សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Bảy, tháng 7 14, 2018
Chủ Nhật, tháng 8 20, 2017
ប្រវត្តរូបព្រះឧបជ្ឈាយ៍ វិភទ្ទញាណ ឡឹម ពៅ
................................................
By សារព័ត៌មាន ព្រៃនគរ
ព្រះថេរជីវប្បវត្តិ
នៃ ព្រះតេជព្រះគុណ មេគណរង ឡឹម ពៅ (វិភទ្ទញ្ញាណ)
ជាព្រះចៅអធិការវត្ត សង្វរថ្មមាស (អូរទទឹង) ភូមិអូរទទឹង ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រត្រពាំង
ព្រះថេរជីវប្រវត្តិនេះ យើងខ្ញុំបានចែកជា ៨ បរិច្ឆេទ ដើម្បីចែកជាសង្កាត់សេចក្តី ងាយស្តាប់ ងាយយល់ ងាយកត់ចំណាំដល់សប្បុរសជនទាំងឡាយ ដូចតទៅ៖
១. ជាតិបរិច្ឆេទ កំណត់អំពីកំណើត
២. កុមារបរិច្ឆេទ កំណត់អំពីកុមារភាព
៣. បព្វជ្ជាបរិច្ឆេទ កំណត់អំពីបព្វជ្ជា
៤. ឧបសម្បទាបរិច្ឆេទ កំណត់អំពីឧបសម្បទា
៥. ពុទ្ធសាសនវុឌ្ឍិបរិច្ឆទ កំណត់អំពីការធ្វើសេចក្តីចម្រើនដល់ព្រះពុទ្ធសាសនា
៦. កំណត់អំពីសមណស័ក្តិ
៧. កំណត់អំពីស្នាព្រះហស្តក្នុងវត្ត
៨. កំណត់អំពីការមានព្រះរោគាពាធ និងការទទួលអនិច្ចធម្ម ។
តទៅនេះយើងខ្ញុំសូមបរិយាយរង្គាយសេចក្តីនៃបរិច្ឆេទនីមួយ ៗ
ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។
ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។
១. ជាតិបរិច្ឆេទ៖
ព្រះតេជព្រះគុណ ព្រះវិភទ្ទញ្ញាណ ឡឹម ពៅ ប្រសូតនៅថ្ងៃអង្គារ ៨ កើត ខែ ជេស្ឋ ឆ្នាំ កុរ នព្វស័ក ព. ស. ២៤៩១ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា គ. ស. ១៩៤៧ នៅភូមិ អូរទទឹង ឃុំ អូរទទឹង និគមកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ ញោមប្រុស ឧបាសក ឡឹម ថាវ, ញោមស្រី ឧបាសិកា ថាច់ ធី សាន្ត មានបងប្អូនរួមផ្ទៃ ៨ រូបគឺ ៖
១. បងប្រុស ឡឹម វ៉ើន (ស្លាប់)
២. បងប្រុស ឡឹម ថន (ស្លាប់)
៣. បងស្រី ឡឹម ធី សុផល (ស្លាប់)
៤. បងប្រុស ឡឹម វណ្ណី (ស្លាប់)
៥. បងប្រុស ឡឹម អ៊ុក (ស្លាប់)
៦. គឺអង្គព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ
៧. ប្អូនស្រី ឡឹម ធី ពេញ (បច្ចុប្បន្នរស់នៅភូមិអូរទទឹង)
៨ ប្អូនប្រុសពៅបង្អស់ ឡឹម ពិន (ស្លាប់)
២. កុមារបរិច្ឆេទ៖
ព្រោះហេតុតែ មានភ័ព្វបានសម្ភពក្នុងត្រកូលកសិករខ្មែរ ជាពុទ្ធសាសនិក ប្រកបដោយសម្មាទិដ្ឋិ ចិញ្ចឹមជីវិតដោយគន្លងធម៌ ហើយជាគ្រួសារជាតិនិយមប្រ កាន់ខ្ជាប់វប្បធម៌ប្រពៃណីជាតិយ៉ាងម៉ឺងម៉ាត់ បង្ហាត់បង្រៀនប្រៀនប្រដៅកូនឲ្យដើរតាមគន្លងល្អរបស់ខ្លួន ដើម្បីបានជាទំពាំងស្នងជាតិ ស្នងសាសនាតទៅថ្ងៃអនា គត ។ ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ ជាកុមារមួយរូបមានឫកពាសុភាពរាបសា បញ្ញាឆ្លៀវឆ្លាស រហ័សរហួន ជាកូនដោយដំបូន្មានណាស់ ។ កាលពីព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ នៅជាកុមារអាយុ ៧ ឆ្នាំ មាតាបិតាបានបញ្ជូនព្រះអង្គឲ្យទៅរៀនសាលាបឋមសិក្សា ថ្នាក់ទី ៥ (កាលសម័យនោះ) ។ លុះដល់ឆ្នាំបន្ទាប់មក ក្នុងជន្មាយុ ៨ ឆ្នាំ មាតាបិតា ក៏បានបញ្ជូនឲ្យចូលទៅនៅវត្តសង្វរថ្មមាស (អូរទទឹង) ជាសេក្ខវត្តសិក្សាអក្ខរកម្មថ្នាក់ទី ៥ (ខេមរភាសា) និងសាស្ត្រា ធម៌អាថ៌ វិន័យ ក្នុងសំណាក់ ព្រះតេជព្រះគុណ ព្រះនាម សឿង និងលោកគ្រូសូត្រ ព្រះនាម ឃឹម អស់រយ:ពេល ៣ ឆ្នាំ ។
៣. បព្វជ្ជាបរិច្ឆេទ៖
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ នៅជាសេក្ខវត្តតាំពីអាយុ ៨ ឆ្នាំ អាយុ ១៤ ឆ្នាំ ញោមប្រុសស្រីក៏បានអនុញ្ញាតឲ្យបួសជាសាមណេរក្នុងសំណាក់ព្រះតេជព្រះគុណ ព្រះមុនីវង្សា ថាច់ កាន់ ជាព្រះឧបជ្ឈាយ៍ ក្នុងមណ្ឌលសីមាវត្ត សង្វរថ្មមាសអូរទទឹង នាថ្ងៃពេញបូរមី ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស. ២៥០៣ គ. ស. ១៩៥៩ ។
ក្រោយអំពីបព្វជ្ជារួច សាមណេរ ឡឹម ពៅ ខំយកចិត្តទុកដាក់ព្យាយាមសិក្សារៀនសូត្រនូវអក្សរសាស្ត្រជាតិ និងធម៌អាថ៌វិន័យព្រះពុទ្ធសាសនា ដោយព្យាយាម ។
៤. ឧបសម្បទាបរិច្ឆេទ៖
