Chủ Nhật, tháng 1 23, 2022

កម្មគឺជាអ្វី?













ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា "ម្នាលភិក្ខុទាំងឡាយ! គឺចេតនា ដែលតថាគតហៅថាកម្ម " ។ ន័យរបស់កម្មក្នុង ពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេស កម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែល ញ៉ាំងសម្បយុត្តធម៌គឺចិត្តឲ្យប្រព្រឹត្តអំពើ ជាកុសលឬជាអកុសល ។

កាលណាអ្នកធ្វើអំពើអ្វីមួយ តែងតែមានចេតនា នៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែង តាមផ្លូវចិត្តហៅថាកម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនាបុគ្គលនោះរមែង ធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើង និងរលត់ទៅជាមួយនឹងចិត្ត ។

បើអ្នកពុំសូវដឹង អំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះជាជំនួយសំខាន់មួយ សំរាប់អ្នកអាន ។ ជនទាំងឡាយមួយចំនួន ដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញ ដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមក ក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់ អំពីច្បាប់នៃកម្មណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗ មានសភាពខុសៗគ្នា និងហេតុដែលបណ្តាល ឲ្យបុគ្គលម្នាក់ៗមាន ទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។ ជនជាតិអ៊ីតាលីម្នាក់ បានពិចារណាយ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់ អ្នកខ្លះឆ្លាតអ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្ស មានវាសនាខុសគ្នា យ៉ាងនេះ? គាត់បានសាកសួរ រកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយ ណាមួយឲ្យពេញចិត្តគាត់ឡើយ ។ ថ្ងៃមួយគាត់បានអានសៀវភៅ អំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “ ច្បាប់នៃកម្ម “ គាត់មានការពេញចិត្ត ជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើនហើយក៏បួសជាភិក្ខុ រហូតដល់អស់អាយុសង្ខារទៅ ។ ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ ទាក់ទាញឲ្យចូលសាងភ្នួស ក្នុងសំណាក់សាសនាព្រះពុទ្ធ ហើយប្រព្រឹត្តនូវ ព្រហ្មចរិយធម៌ ជាការប្រពៃណាស់ចំពោះព្រះអង្គ ។

កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់ សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេព ណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។ គ្មានច្បាប់តុលាការទេក៏គ្មានអ្នកកាត់ក្តីចំពោះ កម្មដែលមនុស្សធ្វើដែរ ។ កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផល តាមហេតុនោះៗ ។ មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។

សត្វលោកដែលទទួលផល ល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្ម ជាហេតុប៉ុណ្ណោះ គ្មានទាក់ទង នឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។ អ្នកធ្វើអំពើ ដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់អ្នកធ្វើអំពើដោយចេតនាល្អ នឹងទទួលផលល្អ ។ មនុស្សម្នាក់ៗ តែងធ្វើ នូវកម្មដែលជាកុសលផង ជាអកុសលផង បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល?

បើគ្មានអ្នកកាត់ក្តី ឲ្យទោសឬរង្វាន់ទេនោះ តើអ្វីជាអ្នកចាត់ចែង ឲ្យសត្វលោក ទទួលផលនៃកម្មរបស់ខ្លួន? ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺមិនមានរូបរាង តួអង្គជាអ្វីមួយទេ ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាព បណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គលម្នាក់ៗ ធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់ នៃកម្មទាំងនោះតែងទទួលផល នៃកម្មរបស់ខ្លួន ក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ មិនអាចចែករំលែក កម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាច ទទួលផលនៃកម្ម ដែលអ្នកផ្សេងបានធ្វើដែរ ។ ដោយសង្ខេបឲ្យខ្លីនរណាធ្វើកម្ម ដោយចេតនា អ្នកនោះជា អ្នកទទួលខុសត្រូវ និងជាអ្នកទទួលផល ។ នៅពេលដែលព្រះពុទ្ធ ទ្រង់គង់ព្រះជន្មនៅឡើយ មានព្រាហ្មណ៍ម្នាក់ឈ្មោះ តោទេយ្យៈ គាត់ជាមនុស្ស រិះកំណាញ់យ៉ាងខ្លាំង មិនដែលធ្វើទានឲ្យវត្ថុអ្វី ទៅអ្នកណាម្នាក់សោះឡើយ គាត់សន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើន ហើយក្លាយជា សេដ្នីដ៏ស្តុកស្តំម្នាក់ ។ ដោយហេតុគាត់ជាប់ជំពាក់ នឹងទ្រព្យសម្បត្តិ របស់គាត់យ៉ាងខ្លាំង ពេលគាត់ស្លាប់ទៅ ក៏កើតជាសត្វឆ្កែនៅក្នុងផ្ទះរបស់គាត់ ។ កូនប្រុសរបស់គាត់ឈ្មោះសុភៈ ដែលទទួលមត៌កអំពីគាត់ ស្រឡាញ់ពេញចិត្តនឹង សត្វឆ្កែនេះណាស់ តែមិនដឹងថា ជាឳពុករបស់ខ្លួនឡើយ ។

ថ្ងៃមួយ ព្រះពុទ្ធយាងទៅកាន់ ផ្ទះសេដ្នីសុភៈ ពេលនោះឆ្កែតោទេយ្យៈ ក៏ព្រុះព្រះអង្គ ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូល ទៅកាន់សត្វឆ្កែថា“ ម្នាលតោទេយ្យៈ! ពេលដែលអ្នករស់នៅ ជាមនុស្សអ្នកតែងតែមិនគោរពគេ ឥឡូវនេះអ្នកគ្មានការគួរសម ទៀតហើយ ដោយអ្នកព្រុះតថាគត ។ អ្នកនឹងទៅកើត ក្នុងស្ថាននរក មិនខានឡើយ “។ ឆ្កែបានឮដូច្នោះ ក៏គិតថា “ អូ! ព្រះសមណគោតមនេះស្គាល់អញផងតើ “ ។ ឆ្កែតោទេយ្យៈ នឹកអន់ចិត្តយ៉ាងខ្លាំង ក៏ដើរទៅដេកននៀល ក្នុងភ្នក់ផេះ ។ សេដ្នីសុភៈស្រឡាញ់ឆ្កែណាស់ មានកន្លែងដ៏ស្អាតល្អប្រណិត សម្រាប់ឆ្កែដេក កាលបើឃើញឆ្កែទៅដេកក្នុងភ្នក់ផេះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកបំរើប្រាប់សុភៈថា ព្រះពុទ្ធមានព្រះបន្ទូល អ្វីមួយទៅកាន់ឆ្កែ ធ្វើឲ្យឆ្កែខឹងហើយ ក៏ទៅដេកក្នុងផេះទៅ ។ សុភៈក៏ចូលទៅទូលសួរព្រះពុទ្ធព្រះពុទ្ធក៏ប្រាប់តាមដំណើររឿង ។ សុភៈគិតក្នុងចិត្តថា បើតាមគម្ពីរព្រាហ្មណ៍ ឳពុករបស់អញគួរតែទៅកើតឯស្ថានសួគ៌ ប៉ុន្តែព្រះគោតម បែរជាប្រាប់អញថា គាត់បានកើត ជាសត្វឆ្កែទៅវិញព្រះគោតមនេះពិតជា មានបន្ទូលមិនប្រុងប្រយ័ត្ន ។ ដោយទ្រង់ជ្រាបថា សុភៈមិនយល់ស្រប តាមបន្ទូលព្រះអង្គ ព្រះពុទ្ធក៏សួរសុភៈ ថា “ បពិតលោកសេដ្នី ក្រោយពេលឳពុកលោក ស្លាប់ទៅតើមានបាត់មាសប្រាក់ -ទ្រព្យសម្បត្តិដែរឬទេ “? សេដ្នីសុភៈឆ្លើយថា “ មានបាត់មាសប្រាក់ជាច្រើន មិនដឹងបាត់ទៅឯណា “ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ សូមលោកសេដ្នី ចាំដល់យប់ជ្រៅសិនទើបដាក់អាហារឲ្យឆ្កែ លុះឆ្កែស៊ីរួចហើយ សូមសួរឆ្កែអំពីមាសប្រាក់ ដែលបាត់នោះ “ ។ សេដ្នីសុភៈ ដោយចង់រកមាសប្រាក់ដែល បាត់នោះក៏សុខចិត្តធ្វើតាម បន្ទូលរបស់ព្រះពុទ្ធ ។ ឆ្កែក៏នាំសុភៈទៅបង្ហាញកន្លែងដែលគាត់ (តោទេយ្យៈ) បានលាក់ទុកមាសប្រាក់ កាលពីមុនពេលគាត់ស្លាប់ ។ សេដ្នីសុភៈ ក៏បានរកឃើញ មាសប្រាក់ទាំងនោះវិញ រួចក៏ចូលទៅក្រាបទូល សួរព្រះពុទ្ធអំពីហេតុដែលបណ្តាល ឲ្យមនុស្សខុសៗគ្នា ខ្លះមាន ខ្លះក្រ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះរូបល្អ ខ្លះរូបអាក្រក់ ខ្លះពិកា ខ្លះកើតក្នុង ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូល អ្នកស្រែចំការក្រីក្រ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ ម្នាលលោកសេដ្នី បុគ្គលម្នាក់ៗ ជាម្ចាស់របស់កម្ម ជាអ្នកទទួលមត៌កនៃកម្ម មានកម្មជាឳពុកម្តាយ មានកម្មជាញាតិ មានកម្មជាទីជំរក គឺកម្មនេះហើយ ដែលចែក សត្វលោកឲ្យខុសៗគ្នា “។

