សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Chủ Nhật, tháng 6 28, 2020
Thứ Sáu, tháng 6 26, 2020
ព្រចេតិយ ៤ កន្លែង
សេចក្ដីផ្ដើម
ចេតិយ ជាសាសនវត្ថុបញ្ជាក់អំពីមរតកសាសនាដែលមានពាសពេញសម្រាប់ ប្រទេសកាន់ព្រះពុទ្ធសាសនា ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ហើយចេតិយ នេះ មានសារសំខាន់សម្រាប់ប្រជាជនខ្មែរជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា ដោយគេតែង លើកកំពស់ថាជាវត្ថុស្ថាន ដែលត្រូវគោរក្នុងន័យបញ្ជាក់អំពីតំលៃនៃសីលធម៌និងគុណ ធម៌។
ដូច្នេះក្នុងការសិក្សានេះ គ្រាន់តែជាផ្នែកមួយនៃការចូលរួមសំដែងទស្សនគតិ ហើយក៏ចូលរួមផ្នែកការអនុរក្សសម្បតិ្ដវប្បធម៌ខ្មែរ ព្រមទាំងមានបំណងដើម្បីផ្សព្វ ផ្សាយក្នុងគេហទំព័រ«សាសនានិងអក្សរសិល្ប៍ខ្មែរ» ។
អត្ថន័យ
ចេតិយ ( ន.នាមសព្ទ )តាមវចនានុក្រុមសម្ដេចជួនណាត អោយអានថា [ចេដី ឬ ចែដី ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) (ចៃត្យ) ដែលមានន័យថា ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅ ចេតិយ ទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើម នោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន); គួរសរសេរ ចេតិយ ឬ ចៃដី ។
ប្រភេទចេតិយក្នុងព្រះពុទ្ធសាសនា
តាមគម្ពីរព្រះពុទ្ធសាសនាចេតិយបែងជា ៤ ប្រភេទគឺ៖
១.ធាតុចេតិយ គឺវត្ថុស្ថានដែលគេសាងដើម្បីបញ្ចុះព្រះបរមសរីរិកធាតុរបស់ព្រះពុទ្ធ ជាម្ចាស់ ក្រៅពីនេះ សម្រាប់បញ្ចុះធាតុព្រះមហាក្សត្រ។ ចេតិយធាតុនេះតាមភាសាឥណ្ឌាហៅថា សិរីកស្ថូប។
២.បរិភោគចេតិយ គឺជាវត្ថុស្ថានដែលសាងឡើងដើម្បីតំកល់វត្ថុប្រើប្រាស់របស់ព្រះពុទ្ធ ជាម្ចាស់។ព្រះពុទ្ធជាអង្គទ្រង់បានអនុញ្ញាតិអោយសាងដើម្បីជាអនុស្សារណៈនៅពេលដែលទ្រង់បរិនិព្វានទៅ ដូចជាសង្វេជនីយស្ថាន ៤ កន្លែងគឺ ឧទ្យានលម្ភិនីចេតិយ គីកន្លែងដែលព្រះអង្គប្រសូតិ។ ឧរុវេលាសេនានិគម(ពុទ្ធគយា)គឺកន្លែងដែលទ្រង់ត្រាស់ដឹង។ ព្រៃឥសិបតនមិគទាយវន្ដ(សារនាថ)គឺជាកន្លែងដែលទ្រង់សម្ដែងបឋមទេសនា។ វនោទ្យាន ក្រុងកុសិនារាគឺជាកន្លែងដែលព្រះអង្គទ្រង់បរិនិព្វាន។
៣. ធម្មចេតិយ បានដល់ចេតិយ ឬទីតំកល់គម្ពីរព្រះពុទ្ធសាសនា ។
៤.ឧទេសិកចេតិយ បានដល់វត្ថុស្ថានដែលសាងដើម្បីឧទ្ទិសដល់ព្រះពុទ្ធជាម្ចាស់ ដូចជាព្រះពុទ្ធរូប ធម្មចក្រជាដើម។
ចេតិយតាមទស្សនៈប្រវតិ្ដបុរាណវិទ្យា
ប្រវត្ដិព្រះបរមធាតុ
ព្រះបរមធាតុជាធាតុដែលពុទ្ធបរិស័ទទូទាំងពិភពលោកធ្វើសេចក្ដីគោរព ជាវត្ថុស័ក្ដសិទ្ធ បំផុត ក្រោយពីព្រះបរមសាស្ដាចូលបរិនិព្វាន្ដ សាវកទាំងឡាយបានធ្វើឈាបនកិច្ចយ៉ាង ឱឡារិត។ ក្រោយពីរំលាយព្រះពុទ្ធកាយមក ពួកមល្លក្សត្របានអារាធនាបរមធាតុដាក់ក្នុង«សុវណ្ណទោណ » ដោយឧទ័យវត្ថុទាំងឡាយមានផ្ដាភ្ញីគ្រឿងក្រអូបជាដើម បន្ទាប់មក យកតំកល់ទុកក្នុងសត្ដរតន មយ បល្លង្គ។ ព្រះបាទអជាសត្រូវនៃនគរមាគនផ្ញើទូតមកសូមព្រះបរមសារីរិកធាតុ តែត្រូវ មល្លក្សត្រ បដិសេធ។