ព្រះមេគណរង វិភទ្ទញ្ញាណ ឡឹម ពៅ បួសជាសាមណេរបាន ៦ វស្សា, ព្រះជន្មាយុក៏គម្រប់ ២០ ឆ្នាំបរិបូណ៌ ។ ព្រះអង្គបាននិមន្តទៅសូមឧបសម្បទាជាភិក្ខុ នៅពទ្ធសីមាវត្ត ពោធិសិរី ភូមិចុងផ្នោ ស្រុកកំពង់ស្ពាន ក្នុងសំណាក់ព្រះតេជព្រះគុណ សុវណ្ណត្ថេរ ថាច់ ញ៉ីវ ជាព្រះឧបជ្ឈាយ៍, ព្រះតេជព្រះគុណ ធម្មត្ថេ ថាច់ សែម ជាលោកគ្រូសូត្រស្តាំ, ព្រះតេជព្រះគុណ វិសាលត្ថេរ ថាច់ ធា ជាលោគ្រូសូត្រឆ្វេង នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំថោះ បញ្ចស័ក ព. ស. ២៥០៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ១៩៦៣ ។ ព្រះឧបជ្ឈាយ៍ បានប្រសិទ្ធ នាមបញ្ញត្តិថា វិភទ្ទញ្ញាណ ។
៥. ពុទ្ធសាសនវុឌ្ឍិបរិច្ឆេទ៖
ក្រោយពីបានបំពេញឧបសម្បទារួចហើយ ព្រះមេគណរង វិភទ្ទញ្ញាណ ឡឹម ពៅ គង់នៅវត្តកំណើតចំនួន ៣ វស្សា ដើម្បីសិក្សាឧបជ្ឈាយវត្តនិងធ្វើវត្តប្រតិបត្តិវត្តធំ និងវត្តតូច ចំពោះព្រះឧបជ្ឈាយ៍ ព្រមទាំងរៀនយកនូវឱវាទដំបូន្មាន របស់ឧបជ្ឈាយ៍ជាដើម ។
កាលបើព្រះអង្គយល់ឃើញថា ករណីយកិច្ចរបស់ព្រះអង្គល្មមសមគួរហើយ ព្រះអង្គក៏ថ្វាយបង្គំលាព្រះតេជព្រះគុណ ព្រះចៅអធិការ ព្រះមុនីវង្សា ថាច់ កាន់ ជាព្រះឧបជ្ឈាយ៍ ដើម្បីនិមន្តទៅសិក្សាធម្មវិន័យថ្នាក់ត្រី ក្នុងសំណាក់លោកគ្រូ ថាច់ យ៉ឺ នៅវត្តមហាពោធិវ័ន (តាថៀវ), សិក្សាធម្មវិន័យថ្នាក់ទោ ក្នុងសំណាក់លោកគ្រូ គៀង គំ នៅវត្តព្រលានមានជ័យ (ចុងព្រលាន) ។ បន្ទាប់ពីនោះមក ព្រះអង្គបាននិមន្តទៅសិក្សាសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ គឺបាលីទី ១ នៅវត្តពោធិសិរី ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ សិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ គឺបាលីទី ២ នៅវត្តពោធិវង្ស (កំពង់ដូង) ស្រុកកញ្ចោង ខេត្តព្រះត្រពាំង និងពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ គឺបាលីរង នៅវត្តកញ្ចោងភ្នំពេញ ។ សិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំ ទី ៣ គឺបាលីរងដដែល (ដោយសារជាន់នោះនៅមិនទាន់មានកម្រិតសិក្សាថ្នាក់ខ្ពស់ជាងនេះ) នៅវត្តត្រោកលិច អស់មួយវស្សាថែមទៀត ។ ព្រោះអាស្រ័យកតញ្ញូ កតវេទិតាធម៌ ចំពោះព្រះមុនីវង្សា ថាច់ កាន់ ជាព្រះឧបជ្ឈាយ៍ ដែលមានភាពចាស់ជរា ព្រះកាយពលទ្រុឌទ្រោម ទើបព្រះអង្គសម្រេចព្រះទ័យឈប់ផ្អាកការសិក្សា វិលមកគង់ចាំវស្សាក្នុងវត្តសង្វរថ្មមាស (អូរទទឹង) ជាវត្តកំណើតរបស់ខ្លួនវិញ ដើម្បីបម្រើព្រះឧបជ្ឈាយ៍ និងបង្ហាត់បង្រៀននវភិក្ខុសាមណេរ ។
កាលព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ គង់ចាំវស្សានៅវត្តបាន ៣ វស្សា, ព្រះចៅអធិការ ព្រះមុនីវង្សា ថាច់ កាន់ និងគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តសង្វរថ្មមាស (អូរទទឹង) បានមូលមតិគ្នាជាឯកច្ឆ័ន្ទតែងតាំងព្រះអង្គជាលោកគ្រូសូត្រនៅ ថ្ងៃ សៅរ៍ ១៥ កើត ខែវិសាខ ឆ្នាំវក សំរឹទ្ធិស័ក ព. ស. ២៥១២ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា គ.ស. ១៩៦៨ ។
ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ទទួលតំណែងជាលោកគ្រូសូត្រ បាន ៧ ឆ្នាំ ក្រោមអធិបតីរបស់ព្រះឧបជ្ឈាយ៍ ព្រះមុនីវង្សា ថាច់ កាន់ ។ ក្នុងឋានៈជាលោកគ្រូសូត្រព្រះអង្គបានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទជើងវត្ត ឲ្យព្រមព្រៀងគ្នាជាធ្លុងមួយ មានកិត្តិសព្ទល្បីខ្ចរខ្ចាយទួទៅក្នុងស្រុកកំពង់ស្ពាន, គឺគ្រាន់តែឮព្រះនាមថា លោកគ្រូ ពៅ វត្តខ្នាច (វត្តនេះចាស់ទុំជាន់មុនច្រើនតែហៅថាវត្តខ្នាច) នរណាក៏គោរពកោតក្លាចទាំងអស់ ។
ពេលវេលាកន្លងទៅមិនយូរប៉ុន្មាន ព្រះតេជព្រះគុណ ព្រះមុនីវង្សា ថាច់កាន់ ជាព្រះឧបជ្ឈាយ៍របស់លោក ចាប់មានអាពាធជាទម្ងន់ ប្រហែលមួយខែ ក៏ព្រះអង្គទទួលអនិច្ចធម្មកណ្ដាលសម្រែកទ្រហោយំ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយជាសិស្សគណ ។ បុណ្យឈាបនកិច្ចសព ព្រះឧបជ្ឈយ៍ ព្រះមុនីវង្សា ថាច់ កាន់ បានប្រព្រឹត្តទៅយ៉ាងក្រៀមក្រំ អស់រយៈពេល៣ថ្ងៃ ។
អំណឹះឥតពីព្រះឧបជ្ឈាយ៍ ព្រះមុនីវង្សា ថាច់ កាន់ ទៅ, ព្រះសង្ឃ និងគណៈកម្មការព្រមទាំងពុទ្ធបរិស័ទជើងវត្ត មូលមតិគ្នាជាឯកច្ឆ័ន្ទ តែងតាំង លោកគ្រូសូត្រ វិភទ្ទញ្ញាណ ឡឹម ពៅ ជាព្រះចៅអធិការ ។