ដោយសុភៈមិនយល់ អំពីព្រះបន្ទូល ព្រះពុទ្ធក៏ទ្រង់សំដែង អំពីច្បាប់នៃកម្ម ឲ្យសុភៈបានយល់ច្បាស់ មានសេចក្តីបរិយាយ ដូចតទៅនេះ ។ កម្មបានត្រូវចាត់តាមលំដាប់នៃ មុខងារ ទម្ងន់របស់វា ពេលវេលានិងកន្លែង ដែលវាត្រូវកើត ។

មុខងារនៃកម្ម

មុខងាររបស់កម្ម មាន៤យ៉ាងគឺ ៖

- ជនកកម្ម     កម្មដែលឲ្យផល ឲ្យសត្វបដិសន្ធិ

- ឧបត្ថម្ភកកម្ម         កម្មដែលជាជំនួយ ដែលគាំទ្រ

- ឧបបីឡកម្ម កម្មដែលរារាំង បៀតបៀនដល់កម្មដទៃ

- ឧបឃាដកកម្ម      កម្មដែលកំចាត់បង់កម្មដទៃ ហើយឲ្យផលខ្លួនឯង

១-ជនកកម្ម

ជនកម្មគឺជាកម្មដែលបណ្តាលឲ្យម្ចាស់នៃកម្មនោះសោយផល ទោះល្អក្តី អាក្រក់ក្តី មិនអាចជៀសផុត ពីផលរបស់វាបានឡើយ ។

២-ឧបត្ថម្ភកកម្ម

គឺកម្មដែលជួយទ្រទ្រង់ ដល់កម្មដទៃទៀត ឲ្យម្ចាស់កម្មសោយផល នៃកម្មដទៃនោះ មិនឲ្យផលដោយខ្លួនវាទេ ។

៣-ឧបបីឡកម្ម

គឺកម្មដែលទប់មិនឲ្យ កម្មដទៃទៀត ផ្តល់ផលឲ្យទៅម្ចាស់កម្មជាបណ្តោះអាសន្ន កម្មដទៃនោះ មិនសាបសូន្យទៅណាទេ អាចឲ្យផល ទៅថ្ងៃក្រោយបាន កាលណាកម្មដែលរារាំងនោះរលត់ទៅ ។

ឧបឃាដកកម្ម

គឺកម្មដែលបំផ្លាញ កម្មដទៃឲ្យវិនាស កុំឲ្យមានតទៅទៀត ហើយឲ្យផលដោយខ្លួនឯង ។

ទម្ងន់របស់កម្ម

ការចាត់កម្ម ទៅតាមទម្ងន់របស់វា មាន៤បែបគឺៈ

- អនន្តរិយកម្ម កម្មធ្ងន់ផ្នែកអកុសល ឬគរុកម្ម កម្មខ្លាំងក្លាផ្នែកកុសល

- អាសន្នកម្ម កម្មទាន់ហន់ ក្នុងពេលរៀបស្លាប់

- អាចិណ្ណកម្ម កម្មទម្លាប់ កម្មស្រាល

- កតត្តាវាបនកម្ម កម្មដែលឲ្យផលចុងក្រោយ

អនន្តរិយកម្ម

គឺកម្មដែលមាន ទម្ងន់ធ្ងន់មិនអាច មានកម្មដទៃណាមករារាំង ឬកំចាត់បាន សោះឡើយ ម្ចាស់កម្មនេះ ត្រូវតែទទួលផល ជាដាច់ខាត ។ កម្មធ្ងន់នេះ មានការសម្លាប់ឳពុកម្តាយ ការធ្វើឲ្យឈាមព្រះពុទ្ធហូរចេញ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ខាងផ្នែកអកុសល ។ គរុកម្មខាងផ្នែកកុសលវិញ មានការបូជា ធ្វើកុសលកម្មផ្ទាល់ នឹងព្រះពុទ្ធអង្គ ការសម្រេចឈានសមាបត្តិ ។

អាសន្នកម្ម

គឺកម្មដែលធ្វើ នៅក្នុងដំណាក់ កាលចុងក្រោយបង្អស់ នៃជីវិត ពេលរៀបស្លាប់ គឺអារម្មណ៍នៃកម្ម ដែលខ្លួនបានធ្វើ មកហើយ ហើយកម្មនោះក៏មកប្រាកដ ក្នុងជវនចិត្ត មុនពេលចុតិ ។

អាចិណ្ណកម្ម

គឺកម្មដែលខ្លួន ធ្លាប់តែធ្វើរឿយៗ មានការរក្សាសីល ការចំរើនភាវនា សំអាតកាយវាចាចិត្ត ជាដើមខាងផ្នែកកុសល ឬការប្រព្រឹត្ត ខុសនឹងសីល មានការសម្លាប់សត្វ លួចទ្រព្យគេ ផឹកទឹកស្រវឹងជាដើមខាងផ្នែកអកុសល ។

កតត្តាវាបនកម្ម

កម្មក្រោយគេ គឺកម្មដែលរង់ចាំ ឲ្យកម្មដទៃទៀត ឲ្យផលអស់ជាមុនសិន ទើបកម្មនេះឲ្យផល ជាចុងក្រោយបង្អស់ ។ គឺកម្មដែលព្រះអរហន្ត ទទួលផលមុននិព្វាន ។ កាលណាមានកម្មធ្ងន់ ជាមួយនឹងកម្មទាន់ហន់ កម្មធ្ងន់នឹងឲ្យផលភ្លាម ក្រោយពេលស្លាប់ ។ បើកម្មទាន់ហន់ និងកម្មទម្លាប់ មានជាមួយគ្នា កម្មទាន់ហន់នឹងឲ្យផល ។ បើកម្មទម្លាប់ និងកម្មចុងក្រោយមានជាមួយគ្នា កម្មទម្លាប់នឹងឲ្យផល ។ កម្មទាន់ហន់ សំខាន់ខ្លាំងណាស់ ព្រោះវាជាកម្ម នៅពេលរៀបនឹងស្លាប់ ដែលឲ្យផល ភ្លាម ឲ្យសត្វកើតជាអ្វី នៅភពណា បន្ទាប់ពីអស់អាយុសង្ខារទៅ ឯកម្មដទៃទៀតដែលបុគ្គល ដែលស្លាប់នោះ បានធ្វើពីមុន នៅមិនទាន់ ឲ្យផលនៅឡើយ ។ ទោះបីគេធ្វើកុសលកម្ម ច្រើនមកពីមុនក៏ដោយ បើពេលរៀបស្លាប់ គេកំពុងធ្វើអកុសលកម្ម អកុសលកម្មនោះនឹងឲ្យផលអាក្រក់ ឲ្យបុគ្គលនោះទៅ កើតក្នុងភពដ៏ថោកទាប មាននរកប្រេត អសុរកាយ តិរច្ឆានជាដើម ។ ឬបើនៅពេលរៀបស្លាប់ គេកំពុងតែធ្វើកុសលកម្ម មានការចំរើន សមាធិជាដើមកុសលកម្មនោះនឹងឲ្យ ផលទៅកើត ក្នុងសុគតិភព គឺភពដែលគេគួរនឹងកើត ជាមនុស្ស ទេវតាឬព្រហ្ម ។