ការបដិសេធរបស់ពួកមល្លក្សត្រនេះ បានបង្ករនូវទំនាស់យ៉ាងក្រៃលែងរហូតធ្វើអោយ មានសង្រ្គាមបណ្ដាលមកពីការចែករំលែងនូវព្រះបរមសារីរិកធាតុមិនយុត្ដិធម៌ ពីព្រោះអ្នកកាន់ពុទ្ធសាសនាក្នុងសម័យនោះគោរពបដិត្តិមិនថាវត្ថុធាតុនៃព្រះពុទ្ធ ឬព្រះធម៌ ដូច្នេះ ជាធម្មតាសម្រាប់អ្នកមិនបានទទួលព្រះបរមសារីរិកធាតុត្រូវរកវិធីគ្រប់បែបយ៉ាង ដើម្បីអន្ដរាគម ទោណព្រាហ្មាណ៍ ដែលជាគ្រូនិងជាបុគ្គលត្រូវបានគេគោរពបូជាម្នាក់របស់ក្សត្រទាំងនោះ បានចូលខ្លួនមកដោះ ស្រាយ បញ្ហានេះ ពីព្រោះទោណព្រាហ្មណ៍គិតថា ព្រះសារីរិកធាតុជាសម្បតិ្ដឧត្តមមិនគួរធ្វើការវិវាទគ្នាព្រោះ រឿងនេះ គួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយចំពោះគ្នា គួរចែករំលែកព្រះបរមសារីរិកធាតុ ស្មើគ្នា។
ដោយសារទំនុបចិត្តលោកទោណព្រាហ្មណ៍ ក្សត្រទាំងនោះបានផ្ដល់តួនាទីអោយទោណព្រាហ្មណ៍ ចាត់ចែងតាមគួរសម ដូច្នេះទោណព្រាហ្មណ៍ចែកជា៨ ចំណែក ក្នុងន័យផ្សព្វផ្សាយព្រះពុទ្ធសាសនា ទៅកាន់ទិសទាំង ៨ ទទឹមនិងនេះ ទោណព្រាហ្មណឯងលួចយកព្រះចម្កូមកែវដាក់ក្នុងផ្នួងសក់របស់ខ្លួន តែត្រូវសក្កទេវរាជយកពីទោណព្រាហ្មណ៍មកតំកល់ទុកក្នុងចុឡមនីចេតិយក្នុងសក្កទេវវិមាន។ ចំណែក ក្សត្រមោរិយៈក្រុងបុប្ផលិវ័ន មកដល់ក្រោយគេ ទទួលបានតែអង្គារៈ(ធ្យូង)មកតំកលទុកក្នុងនគរ របស់ ខ្លួនដោយធ្វើស្ដូបយ៉ាងល្អវិចិត្រ។
បញ្ហាផ្នែកនយោបាយបានធ្វើអោយសង្គមពុទ្ធក្នុងសម័យនោះត្រូវបែកបាក់គ្នា ចំណែកស្ដូបតំកល់ ព្រះ បរមសារីរិកធាតុទាំង ៨ កន្លែងក្នុងប្រទេសទាំង៨ ដែលជាទីគោរពរបស់មនុស្ស និងទេវតានោះត្រូវ ប្រឈមមុខនឹងសង្គ្រាម ដូច្នេះដើម្បីរក្សាព្រះសារីរិកធាតុគង់នៅអស់កាលកប្ប ព្រះមហាថេរនាមព្រះ មហាកស្សបៈបានណែនាំព្រះបាទអជាតសត្រូវសាងព្រះស្ដូបចេតិយក្នុងដី។ ក្នុងសម័យព្រះបាទ អសោកមហារាជ ពុទ្ធសត្ដវត្សទី៣បាននិមន្ដព្រះសារីរិកធាតុចេតិយនោះមកតំលក់ទុកក្នុងព្រះស្ដូប ចេតិយក្នុងជំពូកទ្វីបដើម្បីជាទីសក្ការបូជាដល់មនុស្សនិងទេវតាទាំងឡាយ។
ព្រះមហិន្ទថេរៈព្រះរាជឱរសរបស់ព្រះបាទអសោកមហារាជមកផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងកោះ លង្កា តែងតែធ្វើដំណើរមកធ្វើសក្ការបូជាព្រះបរមសារីរិកធាតុ។ សមនសាមណេរដែលជាសិស្សរបស់ព្រះមហិន្ទថេរបានបិណ្ឌបាតព្រះបរមសារីរិកធាតុពីទេវានម្បិយតុស្សៈនិងព្រះបាទអសោកមហារាជ មកតំកល់ទុកក្នុងកោះលង្កា ដោយឆ្ពោះព្រះសារីរិកធាតុបានពីព្រះបាទអសោកមហារាជត្រូវយកមក តំកល់ទុកក្នុងស្ដូបអនុរាធបុរៈ ចំណែកឯព្រះអក្ខកធាតុ(ឆ្អឹងកាំបិតស្មាខាងស្ដាំ)បានពីសក្កទេវរាជមកតំកល់ទុកក្នុងថូបារាម។
ឯកសារប្រវត្តិវត្តឧណ្ណាលោមព្រះនិពន្ធដោយសម្ដេចព្រះសង្ឃរាជជួនណាត ថា ចេតិយវត្ដ ឧណ្ណាលោមតំកល់ព្រះលោមធាតុ(រោមភ្នែកព្រះអរហន្ដ) សម្ដេចមានព្រះសំណេរថាចេតិយ នេះ មិនជាដឹងសាងនូវសត្ដវត្សទីប៉ុន្មានទេ ព្រោះសិលាចារិករបស់ចេតិយនេះមានចំណាស់ណាស់ ហើយពិបាកនឹងអានយល់ដឹង។យើងអាចសន្និដ្ឋានបានថា ចេតិយនេះ មិនត្រឹមតែសម្រាប់តំលក់ព្រះ លោមធាតុនោះទេ ប្រហែលជាតំលក់ព្រះធាតុផ្សេងៗទៀត ពីព្រោះ ព្រះពុទ្ធសាសនា ផ្សាយចូលមក ក្នុងទឹកដីសុវណ្ណភូមិក្នុងនោះមានប្រទេសកម្ពុជានេះឯង។ លោកអៀន ហារិសក្នុងសៀវភៅ Cambodian Buddhism , History and Practice ,និងBuuddism under Pol Pot បាន បញ្ជាក់ថាក្រោយពីសង្គ្រាមខ្មែរក្រហម ប្រទេសកម្ពុជាបាន ដង្ហែរព្រះសារីរិកធាតុមកតំកល់ក្នុងវត្តភ្នំ ក្រោយមកតំលក់ក្នុងក្រុងឧដុង្គដោយមានសម្ដេចព្រះបាទនរោតមសីហនុ ព្រះញាតិសានុវង្ស និងមន្ដ្រីរាជការដោយមានលោកនាយកមន្ដី្រហ៊ុន សែនបានចូលរួមក្នុងពិធីនេះផងដែរ។ ក្នុងពេលថ្មី ៗ នេះ ពុទ្ធសាសនិជនកម្ពុជាក្រោយការដឹក នាំរបស់ភិក្ខុធម្មានន្ទ និងសហការិយ៍នៃ សកលវិទ្យាល័យ បញ្ញា សាស្ដ្របានអារាធនាព្រះសារីរិកធាតុពីប្រទេសស្រីសង្កាមកតំកល់ទុកក្នុងប្រទេសកម្ពុជាក្នុងថ្ងៃ១៤ កើត ខែផល្គុន ព.ស.២៥៥៣ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភះ ២០១០។
ចាប់តាំងពីព្រះពុទ្ធសាសនាផ្សាយចូលមកក្រុមប្រទេសសុវណ្ណទ្វីប ដោយព្រះភិក្ខុសោណថេរ និងឧត្ដរថេរបាននាំមកនូវទាំងធាតុចេតិយ ធម្មចេតិយនិងឧទេសចេតិយផងដែរ ប្រទេសកម្ពុជា។
២.បរិភោគចេតិយ
ព្រះពុទ្ធអង្គមុននិងបរិនិព្វាន្ដ ទ្រង់ពុទ្ធានុញ្ញាតិអោយពុទ្ធសាសនិកជនសាងវត្ថុទីរលឹក ក្នុងទីបួនស្ថាន ហើយទ្រង់ត្រាស់ថាបុគ្គលណាបានចូលមកក្រាបសក្ការបូជាសាសនស្ថានទាំង ៤ នេះនឹងបានកុសល ពេលអស់សង្ខារនឹងបានចូលទៅកាន់សុគតិភព។
ក.ឧទ្យានលុម្ពិនីចេតិយ គីជាទីកន្លែងដែលព្រះអង្គប្រសូតិ។ ក្នុងសម័យពុទ្ធកាល លុម្ពិនី(Lumbini)នេះស្ថិតនៅរវាងនគរកបិលភ័ស្ដនិងនគរទេវទហៈ។ក្រោយពីព្រះពុទ្ទបរិនិព្វាន ព្រះបាទអសោក មហារាជបានសាងសរសរខ្នាតធំ តំកល់ទុកតំបន់ប្រសូត្រ ហៅថាសរសរអសោកដោយ មានចារ ជាសិលាចារិក។
ក្រោយពីរាជសម័យរបស់ព្រះបាទអសោកមហារាជ លុម្ពិនីវ័នត្រូវបានរលត់រលាយពីប្រវត្តិសាស្ដ្រជិត ៧០០ ឆ្នាំ ប្រហែលជាក្នុងខ្ទង់ឆ្នាំ ៩០០នៃព.ស.ទើបមានភិក្ខុចិននាមហ្វាហៀនបានធ្វើដំណើរមកកាន់តំបន់នេះហើយបានបញ្ចាក់ថាមានស្រះទឹក លុម្ពិនីវន្ដនេះនៅឆ្ងាយពីក្រុងកបិលភ័ស្ដទៅកាន់ទិសខាងកើតប្រមាណ ១៤-១៦កីឡូម៉ែត្រ។ក្រោយមកភិក្ខុហៀនចាំង ឬស្គាល់ក្នុងនាម ព្រះសំចាំងបានធ្វើដំណើរមកកាន់លុម្ពិនីវ័ន បានកត់ត្រាលក្ខណៈស្រដៀងគ្នានិងភិក្ខុហ្វាហៀន តែក៏បានបន្ថែមទៀតថានៅជិតនោះមានដើមសាលៈជាដើមឈើដែលព្រះពុទ្ធអង្គប្រសូត្រ។
កិច្ចស្រាវជ្រាវផ្នែកបុរាណវិទ្យាដឹកនាំដោយលោក Sir Alexander Cunningham បានរកឃើញកន្លែងនេះដោយមានសិលាចារិកជាអក្សរព្រាហ្មណីក្នុងរាជកាលរបស់ព្រះបាទអសោកមហារាជ ហើយបានឃើញបុរាណស្ថានជាច្រើនកន្លែងដែលបានកំណត់កាលបរិច្ឆេទ ពីព.ស.៣០០-៩៥០ ក្នុង រាជវង្សមោរិយៈ វង្សសុង្សគៈ វង្សកុស្សណៈ និងសម័យកុបតៈ។
Sir Alexander Cunningham
បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល ក្រុងគោរាឍបុរៈ ជាប់ជាយដែនប្រទេសឥណ្ឌា ត្រូវ បានជាសម្បត្ដិវប្បធម៌ពិភពលោកដោយអង្គការយូនិស្កូចុះបញ្ចុះបញ្ជីក្នុង ១៩៩៦។ជាកន្លែងដែលពុទ្ធ សាសនិកជនទូទាំងពិភពលោកចូលមកធ្វើសក្ការបូជា រំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ «អនុស្សារស្ថាន»ក៏ដូចជាក្នុងន័យពុទ្ទានុស្សតិ។
ខ.ឧរុវេលាសេនានិគម(ពុទ្ធគយា- Bodh Gaya, Mahabodhi Temple)គឺជាកន្លែងត្រាស់ដឹង។ស្ថិតនៅក្នុងស្រុកគុយា រដ្ឋពិហារ ប្រទេសឥណ្ឌា មានវត្ដមួយឈ្មោះថាមហាពោធិស្ថិតនៅក្រោម ការរក្សារបស់គណកម្មការពុទ្ធនិងឥណ្ឌូ។
