គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
លោកធម៌៨ប្រការ
ថ្ងៃសៅរ៍ ទី21.ធ្នូ 2013.ម៉ោង 13:49
- មួយទៀតមនុស្សឆោតនោះ ព្រោះពុំស្គាល់លោកធម៌ទាំង៨ប្រការគឺ៖
- - លាភ១
- - អលាភ១
- - យស ១
- - អយស១
- - សុខ១
- - ទុក្ខ១
- - សរសើរ១
- - និន្ទា១
- ធម៌៨ប្រការនេះជាធម៌របស់លោក សត្វលោក សឹងវិលទៅតាមធម៌ទាំង៨ ប្រការជាប្រក្រតីក្ដី លោភក្ដីយសសក្ដាក្ដី សុខសំរានក្ដី សរសើរតំកើងតំកល់ ធម៌៤ប្រការនេះសត្វលោកប្រារព្ធចង់បាន។
ឯក្ដីអលាភ គឺខាតលាភ ក្ដីអយសគឺថយយសសក្ដា ក្ដីទុក្ខរំខាន ក្ដីនិន្ទាគរហាតិះដៀល ធម៌៤ ប្រការនេះសត្វលោកសឹងស្អប់ សឹងខ្ពើមពុំចង់បានឡើយ តែនឹងគេចកែរត់អោយផុតចេញទៅពុំបាន ទោះជាមិនចង់បាន ក៏គង់បានដដែល ព្រោះ សភាវធម៌ជាគូៗនឹងគ្នា បុគ្គលណាប្រាថ្នាតែលាភយស សុខសរសើរចំណែក១ ធ្វើម្ដេចបានធម៌៤ យ៉ាងនេះស្ថិតស្ថេរ នៅជាប្រក្រតីបាន សភាវធម៌៨ប្រការនេះជារបស់សំរាប់លោកលោកតែងវិលទៅតាម ធម៌៨ប្រការនេះឯង។
បុគ្គលណាប្រាថ្នាតែលាភ យស សុខ សរសើរ ៤ប្រការនេះហើយ គង់នៅក្នុងឆោតមិនលែងឡើយ ឯងស្ដាប់មើលចុះ រឿងគ្រូកណ្ដាញ់នៅស្រុកមាត់ជ្រូក១ គ្រូហមជើងបាក់នៅស្រុកមង្គលបុរី ល្បីដល់ស្រុកបាត់ដំបង១ គ្រូបង់បទ១ គ្រូអស់នេះ អាអ្នកលេងវាក្លែងតែងកលឧបាយផ្សាយពាក្យអួតថា ពូកែឆុតឆាប់អាចរំងាប់សព្វរោគអ្នកនគរបាន។
ឯអ្នកនគរណាលុះអំណាចធម៌៤ យ៉ាងខាងលើហើយសឹងដ៏ផ្អើល គឺនាំគ្នាយកទៀនធូប ប្រាក់កាសជួលកប៉ាល់ជិះទៅរកគ្រូពូកែនោះ។ ពួកចិននាយកប៉ាល់បានប្រាក់ថ្លៃកប៉ាល់ដ៏បរិបូណ៌ កាលអ្នកនគរគេត្រូវការទៅស្រុកមាត់ជ្រូកក្នុងកាលនោះឯង។
រឿងសក្ការបូជាទឹកបឹង
មួយទៀតមានទឹកបឹងទី១ នៅខែត្រស្រុកទឹកជោរ កាលនោះមានក្របីឈឺភ្នែក១ វាចុះទៅត្រាំទឹកបឹងនោះរឿយៗ លុះយូរថ្ងៃមកភ្នែកក្របីនោះជាឡើងដូចប្រក្រតី។ ឯអ្នកស្រុកនោះឃើញក្របីនោះជាភ្នែក ហើយក៏កើតសេចក្ដីជឿថា ទឹកបឹងនោះពូកែ នាំគ្នាទៅងូតទៅដងយកមកផឹក កើតមានគ្រឿងសក្ការបូជាអុជទៀនធូបបូជាទឹកបឹងនោះ កិត្ដិសព្ទក៏លឺខ្ចរខ្ចាយសុសសាយដល់ អ្នកស្រុកសៀមរាប ស្រុកបាត់ដំបង កើតជឿនាំគ្នាទៅបូជាសូមទឹក យកទឹកនោះជាកោលា ហល ដល់ជ្រាបទៅលោករាជការ លោករាជការអោយទៅហាមឃាត់បណ្ដាពួករាស្រ្ដឆោតទាំងនោះ។
