខ្លួន និង ចេះសុំខមាលទោស ពីអ្នកដែលខ្លួនបានប្រព្រឹត្តមិនគប្បី ទៅលើ។
កំណត់ចំណាំ
កិរិយាសំពះទាំងអស់ ដូចដែលបានរៀបរាប់មកពីខាងដើម ទាំងគ្មានពិធីក្តី ទាំងមាន ពិធីក្តី គ្មានអ្វីក្រៅពីការអប់រំកូនខ្មែរអោយចេះរៀបចំខ្លួនក្នុងឥរិយាបថសមរម្យ សុភាព រាបសា ចេះស្គាល់ ខ្ពស់ ស្គាល់ទាប និងកាលវេលានោះទេ ។ សំពះខ្មែរ គឺមានកិរិយាមូលដ្ឋានដែលត្រូវចងចាំ ដំបូងត្រូវផ្គុំដៃទាំងពីរឲ្យចំពីមុខ ទោះនៅត្រង់ណាក្តី (ទ្រូង ចុង ចង្កាមាត់ ច្រមុះ ប្រជុំចិញ្ចើមថ្ងាស) ទោះត្រូវលើកទៅលើ ឬ ទាញចុះក្រោមក្តី ត្រូវរក្សាឲ្យ នៅត្រង់ពីមុខជាដរាប ទើបជាការត្រឹមត្រូវ ចូរជៀសវាងកុំយកដៃទៅដាក់ចំហៀងមុខ ទោះ ខាងស្តាំ ឬ ខាងឆ្វេង ឬ មួយ យកទៅលីលើស្មា ឬមួយ រុញឲ្យឃ្លាតឆ្ងាយពីខ្លួន ទៅមុខ ទោះជាហុចអ្វីឲ្យអ្វីទៅអ្នកដែលយើងត្រូវគោរពនោះ ។ បើមានរបស់អ្វីកាន់ នៅដៃ គួរដាក់ ទុកសិន សឹមគោរពជាក្រោយ ក៏មិនយឺតដែរ ។ ព្រោះបើយើងកាន់ផង សំពះផង ជាកិរិយាមិនសមរម្យ ហាក់ដូចជាមើលស្រាលឬ ប្រមាថអ្នកដែលខ្លួនត្រូវសំពះ ឬ ដើម្បីគ្រាន់តែបង្គ្រប់កិច្ច ប៉ុណ្ណោះ។
ម៉្យាងទៀតកិរិយាសំពះខ្មែរ តែកាលណាលើកដៃឡើងសំពះហើយត្រូវឱនក្បាលបន្តិចទើបសមរម្យ។ បើខ្វះឥរិយាបថនេះ គឺខ្វះ លក្ខណៈសុភាពរាបសាឬអាចនិយាយបានថា"សំពះតែខ្វះការគោរព"។

អត្ថបទដកស្រង់ចេញពីសៀវភៅ "ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ" ដែលស្រាវជ្រាវនិងចងក្រងដោយអ៊ុនទឹម


វាយតម្លៃ នៃការសំពះរបស់កូនខ្មែរ

កាយវិការសំពះរបស់ខ្មែរដែលទទួលការអប់រំណែនាំបន្តពីបុព្វបុរសរបស់យើង តរៀងមកមានដូចតទៅ ៖
១. ដៃបន្ទូល “ កូនលើកដៃបន្ទូលបួងសួងទៅ!” គឺកំណត់យកមេដៃទាំងពីរខាងផ្គុំដោយយកមេដៃនោះដាក់ពីត្រឹមប្រជុំចិញ្ចើមឡើងទៅលើ ។ បានសេចក្ដីថា នេះជាការអធិដ្ឋានបួងសួងសំបូងសង្រូង ប្រកាសពាក្យបណ្ដឹងចំពោះវត្ថុស័ក្ដិសិទ្ធិ អារុក្ខអារក្ខ អ្នកតា ទេវតា ព្រះឥន្រ្ទ ព្រះព្រហ្ម ។ ពិសេសរំឭកដល់គុណព្រះរតនត្រៃជាគុណកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុជាទីសក្ការបូជា ដែលគេមានជំនឿថាមានបារមី មានមហិទ្ធិឫទ្ធិបំផុត ។
២. ដៃបង្គំ “ កូនលើកដៃថ្វាយបង្គំទៅ ! លោកជាអ្នកមានគុណលើយើង” គឺកំណត់យកមេដៃទាំងពីរផ្គុំចូលគ្នា រួចយកមេដៃទាំងពីរដាក់លើចុងច្រមុះឡើងទៅត្រឹមប្រជុំចិញ្ចើម ។ ដៃបង្គំនេះមានន័យថាគោរពចំពោះអ្នកមានគុណ ដែលបានផ្ដល់កំណើត ផ្ដល់សេចក្ដីសុខ ផ្ដល់ចំណេះដឹង គឺអ្នកដែលជួយទំនុកបំរុងចិញ្ចឹមបីបាច់ ផ្ដល់ម្លប់ជ្រកកោណ មានមាតាបិតា អ្នកអាណាព្យាបាល ជីដូនជីតា ព្រះសង្ឃ គ្រូបាធ្យាយ ព្រះមហាក្សត្រដែលជាម្លប់ដ៏ត្រជាក់ ។