ពុទ្ធគយា បច្ចុប្បន្នស្ថិតនៅខាងកើតស្ទឹងនេរញ្ជរា មានចម្ងាយប្រមាណ ៣៥០ ម៉ែត្រ។និមិត្តនៃ ពុទ្ធគយាគឺស្ដូបមានទ្រង់ទ្រាយបួនជ្រួងស្រួតខ្ពស់ទៅលើ មានកំពុល ៥១ ម៉ែត្រដែលជាពស្ដុតាង បញ្ជាក់ថាជាកន្លែងព្រះពុទ្ធអង្គត្រាស់ដឹងដោយនៅបរិវេណវត្តមានដើមពោធិធំបែកមែកសង្ខាត្រសុំ ត្រសាយ ។នៅតំបន់នេះ ពេញទៅដោយសាសនវត្ថុនិងសាសនបុរាណពាសពេញគ្រប់ទីកន្លែងបញ្ជាក់ អោយឃើញថាជាកន្លែងឧត្តមមង្គល ត្រជាក់ត្រជុំ មនុស្សម្នាទូទាំងពិភពលោកមកកាន់តំបន់នេះសុទ្ធតែបាននូវទឹកអំរិតនៃសទ្ធា សេចក្ដីសុខ មានចិត្តជាសមាធិ។
ពុទ្ធាគយាក្រោយពីពុទ្ធបរិនិព្វាន
ពុទ្ធគយាជាពុទ្ធសា្ថនដែលជាអនុស្សារណស្ថាន រលឹកដល់ការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ សាងដោយព្រះបាទអសោកមហារាជ ហើយត្រូវបានបូរណៈគ្រប់យុគសម័យ រហូតមកដល់ទ័ពមុស្លិម(ចាម)ចូលមកវាយយកតំបន់នេះគ្រប់គ្រងហើយបំផ្លាញ់គ្រប់បែបយ៉ាងដែលទាក់ទងនិងព្រះពុទ្ធសាសនា សូម្បីតែព្រះភិក្ខុសាមណេរក្នុងសម័យនោះក៏ត្រូវធ្វើឃាតកម្មអស់មួយចំនួនធំ ភិក្ខុសាមណេរ ដែលនៅមានជីវិតព្រោះគេចពីកានធ្វើឃាតកម្មមកកាន់ប្រទេសជិតខាងដូចជាស្រីលង្ការនិងប្រទេសចិនជាដើម។
ពុទ្ធគយាមុននឹងត្រូវបានជួសជុល
រូបខាងលើនេះជារូបភាពមហាពោធិចេតិយ ដែលថតដោយលោកឆារល្ល៍ ដយល៍ក្នុងឆ្នាំ ១៩២៦ បញ្ជាក់អោយឃើញថា ជាសាសនស្ថានដែលត្រូវគេបោះបង់ចោលមិនមាន ការអនុរក្សថែរក្សា។
ចំណែកឯដើមពោធិជាសហជាតិ នៃព្រះសម្មាសម្ពុទ្ធ ក្នុងរវាងព.ស.៣៥២ ត្រូវបានបៀត បៀនដោយព្រះអគ្គមហេសីរបស់ព្រះបាទអសោកមហារាជ ដោយសារព្រះនាងច្រណែន ប្រច័ណ្ឌនិងព្រះបាទ អសោកមហារាជដែលទ្រង់យកចិត្តទុកដាក់ថែរក្សាតែដើមពោធិរហូតភ្លេចសេចក្ដីសុខជាមួយព្រះនាង តែយ៉ាងណាក៏ដោយដើមពោធិនេះត្រូវបានដាំជាថ្មីដោយព្រះបាទអសោកមហារាជទ្រង់យកពន្លូកចេញពីដើមពោធិដើមមកដាំ រហូតមានអាយុប្រមាណ ៨៧១-៩៨១ឆ្នាំ ត្រូវបំផ្លាញ់ដោយព្រះរាជាកាន់សាសនាឥណ្ឌូ ព្រះនាមព្រះបាទសសាង្កាក្សត្រនៃបេកលទ្រង់ច្រណែននិងការរីកចំរើនព្រះពុទ្ធសាសនា បានបញ្ជាអោយទាហារបំផ្លាញ់ តែត្រូវបានយកកូននិងពន្លូកមកដាំសារជាថ្មីដោយព្រះបាទបូរណវរមាជាក្សត្រចុងក្រោយបង្អស់នៃត្រកូលមោរយៈ។ ដើមពោធិទីបីនេះមានអាយុប្រមាណ ១២៥៨-១២៧៨ ឆ្នាំ ត្រូវបោះបង់ចោលគ្មានការថែរក្សាក្នុងសម័យដែលប្រទេសឥណ្ឌាស្ថិតនៅក្រោមការត្រួតត្រារបស់អណានិគមអង់គ្លេស តែត្រូវបានដាំសារជាថ្មីដោយលោក Sir Alexander Cunningham ជាអ្នកបុរាណវិទ្យា។
លោក(Sir Edwin Arnold) ជាកវីកាព្យដ៏ល្បីម្នាក់លើពិភពលោកបានធ្វើចំណាប់អារម្មណ៍ក្នុង បទកវី«ពន្លឺអាស៊ី»(The Light of Asia)ដែលជាសៀវភៅពុទ្ធប្បវត្ដមានកេរឈ្មោះល្បីបំផុត ក្នុងពេលដែលលោកធ្វើដំណើរទៅកាន់ពុទ្ធគយា លោកមានភាពស្លុតចិត្តដោយឃើញសាសនស្ថានកំពុងត្រូវបៀតបៀនដោយកំលាំងរបស់មនុស្សនិងធម្មជាតិ។លោកបានរៀបរាប់សំវេជនីយស្ថានទាំងបួនកន្លែងយ៉ាងពិសា្ដបំផុត ទន្ទឹមនិងនោះលោកបានអធិបាយផលប៉ះទង្គិចដែលកើតឡើងដោយសារសង្រ្គាមនិងការគ្រប់គ្រង់របស់សាសនាព្រាហ្មណ៍និកាយសិវៈ។ទោះបីរដ្ឋាភិបាលបេគលបានព្យាយាមបូរណៈ ក្នុងឆ្នាំ ១៨៨០ក៏ដោយតែសាសនិកជនព្រាហ្មណ៍ជាពិសេសពួកមហ័ន្ដរើសយកវត្ថុដែលបូរណៈទៅប្រើប្រាស់ ធ្វើអោយកិច្ចបូរណៈរបស់លោកSir Ashley Eden ត្រូវអសកម្ម។
Sir Edwin Arnold
