Thứ Bảy, tháng 9 25, 2021


ឈ្វេងយល់ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ






ឈ្វេងយល់ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

ល្ងាច​ថ្ងៃ​១៥​កើត ខែ​ភទ្របទ រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​ពិធី​បុណ្យ​ប្រពៃណី កាន់បិណ្ឌ ដែល​មាន​រយៈពេល​១៤​ថ្ងៃ។ លុះ​ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ ទើប​ជា​ថ្ងៃ​ភ្ជុំ​ធំ ឬ ភ្ជុំ​បិណ្ឌ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​រដូវ​កាន់​បិណ្ឌ។ អ្នក​បុរាណ​វិទូ និង អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​មាន​មតិ​ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ ​បាន​ចាប់​កំណើតឡើង​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ​ព្រះ​ហរិរក្សា​រាមា​ឥស្សរា​ធិបតី​អង្គ​ឌួង ឬព្រះ​បាទ​អង្គ​ឌួង (គ្រង​រាជ្យ​ពី​ឆ្នាំ១៧៩៦-ដល់​ឆ្នាំ១៨៦០) ដើម្បី​ជា​ការ​ឧទ្ទិស​បុណ្យ​កុសល​ជូន​ចំពោះ​បុព្វ​ការី​ជន និង អ្នក​ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​ផង និង ដើម្បី​សាមគ្គី​ភាពនិង​សុខ​ដុម​រមនីយ នៅ​ក្នុង​សង្គម​ជាតិ​ដែល​កំពុង​តែ​បែក​បាក់​ផង។

ជា​ធម្មតា រៀង​រាល់​ពេល​រសៀល​នៃ​ថ្ងៃ​កាន់​បិណ្ឌ មាន​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ ដោយ​ការ​និមន្ត​ព្រះសង្ឃ​តាម​វត្ត​នីមួយៗ​ចម្រើន​ព្រះ​បរិត្ត​ជា​សិរី​មង្គល និង​ស្តាប់​ព្រះ​ធម៌​ទេសនា ដើម្បី​បាន​កើត​នូវ​បញ្ញា​សម្រាប់​យកមក​បង្កើន​គុណ​ភាព​ជីវិត​របស់​ខ្លួន​និង​ក្រុម​គ្រួសារ។ លុះ​ដល់​ពេល​ប្រមាណ​ជា​ម៉ោង​បួន​ជិត​ភ្លឺ ពេល​ព្រះសង្ឃ​ទូងស្គរ​ឬ​គោះ​រគាំង​ដើម្បី​បំពេញ​កិច្ច​វត្ត​ក្នុង​រដូវ​ចូល​ព្រះ​វស្សា ពុទ្ធ​បរិស័ទ​ក៏​តែង​តែ​ងើប​ឡើង​ធ្វើ​ដំណើរ​ទៅ​វត្ត​ដែរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​បាយ​ដំណើប​ឬ​នំ​អន្សម ដែល​កាត់​ជា​ដុំ​តូចៗ សម្រាប់​យក​ទៅ បោះ​បាយ​បិណ្ឌ។  បោះបាយ​បិណ្ឌ គឺជា​ទំនៀម​ទម្លាប់​មួយ​ដែល​ពុទ្ធ​បរិស័ទ យក​បាយ​ដំណើប​ដែល​ពូត​ជា​ដុំ​តូចៗ​និង​លាប​លន​ដោយ​ទឹកស្ករ​ឬ​ប្រឡាក់​លាយ​ជា​មួយ​ល្ងរ យក​ទៅ​បោះ​នៅ​ជុំវិញ​ព្រះវិហារ ​ឬ ជុំវិញ​សាលា​ឆាន់ ដោយ​មាន​ជំនឿ​ថា ពួកអមនុស្ស​ទាំង​ឡាយ ដែល​មិន​អាច​ទទួល​បុណ្យ​ពី​ការ​ឧទ្ទិស​របស់​កូន​ចៅ​តាម​រយៈ​ព្រះ​សង្ឃ​បាន​នោះ ​អាច​នឹងបរិភោគ​នូវ​ដុំ​បាយ​ដំណើប​ឬ​ដុំ​នំ​អន្សម​តូចៗ ដែល​អ្នក​នៅ​រស់​ទាំង​នោះ​បាន​បោះ​ទៅ​លើ​ព្រះ​ធរណី។