៣. ដៃសំពះ “ កូនសំពះលោកអ៊ំទៅ!” កាយវិការនេះលោកឪពុក អ្នកម្ដាយ ច្រើនប្រើពាក្យសាមញ្ញដែលមានន័យដូចសំពះដែរនោះគឺ សាធុ ឬ ពន ដោយណែនាំកូនតូចៗឲ្យចេះគួរសម ដូចជា “ សាធុលោកយាយទៅកូន!” ឬ “ ពនលោកតាដល់ច្រមុះទៅកូន!” ។ ការសំពះនេះគេយកមេដៃផ្គុំហើយដាក់ត្រឹមចន្លោះពីចង្កាឡើងទៅដល់ក្រោមចុងច្រមុះ ។ ដៃសំពះនេះមានន័យគោរព ចំពោះទំនាក់ទំនង ប្រាស្រ័យការទាំងឡាយ មានចៅហ្វាយនាយ អ្នកមានបណ្ដាស័ក្ដិខ្ពស់ ឬ វ័យចំណាស់ជាង ឬ ញាតិមិត្ត ។ ដៃសំពះនេះយើងសង្កេតឃើញជាទូទៅ ការសំពះជម្រាបសួរ ឬ ជម្រាបលាគ្នា នោះច្រើនប្រកបដោយទឹកមុខញញឹម ស្វាគមន៍រាក់ទាក់ ។
៤. ដៃខមាលទោស “ កូនខុសហើយ! ចូរកូនសុំទោសលោកឪពុកភ្លាមទៅ” ។ របៀបសុំខមាទោសនេះ គេច្រើនយកមេដៃផ្គុំគ្នាហើយលើកដៃដាក់លើដើមទ្រូង ឡើងទៅត្រឹមក្រោមចង្កា ។ កាយវិការនេះគឺបញ្ជាក់ពីផ្លូវចិត្តទទួលស្គាល់កំហុសខ្លួនឯងក្នុងករណីដែលធ្វើមិនសមរម្យដោយហ៊ានសារភាពចំពោះទង្វើមិនគប្បី និងជាកាយវិការសំដែងនូវការស្វាគមន៍ផងដែរ ។
៥. ដៃប្រណម្យ ឬ បឋមខ្នាត ខ្នាតដៃនេះគឺត្រូវផ្គុំមេដៃទាំងពីរដាក់ចំចុងដង្ហើម ។ លក្ខណៈនេះ គឺជាការសង្រួមប្រមូលអារម្មណ៍ ស្មឹងស្មាធិ៍សមាធិ ដោយផ្ដោតចិត្ត និង អារម្មណ៍មិនខ្វល់ខ្វាយ និង គ្មានសៅហ្មងអ្វីឡើយ ។ បឋមខ្នាតនេះយើងតែងសង្កេតឃើញរូបចម្លាក់ស្រីម្នាក់អង្គុយលុតជង្គង់ហើយលើកដៃប្រណម្យដែលខ្មែរតែងហៅថា “ ទេពប្រណម្យ” ។
ដកស្រង់ចេញពីសៀវភៅ របាំអប្សរា របស់អ្នកគ្រូ កែវ ណារុំ និង អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា
ចែករំលែក៖ ប្រពៃណីគោរពសំពះរបស់ប្រជាជនខ្មែរ
ប្រពៃណីនៃការគោរពគ្នាទៅវិញទៅមកនៅប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ណាស់ដោយបង្ហាញអំពីអត្តសញ្ញាណជាតិដ៏ល្អឯក ហើយការគោរពរបស់ខ្មែរសម្តែងចេញតាមរយៈពីររបៀបគឺ "ពាក្យសំដី និង កាយវិការ" ។

ការសម្តែងចេញនូវការគោរពតាមពាក្យសំដីអាស្រ័យទៅលើសមត្ថភាព កម្រិតវប្បធម៌ កម្រិតធនធាន ឋានៈសង្គម និង មនោសញ្ចេតនាជាប់ទាក់ទងនឹងពាក្យសម្តី នៃការគោរព ហើយការគោរពតាមរយៈកាយវិការបង្ហាញអំពីលក្ខណៈសមរម្យ និង ថ្លៃថ្នូរនៃសីលធម៌រស់នៅ ហើយកាយវិការគោរពត្រូវបានទទួលស្គាល់ជាទូទៅពីសំណាក់សង្គមខ្មែរគ្រប់ជាន់ថ្នាក់ ។ កាយវិការគោរពបង្ហាញជាលក្ខណៈ ងាយយល់ដោយការថ្វាយបង្គំនិងសំពះដែលបានផ្តើមចេញពីសាសនាព្រះពុទ្ធ ហើយមូល ដ្ឋាននៃការថ្វាយបង្គំ និង សំពះគឺយកដៃទាំងពីរប្រណម្យបង្គំចូលគ្នាជារៀងផ្កាឈូក ។ ការសម្តែងការសំពះមានន័យថាជាការគោរពដឹងគុណរំលឹកគុណកតញ្ញូរាប់អានស្មោះត្រង់ និង ជាការបង្ហាញមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងស្មោះស្ម័គ្រនិងជ្រាលជ្រៅបំផុត។