មកដល់ឆ្នាំរោង អដ្ឋស័ក ព.ស. ២៥២០ គ. ស. ១៩៧៦ ព្រះវិបស្សនាចារ្យ ព្រះធម្មត្ថេរ ថាច់ ង៉ុក វត្តព្រលានមានជ័យ (ចុងព្រលាន) ចាប់ផ្តើមកបង្រៀនវិបស្សនាធុរៈដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ ជាដំបូងគេនៅស្រុកកំពង់ស្ពាន ។ ខណៈពេលនោះ ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ ក៏បាននិមន្តទៅសិក្សាវិបស្សនាធុរៈក្នុងសំណាក់ ព្រះវិបស្សនាចារ្យ ធម្មត្ថេរ ថាច់ ង៉ុក ចំនួន ២ ខែ តែការសិក្សានោះ នៅមិនទាន់ទទួលបានផលប្រយោជន៍អំពីការប្រតិបត្តិវិបស្សនាសមបំណងឡើយ, ប្រហែលមកពីព្រះទ័យព្រះអង្គពោរពេញដោយអារាមបលិពោធ គឺកង្វល់ ដែលកើតពីការជាប់ជំពាក់នឹងវត្តអារាមដែល ព្រះអង្គកំពុងមានភារកិច្ចគ្រប់គ្រង បានជានាំបណ្តាលឲ្យព្រះទ័យកង្វល់ខ្វល់ខ្វាយ ពុំអាចស្ងប់រម្ងាប់បាន ។ មួយឆ្នាំកន្លងមក ព្រះអង្គបាននិមន្តទៅសិក្សាវិបស្សនាម្តងទៀត ក្នុងសំណាក់ព្រះវិបស្សនាចារ្យ ព្រះនាម សុមន៍ គង់នៅវត្តសាលវ័ន (តាអោក) ។ ការសិក្សាលើកនេះ ព្រះអង្គទទួលបាននូវលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់, ធ្វើឲ្យ ព្រះវិបស្សនាចារ្យ ព្រះនាម សុមន៍ សព្វព្រះទ័យតែងតាំងព្រះអង្គជាព្រះវិបស្សនាចារ្យ ។
ព្រះចៅអធិការ ឡឹម ពៅ ដែលគេទម្លាប់ ហៅថា លោកគ្រូ ពៅ វត្តខ្នាច នោះ ក្រោយអំពីបានតែងតាំងជា ព្រះវិបស្សនាចារ្យហើយ ក៏និមន្តមកកាន់វត្តរបស់ខ្លួនវិញ ដើម្បីបន្តនូវនាទីរបស់ខ្លួនជាព្រះចៅអធិការ ។
ព្រោះហេតុតែព្រះអង្គជាព្រះចៅអធិការដែលស្មារតីរឹងប៉ឹង មានឧត្តគតិខ្ពង់ខ្ពស់ មានចំណេះវិជ្ជាសម្បទាទាំងផ្នែកគន្ថធុរៈ និងវិបស្សនាធុរៈ និងមានសមត្ថភាពកសាងទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី ជាបុគ្គលឆ្លៀវឆ្លាសក្នុងការដឹកនាំសង្គមទាំងព្រះសង្ឃ ទាំងគ្រហស្ថសុទ្ធតែសាមគ្គីស្រុះស្រួលល្អ ។ ឯវស្សាផ្នួសរបស់ព្រះអង្គ ក៏កាន់តែចាស់ទុំមាំមួន ជាព្រះថេរៈមួយព្រះអង្គប្រកបព្រមដោយវិជ្ជាសម្បត្តិ និងចរិយាសម្បត្តិ សមរម្យនឹងធ្វើជាព្រះឧបជ្ឈាយ៍បាន, គណៈកម្មនិងពុទ្ធបរិស័ទមូលមតិឯកច្ឆន្ទ ស្នើសូមមន្ត្រីសង្ឃតែងតាំងព្រះចៅអធិការ វិភទ្ទញ្ញាណឡឹមពៅ ជាព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ តាំងពីនោះរៀងដរាបមក ។
តទៅនេះយើងខ្ញុំជាសិទ្ធិវិហារិក សូមលើកយកនូវចំណុចសំខាន់ ៗ ខ្លះនៃព្រះថេរជីវប្រវត្តិរបស់ព្រះឧបជ្ឈាយ៍ដូចតទៅ៖
ក. នាទីជាព្រះចៅអធិការ៖
តាំងពីទទួលតំណែងជាព្រះចៅអធិការមក ព្រះអង្គតែងយកព្រះទ័យទុកដាក់ ឧបត្ថម្ភព្រះសង្ឃ និងពុទ្ធបរិស័ទជើងវត្ត ដោយមិនរើសមុខ ។ ប្រសិនបើមានកុល បុត្តណាដែលមានបំណងបព្វជ្ជា ឬឧបសម្បទាតែមិនមានត្រៃចីវរគ្រប់គ្រាន់នឹងបួស ព្រះអង្គខ្នះខ្នែងស្វែងរកត្រៃចីវរឲ្យដល់កុលបុត្តនោះ ដើម្បីបានបួសដូចគេឯង គឺព្រះអង្គមានព្រះទ័យស្រឡាញ់ការបួសរៀនយ៉ាងជ្រាលជ្រៅឥតឧបមា ។
មួយទៀត នៅពេលពុទ្ធបរិស័ទជើងវត្តក្តី ក្រៅជើងវត្តក្តី មានគ្រោះភ័យអាសន្ន ដោយឧបទ្ទវហេតុ ឬអព្ភូតហេតុអ្វីមួយ ដល់សង្គមគ្រួសារ មិនថាយប់អធ្រាត្រ ភ្លៀងរលឹម ខ្យល់ព្យុះឆ្ងាយឬជិត ព្រះអង្គតែងទទួលនិមន្តន៍ មិនដែលរុញរាឡើយ ; នៅពេលខ្លះព្រះអង្គដើរតួជាលោកគ្រូពេទ្យ ឬជាតុលាការក៏មាន ព្រោះកាលពីជាន់នោះ នៅមិនទាន់មានពេទ្យ និងតុលាការត្រឹមត្រូវទេ មានតែព្រះសង្ឃជាពិសេសសព្រះចៅអធិការនៃវត្តនីមួយ ៗ គឺជាពេទ្យសង្គ្រោះបន្ទាន់ ឬតុលាការការពារយុត្តិធម៌ឲ្យគ្រហស្ថជើងវត្ត ក្នុងគ្រាមានគ្រោះភ័យអាសន្ន កើតពីជម្ងឺរោគា, កើតពីអមនុស្ស ខ្មោច ព្រាយ បិសាច, គ្រោះភ័យកើតពីធម្មជាតិ ដូចជារន្ទះបាញ់ ទឹកជន់ ភ្លើងឆេះ និងគ្រោះភ័យអាសន្នកើតពីអាសិរពិស មានពស់ចឹកជាដើម, ឬក្នុងភូមិស្រុកមានចោរភ័យកើតឡើង ឬក៏មានអ្នកស្រុកកើតការណ៍ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ពុំនោះជម្លោះរវាងប្តីប្រពន្ធក្នុងគ្រួសារ ពុំនោះសោតកូនចៅពុំស្តាប់បង្គាប់ម៉ែឪជីដូនជីតា ជាដើម, ឧទ្ទវការណ៍ទាំងនេះ តែងកើតមានឡើងជាធម្មតា