 

ពុទ្ធបរិស័ទកំពុងកាន់បាយបិណ្ឌ

មុន​ពេល​បោះ​បាយ​បិណ្ឌ​ឱ្យ​អមនុស្ស​ទាំង​នោះ បុរាណាចារ្យ​ឬ​ចាស់ៗ តែង​និមន្ត​ព្រះសង្ឃ​ដែល​គង់​នៅក្នុង​វត្ត​នីមួយៗ​នោះ សុំ​ឱ្យ​ព្រះអង្គ​សូត្រ​ស្វា​ធ្យាយ​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​ព្រះ​អង្គ​បាន   សម្តែង​ធម្ម​ទេសនា  ទាក់​ទង​ទៅ​នឹង​ហេតុ​ដែល​នាំ​ឱ្យ​មនុស្ស ឬ និយាយ​ដោយ​ចំពោះ គឺ​ធម្ម​ទេសនា​សម្តែង​អំពីហេតុ​ដែល​នាំ​ឱ្យ​ពុទ្ធ​បរិស័ទ ខូច​ខាត​ទ្រព្យ​សម្បត្តិ បាត់​បង់​កេរ្តិ៍​ឈ្មោះ ​និង​វិនាស​ដល់​អាយុ​ជីវិត និង​អាច​ធ្លាក់​ទៅអបាយ​ភូមិ មាន​ប្រេត នរក និង តិច្ឆាន បាន។ ការ​ដែល​ព្រះសង្ឃ​សូត្រ​ស្វា​ធ្យាយ​នូវ​ព្រះ​ធម្ម​ទេសនា​របស់​ព្រះពុទ្ធអង្គ​ដែល​មាន​ឈ្មោះ​ថា បរាភវសូត្រ ដែល​អាច​ប្រែ​ថា «ហេតុ​ដែល​នាំ​ឱ្យ​ជីវិត​បរាជ័យ» នេះ យើង​តែង​នាំ​គ្នានិយាយ​ដោយ​ខ្លី​ថា «លោកសូត្របរា» ។ ហេតុ​ដែល​នាំ​ឱ្យ​ជីវិត​នេះ​បរាជ័យ ឬ ជីវិត​នេះ​វិនាស មាន​ទាំង​អស់ ១២ប្រការ ឬ ១២ហេតុ។

នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ពុទ្ធ​បរិស័ទ​ក៏​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​កុសល​ផល​បុណ្យ​ដែលកើត​ចេញ​ពី​ការ​បំពេញ​បុណ្យ​ជា​មួយ​អ្នក​មាន​សីល គឺ​ព្រះសង្ឃ ជូន​ទៅ​ដល់​បុព្វការី​និង​ញាតិ​មិត្ត​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដោយ​មាន​ជំនឿ​ថា ផល​បុណ្យ​ទាំង​នេះ នឹង​ជួយ​ជា​កម្លាំងបុណ្យ​ដល់​អ្នក​ដែល​បានស្លាប់​ទៅ​ហើយ​នោះ ឱ្យ​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​កាន់​តែ​ខ្ពស់​និង​ប្រសើរ​ថែម​ទៀត។ ឬបើ​សិន​ជា​អ្នក​ស្លាប់​ទាំងនោះ បាន​ទៅ​កើត​ក្នុង​ទីស្ថាន​ដែល​មិន​មែន​ជា​ស្ថាន​សួគ៌ ក៏​បុណ្យ​ទាំង​នោះ​អាច​ជួយ​លោក​ឱ្យ​រួច​ផុត​ពី​ទុក្ខ​ទោស បាន​ទៅ​កាន់​ទីស្ថាន​ដ៏​ប្រសើរ​វិញ។