ពេលវេលានិងទីកន្លែង

កម្មអាចឲ្យផល ទៅតាមពេលនិងកន្លែង៤គឺៈ

- ទិដ្ឋធម្មវេទនិយកម្ម បច្ចុប្បន្នជាតិ ក្នុងកន្លែងដែលកំពុងរស់នៅ

- ឧបបជ្ជវេទនិយកម្ម ជាតិបន្ទាប់ នៅកន្លែងដែលកើតជាថ្មី

- អបរាបរិយវេទនិយកម្ម ជាតិក្រោយៗបន្តអំពីជាតិបន្ទាប់ នៅកន្លែងដែលមានកំណើតថ្មី

- អហោសិកម្ម កម្មដែលមិនមាន ឱកាសឲ្យផល ។

ពាក្យថា កម្មដែលបុគ្គល បានធ្វើពីមុន ឲ្យផលល្អឬអាក្រក់ គ្រាន់តែជាការ ពោលដោយខ្លី ជាសេចក្តីសង្ខេប ។ ពាក្យពោលយ៉ាងនេះអាច ឲ្យមានការយល់ច្រឡំថា កម្មទាំងនោះ តាមម្ចាស់របស់វា រហូតពីជាតិមួយ ទៅជាតិមួយ ដើម្បីឲ្យផល ។ មិនមែនដូច្នោះទេ ។ ធម៌ទាំងអស់ ជាធម្មជាតិមិនទៀង គឺកើតហើយ រលត់សូន្យទៅវិញ ឯកម្មក៏ជាធម៌ កើតហើយរលត់ដូចគ្នា ។ ប៉ុន្តែកម្មបានបង្កើតនូវឥទ្ធិពលមួយ ឲ្យម្ចាស់របស់វា ។ ឥទ្ធិពលនេះគ្មានរូបរាង ខ្លួនប្រាណទេ វាតាមម្ចាស់របស់វា រហូតក្នុងត្រៃភព លើកលែងតែព្រះនិព្វាន ។ ឥទ្ធិពលនៃកម្មនេះ មានឫទ្ធិឲ្យផលល្អឬ អាក្រក់កើតឡើងបានដល់ម្ចាស់របស់វា កាលណាមាន បច្ច័យគ្រប់គ្រាន់ ដែលជា គ្រឿងទ្រទ្រង់ជួយឧបត្ថម្ភ ។ ដើម្បីជាការពន្យល់ មានសេចក្តី ឧបមាមួយក្នុងតម្រា ជំនាន់ចាស់ថា វត្ថុ៣យ៉ាងគឺស្មៅក្រៀម កែវពង្រីក និងពន្លឺព្រះអាទិត្យ ។ នៅពេលដែលពន្លឺ ព្រះអាទិត្យចាំងទម្លុះកែវ ទៅចំស្មៅក្រៀម ក៏បង្កើតឲ្យមាន ភ្លើងឆេះស្មៅនោះទៅ ។ ភ្លើងគ្មាននៅក្នុង ស្មៅក្រៀម គ្មាននៅក្នុងកែវ គ្មាននៅក្នុងពន្លឺព្រះអាទិត្យទេ ។

កែវពង្រីក ពន្លឺព្រះអាទិត្យ និង ស្មៅក្រៀម កាលបើជួបគ្នា អាចឲ្យភ្លើងកើតឡើងបាន ។ ផលនៃកម្មក៏ដូច្នោះដែរ កាលណា មានហេតុបច្ច័យគ្រប់គ្រាន់ ផលនៃកម្មក៏កើតឡើង ។ បើគ្មានហេតុបច្ច័យគ្រប់គ្រាន់ទេ ផលនៃ កម្មក៏មិនកើតឡើងដែរ ពិតមែនតែ មានឥទ្ធិពល នៃកម្មក៏ដោយ ។ ឧបមាម៉្យាងទៀត ដូចជាគ្រាប់ស្វាយ កាលណាមានដី មានទឹក មានពន្លឺថ្ងៃ គ្រាប់ស្វាយនោះ នឹងដុះឡើង ។

គ្រាប់ស្វាយទុក ដូចជាឥទ្ធិពលនៃកម្ម វារង់ចាំតែឱកាសនឹងដុះឡើង កាលណាមានដីទឹកនិងពន្លឺថ្ងៃ ។ សេចក្តីពន្យល់នេះ ត្រឹមត្រូវចំពោះតែ កម្មដែលឲ្យផល (មុខងារនៃកម្មខាងលើ) ប៉ុណ្ណោះ ។

ប៉ុន្តែចំពោះកម្មធ្ងន់ និងកម្មទាន់ហន់ ផលរបស់វាមាន កម្លាំងគ្រប់គ្រាន់ កើតឡើងឥតរង់ ចាំអ្វីជួយឧបត្ថម្ភទេ គឺវាកើតឡើង ដោយខ្លួនឯង មិនពន្យាពេលវេលា ឲ្យយឺតយូរឡើយ ។ អហោសិកម្ម គឺកម្មដែលឥទ្ធិពលរបស់វា សាបសូន្យទៅ ដោយម្ចាស់របស់វា បានសម្រេចមគ្គ-ផល ក្នុងលោកុត្តរសមាធិ ដូចព្រះអង្គុលីមាលត្ថេរ កម្មដែលព្រះអង្គ សម្លាប់មនុស្សពីពេលមុន មិនឲ្យផលដល់ព្រះអង្គទេ ជាអហោសិកម្ម ព្រោះព្រះអង្គបាន សម្រេចអរហត្តផល មុនពេលឬរំលាយខន្ធ ។ ក្រៅពីអហោសិកម្ម ឥទ្ធិពលនៃកម្មដទៃទៀត នៅតែអាចឲ្យផល ក្នុងជាតិណាមួយ ដរាបណានៅមាន ការកើតនិងស្លាប់តទៅទៀត ។ ព្រោះហេតុដូច្នេះហើយ បានជាសត្វតិរច្ឆានអាច ទទួលផលឲ្យកើត ជាមនុស្សបាន កាលណាវាធ្លាប់បាន ធ្វើកុសលកម្មពីជាតិមុនៗ មុនពេល ដែលវាកើតជា សត្វតិរច្ឆាននោះ ។

ទីកន្លែងដែល សត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជា អកុសល តាមធ្ងន់ឬស្រាល ឲ្យសត្វទៅកើត ក្នុងអបាយភូមិ មាននរក- ប្រេត-អសុរកាយ- តិរច្ឆាន បើបានកើតជាមនុស្សក៏មនុស្សនោះ រងទុក្ខទោស វេទនាយ៉ាងខ្លាំង ។ ឥទ្ធិពលនៃកម្ម ជាកុសលវិញ អាចឲ្យសត្វទៅកើត ក្នុងសុគតិសួគ៌ ឬព្រហ្មលោក តាមកម្លាំងនៃ កុសលកម្មនោះ ។ បើបានកើតជា មនុស្សវិញ ក៏មនុស្សនោះមានភព្វវាសនាល្អ ទ្រព្យសម្បត្តិច្រើន ។ ព្រះនិព្វាន មិនមាន កម្មជាបច្ច័យទេ ព្រោះកម្មជាធម៌របស់ ត្រៃលោកតែប៉ុណ្ណោះ ។

