Thứ Tư, tháng 8 03, 2022

Bottom of Form

ព្រះត្រៃបិដក

ដកស្រង់ចេញពីច្បាប់

ទុតិយបារាជិកសិក្ខាបទ

អទិន្នាទាន បឋមភាណវារៈ

និទានធនិយភិក្ខុ





 [៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មាន​ព្រះភាគ ទ្រង់គង់​នៅលើ​ភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ ក៏​ក្នុង​សម័យ​នោះ មានភិក្ខុ​ច្រើនរូប​ជាមិត្ត​សម្លាញ់ គ្រាន់​តែ​ជួប​ឃើញ​គ្នាខ្លះ ជាមិត្ត​សម្លាញ់​នៅ​រួបរួម​ជា​មួយ​គ្នាខ្លះ ធ្វើ​កុដិប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ ហើយ​ចាំ​វស្សា (នៅ​នោះ)។ មាន​ភិក្ខុ១រូប ឈ្មោះ​ធនិយ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង ធ្វើ​កុដិ​តូចប្រក់​ដោយ​ស្មៅ ហើយ​ចាំវស្សា​នៅនោះ​ដែរ។ គ្រានោះ ភិក្ខុ​ទាំងនោះ លុះចាំ​វស្សា​គ្រប់៣ខែ​ហើយ ក៏រុះរើ​កុដិ​ស្មៅ​នោះ ហើយ​រៀបចំ​ទុកដាក់​ស្មៅ និងឈើ (តាម​ដោយឡែក​ស្រួល​បួល) ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក។ ចំណែក​ខាង​ឯធនិយភិក្ខុ​ដ៏មាន​អាយុជា​កូនស្មូនឆ្នាំង ក៏នៅ​តែក្នុង​ទីនោះ​អស់​វស្សានរដូវ ហើយ​នៅអស់​ហេមន្តរដូវ និង​គិម្ហរដូវ​ក្នុង​ទីនោះ (តទៅ​ទៀត)។ គ្រានោះ កាល​ដែល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និង​ពួកអ្នក​រកឧស នាំគ្នា​រុះកុដិ​ប្រក់ដោយ​ស្មៅ​(របស់​ធនិយភិក្ខុ) ហើយ​ប្រមូល​យកស្មៅ និងឈើ​ទៅអស់។ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង ក៏រក​ស្មៅ និងឈើមក ហើយសង់​កុដិប្រក់​ដោយស្មៅ​ជាគំរប់ពីរ​ដង។ កាល​ធនិយភិក្ខុដ៏​មានអាយុជា​កូនស្មូនឆ្នាំង ចូល​ទៅបិណ្ឌបាត​ក្នុងស្រុក ពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស ក៏រុះ​កុដិស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅទៀត​ជាគំរប់ពីរ​ដង។ ធនិយភិក្ខុ​ដ៏មាន​អាយុជាកូន​ស្មូនឆ្នាំង ក៏​រកស្មៅ និង​ឈើមក ហើយ​សង់កុដិ​ស្មៅជា​គំរប់បី​ដង។ កាល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក ពួក​អ្នក​រកស្មៅ និង​ពួកអ្នក​រកឧស ក៏រុះកុដិ​ស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​ទៀត ជាគំរប់​បីដង។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ត្រិះរិះថា កាល​អញចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស​មករុះរើ​កុដិ ហើយយក​ស្មៅ និងឈើ​ទៅអស់ ដរាប​អស់វារៈ​បីដង​ហើយ ឯខ្លួនអញ​ជាអ្នក​សិក្សា​រៀនសូត្រ​ដោយ​ពេញលេញ ឥត​មានខ្វះខាត​ដោយសិល្បសាស្ត្រ​ណាមួយ​ឡើយ បានចេះ​ប្រាកដ​ក្នុងសិល្បសាស្ត្រ​ខាងការងារ​ស្មូនឆ្នាំង​ក្នុងសំណាក់​គ្រូអាចារ្យ​របស់ខ្លួន​មកហើយ​ដែរ បើ​ដូច្នោះ មាន​តែអញ​ត្រូវជាន់ដី​ដោយខ្លួន​ឯង ហើយ​ធ្វើកុដិ​តូច១ ឲ្យ​សុទ្ធដោយដី​ទាំងអស់។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកូនស្មូនឆ្នាំង ក៏​ជាន់ដី​ដោយ​ខ្លួនឯង ហើយ​ធ្វើកុដិតូច​ដោយដីសុទ្ធ​ទាំងអស់ រួចហើយ​យកស្មៅ ឧស និងអាចមន៍គោ​មកដុតកុដិ​នោះ (ដើម្បី​ឲ្យឆ្អិន)។ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូច​ជាពណ៌​នៃ​សត្វមេភ្លៀង។ កុដិ​នោះ (កាល​បើមាន​ខ្យល់បក់​មកត្រូវ ក៏មាន​សម្លេង​លាន់ឮ) បីដូច​ជាសម្លេង​កណ្តឹង។ គ្រានោះ​ឯង ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ កាល​យាងចុះ​ពីភ្នំគិជ្ឈកូដ​ជាមួយនឹង​ភិក្ខុច្រើនរូប ទ្រង់​ទតទៅឃើញ​កុដិនោះ មាន​ទ្រង់ទ្រាយល្អ​គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម លុះទត​ហើយ ទើប​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយមាន​ព្រះបន្ទូល​ថា ម្នាល​ភិក្ខុទាំងឡាយ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់មើល គួរឲ្យកើត​សេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូចជា​ពណ៌នៃ​សត្វមេភ្លៀង​ឬអ្វី។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងគ្រា​នោះ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ (ការងារ) របស់​មោឃបុរស​នោះជាការងារ​មិនសមគួរ មិនមាន​ទំនង មិនមាន​បែបផែន មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ហេតុដូចម្តេច​ក៏បានជា​មោឃបុរស​នោះជាន់​ដីដោយ​ខ្លួន​ឯង ហើយ​ធ្វើកុដិ​សុទ្ធដោយ​ដីទាំងអស់ (ដូច្នោះ) ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ករុណា សេចក្តី​អនុគ្រោះ និងសេចក្តី​មិនបៀតបៀន​ដល់ពួក​សត្វមាន​ជីវិត ទំនង​ជាមិនមាន​ដល់មោឃបុរស​នោះទេដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ទៅទំលាយ​កុដិនោះ​ចេញ កុំឲ្យ​បណ្តាជន​ជាខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណជាតិ​ទៀត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើកុដិ​ឲ្យសុទ្ធដោយដី​ទាំងអស់ទេ បើ​ភិក្ខុ​ណាធ្វើ ភិក្ខុនោះ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះ​នៅក្នុងទីណា នាំគ្នា​ចូលទៅ​ក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏​វាយ​បំបាក់​កុដិនោះ​ទៅ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង សួរភិក្ខុ​ទាំងនោះ​ថា នែលោក​ទាំងឡាយ ចុះហេតុអ្វី​បានជាលោក​នាំគ្នាមក​វាយបំបាក់​កុដិខ្ញុំ​ដូច្នេះ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាល​អាវុសោ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់ត្រាស់​ឲ្យវាយ​បំបាក់។ ធនិយភិក្ខុ​ឆ្លើយតប​ថា អើ លោកដ៏មាន​អាយុទាំងឡាយ បើ​ព្រះដ៏មាន​ព្រះភាគ​ជា​ធម្មសាមី ទ្រង់​ត្រាស់ឲ្យ​វាយ​បំបាក់ និមន្ត​វាយ​បំបាក់ចុះ។

 [៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ​មានសេចក្តី​ត្រិះរិះថា កាលដែល​អញចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករកស្មៅ និង​ពួកអ្នក​រកឧសមករុះកុដិ​ដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និងឈើ​អស់ទៅ ដរាប​អស់វារៈ​បីដង កុដិ​ដែលអញ​ធ្វើ​ហើយឲ្យ​សុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​ចេញអស់ មាន​បុរសអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំង [ទីនេះ ច្រើនប្រែថា នាយស្មៀន តែតាមន័យក្នុងអដ្ឋកថា ប្រែថា អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងឈើរបស់សេ្តច (នាយឃ្លាំងឈើ)។] ហ្លួង (១នាក់) អញ​ធ្លាប់​ស្គាល់​ដែរ បើដូច្នោះ​មានតែអញ​ត្រូវសុំឈើ​នឹងអ្នក​ដែលកាន់​កាប់ថែរក្សា​ឈើក្នុង​ឃ្លាំងរបស់​ស្តេច ហើយ​ធ្វើកុដិ​ដោយ​ឈើវិញ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ក៏​ចូលទៅរក​អ្នកកាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច លុះ​ចូល​ទៅដល់​ហើយ ក៏​និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំងរបស់​ស្តេច​នោះ​ថា ម្នាលអ្នក​ដ៏មានអាយុ កាល​អាត្មាចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និងពួក​អ្នករក​ឧសមករុះ​កុដិដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​អស់ (តែ​ដូច្នេះ​ឯង) អស់វារៈ​បីដង​ហើយ កុដិ​ដែលអាត្មា​ធ្វើហើយ​ឲ្យសុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​បំបែក​ចេញ​អស់ នែអ្នក​ដ៏មានអាយុ ចូរអ្នក​ប្រគេន​ឈើមក​អាត្មា ៗចង់​ធ្វើ​កុដិឈើ។ អ្នកកាន់​កាប់ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន ឈើ​ដែលខ្ញុំ​ករុណាល្មម​គួរសម​នឹងប្រគេន​លោកម្ចាស់​នោះ គ្មាន​ទេ មាន​តែឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ដែលទុក​ប្រយោជន៍​ការពារអន្តរាយ លោក​ម្ចាស់ បើព្រះរាជា​ទ្រង់ត្រាស់​ឲ្យប្រគេន (មាន​អ្វី) លោកម្ចាស់​ឲ្យគេ​មកនាំយក​ទៅចុះ។ ធនិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ សេ្តច​ប្រគេន​ហើយតើ។ លំដាប់​នោះ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់​ស្តេច​គិតថា សមណៈ​ទាំងនេះជា​សក្យបុត្ត ជាអ្នក​ប្រព្រឹត្ត​នូវធម៌ មាន​សេចក្តី​ប្រព្រឹត្ត​ស្មើជាប្រក្រតី មាន​កិរិយាប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ លោក​និយាយ​តែពាក្យ​ពិត លោកជា​អ្នកមាន​សីល និងមានធម៌​ដ៏ល្អ សូម្បី​ស្តេចក៏ជ្រះថ្លា​នឹងសមណៈ​ទាំងនេះ​ពេញទី (បើ​ដូច្នេះ) របស់​ដែលគេ​មិនទាន់​ឲ្យ លោក​មិនគួរ​នឹងនិយាយ​ថាគេឲ្យ​ទេ (លុះ​គិតដូច្នេះ​ហើយ) ក៏​និយាយ​នឹងធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ឲ្យគេមក​នាំយកឈើ​នោះទៅ​ចុះ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ឲ្យមនុស្ស​កាត់ឈើ​នោះជាកំណាត់​តូចកំណាត់​ធំ ហើយ​ឲ្យ​ដឹកនាំ​យកទៅ​ដោយ​រទេះ​ទាំងឡាយ ហើយ​បាន​ចាត់ចែង​ធ្វើកុដិឈើ។

វស្សការព្រាហ្មណ៍ដើរពិនិត្រ

 [៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ​ក្នុងដែនមគធៈ កាលដើរ​ពិនិត្យត្រួតត្រា​មើលការងារ​ក្នុងក្រុង​រាជគ្រឹះ ក៏ចូល​ទៅរកអ្នក​កាន់កាប់​ថែរក្សាឈើក្នុង​ឃ្លាំងរបស់​សេ្តច លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេចនោះ​ថា នែ​នាយឈើ ព្រះរាជទ្រព្យ​ឯណា​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ឈើនោះ​នៅឯណា។ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកជាម្ចាស់ ឈើ​នោះស្តេច​បានប្រគេន​ទៅ​ធនិយភិក្ខុ​ជាម្ចាស់​ជាកូន​ស្មូនឆ្នាំង​ហើយ។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជា​មហាមាត្យ​ក្នុង​ដែនមគធៈ​មានសេចក្តី​តូចចិត្ត (ដោយ​គិត) ថា ចុះ​ហេតុអ្វី​ក៏បានជា​ស្តេច​ប្រគេន​ឈើព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ទៅ​ធនិយភិក្ខុ​ជាកូន​ស្មូនឆ្នាំង​វិញ។ គ្រានោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ ក្នុង​ដែនមគធៈ ចូល​ទៅក្នុង​ទីដែល​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​គង់នៅ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ទូល​ថា បានឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ព្រះអង្គ​ទ្រង់ប្រគេន​ទៅ​ធនិយភិក្ខុ​មែនឬ។ ព្រះបាទ​ពិម្ពិសារ​សួរថា អ្នកណា​និយាយ​យ៉ាងនេះ។ មហាមាត្យ​ឆ្លើយថា បពិត្រ​ព្រះសម្មតិទេព អ្នក​កាន់កាប់​ថែរក្សា​ឈើ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នកឯង​ឲ្យមនុស្ស​ទៅនាំអ្នក​កាន់កាប់​ថែរក្សា​ឈើមក​មើល។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ​ក្នុង​ដែនមគធៈ ក៏ឲ្យ​មនុស្ស​ទៅ​ចាប់ចង​អ្នក​កាន់កាប់​ថែរក្សា​ឈើ​ហើយ​នាំ​មក។

[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង បានឃើញ​អ្នកកាន់កាប់​ថែរក្សាឈើ ដែល​ជាប់ក្តី ហើយ​គេកំពុង​បណ្តើរទៅ លុះ​ឃើញ​ហើយ ក៏សួរ​អ្នកកាន់​កាប់​ថែរក្សាឈើ​នោះថា ចុះ​ហេតុអ្វី​អាវុសោ បាន​ជាអ្នក​ត្រូវគេ​ចង​បណ្តើរ​ទៅដូច្នេះ។ អ្នក​កាន់កាប់​ថែរក្សាឈើ​ឆ្លើយថា បពិត្រ​លោក​ដ៏ចំរើន ព្រោះ​រឿង​ឈើ​នោះ។ ធនិយភិក្ខុ​ឆ្លើយថា អាវុសោ អ្នក​ទៅចុះ អាត្មា​នឹងទៅ​ដែរ។ អ្នកកាន់​កាប់ថែរក្សា​ឈើឆ្លើយ​ថា លោកម្ចាស់​គួរមក ខ្ញុំព្រះករុណា​លំបាក​មុនហើយ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ក៏ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​នៃព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែល​គេបាន​ក្រាល​ប្រគេន។ វេលា​នោះ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ ក៏ចូល​ទៅត្រង់​កន្លែងដែល​ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកុម្ភការបុត្រ​គង់នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ហើយ​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ គង់​ក្នុងទី​ដ៏សមគួរ​ហើយ ទើប​ទ្រង់មាន​ព្រះបន្ទូល​សួរធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន បាន​ឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុកបម្រុង​ការពារ​អន្តរាយ ខ្ញុំ​បានប្រគេន​លោក​ពិតមែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ ពិត​មែន។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ធម្មតា​យើងជាស្តេច​មានកិច្ច​ច្រើន ការងារ​ដែលត្រូវ​ធ្វើក៏មាន​ច្រើន បើទុក​ជាយើង​ឲ្យមែន ក៏នឹក​មិនឃើញ​ដែរ ហេតុនេះ​សូមលោក​រំលឹក​ខ្ញុំផង។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ សូម​ព្រះអង្គ​ទ្រង់រំពឹង​ទៅមើល កាល​ដែល​ទ្រង់ទើប​បានរាជាភិសេក​នោះ ទ្រង់មាន​ព្រះបន្ទូល មាន​សភាព​យ៉ាងនេះ​ថា ស្មៅ ឈើ និងទឹក ខ្ញុំបាន​ឲ្យហើយ ដល់​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ៗចូរ​ប្រើប្រាស់ (នូវ​ស្មៅ​ឈើ និងទឹក​នោះ​ចុះ)។ ព្រះបាទ​ពិម្ពិសារ​មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំនឹក​ឃើញហើយ (ប៉ុន្តែ​ថា) សមណៈ និងព្រាហ្មណ៍​ទាំងឡាយ​ដែលមាន​សេចក្តី​អៀនខ្មាស សេចក្តី​សង្ស័យ និងមាន​សេចក្តី​ប្រាថ្នា​ក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍​ទាំងនោះ រមែង​កើតមាន​សេចក្តី​សង្ស័យក្នុង​ហេតុនីមួយ​សូម្បី​តែបន្តិច​បន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំ​និយាយ​ថាឲ្យនោះ គឺ​ឲ្យចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹក​នោះឯង ដែល​មានក្នុង​ព្រៃឥត​មានអ្នក​ណាហួង​ហែង​ឡើយ បពិត្រ​លោកដ៏ចំរើន លោក​សំគាល់អាង​ដោយហេតុ​បន្តិចបន្តួច​នោះ ដើម្បី​នាំយកឈើ​ដែលគេ​មិនបាន​ឲ្យយ៉ាងនេះ មនុស្ស​ទាំងឡាយ​ប្រហែល​ដូចខ្ញុំ​នឹងសម្លាប់ ឬចង ឬ​បំបរបង់ នូវ​សមណៈ ឬព្រាហ្មណ៍ ដូចម្តេច​កើត បពិត្រ​លោកដ៏ចំរើន សូម​លោកនិមន្ត​ទៅចុះ លោករួច (ទោស) ហើយ​ដោយសារ​រោម (គឺភេទ​នៃបព្វជិត) លោក​កុំធ្វើ​យ៉ាងនេះ​ទៀតឡើយ។

ប្រជាជនពោលទោស

 [៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់​ថា សមណៈជាសក្យបុត្ត​ទាំងនេះគ្មាន​សេចក្តី​អៀនខ្មាស ជាអ្នក​ទ្រូស្តសីល និយាយ​កុហក គួរណាស់​តែសមណៈ​ទាំងនេះ​ប្រព្រឹត្ត​នូវធម៌ មានសេចក្តី​ប្រព្រឹត្តស្មើ​ជាប្រក្រតី និងប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ និយាយ​ទៀងត្រង់ មាន​សីល និងមាន​ធម៌ល្អ ទើប​នឹងប្តេជ្ញា (ខ្លួន​ជាសមណៈ​បាន) ភាវៈនៃ​សមណៈ​របស់លោក​ទាំងនេះគ្មាន​ទេ ភាវៈនៃធម៌​ដ៏ប្រសើរ​របស់លោក​ទាំងនេះគ្មាន​ទេ សាមញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ ព្រហ្មញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់​លោកទាំង​នេះនឹង​មាន​មកអំពី​ឯណា ព្រហ្មញ្ញគុណ​របស់​លោក​ទាំងនេះ​នឹង​មានមក​អំពី​ឯណា លោក​ទាំងនេះ​ប្រាសហើយ​ចាក​សាមញ្ញគុណ លោក​ទាំងនេះ​ប្រាសហើយ​ចាក​ព្រហ្មញ្ញគុណ សមណៈ​ទាំងនេះ​ហ៊ានបញ្ឆោត​ដល់ស្តេច​ផែនដី ចំណង់​បើមនុស្ស​ឯទៀត​យ៉ាងណា​ទៅអេះ។ ភិក្ខុ​ទាំងឡាយ​បាន​ឮមនុស្ស​ទាំង​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ដូច្នេះ​ហើយ។ ពួក​ភិក្ខុ​ឯណា​មានសេចក្តី​ប្រាថ្នាតិច ជា​អ្នក​សន្តោស អ្នក​អៀនខ្មាស មាន​សេចក្តី​រង្កៀស មាន​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុ​ទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ចុះ​ហេតុអ្វី​បានជា​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូន​ឆ្នាំង ទៅយក​របស់​ដែលគេ​មិន​បានឲ្យ គឺឈើ​របស់​ស្តេច (ដូច្នោះ)។ គ្រានោះ ភិក្ខុ​ទាំងនោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។

ព្រះអង្គត្រាស់ប្រជុំសង្ឃបញ្ញតិបឋមសិក្ខាបទ

ព្រោះ​និទាននេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង​ក្នុងវេលា​នោះថា ធនិយភិក្ខុ ឮថា អ្នក​ឯងបាន​យករបស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា មែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ធនិយភិក្ខុ​ថា នែ​មោឃបុរស កម្មនេះ​ជាកម្ម​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស ហេតុអ្វី​ក៏បានជា​អ្នកឯង​ទៅយក​របស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា (ដូច្នោះ) នែ​មោឃបុរស អំពើ​នេះមិន​មែននាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា និង​មិនមែន​នាំឲ្យ​រឹងរិត​តែជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់​នោះទេ នែ​មោឃបុរស អំពើនេះ​ប្រាកដ​ជានាំ​បណ្តាល​មនុស្សពួក​ខ្លះ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យខាត ខានមានសេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្សពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ សម័យ​នោះ មាន​មហាមាត្យ​ម្នាក់ ពីដើម​ធ្លាប់ធ្វើ​ជាចៅក្រម​ចាស់ បាន​បួស​ក្នុង​សំណាក់​ពួកភិក្ខុ (ភិក្ខុ​នោះឯង) បាន​ទៅអង្គុយ​ជិត​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះអង្គ​ទ្រង់មាន​ព្រះបន្ទូល​សួរភិក្ខុ​នោះថា ម្នាល​ភិក្ខុ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​ចាប់ចោរ​បានហើយ សម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​របស់មាន​ដម្លៃចំនួន​ប៉ុន្មាន។ ភិក្ខុ​នោះក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ដោយ​របស់​មានដម្លៃ​ចំនួន១បាទ ឬគួរ​ដល់១បាទ ឬច្រើន​ជាង១បាទ។ សម័យ​នោះឯង ក្នុង​ក្រុងរាជគ្រឹះ គេចាយ​ប្រាក់​៥មាសក​ជា​១បាទ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់តិះ​ដៀល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ដោយ​អនេក​បរិយាយ ហើយ​ទ្រង់​សំដែង​នូវទោស​នៃការ​ដែល​គេពិបាក​ចិញ្ចឹម។បេ។ ហើយ​ទ្រង់ត្រាស់​សរសើរ​គុណនៃ​ការប្រារព្ធ​ព្យាយាម រួចទ្រង់​សំដែង​នូវធម្មីកថា ដ៏សម​គួរដល់​សិក្ខាបទ​នោះ ឲ្យមាន​ទំនងតាម​សិក្ខាបទ​នោះចំពោះ​ភិក្ខុ​ទាំងឡាយ ទើបទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកជួប​ជុំ។បេ។ ហើយ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា

បឋមបញ្ញតិ

ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុណា​មួយកាន់​យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ដោយ​ចំណែក​នៃចិត្តលួច ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ ត្រូវ​សម្លាប់ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា អាឯង​ជាចោរ ជាមនុស្ស​ពាល​វង្វេង ជាមនុស្ស​ល្មួចព្រោះ​អទិន្នាទាន មាន​សភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែលគេ​មិនបានឲ្យ​មានសភាព​ដូច្នោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន (គឺឥត​មានកិរិយា​នៅរួបរួម​គ្នាបាន)។ សិក្ខាបទ​នេះព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

និទានឆព្វគ្គិយភិក្ខុ

 [៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាទៅកាន់​កំពង់របស់​ជាងជ្រលក់ ហើយ​លួចយក​បង្វិចសំពត់​របស់​ជាង​ជ្រលក់ មកកាន់​អារាម​ហើយ​ចែកគ្នា។ ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា ម្នាល​អាវុសោ លោក​ទាំងឡាយ​ជាអ្នក​មាន​បុណ្យ​ច្រើន ចីវរ​កើតឡើង​ដល់​លោក​ច្រើន។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ បុណ្យ​របស់យើង​មានមក​ពីណា អម្បាញ់​មិញ​យើងទៅ​ឯកំពង់​របស់ជាង​ជ្រលក់ ហើយ​យើងបាន​លួចយក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់មក​ទេតើ។ ភិក្ខុ​ទាំងឡាយ​និយាយ​ថា អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ទ្រង់​បញ្ញត្ត​រួចហើយ​តើ ចុះ​ហេតុអ្វី​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក។ ឆព្វគ្គិយភិក្ខុ​ឆ្លើយតប​ថា ម្នាល​អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ជាម្ចាស់​ទ្រង់​បញ្ញត្ត​រួចហើយ​ក៏ពិត​មែន តែថា​សិក្ខាបទ​នោះ ទ្រង់បញ្ញត្ត​ចំពោះតែ​ក្នុងស្រុក ត្រង់​ក្នុងព្រៃ​ទ្រង់មិន​បញ្ញត្ត​ទេ។ ភិក្ខុ​ទាំងនោះ​និយាយ​ថា អាវុសោ សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយក្នុង​ស្រុកនោះ​ក៏ប្រាកដ​ដូចជាក្នុង​ព្រៃដូច្នោះ​ដែរ មិនមែន​ឬអ្វី នែ​អាវុសោ អំពើ​ដែលលោក​ធ្វើនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​អាវុសោ​ទាំងឡាយ ចុះ​ហេតុដូចម្តេច ក៏​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក ម្នាល​អាវុសោ កម្មនេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យរឹង​រិតតែកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមាន​សេចក្តី​ជ្រះថ្លា​ហើយនោះ​ទេ ម្នាល​អាវុសោ កម្ម​នេះ​ប្រាកដ​ជានាំ​បណ្តាល​ឲ្យមនុស្ស​ពួកខ្លះ​ដែល​មិនទាន់​ជ្រះថ្លា ឲ្យខាន​បានកើត​សេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យ​ត្រឡប់ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ​ក៏តិះដៀល​ឆព្វគ្គិយភិក្ខុ ដោយ​អនេក​បរិយាយ ហើយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។

ព្រះអង្គត្រាស់ប្រជុំសង្ឃបញ្ញតិអនុសិក្ខាបទ

ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ឆព្វគ្គិយភិក្ខុ​ក្នុង​ពេលនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បាន​ឮថា ពួកអ្នក​ឯងនាំ​គ្នាទៅកាន់​កន្លែងដែល​ជាងជ្រលក់​គេលាត្រដាង​សំពត់ ហើយ​បាន​លួចបង្វិច​សំពត់​របស់​ជាងជ្រលក់​មែនឬ។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ថា នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែលពួក​អ្នកឯង​ធ្វើនេះ ជាអំពើ​មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស​ទាំងឡាយ ចុះ​ហេតុអ្វី​បានជា​អ្នកនាំ​គ្នាទៅ​លួចបង្វិច​សំពត់​របស់ជាង​ជ្រលក់ នែ​មោឃបុរស អំពើ​នេះមិនមែន​នាំឲ្យកើត​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នោះ​ ទេ។បេ។ នឹង​នាំបណ្តាល​ឲ្យជន​ពួកខ្លះ​ដែល​ជ្រះថ្លា​ហើយ ត្រឡប់​ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ដោយ​ព្រះពុទ្ធដីកា​ជាអនេក​ បរិយាយ ហើយ​ទ្រង់​សំដែង​ទោសនៃការ​ដែលគេ​ពិបាក​ចិញ្ចឹម។បេ។ ទើប​ទ្រង់ត្រាស់​សរសើរគុណ​នៃការប្រារព្ធ​នូវព្យាយាម រួច​ហើយទ្រង់​សំដែង​នូវធម្មីកថា​ដ៏សមគួរ​ដល់​សិក្ខាបទ​នោះៗ ឲ្យមាន​ទំនង​តាម​សិក្ខាបទ​នោះៗ ចំពោះ​ភិក្ខុ​ទាំងឡាយ ទើប​ទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ។បេ។ ហើយ​ទ្រង់បញ្ញត្ត​សិក្ខាបទ​ថា

អនុបញ្ញតិ

ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​នេះថា ភិក្ខុណា​មួយ​កាន់យក​ទ្រព្យ​ដែលគេមិន​បានឲ្យ​ដោយចំណែក​នៃចិត្ត​លួច អំពី​ស្រុកក្តី ព្រៃក្តី ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ​ត្រូវសម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា ឯង​ជាចោរ ជាមនុស្ស​ពាលវង្វេង ជា​មនុស្សល្មួច ព្រោះ​អទិន្នាទាន​មានសភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ មាន​សភាព​យ៉ាងនោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន (គឺឥត​មាន​កិរិយានៅ​រួបរួមគ្នា​បាន)។

សិក្ខបទវិភង្គ

 [៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជា​ឯណា។បេ។ ភិក្ខុ​នេះ តថាគត​ហៅថា ណាមួយ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ សេចក្តីថា ភិក្ខុ​នេះតថាគត​អធិប្បាយ​ក្នុងសេចក្តី​នេះ។ ដែល​ឈ្មោះថា ស្រុក​(នោះ) គឺស្រុក​ដែលមាន​ខ្ទមមួយ​ក្តី ស្រុក​ដែលមាន​ខ្ទមពីរ​ក្តី ស្រុក​ដែល​មាន​ខ្ទមបី​ក្តី ស្រុកដែល​មានខ្ទម​បួនក្តី ស្រុក​ដែល​មាន​មនុស្សក្តី ស្រុក​ដែល​ឥតមនុស្ស​ក្តី ស្រុក​ដែលមាន​របង​ឬកំផែង​ក្តី ស្រុក​ដែលឥត​របងឬ​កំផែង​ក្តី ស្រុក​ដែលគេ​ទើបតាំង​នៅថ្មី (មាន​ផ្ទះពីរបី) ដូចជា​គោឈរ​ក្តី ពុំ​នោះ​សោត ប្រទេស​ណាដែល​មានពួក​ឈ្មួញ​បាន​អាស្រ័យ​នៅលើស​ជាង​៤ខែឡើង​ទៅ ប្រទេស​នោះក៏លោក​ហៅថា​ស្រុក។ ដែល​ឈ្មោះថា​ឧបចារ​នៃស្រុក (នោះ) គឺទី​ដែលធ្លាក់​ចុះដុំដី​របស់មជ្ឈិម​បុរសឈរ​ប្រប​ធរណីទ្វារ​ស្រុក​ដែល​ មានរបង ឬកំផែង ចោល​ទៅ (ឬ) ទីដែល​ធ្លាក់ចុះ​ដុំដីរបស់​មជ្ឈិមបុរស​ឈរប្រប​ឧបចារផ្ទះ​នៃស្រុក​ដែលឥត​របង ឬកំផែង ចោល​ទៅ។ ដែល​ឈ្មោះថា​ព្រៃ (នោះ) គឺទី​ដ៏សេស លើកលែង​តែស្រុក និង​ឧបចារ​នៃស្រុក​ចេញ ឈ្មោះថា​ព្រៃ។ ដែលឈ្មោះ​ថាទ្រព្យ​ដែលគេ​មិនបាន​ឲ្យ (នោះ) គឺ​របស់​ណាដែល​គេមិន​ទាន់ឲ្យ មិនទាន់​លះបង់​ឲ្យ មិនទាន់​ដាច់ចិត្ត​ឲ្យ គេរក្សា​ទុក គេគ្រប់​គ្រង​ទុក គេនៅ​ប្រកាន់ គេ​នៅហួង​ហែង ទ្រព្យ​នោះ​ឈ្មោះ​ថា ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ។ ត្រង់​បទថា ដោយ​ចំណែក​នៃចិត្ត​លួច សេចក្តី​ថា ភិក្ខុ​មានចិត្ត​ជាអ្នក​ល្មួច គឺថា ភិក្ខុ​មានចិត្ត​បម្រុង​នឹងលួច។

 [៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា ភិក្ខុគប្បី​ចាប់យក គប្បី​នាំទៅ គប្បី​លួចយក គប្បីឲ្យ​កំរើក​ឥរិយាបថ គប្បី​ឲ្យឃ្លាត​ចាកទី គប្បីឈាន​កន្លងនូវ​ទីដែល​កំណត់។