លោកធម្ម​បណ្ឌិត ហេង មណីចិន្តា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ ខេត្ត​បាត់ដំបង លោកធម្ម​បណ្ឌិត ហេង មណីចិន្តា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ ខេត្ត​បាត់ដំបង មានប្រសាសាន៍ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ គឺជា​ពិធី​បុណ្យ​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ដល់​ជីវិត​ពុទ្ធ​បរិស័ទ​និងពល​រដ្ឋ​កម្ពុជា។ លោកថា ​ប្រយោជន៍សំខាន់​យ៉ាង​តិច​ក៏៥​យ៉ាង​ ដែលមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៖

១. ជា​ទិវា​រំលឹក​គុណ​ដល់​អ្នក​មាន​គុណ មាន​មាតា​បិតា​ជា​ដើម ឬ​អាច​និយាយ​ថា ជា​ទិវា​កតញ្ញូកតវេទិតា ចំពោះអ្នក​មាន​គុណ​ទាំង​អស់ ដែល​លោក​បាន​ទទួល​មរណភាព​កន្លង​ផុត​ទៅ​ហើយ

២. ជា​ទិវា​សម្រាប់​ពុទ្ធ​បរិស័ទ​ទាំង​អស់ បាន​រំលឹក​អំពី​ជីវភាព​និង​ជីវិត​របស់​ខ្លួន ថា​តើ​បាន​ទទួល​ជោគ​ជ័យ​ឬបរាជ័យ​យ៉ាង​ណា​ដែរ។ ការ​បាន​ស្តាប់​បរាភវ​សូត្រ ឬ ការ​សម្តែង​ប្រាប់​របស់​ព្រះសង្ឃ​អំពី ហេតុ​ដែល​នាំឱ្យ​បរាជ័យ​ទាំង​១២​យ៉ាង នឹង​នាំ​ឱ្យ​អ្នក​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត បាន​ដាស់​តឿន​ចិត្ត​ខ្លួន​កុំ​ឱ្យ​ភ្លេច​ខ្លួន ថា​ជីវិត​នេះ​អាច​នឹង​បរាជ័យ​ទៅ​វិញ បើ​ធ្លាក់​ចូល​ទៅ​ក្នុង​ហេតុ​ទាំង​១២​ប្រការ។ សម្រាប់​អ្នក​ដែល​មិន​សូវជោគ​ជ័យ​ឬ​បរាជ័យ​ក្នុង​ជីវិត​ហើយ​នោះ បើ​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ហេតុ​នាំ​ឱ្យ​វិនាស​ទាំង​១២​ប្រការនេះ ហើយ​យក​មក​ប្រៀប​ធៀប​នឹង​ជីវិត​កន្លង​មក​ហើយ ក៏​នឹង​អាច​កែ​ជីវិត​នា​ថ្ងៃ​អនាគត​ខ្លួន​ឱ្យ​បាន​ល្អ​វិញ ដោយ​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល មិន​មាន​ហេតុ​នាំ​ឱ្យ​វិនាស​ទាំង​១២​ប្រការ។

៣. អាស្រ័យ​ដោយ​រដូវ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ កូនៗ​និង​សាច់​ញាតិ​ជិត​ឆ្ងាយ​ ដែល​មិន​សូវ​បាន​រាប់​អាន​គ្នា ឬ ចេញ​ចោល​ផ្ទះ​សម្បែង​ភូមិ​ស្រុក​កំណើត និង​អ្នក​មាន​គុណ ជា​យូរ​មក​ហើយ​នោះ អាច​ត្រឡប់​ទៅ​កាន់​ភូមិស្រុក​វិញ ដើម្បី​រីក​រាយ​ជា​មួយ​ក្រុម​គ្រួសារ ជា​ការ​បណ្តុះ​នូវ​សាមគ្គី​ភាព និង សុខ​ដុម​រមណីយកម្ម​នៅ​ក្នុងសង្គម​គ្រួសារ​និង​សង្គម​ជាតិ។

