ឈ្វេងយល់ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ
ឈ្វេងយល់ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ
ល្ងាចថ្ងៃ១៥កើត ខែភទ្របទ រៀងរាល់ឆ្នាំ
ជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យប្រពៃណី កាន់បិណ្ឌ ដែលមានរយៈពេល១៤ថ្ងៃ។
លុះដល់ថ្ងៃ ១៥រោច ខែភទ្របទ ទើបជាថ្ងៃភ្ជុំធំ ឬ ភ្ជុំបិណ្ឌ
ដែលជាថ្ងៃបញ្ចប់នៃរដូវកាន់បិណ្ឌ។ អ្នកបុរាណវិទូ និង អ្នកស្រាវជ្រាវជាច្រើនបានមានមតិថា
ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ
បានចាប់កំណើតឡើងនៅក្នុងរាជ្យព្រះបាទព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង
ឬព្រះបាទអង្គឌួង (គ្រងរាជ្យពីឆ្នាំ១៧៩៦-ដល់ឆ្នាំ១៨៦០)
ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនចំពោះបុព្វការីជន និង
អ្នកដែលបានពលីជីវិតដើម្បីប្រទេសជាតិផង និង
ដើម្បីសាមគ្គីភាពនិងសុខដុមរមនីយ
នៅក្នុងសង្គមជាតិដែលកំពុងតែបែកបាក់ផង។
ជាធម្មតា រៀងរាល់ពេលរសៀលនៃថ្ងៃកាន់បិណ្ឌ
មានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដោយការនិមន្តព្រះសង្ឃតាមវត្តនីមួយៗចម្រើនព្រះបរិត្តជាសិរីមង្គល
និងស្តាប់ព្រះធម៌ទេសនា
ដើម្បីបានកើតនូវបញ្ញាសម្រាប់យកមកបង្កើនគុណភាពជីវិតរបស់ខ្លួននិងក្រុមគ្រួសារ។
លុះដល់ពេលប្រមាណជាម៉ោងបួនជិតភ្លឺ
ពេលព្រះសង្ឃទូងស្គរឬគោះរគាំងដើម្បីបំពេញកិច្ចវត្តក្នុងរដូវចូលព្រះវស្សា
ពុទ្ធបរិស័ទក៏តែងតែងើបឡើងធ្វើដំណើរទៅវត្តដែរ
ដោយនាំទៅជាមួយនូវបាយដំណើបឬនំអន្សម ដែលកាត់ជាដុំតូចៗ សម្រាប់យកទៅ
បោះបាយបិណ្ឌ។ បោះបាយបិណ្ឌ
គឺជាទំនៀមទម្លាប់មួយដែលពុទ្ធបរិស័ទ យកបាយដំណើបដែលពូតជាដុំតូចៗនិងលាបលនដោយទឹកស្ករឬប្រឡាក់លាយជាមួយល្ងរ
យកទៅបោះនៅជុំវិញព្រះវិហារ ឬ ជុំវិញសាលាឆាន់ ដោយមានជំនឿថា
ពួកអមនុស្សទាំងឡាយ
ដែលមិនអាចទទួលបុណ្យពីការឧទ្ទិសរបស់កូនចៅតាមរយៈព្រះសង្ឃបាននោះ
អាចនឹងបរិភោគនូវដុំបាយដំណើបឬដុំនំអន្សមតូចៗ
ដែលអ្នកនៅរស់ទាំងនោះបានបោះទៅលើព្រះធរណី។
ពុទ្ធបរិស័ទកំពុងកាន់បាយបិណ្ឌ
មុនពេលបោះបាយបិណ្ឌឱ្យអមនុស្សទាំងនោះ
បុរាណាចារ្យឬចាស់ៗ តែងនិមន្តព្រះសង្ឃដែលគង់នៅក្នុងវត្តនីមួយៗនោះ
សុំឱ្យព្រះអង្គសូត្រស្វាធ្យាយនូវពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
ដែលព្រះអង្គបាន
សម្តែងធម្មទេសនា
ទាក់ទងទៅនឹងហេតុដែលនាំឱ្យមនុស្ស ឬ និយាយដោយចំពោះ
គឺធម្មទេសនាសម្តែងអំពីហេតុដែលនាំឱ្យពុទ្ធបរិស័ទ ខូចខាតទ្រព្យសម្បត្តិ
បាត់បង់កេរ្តិ៍ឈ្មោះ និងវិនាសដល់អាយុជីវិត និងអាចធ្លាក់ទៅអបាយភូមិ