 [៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ) គឺទ្រព្យចំនួន​មួយបាទ ឬទ្រព្យគួរដល់​ថ្លៃមួយបាទ ឬថា ក្រៃ​លែង​ជាងមួយ​បាទឡើងទៅ។ ដែល​ឈ្មោះថា ស្តេច​ទាំងឡាយ (នោះ) គឺស្តេច​ជាធំលើ​ប្រថពី​ទាំងអស់ ស្តេចជា​ធំក្នុង​ប្រទេស ពួកអ្នក​ត្រួត​មណ្ឌល (ចៅហ្វាយខេត្ត) ពួក​អ្នក​បរិភោគ​ស្រុកជា​លំដាប់ (ចៅហ្វាយស្រុក) ពួក​អ្នក​កាត់ក្តី ពួក​មហាមាត្យ ពុំនោះ​សោត ពួក​ឥស្សរជន​ណាជា​អ្នកត្រួតត្រា​ក្នុងការ​កាប់សម្លាប់ ពួក​ឥស្សរជន​ទាំងនោះ ឈ្មោះ​ថាស្តេច។ ដែល​ឈ្មោះថា ចោរ​(នោះ) គឺអ្នក​ណាដែល​កាន់យក​ទ្រព្យ​ដែលម្ចាស់​គេមិន​បានឲ្យ មាន​ដម្លៃ​ប្រមាណ​៥មាសក ឬច្រើន​ជាង៥​មាសក​ឡើងទៅ ដោយ​ចំណែក​នៃចិត្ត​លួច អ្នកនោះ​ឈ្មោះថា ចោរ។ ត្រង់​ពាក្យថា គប្បី​សម្លាប់​ក្តី សេចក្តីថា គប្បី​សម្លាប់ដោយ​ដៃក្តី ដោយ​ជើងក្តី ដោយ​រំពាត់​ខ្សែតីក្តី ដោយ​ផ្តៅក្តី ដោយ​ដម្បង​វែងក្តី ដោយ​កាប់កាត់​ក្តី។ ត្រង់​ពាក្យថា គប្បី​ចងក្តី សេចក្តី​ថា គប្បី​ចងដោយ​ចំណង​គឺខ្សែក្តី ដោយ​ចំណង​គឺខ្នោះ​ក្តី ដោយ​ចំណង​គឺច្រវាក់ក្តី ដោយ​បង្ខាំទុក​ក្នុងផ្ទះ​ក្តី ដោយ​បង្ខាំទុក​ក្នុងក្រុង​ក្តី ដោយបង្ខាំ​ទុកក្នុង​ស្រុកក្តី ដោយ​បង្ខាំទុក​ក្នុងនិគម​ក្តី ឬគប្បី​ធ្វើនូវការ​ឃុំខាំងដោយ​បុរស។ ត្រង់ពាក្យ​ថា គប្បី​បំបរបង់​ក្តី ឬថាគប្បី​និរទេសក្តី សេចក្តី​ថា គប្បី​បំបរបង់​ចាកស្រុក​ក្តី ចាក​និគម​ក្តី ចាកក្រុង​ក្តី ចាក​ជនបទ​ក្តី ចាកប្រទេស​ក្នុងជនបទ​ក្តី។ ត្រង់​ពាក្យ៤ម៉ាត់​ថា អ្នកឯង​ជាចោរ អ្នកឯង​ជាពាល អ្នកឯង​ជាបុគ្គល​វង្វេង អ្នកឯង​ជាអ្នក​ល្មួចនេះ ជាពាក្យ​ជេរប្រទេច។

 [៨៨] ដែលឈ្មោះថា មានសភាព​ដូច្នោះ (នោះ) គឺទ្រព្យ​ចំនួនមួយបាទ ឬទ្រព្យ​គួរដល់ដម្លៃ​មួយបាទ ឬថា ក្រៃលែង​ជាងមួយបាទ​ឡើងទៅ។ ត្រង់ពាក្យ​ថា កាល​កាន់យក សេចក្តីថា កាល​ចាប់យក កាលនាំ​ទៅ កាល​លួច កាលឲ្យ​កំរើក​ឥរិយាបថ កាលឲ្យ​ឃ្លាតចាកទី កាល​ឲ្យ​កន្លង​ហួសទី​ដែល​កំណត់។

 [៨៩] ត្រង់បទថា ភិក្ខុនេះដែរ គឺពោល​ប្រៀបធៀប​នឹងភិក្ខុដែល​មានក្នុងសិក្ខាបទ​មុន។ ត្រង់ពាក្យ​ថា ជាបារាជិក អធិប្បាយ​ជាសេចក្តី​ឧបមាថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះ​ចាកទងហើយ មិន​អាចត្រឡប់​ទៅជាមាន​ពណ៌ខៀវ​វិញបាន ដូចម្តេច​មិញ ភិក្ខុ​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ​ចំនួន១បាទ ឬគួរ​ដល់ដម្លៃ​១បាទ ឬថា​ក្រៃលែង​ជាង១បាទ​ឡើងទៅ ដោយ​ចំណែក​នៃ​ចិត្តលួច ក៏​មិនមែន​ជាសមណៈ មិនមែន​ជាពូជ​ពង្សរបស់​ព្រះពុទ្ធ​ជាសក្យបុត្រ ដូច្នោះ​ដែរ ព្រោះហេតុ​នោះ បាន​ជា​តថាគត​ហៅភិក្ខុ​នោះជា​បារាជិក។ ត្រង់​បទថា រកសំវាសគ្មាន (នោះ) សេចក្តី​ថា សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះ​ឈ្មោះថា សំវាស សំវាស​នោះមិន​មានជា​មួយនឹង​ភិក្ខុដែល​ត្រូវបារាជិក​នោះឡើយ ព្រោះ​ហេតុនោះ បាន​ជា​តថាគត​ហៅថា រកសំវាសគ្មាន។

មាតិការាយឈ្មោះទ្រព្យ

 [៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី ស្ថិតនៅ​លើគោក ស្ថិតនៅ​ព្ធដ៏អាកាស ស្ថិតនៅ​លើធ្នើរ ស្ថិតនៅ​ក្នុងទឹក ស្ថិតនៅ​ក្នុងទូក ស្ថិតនៅ​លើយាន ស្ថិតនៅ​លើភារៈ ស្ថិត​នៅក្នុង​ច្បារ ស្ថិតនៅ​ក្នុងវត្ត ស្ថិតនៅ​ក្នុងស្រែ ស្ថិតនៅ​ក្នុងទីដី ស្ថិតនៅ​ក្នុងស្រុក ស្ថិតនៅ​ក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់​ដែលគេ​កំពុងនាំ​ទៅ របស់​ដែលគេ​ផ្ញើ ទីដែល​ហូតពន្ធ (គយ) សត្វ​មាន​ជីវិត គឺមនុស្ស សត្វគ្មាន​ជើង សត្វ​ជើងពីរ សត្វ​ជើងបួន សត្វជើង​ច្រើន អ្នក​កំណត់​របស់​ដើម្បីឲ្យ​គេលួច អ្នក​រក្សា​របស់ផ្ញើរ​ទុកមួយ​រំពេច កិរិយា​លួចយក​ដោយ​បបួលគ្នា សង្កេតកម្ម និមិត្តកម្ម។

ទ្រព្យស្ថិតនៅក្នុងដី

 [៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេ​កប់លាក់ទុកក្នុងដី។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួច​នូវទ្រព្យ​ដែលស្ថិត​នៅក្នុងដី ហើយ​ស្វែងរក​គ្នាឲ្យបាន​ពីរនាក់ក្តី ស្វែង​រកចប​ក្តី កញ្ជើក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​កាត់នូវ​ឈើ ឬវល្លិ​ដែលកើត​ក្នុងទីនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ជីក ឬកកាយ ឬគាស់​នូវ​អាចមន៍ដី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ចាប់ពាល់​នូវឆ្នាំង ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យ​កំរើកត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត បញ្ចូល​នូវភាជនៈ​របស់ខ្លួន​ទៅ ហើយចាប់​ពាល់នូវ​វត្ថុមាន​ដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃ​លែង​ជាង​៥មាសកៈ​ឡើងទៅ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យឲ្យ​ចូលទៅ​ក្នុងភាជន​របស់ខ្លួន​ក្តី កាត់ដាច់​នូវក្តាប់​ដៃក្តី ត្រូវ​អាបត្តបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់ពាល់​នូវភណ្ឌ​ដែលគេ​ដោតក្រង​ដោយខ្សែ គឺសង្វារ​ក្តី ខ្សែកក្តី ខ្សែចង្កេះ​ក្តី សម្ពត់​សាដកក្តី ឈ្នួតក្តី ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ចាប់​ត្រង់ទី​បំផុត ហើយ​លើកឡើង ត្រូវ​អាបត្តិថុល្លច្ច័យ។ កាល​បើប៉ះ​ទង្គុក រួចនាំ​យកចេញ ត្រូវ​អាបត្តិថុល្លច្ច័យ។ ដោយ​ហោចទៅ​សូម្បីតែ​ឲ្យផុត​អំពីមាត់ឆ្នាំង ប្រមាណ​ប៉ុនចុង​សក់ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ផឹកនូវ​សប្បិក្តី ប្រេងក្តី ទឹកឃ្មុំ​ក្តី ទឹកអំពៅ​ក្តី ជារបស់​មានដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃលែង​ជាង៥មាសកៈ​ឡើងទៅ ដោយ​ប្រយោគ​តែមួយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ទំលាយក្តី ចាក់ចោល​ក្តី ដុតចោល​ក្តី ធ្វើ (នូវ​វត្ថុមាន​សប្បិជា​ដើមនោះ) ឲ្យជា​របស់​ប្រើប្រាស់​មិនកើត​ក្តី ក្នុង​ទីនោះឯង ត្រូវ​អាបត្តិទុក្កដ។

ទ្រព្យស្ថិតនៅលើគោក

[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ) គឺទ្រព្យ​ដែលគេដម្កល់​ទុកលើទីគោក។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួចទ្រព្យ​ដែលស្ថិត​នៅលើទី​គោក ហើយ​ស្វែងរកគ្នា​ឲ្យបាន​ពីរនាក់ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ ចាប់​ពាល់ ត្រូវអាបត្តិទុក្កដ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យស្ថិត​នៅព្ធដ៏អាកាស

 [៩៣] ដែលឈ្មោះថា ទ្រព្យស្ថិត​នៅព្ធដ៏អាកាស (នោះ) គឺភណ្ឌ​ដែលទៅព្ធដ៏​អាកាស ទោះសត្វ​ក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី ឬជា​សម្ពត់សាដក​ក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែល​ដាច់ធ្លាក់​ចុះ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ថា អញនឹង​លួចនូវ​ភណ្ឌ ដែលស្ថិត​នៅព្ធដ៏អាកាស ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​ពីរនាក់ក្តី ដើរ​ទៅតែឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ផ្តាច់​បង់នូវ​ដំណើរ ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យស្ថិតនៅ​លើធ្នើរ

 [៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅ​លើធ្នើរ (នោះ) គឺភណ្ឌ​ដែលដម្កល់​នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើគ្រែក្តី លើតាំង​ក្តី ឬទ្រព្យ​ដែលគេពាក់​លើឈើ​ស្បៀងសម្រាប់​ពាក់ចីវរ​ក្តី លើខ្សែ​សម្រាប់​ពាក់ចីវរ​ក្តី លើ​ចម្រឹង​ជញ្ជាំងក្តី លើដៃ​កែវក្តី ដែល​គេព្យួរ​ទុកលើ​ដើមឈើ​ក្តី ដោយ​ហោចទៅ ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើជើង​បាត្រក៏ដោយ។ ភិក្ខុមាន​ថេយ្យចិត្ត​ថា អញនឹង​លួចយក​ភណ្ឌដែល​ស្ថិតនៅ​លើធ្មើរ ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យស្ថិតនៅក្នុងទឹក

 [៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌ​ដែលគេដម្កល់​ទុកក្នុងទឹក។ ភិក្ខុមាន​ថេយ្យចិត្តថា អញ​នឹងលួចយក​ភណ្ឌដែល​ស្ថិតនៅក្នុងទឹក ហើយស្វែង​រកគ្នាឲ្យ​បានជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ មុជ​ចុះក្តី ងើប​ឡើងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់ពាល់​ផ្កាឧប្បលក្តី ផ្កាឈូកក្រហម​ក្តី ផ្កាឈូក​សក្តី ក្រអៅឈូក​ក្តី ត្រីក្តី អណ្តើក​ក្តី ដែលកើត​ក្នុងទឹកនោះ មាន​ដំឡៃ៥មាសក​ក្តី លើសពី​៥មាសកក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើរបស់​នោះឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យ​ស្ថិត​នៅក្នុង​ទូក

 [៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម) ដោយរបស់អ្វី របស់​នោះឈ្មោះ​ថាទូក [ក្នុងអដ្ឋកថា​ថា ស្នូក​សម្រាប់​ជ្រលក់ក្តី បាច់​ឫស្សីក្តី ក្បូនក្តី ឲ្យ​ឈ្មោះថា នាវា ដែល​ប្រែជា ទូក​ក្នុងទី​នេះ]។ ទ្រព្យ​ដែលគេ​ដាក់ទុក​នៅក្នុងទូក ឬលើទូក ឈ្មោះ​ថាទ្រព្យ​ស្ថិត​នៅក្នុង​ទូក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទ្រព្យ​ដែល​ស្ថិតនៅ​ក្នុងទូក ហើយ​ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​(ទ្រព្យ​នោះ) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើទ្រព្យ​នោះ)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើ​ទ្រព្យ​នោះ) ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទូក ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ (ទូកនោះ) ត្រូវ​អាបត្តិទុក្កដ។ ធ្វើទូក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ស្រាយ​ចំណង ត្រូវ​អាបត្តិទុក្កដ។ ស្រាយ​ចំណង​រួចហើយ ចាប់ត្រូវ​(ទូក) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើ​ទូក)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើទូក) ឲ្យ​អណ្តែត​ច្រាសទឹកក្តី បណ្តោយ​ទឹកក្តី ទទឹងទឹក​ក្តី ដោយ​ហោចទៅ សូម្បី​ធ្វើឲ្យឃ្លាត​ចាកទី​ប៉ុនចម្រៀក​សក់ ត្រូវ​អាបត្តិបារាជិក។

ទ្រព្យ​ស្ថិតនៅ​លើយាន

 [៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន។ ទ្រព្យដែល​ដាក់ក្នុងយាន ឬ​លើយាន ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​លើយាន។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ស្ថិតនៅ​លើយាន ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកយាន ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​យាននោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​យាននោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​យាននោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យដែលនៅលើក្បាល

 [៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក (ទ្រព្យ​ដែលរែក ឬលី) នៅ​លើចង្កេះ (កណ្តៀត) និង​ទ្រព្យដែល​យួរនឹង​ដៃ ឈ្មោះ​ថាភារៈ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ក្បាល ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ភារៈនោះ​ចុះមក​ដល់ត្រឹម-ក ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់​ពាល់ភារៈ​ដែលនៅ​លើ-ក ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមកដល់​ត្រឹមចង្កេះ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ចង្កេះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមក​កាន់ជាប់​នឹងដៃ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ដាក់​ចុះនូវភារៈ​ដែលនៅ​ក្នុងដៃ​មកលើ​ផែនដី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​កាន់យក​ទ្រព្យអំពី​ផែនដី​ទៅ ត្រូវ​អាបត្តិ​បារាជិក។

ទ្រព្យ​ស្ថិតនៅ​ក្នុងសួន​ច្បារ

 [៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ) ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងសួន​ច្បារមាន​៤កន្លែង គឺក្នុង​ដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងសួន​ច្បារ។ ភិក្ខុ​មានថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងសួនច្បារ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់​ពាល់ឫស​ឈើក្តី សម្បក​ឈើក្តី ស្លឹក​ឈើក្តី ផ្កា​ឈើក្តី ផ្លែ​ឈើក្តី ដែលដុះ​ក្នុងសួនច្បារ​នោះ ទោះមាន​ដម្លៃប្រមាណ​៥មាសកក្តី លើពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុចោទ​ប្រកាន់​យកសួនច្បារ ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​ម្ចាស់សួនច្បារ​សង្ស័យ ត្រូវ​អាបត្តិថុល្លច្ច័យ។ បើម្ចាស់​សួនច្បារ​ដាក់ធុរៈ​ថា សួនច្បារ​មុខជានឹង​មិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សី​កោង ធ្វើម្ចាស់​សួនច្បារ​ឲ្យចាញ់) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ បើពួក​អ្នកវិនិច្ឆ័យ​កាត់សេចក្តី​នោះតាម​ធម៌វិន័យ​ជាសត្ថុសាសនា ហើយ​ត្រឡប់​ចាញ់លើ​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

ទ្រព្យនៅក្នុងវត្ត

 [១០០] ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងវិហារ (វត្ត) មាន៤កន្លែង គឺ ក្នុងដី១ លើ​គោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួចទ្រព្យ​ដែលឋិត​នៅក្នុងវត្ត ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ចោទប្រកាន់​យកវត្ត ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ម្ចាស់វត្ត​ឲ្យកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើម្ចាស់​វត្តដាក់​ធុរៈថា វត្តមុខ​ជាមិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬរាជ​ត្រកូល ភិក្ខុបាន​សូកដល់​ពួកអ្នក​វិនិច្ឆ័យ​ឲ្យកាត់​សេចក្តីដោយ​មិនយុត្តិធម៌) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់វិញ (គឺពួក​អ្នកវិនិច្ឆ័យ​កាត់ក្តី​ដោយ​យុត្តិធម៌​ថា ឲ្យ​ភិក្ខុចាញ់​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

ទ្រព្យ​នៅក្នុង​ស្រែ

 [១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើមក្តី ដុះក្នុង​ទីណា ទីនោះ​ឈ្មោះថា ខេត្ត (ស្រែ)។ ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងស្រែ មាន៤​កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​នៅក្នុង​ស្រែ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងស្រែ​ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់ស្រូវ​ទាំងឡាយ មាន​ស្រូវ​សាលី​ជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើម​ក្តី ដែលដុះ​ក្នុងស្រែ​នោះ មាន​ដម្លៃប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទ​ប្រកាន់​យកស្រែ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ឲ្យម្ចាស់​ស្រែកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ស្រែ​ដាក់ធុរៈ​ថា ស្រែមុខ​ជានឹង​មិនបាន​មកអញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូក​ពួកអ្នក​វិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើម្ចាស់​ស្រែឲ្យ​ចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺបើ​ពួកអ្នក​វិនិច្ឆ័យ​កាត់ក្តី​នោះតាម​ធម៌ជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​លើខ្លួន​ឯងវិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី ទំនប់​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅ​តែ​ប្រយោគ​មួយមិន​ទាន់មក​ដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ ត្រូវ​អាបត្តិ​បារាជិក។

