រឿង នាយចុន្ទសូករិក
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។ គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ឥធ សោចតិ បេច្ច សោចតិ បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។ ដោយ៥០០០ឆ្នាំ |
អានលម្អិត | read more >>> http://5000-years.org/kh/read/451#ixzz6U8Ab9rfV
Không có nhận xét nào:
Đăng nhận xét