លោកបានពណ៌នាទាក់ទងនិងស្លឹកពោធិគួរអោយចាប់អារម្មណ៍បំផុតគឺលោកថា គ្រាន់ តែឃើញស្លឹកពោធិលោកមានចិត្ដពេញទៅដោយសទ្ធា តែស្លុតចិត្ដពេល ឃើញពួក មហ័ន្ដនាំគ្នាកាច់មែកពោធិ ធ្វើជារបស់លេងសើច។លោកបានសូម សុំស្លឹកពោធិ«តើខ្ញុំ សូមស្លឹកព្រះមហាពោធិដ៏ស័ក្ដិសិទ្ធនេះបានទេ»ពួកគេសើចចំអកលកលើយដាក់ ហើយ ពោលថា«បើលោកប្រាថ្នាចង់បាន សូមលោកកាច់យកតាមចំណង់ចុះ ព្រោះស្លឹក នេះ គ្មានប្រយោជន៍អ្វីទេ»។លោកបាននិយាយតទៀតថា «លោកបានចាប់យកស្លឹកព្រះ មហាពោធិយ៉ាងថ្នមៗ ស្រាលៗ តែពួកមហ័ន្ដគេមើលមិនឃើញទេ»។លោកថា«ក្រោយ ពីបានស្លឹកព្រះមហាពោធិ៣-៤ស្លឹក លោកបានចារិកជាភាសាសំស្រ្កិតយកទៅ ប្រទេស ស្រីលង្កា។លោកគិតថា ស្លឹកព្រះមហាពោធិនេះមានតំលៃបំផុតសម្រាប់ស្រីលង្កា។ពុទ្ធ សាសនិកជនស្រីលង្កាគ្រាន់តែឃើញកើតសទ្ធា រត់មកធ្វើសេចក្ដីគោរព បូជាជាវត្ថុមាន តំលៃខ្ពស់បំផុត ពួកគេដង្ហែរស្លឹកព្រះមហាពោធិពីក្រុងមួយទៅក្រុងមួយ ប្រជាជន ធ្វើ សេចក្ដីគោរពរាល់ៗថ្ងៃ។
ភិក្ខុធម្មបាលៈជាបណ្ឌិតមួយអង្គ ក្រោយពីបានអានអត្ថបទរបស់លោក Sir Edwin Arnold កើតសទ្ធាយ៉ាងក្រៃលែង ព្រះអង្គបានធ្វើដំណើរចូលមកពិនិត្យតាមការរៀបរាប់របស់លោកSir Edwin Arnold ក្នុងទី២២ ខែមករា ឆ្នាំ១៨៩០។ ពេលឃើញពុទ្ធគាយាភ្លាម លោកកើតបីតិសោមន្សឥតឧបមា រហូតមិនអាននឹងពណ៌នាដោយពាក្យសំដីបាន លោកបានកត់ត្រាទាក់ទងនិងទិដ្ឋភាពយ៉ាងលំអិត ហើយក៏បានកត់សំគាល់វត្ដរបស់ពួកមហ័ន្ដ(ពួកកាន់សាសនាព្រាហ្មណ៍និកាយសិវៈ)។
ធម្មបាលភិក្ខុ
ក្នុងកំណត់ហេតុរបស់លោកបានបានបញ្ជាក់ពីសេចក្ដីបីតិសោមន្សចិត្តរបស់លោកថា«ក្នុងខណៈពេលដែលខ្ញុំព្រះករុណាបានធ្វើមនស្សការព្រះពុទ្ធរូប ស្រាប់តែចិត្តពេញទៅដោយកំលាំងសទ្ធា សេចក្ដីស្ងប់ ភាពត្រជាក់ត្រជុំបីតិសោមន្សរីករាយហួសនឹងពណ៌នាដោយ ភាសារបស់មនុស្ស លក្ខណចិត្ដបែបនេះពុំដែលមានធ្លាប់ទាល់តែសោះកាលពីមុនមក ពេលដែលខ្ញុំព្រះករុណាសម្លឹងមើលព្រះភ័ត្រពីវរជសាសន៍ កំលាំងចិត្ដផុសចេញពីផ្ទៃខាងក្នុង ធ្វើអោយចិត្តរបស់ខ្ញុំស្រលាំងកាំង សញ្ជឹងគិត ព្រោះមិនដែលធ្លាប់កាលពីមុនមកជាហេតុ ជុំរុញចិត្តរបស់ខ្ញុំព្រះករុណា តាំងចិត្ដអធិដ្ឋានថាស្នាក់នៅកន្លែងនេះដើម្បីធ្វើបូរណៈវត្ដ មហាពោធិជាសាសនស្ថានដ៏ស័ក្ដសិទ្ធិនេះ ដោយដើមមហាពោធិ ជាកន្លែងដែល អ្នកអង្គ ម្ចាស់សុទ្ធត្ថជាអគ្គមហាបុរសលោកបានគង់លើរតនបង្ល័ង្គត្រាស់ដឹងនូវព្រះសទ្ធម្មដ៏បរិសុទ្ធ ជាកន្លែងស័ក្ដិសិទ្ធបំផុតដែលគ្មានកន្លែងណាលើលោកនេះប្រៀបបាន ខ្ញុំបានសួរភិក្ខុកោហ្សេន គុរុរតនៈថា «លោកម្ចាស់នឹងសហការណ៍ជាមួយខ្ញុំព្រះករុណាក្នុងការបូរណៈវត្ដព្រះមហាពោធិនេះទេ លោកឆ្លើយតបយល់ព្រមដោយសំដីទន់ភ្លន់ ស្រគត់ស្រគុំ យ៉ាង ផ្អែមល្អែមបំផុតដែលធ្វើអោយប្លែកចិត្ដថា «ហេតុអ្វីបានជាចិត្ដរបស់យើងដូចគ្នាម្លេះ»។
ធម្មបាលភិក្ខុស្នាក់នៅក្នុងសាលាបណ្ដោះអាសន្នរបស់រាជទូតភូមាសាងទុកក្នុងរយៈពេលមក បូរណៈមហាពោធិចេតិយ។លោកបានធ្វើកំណត់ហេតុយ៉ាងល្អិតល្អន់ និងក្បោះក្បាយជាទីបំផុត ហើយបានបោះពុម្ពផ្សាយដល់សាធារណជនបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចជាភូមា ឥណ្ឌា និងស្រីលង្កា រដ្ឋាភិបាលនិងពុទ្ធសាសនិជននៃប្រទេសទាំងនេះបានផ្ដល់ការគ្រាំទ្រយ៉ាងសកម្មក្នុងការបូរណៈព្រះមហាពោធិចេតិយ តែប្លែកត្រង់មហាចេតិយនេះគ្រប់គ្រងដោយពួកមហន្ដ ហើយពុទ្ធសាសនិជនទូទាំងពិភពលោកមកសូមបែងជាចំណែក ហើយទិញដីកន្លែងនេះ ការពិតគួរជារបស់ពុទ្ធសាសនិជនរបស់យើង។