ទ្រព្យ​ស្ថិតនៅ​ក្នុងទីដី

 [១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី)។ ទ្រព្យដែលគេដម្កល់ទុក​ក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងទីដី។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញនឹង​លួចទ្រព្យ​ដែលគេ​ដម្កល់​ទុកក្នុង​ទីដី ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទប្រកាន់​យកទីដី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់ដី​កើតសង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ដី​ដាក់ធុរៈ​ថា ដីមុខ​ជាមិន​បានមក​អញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះក្នុង​ជំនុំសង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើ​ម្ចាស់ដី​ឲ្យចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ​បើពួក​អ្នក​វិនិច្ឆ័យ​នោះកាត់​តាមធម៌​វិន័យជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី កំផែងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅតែ​ប្រយោគ​មួយមិនទាន់​មកដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ [អដ្ឋកថា ថា បណ្តា​កិរិយា​បង្ខិត​ទាំងឡាយ មាន​បង្ខិតគោល​ជាដើម នោះមាន​អធិប្បាយ​ថា ធម្មតា​ផែនដី​ជារបស់​កាត់ថ្លៃ​មិនបាន ព្រោះ​ហេតុដូច្នោះ បើ​សណ្ឋាន​ដីនោះ គេបោះ​គោលតែមួយ​ស្រេច ភិក្ខុបង្ខិត​គោលឲ្យ​ចូលទៅ​ក្នុងដីគេ សូម្បី​ប៉ុនចម្រៀក​សក់ ទោះបី​ម្ចាស់គេ​ឃើញក្តី មិន​ឃើញក្តី ត្រូវ​បារាជិក បើ​សណ្ឋាន​ដីនោះ គេ​បោះគោល​ពីរ ភិក្ខុ​បង្ខិត​គោលទី១ ត្រូវ​ថុល្លច្ច័យ ទី២ ត្រូវបារាជិក បើ​សណ្ឋានដី​នោះ គេបោះ​គោលបី ភិក្ខុបង្ខិត​គោលទី១ ត្រូវទុក្កដ ទី២ ត្រូវ​ថុល្លច្ច័យ ទី៣ ត្រូវ​បារាជិក។] ត្រូវ​អាបត្តិ​បារាជិក។

ទ្រព្យ​ឋិត​នៅ​ក្នុងស្រុក

 [១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិត​នៅ​ក្នុងស្រុក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងស្រុក ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់​ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិបារាជិក។

ទ្រព្យ​ឋិតនៅ​ក្នុងព្រៃ

 [១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែង​រក្សា ទីនោះ​ឈ្មោះថាព្រៃ។ ទ្រព្យ​ដែល​បុគ្គល​ដម្កល់​ទុកក្នុង​ព្រៃ មាន​៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិតនៅ​ក្នុងព្រៃ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងព្រៃ ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានគំរប់​ពីរនាក់​ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើត​ក្នុង​ព្រៃនោះ មាន​ដំឡៃ​ប្រមាណ​៥មាសក​ក្តី ដែលលើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី ត្រូវ​អាបត្តិ​បារាជិក។

ទឹក

 [១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី ក្នុងបឹងក្តី ឈ្មោះ​ថាទឹក។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់​ទឹកនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទឹកនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទឹកនោះ​ឲ្យហូរ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​ទឹកដែល​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី ដែល​លើសពី​៥មាសក​ក្តី ឲ្យ​ចូល​ទៅក្នុង​ភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិទុក្កដ។ ធ្វើទឹក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទឹក​នោះឲ្យ​បាន​ដម្កល់​ក្នុងភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ទំលុះ​ភ្លឺស្រែគេ ត្រូវ​អាបត្តិ​ទុក្កដ។ ទំលុះ​ភ្លឺស្រែ​ហើយ​បង្ហូរ​យកទឹក​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃលើស​ពី១មាសកក្តី ថយ​ពី៥មាសក​ចុះមក​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃ​១មាសក​ក្តី ថយចុះ​ពី១មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។

ឈើសម្រាប់​ជំរះធ្មេញ

 [១០៦] (ឈើសម្រាប់​ជំរះធ្មេញ) ទោះគេកាត់​ហើយក្តី គេមិនបាន​កាត់ក្តី ហៅថា​ឈើស្ទន់។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ឈើស្ទន់ដែល​មានដម្លៃ​៥មាសក​ក្តី លើសពី៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

ដើមឈើ

 [១០៧] ឈើណាជាគ្រឿងប្រើប្រាស់ ដែលមានពួក​មនុស្សថែរក្សាទុក ឈើ​នោះឈ្មោះ​ថាដើមឈើ។ ភិក្ខុ​មាន​ថេយ្យចិត្ត កាត់​ឈើនោះ ត្រូវ​អាបត្តិទុក្កដ​គ្រប់ៗប្រហារ។ នៅ​ប្រហារម្តង​ទៀតមិន​ទាន់មក​ដល់ (គឺថា​នៅតែប្រហារ​ម្តងទៀត​នឹងដាច់) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រហារ​ម្តងទៀត​មកដល់ (គឺថា​បានកាត់​ដាច់ហើយ) ត្រូវ​អាបត្តិ​បារាជិក។

ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ

 [១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែល​គេកំពុងនាំ​ទៅ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​គិតថា អញ​នឹង​លួច​យកទ្រព្យ​ព្រមទាំង​អ្នក​នាំទ្រព្យ ហើយ​ឲ្យមនុស្ស​នោះដើរ​ទៅ ១ជំហាន​ដំបូង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ ឲ្យមនុស្ស​នោះដើរ​ទៅបាន​២ជំហាន ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យចិត្ត គិត​ថា អញនឹង​យករបស់​ដែលជ្រុះ​ចុះ ហើយ​ធ្វើរបស់​គេឲ្យជ្រុះ ឬឲ្យ​ធ្លាក់ចុះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​របស់​ដែលជ្រុះ​នោះ មាន​ដម្លៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

បញ្ញើទ្រព្យ

 [១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យ​មកខ្ញុំ ភិក្ខុពោលថា អាត្មា​មិនបាន​ទទួល​ទុកទេ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់របស់​គេកើត​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្ចាស់​របស់ដាក់​ធុរៈថា (ភិក្ខុនេះ) នឹង​មិនឲ្យ​អញវិញ​ទេ (ភិក្ខុនោះ) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ពឹងក្រម​វិនិច្ឆ័យ​ឲ្យសម្រេច​សេចក្តី ឲ្យម្ចាស់​បញ្ញើចាញ់ ត្រូវ​អាបត្តិ​បារាជិក។ កាល​ក្រមវិនិច្ឆ័យ​សម្រេច​សេចក្តី​ដោយធម៌ ភិក្ខុ​ត្រឡប់​ចាញ់វិញ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

ទីសម្រាប់ហូតពន្ធ

 [១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំ​របស់ចូលទៅ​ក្នុងទីនោះៗ គឺក្នុង​ទីភ្នំខណ្ឌ​ក្តី ក្នុងទី​កំពង់ទឹកក្តី ក្នុង​ទីទៀប​ទ្វារស្រុកក្តី ពួក​រាជបុរស​ត្រូវយក​ពន្ធពី​ជននោះ ឈ្មោះថា​គយ។ ភិក្ខុ​ចូលទៅ​ក្នុងខេត្ត​គយនោះ​ហើយ មាន​ថេយ្យចិត្ត ចាប់​ពាល់​នូវ​ទ្រព្យដ៏​គួរដល់​ព្រះរាជា​នឹងយក​ពន្ធ មាន​ដំឡៃ៥មាសក​ក្តី លើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ញុំាងរបស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី១ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី២ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ឋិតនៅ​ខាងក្នុង​ខេត្ត​របស់​គយ ហើយ​បោះផ្លោង​របស់ឲ្យ​ធ្លាក់ចុះ​ទៅខាង​ក្រៅខេត្ត​របស់គយ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​នាំទ្រព្យ​រត់ពន្ធ (ដោយ​វាង​ខេត្តគយ) ត្រូវ​អាបត្តិ​ទុក្កដ។

សត្វមានជីវិត

 [១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់មនុស្ស​នោះ ត្រូវអាបត្តិទុក្កដ។ ធ្វើ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុតចាក​ទីទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុគិតថា អញ​នឹងនាំមនុស្ស​ដើរទៅ​ដោយជើង ហើយឲ្យ​ឈានជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២​ទៅ ត្រូវ​អាបត្តិ​បារាជិក។

សត្វគ្មានជើង

 [១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវសត្វគ្មាន​ជើង មានដំឡៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

សត្វមានជើងពីរ

 [១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​​នូវសត្វជើង​​ពីរនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញ​នឹងនាំ​បណ្តើរសត្វជើង​ពីរទៅ​ដោយជើង ហើយ​ឲ្យឈាន​ជំហានទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២ ត្រូវ​អាបត្តិបារាជិក។

សត្វមាន​ជើង៤

 [១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹម​ហៅថា សត្វមាន​ជើង៤។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​សត្វ​ជើង៤នោះ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញនឹង​នាំបណ្តើរ​នូវសត្វ​ជើង​៤​ទៅ​ដោយ​ជើង ហើយ​ឲ្យ​ឈាន​ជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈានជំហាន​ទី២ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហាន​ទី៣ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហានទី៤ទៅ ត្រូវ​អាបត្តិ​បារាជិក។

សត្វមានជើងច្រើន

 [១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា ពួកសត្វមានជើងច្រើន។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​សត្វមាន​ជើងច្រើន​នោះ មានដំឡៃ​៥មាសក​ក្តី ហួសពី​៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឲ្យឈានទៅ ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន។ ញុំាងជើងទីបំផុតរបស់សត្វនោះឲ្យឈានទៅ ត្រូវអាបត្តិបារាជិក។

អ្នកកំណត់​របស់ឲ្យគេលួច

 [១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា អ្នកកំណត់​របស់ឲ្យគេលួច ត្រូវ​អាបត្តិទុក្កដ។ បើភិក្ខុអ្នកទទួល​បង្គាប់នោះ​លួចយកទ្រព្យ​នោះបានមក ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។

អ្នករក្សា​បញ្ញើ

 [១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុក​មួយសំណើរ ហៅថា អ្នករក្សា​បញ្ញើ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវទ្រព្យ​មានដំឡៃ​៥មាសកក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

លួចយកដោយបបួលគ្នា

 [១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុ​ដែលរួមគំនិត​ចូលគ្នា​ច្រើនរូប ភិក្ខុ១រូប​ទៅលួចយក​ទ្រព្យបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។

សង្កេតកម្ម

 [១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូល​លួចយកទ្រព្យ​នោះ ដោយសង្កេត​នោះ ក្នុងពេល​ព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុលួច​ទ្រព្យនោះ​បានមកតាម​សង្កេតនោះ ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។ ភិក្ខុ​ទៅលួច​ទ្រព្យនោះ​មុនសង្កេត​នោះក្តី ក្រោយក្តី ភិក្ខុអ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។

និមិត្តកម្ម

 [១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹង​ប៉ប្រិចភ្នែកក្តី ញាក់​ចិញ្ចើមក្តី ងក់ក្បាល​ក្តី អ្នកចូរលួច​យកទ្រព្យ​នោះមកតាម​និមិត្តនោះ ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់ លួច​ទ្រព្យ​នោះ​បាន​មក​តាមនិមិត្ត​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុអ្នក​ទទួលបង្គាប់​ទៅលួចទ្រព្យ​នោះបាន​មកមុន​និមិត្ត​នោះ​ក្តី ក្រោយក្តី ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នកលួច។

ភិក្ខុបង្គាប់ភិក្ខុអោយលួច

 [១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះសំគាល់​ទ្រព្យនោះ​បានហើយ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរ​នាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​ទ្រព្យនោះ​បានហើយ ទៅ​លួចទ្រព្យ​ដទៃបាន​មកវិញ ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នក​ចូរលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះ ត្រឡប់​សំគាល់​ទ្រព្យដទៃ​វិញ តែទៅ​លួចទ្រព្យ​បានមក ត្រូវ​ពានលើ​ទ្រព្យដែល​ភិក្ខុប្រើ​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​នូវទ្រព្យ​ដទៃ ទៅ​លួចបាន​ទ្រព្យ​ដទៃមក​វិញ ភិក្ខុអ្នក​បង្គាប់ដើម មិន​ត្រូវអាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិកតែ​ភិក្ខុអ្នក​លួច។ ភិក្ខុបង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់ត​ដល់ភិក្ខុ​ឈ្មោះនេះ ឲ្យ​ភិក្ខុឈ្មោះ​នេះឯងទៅ​ប្រាប់តដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរទៅ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១​នោះទៅ​ប្រាប់ភិក្ខុ​អ្នកទទួល​បង្គាប់ទី២ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រាប់។ (ភិក្ខុអ្នក​ទទួល​បង្គាប់ទី២ ទៅប្រាប់​ដល់អ្នក​ទទួល​បង្គាប់ទី៣) ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣ ព្រមទទួល​នឹងទៅ​លួច ភិក្ខុអ្នក​បង្គាប់​ដំបូង ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ឯង ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ​ថា ភិក្ខុឈ្មោះ​នេះចូរ​ទៅលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​ដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ ទៅ​ប្រើភិក្ខុ​ដទៃ (គឺអ្នក​ទទួលបង្គាប់​ទី៣វិញ) ខ្លួន​អ្នកទទួល​បម្រើទី១​នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រើត។ អ្នក​ទទួល​បង្គាប់ទី៣ ទទួល​នឹងទៅ​លួច អ្នក​ទទួលបង្គាប់​ទី៣នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ទទួល។ អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក អ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នក​ទទួល​បង្គាប់ទី១ និង​ភិក្ខុអ្នក​លួចទី៣។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ប្រើ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅហើយ​ត្រឡប់មក​វិញប្រាប់​ថា ខ្ញុំ​មិនអាច​នឹងទៅលួច​យកទ្រព្យ​នោះមក​ទេ។ ភិក្ខុអ្នក​បង្គាប់ ប្រើម្តង​ទៀតថា លោកអាច​លួចយកបាន​ក្នុងពេល​ណា ចូរលួច​ទ្រព្យនោះក្នុង​ពេលនោះ​ចុះ ភិក្ខុអ្នក​បង្គាប់នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​លួចយកទ្រព្យ​នោះបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោក​ចូរលួច​យកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​បង្គាប់នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មានសេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ តែមិនទាន់​បានប្រាប់​ភិក្ខុនោះ​ថា អ្នកកុំលួច​ឡើយ ភិក្ខុអ្នក​ទទួលបង្គាប់​នោះ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកបង្គាប់​នោះ ត្រូវ​អាបត្តិ​ទុក្កដក្នុង​ខណៈ​បង្គាប់។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ហាមឃាត់​ថា លោក​កុំលួច​ឡើយ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ មិន​ព្រម​ត្រឡប់​ខានលួច​តាម ពោល​តបថា លោកបង្គាប់​ខ្ញុំហើយ រួចទៅ​លួចយក​ទ្រព្យនោះ​បានមក ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​លួចយកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​បង្គាប់នោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះ​ដល់បង្គាប់​ភិក្ខុនោះ​ហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ឃាត់ថា លោកកុំទៅ​លួចឡើយ ភិក្ខុអ្នក​ទទួល​បង្គាប់ ទទួល​ពាក្យថា ប្រពៃ​ហើយ ក៏លែង​លួចទៅ ភិក្ខុ​ទាំងពីររូប​មិនត្រូវ​អាបត្តិ​ឡើយ។

អាការ៥យ៉ាង

 [១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវ​អាបត្តិ​បារាជិក គឺទ្រព្យ​ដែលអ្នក​ដទៃហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ចំនួន​៥មាសក ឬលើស​ពី៥​មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាកទី​ទេ) ភិក្ខុចាប់​ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេមិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែងរក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​កើតឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ញុំាងរបស់​នោះឲ្យ​ឃ្លាតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​គេមិនបាន​ឲ្យដោយ​អាការ៥យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែង​រក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយពី​១មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (សូម្បី​មិនទាន់​ឲ្យឃ្លាត​ចាកទី) ភិក្ខុចាប់​ពាល់ ក៏ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ក៏ត្រូវ​អាបត្តិ​ទុក្កដ។