រឿងសក្ការបូជាដើមដង្កោ
មានរឿងមួយទៀត គឺមានដើមដង្កោ១ដើមរលើងរិស រលំចុងចុះដល់ដី នៅមកជាយូរខែ អ្នកស្រុកដើរទៅមកក៏បានយល់តែរាល់គ្នា ថ្ងៃមួយមានចៅម្នាក់ទៅកាប់ចុងមែកដង្កោនោះចេញខ្លះ ឯដើមដង្កោនោះ កាលគេកាប់ចុងស្រាលចេញហើយ ក៏ងើបឡើងដោយកំលាំងរិសទាញបន្ដិច។ ឯអ្នកស្រុកបានឃើញដើមដង្កោនោះហើយ ក៏ចូលចិត្ដជឿថា ពូកែ ទើបនាំគ្នាយកទៀនធូប ទៅអុជបូជាសូមស្ទោះសំបកយកជាថ្នាំកែរោគផ្សេងៗ អ្នកខ្លះកាត់យករិសយកមែក ធ្វើជាថ្នាំជាកូនសង្កាត់ចងដៃ ចងចង្កោះផ្ដេសផ្ដាសទៅ ឯដើមដង្កោនោះត្រូវអ្នកស្រុកស្ទោះសំបកអស់រសជាតិផែនដី ផ្សាយមិនដល់ចុងក៏វិនាសរូបកាយតាយហោងបង់។
រឿងសក្ការបូជាគោស្ទាវខ្មៅ
មានរឿងមួយទៀត គឺអ្នកស្រុកនៅទិសខាងលិច ថ្ងៃ១មានគោខ្មៅកេ្មងស្ទាវ១ ជារបស់អ្នក ឯណាពុំដឹងគោនោះដើរ រកស៊ីទៅតាមហ្វូងវា។ឯអ្នកស្រុកឃើញគោខ្មៅនោះមានរូបល្អក៏សំគាល់ថា ព្រះគោរត់មកអំពីស្រុកសៀម ទើប នាំគ្នាដេញ ចាប់ក៏ពុំបាន អ្នកខ្លះរត់តាមពីក្រោយស្រែកដង្ហោយថា ព្រះអង្គម្ចាស់អើយឈប់ប្រោសសត្វដែលខាត់ក្រ អ្នកខ្លះបានចេកទុំ បានស្មៅ ស្រូវ រត់តាមទៅអោយគោ គោនោះមិនឈប់នៅ ចេះតែទៅតាមកំលាំងវា។
ឯបណ្ដាអ្នកស្រុកទាំងប្រុសស្រី នាំគ្នារៀបគ្រឿងបូជាផ្សេងៗ ហើយត្រាច់ទៅតាមគោនោះឯង ឯគោនោះលុះឃើញមនុស្សគេមកចោមជុំខ្លួន នឹងរកចន្លោះច្រកបោលចេញពុំរួច ដូច្នោះក៏ដាលបោលសំរុកពារត្រង់មកជំនុំមនុស្សច្រើន មនុស្សទាំងឡាយក៏ផ្អើលរត់ជ្រៀតគ្នាទៅទីទៃៗ អ្នកខ្លះដួលបែកដៃបែកជើង អ្នកខ្លះដួលផ្កាប់មុខ កំពប់ទៀនធូបជិះជាន់ទៅលើគ្នា ដោយក្ដីភ័យនឹងស្នែងគោនឹងក្រចកជើងគោនោះ គោនោះបោលបោះផ្លោះកន្លងមនុស្សរួចចេញបាន ក៏បោលទៅរកហ្វូងវាដែលធ្លាប់នៅជាមួយគ្នាអំពីដើម។ ឯមនុស្សទាំងឡាយបានក្ដីទុក្ខវេទនាពិការដៃជើងជាដើម ក៏នាំគ្នាវិលទៅស្រុកវិញ។
រឿងនេះឯងស្ដាប់មើលចុះ មនុស្សឥតសម្បជញ្ញៈ ត្រិះរិះអោយឃើញហេតុឃើញវត្ថុជាទីអែបអាងបាន គួរឬទៅជឿ ទៅបូជាសត្វតិរច្ឆានអោយបាននូវក្ដីទុក្ខវេទនាដូចព៌ណនាមកនេះ ទាំងនេះក៏ព្រោះគ្មានសតិសម្បជញ្ញៈ ពិចារណាអោយយល់ដើមហេតុគឺគោនោះ តើជាគោមានជីវិតពិតដូចគោធម្មតាឬយ៉ាងណា កាលគោនោះនៅស្រុកខ្មែរយើងនេះ តើមានបុណ្យបារមីរិទ្ធិ ជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ កាលស្ដេចនរេសូរសៀមលើកទ័ពមកវាយស្រុកខ្មែរយើង គឺបន្ទាយលង្វែកបែកបាននាំយកគោនោះ តើពីឆ្នាំណា? ពីចុល្លសករាជប៉ុន្មាន?