៤. ជា​ការ​ថែរក្សា​នូវ​អនុស្សាវរីយ៍​ដែល​ល្អៗ ឬ អនុស្សាវរីយ៍​ដែល​មាន​ន័យ​ចំពោះ​ជីវិត​ខ្លួន​ ជា​ពិសេស គឺ​អនុស្សាវរីយ៍​ដែល​មាន​ជា​មួយ​នឹង​អ្នក​ស្លាប់ ជា​មួយ​នឹង​បុព្វបុរស ជា​មួយ​នឹង​ម្ចាស់​ស្រុក ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​បានបង្កើត​ទឹក​ដី​ភូមិ​ស្រុក​ឱ្យ​ខ្លួន​បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ។  កិច្ច​ការ​នេះ ​ជា​ការ​ថែរក្សា​ពូជពង្ស​វង្ស​ត្រកូល មិន​ឱ្យ​ដាច់​តំណ​និរន្តរភាព​ក្នុង​សង្គម​បាន។

៥. ជា​ការ​ជួប​ជុំ​គ្នា​នា​រដូវវស្សា បន្ទាប់​ពី​ជួប​ជុំ​គ្នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​នា​រដូវប្រាំង​ នៅ​ទីវត្តអារាម ដែល​ជាមជ្ឈមណ្ឌលសិក្សា​អប់រំ​វិថី​ជីវិត​ខ្មែរ។ ជា​ការ​ជួប​ជុំ​ដើម្បី​ជា​កិច្ច​ដឹង​គុណ​ចំពោះ​ព្រះសង្ឃ​និង​ព្រះពុទ្ធ​សាសនា ដែល​លោកបាន​ខិតខំ​លះបង់​វិថី​ជីវិត​បែប​គ្រហស្ថ មក​បួស​ដើម្បី​សិក្សា​រៀន​សូត្រ​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធសាសនា យក​មក​អប់រំ​ណែនាំ​ពុទ្ធ​បរិស័ទ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ត​ទៅ។ ការ​ប្រគេន​ចង្ហាន់ និង បរិក្ខាផ្សេងៗ មួយ​ឆ្នាំ​ពីរ​ដង តាម​រដូវ​កាល​សំខាន់ៗ​ទាំង​ពីរ​នេះ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​សាង​ផ្នួស​ដ៏​កម្រ​នេះ​ផង ដើម្បី​ឱ្យ​ព្រះសង្ឃ​បាន​នៅ​ថែ​ព្រះពុទ្ធ​សាសនា​ឱ្យ​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​ផង និង ដើម្បី​ជា​ការ​បំពេញ​បុណ្យបន្ថែម​របស់​ពុទ្ធ​បរិស័ទ​ផង។

សូមពុទ្ធបរិស័ទទាំងអស់ រីករាយជាមួយនឹងអានិសង្សឬបុណ្យដែលខ្លួនទទួលបានពីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងសូមអញ្ជើញរីករាយធ្វើដំណើរទៅវត្តរបស់ខ្លួននៅស្រុកកំណើតឬវត្តណាមួយជាទីពេញចិត្ត កុំបីអាក់ខានឡើយ។

សុំអញ្ជើញទៅវត្តពេលជិតភ្លឺ និងនាំកូនចៅទៅជាមួយ ដើម្បីស្តាប់ព្រះសង្ឃលោកសូត្របរាភវសូត្រ យ៉ាងតិចណាស់ក៏មួយឆ្នាំបាន១យប់ឬបានម្តង ដើម្បីឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់ខ្លួន និងជាការបង្ហាត់បង្ហាញកូនចៅឱ្យបានយល់ថាអ្វីដែលជាហេតុនាំឲ្យវិនាសដល់ជីវិតរបស់ពួកគេ ទាំងបច្ចុប្បន្ននិងអនាគត។

សុំអញ្ជើញធ្វើការដឹងគុណនិងការសងគុណចំពោះបុព្វការី គឺអ្នកដែលបានធ្វើគុណចំពោះខ្លួនកុំបីអាក់ខាន ព្រោះការបានសងគុណដល់អ្នកមានគុណ ដល់ប្រទេសជាតិ និង ពុទ្ធសាសនា គឺជាការថែរក្សាជីវិតនិងសង្គមជាតិនេះឲ្យមានអាយុកាលដ៏វែងឆ្ងាយទៅបាន និងប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ តរៀងរហូតដល់កូនចៅជំនាន់ក្រោយរបស់យើង៕

 













































































ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

Thứ Hai, tháng 9 20, 2021


ឯកសាររូបភាពបូរាណ កងទ័ពដំរី


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
































បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...