ហើយកាលបើកើតមានឡើងម្តង ៗ ទោះបីកណ្តាលអធ្រាត្រ ឬពេលថ្ងៃ ក៏គេរត់ទៅវត្តនិមន្តព្រះសង្ឃ មានព្រះអធិការវត្តជាប្រធាន សូមឲ្យនិមន្តទៅជួយវិនិច្ឆ័យ កាត់អាថ៌ ផ្សះផ្សារ ព្យាបាលរំដោះគ្រោះថ្នាក់ទាំងនោះជាបន្ទាន់មិនដែលខាន ។ សេចក្តីត្រងនេះសឲ្យឃើញថា ព្រះសង្ឃក្នុងសង្គមខ្មែរពិតជាទីពឹងគ្រប់យ៉ាងរបស់ជាតិខ្មែរតាំងពីបុរាណកាលនាយ រៀងមកអាយនេះដោយពិត ។ ចំពោះលោកគ្រូ ពៅ វត្តខ្នាចអង្គនេះ លោកមានចរិតប្លែកវិសេសណាស់ គឺលោកតែងរិះរកគ្រប់មធ្យោបាយដើម្បីការពារសង្គ្រោះបណ្តុះបណ្តាលព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំងដោយស្មារតី ទាំងដោយសម្ភារៈទ្រព្យសម្បត្តិ អស់ពីកម្លាំងកាយ កម្លាំងចិត្តឥតគិតនឿយហត់ ឬអស់គង់ឡើយ ។
ខ. នាទីព្រះវិបស្សនាចារ្យ៖
ធុរៈក្នុងព្រះពុទ្ធសាសនាមាន ២ គឺគន្ធធុរ: ១ វិបស្សនាធុរ: ១ ព្រោះហេតុនោះ បានជាព្រះតេជព្រះគុណ ព្រះវិភទ្ទញ្ញាណ ឡឹម ពៅ ឬលោកគ្រូពៅវត្តខ្នាច ព្រះអង្គខំប្រឹងសិក្សាស្វាធ្យាយ ក្នុងផ្លូវទាំងពីរនេះឲ្យបានចេះដឹង សមរម្យគួរដល់ការបតិបត្តិរបស់ព្រះអង្គ ហើយដឹកនាំបង្ហាត់បង្រៀន ព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យប្រតិបត្តិត្រូវត្រង់តាមបន្ទាត់ធម្មវិន័យ ។ ក្នុងនាមជាវិបស្សនាចារ្យមានកិត្តិគុណ និងកិត្តិសព្ទល្បីខ្ចរខ្ចាយទៅគ្រប់ទិសទី ក្នុងមួយឆ្នាំនីមួយ ៗ ព្រះអង្គទទួលបង្រៀនជាច្រើនវត្ត មានសិស្សជាយោគាវចររាប់រយអង្គ និងរូបមកពីវត្ត និងខេត្តផ្សេង ៗ ក្នុងកម្ពុជាក្រោម ដើម្បីសិក្សាប្រតិបត្តិក្នុងសំណាក់ព្រះអង្គ ។ ព្រះអង្គមិនត្រឹមតែជាវិបស្សនាចារ្យទេ ថែមទាំងជាអ្នកឧបត្ថម្ភបច្ច័យ ៤ ដល់យោគាវរដែលមកប្រតិបត្តិវិបស្សនាក្នុងសំណាក់ព្រះអង្គ ដោយផ្ទាល់ទៀតផង ជាពិសេសអ្នកមកពីស្រុកឆ្ងាយ ។
ព្រះអង្គចាប់ផ្តើមបើកបង្រៀនវិបស្សនាលើកដំបូងបង្អស់ នៅឆ្នាំម្សាញ់ នព្វស័ក ព.ស.២៥២១ គ.ស.១៩៧៧ ។ ដើមឡើយព្រះអង្គបើកវគ្គសិក្សាវិបស្សនាធុរ:តែក្នុងវត្តប៉ុណ្ណោះ, ប៉ុន្តែក្រោយមក កិត្តិស័ព្ទរបស់ព្រះអង្គចេះតែផ្សាយល្បីរន្ទឺ ដល់ព្រះចៅអធិការ និងពុទ្ធបរិស័ទវត្តនានាក្នុងស្រុកកំពង់ស្ពានទាំងមូលនេះផង ទៅក្រៅស្រុកផង ក៏នាំបណ្តាលឲ្យព្រះចៅអធិការ និងគណៈកម្មការពុទ្ធបរិស័ទវត្តដទៃទៀត មកអារាធនាព្រះអង្គទៅបើកបង្រៀននៅវត្តរបស់ខ្លួនដែរ ។
ឈ្មោះវត្តដែលព្រះតេជព្រះគុណ ព្រះវិភទ្ទញ្ញាណ ឡឹម ពៅ បានទទួលនិមន្តន៍ទៅបើកបង្រៀនវិបស្សនារួមមាន៖
ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំងរួមមាន ៨ វត្តគឺ៖
១. វត្តពោធិវ័ន (អូរសំពៅ), ២. វត្តរតនសាគរ (ព្រើម), ៣. វត្តព្រលានមានជ័យ (ចុងព្រលាន), ៤. វត្តមុនីរង្សី (មេពាំង), ៥. វត្តសាលវ័ន (តាអោក), ៦. វត្តមហាពោធិវ័ន (តាថៀវ), ៧. វត្តពោធិសិរី, ៨. ពោធិមានជ័យសិរីឧត្តម (ពោធិ៍ធំ) ។
ស្រុកកញ្ចោង ខេត្តព្រះត្រពាំង រួមមាន ៤ វត្ត គឺ៖
១. វត្តកញ្ចោងកំពង់លាវ, ២. វត្តកញ្ចោងភ្នំពេញ, ៤ .វត្តទិព្វមង្គលនិលឧទ្យាន (ផ្នោព្រីង), ៤. អរុណរង្សី ចាកអាគ្រោង ( ដាយត្រឿង ) ។
ស្រុកតាអោន ខេត្តលង់ហោ រួមមាន ៣ វត្តគឺ៖
១ វត្តសង់ច្រវាថ្មី ២ វត្តព្រែកឈូក ៣ វត្តអង្គុលីខាងជើង ។
គ. តំណែងជាព្រះឧបជ្ឈាយ៍៖
ព្រះតេជព្រះគុណបានទទួលតំណែងជាព្រះឧបជ្ឈាយ៍នូវក្នុងឆ្នាំម្សាញ់ឯកស័ក ព.ស.២៥៣២ គ.ស. ១៩៨៨ ក្រោយអំពីព្រះអង្គបានទទួលនាទីជាព្រះឧបជ្ឈាយ៍មក ព្រះអង្គមិនត្រឹមតែបានប្រទាននូវបព្វជ្ជា និងឧបសម្បទាដល់កុលវបុត្តក្នុងវត្តរបស់ព្រះអង្គប៉ុណ្ណោះទេ ថែមទាំងបានទទួលនិមន្តន៍ទៅបំបួសកុលបុត្តនានាវត្តទៀតផង ។
ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង រួមមាន ៩ វត្តគឺ៖
១. វត្តរតនសាគរ (ព្រើម), ២. វត្តព្រលានមានជ័យ (ចុងព្រលាន), ៣. ជោវ័នសង្វាមាស (បាត់ក្រមា), ៤. វត្តភិរម្យរាជ (ភិរម្យសុខ), ៥. រតនទីបារាមកោះកែវ (អូរមិច), ៦. វត្តពោធិសិរី, ៧. វត្តបទុមសាគរ (កំពង់ស្ពាន), ៨. វត្តមហាពោធិវ័ន (តាថៀវ), ៩. វត្តពោធិវ័ន (អូរសំពៅ) ។
ស្រុកកញ្ចោង ខេត្តព្រះត្រពាំង រួមមាន ៩ វត្តគឺ៖