រូបកាយរបស់បុគ្គលម្នាក់ៗ ដែលជាផលនៃកម្ម ចែកចេញជានាម (ចិត្តនិងចេតសិក) និងរូប កើតឡើយដោយធម៌៥យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម អាហារ ។ ហេតុដើមគឺអវិជ្ជាសេចក្តីមិនដឹងមិនយល់ ដែលជាបច្ច័យ ឲ្យសង្ខារកើតឡើង ។ សង្ខារនេះគឺកម្មសង្ខារ ដែលជាបច្ច័យឲ្យវិញ្ញាណ (បដិសន្ធិចិត្ត)កើតឡើង ។ កាលបើមាន វិញ្ញាណហើយ សត្វក៏កើតឡើង មាននាមនិងរូបហើយសោយផលនៃកម្ម ជាបន្តទៅទៀត ។

យើងម្នាក់ៗបានឆ្លងកាត់ ការកើតស្លាប់ៗ ក្នុងត្រៃភព រាប់កប្ប រាប់អសង្ខ័យ្យ ជាច្រើនរាប់មិនអស់ យើងតែងធ្វើ នូវកម្មជានិច្ច គ្រប់ពេលវាលា ដែលរស់នៅ ហើយក៏បានសោយផល នៃកម្មបន្តបន្ទាប់គ្នាជាប់ជានិច្ចដែរ ។ ផលនៃកម្មមួយរលត់ទៅ ផលនៃកម្មមួយទៀតមកបន្ត ពេលសោយផល នៃកម្មនិមួយៗ យើងតែងប្រតិកម្មចំពោះ ការសោយផលនោះ បើវាជាទីពេញចិត្ត យើងប្រតិកម្មដោយលោភៈនិងមោហៈ បើវាជាទីស្អប់ខ្ពើម យើងប្រតិកម្ម ដោយទោសៈនិងមោហៈ ។ យើងក៏បង្កើតនូវកម្មថ្មីៗ ដែលនឹងឲ្យផល ក្នុងពេលអនាគត តទៅទៀត ម្ល៉ោះហើយកំណើត របស់យើង តែងតែអន្ទោលក្នុងភពទាំង៣ ជួនកាលកើត ក្នុងអបាយភូមិ ជួនកាលកើតជាមនុស្ស ជួនកាលកើតជាទេវតា ជួនកាលកើតជាព្រហ្ម ក៏ព្រោះតែមានកម្មជាហេតុ ។ យើងពុំដឹងថា កម្មអាក្រក់ណាខ្លះ ដែលយើងបានធ្វើពីពេលមុន ហើយកំពុងរង់ចាំឲ្យផល ជាការភ័យខ្លាច របស់យើងគ្រប់គ្នា អ្នកខ្លះស្វែងរកការពារ កុំឲ្យឧប្បទ្រពចង្រៃ កើតមានដល់ខ្លួនគេ ដោយជំនឿសាសនា ឬការបន់ស្រន់ អាទិទេព ។ ប៉ុន្តែបើយើងយល់ច្បាប់នៃកម្ម យើងនឹងដឹងថានរណា ជាម្ចាស់នៃកម្ម អ្នកនោះជាអ្នកទទួនផល កាលណាឱកាស តម្រូវកម្មនោះឲ្យផល គ្មានអំណាចណាផ្សេង ក្រៅអំពីម្ចាស់កម្ម អាចបញ្ជៀសបង្វាងកម្មកុំឲ្យវាឲ្យផលបានឡើយ ។ ចុះម្ចាស់កម្មធ្វើយ៉ាងណា ទើបអាចបញ្ជៀសផលកម្មបាន? នោះអាស្រ័យលើទម្ងន់នៃ កម្មជាមុនសិន បើជាកម្មធ្ងន់ មានការសម្លាប់ ឳពុកម្តាយរបស់ខ្លួន ការធ្វើឲ្យឈាមព្រះពុទ្ធស្រក់ចុះ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ជាដើម ម្ចាស់នៃកម្មនឹងទទួលផល បន្ទាប់ពីស្លាប់ ពីជាតិនេះទៅ ជាដាច់ខាត គ្មានរួចខ្លួនឡើយ ។ បើជាកម្មទាន់ហន់វិញគឺអាស្រ័យលើ មរណាសន្នជវ័ន គឺជវ័នចិត្តទី១និងទី៧ នៅពេលចុងក្រោយ បង្អស់នៃជីវិត ។ បើជវ័នចិត្តទី១ល្អៀង ទោរទន់ទៅខាងបាបកម្ម ជវ័នទី២ដល់ទី៦ នឹងចាត់តាំងភព នៃបដិសន្ធិហើយជវ័នទី៧កើតឡើង ស្រវារតោងយកនូវភពថ្មី ចុតិចិត្ត (ចិត្តចាកចេញចោលរូប គឺស្លាប់) ក៏កើតឡើង ។ បុគ្គលនោះ ក៏ទៅកើតក្នុងភព ដ៏ថោកទាប មាននរក ប្រេត តិរច្ឆានជាដើម ។ បើជវ័នចិត្តទី១ល្អៀងទៅខាង កម្មជាបុណ្យវិញ ក៏មានសភាពស្របគ្នាដែរ គឺបុគ្គលនោះនឹងទៅកើតក្នុងភព ដ៏ខ្ពង់ខ្ពស់មានស្ថានសួគ៌ ឬព្រហ្មលោកជាដើម ។ ដូច្នេះ ជាការសំខាន់ណាស់ ដែលបុគ្គលរៀបស្លាប់ត្រូវតែផ្ចង់ស្មារតី កុំឲ្យវង្វេង គិតទៅរកបាបកម្ម ដែលខ្លួនបានធ្វើ ដូចជាសម្លាប់សត្វជាដើម ទោះបីខ្លួនបានធ្វើបុណ្យ យ៉ាងច្រើនមកក៏ដោយ ។ បើជាកម្មទម្លាប់ គេអាចពន្យាពេល ឬបញ្ជៀស កុំឲ្យកម្មអាក្រក់តាមមកទាន់ ដោយការធ្វើ នូវកុសលកម្ម ថ្មីៗទៀតជារឿយៗ ឲ្យបានច្រើនឡើងៗ ដោយការបញ្ឈប់ ការធ្វើអកុសលកម្មថ្មីៗ ព្រោះកុសលកម្មថ្មីៗ ដែលមានចំនួនច្រើន អាចគ្របសង្កត់កម្មចាស់ មិនឲ្យមានឱកាស ឡើងមកខាងលើបាន យ៉ាងណាមិញ ដូចជាអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទឹកមួយកែវ ទឹកក្នុងកែវនោះ នឹងមានរសជាតិប្រៃ តែបើអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទន្លេទឹកទន្លេនោះមិនមាន រសជាតិប្រៃឡើយ ។ ការបន់ស្រន់មិនមានប្រសិទ្ធិភាព ដូចការធ្វើសីល សមាធិ បញ្ញាទេ ។ ការរក្សាសីល មានសីល៥ជាដើម ជានិច្ចមិនឲ្យដាច់ ការចំរើនសមាធិកម្មដ្នាន មានអនាបានស្សតិជាដើម ជារឿយៗរាល់ថ្ងៃ ការចំរើនវិបស្សនាបញ្ញា ជារឿយៗឥតធ្វេសប្រហែស ការគោរពបូជា ព្រះរតនត្រៃ ការឲ្យទាន ដោយមិនគិតប្រយោជន៍ ការបណ្តុះចិត្តឲ្យមាន មេត្តាអាណិតអាសូរដល់សព្វសត្វទាំងពួង ដែលម្ចាស់កម្ម ធ្វើដោយខ្លួនឯង នឹងអាចឲ្យគេរំលត់នូវទុក្ខ ដែលកើតឡើងដោយសារ ផលនៃកម្មចាស់បាន បើមិនទាន់សម្រេច បរិបូណ៌ក្នុងជាតិនេះ ក៏ជាតិខាងមុននឹងបានផលប្រយោជន៍ល្អ ជាមិនខាន ។ ពាក្យថា “ បាប “ ឬ “ បុណ្យ “ គឺឥទ្ធិពលអាក្រក់ ឬឥទ្ធិពលល្អ នៃកម្មនេះឯង ។