កិរិយានៃការគោរពសំពះត្រូវបានបែងចែកជាប្រាំលក្ខណៈ ៖ ការសំពះថ្វាយបង្គំព្រះ ការសំពះក្រាបបង្គំព្រះមហាក្សត្រ ការសំពះឪពុកម្តាយ ការសំពះអ្នកមានឋានៈខ្ពស់ជាង ឬ វ័យចាស់ជាងនិងការសំពះអ្នកមានឋានៈឬវ័យប្រហាក់ប្រហែល។
*កិរិយាគោរពក្នុងព្រះពុទ្ធសាសនាដែលគេហៅថា "ការថ្វាយបង្គំ ឬ ក្រាបបង្គំ"
បើសិនគោរពអង្គុយច្រហោង លោកអ្នកត្រូវយកកែងដៃទាំងពីរដាក់លើក្បាលជង្គង់ ម្រាមដៃ និង បាតដៃដាក់ផ្គុំចូលគ្នា ហើយចុងម្រាមដៃដាក់នៅលើខ្ពស់ចិញ្ចើម ។ ពេលថ្វាយបង្គំត្រូវលុតជង្គង់ទាំងពីរឱនសំពះបីដង ហើយលើកទីបីត្រូវក្រាបចុះដោយស្ថិតនៅក្នុងឥរិយាបថក្បាលជង្គង់ កែងដៃ និង ក្បាលក្រាបដល់កន្ទេល ។ បើសិនអង្គុយបត់ជើងរាបស្មើ (ពិសេសស្ត្រី) ត្រូវឱនក្បាលដល់កន្ទេល ហើយកែងដៃ និង កូនម្រាមដៃត្រូវដាក់ដល់កន្ទេលដូចគ្នា ចំ ណែកចុងម្រាមដៃត្រូវផ្គុំនៅលើខ្ពស់ចិញ្ចើមហើយត្រូវឱនសំពះបីដង។

*កិរិយាគោរពក្នុងត្រកូលក្សត្រដែលគេហៅថា "ក្រាបថ្វាយបង្គំ ឬ ក្រាបបង្គំគាល់ព្រះមហាក្សត្រ"
បុរសត្រូវចូលទៅគាល់ចំពីមុខព្រះមហាក្សត្រដោយអង្គុយលុតជង្គង់ កែងដៃទាំងពីរផ្គុំនៅត្រង់ដើមទ្រូងបន្ទន់ខ្លួនឱនទៅមុខក្នុងកិរិយាសំពះ ។ ចុងម្រាមដៃត្រូវដាក់ត្រង់ប្រជុំចិញ្ចើមរូចក្រាបចុះដល់កន្ទេលបន្ទាប់ងើបឡើងអង្គុយដោយបត់ជើងស្តាំ ឱនកាយទៅមុខ កែងដៃនៅលើគល់ភ្លៅ ទុកចុងម្រាមនៅត្រង់ប្រជុំចិញ្ចើមដដែល ។ ចំណែកស្ត្រីត្រូវធ្វើកិរិយាដូចជាបុរសដោយគ្រាន់តែដំបូងត្រូវអង្គុយបត់ជើងយ៉ាងសុភាពរមទម្យសិន ហើយបន្ទាប់មកត្រូវអនុវត្តកាយវិការដូចគ្នា ។

*ការសំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណត្រូវយកដៃទាំងពីរផ្គុំចូលគ្នាជារាងផ្កាឈូក ចុងម្រាមដៃត្រូវដាក់នៅត្រង់ចុងច្រមុះ ហើយបន្ទន់ខ្លួនឱនទៅមុខបន្តិច ។
*ការសំពះអ្នកមានឋានៈខ្ពស់ជាង វ័យចាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ត្រូវដាក់ដៃទាំងពីរផ្គុំចូលគ្នារួចដាក់ចុងម្រាមដៃនៅត្រឹមមាត់ហើយបន្ទន់កាយឱនទៅមុខបន្តិច។
*ការសំពះអ្នកមានឋានៈប្រហាក់ប្រហែល វ័យប្រហាក់ប្រហែល ឬ មិត្តភក្តិ ត្រូវដាក់ដៃទាំងពីរផ្គុំចូលគ្នារូចដាក់ចុងម្រាមដៃត្រឹមដើមទ្រូង ។ ការសំពះបែបនេះអាចធ្វើទៅបានផងដែរនៅពេលអ្នកមានវ័យចាស់ជាង ឬ ឋានៈខ្ពស់ជាងសំពះតបទៅកាន់អ្នកដែលមានវ័យក្មេងជាង ឬ ឋានៈទាបជាងជាងខ្លួន។
មូលហេតុដែលនាំឲ្យខ្មែរយើងសំពះគ្មា
ចុះរបៀបសំពះខ្មែរដូនតា យើងបានមកពីណាដែរ ? ហេតុដូចម្តេចបានជាខ្មែរយើងយករបៀបសំពះនេះកមធ្វើជាវប្បធម៌របស់ខ្លួន?