អាការ៦យ៉ាង

 [១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិ​បារាជិក គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​វិស្សាសៈ១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេ​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺមិន​បានសំគាល់​ថាជា​របស់​ខ្លួន១ មិនបាន​កាន់យក​ដោយស្និទ្ធ​ស្នាល១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​ស្និទ្ធស្នាល១ មិន​បាន​កាន់យក​ជារបស់​ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬ​ថយពី​១មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។

អាការ៥យ៉ាង

 [១២៤] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាជាទ្រព្យ​មានអ្នក​ដទៃហួង​ហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់របស់​មិនបាន​ឲ្យដោយ​អាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែល​អ្នក​ដទៃមិន​បានហួង​ហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មាន​ដំឡៃតិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់មិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នក​ដទៃហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយ​ពី១មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។

អានាបត្តិ

 [១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យក​ដោយស្និទ្ធស្នាល​នឹងគ្នា កាន់យក​ជារបស់ខ្ចីគ្នា កាន់​យករបស់​ដែលពួក​ប្រេត​ហួងហែង​រក្សា កាន់យក​របស់ដែល​សត្វតិរច្ឆាន​ហួងហែង​រក្សា កាន់យក​ដោយ​សំគាល់​ថាជារបស់​បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នក​ដើមបញ្ញត្តិ (អម្បាល​នេះ) មិន​ត្រូវ​អាបត្តិឡើយ។

អទិន្នាទាន បឋមភាណវារៈ ចប់។

 

វិនីតវត្ថុ

ឧទានកថា

(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួច​ទ្រព្យក្នុង​វេលាយប់ (ដោយ​ចំណាំទុក​ពីថ្ងៃ) រឿងភិក្ខុ៥រូប​លួចទ្រព្យ​គេដែលខ្លួន​កំពុងជួយ​នាំទៅ រឿងភិក្ខ៥រូប​ពោលតែពាក្យ​ថាលួច (តែគ្មាន​ថេយ្យចិត្ត) រឿងភិក្ខុ២រូប​ទៀត រើស​សម្ពត់​សាដក និងឈ្នួត​ដែលប៉ើង​ទៅដោយ​ខ្យល់ រឿងភិក្ខុ១រូប​ទស់យក​សម្ពត់បំសុកូល​អំពីសាក​អសុភ​ដែលមិនទាន់​បែកធ្លាយ រឿងភិក្ខុ១រូប​លួចប្តូរស្លាក​ចីវរ រឿងព្រះអានន្ទត្ថេរ​ច្រឡំស្លៀក​ស្បង់របស់​ភិក្ខុដទៃ​ក្នុងរោង​ភ្លើង រួមទាំង​រឿងភិក្ខុ៥ពួក​ដែលឆាន់​រំពា [របស់​ដែលសល់​អំពីសត្វ​ស៊ី] សត្វផង ត្រូវ​ជា១០ រឿង​ភិក្ខុ៥រូប​មិនមាន​ហេតុ កុហក​យកខាទនីយ​ភោជនីយាហារ ដែល​គេចែក​ដល់សង្ឃ រឿងភិក្ខុ​៥រូបលួច​បាយ សាច់ នំ ស្ករក្រាម នំអន្សម ក្នុង​វេលាស្រុក​អត់បាយ រឿងពួក​ភិក្ខុលួច​បរិក្ខារ​ព្រមទាំង​ថង់យាម រឿងពួក​ភិក្ខុលួចពូក​របស់សង្ឃ និង​ចីវរលើ​ខ្សែស្បៀង រឿងភិក្ខុ​លួចចីវរ​ក្នុងវិហារ ហើយ​មិនហ៊ាន​ចេញទៅ​ក្រៅ រឿងភិក្ខុ​ឆាន់ខាទនីយ​របស់ភិក្ខុ​ជាសំឡាញ់ ព្រោះ​សេចក្តី​ស្និទ្ធស្នាល រឿងភិក្ខុ២រូប​ទៀតយក​ខាទនីយរបស់​ភិក្ខុដទៃឆាន់ ដោយ​សំគាល់ថា ជា​របស់ខ្លួន រឿងភិក្ខុ​៧ពួកប្រកែក​មិនទទួល​ខ្លួនថា​លួចយក រឿង​ភិក្ខុ៧ពួក​តាំងចិត្ត​លួចយក​ពិត រឿង​ភិក្ខុ៧រូប​លួចយក​ខាទនីយ​របស់សង្ឃ រឿង​ភិក្ខុ២រូប​ទៀតលួច​ផ្កា រឿងភិក្ខុ​៣រូបទៅ​និយាយ​យករបស់​អំពីត្រកូល​ឧបដ្ឋាក​នៃភិក្ខុ​ដទៃ តាមពាក្យ​ដែលលោក​ម្ចាស់ត្រកូល​ផ្តាំ រឿងភិក្ខុ​៣រូបយក​កែវមណី​រំលងគយ រឿង​ពួកភិក្ខុ​ដោះជ្រូក​ជាប់អន្ទាក់​លែង រឿងពួក​ភិក្ខុដោះម្រឹគ​ជាប់អន្ទាក់​លែង រឿង​ពួកភិក្ខុ​ដោះត្រី​ជាប់លប​លែង រឿង​ភិក្ខុ១រូប លួច​ប្រមៀល​ភណ្ឌនៅ​ក្នុងយាន រឿងភិក្ខុ២រូប​លួចយក​ដុំសាច់ រឿងភិក្ខុ២ពួក លួច​យកឈើ​ក្បូនរបស់​គេ រឿងភិក្ខុ១រូប​បំសុកូល​យកសម្ពត់​សាដក​របស់គេ រឿងភិក្ខុ២រូប រើស​យកសម្ពត់​សាដក​អណ្តែតទឹក រឿងភិក្ខុ១រូប​លួចផឹក​សប្បិ [ទឹកដោះ​គោដែល​គេចំរាញ់​ឲ្យទៅ​ជាខ្លាញ់​បែបយ៉ាង​រាវៗ។] រឿង​ពួកភិក្ខុ​ចូលដៃ​គ្នាលួច​ទ្រព្យគេ ហើយចែក​គ្នាមិនពេញ​៥មាសក​ម្នាក់ រឿងភិក្ខុ​៤រូបលួច​ធញ្ញជាតិ​ម្នាក់១ក្តាប់ វេលា​ក្រុងសាវត្ថី​អត់បាយ រឿងភិក្ខុ២​ពួកបំសុកូល​យកសាច់​ដែលសល់​អំពីចោរ​បរិភោគ រឿងភិក្ខុ២រូប​លួចស្មៅគេ រឿង​ភិក្ខុ៧ពួក​យក​ខាទនីយ​របស់​សង្ឃចែក​គ្នាឆាន់ រឿងភិក្ខុ៧​ពួកមិន​ហ៊ានទទួល​ខាទនីយ​ដែលមនុស្ស​មិនមែន​ម្ចាស់​ប្រគេន រឿងភិក្ខុ​យកឈើ​របស់សង្ឃ​ធ្វើជញ្ជាំង​កុដិដោយ​គិតថាខ្ចី រឿង​ភិក្ខុលួច​ទឹកសង្ឃ រឿង​ភិក្ខុលួច​ដីស្អិតសង្ឃ រឿង​ភិក្ខុ២រូបលួច​ស្មៅយាប្លង​របស់សង្ឃ រឿង​ភិក្ខុ៧រូប​លួចគ្រឿង​សេនាសនៈ​របស់​សង្ឃ រឿង​ភិក្ខុយក​សេនាសនៈ​សម្រាប់​វិហារ មាន​ម្ចាស់ទៅ​ប្រើប្រាស់ ហើយ​ចោល រឿងភិក្ខុ​១ពួក ព្រះដ៏មាន​ព្រះភាគ ទ្រង់​អនុញ្ញាត​ឲ្យខ្ចីគ្រឿង​សេនាសនៈ​របស់គេ​ប្រើប្រាស់​បាន រឿងពួក​ភិក្ខុនីជា​សិស្សរបស់​ថុល្លនន្ទាភិក្ខុនី​ក្នុងក្រុង​ចម្បា និងក្រុង​រាជគ្រឹះ ទៅ​និយាយ​យកបបរ​លាយ​ល្ងច្រឡំ​ដោយ​សណ្តែក​បាយ និងក្បាល​ទឹកឃ្មុំ​ក្នុងត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី រឿង​អជ្ជុកត្ថេរ​ក្នុងក្រុង​វេសាលី ចែក​មត៌កដល់​ក្មួយ​គហបតី រឿងបិលិន្ទវច្ឆត្ថេរ​ក្នុងក្រុង​ពារាណសី​នាំយកក្មេង​ពីរនាក់​របស់ឧបដ្ឋាក អំពី​ដៃចោរបាន​មកដោយ​ឫទ្ធិ រឿងភិក្ខុ​ជាសំឡាញ់​នឹងគ្នា២នាក់ ក្នុង​ក្រុងកោសម្ពី​រើសរំងក​ជ្រូក គិតថា​នឹងឲ្យ​ដល់ម្ចាស់ រឿង​ភិក្ខុជា​សទ្ធិវិហារិក​របស់​ទឡ្ហិកត្ថេរ​ក្នុងក្រុង​សាគល លួច​យកឈ្នួត​របស់គេ។

រឿងជាងជ្រលក់ ៥ រឿង

 [១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈ​នៃជាងជ្រលក់ ហើយ​លួចយក​ទ្រព្យរបស់​ជាង​ជ្រលក់។ ភិក្ខុ​អម្បាលនោះ មាន​សេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

 [១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់​មានដំឡៃ​ច្រើន ហើយ​ញុំាង​ថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​អ្វីឡើយ។

សម័យ​នោះ មាន​ភិក្ខុ១រូប ទៅកាន់​កន្លែង​ហាលភណ្ឌៈ​នៃជាង​ជ្រលក់ ឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​សម្ពត់នោះ។ ភិក្ខុ​នោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។

សម័យ​នោះឯង មានភិក្ខុ​១រូប ទៅកាន់​កន្លែង​ហាល​ភណ្ឌៈនៃ​ជាង​ជ្រលក់ បានឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើសម្ពត់​នោះឲ្យ​កំរើក។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។

សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​កន្លែងហាល​ភណ្ឌៈនៃជាង​ជ្រលក់ បាន​ឃើញសម្ពត់​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ញុំាងសម្ពត់​នោះឲ្យ​ឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿងកំរាល ​មានដំ​ឡៃ ៤ រឿង

 [១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញ​កំរាលដ៏ប្រសើរ​មានដំឡៃ​ច្រើន ហើយ​ញុំាងថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​ឡើយ។

សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប អ្នក​ត្រាច់​ទៅបិណ្ឌ​បាត បានឃើញ​កំរាល​ដ៏ប្រសើរ​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។។បេ។

ភិក្ខុ​មានថេយ្យ​ចិត្ត ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។

ភិក្ខុ​មានថេយ្យ​ចិត្ត ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿងក្នុងវេលា​យប់

[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យ​ក្នុងវេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់ថា អញ​នឹងលួច​យកទ្រព្យ​នោះក្នុងវេលា​យប់។ ភិក្ខុនោះ កាល​បើសំគាល់​ទ្រព្យនោះ​បានហើយ ក៏​លួច​យកទ្រព្យ​នោះមក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។

ភិក្ខុ​សំគាល់​ទ្រព្យនោះ​បាន (ក្នុង​វេលា​ថ្ងៃហើយ ដល់​វេលា​យប់) លួច​យកទ្រព្យ​ដទៃបាន​មកវិញ។បេ។ (វេលាថ្ងៃ) សំគាល់​ទ្រព្យ​ដទៃទេ (តែដល់​វេលាយប់) ត្រឡប់​លួចបាន​ទ្រព្យ​នោះមក ។បេ។ សំគាល់​ទ្រព្យ​ដទៃបាន​ហើយ ទៅលួច​យកទ្រព្យ​ដទៃបាន​មក។បេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ទ្រព្យក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់​ថា អញនឹង​លួចយក​ទ្រព្យនោះ​ក្នុងវេលា​យប់។ ភិក្ខុនោះ សំគាល់​ទ្រព្យនោះ​បានហើយ (វេលា​យប់) ត្រឡប់​លួចបាន​ទ្រព្យរបស់​ខ្លួនមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​ទុក្កដ។

ទូលនាំយកទ្រព្យរបស់អ្នក​ដទៃទៅឲ្យគេ

 [១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នក​ដទៃទៅឲ្យគេ (វេលា​កំពុងដើរ) កើត​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​របស់តាំង​នៅលើ​ក្បាល។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​មានថេយ្យចិត្ត ហើយ​ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់របស់​ចុះមក​ត្រង់-ក។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​ភារៈដែល​តាំងនៅ​លើ-ក។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើភារៈ [បានដល់​របស់ដែល​គេនាំ​ទៅ ដោយ​អវយវ​មានក្បាល​ជាដើម គឺទ្រនូល ឬអម្រែក។] នោះ​ឲ្យ​កំរើក។បេ។ ភិក្ខុមាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ចុះមក​ត្រង់ចង្កេះ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់​ពាល់​ភារៈ​ដែលតាំង​នៅលើ​ចង្កេះ។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​ធ្វើភារៈ​ឲ្យ​កំរើក។បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​បានកាន់​យកដោយ​ដៃ។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ដែលតាំង​នៅនឹងដៃ​មកលើ​ផ្ទៃផែន​ដី។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​បានចាប់​យក​របស់អំពី​ផែនដី។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

ឆ្លើយតបសំនួរ

 [១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុង​ទីវាល ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅ​ឡើយ។ ភិក្ខុនោះ ចេញ​ពីវិហារ​ទៅ​ហើយ សួរភិក្ខុ​នោះថា អាវុសោ ចីវរ​របស់​ខ្ញុំ លោកណា​លួចយក​ទៅ។ ភិក្ខុ​នោះ​ពោល​តប​យ៉ាងនេះ​ថា (ចីវរ​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នក​មានចិត្ត​គិត​ដូចម្តេច។ ភិក្ខុ​នោះទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្រាន់​តែថា​ដោយ​ពាក្យ (តែគ្មាន​ថេយ្យចិត្ត​ទេ) ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែថា​ដោយ​ពាក្យ អ្នកមិន​ត្រូវអាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទុក​ដាក់ចីវរ​លើតាំង។បេ។ ទុក​ដាក់​សម្ពត់​និសីទន​លើតាំង។បេ។ ទុកដាក់​បាត្រក្រោម​តាំង ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯ​ទៀត​ទុកដាក់​បាត្រនោះ​ដោយ​គិតថា កុំឲ្យ​បាត្រនេះ​បាត់ទៅ​ឡើយ។ ភិក្ខុម្ចាស់​បាត្រនោះ ចេញ​ពីវិហារ ហើយ​ទៅសួរ​ភិក្ខុនោះ​ថា អាវុសោ បាត្រ​របស់ខ្ញុំ លោក​ណាលួច​យកទៅ។ ភិក្ខុ​នោះពោល​តបយ៉ាង​នេះថា (បាត្រ​របស់​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់​បាត្រ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែពោល​ពាក្យទេ មិន​ត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុនី១រូប ហាល​ចីវរនឹង​របង ហើយ​ចូលទៅ​កាន់វិហារ។ មាន​ភិក្ខុនី​ឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅឡើយ។ ភិក្ខុនី​ជាម្ចាស់​ចីវរនោះ​ចេញ​ពីវិហារ​ទៅ ហើយ​សួរភិក្ខុនី​នោះថា នាង ចីវរ​របស់​ខ្ញុំ អ្នកណា​លួចយក​បាត់ទៅ។ ភិក្ខុនី​នោះពោល​តបយ៉ាង​នេះថា (ចីវរ​នាង) យើង​លួច​យក​ហើយ។ ភិក្ខុនី​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនី​នោះថា នាង​មិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះមាន​សេចក្តី​សង្ស័យ។ ទើប​ភិក្ខុនី​នោះប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បានប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​បានក្រាប​ទូលសចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើត្រឹម​តែពោល​ពាក្យទេ (ភិក្ខុនី​នេះ) មិន​ត្រូវអាបត្តិ​អ្វីឡើយ។

រឿងសម្ពត់សាដក​ប៉ើង

 [១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញ​សម្ពត់សាដក​ប៉ើងទៅដោយ​ខ្យល់កំបុត​ត្បូង ក៏បាន​រើសយក ដោយ​គិតថា អញ​នឹងឲ្យដល់​ជនទាំងឡាយ​ជាម្ចាស់​សម្ពត់។ ពួកម្ចាស់​សម្ពត់ចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានថេយ្យចិត្ត​គិតលួច​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនមាន​ថេយ្យចិត្ត ឥត​មានអាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​បានរើស​យកឈ្នួត​ក្បាលរបស់​គេដែល​ប៉ើងទៅ​ដោយខ្យល់​កំបុតត្បូង ដោយ​គិតថា ក្រែង​ម្ចាស់របស់​ទាំងឡាយ​ឃើញមុន (ហើយ​យកទៅ)។ ពួកម្ចាស់​របស់ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានថេយ្យចិត្ត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿងសពមានប្រេតុអាស្រ័យ