ចំពោះភាពមិនស្មើគ្នា របស់បុគ្គលម្នាក់ៗ ខ្លះមាន ខ្លះក្រ ខ្លះល្អ ខ្លះអាក្រក់ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះអាយុវែង ខ្លះអាយុខ្លី ខ្លះកើតក្នុង ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុង ត្រកូលថោកទាប ។ល។

ការ​បកស្រាយ​របស់​ព្រះពុទ្ធ

បុគ្គលខ្លះចូលចិត្ត ការសម្លាប់សត្វឯទៀត គេមានទម្លាប់ ក្នុងការសម្លាប់នេះ លុះអស់អាយុសង្ខារ ពីជាតិនេះទៅ បុគ្គលនោះនឹងទៅកើត ក្នុងអបាយភូមិ មាននរកអសុរកាយ តិរច្ឆានជាដើម បើបានកើតជាមនុស្សវិញ មនុស្សនោះអាយុខ្លី ។ បុគ្គលដែលមិនសម្លាប់សត្វ មិនមានទម្លាប់ ក្នុងការសម្លាប់ គេមានមេត្តាករុណា ដល់សត្វទាំងពួង លុះបុគ្គល នោះស្លាប់ទៅ គេនឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ មនុស្សនោះនឹងមាន អាយុវែង ។ បុគ្គលខ្លះចូលចិត្ត បៀតបៀនសត្វឯទៀត ឲ្យឈឺចាប់ រងទុក្ខវេទនា លុះស្លាប់អំពីលោកនេះទៅ មនុស្សនោះនឹងទៅកើត ក្នុងអបាយភូមិបើសិនបានកើត ជាមនុស្សវិញ ក៏មនុស្សនោះមានជម្ងឺ ឈឺចុកចាប់ជាច្រើន ។ បុគ្គលដែល មិនបៀតបៀន សត្វឲ្យឈឺចាប់ ចូល ចិត្តជួយសត្វដទៃ ឲ្យបានសុខ មនុស្សនោះ ក្រោយពីស្លាប់ទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាកើត ជាមនុស្សវិញ ក៏មនុស្សនោះ មានសុខភាពល្អ ជាអ្នកមានជម្ងឺតិច ។ បុគ្គលខ្លះកាច ជាអ្នកមានកំហឹងច្រើន មិនសណ្តូសប្រណី លុះអស់អាយុសង្ខារ ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ ក៏មនុស្សនោះ មានរូបអាក្រក់ ។ បុគ្គលដែល មានចិត្តស្លូត មានការសណ្តូសប្រណី លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះ មានរូបកាយល្អ ។ បុគ្គលខ្លះកំណាញ់ស្វិត មិនធ្វើទាន គិតតែពីប្រមូល យកទ្រព្យ មកធ្វើជារបស់ខ្លួន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះ ក្រីក្រតោកយ៉ាក ។ បុគ្គលខ្លះ មានចិត្តសប្បុរស ចូលចិត្តធ្វើទាន លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះមានទ្រព្យសម្បត្តិច្រើន ។ បុគ្គលខ្លះ លើកតំកើងខ្លួន មិនគោរព ចាស់ព្រឹទ្ធាចារ្យ មើលងាយដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើសិនជាបាន កើតជាមនុស្សវិញមនុស្សនោះកើតក្នុង ស្ថានភាពអាក្រក់ ដូចជាពេលស្រុកមានសង្គ្រាម អត់អាហារជាដើម ។ បុគ្គលដែលដាក់ខ្លួន ចេះគោរពដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភពបើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះកើត ក្នុងស្ថានភាពល្អ ដូចជាក្នុងប្រទេស ដែលសម្បូរសប្បាយ សុខសន្តិភាព ។ បុគ្គលខ្លះមិនព្យាយាមរៀន ឲ្យមានចំណេះចេះដឹងច្រើនទេហើយដោយសេចក្តីល្ងង់ខ្លៅ ក៏ធ្វើខុសជាច្រើន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុង អបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះល្ងង់ឥតប្រាជ្ញា ។ បុគ្គលខ្លះជាអ្នក ចូលចិត្តការរៀនសូត្រឲ្យបានចេះដឹងច្រើន ហើយដោយសារ ការចេះដឹងច្រើន គេមិនប្រព្រឹត្តខុស លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះឆ្លាត មានប្រាជ្ញាច្រើន ។

ច្បាប់នៃកម្មដែល ព្រះពុទ្ធបរមគ្រូ បានសំដែងពន្យល់ ដល់សេដ្នីសុភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ និងជាអ្នកសោយផល នៃអំពើដែលយើង ម្នាក់ៗបានធ្វើ ដោយកាយវាចាចិត្ត។ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន យើងត្រូវលះបង់ អំពើទាំងឡាយណា ដែលជាអកុសលកម្ម ហើយធ្វើតែអំពើ ទាំងឡាយណាដែល ជាកុសលកម្ម ។ បើដូច្នេះ យើងត្រូវធ្វើកិច្ចការ ៣យ៉ាងគឺ ការរៀនព្រះធម៌ ការប្រតិបត្តិនូវព្រះធម៌ និង ការធ្វើឲ្យសម្រេច ។ ព្រះធម៌ដែលត្រូវរៀនគឹ ធម៌សម្រាប់ប្រតិបត្តិ ដែលសំខាន់ មិនគ្រាន់តែសម្រាប់សូត្រ ថ្វាយបង្គំ ព្រះរតនត្រៃប៉ុណ្ណោះទេ ។ ការរៀនសូត្រមានន័យថា ការចាំហើយយល់ច្បាស់ ។ ការប្រតិបត្តិនូវ ព្រះធម៌ គឺយកព្រះធម៌ មកអនុវត្តធ្វើ ដូចជាការរក្សាសីល មិនឲ្យដាច់ ធ្វើសតិឲ្យស្ថិតនៅក្នុងធម៌ ជារឿយៗ ប្រតិបត្តិតាមអរិយមគ្គ ប្រកបដោយអង្គ៨ប្រការមានការចំរើន សមាធិជាដើម ។ ការធ្វើឲ្យសម្រេចគឺ ធ្វើសីលមិនឲ្យដាច់ ធ្វើសមាធិឲ្យស្ងប់កិលេស ធ្វើវិបស្សនាឲ្យសម្រេច មគ្គ និងផល ។ ឥទ្ធិពលនៃអកុសលកម្ម នៅតែអាចឲ្យផល អាក្រក់បាន លុះត្រាតែម្ចាស់កម្មបានសំរេច យ៉ាងហោចណាស់ ត្រឹមសោតាបត្តិផលដែរ ទើបអាចរួចអំពីកម្មនោះ

  (លើកលែងកម្មធ្ងន់ ដែលជៀសពុំរួច) ។

រួមសេចក្តីឲ្យខ្លីមក ផ្លូវចាកចេញអំពីទុក្ខ ព្រះពុទ្ធបានបង្ហាញហើយ កាលបើអ្នកឃើញ នូវសេចក្តីទុក្ខហើយ សម្រេចដើរចេញ អំពីទុក្ខទាំងនោះ អ្នកនឹងបានរួចខ្លួន ដោយខ្លួនឯង ។

Thứ Năm, tháng 12 16, 2021

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

មរណៈ៤ យាំងគឺ៖



១-អាយុក្ខយមរណៈ    ស្លាប់ដោយអស់អាយុ  ភ្លើងចង្កៀងរលត់ដោយអស់ប្រេង

២-កម្មក្ខយមរណៈ      ស្លាប់ដោយអស់កម្ម ភ្លើងចង្កៀងរលត់ដោយអស់ផ្ឆេះ

៣-ឧភយក្ខយមរណៈ  ស្លាប់ដោយអស់អាយុ និងអស់កម្ម ភ្លើងចង្កៀងរលត់ដោយ ប្រេង និង អស់ផ្ឆេះ

៤-ឧបច្ឆេទកកម្មុនា     ស្លាប់ដោយកម្មចូលមកកាត់បង ភ្លើងចង្កៀងរលត់ដោយ

      ខ្យល់ចូលឆកយករលត់តែម្ដង








ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

ព្រះរដ្ឋបាលថ្វាយព្រះពរថា ៖



- បពិត្រមហារាជ      មានធម្មុទ្ទេសបួនប្រការដែលព្រះមាន

ព្រះភាគ   ជាអរហន្ដសម្មាសម្ពុទ្ធ   ព្រះអង្គនោះទ្រង់ជ្រាបច្បាស់  ឃើញច្បាស់  ទ្រង់សម្ដែងហើយ  ដែលអាត្មាភាពបានដឹងផង ឃើញផង ឮហើយផង ទើបចាកចេញពីផ្ទះទៅបួស  

ធម្មុទ្ទេសបួនយ៉ាងដូចម្ដេច ?