ក្នុងឆ្នាំ១៨៧៤ ព្រះបាទមិនដុងក្សត្រនៃប្រទេសភូមាបានបញ្ជួនរាជទូតមកកាន់ប្រទេសឥណ្ឌាដើម្បីធ្វើបូរណព្រះមហាពោធិចេតិយនេះ ក៏ដូចជាការថែរក្សាពស្ដុតានៃព្រះពុទ្ធសាសនាអោយនៅ គង់វង្ស។ រដ្ឋាភិបាលប្រទេសឥណ្ឌាមានសេចក្ដីពេញចិត្តឥតឧបមានូវអំពើជាកុសលនេះ ។រដ្ឋាភិបាល របស់ឥណ្ឌាបានអញ្ចើញលោក Alexander Cunningham និងបណ្ឌិត រាជេន្ទ្រលាលមិត្រៈចូល រួមក្នុងកិច្ចបូរណៈនេះក្នុងឆ្នាំ អំឡុង ១៨៨៣ រដ្ឋាភិបាលឥណ្ឌាទទួលភារកិច្ចជាម្ចាស់បូរណៈព្រះមហា ពោធិចេតិយរហូតដល់ចប់បរិបូរណ៍។ ពាក់កណ្ដាលសាសនា ព.ស.២៥០០ នាយករដ្ឋមន្ដ្រីលោក យុវហរលាល នេរូហ៍ បានប្រារឰវិសាខបូជា បាននិមន្ដ និងអញ្ចើញរាជទូត សាសនទូតទូ ទាំងពិភព លោកចូលរួមក្នុងកម្មវិធីដ៏ឱឡារឹតនេះ ក្នុងបណ្ដាប្រទេសទាំងនេះ មានប្រទេសកម្ពុជាផងដែរបាន ចូលរួម ជាពិសេសគឺក្រុមមន្ដី្រសង្ឃដឹកនាំដោយសម្ដេចព្រះសុមេធាធិបតី សម្ដេចព្រះសង្ឃរាជជួន ណាត។ចាប់តាំងពីនោះមក ប្រទេសផ្សេងៗដែលកាន់ព្រះពុទ្ធសាសនាបានមកសាងវត្ដរបស់ខ្លួនក្នុងបរិវេណព្រះមហាពោធិចេតិយនេះ ដូចដែលយើងបានឃើញស្រាប់ក្នុងបច្ចុប្បន្ន។
បច្ចុប្បន្ន ពុទ្ធសាសនិជនទូទាំងពិភពលោកបានស្នើរសូមអោយអង្គការមករតកលោកចុះបញ្ជីជាសម្បត្ដិវប្បធម៌លោកក្នុងឆ្នាំ ២០០២។គណកម្មការមរតកលោកបានសម្រេចចិត្ដ ចុះបញ្ជីអោយព្រះ មហាពោធិចេតិយជាមរតកលោកដោយសម្អាងលើកត្ដាសំខាន់ដូចជា៖
១.ជាតំណែងផ្នែកថ្វីដៃសាងប្រកបដោយវិចិត្រភាពបំផុត
២. ជាឥទ្ធិពលដ៏មានអំណាចបំផុត ធ្វើអោយមានការស្ថាបនាបូរណៈជាបន្ដបន្ទាប់រំលេចដោយស្ថាបត្យកម្ម អនុស្សរស្ថាន បដិមាកម្ម ទាំងឧទ្យាន និងភូមិប្រទេស ព្រមទាំងស្ថាបនាផ្នែកសិល្បកម្ម ដែលធ្វើ អោយកើតជាមូលដ្ឋានវប្បធម៌របស់មនុស្សរាល់សម័យកាល។
៣.ជាភស្ដុតាងបញ្ជាក់អោយឃើញនូវផ្នែកវប្បធម៌ អរិយធម៌គង់វង់នៅបច្ចុប្បន្ន។
៤.បង្ហាញ់អោយឃើញនូវអច្ឆរិយភាពនៃស្ថាបត្យកម្មដែលជាតំណាងអោយផ្នែកវប្បធម៌ សង្គម សិល្បកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ឧស្សាហកម្ម និងប្រវត្ដិសាស្ដ្ររបស់មនុស្ស។
៥.បញ្ជាក់អំពីគំនិត ជំនឿដែលទាក់ទងអំពីហេតុការណ៍និងអច្ឆរិយភាពនៃប្រវត្ដិសាស្ដ្រ។
គ.ព្រៃឥសិបតនម្រិគទាយវន្ដ(សារនាថ- Sarnath)កន្លែងសម្ដែងបឋមទេសនា
សារនាថស្ថិតភាគខាងជើងក្រុងពារាណសី ចម្ងាយប្រមាណ៩ កីឡូម៉ែត្រ ជាមជ្ឃមណ្ឌលនៃសាសនាឥណ្ឌូ ក្នុងរដ្ឋឧត្ដរប្រទេស(ប្រទេសឥណ្ឌាក្នុងបច្ចុប្បន្ន)ជម្ពូទ្វីបក្នុងសម័យពុទ្ធកាល។
សារនាថជាកន្លែងឧត្ដមសម្បូណ៌ដោយធុញ្ញជាតិធម្មជាតិ ជាទីអាស្រ័យរបស់សត្វទាំងឡាយ ដូចជាសត្វប្រើសជាដើម។ សារនាថត្រូវបានគេស្គាល់ក្នុងនាមឥសីបតនមគ្រគទាយវ័ន ឬ ឫសីបតនម គ្រទាយវ័ន មានន័យថា ព្រៃជាទីអាស្រ័យនៃសត្វប្រើស និងជាទីកន្លែងស្នាត់នៅ នៃតាបសឫសីទាំង ឡាយ។ក្នុងបរិវេទសារនាថមានធម្មេក្ខស្ដូប ខ្នាតធំដែលត្រូវបានគេសំគាល់ថាជាកន្លែងដែលព្រះសម្មា សម្ពុទ្ធទ្រង់ត្រាស់សំដែងព្រះធម្មទេសនាដំបូងបំផុតដល់បច្ចវគ្គីភិក្ខុ។ព្រះសទ្ធម្ម