។ បើគិតទៅតាំងអំពីឆ្នាំរាជ្យនរេសូរវាយបន្ទាយលង្វែកមកដល់សម័យនេះកន្លងទៅជាង២០០ឆ្នាំទៅហើយ គោនោះនឹងរស់នៅដល់ឥលូវនេះម្ដេចបាន គោឯណាអាយុវែងម្លេះ?។ មួយទៀតបើគោនោះ ជាងគេធ្វើដោយថ្ម ឬដោយសំរិទ្ធវិចិត្រដោយមាសដោយប្រាក់ទេ អើហេតុអ្វី គោរូបនោះម្ដេចចេះបោល ចេះបរចរចេញរត់មកស្រុកខ្មែរវិញបាន។ មួយមានពាក្យពីព្រេងថា គោនោះគឺសៀមគេយកទៅបោះភ្ជាប់ជើងទាំង៤ ដោយដែកគោល យកច្រវាក់ចងគ្រៀកដោយជុំវិញ ពុំអោយរត់ចេញទៅណាបាន ហើយហាមមិនអោយពួកខ្មែរយើងនេះចូលទៅមើលជិត ថាបើខ្មែរទៅជិតហើយ ក្រែងខ្មែរនិយាយជាភាសាខ្មែរ គោនោះ កាលលឺភាសាខ្មែរហើយក៏កញ្រ្ជោលបំរះស្រែកយំកងរំពងខ្លាំង។ ពាក្យពីព្រេងនេះឯងស្ដាប់មើលចុះ គួរឬគោសំរិទ្ធទេ ម្ដេចចេះយំស្រែក ខាងសៀមសោត ម្ដេចចាំទៅបោះដែកគោលចងក្រៀកនោះ ឆ្កួតឬ រូបគោសំរិទ្ធទេ (ពាក្យពីព្រេងនេះ មិនគួរនឹងជឿស្ដាប់សោះ)។
ឯជាតិអ្នកកាន់គោជាព្រះនោះក៏មានខ្លះ ដូចយ៉ាងសាសន៍ព្រាហ្មណ៍ជំពូក១ គឺជាតិឥណ្ឌូធានី គេកាន់សាសនាឥសូរនារាយណ៍ ខ្លះកាន់សំពះយោនីនាងឧមាភគវតី ខ្លះកាន់សំពះអង្គជាតិព្រះសយម្ភូគឺលិង្គព្រះឥសូរ ខ្លះកាន់សំពះគោដែល ជាយានរបស់ព្រះឥសូរ ពួកអស់នេះសឹងមានសទ្ធាសាងព្រះវិហារតំកល់គោខ្មៅ តាំងជាព្រះអង្គថាព្រះគោ នាំគ្នាយកអាចម៍គោនោះដុត ហើយលាបថ្ងាស លាបមុខទុកជាស្រីសួស្ដីមង្គល។ ចុះពួកខ្មែរយើងនេះកាន់សំពះសាសនា ព្រះសម្មាសម្ពុទ្ធ គឺគោតមបរមគ្រូទេ ហេតុដូចម្ដេចក៏ទៅសំពះបូជាគោ តាំងនាមជាព្រះគោហើយមានសេចក្ដីសៅសោកអាល័យដល់ព្រះគោ ដែលនគរសៀមគេយកទៅនោះ ខ្មែរយើង នឹងបានទៅកាន់ព្រះគោជាយានរបស់ព្រះឥសូរ ដូចពួកឥណ្ឌូនោះ កាលណាក៏នឹងទៅអាល័យ ព្រះគោនោះ រីកាន់ថាគោសព្ទនេះ ជានាមព្រះគោតម ព្រះពុទ្ធជាម្ចាស់យើង ជាវង្សគោតម គោត្រត្រូវគ្នានឹងគោសព្ទនេះ បានជារាប់អានគោរពគោ ទើបតាំងសតិសាងជារូបគោ តាំងជាទីបូជា របស់ខ្មែរដែលកាន់ព្រះពុទ្ធសាសនា អើបើដូច្នោះសត្វគោក្នុងស្រុកខ្មែរនេះក៏មានទូទៅ ហេតុម្ដេចខ្មែរក៏នៅនាំគ្នា ប្រើគោជាពាហនៈ ជាយានបររទេះភ្ជួរស្រែ ហើយព្រមទាំងសំលាប់ស៊ីសាច់ផងហេតុម្ដេចក៏មិននាំគ្នាសំពះបូជាគោ សព្វថ្ងៃនេះទៅផង គោជាគោដូចគ្នា។