ឆ្លើយ បានជាដូនតាយើងចាប់យករបៀបសំពះនេះ ព្រោះខ្មែរយើងបាន ទទួលព្រះពុទ្ធសាសនាមកធ្វើជាទីសក្ការៈគោរពប្រតិបត្តិ ដើម្បីបានជាទីពឹង សម្រាប់ជីវិតនៃខ្លួន ។
របៀបនេះមានលំនាំតាមព្រះពុទ្ធសាសនាដូច្នេះ ! ខ្មែរយើងជាអ្នកកាន់ព្រះពុទ្ធសាសន ក៏យកការសំពះនិងថ្វាយបង្គំតាមព្រះ បាទសុទ្ធោទនៈ ថា្វយបង្គំព្រះរាជបុត្តរបស់ខ្លួន (អស់៣ដងនោះឯង) ។
ខ្លឹមសារការថ្វាយបង្គំលើកទី១ ១- ព្រះរាជកុមារ កាលបើប្រសូតរួចហើយ តើព្រះបិតាថ្វាយព្រះនាម ដល់រាជ បុត្តព្រះអង្គថាដូចម្តេច ? មានប៉ុន្មានឈ្មោះ ?
ឆ្លើយ = ដោយហេតុថា កាលព្រះអង្គប្រសូតមក មានរស្មីភ្លឺចេញអំពីសរីរកាយ ក៏មានឈ្មោះថា អង្គីរស ។ -ព្រះវររាជបិតា ព្រមទាំងព្រាហ្មណ៍បុរោហិតបានថ្វាយព្រះនាមថា ព្រះសិទ្ធត្ថ ព្រោះ ហេតុព្រះអង្គធ្វើឲ្យសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង សិទ្ធត្ថនេះជាឈ្មោះ សង្ខេប នៃឈ្មោះពិត សវាថិសិទ្ធ ។
-មានឈ្មោះម្យ៉ាងទៀតជាគោតម ដោយអំណាចគោត្រ ឬគោត្ត ។ គោតម ប្រែថា ព្រះអាទិត្យដ៏ប្រសើរ ។
ស. ពេលប្រសូតហើយថ្មី ៗ ព្រះនាងសិរីមហាមាយានាំព្រះរាជកុមារយាងចូលមកដល់ ព្រះរាជវាំងនាក្រុងកបិលព័ស្តុវិញ ។ តើមានកើតហេតុអស្ចារ្យអ្វីខ្លះទេ សូមប្រាប់ឲ្យដឹងផង? ឆ្លើយ = នាថ្ងៃមួយព្រះអសីត កាឡូទេវិលតាបសឬ(អសិត កាឡទេវិលតាបស) ជាជីតុន (ជាជីដូនមួយនៃព្រះ បាទសិរីសុទ្ធោទនៈ ដែលបាន បែកពី គ្រួសារ ទៅគង់ក្នុងព្រៃធ្វើតបធម៌ជាយូរឆ្នាំមកហើយ លោកបានឮទេវតា ច្រៀងលេង សប្បាយត្រេកអរប្រាប់ពពួកទេវតាដទៃទៀត អំពីការប្រសូតិ នៃព្រះកុមារ ដែលជាអនាគត ព្រះសម្មាសម្ពុទ្ធ ។ ព្រះតាបសក៏យាងមកនគរកបិលព័ស្តុ ភ្លាម ក្នុងបំណងគន់មើលព្រះ លក្ខណៈព្រះរាជកុមារឲ្យច្បាស់ ។ លុះចូលមកដល់ដំណាក់ ព្រះរាជកុមារហើយ ព្រះសុទ្ធោទនៈក៏នាំព្រះនាងសិរីមហាមាយាបីព្រះកុមារអង្គីរសមក បង្ហាញ ។
ព្រះតាបសជាអក្នមានឫទ្ធិយ៉ាងពិសេស ដោយសារការប្រព្រឹត្តិតបៈរបស់លោកយ៉ាង ខ្លាំងក្លា គ្រាន់តែឃើញព្រះលក្ខណៈនៃព្រះកុមារ ព្រះតាបសឱនថ្វាយបង្គំព្រះកុមារភ្លាម សិរសាដល់ឥដ្ឋ ។ ព្រះរាជកុមារក៏ឡើងទៅប្រតិស្ឋានលើជតា (ផ្នួងសក់) របស់ព្រះតាបស ។ ឃើញហេតុដូច្នេះ ព្រះតាបសក៏ធ្វើនមស្ការថ្វាយបង្គំ ដោយសើចរួចយំផង ។ ព្រះបាទ សិរីសុទ្ធោទនៈ ឃើញដូច្នោះក៏លើកព្រះហស្តថ្វាយបង្គំព្រះកុមារដែរ ។ នេះជាលើកទី ១ នៃ បាដិហារ្យ របស់ព្រះពោធិសត្វ បណ្តាលឲ្យព្រះបិតាថ្វាយបង្គំព្រះអង្គជាលើកដំបូង ។
ស. ព្រះសិរីសុទ្ធោទនៈមិនមានការងឿងឆ្ងល់ទេឬ ? កាលបើឃើញព្រះតាបសចេញចាក គ្រួសារប្រាថ្នារម្ងាប់កិលេសហើយបែរជាសើច ហើយយំផង កាលឃើញព្រះរាជកុមារ ?