មានប្រេត នរក និង តិច្ឆាន បាន។
ការដែលព្រះសង្ឃសូត្រស្វាធ្យាយនូវព្រះធម្មទេសនារបស់ព្រះពុទ្ធអង្គដែលមានឈ្មោះថា
បរាភវសូត្រ ដែលអាចប្រែថា «ហេតុដែលនាំឱ្យជីវិតបរាជ័យ»
នេះ
យើងតែងនាំគ្នានិយាយដោយខ្លីថា «លោកសូត្របរា» ។ ហេតុដែលនាំឱ្យជីវិតនេះបរាជ័យ ឬ ជីវិតនេះវិនាស
មានទាំងអស់ ១២ប្រការ ឬ ១២ហេតុ។
នៅពេលថ្ងៃជិតត្រង់ ពុទ្ធបរិស័ទក៏ប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ដើម្បីឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីការបំពេញបុណ្យជាមួយអ្នកមានសីល
គឺព្រះសង្ឃ ជូនទៅដល់បុព្វការីនិងញាតិមិត្តទាំង៧សន្តាន
ដែលបានចែកឋានទៅហើយ ដោយមានជំនឿថា ផលបុណ្យទាំងនេះ
នឹងជួយជាកម្លាំងបុណ្យដល់អ្នកដែលបានស្លាប់ទៅហើយនោះ
ឱ្យបានទៅកើតនៅស្ថានសួគ៌កាន់តែខ្ពស់និងប្រសើរថែមទៀត។
ឬបើសិនជាអ្នកស្លាប់ទាំងនោះ បានទៅកើតក្នុងទីស្ថានដែលមិនមែនជាស្ថានសួគ៌
ក៏បុណ្យទាំងនោះអាចជួយលោកឱ្យរួចផុតពីទុក្ខទោស
បានទៅកាន់ទីស្ថានដ៏ប្រសើរវិញ។
លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ខេត្តបាត់ដំបង លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍
ខេត្តបាត់ដំបង មានប្រសាសាន៍ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
គឺជាពិធីបុណ្យដែលមានប្រយោជន៍ជាច្រើនដល់ជីវិតពុទ្ធបរិស័ទនិងពលរដ្ឋកម្ពុជា។
លោកថា ប្រយោជន៍សំខាន់យ៉ាងតិចក៏៥យ៉ាង ដែលមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៖
១. ជាទិវារំលឹកគុណដល់អ្នកមានគុណ មានមាតាបិតាជាដើម ឬអាចនិយាយថា
ជាទិវាកតញ្ញូកតវេទិតា ចំពោះអ្នកមានគុណទាំងអស់
ដែលលោកបានទទួលមរណភាពកន្លងផុតទៅហើយ
២. ជាទិវាសម្រាប់ពុទ្ធបរិស័ទទាំងអស់ បានរំលឹកអំពីជីវភាពនិងជីវិតរបស់ខ្លួន
ថាតើបានទទួលជោគជ័យឬបរាជ័យយ៉ាងណាដែរ។ ការបានស្តាប់បរាភវសូត្រ ឬ
ការសម្តែងប្រាប់របស់ព្រះសង្ឃអំពី ហេតុដែលនាំឱ្យបរាជ័យទាំង១២យ៉ាង
នឹងនាំឱ្យអ្នកដែលបានទទួលជោគជ័យក្នុងជីវិត
បានដាស់តឿនចិត្តខ្លួនកុំឱ្យភ្លេចខ្លួន ថាជីវិតនេះអាចនឹងបរាជ័យទៅវិញ
បើធ្លាក់ចូលទៅក្នុងហេតុទាំង១២ប្រការ។
សម្រាប់អ្នកដែលមិនសូវជោគជ័យឬបរាជ័យក្នុងជីវិតហើយនោះ
បើបានស្តាប់ដោយយកចិត្តទុកដាក់នូវហេតុនាំឱ្យវិនាសទាំង១២ប្រការនេះ
ហើយយកមកប្រៀបធៀបនឹងជីវិតកន្លងមកហើយ
ក៏នឹងអាចកែជីវិតនាថ្ងៃអនាគតខ្លួនឱ្យបានល្អវិញ
ដោយព្យាយាមរស់នៅក្នុងជីវិតមួយដែល
មិនមានហេតុនាំឱ្យវិនាសទាំង១២ប្រការ។
៣. អាស្រ័យដោយរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ កូនៗនិងសាច់ញាតិជិតឆ្ងាយ
ដែលមិនសូវបានរាប់អានគ្នា ឬ ចេញចោលផ្ទះសម្បែងភូមិស្រុកកំណើត