១. វត្តអរុណរង្សីចាកអាគ្រោង (ដាយត្រឿង), ២. វត្តកញ្ចោងកំពង់លាវ ៣. វត្តកញ្ចោងភ្នំពេញ, ៤. វត្តទិព្វមង្គលនិលឧទ្យាន (ផ្នោព្រីង), ៥. វត្តព្រះបាទកងចក្រ (កំពង់មាស), ៦. វត្តសាលតិត្ថារាម (កំពង់រាំង), ៧. វត្តពោធិវង្ស (កំពង់ដូង), ៨. វត្តកំពង់ឈូកផ្នោសង្ក្រម, ៩. សាសនសាមគ្គី (អូរត្រាវ) ។
ស្រុកតាឱន ខេត្តលង់ហោ រួមមាន ១ វត្ត គឺវត្តសង់ច្រវាចាស់ ។
ឃ. ជីវិតរបស់ព្រះវិភទ្ទញ្ញាណ ឡឹម ពៅ ក្នុងផែនការ KC50៖
ផែនការ KC50 គឺជាព្រឹត្តិការណ៍ខ្មៅងងឹតរបស់រដ្ឋាភិបាលកុម្មុយនីស្តយួនបង្កើតឡើងក្នុងទស្សវត្សរ៍ ៨០ ក្នុងគោលការណ៍កាប់សម្លាប់ ចាប់ចងបញ្ញវ័ន្តខ្មែរក្រោមអ្នកជាតិនិយមតាំងពីថ្នាក់ជាន់ទាប ដល់ជាន់ខ្ពស់ ; បញ្ញវ័ន្តជាន់ខ្ពស់ដែលយួនគូសឈ្មោះក្នុងបញ្ជីខ្មៅគឺ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ជាន់ទាបបានដល់សមណសិស្ស និស្សិត និងសិស្សានុសិស្សជាតិខ្មែរក្រោម ។ដោយហោចទៅ សូម្បីតែអ្នករៀនមានត្រឹមតែវិញ្ញាបនបត្រថ្នាក់បឋមសិក្សា ក៏ជាមុខសញ្ញានៃការកម្ចាត់ចោលរបស់យួន ក្នុងផែនការ KC50 នេះដែរ ដើម្បីបំបាក់ស្មារតីអ្នកជាតិយម និងសមណសិស្ស និស្សិត ព្រមទាំងសិស្សានុសិស្សជាតិខ្មែរក្រោមឲ្យបាក់ស្បាត កុំឲ្យហ៊ានគិតគូររឿងជាតិ រឿងសាសនា ប្រពៃណីវប្បធម៌តទៅទៀត ដើម្បីលុបបំបាត់ជាតិ សាសនាខ្មែរក្រោមចេញពីទឹកដីកម្ពុជាក្រោម នេះគឺបដិវត្តន៍រំលាយជាតិសាសនាខ្មែរក្រោមរបស់យួនកុម្មុយនីស្ត ដោយកលោបាយបំបាក់ដើម្បីបំបាត់, កម្ចាត់ដើម្បីកម្ចាយ បានសេចក្តីថា ដើម្បីបំបាត់ជាតិសាសនាខ្មែរក្រោមឲ្យបាត់បង់ ត្រូវបំបាក់ស្មារតីអ្នកជាតិនិយមឲ្យបាក់ស្បាត, ដើម្បីកម្ចាយជាតិ សាសនាខ្មែរក្រោមឲ្យខ្ចាយរាត់រាយរលាយរលត់ ត្រូវកម្ចាត់អ្នកជាតិនិយម ដែលមានប្រភពចេញពីបញ្ញវ័ន្ត និងអ្នកសិក្សាតែមួយគត់ ។ ម្ល៉ោះហើយយួនក៏អនុវត្តភ្លាម ៗ នូវផែនការចាប់គ្រូ ចាប់សិស្ស បិទសាលាពុទ្ធិកសិក្សានៅកម្ពុជាក្រោមទាំងអស់ជាពិសេសនៅខេត្តព្រះត្រពាំង ក្នុងសម័យនោះយ៉ាងបន្ទាន់ ។ ព្រឹត្តិការណ៍នេះយួនបានចាប់ផ្តើមដោយចាត់វិធានការ តាមចាប់បញ្ញវ័ន្តសង្ឃ និងគ្រហស្ថ ដែលជាអាចារ្យបង្រៀនតាមវត្តខ្មែរនៅទូទាំងខេត្តព្រះត្រពាំង ក្រោមលេសចោទថាជា “ចលនារំដោះទឹកដីកម្ពុជាក្រោម” ដែលមានព្រះមេគណ គឹម តុក ចើង (កន្តធម្មោ) ជាមគ្គុទ្ទេសន៍ ។
ឋិតនៅក្នុងទេសកាលដ៏ខ្មៅងងឹតនេះ នាំបណ្តាលឲ្យព្រះសង្ឃ និងគ្រហស្ថជាអាចារ្យបង្រៀន និងសមណសិស្ស និសិស្សិត សិស្សានុសិស្ស នៃសាលាពុទ្ធិកសិក្សារាប់ពាន់អង្គ និងរូបនៅខេត្តព្រះត្រពាំង ត្រូវយួនតាមចាប់ចងទៅធ្វើទារុណកម្មសួរចម្លើយ ទាំងទទឹងទិស ហើយដាក់គុកយ៉ាងអាណោចអាធ័ម ។ ជីវិតក្នុងគុក បណ្តាលឲ្យបព្វជិត និងគ្រហស្ថរូបខ្លះមានជំងឺ មានអាពាធ ព្រោះធ្វើការធ្ងន់ និងទទួលទារុណកម្មហួសប្រមាណក៏សុគត និងស្លាប់ក្នុងពន្ធនាគារ ខ្លះទៀតវេចសម្ពាយរត់ឆ្លងដែនមកកម្ពុជាទាន់ក៏រួចខ្លួន រហូតដល់បានមកប្រទេសទី ៣ ក៏មាន ។
ចំណែកឯព្រះមេគណ គឹម តុក ចើង និងអនុគណ ព្រមទាំងសហការីជំនិតផ្សេងទៀតសុខចិត្តឲ្យយួនចាប់ ដោយមិនព្រមគេចខ្លួន គឺរដ្ឋាភិបាលយួនបានចាប់ព្រះមេគណគឹម តុក ចើង សម្រាតស្បង់ចីពរទាំងកំរោលបង្ខំឲ្យព្រះអង្គសឹកយកទៅដាក់ពន្ធនាគារនៅឆ្នាំ ១៩៨៤ ហើយធ្វើទារុណកម្មដោយអកុសលោបាយផ្សេង ៗ រហូតទាល់តែព្រះអង្គសុគតក្នុងពន្ធនាគារនៅឆ្នាំ ១៩៨៦ ។
ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ ព្រះចៅអធិការវត្តសង្វរថ្មមាស (អូរទទឹង) កាលណោះលោកជាប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកកំពង់ស្ពាន ក្នុងឋានៈជាអនុគណ ស្រុកកំពង់ស្ពាន ក៏ត្រូវយួនចាប់ខ្លួននៅឆ្នាំ ១៩៨៥ ដំណាលគ្នានឹង ព្រះតេជព្រះគុណ ព្រះនាម សុមន៍ វត្តសាលវ័ន (តាអោក) ដែលត្រូវជាព្រះគ្រូវិបស្សនាចារ្យ របស់ព្រះអង្គ និងព្រះតេជព្រះគុណ ព្រះចៅអធិការ វត្តជោវ័នសង្វាមាស (បាត់ក្រមា) ព្រះនាម ថាញ់ ជាបញ្ញវ័ន្តមួយអង្គមានព្រះរូបឆោមសង្ហា ល្បីល្បាញនៅស្រុកកំពង់ស្ពាន ព្រមទាំងព្រះឧទ្ទេសាចារ្យ ព្រះនាម យ៉ឿង នៅវត្តសង្វរថ្មមាស (អូរទទឹង) ក៏ត្រូវចាប់សម្រាតស្បង់ចីពរបង្ខំឲ្យសឹកទាំងកំរោល ករណីនេះបើវិនិច្ឆ័យដោយធម្មវិន័យទៅ ឃើញថាមិនខុសពីកាលពុទ្ធសម័យ ចោរលួចសម្រាតយកស្បង់ចីពរព្រះថេរៈនៅក្នុងព្រៃនោះទេ គឺលោកមិនបានសឹកទេ មិនដាច់ភាវៈជាភិក្ខុឡើយ ព្រោះភាវៈជាភិក្ខុដែលសម្រេចដោយឧបសម្បទាកម្មរបស់សង្ឃ មិនមែនផុយស្រួយដាច់ដោយងាយ ៗ បែបនេះឡើយ ។ ចោរយួនអាចលួចស្បង់ចីពរជាគ្រឿងបរិក្ខារបួស របស់ព្រះអង្គពីខ្លួនបានមែន តែមិនអាចលួចនូវភេទជាភិក្ខុរបស់ព្រះអង្គបានឡើយ ទោះជាចោរយួនបានដោះស្បង់ចីពរព្រះអង្គ ហើយបង្ខំបំពាក់អាវខោបញ្ជូនទៅពន្ធនាគារចម្ការអ៊ុងហាម នៅភូមិតាដេវ ជាប់នឹងភូមិឫស្សីស្រុកបានដូចបំណង ក៏នៅតែមិនអាចចាប់ព្រះឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដាក់គុកបានឡើយ ។
ព្រះតេជព្រះគុណបានដំណាលពីជីវិតព្រះអង្គក្នុងគុកកុម្មុយនីស្តថា នៅពេលថ្ងៃយួនចាប់ទៅធ្វើការលីសែងនៅរានផ្សារអាចម៍ជ្រូកមួយ នៅក្បែរវត្តវេឡុវ័ន (ឫស្សីស្រុក), ពុទ្ធបរិស័ទ ជាពិសេសយាយ ៗ រក្សាឧបោសថ ឃើញព្រះអង្គត្រូវយួនធ្វើបាបបែបនោះក៏យំបោកខ្លួន តែត្រូវយួនគំរាមមិនឲ្យយំ វាថាបើហ៊ានយំវាចាប់ដាក់គុក ។ ដោយយួនចាប់បង្ខំឲ្យព្រះអង្គសឹកតាមចិត្តមិនបាន បានត្រឹមតែលួចស្បង់ចីពររបស់លោក តែលួចភេទបព្វជិតរបស់លោកមិនបាន គឺលោកនៅតែកាន់សមណភាពខ្ជាប់ខ្ជួនដដែល មិនព្រមឆាន់ចង្ហាន់វេលាវិកាលតាមការបង្ខំ យួនវាខឹងណាស់ ក៏ប្រើមធ្យោបាយថោកទាប ដោយប្រើលោកឲ្យធ្វើការធ្ងន់ ៗ តាំងពីព្រឹកទល់ព្រលប់ដោយមិនប្រគេនចង្ហាន់ព្រឹក និងចង្ហាន់ត្រង់ឲ្យគ្រប់គ្រាន់ លុះដល់ពេលរសៀលទើបវាលើកម្ហូបមហាស្រាបាយត្រីសាច់ឆ្ងាញ់ ៗ មកឲ្យលោក ដោយគិតថាលោកឃ្លានទ្រាំមិនបាន គង់តែឆាន់ ហើយវានឹងបានបន្តុះបង្អាប់បន្ថោកបន្ទាបព្រះអង្គ ។ មិនតែប៉ុណ្ណោះ នៅពេលយប់ជ្រៅរនោចខែងងឹត យួនតែងតែចាប់ព្រះអង្គគ្របមុខដោយគម្របសំពត់ពណ៌ខ្មៅបណ្តើរទៅ ដូចជាបណ្តើរអ្នកទោសប្រហារជីវិតទៅកាន់ឃាតដ្ឋានជារឿយ ៗ ។ លុះបណ្តើរទៅដល់ព្រៃងងឹតឈឹង មិនដឹងទិសតំបន់ មានយួន ៤ , ៥ នាក់មាឌដំបងដូចក្របីព្រៃ ដៃកាន់ដំបង កាន់ពូថៅ កាន់កាំបិត កាន់កាំភ្លើង ដោយមើលឃើញស្ទុង ៗ ដូចឃើញប្រេតបិសាចកណ្តាលព្រៃខ្មោច ។ លោកថា ពួកនេះកាចសាហាវជាងបិសាចទៅទៀត វាលោតលោចូលទាំងជំហរមកសង្គ្រប់តប់ទាត់ធាក់លោកឥតត្រាប្រណី ហើយសម្លុតគំរាមថានឹងអារក បាញ់បំបែកក្បាល ជីករណ្តៅកប់ទាំងរស់ជាដើម បើលោកមិនព្រមសារភាពកំហុស ហើយរាយការណ៍ប្រាប់ពីសមាសភាពអ្នកស្នេហាជាតិដទៃទៀត តែលោកមិនព្រមឆ្លើយជាដាច់ខាត វាក៏យកកាំបិតជន្លពុតធ្វើជាកាប់ខុសវិះដាច់ក ភ្ជង់កាំភ្លើង ពុតធ្វើជាបាញ់ខុសជ្រលិះត្រូវក្បាលជាដើម តែនៅតែមិនបានការណ៍អ្វីពីលោកទាល់តែសោះ គឺយួនវាធ្វើបែបនេះជានិច្ចដាក់លោកក្នុងពេលលោកនៅក្នុងគុក ។
ក្រោយពីយួនដោះលែងចេញពីគុកវិញ ព្រះតេជព្រះគុណគ្រប់ព្រះអង្គដែលត្រូវយួនចាប់នោះ ក៏និមន្តទៅវត្តរៀង ៗ ខ្លួន ; ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ ព្រោះអធិការវត្តសង្វរថ្មមាស (អូរទទឹង) អនុគណវ័យក្មេង ស្រុកកំពង់ស្ពាន ត្រូវរបួសបាក់ឆ្អឹងជំនីរ និងរងការឈឺចាប់ទាំងកាយចិត្តហួសគណនា, ឯព្រះតេជព្រះគុណ ព្រះនាម ថាញ់ ព្រះចៅអធិការវត្តជោវ័នសង្វាមាស (បាត់ក្រមា) ក៏សុគតរលត់រូបកាយ ក្រោយពីនោះតែប៉ុន្មានខែប៉ុណ្ណោះ, ចំណែកឯព្រះវិបស្សនាចារ្យ ព្រះនាម សុមន៍ វត្តសាលវ័ន (តាអោក) ក្រោយមកក៏លាចាកសិក្ខាបទ នៅមានជីវិតរស់នៅភូមិតាអោកដល់សព្វថ្ងៃ ។
ចំណុចសំខាន់មួយទៀត ដែលលោកដំណាលប្រាប់ខ្ញុំ ទាំងអស់សំណើចបណ្តើរថា ” ជាង ២ ឆ្នាំជាប់គុក (?) អញពុតធ្វើមិនចេះយួន ទោះវានិយាយ វាជេរប្រមាថអញយ៉ាងណាក៏អញមិនខ្ចីធ្វើដឹង វាខឹងអញណាស់ វាហៅខ្មែរក្បាលយួនជាបាវបម្រើរបស់វាមកនិយាយគ្នានឹងអញ អញថាអញមិនចេះយួន, តែដល់ថ្ងៃវាដោះលែង វាធ្វើក្រដាសឲ្យអញរួច អញភ្លេច ! ភ្លាត់មាត់ថា កាមអឺង ! (អរគុណ) វាជេរអញថា យើះ ! ពីយូរមកធ្វើជាមិនចេះយួនបោកអញសោះ” ។ តាមពិតចំណុចនេះមិនមែនលោកអនុវត្តតែក្នុងគុកទេ តែក្នុងមួយជីវិតរបស់លោក គឺពុតធ្វើមិនចេះយួនជារៀងរហូតដល់ជីវិតាវសាន, កាលបើលោកមានព្រះថេរដីកាជាភាសាយួនម្តង