ឆ្លើយ ព្រះសិរីសុទ្ធោទនៈ មិនត្រឹមរែឆ្ងល់ទេ តែព្រះអង្គក៏មានសេចក្តីបារម្ភចំពោះ វាសនារបស់ព្រះកុមារ ។ ដូច្នេះ ហើយទើបព្រះសុទ្ធោទនៈ ទូលសួរព្រះតាបសអំពីអាកប្ប- កិរិយានៃលោក ដែលសើចហើយយំផងនោះ ។ ព្រះតាបស់ក៏បញ្ចេញយោបល់ថា បានជាអាត្មាសើច ពីព្រោះព្រះកុមារនេះហើយ ជាព្រះសយម្ភូ (ត្រាស់ដឹង) ។ អាត្មាបានឃើញរស្មីពណ៌ផ្កាឈូកលាយលក្ខណ៍នៅព្រះបាទ មានស្វស្ដិកៈជាក់ច្បាស់ល្អណាស់ ។ ព្រះកុមារនេះឯង ជាព្រះពុទ្ធមួយអង្គ , ព្រះអង្គនឹង សម្តែងព្រះធម៌ដើម្បីជួយស្រោចស្រង់សព្វសត្វទាំងពួងឲ្យរួចចាកផុតអំពីសេចក្ដីទុក្ខ ។ មិន នឹងបន្តការដោះស្រាយតទៅទៀត ព្រះតាបសបែរសម្លឹងមើលទៅព្រះនាងមហាមាយា បន្តិច ដោយព្រះអង្គទតឃើញថា ព្រះនាងនឹងធ្វើមរណកាលក្នុងយប់ទី ៧ នៃព្រះជន្មព្រះកុមារ ។ ទោះបីព្រះតាបសដឹងការពិតដូច្នេះក៏ដោយក៏ព្រះអង្គសុខចិត្ត យំដោយអាណិតមេត្តាដល់ ព្រះនាង តែព្រះតាបសមិនអាចទូលការពិតនោះឡើយ ។ ព្រះតាបសឆ្លើយជាប្រស្នា ចំពោះការយំរបស់លោកដូចតទៅៈ ព្រះរាជកុមារជាផ្កា នៃដើមមនុស្សព្រឹក្សា របស់សត្វ លោកទាំងអស់ដែលតែងតែរីករុងរឿងឡើង ម្តងមួយកាលក្នុងរយៈពេលរាប់កោដិឆ្នាំហើយ ផ្កានេះផ្សាយក្លិនពិដោរទៅគ្រប់ទិសទីក្នុងពិភពលោក ។ ព្រះមហារាជហាក់ដូចជាមាន គ្រឹះមួយយ៉ាងមាំធ្វើឲ្យព្រះមហាក្សត្រទាំងប្រទេសធំតូចស្រឡាញ់រាប់អានព្រះអង្គដោយសារព្រះរាជកុមារនេះ ។ ឱ ! ក្សេមក្សាន្តអ្វីម្លេះទេ ។ ឯចំណែកខាងព្រះនាងវិញនឹង ទៅជាទីស្រឡាញ់ពេញចិត្តរបស់ទេព្តា និងមនុស្សទាំងឡាយ ដោយហេតុតែព្រះសម្ពព នេះ ព្រះអង្គនឹងក្លាយទៅជាវត្ថុដ៏ជាទីគោរពខ្ពង់ខ្ពស់ ។ ជីវិតនេះមានតែទុក្ខទេតើ ! ព្រះនាងនឹងបានផុតចាកកងទុក្ខនេះ ក្នុងអំឡុង ៧ ថ្ងៃ ។ អាត្មាជរាណាស់ហើយ អាត្មា យំក៏ព្រោះតែ អាត្មាអាណិតខ្លួន មិនអាចរស់តទៅទៀត មិនបានស្តាប់ព្រះធម៌របស់រាជ កុមារពេលបានត្រាស់ដឹង ។ ចប់សម្តីហើយ លោកតាបសចេញទៅ ។
ខ្លឹមសារការថ្វាយបង្គំលើកទី២
ស. ក្នុងព្រះជន្មាយុ ៧ ថ្ងៃនៃព្រះសិទ្ធត្ថកុមារ តើមានកើតហេតុអស្ចារ្យអ្វីទៀតដែរ ? ឆ្លើយ នៅថ្ងៃទី ៧ ក្រោយពីប្រសូតព្រះកុមារមក ព្រះសិរីសុទ្ធោទនៈ ព្រមទាំង ព្រះមហេសីមហាមាយាហែហមដោយស្រីស្នំ ពលយោធាចេញទៅធ្វើពិធីច្រត់ព្រះនង្គ័លប្រ ចាំឆ្នាំនៅក្រៅព្រះរាជវាំង ។ ព្រះកុមារក៏យាងទៅជាមួយព្រះមាតាបិតាដែរ ។ គ្នានបុគ្គល ណាម្នាក់នឹកស្មានថា ព្រះកុមារព្រះជន្ម ៧ ថ្ងៃនេះគយគន់ ដោយយកចិត្តទុក ដាក់ជាទី បំផុត នៅវត្ថុនានា ដែលនៅតាមផ្លូវសោះឡើយ ។ ផ្ទុយស្រឡះពីការស្មាន ព្រះរាជកុមារ យកចិត្តទៅលើអ្វី ៗ ទាំងអស់ដែលព្រះអង្គជួបប្រទះ។ពេលមួយ ព្រះអង្គឮសូរស្គរ អាពាហ៍- ពិពាហ៍ក្នុងភូមិលាន់ឮរំពងរងំរណ្ដំចិត្ត បញ្ជាក់អំពីសេចក្តីសប្បាយសុខក្សេម ក្សាន្ត , ព្រះរាជ កុមារទ្រង់សប្បាយហឫទ័យដែរ ។ ប៉ុន្តែ ព្រះអង្គពិចារណា ដល់ឫសគល់ នៃវត្ថុទាំងនោះ ឲ្យជ្រៅទៅ ព្រះអង្គទតឃើញគំនរបន្លាដែលដុះនៅក្នុងដើមកុលាប នៃជីវិតនេះនាំមកនូវ ការលំបាកយ៉ាងច្រើនដល់ការរស់នៅ ។ ព្រះអង្គទតឃើញអ្នក ស៊ីឈ្នួល ធ្វើស្រែ សង្កត់ សង្កិន គោលៀនសរសៃនៅក្រោមកំដៅថ្ងៃយ៉ាងខ្លាំង បែកញើសហូរសស្រាក់បានកម្រៃ ស្ទើមិនឆ្អែតក្នុងមួយ ថ្ងៃផង ។ ពីកន្លែងមួយទៅកន្លែងមួយព្រះកុមារជួប នៅ ព្រឹត្តិការណ៍ប្លែក ៗ ព្រះអង្គទតឃើញសត្វបង្គួយ កំពុង ស៊ីស្រមោចហើយមានសត្វខ្លែងមកស៊ីសត្វបង្គួយនោះ វិញ ។ គ្រប់កន្លែងឃើញសុទ្ធតែអ្នកដែលសម្លាប់គេ ហើយត្រូវគេសម្លាប់វិញ តគ្នារហូត , ជីវិតរស់ នៅដោយសេចក្តី ស្លាប់ជាទៀងទាត់ ។ ព្រះ រាជរថទៅឈប់នៅ កន្លែងដែលគេរៀបចំធ្វើពិធីច្រត់ព្រះនង្គ័លមានដូរ្យដន្រ្តីនិងរបាំគ្រប់ប្រភេទធ្វើឲ្យទីកន្លែង នេះ ក្លាយជាទីមហោស្រពមួយយ៉ាងសប្បាយ ។ ព្រះបាទ សិរីសុទ្ធោទនៈ ព្រះមហេសី មហាមាយា , អមដោយ អ្នកមុខ អ្នកការចូលដល់កន្លែងប្រារព្ធ ធ្វើពិធីបុណ្យ , ឯព្រះកុមារ ត្រូវនៅជាមួយពួកស្រីស្នំ ។ ក្នុងឱកាសដែលមានរបាំពួកស្រីស្នំដាក់ព្រះរាជកុមារ ក្រោមដើម ព្រីងធំមួយក្បែរនោះរួចហើយពួកស្នំ ៗ ទាំងនោះបែរមុខទៅមើលរបាំអស់ទុកព្រះកុមារតែ មួយព្រះអង្គ ។ ឃើញពេលវេលាល្អព្រះកុមារងើប គង់ពែនភ្នែនភាវនាយ៉ាងស្ងាត់ស្ងៀម ។ ព្រះអង្គរពឹងអំពីជីវិត រស់នៅបាន ដោយការ ជិះជាន់ មានបំណង ពិឃាត គ្នាជាបន្តបន្ទាប់ តាំងពីសត្វល្អិតរហូតដល់មនុស្ស ដែល សម្លាប់គ្នាទៅវិញទៅមកយ៉ាងសាហាវ គ្មានទីបំផុត ។កាលព្រះអង្គនឹកទៅដល់អ្នកស្រែ ដែលស្រេកឃ្លានហើយគោរបស់អ្នកស្រែនោះសោតក៏ មានរបកស្បែកដោយរំពាត់, ដោយចាក់នឹងជន្លួញ, អ្នកស្រែដែលប្រើពលកម្មទាំងអស់ ជិះជាន់ ធ្វើទារុណកម្មដល់សត្វគោផងបានអាស្រ័យបាយ និងអំបិលត្រឹមកន្លះក្រពះ រីឯ ភោគ ផល ទាំងប៉ុន្មានទៅនៅឯជជ្រុក របស់អ្នកមានទៅវិញ ។ នេះហើយឬដែលហៅថា សេចក្តីសុខ ? នៅលើអាកាសក៏មាន ពិឃាតបៀតបៀនគ្នា ឯនៅក្នុងទឹកក៏ជៀសមិនផុតអំពី ក្តីអន្តរាយដែរ ។ ព្រះអង្គពិចារណា ដល់អំពើអាក្រក់យ៉ាងសាហាវរបស់ជីវិត អំពីដើម កំណើត ដែលឆ្ងាយទូលំទូលាយទៅទៀត ស្រាប់តែព្រះទយ័ព្រះអង្គផុសឡើងនៅ សេចក្តី មេត្តាករុណាដ៍ក្រៃលែង ចំពោះសត្វលោកទាំងអស់ ។ ព្រះអង្គមានព្រះទយ័ចង់ជួយរំដោះ សេចក្តីទុក្ខសោកនៃសត្វដែលមានជីវិតគ្រប់ចូលមកឃើញព្រះរាជបុត្រកំពុងធ្វើសមាធិ យ៉ាង ដូច្នេះក៍ថ្វាយ បង្គំម្ដងទៀតជាលើកទី២។