ដែលទ្រង់ សំដែង គឺ «ធម្មចក្រកប្បវត្ដនសូត្រ» ដែលអោយសេចក្ដីសំខាន់ដូចជា ផ្លូវពីរយ៉ាង មិនគួរបដិបត្ដិគឺតឹងពេក និងធូរ ពេក ទ្រង់អនុញ្ញាតិអោយដើរផ្លូវកណ្ដាល។ អរិយសច្ចបួន ដូចជាទុក្ខសច្ច សមុទសច្ច និរោធសច្ច និង មគ្គមានអង្គប្រាំបី។ មគ្គមានអង្គប្រាំបីដូចជា សេចក្ដីយល់ត្រូវ១ សេចក្ដីត្រិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្ដីព្យាយាមត្រូវ១ សតិត្រូវ១ និងការតាំងចិត្តត្រូវ១។ ក្រៅពីនេះទ្រង់ បាន ចំណែកឋានឬភូមិជាបួន ដូចជាឋាននរក ឋានមនុស្ស ឋានទេវតា និងឋានព្រហ្មណ៍ (មានសេចក្ដី ពិស្ដារក្នុង ធម្មចក្រកប្បវត្ដសូត្រ)។ក្នុងការសំដែងព្រះសទ្ធម្មនេះ ត្រូវបានកំណត់ថាជាថ្ងៃដែលព្រះរតនត្រៃ កើតដំបូងក្នុងលោក។
ព្រះបាទអសោមហារាជបានសាងចេតិយនេះឡើងដើម្បីរំលឹកដល់ព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានត្រាស់សំដែងដំបូងដល់បច្ចវគ្គីភិក្ខុក៏ដូចជាដល់លោកមនុស្សលោក ។ច្រើន សតវត្ស ក្រោយមកសាសនស្ថាននេះត្រូវបានព្រះ មហាក្សត្រក្នុងយុគសម័យនីមួយៗបូរណៈ ដូចជាក្នុងសម័យគុបតជាដើម តែនៅពេលដែលទ័ពមុស្លិម(ចាម)គ្រប់គ្រងឥណ្ឌាក្នុងសម័យនោះបានដុតបំផ្លាញ់សាសនស្ថាន គម្ភីរដីកា និងសំលាប់ព្រះសង្ឃស្ទើរគ្មានសល់ តែពស្ដុតាងជាគ្រិះដែលនៅសល់មានលក្ខណៈជាបួនជ្រុង ដោយសារអក្បារ៍ក្សត្រមុស្លិមមួយអង្គបានរំលឹកដល់ចេតិយដែល ព្រះបិតារបស់ ទ្រង់បាន លូចលាក់ មិនអោយទ័ពមុស្លិមជាសត្រូវចូលមកដុះបំផ្លាញ់ ក្រោយពីដែលទ័ពក្បត់មុស្លឹមដកទ័ពទៅ សាសនស្ថាននេះត្រូវបានស្ថាបនាបូរណៈជាថ្មីមានលក្ខណៈបួនជ្រុង ដើមឡើយ(សម័យអសោក) មានលក្ខណៈទ្រង់ទ្រាយជាបាតផ្កាប់។
កំណត់ហេតុរបស់ព្រះភិក្ខុចិននាមថាំងសាំចាំងប្រហែលជាក្នុងឆ្នាំ ៧៥៦ (Chinese traveler Hiuen-Tsang) ថា«មានព្រះសង្ឃជាធម្មតាចំនួន ១៥០០ អង្គ ស្ដូបមានកំពស់ ១០០ ម៉ែត្រ មាន សរសេរសិលាចារិករូបក្បាលសីង្ហ និងអច្ឆរិយភាពនៃសាសនស្ថានជាច្រើន កន្លែងក្នុងបរិវេណសារនាថចេតិយ សម័យទ័ពម៉ុងគោលគ្រប់គ្រងឥណ្ឌា សាសនស្ថានទាំងនេះ ត្រូវគេបោះបង់ចោល គ្មានអោយតំលៃនិងថែរក្សា» ទើបមកដល់ក្នុងសម័យអនាគារិក ធម្មបាលៈ និងពុទ្ធសាសនិកជនស្រីលង្កាបាននាំគ្នាជួយស្ថាបនាបូរណៈជាថ្មីមួយអន្លើដោយការជួយគាំទ្រ ពីរដ្ឋាភិបាលឥណ្ឌា សហការជាមួយអ្នកបុរាណគតិទើបធ្វើអោយកិច្ចបូរណៈត្រូវបានសម្រេចដល់គោលបំណងយ៉ាងត្រចាស់ ត្រចង់ ល្អវិចិត្រ ដូចដែលបានឃើញសព្វថ្ងៃនេះ។
ចេតិយតាមទស្សនន័យព្រះពុទ្ធសាសនា
បើនិយាយអំពីចេតិយនៅកម្ពុជាយើងមានច្រើនប្រភេទ ហើយប្រភេទនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមភូមិនិគម ស្រុក ទស្សនគតិ ព្រមទាំងរចនាបទ។ ដូចដែលយើងបានដឹងស្រាប់ខ្លះៗហើយទាក់ទងនឹងប្រាសាទនានាទូទាំងប្រទេសកម្ពុជាយើង ដោយប្រាសាទទាំងនោះសុទ្ធតែសាងដើម្បីឧទ្ទិសដល់បុព្វការីខ្មែរដែលបានពលីកម្មដើម្បីយើងរាល់គ្នានាពេល បច្ចុប្បន្ន ដូច្នេះ ប្រាសាទទាំងនោះយើងអាចហៅថាចេតិយបានដែរ ដោយចេតិយទាំងនោះមានរចនាបទ និងអត្ថន័យអបដោយប្រាជ្ញាទស្សនគតិផ្សេងៗពីគ្នា។ បច្ចុប្បន្ននេះ យើងពុំសូវបានសិក្សាយល់ដឹងជ្រាលជ្រៅទាក់ទងនឹងបញ្ហានេះទេ។ ដូច្នេះក្នុងអត្ថបទនេះ គ្រាន់តែជាការផ្ដើមបញ្ចេញទស្សនគតិខ្លះៗតែប៉ុណ្ណោះ ជាពិសេសគឺផ្ដល់អត្ថន័យបីយ៉ាង បើសិនជាយើងចង់ចំណែកច្រើនជាងនេះក៏បានដែរ គ្រាន់តែទាញយកអត្ថន័យក្នុងព្រះពុទ្ធសាសនាអោយសមហេតុសមផលតាមចិត្ដភាពនៃចេតិយ ឬរចនាបទនៃចេតិយនោះៗ។