សិស្សគណ ឬពុទ្ធបរិស័ទនៅជុំវិញ ស្ទើរតែគ្មាននរណាមួយទ្រាំមិនសើចបានទេ មានអ្នកខ្លះទ្រាំចុកពោះ មុខឡើងក្រហម ក្នុងនោះខ្ញុំសង្កេតឃើញសិស្សគណមួយអង្គ ឈ្មោះ យឿន ជាមិត្តជិតស្និទ្ធនឹងខ្ញុំ លោកច្រើនតែផ្ទុះសំណើចឡើង សើចហស ៗ បិទមាត់រត់ចេញទៅក្រៅ, ចំណែកព្រះឧបជ្ឈាយ៍ក៏ព្រះអង្គសើចដែរ, សរសេរដល់នេះ ខ្ញុំហាក់ដូចជាឃើញព្រះភ័ក្ត្រព្រះឧបជ្ឈាយ៍កំពុងស្ថិតនៅចំពោះមុខអ៊ីចឹង ទន្ទឹមនឹងនេះខ្ញុំក៏រឹតតែឆ្ងល់ថា តើព្រះឧបជ្ឈាយ៍ដែលមានបញ្ញាវៃឈ្លាសបែបនេះ ហើយត្រូវប្រឈមនឹងយួនពេញមួយជីវិត មិនចេះភាសាយួនយួនមែនឬ ? ។
៦. អំពីសមណសក្តិ៖
ឆ្នាំ ១៩៨០ បានទទួលឋានៈជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ និងជាអនុគណ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ជារៀងដរាបមកដល់ ឆ្នាំ ២០១៥ ។
ឆ្នាំ ២០០២ បានទួលឋានៈជាព្រះមេគណរង ខេត្តព្រះត្រពាំង ។
ជាសមាជិកអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង ។
ជាឧត្តមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាស្រុកកំពង់ស្ពាន ។
៧. អំពីស្នាព្រះហស្តក្នុងវត្ត៖
ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ បានលក់ដីស្រែចំនួន ២៧ កុងជាកេរមត៌កដែលញោមរបស់ព្រះអង្គចែកឲ្យ យកមកកសាងក្លោងទ្វារ និងរបងវត្ត ។
ព្រះអង្គបានរៀបចំពង្រាបដីផ្ទៃវត្តដែលក្រហេងក្រហូង អណ្តូង រណ្តៅ ស្មៅព្រៅ ព្រៃ បន្លា ឲ្យរាបស្មើ ។
ព្រះអង្គបានកសាងសាលារៀន ១ ខ្នង, កុដិ ៣ ខ្នង, សាលាធម្មសភា ១ ខ្នង, បង្គន់អនាម័យ ១ ខ្នង, ជួសជុលព្រះវិហារដែលមានអាយុកាលជាង ៨០ ឆ្នាំឲ្យមាំមួនដើម្បីរក្សាកេរដំណែលវប្បធម៌, ជួសជុលសាលាធម្មសភា, ក្រាលផ្ទៃវត្តដោយកម្រាលឥដ្ឋស៊ីម៉ងត៍ និងសាងមហាកុដិ ១ ខ្នង, សាងបង្គោលទង់ និងពុទ្ធប្បដិមាទ្រង់ប្រទានពរ ខាងមុខបង្គោលទង់, សាងសំវេជនីយដ្ឋាន ៣ កន្លែង គឺ ទី ព្រះពុទ្ធទ្រង់ត្រាស់ដឹង ១, ទ្រង់ប្រសូត ១, ទ្រង់បរិព្វាន ១ និងសមិទ្ធផលមួយចំនួនទៀត ។
នៅឆ្នាំ ១៩៧២ ក្នុងកាលព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ នៅជាលោកគ្រូសូត្រ មានវ័យ ២៥ ឆ្នាំ បានកសាងវត្តរតនសាគរ (ព្រើម) នៅភូមិព្រើម ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ដែលមានចម្ងាយប្រមាណ ៤ គីឡួម៉ែត្រពីវត្តសង្វរថ្មមាស (អូរទទឹង) ។
ព្រះអង្គបានជាវស្នាមព្រះបាទនៃព្រះសម្មាសម្ពុទ្ធ ប្រគេនគ្រប់ ១៤២ វត្តទូទាំងខេត្តព្រះត្រពាំង ។ ប្រគេនបាន ១៤ វត្តនៅខេត្តមាត់ជ្រូក ។ ប្រគេនគ្រប់ ១៣ វត្តទូទាំងខេត្តវិញឡុង តែមានវត្តមួយមិនទទួលយក ព្រោះក្នុងវត្តមានស្នាមព្រះបាទហើយ ។ សរុបទាំងអស់ មានចំនួន ១៦៨ វត្ត ក្នុងមួយវត្តព្រះអង្គប្រគេនមួយផ្ទាំងពុទ្ធបាទប្បដិមា ក្នុងមួយផ្ទាំងពុទ្ធបាទប្បដិមា តម្លៃ ១.៥០០.០០០ ដុង (មួយលានប្រាំរយពាន់ដុង) បើសរុបជាទឹកប្រាក់ចំនួន ២៥២.០០០.០០០ ដុង (ពីររយហាសិបពីរលាន) ។
ព្រះអង្គទទួលនាទីជាប្រធានចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមាទាំងសង្ឃកម្ម ទាំងរៀបចំសណ្តាប់ធ្នាប់ របៀបរបប សម្អិតសម្អាងរចនា មហាសាល និងមណ្ឌលតាំងពិពរណ៍ ព្រមទាំងភ្នំពាន់ ។ វត្តដែលព្រះអង្គបាននិមន្តទៅចាត់តាំងទាំងក្នុង និងក្រៅខេត្ត រួមមាន ៖
ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ចំនួន ១១ វត្តគឺ៖
១. វត្តមុនីរង្សី (មេពាំង), ២. វត្តទេពឧទ្យាន (តាដេវ), ៣. វត្តវេឡុវ័ន (ឫស្សីស្រុក), ៤. វត្តព្រលានមានជ័យ (ចុងព្រលាន), ៥. វត្តរតនសាគរ (ព្រើម), ៦. វត្តពោធិមានជ័យសិរីឧត្តម (ត្បូងព្រែក ឬពោធិ៍ធំ), ៧. វត្តពោធិវ័ន (អូរសំពៅ), ៨. វត្តភិរម្យរាជ (ភិរម្យសុខ), ៩. វត្តរតនទីបារាមកោះកែវ (អូរមិច) ១០. វត្តពោធិភិរម្យរង្សី (ពោធិបឹង), ១១. វត្តសម្បួររង្សី (សម្បួរ) ។
ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ចំនួន ៧ វត្តគឺ៖