រឿងសក្ការបូជាយាយទែព
ន័យមួយទៀត មានពួកខ្លះជឿសំពះរូបយាយទែព បន់ស្រន់យាយទែព ដោយក្ដីប្រាថ្នា អ្នកកាន់សំពះយាយទែពនេះ ក៏ពុំដឹងដើមហេតុរឿងប្រវត្ថិនៃយាយទែពនោះជាអ្វី រូបយាយទែពនោះ កាលរស់នៅ តើគាត់ជាទេវតា ឬជាមនុស្សយើងនេះ គាត់ជាប្រពន្ធតាណា តានោះឈ្មោះអ្វីកាលរស់នៅមានបុណ្យបារមីអាចជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ ឬបានជួយការពារសព្វរោគយ៉ាងណាខ្លះ មានគុណនឹងផែនដីយើងនេះដូចម្ដេចខ្លះ តំរារឿងប្រវត្តិយាយទែពនោះតើមាននៅក្នុងតំរាពង្សាវតារ ឬក្នុងគម្ពីរសាស្រ្ដាបាលីឯណា បានជាពួកនេះទៅជឿទៅបូជាអួតថាពូកែនោះ។ អើបើដូចជារូបនាងសណ្ដារ្ក៍ មានក្នុងពង្សាវតារបារាំងសេស គេគោរពបូជា ព្រោះនាងកាលរស់នៅនោះ បានជួយអាសាមហាក្សត្រ ចេញជានាយទាហានលើកពលយោធាច្បាំងនឹងពួកបច្ចាមិត្ដ វាយយកខេត្ដដែនរបស់ជាតិខ្លួនបានមកវិញ ដល់ក្រោយនាងអស់បុណ្យ ដោយដៃពួកបច្ចាមិត្ដចាប់ទៅដុតភ្លើងទាំងរស់ ពួកអ្នកនគរគេនឹកដល់គុណនាងដែលជួយយកអាសាផែនដីនោះ ទើបគេនាំគ្នាសិតសាងរូបនាងទុក គឺជាស្រីអស្ចារ្យតំកល់អោយពួកជាតិដូចគ្នាគោរពបូជារបស់គេត្រាលុះដល់ មកសម័យឥលូវនេះ។
ឯយាយទែពនោះ តើកាលគាត់រស់នៅ បានជួយដោះទុក្ខជាតិខ្មែរយើងយ៉ាងណា ទើបបាន បុរាណចាស់គេសាងរូបយាយទែពនេះទុកអោយពួកខ្មែរយើងគោរពបូជារូបគាត់ត្រាដល់មកឥឡូវនេះ។ មួយទៀតពាក្យទែពសព្ទនេះជាភាសាក្លាយមកពីភាសាសំស្រ្កឹតថា«ទៃត្យ» ប្រែថា ខ្មោចយក្ស អើរឿងខ្មោចយក្សនោះ សឹងជាសត្រូវនឹងជាតិមនុស្សយើងនេះទេ ហេតុម្ដេចក៏គេទៅជឿ ទៅបូជាវានោះទៀត ឬពាក្យទែពសព្ទនោះ ពុំមែនជាទែពនោះទេ គឺថាសព្ទទេព ហៅថា នាងធីតា សំដៅយករូបនាងឧមាភគវតី ជាអគ្គមហេសីនៃព្រះឥសូរនោះទេដឹង?ព្រោះមនុស្សជាន់ដើម កាន់សាសនាព្រះឥស្សរាធិបតី រាប់អាននាងឧមាភគវតី ព្រោះនាងជាមហេសីនៃព្រះឥសូរនោះ ទើបគេសិតសាងរូបនាងតាំងទុកមក ហៅថាយាយទែពយ៉ាងនេះទេដឹង? អើបើទុកជារូបនាងឧមាភគវតីក្ដី យើងជាអឧបាសកឧបាសិការាប់អានព្រះពុទ្ធសាសនានេះមិនត្រូវទៅគោរព សំពះបូជារូបយាយទែពនោះទេ ធ្វើអោយសៅហ្មងខាតបង់ត្រៃសរណគមន៍របស់ ខ្លួនសោះ ទទេយ៉ាងនេះ។
Không có nhận xét nào:
Đăng nhận xét