- បពិត្រមហារាជ  ព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធ  

ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្ដែងហើយថា ៖

ធម្មុទ្ទេសទី១ : ឧបនីយតិ លោកោ អទ្ធុវោ   សត្វលោកមិនទៀង   តែងត្រូវជរានាំ ចូលទៅរក ( មរណៈ ) ;

ធម្មុទ្ទេសទី២ : អតាណោ លោកោ អនភិស្សរោ    សត្វលោកមិនមានគ្រឿងការពារមិនមាន ទីពឹងឡើយ ;

ធម្មុទ្ទេសទី៣ : អស្សកោ លោកោ សព្វំ បហាយ គមនីយំ    សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងដូច្នេះ ;

ធម្មុទ្ទេសទី៤ : ឩនោ លោកោ អតិត្តោ តណ្ហាទាសោ   សត្វលោកមានតែសេចក្ដីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំរបស់តណ្ហា  

 ធម្មុទ្ទេសទាំងបួនយ៉ាងនេះឯង ដែលព្រះមានបុណ្យព្រះអង្គនោះ ជាអរហន្ដសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សម្ដែងហើយដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស  











 


Thứ Tư, tháng 12 15, 2021

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ



វេឡុវ័ន



វេឡុវ័ន គឺ​ជា​សួន​ឫស្សីរបស់​ព្រះបាទ​ក្រុង​រាជ​គ្រឹះ ឡោម​ព័ទ្ទ​ដោយ​កំពែង​កំពស់​១៨​ហត្ថ ជា​ទី​ស្ថាន​ដែល​ព្រះ​រាជ​ជា​ព្រះ​រាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន។ កាល​ត​មក​ព្រះ​បាទ​ពិម្ពិសារ ជា​បរម​ក្សត្រ​ក្នុង​ក្រុង​រាជ​គ្រឹះ បាន​ថ្វាយ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ស្តេច​ទ្រង់​កសាង​ព្រះ​គន្ធកុដិ​ធំ និង​ប្រាសាទ និង​កុដិ​ដែល​ជា​ទី​ស្នាក់​អាស្រ័យ ទាំង​ពណ្ឌប និង​ទី​ចង្រ្កម​រហូត​ដល់​ក្លោង​ទ្វារ ប្រគេន​ដល់​ភិក្ខុ​  សង្ឃ។




ប្រវត្តិ​នៃ​ការ​អោយ​ចំណី​សត្វកង្ហែន

          ក្នុងកាល​មុន មាន​ព្រះ​មហា​ក្សត្រ​មួយអង្គ ដែល​សោយ​រាជ​ក្នុង​ក្រុង​រាជ​គ្រឹះនោះ បាន​យាង​ប្រពាត​ព្រះរាជ​ឧទ្យាននោះ។ វេលាដែល​ព្រះអង្គ​ទ្រង់​ស្រវឹង​សុរា ក៏​ផ្ទុំ​លក់​ទៅ ចំណែក​រាជ​បរិវារ​ឃើញថា ព្រះ​រាជាផ្ទុំ​លក់​ហើយ ក៏​នាំ​គ្នា​ដើរ​លេងក្នុង​ព្រះឧទ្យា​ បេះ​ផ្កាឈើ​ជាដើម។ គ្រានោះ​មាន​ពស់​វែក​ខ្មៅ​បាន​ធំ​ក្លិន​សុរា ក៏​លូន​ចេញ​មក​អំពី​រន្ធ​នៃ​ដើម​ឈើ​មួយ ដោយ​លូន​ឆ្ពោះ​មុខ​ត្រង់​ទៅ​រក​ព្រះ​រាជា​ដែល​ផ្ទុំ រុក្ខទេវតាមួយ​អង្គ​បាន​ឃើញ​ដូច្នេះ មាន​ចិត្ត​មេត្តា​ប្រាថ្នា​នឹង​អោយ​ជីវិត​ដល់​ព្រះ​មហា​ក្សត្រ ទើប​និមិ្មតកាយ​ជា​​សត្វ​កង្ហែន ទៅ​ស្រែក​នៅ​ជិត​ព្រះ​សោត​ព្រះ​មហាក្សត្រនោះ ព្រះ​មហា​ក្សត្រ​ក៏​ភ្ញាក់​ពី​ផ្ទុំឡើង​ភ្លាម ពស់​នោះ​ក៏​លូន​ត្រឡប់​ទៅ​កាន់​រន្ធ​ឈើ​វិញ ព្រះមហា​ក្សត្រ​ទ្រង់​ឃើញ​ហេតុការណ៍​ថា សត្វ​កង្ហែន​មាន​គុណ​ដល់​ព្រះ​អង្គ​ណាស់ ទើប​ប្រោស​អោយ​ព្រះ​រាជ​ទាន​ចំណី​ដល់​ហ្វូង​សត្វ​កង្ហែន ដែល​មាន​នៅ​ក្នុង​ព្រះ​រាជ​ឧទ្យា​នោះ ទាំង​បង្គាប់​អោយ​ប្រការ​ព្រះ​រាជ​ទាន​អភ័យ មិន​អោយ​អ្នក​ណា​មួយ​បៀត​បៀន​ដល់​ហ្វូង​សត្វ​កង្ហែន​នោះ​ឡើយ ព្រោះ​ដូច្នោះ ព្រះ​រាជ​ឧទ្យាន​នោះ​ ទើប​ឈ្មោះ​ថា កលន្ទកនិវាបស្ថាន ជា​ទី​ព្រះរាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន វេលាតមក មាន​ឈ្មោះ​ហៅរួម​ជាមួយ​ពាក្យថា ព្រះវេឡុវ័នកលន្ទកនិវាបស្ថាន។


ពិម្ពិសារ

ព្រះបាទ​ពិម្ពិសារ​ គឺ​ជា​ព្រះ​មហាក្សត្រសោយ​រាជ​​ក្នុង​នគរ​រាជ​គ្រឹះ ក្នុងដែន​មគធៈ។ ព្រះ​អគ្គមហេសី​ទី​១​ព្រះ​នាម​ កោសលទេវី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វេទេហី ជា​បុត្រី​របស់​ព្រះ​បាទ​មហាកោសល និង​ជា​អនុជត្រី​របស់​ព្រះ​បាទ​បសេនទិកោសល។ ព្រះ​មហេសី​ទី​២​ព្រះ​នាម​ចេលៈ ជា​ក្សត្រី​របស់​ពួក​លិច្ឆវី ក្នុង​ក្រុង​វេសាលី។ ព្រះ​បាទ​ពិម្ពិសារ ​មាន​បុត្រាមួយ​ព្រះ​អង្គ​ជា​មួយ​នឹង​ព្រះ​នាង​វេទេហី។ ដោយ​ហេតុ​ថា​ព្រះ​នាង​វេទេហី​ចាញ់​គភ៌​ប្រាថ្នា​នឹង​សោយ​ព្រះ​លោហិត​របស់​ព្រះ​រាជា នេមិត្តកាចារ្យ​ទាំង​ឡាយ នាំ​គ្នា​ព្យាករណ៍​ថា ព្រះឱរស​នេះ​នឹង​ជា​សត្រូវ​ដល់​ព្រះ​រាជា ហេតុ​នោះ​ទើប​បានថ្វាយ​​ព្រះ​នាម​ថា អជាតសត្តុ មាន​សេចក្តី​ថា មិនមែន​សត្រូវ។