១ វត្ត អរុណរង្សីចាកអាគ្រោង (ដាយត្រឿង), ២. វត្តសាសនសាមគ្គីរង្សី (អូរត្រាវ), ៣. វត្តកំពង់ឈូក (ផ្នោសង្ក្រម), ៤. វត្តសុវណ្ណនិគ្រោធ (ជ្រៃភេ) ៥. វត្តស្ទឹងមានជ័យសិរីឧត្តម (អូរវែងថ្មី), ៦. វត្តនទីសមន្តា (អូរវែងចាស់), ៧. វត្តសាមគ្គីមុនីសុវណ្ណមនទី (ដៃទទឹង) ។
ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ចំនួន ៤ វត្តគឺ៖
១. វត្តចំប៉ីសោភ័ណ (ត្រោកកើត), ២. វត្តកំពង់និគ្រោធ (កំពង់ជ្រៃ), ៤. វត្តក្រពុំឈូក (ក្នក), ៤. នៅថ្ងៃ១៤កើតខែអាសាធ ឆ្នាំមមី ឆស័ក ព. ស. ២៥៥៨ គ.ស. ២០១៤ ព្រះអង្គបាននិមន្តទៅកាន់ភូមិអូរតាពៅ ចូលរួមសម្ដែងទី កសាងវត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) ។
ស្រុកថ្កូវ ខេត្តព្រះត្រពាំង ចំនួន ៤ វត្តគឺ៖
១. វត្តផ្នោរអំពូង, ២. វត្តស្វាយសៀមចាស់, ៣. វត្តសុវណ្ណវិជ័យ (ជ្រៃគោក), ៤. វត្តបង្រៃចាស់ ។
ស្រុកផ្នោរដាច់ ខេត្តព្រះត្រពាំង ចំនួន ២ វត្តគឺ៖
១. វត្ត កងចក្ការាម (ធ្លក), ២. វត្តប្រហូត ។
ខេត្តលង់ហោរចំនួន ៣ វត្តគឺ៖
១. វត្តតាសែន, ២. វត្តអង្គុលីរាជាសេរីឧត្តម (អង្គុលីខាងត្បូង), ៣.វត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង) ។
៨. អំពីការអនិច្ចធម្ម៖
ឆ្នាំថោះត្រីស័ក ព.ស. ២៥៥៥ គ. ស. ២០១១ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ចាប់មានព្រះរោគាពាធបេះដូង ជាទម្ងន់ គណៈកម្មការ ពុទ្ធបរិស័ទ និងព្រះសង្ឃជាសិស្សគណទាំងឡាយបាននិមន្តព្រះអង្គទៅព្យាបាលនៅមន្ទីរពេទ្យចើរ៉ៃ ទីក្រុងព្រៃនគរ អស់រយៈពេល ២៥ ថ្ងៃ ។
ថ្ងៃ ១២ កើតខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ គ. ស. ២០១៤ ព្រះតេជព្រះគុណ វិភទ្ទញ្ញាណ ឡឹម ពៅ ចាប់មានព្រះរោគាពាធថ្លើមជាទម្ងន់ ជាថ្មីម្តងទៀត គណៈកម្មការ និងពុទ្ធបរិស័ទ ព្រមទាំងព្រះសង្ឃជាសិស្សគណទាំងឡាយបាននិមន្តព្រះអង្គទៅព្យាបាលនៅមន្ទីរពេទ្យចើរ៉ៃ ទីក្រុងព្រៃនគរ, តែទីបំផុតគ្រូពេទ្យបានឆ្លើយប្រាប់ថា សូមឲ្យនិមន្តព្រះអង្គត្រឡប់មកវត្ត រកថ្នាំខ្មែរព្យាបាលវិញចុះ ព្រោះជម្ងឺរបស់ព្រះអង្គឈានដល់ដំណាក់កាលចុងក្រោយហើយ ។ ព្រះសង្ឃជាសិស្សគណ និងគណៈកម្មការ ពុទ្ធបរិស័ទ កាលបើបានឮលោកគ្រូពេទ្យប្រាប់ដូច្នោះ, ម្នាក់ ៗ ក្ដុកក្ដួលអួលអាក់ ទឹកភ្នែកសស្រាក់ហូរជោគផែនថ្ពាល់, ព្រោះនឹកខ្លោចផ្សាចិត្តអាណិតព្រះអង្គហួសនឹងថ្លែង, សិស្សគណរាប់រយ រាប់ពាន់អង្គនិងរូប តែមិនមានអ្នកណាម្នាក់អាចជួយព្រះអង្គបានទាល់តែសោះ ។ ពេលត្រឡប់មកវត្តវិញ គណៈកម្មការ និងពុទ្ធបរិស័ទ ព្រមទាំងសិស្សគណទាំងឡាយ ក៏ខំប្រឹងខ្នះខ្នែងរកថ្នាំខ្មែរមកព្យាបាលប្រគេនព្រះអង្គតាមបណ្ដាំគ្រូពេទ្យ ។ ទន្ទឹមនឹងនោះព្រះសង្ឃនិងគណៈកម្មការពុទ្ធបរិស័ទក្នុងវត្ត និងមកពីវត្តផ្សេងៗ ទាំងឆ្ងាយជិត ក៏បាននិមន្តនិងអញ្ជើញមកសូមចម្រើនព្រះបរិត្តប្រគេនព្រះអង្គស្ទើរតែពុំមានថ្ងៃលោះខាន ។ ប៉ុន្តែអាពាធរបស់ព្រះអង្គពុំបានធូរស្រាលទាល់តែសោះ បើទុកជាព្យាបាលដោយថ្នាំខ្មែរក្តី ដោយថ្នាំបារាំងក្តី គឺនៅតែទៅព្យាបាលនៅមន្ទីរឯកជនពិសេសមួយនៅក្រុងព្រៃនគរ ជារៀងរាល់ខែ ក្នុងមួយខែត្រូវទៅ ៣ លើកដើម្បីពិនិត្យព្យាបាល ។
លុះចូលមកដល់ថ្ងៃអាទិត្យ ១២ កើត ខែ ផល្គុន ឆ្នាំ មមី ឆស័ក ព. ស.២៥៥៨ ត្រូវនឹងថ្ងៃទី ០១ មីនា គ.ស. ២០១៥ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ បានទទួលអនិច្ចធម្មវេលាម៉ោង ៥ : ១៥ នាទីល្ងាច ក្នុងជន្មាយុ ៦៨ ឆ្នាំ វស្សាផ្នួស ៥៥ វស្សា ក្នុងមហាកុដិដែលព្រះអង្គទើបតែគង់នៅបាន ៦ ខែ ដោយសិស្សគណទាំងឡាយសាងប្រគេន ។
ព្រះថេរជីវប្រវត្តិសន្មតចប់ដោយសង្ខេប
រៀបរៀងដោយ ហ្វិញ សុភា និងថាច់ សុភាព
អ្នកជីវប្រវត្តិនៅរាត្រីបូជាព្រះភ្លើង ដោយព្រះចៅអធិការ វត្តសាសនសាមគ្គីរង្សី អូរត្រាវ ថាច់ លឹម ស៊ី (ម៉័ន) និងអត្ថាធិប្បាយពេលនាំព្រះភ្លើងមកបូជា
Chủ Nhật, tháng 1 31, 2016
Thứ Năm, tháng 1 28, 2016
ព្រះវិហារវត្តខ្មែរក្នុងស្រុកកញ្ចោង ខែត្រព្រះត្រពាំង
ព្រះវិហារវត្តខ្មែរក្នុងស្រុកកញ្ចោង ខែត្រព្រះត្រពាំង
ព្រះវិហារវត្តខ្មែរក្នុងស្រុកកញ្ចោង ខែត្រព្រះត្រពាំង
Đăng ký:
Bài đăng (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