ខ្លឹមសារថ្វាយបង្គំលើកទី៣ ស. កាលព្រះសាស្តាគង់នៅនាវត្តវេឡុវ័ន តើព្រះបាទសិរីសុទ្ធោទនៈប្រើអាមាត្យ ប៉ុន្មាន នាក់ឲ្យទៅនិមន្តព្រះសាស្តាយាងមកកាន់ក្រុងកបិលព័ស្តុ? ឆ្លើយ =ព្រះរាជាប្រើអាមាត្យ១០នាក់ ក្នុងម្នាក់ ៗ ឲ្យនាំបរិវារ១ពាន់នាក់ ប្រើឲ្យទៅ ១០ ដង គឺ១នាក់១ដង , ក្នុងអាមាត្យម្នាក់ៗមានបរិវារ១០០០នាក់ (១០០០ x ១០=១០០០០នាក់)។ ស. ចុះពួកអាមាត្យនោះបានបួសរួចតើបានសម្រេចអ្វីខ្លះ ? ឆ្លើយ =អាមាត្យទាំងអស់ បានបួសហើយបានសម្រេចអរហត្តផលជាឯហិភិក្ខុ ឧបសម្បទា ។ មានសេចក្តីតំណាលថា ព្រះអរហន្តពីទី១ដល់ទី៩បួសរួច ហើយរកពេលជួបព្រះសាស្តា មិនបានផង ក៍ភ្លេចព្រះរាជបណ្តាំ នៃព្រះសុទ្ធោទនៈអស់ទៅ ។ ស.-ព្រះភិក្ខុអង្គណាដែលបានទូលនិមន្តព្រះសាស្តាឲ្យយាងទៅប្រោសព្រះបិតាឯក្រុងបិល- ព័ស្តុ? ឆ្លើយ= ព្រះកាឡុទាយិតេ្ថរ ដែលជាអាមាត្យទី១០ ឆ្លៀតឱកាសទូលព្រះអង្គបានតាមការ និមន្តរបស់ព្រះវររាជបិតារបស់ព្រះអង្គ ។ ស. ទ្រង់យាងទៅកបិលព័ស្តុនៅពេលណា ? តែមួយព្រះអង្គឯង ឬមានសាវ័ក និមន្តទៅជាមួយដែរនឹងទ្រង់គង់នូវទីណ? ឆ្លើយ =ទ្រង់យាងទៅកបិលព័ស្តុ នៅថ្ងៃ១៥កើត ខែផល្គុន ឆ្នាំរកាជាមួយ ព្រះ អរហន្ត២ម៉ឺនអង្គ សុទ្ធតែព្រះខីណាស្រព ហើយព្រះអង្គយាងទៅគង់ក្នុងឧទ្យានមួយឈ្មោះ និគ្រោធ។ ស.ព្រះអង្គប្រោះព្រះពុទ្ធបិតា និងពពួកញាតិដោយវិធីដូចម្តេច? ឆ្លើយ =ថ្ងៃទី១ ពេលចូលមកប្រថាប់ក្នុងឧទ្យានហើយ ព្រះវររាជបិតាក្តី ព្រះញាតិវង្សក្តី ឥតព្រមថ្វាយបង្គំព្រះពុទ្ធទេ ព្រោះទ្រង់យល់ថាព្រះសាស្តាក្មេងជាង ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ឈ្វេងយល់នូវគំនិតអវិជ្ជារបស់ព្រះបិតា ព្រមទាំងព្រះញាតិវង្សទាំងអស់ ដូច្នេះក៏ទ្រង់ ធ្វើយមកប្បាដិហារ្យនិមិ្មតទីចង្រ្កមកែវ ហើយយាងចង្រ្កមក្នុងអាកាស ទើបនិមិ្មតព្រះពុទ្ធ មួយអង្គទៀតឲ្យធ្វើជាអ្នកឆ្លើយប្រស្នារបស់ព្រះអង្គ ។ ហេតុដ៏អស្ចារ្យនេះធ្វើឲ្យព្រះបិតា និងក្រុមញាតិទាំងអស់យល់ព្រមថ្វាយបង្គំព្រះសាស្តា ៗ ទ្រង់យាងចុះពីពុទ្ធាសនៈបណ្តាល ឲ្យ ភ្លៀងបោក្ខរព័ស៌បង្អុរចុះលើពួកញាតិក្នុងទីប្រជុំយ៉ាងខ្លាំង ។ គួឧ្យស្ងើចជាពន់ពេក ភ្លៀង នោះបើអ្នកណាចង់ទទឹកក៍ទទឹក តែបើអ្នកណាមិនចង់ឲ្យទទឹក សូម្បីតែមួយតំណក់ក៏ មិន ដក់ជាប់ផង ហាកដូចទឹកភ្លៀងធ្លាក់លើស្លឹកឈូក ។ បន្ទាប់មក ព្រះភគវន្ត ទ្រង់ ត្រាស់ ទេសនាមហាវេស្សន្តរជាតក ព្រោះព្រះអង្គ ប្រារព្ធភ្លៀង បោក្ខរព័ស៌ ឲ្យជាដើមហេតុ ៕
