 [១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន ហើយបានកាន់​យកសម្ពត់​បំសុកូលអំពីសរីរៈខ្មោច​ដែលមិន​ទាន់បែក​ធ្លាយ។ ក៏ក្នុង​សរីរៈខ្មោច​នោះ មានប្រេត​មកអាស្រ័យ​នៅ។ គ្រានោះ ប្រេត​នោះបាន​និយាយ​នឹងភិក្ខុនោះ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន លោក​កុំយក​សាដក​របស់ខ្ញុំ​ឡើយ។ ភិក្ខុនោះ​មិនអើពើ​នឹងពាក្យ​ប្រេតនោះ ក៏ចេះ​តែកាន់​យកទៅ។ ខណៈនោះ សរីរៈនោះ​ក្រោកឡើង ហើយ​ដេញជាប់​តាមក្រោយ​ខ្នងភិក្ខុ​នោះ។ លំដាប់​នោះឯង ភិក្ខុនោះ​រត់ចូល​ទៅក្នុង​វិហារហើយ​បិទទ្វារ។ សរីរៈ​នោះ ក៏ដួល​ខ្ពោកក្នុង​ទីនោះ​ឯង។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុទាំង​ឡាយ តែ​តទៅ ពួកភិក្ខុ​កុំគប្បី​កាន់យក​សម្ពត់​បំសុកូល​អំពីសរីរៈ​ខ្មោចដែល​មិនទាន់​បែកធ្លាយ ភិក្ខុ​ណាកាន់​យក ភិក្ខុនោះ ត្រូវ​អាបត្តិទុក្កដ។

រឿងផ្លាស់ប្តូរចីវរ

 [១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាល​គេកំពុងចែក​ចីវរដើម្បី​សង្ឃ មាន​ថេយ្យចិត្ត​គិតលួច ហើយបាន​ផ្លាស់ស្លាក​ខ្លួន លួចយក​ចីវរភិក្ខុ​ដទៃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿងសំគាល់​ចីវរថា ជា​របស់ខ្លួន

 [១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់​របស់ភិក្ខុ​ដទៃថា ជារបស់​ខ្លួន ហើយ​ស្លៀកក្នុង​រោងភ្លើង។ គ្រានោះ​ឯង ភិក្ខុម្ចាស់​ស្បង់នោះ បានសួរ​ព្រះអានន្ទដ៏​មានអាយុ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​អានន្ទ ហេតុអ្វី​បានជាលោក​ស្លៀកស្បង់​របស់ខ្ញុំ។ ព្រះ​អានន្ទ​និយាយ​តបថា អាវុសោ ខ្ញុំ​សំគាល់​ថាជា​របស់​ខ្ញុំ។ ពួកភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកកាន់​យកដោយ​សំគាល់​ថា ជា​របស់ខ្លួន​ទេ។

រឿង រំពា​សត្វ

 [១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាក​ភ្នំគិជ្ឈកូដ បានឃើញ​រំពាសត្វសីហ ហើយ​យកមក​ចំអិនចែក​គ្នាឆាន់។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ ការ​ឆាន់​រំពាសត្វ​សីហ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​ច្រើនរូប ចុះ​អំពី​ភ្នំគិជ្ឈកូដ ហើយបាន​ឃើញរំពា​សត្វខ្លាធំ។បេ។ ឃើញ​រំពា​សត្វខ្លាដំបង។បេ។ ឃើញ​រំពាសត្វ​ខ្លារខិន [ប្រែថា ឆ្កែព្រៃ​ក៏បាន]។បេ។ ឃើញ​រំពាសត្វ​ឆ្កែព្រៃ ហើយ​នាំគ្នាយក​មកចំអិន​បរិភោគ។ ភិក្ខុ​ទាំងឡាយ​នោះ មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ វត្ថុជា​របស់សត្វ​តិរច្ឆាន មិន​ត្រូវ​អាបត្តិ​ឡើយ។

រឿង សុំចំនែកអោយភិក្ខុដទៃ

 [១៣៨] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែក​បាយដល់សង្ឃ ខ្លួន​និយាយថា លោកចូរ​ឲ្យ១ចំណែក​ទៀតដើម្បី​ភិក្ខុដទៃ ថាដូច្នោះ​ហើយ ក៏កាន់​យកបាយ​ដោយឥត​មានមូល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែអាបត្តិ​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក​ប៉ុណ្ណោះ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប កាលគេ​កំពុងចែក​ខាទនីយាហារ​ដល់សង្ឃ ។បេ។ កាល​គេកំពុងចែក​នំដល់សង្ឃ ។បេ។ កាល​គេកំពុង​ចែកអំពៅ​ដល់សង្ឃ ។បេ។ កាល​គេកំពុង​ចែកផ្លែទន្លាប់​ដល់​សង្ឃ បាន​ពោលថា លោក​ចូរឲ្យ​១ចំណែក​ដើម្បីភិក្ខុ​ឯទៀត​ផង ថាដូច្នោះ​ហើយក៏​កាន់យក​ចំណែកនោះ​ដោយឥត​មានមូល។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក​ប៉ុណ្ណោះ។

រឿង លួចបាយ

 [១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះ​ដែលគេដាំបាយ ក្នុង​វេលាស្រុក​អត់បាយ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​បាយពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់ផ្ទះ​សម្រាប់​ចំអិនសាច់​លក់ក្នុង​វេលាស្រុក​អត់បាយ ហើយ​មានថេយ្យ​ចិត្តលួច​យកសាច់​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ផ្ទះធ្វើនំ​ក្នុងវេលា​ស្រុកអត់បាយ ហើយ​មាន​ថេយ្យចិត្ត​បានលួច​យកនំដាក់​ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយលួច​យកនំក្រៀប​ដាក់ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​នំអន្សម​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង លួចបរិក្ខា

 [១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយ​ធ្វើនិមិត្ត​ទុកថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុនោះ​សំគាល់​របស់នោះ​បានហើយ លួច​យករបស់​នោះបាន​មក។បេ។ សំគាល់​របស់នោះ​បានហើយ លួច​បានរបស់​ដទៃមក​វិញ។បេ។ សំគាល់​របស់​ដទៃទេ ត្រឡប់​លួច​បានរបស់​នោះមក​វិញ។បេ។ សំគាល់​របស់ដទៃ លួចបាន​របស់ដទៃ​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ឃើញ​បរិក្ខារក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្តទុក​ថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុ​នោះសំគាល់​របស់នោះ​បានហើយ ត្រឡប់​លួចបាន​បរិក្ខារ​របស់ខ្លួន​ឯងមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​អាបត្តិទុក្កដ។

រឿង ចង់យាម

 [១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង ហើយ​គិតថា កាល​អញយក​ថង់យាម​អំពីទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ហើយ​រំកិលយក​ថង់យាម​នោះ ព្រមទាំង​តាំងទៅ​ផង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង លួចពូកសង្ឃ

 [១៤២] សម័យនោះឯង ភិក្ខុ១រូបមាន​ថេយ្យចិត្តហើយ​លួចយកពូក​របស់សង្ឃ។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិបារាជិក​ហើយ។

រឿង លួចចីវរ

 [១៤៣] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តហើយលួចយកចីវរ​ដែលពាក់លើ​ខ្សែស្បៀង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិកហើយ។

រឿង លួចចីវរ តែមិនចាកចេញ

 [១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ ហើយគិតថា កាលអញ​ចេញអំពីវិហារ​នេះទៅ អញនឹង​ត្រូវអាបត្តិ​បារាជិក​មិនខាន ហើយ​ពុំបានចេញ​អំពីវិហារ​ឡើយ។ ភិក្ខុទាំង​ឡាយក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មោឃបុរស​នោះគប្បី​ចេញទៅ​ក្តី មិនគប្បី​ចេញទៅ​ក្តី គង់តែ​ត្រូវ​អាបត្តិ​បារាជិក​ដែរ។

រឿង កាន់​យកដោយ​សេចក្តី​ស្និទ្ធស្នាល

 [១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា ភិក្ខុ១រូបចូលទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត ឯភិក្ខុទី២ កាល​គេចែកខាទនីយាហារ​ដល់សង្ឃ ក៏បាន​កាន់យក​ចំណែករបស់​ភិក្ខុជា​សំឡាញ់ ហើយ​បរិភោគដោយ​សេចក្តី​ស្និទ្ធស្នាល​នឹងគ្នា។ ភិក្ខុ​សំឡាញ់នោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​កាន់យក​ដោយ​ស្និទ្ធស្នាល​នឹងគ្នា។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកដោយ​សេចក្តី​ស្និទ្ធស្នាល​ដូច្នោះ អ្នកមិន​ត្រូវអាបត្តិ​ឡើយ។

រឿង សំគាល់​ថាជា​របស់ខ្លួន

 [១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែក​ខាទនីយាហារ​ដល់សង្ឃ ខាទនីយាហារ​ជាចំណែក​របស់ភិក្ខុ​ទាំងអស់​នោះ គេក៏​បាននាំយក​ទៅទុកដាក់​១កន្លែង​ហើយ។ មាន​ភិក្ខុ១រូប សំគាល់​ចំណែក​របស់ភិក្ខុ​ឯទៀត ថា​ជារបស់​ខ្លួន ហើយ​ឆាន់អស់​ទៅ។ ភិក្ខុ​ម្ចាស់​របស់​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់ខ្លួន។ សម័យ​នោះឯង ភិក្ខុ​ច្រើនរូប​ធ្វើនូវ​ចីវរកម្ម។ កាល​គេចែក​ខាទនីយាហារ​ដល់សង្ឃ ភិក្ខុ​យក​បាត្រ​ភិក្ខុឯ​ទៀត​មកទទួល​យកចំណែក​របស់ភិក្ខុ​ឯទៀត ហើយ​យកទៅ​ទុក។ ភិក្ខុ​ម្ចាស់បាត្រ​សំគាល់​ថាជា​របស់ខ្លួន ហើយ​ឆាន់​អស់ទៅ។ ភិក្ខុនោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុម្ចាស់​បាត្រនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិន​មានដល់​ភិក្ខុដែល​សំគាល់​ថាជា​របស់ខ្លួន។

រឿង ស្វាយ និង ព្រីង

 [១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះ​ផ្លែស្វាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកមនុស្ស​ជាម្ចាស់ស្វាយ​នាំគ្នាដេញ​តាមចោរ​អម្បាល​នោះ។ ពួកចោរ​ឃើញម្ចាស់​ស្វាយទាំង​ឡាយដេញ​តាម ក៏ទំលាក់​សំពាយស្វាយ​រត់ចោល​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​សំពាយ​ស្វាយនោះ ថា​ជារបស់​បំសុកូល ហើយ​ទស់ឆាន់​ទៅ។ ពួកម្ចាស់​ស្វាយចោទ​ប្រកាន់ភិក្ខុ​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុ​ទាំងឡាយ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ​សំគាល់ថា​ជារបស់​បំសុកូល។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល​ឡើយ។

សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួក​ចោរលួច​ខ្នុរសំឡ។បេ។ ពួកចោរ​លួចខ្នុរ​ណាំង។បេ។ ពួកចោរ​លួចត្នោត​ទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួច​ផ្លែទន្លាប់ នាំគ្នា​លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ បានហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ទន្លាប់ដេញ​តាមពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញ​ពួកម្ចាស់​ទន្លាប់​ហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញ សំគាល់​នូវសំពាយ​នោះ ថាជា​របស់​បំសុកូល ហើយ​នាំគ្នា​ទស់ឆាន់​ទៅ។ ពួកជន​ជាម្ចាស់​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​មិនមែនជា​សមណៈ​ទេ។ ភិក្ខុអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល​ឡើយ។

រឿង លួចស្វាយ និង ព្រីង

 [១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ស្វាយដេញ​តាមចោរ​ទាំងអម្បាល​នោះ។ ចោរទាំង​ឡាយឃើញ​ពួកម្ចាស់​ស្វាយហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែង​ម្ចាស់​ស្វាយ​គេឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ពួកម្ចាស់​ស្វាយនាំគ្នា​ចោទប្រកាន់​ពួកភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួកចោរ​លួចខ្នុរសំឡ។បេ។ ពួកចោរ​លួចផ្លែ​ខ្នុរណាំង។បេ។ ពួកចោរ​លួចផ្លែ​ត្នោតទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួចផ្លែ​ទន្លាប់ លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ម្ចាស់​ទន្លាប់​ទាំងឡាយ​ដេញតាម​ពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញម្ចាស់ទន្លាប់​ហើយ ទំលាក់​សំពាយចោល ហើយ​រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ទន្លាប់ទាំង​ឡាយគេ​មកឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ម្ចាស់​ទន្លាប់ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

រឿង លួចយករបស់សង្ឃ

 [១៤៩] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តលួចយកស្វាយ​របស់សង្ឃ។បេ។ លួច​យកព្រីងរបស់​សង្ឃ។បេ។ លួចយក​ផ្លែខ្នុរសំឡ​របស់សង្ឃ។បេ។ លួច​យក​ផ្លែខ្នុរណាំង​របស់សង្ឃ។បេ។ លួច​យកផ្លែត្នោត​ទុំរបស់​សង្ឃ។បេ។ លួច​យកអំពៅ​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​លួចយក​ផ្លែទន្លាប់​របស់សង្ឃ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

រឿង លួចផ្កា

 [១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្ត​លួចយក​ផ្កាមាន​ដំឡៃ៥មាសក ដែល​ម្ចាស់គេ​បានបេះទុក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប​ទៅកាន់​សួនផ្កា ហើយ​មានថេយ្យ​ចិត្តលួច​បេះផ្កា​មានដំឡៃ​៥មាសក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

រឿង នាំពាក្យប្រាប់

 [១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយ​​បាននិយាយ​នឹងភិក្ខុ​១រូប​ថា អាវុសោ លោក​ផ្តាំខ្ញុំ​ហើយ ខ្ញុំនឹង​ទៅប្រាប់​ត្រកូលជា​ឧបដ្ឋាក​របស់លោក។ ភិក្ខុ​នោះទៅ​ហើយ បានឲ្យ​ត្រកូលនោះ​យកសម្ពត់​សាដក១​មក ហើយ​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ភិក្ខុ​អ្នក​ជិតដិត​នឹង​ត្រកូល​​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មានសេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ តែភិក្ខុ​កុំគប្បី​ពោលថា អ្នក​ផ្តាំខ្ញុំហើយ ខ្ញុំ​នឹងប្រាប់​ដូច្នេះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ។ ភិក្ខុឯទៀត​​បាននិយាយ​ពាក្យនេះ​​នឹងភិក្ខុ​នោះ​ថា អាវុសោ ខ្ញុំ​ផ្តាំហើយ លោក​ប្រាប់ត្រកូល​ឧបដ្ឋាក​របស់ខ្ញុំ​ចុះ។ ភិក្ខុនោះ​ទៅហើយ ឲ្យ​​ត្រកូល​​ឧបដ្ឋាក​​នោះយក​សម្ពត់សាដក​១គូមក ហើយ​ប្រើប្រាស់​សម្ពត់​សាដក១​ដោយខ្លួន​ឯង រួច​ឲ្យសម្ពត់​​សាដក១​​ដល់​ភិក្ខុ​អ្នកជិត​ដិតនឹង​ត្រកូលនោះ។ ភិក្ខុ​នោះ​ដឹង​​ហើយ ចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ តែ​ភិក្ខុ​កុំគប្បី​ពោលថា លោក​ខ្ញុំផ្តាំ​ហើយ ប្រាប់​ចុះដូច្នេះ តែភិក្ខុ​ណា​ពោល ភិក្ខុនោះ​ត្រូវអាបត្តិ​​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ ហើយ​​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុ​ឯទៀត​ថា អាវុសោ លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ត្រកូល​ឧបដ្ឋាក​របស់​លោក។ ឯភិក្ខុនោះ​ក៏បាន​និយាយ​យ៉ាងនេះ​ថា ខ្ញុំបាន​ផ្តាំនឹង​លោកហើយ លោក​ប្រាប់ចុះ។ ភិក្ខុ​នោះទៅ​ហើយ ឲ្យត្រកូល​ឧបដ្ឋាក​នោះយក​សប្បិ១អាឡ្ហកៈ [មាត្រាវាល់​ក្នុងដែន​មគធៈ ៤នាឡិជា ១អាឡ្ហកៈ។] ស្ករ អំពៅ១គុលៈ [ទម្ងន់​២០ដំឡឹង] អង្ករ១ទោណៈ [គ្រឿង​វាល់ ៤អាឡ្ហកៈ ត្រូវជា​១ទោណៈ។] មក​ហើយ បរិភោគ​ដោយខ្លួន​ឯង។ ភិក្ខុ​អ្នកជិតដិត​នឹង​ត្រកូលនោះ​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ តែ​ភិក្ខុកុំ​គប្បីពោល​ថា លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ដូច្នេះ ម្យ៉ាងទៀត កុំគប្បី​​ពោល​ថា​ ខ្ញុំផ្តាំ​នឹង​លោក​ហើយ លោក​ប្រាប់ចុះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។