និងអ្នកមានគុណ ជាយូរមកហើយនោះ អាចត្រឡប់ទៅកាន់ភូមិស្រុកវិញ
ដើម្បីរីករាយជាមួយក្រុមគ្រួសារ ជាការបណ្តុះនូវសាមគ្គីភាព និង
សុខដុមរមណីយកម្មនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។
៤. ជាការថែរក្សានូវអនុស្សាវរីយ៍ដែលល្អៗ ឬ អនុស្សាវរីយ៍ដែលមានន័យចំពោះជីវិតខ្លួន ជាពិសេស
គឺអនុស្សាវរីយ៍ដែលមានជាមួយនឹងអ្នកស្លាប់ ជាមួយនឹងបុព្វបុរស
ជាមួយនឹងម្ចាស់ស្រុក ម្ចាស់ទឹកម្ចាស់ដី
ដែលបានបង្កើតទឹកដីភូមិស្រុកឱ្យខ្លួនបានរស់រានមានជីវិតដល់សព្វថ្ងៃ។ កិច្ចការនេះ
ជាការថែរក្សាពូជពង្សវង្សត្រកូល
មិនឱ្យដាច់តំណនិរន្តរភាពក្នុងសង្គមបាន។
៥. ជាការជួបជុំគ្នានារដូវវស្សា
បន្ទាប់ពីជួបជុំគ្នាពេលចូលឆ្នាំខ្មែរនារដូវប្រាំង នៅទីវត្តអារាម
ដែលជាមជ្ឈមណ្ឌលសិក្សាអប់រំវិថីជីវិតខ្មែរ។
ជាការជួបជុំដើម្បីជាកិច្ចដឹងគុណចំពោះព្រះសង្ឃនិងព្រះពុទ្ធសាសនា
ដែលលោកបានខិតខំលះបង់វិថីជីវិតបែបគ្រហស្ថ
មកបួសដើម្បីសិក្សារៀនសូត្រនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា
យកមកអប់រំណែនាំពុទ្ធបរិស័ទឱ្យទទួលបានជោគជ័យក្នុងជីវិតតទៅ។
ការប្រគេនចង្ហាន់ និង បរិក្ខាផ្សេងៗ មួយឆ្នាំពីរដង
តាមរដូវកាលសំខាន់ៗទាំងពីរនេះ
ជាការលើកទឹកចិត្តដល់ការសាងផ្នួសដ៏កម្រនេះផង
ដើម្បីឱ្យព្រះសង្ឃបាននៅថែព្រះពុទ្ធសាសនាឱ្យនៅស្ថិតស្ថេរបានយូរផង និង
ដើម្បីជាការបំពេញបុណ្យបន្ថែមរបស់ពុទ្ធបរិស័ទផង។
សូមពុទ្ធបរិស័ទទាំងអស់
រីករាយជាមួយនឹងអានិសង្សឬបុណ្យដែលខ្លួនទទួលបានពីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
និងសូមអញ្ជើញរីករាយធ្វើដំណើរទៅវត្តរបស់ខ្លួននៅស្រុកកំណើតឬវត្តណាមួយជាទីពេញចិត្ត
កុំបីអាក់ខានឡើយ។
សុំអញ្ជើញទៅវត្តពេលជិតភ្លឺ និងនាំកូនចៅទៅជាមួយ
ដើម្បីស្តាប់ព្រះសង្ឃលោកសូត្របរាភវសូត្រ យ៉ាងតិចណាស់ក៏មួយឆ្នាំបាន១យប់ឬបានម្តង
ដើម្បីឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់ខ្លួន
និងជាការបង្ហាត់បង្ហាញកូនចៅឱ្យបានយល់ថាអ្វីដែលជាហេតុនាំឲ្យវិនាសដល់ជីវិតរបស់ពួកគេ
ទាំងបច្ចុប្បន្ននិងអនាគត។
សុំអញ្ជើញធ្វើការដឹងគុណនិងការសងគុណចំពោះបុព្វការី
គឺអ្នកដែលបានធ្វើគុណចំពោះខ្លួនកុំបីអាក់ខាន ព្រោះការបានសងគុណដល់អ្នកមានគុណ
ដល់ប្រទេសជាតិ និង ពុទ្ធសាសនា
គឺជាការថែរក្សាជីវិតនិងសង្គមជាតិនេះឲ្យមានអាយុកាលដ៏វែងឆ្ងាយទៅបាន និងប្រកបដោយអាយុ
វណ្ណៈ សុខៈ ពលៈ តរៀងរហូតដល់កូនចៅជំនាន់ក្រោយរបស់យើង៕
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
Không có nhận xét nào:
Đăng nhận xét