មាតិកា

-ពុទ្ធសាសនា    -មរណភាព     -បុព្វកម្ម  -អនាគត​ជាតិ -យោង

ពុទ្ធសាសនា

នៅ​មុន​ពេល​ដែល​ព្រះ​ពោធិសត្វ​បាន​ត្រាស់ ព្រះ​សុទ្ធត្ថ​បាន​យ៉ាង​កាត់​ដែន​មគធៈ​នេះ​ដែល​ជា​ដែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ​ពិម្ពិសារ។ ព្រះ​បាទ​ពិម្ពិសារ​បាន​ឃាត់​ព្រះ​ពោធិសត្វ​​ដើម្បី​អោយ​នៅ​សោយ​រាជ​ក្នុង​ដែន​នេះដោយ​ថ្វាយរាជ​សម្បត្តិដល់​ព្រះ​អង្គ​​។ លុះ​មិន​អាច​ឃាត់​ព្រះ​អង្គ​បាន ព្រះ​បាទ​​ពិម្ពិសារ​ក៏​សូម​ប្រាថ្នា​ថា កាល​បើ​​ព្រះ​អង្គ​បាន​ត្រាស់​ហើយ សូម​ព្រះ​អង្គ​យ៉ាង​មក​ដែន​នេះ​ដើម្បី​នឹង​សម្តែង​ធម៌​ទេសនា​។ ក្រោយ​ពីបាន​សណ្តាប់​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​រួច​មក ព្រះ​អង្គ​ក៏​មាន​ចិត្ត​ជ្រះ​ថ្លាយ៉ាង​ក្រៃ​លែង​ ថែម​ទាំង​បាន​សម្រេច​គុណ​វិសេស គឺ​បាន​ជា​សោតាបន្នបុគ្គលទៀត​ផង។ ព្រះ​អង្គ​គឺ​ជា​បុគ្គ​ល​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​រួម​ចំណែក​ផ្គត់​ផ្គង់​ខាង​ផ្នែក​ពុទ្ធ​សាសនា ហើយ​ក៏​ជា​អ្នក​ឧបដ្ឋាក​ផ្ទាល់​របស់​ព្រះ​មាន​ព្រះ​ភាគផង​ដែរ។

មរណភាព

គុក​ដាក់​ព្រះ​បាទ​ពិម្ពិសារ ក្នុង​ក្រុង​រាជ​គ្រឹះ

ក្រោយ​ពី​បាន​ប្រគល់​រាជ​សម្បត្តិ​អោយ​បុត្រា អជាតសត្តុ រាជ​កុមារ​អង្គ​នោះ​មិន

​បាន​នៅ​ជា​សុខ​ឡើយ ព្រោះ​ភ័យ​ខ្លាច​បិតា​របស់​ខ្លួន​ដណ្តើម​រាជ​វិញ។ ដោយបាន​​ស្តាប់​យោបល់​ពី​ព្រះ​ទេវទត្ត ព្រះ​កុមារ​ ក៏​បាន​បង្គាប់​អោយ​គេ​យក​ព្រះ​បិតា​ដាក់​ក្នុង​គុក បង្អត់​អាហារ​ ហើយ​បញ្ជារ​ហាម​មិន​អោយ​នរណា​ចូល​សួរ​សុខ​ទុក្ខ​ឡើយ ក្រៅ​ពី​ព្រះ​មាតា​​របស់​ទ្រង់។ ដោយ​ព្រះ​នាង​ទេវី​ចេះ​តែ​លួច​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​រាជា ព្រះ​អជាតសត្តុ​កុមារ​ ក៏​បាន​ហាម​លែង​អោយ​ព្រះ​ទេវី​ចូល​សួរ​សុខ​ទុក្ខ។ ព្រះ​ទេវី​បាន​ឈរ​ប្រថាប់​ទៀប​ទ្វារ ទ្រង់​ព្រះ​កន្សែង​ទួញ​យំ​ថា "បពិត្រ​ព្រះ​ស្វាមី វេលា​ដែល​គេនេះ​ជា​ក្មេង ព្រះ​អង្គ​មិន​អោយ​ឱកាស​សម្លាប់​គេ ទ្រង់​ចិញ្ចឹម​សត្រូវ​របស់​ព្រះ​អង្គ​ទុក​ដោយ​ព្រះ​អង្គ​ឯង​ពិត​ៗ ឥ​ឡូវ​នេះ ការ​ឃើញ​ព្រះ​អង្គ​លើក​នេះ ជា​លើក​ចុង​ក្រោយ​បង្អស់ តពី​នេះ​ទៅ​ ខ្ញុំ​ព្រះ​អង្គ​នឹង​មិន​បាន​ឃើញ​ព្រះ​អង្គ​ទៀត​ឡើយ បើ​ទោស​របស់​ខ្ញុំ​ម្ចាស់​មាន​នៅ សូម​បាន​មេត្តា​ព្រះ​រាជ​ទាន​អភ័យ​ទោស​ផង​ចុះ​ព្រះអង្គ " ហើយ​ក៏​ស្តេច​ត្រឡប់​ទៅ​វិញ។ តាំង​ពី​នោះ​មក​ ព្រះ​រាជា​ក៏​មិន​មាន​អាហារ​សោយ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​ដោយ​សេចក្តី​សុខ​ប្រកប​ដោយ​មគ្គផល ទ្រង់​បាន​ដើរចង្ក្រម ព្រះ​វរកាយ​ក៏​ស្រស់​បស់​ក្រៃ​លែង។ ព្រះ​កុមារ​ឆ្ងល់ ក៏​សួរ​ថា បិតាយើង​នៅ​មាន​ព្រះ​ជន្ម​បាន​យ៉ាង​ណា។ កាល​ទ្រង់​ជ្រាប​ថា បិតា​មាន​ព្រះជន្ម​ដោយ​វិធី​ចង្រ្កម ព្រះ​កុមារ​បាន​អោយ​ជាង​កោរ​កាត់​ទាំង​ឡាយ ចូល​ទៅ​វះ​ព្រះ​បាទ​ព្រះ​រាជា ហើយ​បង្គាប់​អោយ​យក​ប្រេង​ផ្សំ​​ជា​មួយអំបិល​លាប ហើយ​អោយ​រោល​ដោយ​រងើក​ភ្លើង​គគី ដែល​ឆេះ​មិន​មាន​អណ្តាត។

បុព្វកម្ម

បាន​ឮ​មក​ថា ក្នុង​កាល​មុន ព្រះ​រាជា​ពិម្ពិសារ​ទ្រង់​បាន​ពាក់​ស្បែក​ព្រះ​បាទ​ចូល​ទៅ​ក្នុង​លាន​ព្រះ​ចេតិយ និង​យក​ព្រះ​បាទ​ដែល​មិន​បាន​ជម្រះ​ជាន់​កន្ទេល​កក់ ដែល​គេ​ក្រាល​ទុក​សម្រាប់​អង្គុយ កម្ម​នេះ​ក៏អោយ​ផល​ដល់​ព្រះ​អង្គ​អោយ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក្លា នៅ​មុន​ពេល​សោយ​ទីវង្គត់។

អនាគត​ជាតិ

ក្រោយ​ពី​អស់​ព្រះ​ជន្មាយុ (តាម​រយៈ​ការ​អធិប្បាយ​ អដ្ឋកថា សុមង្គលវិលាសិនី)