រឿង កែវ​មណី

 [១៥២] សម័យនោះឯង បុរសម្នាក់នាំយក​កែវមណី​មានដំឡៃ​ច្រើន ហើយ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយជា​មួយនឹង​ភិក្ខុឯ​ទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ដាក់កែវ​មណីក្នុង​ថង់​យាម​របស់​ភិក្ខុនោះ ៗឥត​ដឹងឡើយ លុះ​កន្លង​ផុតទី​គយហើយ ក៏យក​កែវមណី​ពីថង់​យាមមក​វិញ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ទូល​ថា បពិត្រព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ដឹងសោះ​ឡើយ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមិន​ដឹង។ សម័យ​នោះឯង បុរស​ម្នាក់នាំ​យក​កែវមណី​មានដំឡៃ​ច្រើន ដើរ​ទៅ​​កាន់​ផ្លូវ​ឆ្ងាយជាមួយ​នឹងភិក្ខុ​ឯទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ក៏ធ្វើអាការ​ហាក់ដូច​ជាឈឺ ហើយ​បានប្រគល់​បង្វិចកែវ​មណីរបស់​ខ្លួនដល់​ភិក្ខុនោះ។ គ្រា​នោះឯង បុរស​នោះ​ដើរ​រំលង​ហួសទីគយ​ទៅហើយ បាន​និយាយពាក្យ​នេះ​នឹងភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ ចូរ​លោកយក​បង្វិចរបស់​ខ្ញុំមក ខ្ញុំ​មិនឈឺ​ទេ។ ភិក្ខុ​នោះសួរ​ថា អាវុសោ ចុះ​ហេតុអ្វី​បានជា​អ្នកធ្វើ​​អាការ​​យ៉ាងនេះ។ ទើប​បុរសនោះ​ប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនោះ។ ភិក្ខុ​នោះ​មាន​សេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុនោះ​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះឡើយ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​​មិនមាន​ដល់​ភិក្ខុ​អ្នក​មិន​ដឹង។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ដើរទៅ​កាន់ផ្លូវ​ឆ្ងាយជា​មួយនឹង​ឈ្មួញរទេះ។ បុរស​ម្នាក់​ក៏​លួង​លោម​ភិក្ខុនោះ​ដោយ​អាមិស​លុះឃើញ​ទីគយ​ហើយ បានឲ្យ​កែវមណី​មានដំឡៃ​ច្រើន ដល់​ភិក្ខុ​នោះដោយ​ពាក្យថា បពិត្រ​លោកដ៏​ចំរើន សូម​លោកម្ចាស់​យក​កែវមណី​នេះ ឲ្យរំលង​ទីគយ​ទៅ​ផង។ ភិក្ខុ​នោះយក​កែវមណី​នោះ រំលង​ទីគយ​ទៅក្នុង​កាលនោះ​ឯង។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង ដោះលែង​ជ្រូក

 [១៥៣] សម័យនោះ​ឯង មានភិក្ខុ១រូប ដោះលែង​ជ្រូកជាប់​អន្ទាក់ ដោយ​សេចក្តី​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានសេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា (ហើយ​ដោះ​លែង​ទៅ)។ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នាដោយ​សេចក្តី​ករុណា​ទេ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ជ្រូកជាប់​អន្ទាក់ ក៏មាន​​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយដោះ​លែងជ្រូក​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូប ដោះលែង​សត្វម្រឹគ​ជាប់អន្ទាក់ ដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញម្រឹគ​ជាប់​អន្ទាក់ មាន​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយ​ដោះលែង​ម្រឹគនោះ​ទៅ។បេ។ ភិក្ខុ​ដោះ​លែង​​ត្រីទាំងឡាយ​ដែលជាប់​លបដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញត្រី​ទាំងឡាយ​ជាប់លប មាន​​ថេយ្យចិត្ត​ថា ក្រែងពួក​ម្ចាស់គេ​ឃើញមុន ហើយ​ដោះលែង​ត្រីនោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង ឈូស​ប្រមៀល

 [១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញ​​យក​ចាក​ទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ទើប​ឈូស​ប្រមៀល​ឲ្យធ្លាក់ចុះ ហើយ​ក៏កាន់យក​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង ដុំសាច់

 [១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់​ដែលសត្វ​រអាតពាំ​យកទៅ ដោយ​​គិតថា អញ​នឹងប្រគល់​ឲ្យពួក​ម្ចាស់សាច់។ ពួក​ម្ចាស់សាច់​នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​​មិនមាន​ដល់ភិក្ខុ​ដែល​មិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ឃើញដុំ​សាច់​ដែល​សត្វ​រអាត​ពាំយក​ទៅ មានថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់គេ​ឃើញមុន ហើយ​ក៏កាន់យក​ដុំសាច់នោះ​ទៅ។ ពួកម្ចាស់​សាច់នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​​មិនមែន​​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​​បារាជិក​ហើយ។

រឿង ឈើក្បូន

 [១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែត​តាមស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​ក៏អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់ថា ជា​របស់​​បំសុកូល ហើយ​នាំគ្នាស្រង់​យកឡើង។ ពួកម្ចាស់​ក្បូននាំ​គ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យ​នោះឯង មនុស្ស​ទាំងឡាយ​ចងក្បូន ហើយ​បណ្តែតតាម​ស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​​ក៏​អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​មាន​ថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ឈើគេ​ឃើញ​មុន ហើយ​ស្រង់​យកឡើង ពួកម្ចាស់​ឈើនាំគ្នា​ចោទប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​​ទាំងឡាយ​​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​​ថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

រឿង សម្ពត់សាដកបំសុកូល

 [១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់​សម្ពត់សាដក​នឹងដើមឈើ ហើយក៏​​ដើរ​ទៅ​បន្ទោឧច្ចារៈ។ ភិក្ខុ១រូប​សំគាល់​ថា​ជា​របស់​បំសុកូល ហើយក៏​កាន់យក​ទៅ។ គ្រានោះ បុរស​គង្វាលគោ​នោះចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែនជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​​បំសុកូល។

រឿង ឆ្លងស្ទឹង

 [១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​ទៅជាប់​នឹងជើង​ភិក្ខុ។ ភិក្ខុនោះ​បានកាន់​យកសម្ពត់​សាដកនោះ​​ដោយ​គិត​ថា អញ​នឹង​ឲ្យដល់ម្ចាស់​ទាំងឡាយ។ ពួកម្ចាស់​សម្ពត់សាដក​ក៏នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលមិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង កាលភិក្ខុ​១រូបកំពុង​ឆ្លងស្ទឹង សម្ពត់​សាដករបូត​អំពីដៃនៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​រសាត់ទៅ​ជាប់នឹង​ជើងភិក្ខុ។ ភិក្ខុ​នោះ មាន​ថេយ្យចិត្ត​​​គិត​ថា ក្រែង​ពួកម្ចាស់​សម្ពត់សាដក​ឃើញមុន ហើយ​ក៏កាន់យក​ទៅ។ ម្ចាស់​​សម្ពត់​សាដក​​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​​មិនមែន​​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង ឆ្នាំងដាក់សប្បិ

 [១៥៩] សម័យនោះឯង ភិក្ខុ១រូបបាន​ឃើញឆ្នាំងដាក់សប្បិ ហើយ​បានឆាន់​បន្តិចៗម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិទុក្កដ។

រឿង បបួលគ្នាលួចទ្រព្យ

 [១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា យើង​ទាំងឡាយ​នឹង​ទៅលួចទ្រព្យ ហើយ​នាំគ្នា​ទៅ។ ភិក្ខុ១រូបលួចទ្រព្យបានមក។ ភិក្ខុ​ទាំងឡាយ​នោះ បាន​និយាយគ្នា​យ៉ាងនេះថា ពួកយើង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ លោកណា​លួចបានមក លោកនោះ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុទាំងឡាយ​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវ​អាបត្តិ​​បារាជិក​ហើយ។ កាលណោះ ភិក្ខុ​ទាំងឡាយ​​ច្រើន​រូប បបួល​គ្នាលួចទ្រព្យ​បានមក​ហើយ ក៏ចែក​គ្នា។ កាល​ដែលភិក្ខុ​អម្បាលនោះ​កំពុង​ចែកគ្នា ភិក្ខុ​១រូប​ៗ បាន​ចំណែក​មិនពេញ​៥មាសក។ ភិក្ខុ​ទាំងនោះ​បាននិយាយ​យ៉ាងនេះថា យើង​ទាំងឡាយ​​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ។ ទើបនាំ​គ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង យលអង្ក ១ក្តាប់

 [១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មាន​​ថេយ្យចិត្ត ហើយ​លួចយក​អង្ករ​របស់អ្នក​ផ្សារ​ប្រមាណ​១ក្តាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ ភិក្ខុ១រូប កាល​ក្រុងសាវត្ថី​កើតទូរភិក្ស​អត់បាយ មាន​ថេយ្យចិត្ត ហើយ​លួចយក​សណ្តែកបាយ​របស់អ្នកផ្សារ​១ក្តាប់។បេ។ សណ្តែក​រាជមាស​១ក្តាប់។បេ។ ល្ងរ១ក្តាប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

រឿង សាច់សល់

 [១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏​ទុកដាក់សាច់​ដ៏សេសសល់​​ក្នុង​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នាកាន់​យកសាច់នោះ​បរិភោគ​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាលនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យនោះ ពួកចោរ​សម្លាប់ជ្រូក ស៊ីសាច់ ហើយ​ទុកដាក់​សាច់ដ៏សេស​សល់​ក្នុង​​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នា​កាន់​យក​សាច់​នោះ​មក​ឆាន់​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល។

​រឿង ស្រែស្មៅ

 [១៦៣] កាលណោះ ភិក្ខុ១រូប​ទៅកាន់​ស្រែស្មៅ (ចម្ការ​ស្មៅ) មាន​ថេយ្យចិត្ត ហើយ​បាន​លួច​យកស្មៅ​ដែលគេច្រូត​ទុក មាន​ដំឡៃ​៥មាសក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

 [១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត ហើយលួច​ច្រូតយក​ស្មៅ​គេ​មាន​​ដំឡៃ​៥មាសក។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

​រឿង ចែករបស់គ្នា

 [១៦៥] សម័យនោះ ភិក្ខុទាំងឡាយ​ជា​អាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នា​នឹងគ្នាឲ្យចែកផ្លែ​​ស្វាយ​របស់សង្ឃ ហើយ​បរិភោគ​ទៅ។ ភិក្ខុម្ចាស់​អាវាស​ទាំងឡាយ នាំគ្នាចោទ​ប្រកាន់ភិក្ខុ​ជា​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​អម្បាល​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ មាន​ចិត្តប្រាថ្នា​ដើម្បីនឹង​បរិភោគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែល​​ប្រាថ្នាដើម្បី​នឹងបរិភោគ​ទេ។ សម័យនោះ ភិក្ខុ​ទាំងឡាយ​ជាអាគន្តុក ញុំាងគ្នា​នឹងគ្នាឲ្យ​ចែកផ្លែ​ព្រីងរបស់​សង្ឃ ។បេ។ ផ្លែខ្នុរសំឡ​របស់​សង្ឃ។បេ។ ផ្លែខ្នុរណាំង​របស់​​សង្ឃ។បេ។ ផ្លែត្នោតទុំ​របស់​សង្ឃ។បេ។ អំពៅ​របស់​សង្ឃ។បេ។ ផ្លែទន្លាប់​របស់សង្ឃ ហើយ​នាំគ្នា​បរិភោគ​​ទៅ។ ពួកភិក្ខុ​ដែលជា​ម្ចាស់​អាវាស នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលប្រាថ្នា​ដើម្បីនឹង​បរិភោគទេ។

​រឿង​ មិនមានម្ចាស់

 [១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យមិន​មានទទួល ដោយ​គិតថា មនុស្ស​អម្បាល​នេះ ជាឥស្សរៈ​ត្រឹមតែរក្សា​ថែ​ទាំ​ប៉ុណ្ណោះ មនុស្ស​អម្បាល​នេះ មិនជា​ឥស្សរៈ​ដើម្បីនឹង​ឲ្យបានទេ។ ទើប​នាំគ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ បើទាន​ដែលបុគ្គល​អ្នករក្សា​គេ​ឲ្យ​ហើយ (ភិក្ខុអ្នក​ទទួល) មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មនុស្ស​អ្នករក្សា​ព្រីងទាំង​ឡាយ​។បេ។ អ្នករក្សា​ខ្នុរសំឡ​ទាំងឡាយ។បេ។ អ្នករក្សា​ខ្នុរណាំង​ទាំងឡាយ។បេ។ អ្នក​រក្សាផ្លែ​ត្នោតទុំ​ទាំងឡាយ​។បេ។ អ្នករក្សា​អំពៅទាំង​ឡាយ។បេ។ អ្នករក្សា​ផ្លែទន្លាប់​ទាំងឡាយ បាន​​ប្រគេន​ផ្លែ​ទន្លាប់​ទាំងឡាយ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យ​មិនហ៊ាន​ទទួល ដោយគិត​ថា មនុស្ស​អម្បាលនេះ ជាឥស្សរៈ​ត្រឹមតែ​រក្សា​​ប៉ុណ្ណោះ មនុស្ស​អម្បាលនេះ មិន​ជាឥស្សរៈ​ដើម្បី​នឹងឲ្យទេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ ព្រោះ​ទានដែល​អ្នក​ថែ​រក្សា​ឲ្យ​នោះ​ទេ។

រឿង ខ្ចីឈើ

 [១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំង​វិហារ​​របស់ខ្លួន។ ភិក្ខុ​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ អ្នក​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​តាំងចិត្ត​ថា​ជា​របស់​ខ្ចី។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកជា​របស់ខ្ចី​ដូច្នោះ អ្នក​មិនមាន​អាបត្តិ​ឡើយ។

រឿង លួចយកទឹក ដី ស្មៅ

 [១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹក​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកដី​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកស្មៅ​យាប្លង​របស់​សង្ឃ។បេ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួច​ដុត​ស្មៅ​យាប្លង​របស់​សង្ឃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិ​ទុក្កដ។

រឿង សេនាសេនៈសង្ឃ

 [១៦៩] សម័យនោះ ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​គ្រែរបស់​សង្ឃ។​សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​តាំងរបស់​សង្ឃ។បេ។ ពូក​របស់​សង្ឃ ។បេ។ ខ្នើយ​របស់​សង្ឃ។បេ។ សន្ទះទ្វារ​របស់​សង្ឃ។បេ។ សន្ទះ​បង្អួច​របស់​សង្ឃ។បេ។ ឈើ​បង្កង់​របស់​សង្ឃ។ សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

រឿង របស់មានម្ចាស់

 [១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ ដែល​គេទុកជា​​របស់​សម្រាប់​​ប្រើប្រាស់​ក្នុងវត្ត ទៅ​ប្រើប្រាស់​ក្នុងទីដទៃ។ គ្រានោះ ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ដ៏ចំរើន​ទាំងឡាយ​មិនសម​នឹងមកយក​របស់គេ​សំរាប់ទុក​ប្រើប្រាស់​ក្នុង​ទីដទៃ ទៅ​ប្រើប្រាស់​ក្នុងទី​ដទៃវិញ។ ភិក្ខុ​ទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ គ្រឿង​ប្រើប្រាស់​របស់គេ​ក្នុង​ទី​ដទៃ ភិក្ខុមិន​គប្បីយក​ទៅប្រើប្រាស់​ក្នុងទី​ដទៃទេ តែភិក្ខុ​ណាយក​ទៅប្រើ​ប្រាស់ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ប្រុងនឹង​នាំយក​អាសនៈ​សំរាប់អង្គុយ​ក្នុងរោង​ឧបោសថ តែ​មាន​សេចក្តី​សង្ស័យ​ មិនហ៊ាន​នាំយកទៅ ហើយ​ក៏អង្គុយ​ផ្ទាល់លើ​ផែនដី។ ខ្លួនក្តី ចីវរក្តី ក៏ប្រឡាក់​ទៅ​ដោយ​ធូលី។ ភិក្ខុ​ទាំងឡាយ​យកសេចក្តី​នុ៎ះក្រាបបង្គំ​ទូល​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យអ្នក​ទាំងឡាយ​ខ្ចីរបស់​ទាំនោះ​​ទៅ​ប្រើ​​ប្រាស់បាន។