ធារ៉ា បញ្ចេញមតិ ទៅ វិចារ

ស្រ្តីខ្មែរស្លៀកសំពត់ចងក្បិន ចុងឆ្នាំ១៨០០
ស្រ្តីខ្មែរស្លៀកសំពត់ចងក្បិន សម័យបច្ចុប្បន្ន
យោងទៅតាមការតំណាលតៗ គ្នារបស់លោកតា លោក យាយចាស់ៗ បានតំណាលរឿងព្រេងដែលទាក់ទងទៅនិងសំពត់ចងក្បិនថា ៖ កាលពីយូរលង់ណាស់មកហើយ ខ្មែរយើង ស្លៀកសំពត់ចងក្បិនតាមសាសនាក្លិង្គ។ សាសន៍ក្លិង្គកាន់សាសនាជាច្រើនបែបណាស់ តែសាសនាដែលធំជាង គេគឺ ព្រហ្មញ្ញសាសនា ។ ព្រះមហាក្សត្រខ្មែរយើងដែលកសាងអង្គរវត្ដក៏ឧទ្ទិសចំពោះព្រហ្មញ្ញ សាសនាដែរ ។ កាលពីសម័យបុរាណខ្មែរយើងនិយមរាប់អានរឿងរាមកេរ្តិ៍ណាស់នៅនឹងជញ្ជាំងអង្គរវត្ដថែវជាន់ទី ១ ទៀតផង ។ ចំពោះមូលហេតុដែលសាសន៍ក្លិង្គស្លៀកសំពត់ចងក្បិនពី ព្រោះក្លិង្គគេគោរពចំពោះហនុមាន ដែល ជាទេវបុត្ររបស់គេមួយ ហនុមានជាសេនារបស់ ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ។ ដូច្នេះហនុមានមានសម្បុរស ហើយគេស្លៀកពាក់ឱ្យមានកន្ទុយ(ហនុមានមានជាតិ ជាសត្វស្វាសមានកន្ទុយ) ។ មានមតិខ្លះទៀតយល់ថាក្លិង្គទាំង នោះជាពលនៅក្រោមអធិបតេយ្យ ហនុមានបានជាគេ ស្លៀកពាក់សហើយបណ្ដុះកន្ទុយយ៉ាងដូច្នេះ ។ សរុបសេចក្ដីមកយើងឃើញថាសំពត់ចងក្បិនដែលខ្មែរយើងមានការស្លៀក ពាក់រហូតមកដល់សព្វថ្ងៃនេះគឺយកតាមសាសន៍ក្លិង្គ ដែលមានបំណងធ្វើតាមហនុមានជាសេនាឯករបស់ ព្រះរាម។
តែឥឡូវនេះមិនមែនតែប្រុសៗទេ ដែលស្លៀកសំពត់ចងក្បិនស្រីៗក៏ស្លៀកសំពត់ចងក្បិនដែរ ។ ដូចជា នៅក្នុងរាជកាលព្រះករុណានរោត្តម (គ.ស ១៨៣៥-១៩១៤) គេស្លៀកចងក្បិនស្លុយចុះទៅក្រោម រួចមកនៅ ត្រឹមពាក់កណ្ដាលកំភួនជើង ។ លុះមកដល់រជ្ជកាលព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១) គេចងក្បិន ខើចនៅក្រោមជង្គង់បន្តិច ដោយគេគិតថាការធ្វើរបៀបនេះ គឺយកតាមសៀម ។ ចំណែកឯសៀម និងខ្មែរ ជាប្រទេសនៅជិតគ្នា ហើយ សៀមបានយកតាមបែបស្លៀកសំ ពត់ចងក្បិនរបស់ខ្មែរទៅស្លៀក ស្លៀក មិនត្រឹមតែ ប្រុសទេ ថែមទាំងស្រីទៀតផង ។ លុះខ្មែរយើងឃើញថាស្ត្រីស្លៀកក្បិនល្អដែរ ក៏នាំគ្នាស្លៀកតាមសៀម ។ អ្នកស្រុកបាត់ដំបង និងអ្នកស្រុកសៀមរាប ដែលនៅជិតសៀម ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនលិចត្រឹមជង្គង់ គឺខើចជាងសំពត់ចងក្បិនរបស់ប្រជាជនខ្មែរដែលនៅភូមិឯទៀត ។ បច្ចុប្បន្ននេះ សំពត់ចងក្បិនខ្មែរយើង និយមស្លៀកនៅក្នុងពិធីបុណ្យធំៗ ដូចជាក្នុងព្រះបរមរាជវាំង ឬពិធីបុណ្យជាតិ ពិសេសក្នុងទំនៀមទម្លាប់ប្រពៃណីជាតិដែលមានដូចជា៖ ពិធីមង្គលការជាដើម៕

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...