ទ្រង់​បាន​កើត​ជា​យក្ខ​ឈ្មោះ​ជនវសភៈ ជា​អ្នក​បម្រើ​របស់​ស្តេច​វេស្សវ័ណ ក្នុង​ទេវលោក​ជាន់​ចាតុម្មហារាជ។

យោង

អដ្ឋកថា សុមង្គលវិលាសិនី ព.ស.​២៥៥៣


Thứ Tư, tháng 12 08, 2021

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ



បរាភវសូត្រ

គឺជាធម៌សម្ដែងនូវវិនាសទាំង ១២ ប្រការដែលជាការទូលសួររបស់ទេព្ដានិងការឆ្លើយតបរបស់ព្រះសាស្ដា ។

(បទបឋ្យាវត្ត)






បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ

ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ   មុខំ ។

យើងខ្ញុំទាំងឡាយមកសូមទូលសួរ  

នូវហេតុដែលគួរចម្រើនវិនាស

ប្រុសស្រីក្នុងលោកសន្និវាស                           

ដែលនឹងវិនាសសាបសូន្យចាកគុណ ។

ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ           

មេត្តានិមន្តសម្តែងឱ្យទាន

ធម្មជាតិដូចម្តេចដែលជាប្រធាន                   

នាំសត្វឱ្យមានសេចក្តីវិនាស ។

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ

ធម្មកាមោ ភវំ ហោតិ   ធម្មទេស្សី បរាភវោ ។

អ្នកដែលចម្រើនតថាគតស្គាល់ងាយ                

អ្នកដែលអន្តរាយតថាគតស្គាល់ពិត

អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត                               

ហើយខំប្រព្រឹត្តនឹងបានចម្រើន ។

អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន                  

ឥតកើនចម្រើនវិនាសទៅមុខ ។

ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ

ទុតិយំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                               

វិនាសនោះឈ្មោះទី១ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                          

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី២អ្វីជាប្រធាន                                         

នាំសត្វឱ្យមានសេចក្តីវិនាស ។

 អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ

អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។

អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា               

តែនឹងមនុស្សណាអសប្បុរស

តែងមិនស្រឡាញ់ពេញចិត្តទាំងអស់             

នឹងអ្នកសប្បុរសមកធ្វើជាមិត្រ 

សេចក្តីស្រឡាញ់ពេញចិត្តគំនិត                     

ហើយទៅគប់ពិតអសប្បុរស

គាប់ចិត្តក្នុងធម៌ឬមួយរបស់                             

ហេតុនោះទាំងអស់នាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ

តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                               

វិនាសនោះឈ្មោះទី២ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                           

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៣អ្វីជាប្រធាន                                        

នាំសត្វឱ្យមានសេចក្តីវិនាស 

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ

អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។

អ្នកដេកច្រើន១និយាយច្រើន១                        

និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង

អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង                       

ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។

ហេតុធម៌ទាំងនោះមិនជាកល្យាណ                

នាំឱ្យខកខានខាតខូចប្រយោជន៍

មានជាប្រធានតិចច្រើនដោយហោច            

នាំបង់ប្រយោជន៍ហើយឱ្យវិនាស ។

ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ

ចតុត្ថំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                 

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្ដីវិនាសនេះបើរាប់សង្គ្រោះ                                  

វិនាសនោះឈ្មោះទី៣ទាន់ហន់។

បពិត្រព្រះអង្គព្រះនាមភគវន្ត                             

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៤អ្វីជាប្រធាន                                            

នាំសត្វឱ្យមានសេចក្តីវិនាស ។

យោ មាតរំ បិតរំ វា    ជិណ្ណក៓ គតយោព្វនំ

បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ ។

នរជនណាមានទ្រព្យធនធាន                        

ហើយខ្លួនមិនបានចិញ្ចឹមរក្សា

មាតាបិតាដែលចាស់ជរា                                  

ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ

បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                               

វិនាសនោះឈ្មោះទី៤ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                          

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៥អ្វីជាប្រធាន                                         

នាំសត្វឱ្យមានសេចក្តីវិនាស ។

យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វក៓

មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។

ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ             

ពួកស្មូមឬអ្នកដទៃៗ

ដោយមុសាវាទឃ្លាតពាក្យប្រពៃ                    

នោះប្រធាននៃសេចក្តីវិនាស ។

ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ

ឆដ្ឋមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង            

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                              

វិនាសនោះឈ្មោះទី៥ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                         

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៦អ្វីជាប្រធាន                                       

នាំសត្វឱ្យមានសេចក្តីវិនាស ។

បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ

ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។

បុរសអ្នកមានទ្រព្យធនធានច្រើន                

មាសប្រាក់ចម្រើននិងគ្រឿងអាហារ

លបលាក់របស់ដែលឆ្ងាញ់ពិសា                   

ស៊ីម្នាក់ឯងជាប្រធានវិនាស ។

ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ

សត្តមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                               

វិនាសនោះឈ្មោះទី៦ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                          

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៧អ្វីជាប្រធាន                                        

នាំសត្វឱ្យមានសេចក្តីវិនាស ។

ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ

សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។

អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល                  

ហើយមិនប្រមូលសាច់ញាតិសន្តាន

មើលងាយញាតិខ្លួនដោយអាងខ្លួនមាន        

នោះជាប្រធានសេចក្តីវិនាស ។

ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ

អដ្ឋមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                                

វិនាសនោះឈ្មោះទី៧ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                            

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៨អ្វីជាប្រធាន                                          

នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ

លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។

ជនអ្នកប្រព្រឹត្តល្បែងបីប្រការ                      

ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ

ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ                          

ការល្បែងទាំងឡាយនោះនាំវិនាស ។

ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ

នវមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                    

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                                      

វិនាសនោះឈ្មោះទី៨ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                 

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី៩អ្វីជាប្រធាន                                                

នាំសត្វឱ្យមានសេចក្តីវិនាស ។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ

ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។

ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន                      

ហើយទៅជាប់ចួននឹងស្រីពេស្យា

ទ្រុស្តនឹងប្រពន្ធកូនជននានា                            

ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម នវមោ សោ បរាភវោ

ទសមំ ភគវា ព្រូហិ កឹ    បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                  

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                                   

វិនាសនោះឈ្មោះទី៩ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                               

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី១០អ្វីជាប្រធាន                                           

នាំសត្វឱ្យមានសេចក្តីវិនាស ។

អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី

តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។

បុរសមានវ័យដែលចាស់ហួសពេក          

ហើយមានតម្រេកដោយក្ដីតណ្ហា

នាំយកស្រីក្មេងមកធ្វើភរិយា                     

ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ

ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                               

វិនាសនោះឈ្មោះទី១០ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                           

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី១១អ្វីជាប្រធាន                                     

នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ

ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ                 

ឬស្រីទាំងឡាយតាំងបុរសនោះ

ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ               

អំពើទាំងនោះនាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ

ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង              

វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្គ្រោះ                              

វិនាសនោះឈ្មោះទី១១ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                         

សូមទ្រង់និមន្តសម្តែងឱ្យទាន

វិនាសទី១២អ្វីជាប្រធាន                                     

នាំសត្វឱ្យមានសេចក្តីវិនាស ។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ

សោ ច រជ្ជំ     បត្ថយតិ តំ បរាភវតោ មុខំ ។

ជនណាកើតក្នុងត្រកូលជាក្សត្រ                        

អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ

ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ             

ហេតុនោះនឹងនាំឱ្យដល់វិនាស ។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ

អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ៕

ជនជាបណ្ឌិតគំនិតប្រសើរ                                  

បានឃើញដំណើរនៃហេតុវិនាស

ដល់សត្វក្នុងលោកសន្និវាស                              

គេចពីវិនាសគប់រកចម្រើន ៕

 


















(អ្នកបាន ដឹងពីហេតុនៃសេចក្តីវិនាស ទាំង ១២ ប្រការហើយ ចូរហ្វឹកហាត់ ខ្លួនវៀរលែង នូវអបាយមុខទាំងអស់ដែលជាហេតុនៃសេចក្តីវិនាស ដើម្បីបាន នូវសេចក្តិ នឹងកិត្តិយស កេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម…។)

 


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...