ពុទ្ធកិច្ច៥យ៉ាង
គ្រាកាលព្រះសម្ពុទ្ធ ប្រសើរផុតដ៏ឧត្តម
បានត្រាស់ជាបឋម សែសិបប្រាំព្រះវស្សា ។
បំពេញពុទ្ធកិច្ច មិនដែលដាក់វេលាណា
សម្មតិឈ្មោះហៅថា ពុទ្ធត្រិត្រាមានប្រាំយ៉ាង
។
ទីមួយគឺពេលព្រឹក ដ៏ពន្លឹកពន្លឺស្វាង
ព្រះអង្គស្ដេចទ្រង់យាង ចេញបិណ្ឌបាតប្រោសសព្វសត្វ ។
ទីពីររសៀលជ្រេ ព្រះសុរិយេពេញទៀបស្វាត់
ទេសនាប្រោសសព្វសត្វ មិនកំណត់ថាសត្វណា ។
ទីបីពេលព្រលប់ ព្រះចមភពត្រៃលោកា
ប្រទានធម៌ទេសនា ឲ្យឳវាទភិក្ខុសង្ឃ ។
ទី៤ ពេលអាធ្រាត ព្រះលោកនាថទ្រង់ផ្ចិតផ្ចង់
ព្រះទ័យល្អស្មោះត្រង់ ទ្រង់ដោះស្រាយនូវប្រស្នា
។
ផ្សេងៗកើតឡើងពិត នៅក្នុងចិត្តនៃទេវតា
ងឿងឆ្ងល់ធម៌ត្រង់ណា ព្រះសាស្ដាទ្រង់អារកាត់ ។
ទីប្រាំពេលទៀបភ្លឺ ប្រមើលមើលនិស្ស័យសត្វ
នៅក្នុងសង្សារវដ្ក ឲ្យប្រាកដគួរសន្ដោស
។
សត្វណាមានសំណាង ព្រះអង្គយាងចេញទៅប្រោស
ប្រទានធម៌ទាបខ្ពស់ ឲ្យទៅតាមឧបនិស្ស័យ ។
ធម៌នេះឈ្មោះហៅថា ពុទ្ធក្រឹត្យាប្រសើរត្រៃ
វិជ្ជាទិវថ្លៃ នៃព្រះពុទ្ធពីបុរាណ
។
បំពេញឥតនឿយណាយ រៀងរាល់ថ្ងៃមិនដែលខាន
លុះព្រះចូលនិពា្វន ទើបឈប់ខានដល់ហោង ។
ហៃសាធុជនណា អ្នកប្រាថ្នានឹងប៉ុនប៉ង ចង់ឃ្លាតពីចំណង ត្រៃលោកនេះពិតប្រាកដ ។
ត្រូវខំរៀនសិក្សា នូវធម៌អាថ៌ដែលជាប់ទង
ពុទ្ធកិច្ចប្រាំប្រាកដ នេះកំណត់គួរយល់ដឹង ។ ជននោះនឹងស្មើបាន នឹងនាឋានជាទីពឹង
ឬនៅនាលោកហ្នឹង នឹងបានខ្លួនជាអ្នកធំ ។
លើសជនផងទាំងឡាយ សុខសប្បាយដ៏ឧត្តម
ក្សេមក្សាន្តសុខមនោរម្យ រៀងរួចដល់និពា្វនហោង
។