ន័យទី១ គ្រិះស្ថានចេតិយតំណាងអោយសីល ចង្កេះមានលក្ខណៈដូចជាជួងតំណាងអោយសមាធិ និងកំពុលស្រួចតំណាងអោយបញ្ញាប្រកបដោយមគ្គមានអង្គ៨និងព្រះនិព្វាន។
ន័យទីពីរ តំណាងអោយភពភូមិផ្សេងៗក្នុងព្រះពុទ្ធសាសនា ដូចជានរកភូមិ មនុស្ស ទេវភូមិ។
គ្រិះស្ថានបានដល់ធាតុទាំងបួននិងទ្វីបទាំងបួន(ឧត្តរកុរុទ្វីប,បុព្វវិទេហទ្វីប,អបរគោយានទ្វីបនិងជម្ពូទ្វីប។)ចំណែកគ្រិះដែលដាក់ចុះចូលក្នុងដីបានដល់ថានទុគតិ ដូចជា តេរច្ឆាន អសុរកាយ ប្រេត នរក។រូបរាងដូចជាជួងនោះបានដល់លោកមនុស្ស។ចំណែកកំពុលស្រួចបានដល់ទេវស្ថានគឺចាតុមហារាជិកា តាវតឹង្ស យាមា តុសិត និម្មានរតី បរនិមិតាវស្សវតី។កំពុលស្រួចបានដល់ទេវស្ថានទាំង១៦ជាន់គឺ បារិសជ្ជា បុរោហិតា មហាព្រហ្មា បរិត្ដាភា អប្បមាណាភា អាភស្សរា បរិត្ដាសុភា អប្បមាណា សុភាកិណ្ហា វេហាបផលា អសញ្ញីសត្ដា អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋា និងខ្ពស់ជាងនោះទៀត បានដល់ អរូបព្រហ្មទាំងបួន ដូចជា អាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ នេវសញ្ញានាសញ្ញាយតនៈ។ខ្ពស់បំផុតគឺលោកុត្តរភូមិ។
ន័យទីបី គឺរាប់ចាប់ពីគ្រិះឡើងលើ ន័យទីមួយបានដល់ព្រះរតនត្រ័យ ន័យទីពីរបានដល់អរិយសច្ចបួន ន័យទីបីបានដល់មគ្គមានអង្គប្រាំបី និងខ្ពស់បំផុតបានដល់ព្រះនិព្វាន។
ចេតិយនិងសីលធម៌សង្គម
ចេតិយតំណាងអោយសីលធម៌ក្នុងសង្គមខ្មែរយើង ប្រជាជនខ្មែរគ្រាន់តែបានឃើញ ចេតិយភ្លាម ពួកគេធ្វើនូវសេចក្ដីគោរពដោយកាយ វាចានិងចិត្ត។ ពួកគេអាចនឹងរលឹកដល់ព្រះបរមធាតុនៃអង្គព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង ឬរលឹកដល់នូវគុណព្រះរតនត្រ័យ បន្ទាប់មក គេអាចនឹងដល់បុព្វការីជនរបស់គេ ដែលបាត់បង់ជនជីពទៅហើយនោះ ហើយគេយកអដ្ឋិធាតុរបស់ញាតិទាំងនោះមកដំកល់ទុកក្នុងចេតិយ។ ពួកគេអាចនឹងមានជំនឿថាមាតាបិតាឬញាតិធ្លាប់មានគុណូប្បការគុណដល់ពួកគេ ដូច្នេះ ដើម្បីតបស្នងនូវគុណរបស់បុគ្គលទាំងនោះ ទើបពួកគេសាងចេតិយដើម្បីឧទ្ទិសកុសលចិត្ត។
ដូច្នេះ ចេតិយមិនត្រឹមតែសំដៅទៅលើការតបស្នងគុណបុព្វការីជនតែប៉ុណ្ណោះទេ តែអ្វី ដែលមានន័យអមសម្រាប់អប់រំគឺ បងប្អូនញាតិមិត្តតែងតែណែនាំអោយកូនៗ ឬចៅឬក្មួយ ធ្វើសេចក្ដីគោរពរាប់អានដោយកិរិយាបន្ទន់នូវចិត្ត ធ្វើចិត្តសុភាពរាបសារប្រៀបដូចធ្វើចិត្តគោរពដល់ញាតិរបស់គេកាលដែលនៅមានជីវិត។ ទាំងនេះអាចបញ្ជាក់ថាសីលធម៌ផ្ដើមមានពេល ដែលបានឃើញនូវចេតិយ ហើយបញ្ជាក់អំពីចិត្តនិស្ស័យរបស់ខ្មែរតែងតែមាននូវសីលធម៌ប្រចាំចិត្ត កតញ្ញូតាធម៌ដែលជាគុណធម៌មានក្នុងសន្ដានចិត្តរបស់ខ្មែររាប់ពាន់ឆ្នាំ។
ឯកសារពិគ្រោះ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត,ប្រវតិ្ដនៃវត្តឧណ្ណាលោម,ភ្នំពេញ:បណ្ណាគារត្រៃរតន៍,១៩៦៣.
ព្រះពោធិវង្ស យ.តាត,ធម្មសង្គហៈ,ភ្នំពេញ : សមនសវគ្គ,១៩៥០.
ប្រវត្តិព្រះបរមសារីរិកធាតុ ដោយធម្មនន្ទ
Đăng ký:
Bài đăng (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