រឿង ភិក្ខុនីម្ចាស់ក្រុងចម្បា

 [១៧១] សម័យនោះឯង ភិក្ខុនី១រូប ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនី​នៅក្នុងក្រុងចម្បា ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាករបស់​ថុល្លនន្ទាភិក្ខុនី ហើយ​បង្គាប់ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​​បបរដែល​​លាយ​សណ្តែក​និងល្ង ហើយក៏យក​ទៅបរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនី​នោះដឹង​​ហើយ ចោទប្រកាន់​សិស្សនោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។ ទើបភិក្ខុ​នីនោះនាំយក​រឿងនុ៎ះ​ទៅដំណាល​ប្រាប់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​នាំយក​រឿង​​នុ៎ះ​ទៅ​ប្រាប់​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​នាំយករឿង​នុ៎ះ​ទៅ​ក្រាប​ទូល​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក។

រឿង ភិក្ខុនីម្ចាស់ក្រុងរាជគ្រឺះ

សម័យ​នោះឯង ភិក្ខុនី១រូប​ជាសិស្ស​​ថុល្លនន្ទា​ភិក្ខុនី​នៅ​ក្នុងក្រុង​រាជគ្រឹះ ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាក​របស់​ថុល្លនន្ទា​ភិក្ខុនី ហើយ​បង្គាប់​ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​នំមានរស​ឆ្ងាញ់ក្រៃ​ពេក ហើយ​ក៏​យក​ទៅ​​បរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនីនោះ​ដឹង​ហើយ ចោទ​ប្រកាន់សិស្ស​នោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក។

រឿង ព្រះ​អជ្ជុកក្រុងវេសាលី

 [១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១ ក្មួយប្រុស១​របស់គហបតី​​ជាឧបដ្ឋាក​​​របស់​​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ ក្នុង​ក្រុង​វេសាលី។ គ្រានោះ គហបតី​នោះបាន​និយាយ​ពាក្យ​​នេះ​នឹង​​ព្រះ​អជ្ជុកត្ថេរ​ដ៏មាន​អាយុ​ថា បពិត្រ​​លោកដ៏ចំរើន ជំនុំ​ក្មេង​ទាំងពីរ​​នាក់នេះ ក្មេងណា​​មានសទ្ធា​ជ្រះថ្លា ព្រះករុណា​គប្បីប្រាប់​ឱកាស​នេះ​ដល់​ក្មេងនោះ។ គហបតី​នោះធ្វើ​កាល​កិរិយា​ទៅ។ សម័យ​​នោះ​ឯង ក្មួយ​របស់​គហបតី​នោះ​​មាន​សទ្ធា​ជ្រះថ្លា។ លំដាប់​នោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​ប្រាប់​​ឱកាស​នោះ​​ដល់ទារក​ដែលជា​ក្មួយ​នោះ។ ទារក​ដែលជា​ក្មួយ​នោះ ក៏បាន​​បីបាច់​រក្សា​​នូវ​ទ្រព្យ​និង​​ចាត់ចែង​​នូវ​ទាន​ដោយសម្បត្តិ​នោះ។ លំដាប់​នោះ កូនរបស់​​គហបតីនោះ​​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា បពិត្រ​​ព្រះអានន្ទ​ដ៏ចំរើន អ្នក​ណា​ជាអ្នកទទួល​មត៌ករបស់​បិតា កូន ឬក្មួយ។ ព្រះអានន្ទ​និយាយ​តបថា ម្នាលអ្នក​ដ៏មានអាយុ កូន​ទើបត្រូវ​ទទួល​ទ្រព្យមត៌ក​របស់​បិតា​បាន។ កូនរបស់​គហបតីនោះ បាន​និយាយតទៅ​ទៀតថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​អជ្ជុកត្ថេរ​នេះ​​ប្រាប់សម្បត្តិ​របស់ខ្ញុំដល់​បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​ហើយ។ ព្រះអានន្ទ​ពោលថា ម្នាលអ្នក​ដ៏​មានអាយុ អជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ មិនមែន​ជាសមណៈ​ទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​និយាយ​ពាក្យនេះនឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ លោកចូរ​ឲ្យ​សេចក្តី​​វិនិច្ឆ័យ​ដល់​ខ្ញុំចុះ។ សម័យ​នោះឯង ព្រះឧបាលីដ៏​មានអាយុ ជាបក្ខ​ពួករបស់​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ។ លំដាប់​នោះ ព្រះឧបាលី​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ ភិក្ខុណា​ដែលម្ចាស់​ទ្រព្យផ្តាំទុក​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់​អ្នក​នេះ ហើយភិក្ខុ​នោះទៅប្រាប់​ដល់អ្នកនោះ ភិក្ខុ​នោះត្រូវ​អាបត្តិអ្វី។ ព្រះអានន្ទ​ឆ្លើយតប​ទៅវិញថា បពិត្រ​លោក​ដ៏ចំរើន ភិក្ខុ​នោះ​មិនត្រូវ​អាបត្តិអ្វី​បន្តិចទេ ដោយ​ហោចទៅ តែ​​អាបត្តិទុក្កដ​ក៏មិនត្រូវ​​ដែរ។ ព្រះឧបាលី​ឆ្លើយថា ម្នាល​អាវុសោ ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ ម្ចាស់ទ្រព្យ​​បានផ្តាំទុក​​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់ជន​ឈ្មោះនេះ ក៏បាន​ប្រាប់ដល់​អ្នកនោះ​មែន ម្នាល​អាវុសោ អជ្ជុកត្ថេរ​ដ៏​មានអាយុ​មិនត្រូវ​អាបត្តិទេ។

រឿង ក្រុងពារាណសី

 [១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី ពួកចោរ​នាំគ្នា​ប្លន់ត្រកូល​ឧបដ្ឋាក​របស់​​ព្រះ​បិលិន្ទវច្ឆត្ថេរ​ដ៏មាន​អាយុ ហើយ​ក៏នាំយក​កូនក្មេងពីរ​នាក់ទៅ។ លំដាប់​នោះ ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ សំដែង​ឫទ្ធិទៅនាំយក​ក្មេងទាំង​ពីរនាក់​នោះបាន​មក ហើយ​ទុកក្នុង​ប្រាសាទ។ មនុស្ស​ទាំងឡាយ​បានឃើញ​​ក្មេងទាំង​ពីរនាក់នោះ​ហើយ និយាយ​ថា នេះជា​ឫទ្ធានុភាព​របស់លោក​ម្ចាស់​បិលិន្ទវច្ឆត្ថេរ ហើយ​ក៏នាំគ្នា​ជ្រះថ្លានឹង​ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ពេកណាស់។ ភិក្ខុ​ទាំងឡាយ នាំគ្នា​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ មិន​សមគួរ​នឹងទៅ​នាំយក​​ក្មេង​ពីរនាក់ ដែលពួក​ចោរវា​នាំយក​ទៅហើយ។ ភិក្ខុ​ទាំងឡាយ​​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ទ្រង់ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នក​មាន​ឫទ្ធិ​ទេ ព្រោះ​វិស័យ​នៃ​ឫទ្ធិ។

រឿង ក្រុង​កោសម្ពី

 [១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះ​បណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូប​​នៅ​ស្រុក​ក្រៅ ១រូបនៅ​ក្នុងក្រុង​កោសម្ពី។ គ្រាដែល​ភិក្ខុនោះ​ចេញពី​ស្រុកក្រៅ ទៅកាន់​​ក្រុងកោសម្ពី កាល​កំពុងឆ្លង​ទឹកស្ទឹង​​ក្នុងរវាង​ពាក់កណ្តាល​ផ្លូវ កន្សោម​ខ្លាញ់របូត​អំពីដៃនៃ​មនុស្សអ្នក​សម្លាប់​ជ្រូក​​ទាំងឡាយ ទៅជាប់​នូវជើង​របស់ភិក្ខុ​នោះ។ ភិក្ខុនោះ​បានកាន់យក​ដោយគិត​ថា នឹងឲ្យ​ដល់ជន​ទាំង​ឡាយ​​ជាម្ចាស់វិញ។ ពួក​ម្ចាស់នាំ​គ្នាចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ស្រី​គង្វាល​គោម្នាក់ឃើញ​ភិក្ខុនោះ​ឆ្លងទឹកស្ទឹង​រួចហើយ បាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោក​​ចូរមក​សេពមេថុនធម្ម​នឹងខ្ញុំ។ ភិក្ខុ​នោះគិត​ថា អញមិន​មែនជា​សមណៈ​តាមប្រក្រតី​ទេ ទើប​ព្រម​​សេព​​មេថុនធម្ម​នឹងស្រីនោះ ហើយ​ទៅកាន់ក្រុង​កោសម្ពី ប្រាប់​សេចក្តីនុ៎ះ​​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា នែ​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ​មិនត្រូវ​​អាបត្តិ​បារាជិកព្រោះ​អទិន្នាទាន​ទេ ត្រូវ​អាបត្តិ​បារាជិក ព្រោះ​​សេព​​មេថុនធម្ម។

រឿង សទ្ធិវិហារិក

 [១៧៥] សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុង​សាគលនគរ មានសេចក្តី​មិនសប្បាយ​មកបៀតបៀន ក៏ទៅ​លួចយកឈ្នួត​របស់អ្នកផ្សារ ហើយ​បាននិយាយ​ពាក្យ​នេះ​នឹង​​ព្រះទឡ្ហិកត្ថេរ​ដ៏មានអាយុ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំមិន​មែនជា​សមណៈ​ទេ ខ្ញុំនឹង​​សឹក (ឥឡូវនេះ)។ ព្រះទឡ្ហិកត្ថេរ បាន​សួរថា ម្នាល​អាវុសោ អំពើដូច​ម្តេចដែល​អ្នកធ្វើ​ហើយ។ ភិក្ខុនោះ​​ប្រាប់ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំលួច​យកឈ្នួត​របស់អ្នក​ផ្សារ។ ព្រះទឡ្ហិកត្ថេរ ក៏ឲ្យ​យក​ឈ្នួត​នោះមក ហើយ​កាត់ថ្លៃ។ ឈ្នួត​នោះកាត់​ថ្លៃទៅ ដំឡៃ​មិនដល់​៥មាសក។ ព្រះទឡ្ហិកត្ថេរ​ប្រាប់​ថា ម្នាល​អាវុសោ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ដូច្នេះ​ហើយ ក៏បាន​សំដែង​ធម្មីកថា។ ឯភិក្ខុ​នោះ​មាន​​សេចក្តី​ត្រេកអរ​ក្រៃពេក។

ទុតិយបារាជិក ចប់។

 

 

โพสต์ยอดนิยมจากบล็อกนี้

សង្ឃាទិសេសទី១

สิงหาคม 08, 2561វិន័យបិដក/មហាវិភង្គ/ទុតិយភាគ តេរសកណ្ឌ វិសដ្ឋិ ការបញ្ចេញទឹកសុក្ក បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស សង្ឃាទិសេសទី១ [ ១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់​អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យ​នោះ សេយ្យសកភិក្ខុ​ដ៏មានអាយុ មិនត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយ​ហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅ​ជាស្គាំស្គម មាន​សម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ ឧទាយិត្ថេរដ៏មាន​អាយុឃើញ​សេយ្យសកភិក្ខុ​មានអាយុ​ស្គាំងស្គម មានសម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ លុះឃើញ​ហើយ ទើបសួរសេយ្យសក​ភិក្ខុថា ម្នាលអាវុសោ​សេយ្យសក ហេតុអ្វី បានជា​លោកស្គាំស្គម មាន​សម្បុរអាប់អន់ កើតមាន​រោគលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ (ដូច្នេះ) ម្នាល​អាវុសោ​សេយ្យសក លោកមិន​ត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឬអ្វី។ សេយ្យសក​ភិក្ខុឆ្លើយ​ថា ករុណា អាវុសោ។ ឧទាយិ​ក៏បង្គាប់ថា ម្នាលអាវុសោ​សេយ្យសក បើដូច្នោះ លោកចូរ​ឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យ​ពេញចំណង់​ទៅ លុះដល់​ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណ

 

បារាជិកកណ្ឌ បឋមសិក្ខាបទ

 

បារាជិកកណ្ឌ បឋមសិក្ខាបទ និទានសុទិន្នភិក្ខុ   [ ១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅ​មិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុក​នោះមាន​កូនសេដ្ឋីម្នាក់​ឈ្មោះ​សុទិន្នកុមារជាបុត្ររបស់​កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រ​ជាមួយនឹងសំឡាញ់​ទាំងឡាយ​ច្រើននាក់ នាំគ្នាទៅឯ​ក្រុងវេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់មានពពួក​បរិសទ្យច្រើនគាល់​ត្រៀបត្រា ទ្រង់កំពុងគង់​សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះ​បានឃើញ​ព្រះអង្គមាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា កំពុង​សំដែងធម៌។ លុះឃើញ​ហើយ សុទិន្នកុមារ​នោះក៏មាន​សេចក្តីតិ្រះរិះ​ថា អាត្មាអញ​គួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រក៏​ចូលទៅកាន់ទីដែល​បរិស័ទ្យអង្គុយនោះ លុះចូល​ទៅដល់ហើយ បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរ។ កាលដែល​សុទិន្នកុមារកលន្ទកបុត្រ​បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរហើយ ក៏មាន​សេចក្តីត្រិះរិះថា ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​ដំណើរ​យ៉ាងណាៗ អញក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ ប៉ុន្តែបើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌អោយបរិបូណ៌​តែម្យ៉ាង អោយ​បរិសុទ្ធ​តែម្

ពាក្យថា ឆ្កួត ៨យ៉ាង

មានថ្នាក់ពាក្យជា គុណនាម មានន័យថា ដែលខូចសតិ ខូចចរិត វិលវក់ឥតដឹងខុសត្រូវ ឧ. មនុស្សឆ្កួត ឆ្កែឆ្កួត ជាដើម ។ ប៉ុន្តែ ឆ្កួត ក្នុងអរិយវិន័យ (ពុទ្ធសាសនា) វិញ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ឆ្កួត មាន៨យ៉ាង៖

១. កាមុម្មត្តកោ   ឆ្កួតព្រោះកាម

២. កោធុម្មត្តកោ ឆ្កួតព្រោះក្រោធខឹង

៣. មោហុម្មត្តកោ              ឆ្កួតព្រោះល្ងង់ខ្មៅ

៤. ទិដ្ឋុម្មត្តកោ      ឆ្កួតព្រោះមិច្ឆាទិដ្ឋិ (យល់ខុស)

៥. បិត្តុម្មត្តកោ      ឆ្កួតព្រោះប្រម៉ាត់កម្រើក

៦. យក្ខុម្មត្តកោ    ឆ្កួតព្រោះយក្ស អមនុស្ស(ខ្មោច) ព្រាយ ចូលសន្ឋិត

៧. សុរុម្មត្តកោ      ឆ្កួតព្រោះសុរា

៨. ព្យសនុម្មត្តកោ            ឆ្កួតព្រោះការវិនាស

សូមអនុមោទនាសិក្សាទាំងអស់គ្នា

                        ***************************************************************************

------សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ថា---------

*********អូរត្រាវទី១០/១២/២០១៩*************

ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០យ៉ាងដូចខាងក្រោមនេះ

១ មា អនុស្សវេន                    កុំប្រកាន់ជឿអ្វីដែលឮតៗ មិនមានហេតុផល។

២ មា បរម្បារាយ                     កុំប្រកាន់ជឿអ្វីដែលគេនិយាយតៗគ្នាមិនមានដើមចុង។

៣ មា ឥតិកិរាយ                       កុំប្រកាន់ជឿអ្វីដោយការភ្ញាក់ផ្អើល។

៤ មា បិដកសម្បទានេន   កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមកគម្ពីររបស់ខ្លួន។

៥ មា តក្កហេតុ                        កុំប្រកាន់ជឿអ្វី ដោយការនឹកដៅឬស្មានយក។

៦ មា នយហេតុ                        កុំប្រកាន់ជឿអ្វីដោយអាងការគេ្នគ្នាន់ឬកាត់តម្រូវ។

៧ មា អាការបរិវិតកេ្កន    កុំប្រកាន់ជឿអ្វីដោយអាងការត្រិះតិះតាមអាការះ។

៨ មា ទិដ្ឋិនិជ្ឈានក្ខន្តិយា   កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន។

៩ មា តព្វរូបតាយ                   កុំប្រកាន់ជឿថាអ្នកនេះជាអ្នកបា្រជ្ញគួរជឿតាម។

១០ មា សមណោ នោ គរុ កុំប្រកាន់ជឿថាសមណះជាគ្រូយើង។

(សៀវភៅ​ភាគ ៤១ ទំព័រ​ទី ២១៦ ដល់ ២២៩ សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត កាលាមសូត្រ)

 


Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...